ព្រះករុណា​ព្រះមហា​ក្សត្រ និង​សម្ដេច​យាយ យាង​ទតពិ​ធីត្បាញ​ក្រមាវែង ជាងគេ​លើពិភព​លោកប្រវែង​១.០០០ម៉ែត្រ

67

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨–ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដែលអមព្រះរាជ ដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងឥស្សរជនក្នុងជួរ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ព្រះអង្គទាំងទ្វេបានសព្វព្រះរាជ ហឫទ័យ ស្ដេចយាងនិង អញ្ជើញចូលរួមក្នុងពិធី ត្បាញក្រមាវែងជាងគេលើ ពិភពលោក ប្រវែង១.០០០ម៉ែត្រ បំបែកកំណត់ត្រាពិភពលោក នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវាលព្រះមេរុ។

យុទ្ធនាការក្រមា ”ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក” ១.០០០ ម៉ែត្រ​បានចាប់ផ្តើម បើកដំណើរការត្បាញនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅ​ទីតាំងសួនច្បារវាលព្រះមេរុដែលបើកជា សាធារណៈដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈដោយ មិនប្រកាន់និន្នាការ ដើម្បីអញ្ជើញចូលរួម ត្បាញក្រមាដោយផ្ទាល់ដៃ។ យុទ្ធនាការបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែង រហូតដល់ទៅ១.០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយស នឹងបើកត្បាញសរសៃដំបូងជាផ្លូវការ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ។

យុទ្ធនាការក្រមា ”ការបំបែកឯតទគ្គកម្ម ក្រមាវែង ជាងគេលើពិភពលោក” ១.០០០​ម៉ែត្រ ត្រូវបាននាំមក ជូនបងប្អូនប្រជាជនខ្មែរ ទាំងអស់គ្នា ក្នុងគោលបំណងធំៗ៣ រួម​មាន៖ ១-លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ។ ២-បង្កើតការរួមចំណែកពីប្រជា ជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ។ ៣-ជំរុញឱ្យមានសាមគ្គីភាព និងឯកភាពជាតិ តាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។

យុទ្ធនាការក្រមា“ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក “គឺជាសក្ខីភាពមួយក្នុងចំណោម លទ្ធភាព ដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗ រួមគ្នាក្នុងស្មារតី“ជឿថាខ្មែរធ្វើបាន“។

បងប្អូនប្រជាពលរដ្ឋទាំងអស់អាចក្លាយជាចំណែករបស់យុទ្ធនាការបានតាមរយៈ ចូលរួមត្បាញក្រមា ដែលមានប្រវែងវែងជាងគេលើពិភពលោក ដើម្បីបំបែកកំណក់ត្រាពិភពលោករួមគ្នា។

ការចូលរួមជាអ្នកគាំទ្រតាមរយៈការដើរតួនាទីជាអ្នកចូលរួមស្ម័គ្រចិត្ត ក៏ដូចជាអ្នកឧបត្ថម្ភជាមួយការបរិច្ចាគ សប្បុរសធម៌។ ទន្ទឹមនេះ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀត ដែលពុំទាន់ទទួលបានព័ត៌មាន ពីយុទ្ធនាការក្រមា ដើម្បីជំរុញឱ្យពួកគេបានចូលរួម។

ការចូលរួមជាអ្នករួម ចំណែកបង្កើត ច្នៃប្រឌិត ឬរៀបចំសកម្មភាពនានា រួមក្នុងស្មារតី “ជឿថា ខ្មែរធ្វើបាន“ និងការដើរតួជាទូតសុឆន្ទៈបន្តទស្សនៈ និងមនោគមន៍វិជ្ជា “ជឿថា ខ្មែរធ្វើបាន“ ដើម្បីកសាងស្នាដៃសមិទ្ធផល និងមោទនភាពជាតិសម្រាប់គ្រួសារ សង្គមនិងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ក្រមាគឺជាអត្តសញ្ញាណជាតិ ជារបស់ប្រើប្រាស់របស់ប្រជាជនទូទៅដោយមិនប្រកាន់វណ្ណៈ និន្នាការឋានៈ សង្គម និងសាសនាឡើយ ហើយជារឿងរ៉ាវប្រវត្តិសាស្ត្រនៃប្រជាជាតិខ្មែរ។

គោលបំណងនៃការជ្រើសរើសយកក្រមា មកបំបែកកំណត់ ត្រាពិភពលោកព្រោះក្រមាបានបង្ហាញពីការតស៊ូ អំណត់ព្យាយាមរបស់សិប្បករក្នុងការត្បាញក្រមានីមួយៗ ព្រមទាំងការឆ្លុះបញ្ចាំងពីអត្តចរិត ពិតរបស់ ប្រជាពលរដ្ឋខ្មែរ។

ព្រឹត្ដិការណ៍នេះ នឹងបង្កបរិយាកាស ចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សានិងលើក ស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ពិសេសជំរុញនូវសាមគ្គីភាព ឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមគ្នា បង្កើតស្នាដៃដ៏ដំ និងជាមោទនភាពថ្មីសម្រាប់ប្រទេសជាតិ នឹងបង្ហាញកិត្យានុភាពជាតិ នៅលើឆាក អន្ដរជាតិផងដែរ ៕

ដោយ ជឹម ណារី