ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយកម្មករប្រមាណជាង១៥០០០នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ

39

(FN)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរសប្តាហ៍មកនោះនៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,១០៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែកមមាញឹកខ្លាំង ពោលថ្ងៃនេះជួបកម្មករ ក្នុងរាជធានីភ្នំពេញ ថ្ងៃស្អែកសម្ពោធរោងចក្រស៊ីម៉ង់ត៍នៅខេត្តកំពត ខានស្អែកបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តកំពង់ចាម។ សម្តេចថ្លែងថា នេះហើយជីវិតជានាយករដ្ឋមន្ត្រី ទោះបីឈឺក៏មិនអាចឈប់បាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានរងគ្រោះព្រោះភ្លើងសង្គ្រាម ដែលអ្នកជំនាន់មុនបន្សល់ទុកឲ្យ ហើយសម្តេចបានរបួសចំនួន៥លើក និងពិការភ្នែកម្ខាង ព្រោះតែភ្លើងសង្គ្រាមនេះ។

* ក្នុងសារចាប់ផ្តើមនៃកិច្ចសំណេះសំណាលសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្តែងការរីករាយជាខ្លាំងចំពោះកាយវិការរបស់បងប្អូនកម្មករ កម្មការិនី ដែលបានស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយក្តីគោរពស្រឡាញ់ចំពោះសម្តេច។ សម្តេចបន្តថា កាយវិការរបស់កម្មករ កម្មការិនី បានធ្វើឲ្យសម្តេចនឹកឃើញដល់ការគាំទ្រសម្តេចពីជីដូន ជីតា និងឪពុក ម្តាយរបស់កម្មករ កម្មការិនី ដែលបានគាំទ្រសម្តេចឲ្យដឹកនាំប្រទេសនេះតាំងពីដើមរៀងមក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានរងគ្រោះព្រោះភ្លើងសង្គ្រាម ដែលអ្នកជំនាន់មុនបន្សល់ទុកឲ្យ ហើយសម្តេចបានរបួសចំនួន៥លើក និងពិការភ្នែកម្ខាង ព្រោះតែភ្លើង សង្គ្រាមនេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលថា សម្តេចមិនដែលមានបំណងធ្វើជាមេដឹកនាំប្រទេសនេះទេ តែកាលៈទេសៈប្រទេសជាតិជួបគ្រោះនៃសង្គ្រាម បានធ្វើឲ្យសម្តេចត្រូវមកដឹកនាំ ប្រទេសបញ្ចប់នូវភ្លើងសង្គ្រាម និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានហៅការដែលកម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារក្នុងឆ្នាំ២០១៨នេះ គឺបានមកពីការខិតខំរួមគ្នា មិនមែនបានមកពី បុគ្គលណាម្នាក់នោះទេ ពោលកម្មករ កម្មការិនីខិតខំធ្វើការ រាជរដ្ឋាភិបាលខិតខំកៀរគរអ្នកវិនិយោគ និងរកទីផ្សារ។

* សម្តេចតេជោ ហ៊ុន សែន បន្តថា ការខិតខំរួមគ្នាបានធ្វើឲ្យជាតិមានការរីកចម្រើន ខណៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពោលក្នុងចំណោមប្រទេសសមាជិកអាស៊ាន កម្ពុជាជាប្រទេសស្ថិត នៅចំណាត់ថ្នាក់លេខ៤ ជាប្រទេសដែលកម្មករ កម្មការិនីមានប្រាក់ចំណូលខ្ពស់។ ដោយឡែកមន្រ្តីរាជការប្រាក់បៀវត្សរ៍កាន់តែខ្ពស់ ហើយកសិករធ្វើកសិកម្មបានកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើសុំឲ្យថ្នាក់ដឹកនាំនៅតាមរោងចក្រកុំឲ្យប្រមាថកម្មករ កម្មការិនី ព្រោះមនុស្សគ្រប់រូបកើតមានកាយទទេស្អាតដូចតែគ្នានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា អ្នកតូច អ្នកធំ អ្នកខ្ពស់ អ្នកទាប ត្រូវតែបំពេញឲ្យគ្នាទៅវិញទៅមក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញរោងចក្រសហគ្រាសក្លាយទៅជាសហគមមួយ ដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

* សម្តេចសង្ឃឹមថា ទាំងម្ចាស់រោងចក្រ និងថ្នាក់ដឹកនាំគ្រប់កម្រិត ព្រមទាំងកម្មករ កម្មការិនី នឹងរួមគ្នាថែរក្សានូវនិរន្តរភាពដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ឲ្យពង្រីកការត្រួតពិនិត្យរកមើលបាតុភាព ដែលនាំឲ្យកម្មករ កម្មការិនីដួលសន្លប់ពេលធ្វើការងារ ដើម្បីងាយស្រួលក្នុងការដោះស្រាយ។ សម្តេចចង់ឲ្យមានការផ្តល់ថ្នាំប្រឆាំងសារធាតុពុលមុនពេលកម្មករ កម្មការិនីចូលបម្រើការងារ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសម័យសង្គ្រាមដើម្បីប្រឆាំងនឹងសារធាតុគីមីរបស់អាមេរិក កងទ័ពបានលេបថ្នាំ និងផឹកទឹកនោមខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាពពេញលេញ ដែលជាទំនុកចិត្តដ៏ធំសម្រាប់អ្នកវិនិយោគបរទេស។

* សម្តេចតេជោ បានអំពាវនាវដល់កម្មករ កម្មការិនី ត្រូវរួមគ្នាថែរក្សាប្រទេសកុំឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមជាថ្មី ព្រោះថាគ្មានអ្នកវិនិយោគ និងអ្នកទេសចរទៅកាន់ប្រទេសមានសង្គ្រាមនោះឡើយ។

* សម្តេចតេជោ បានថ្លែងថា អ្នកបំផ្លាញសន្តិភាពរបស់ប្រទេស គឺត្រូវតែមានទោសតែសម្តេចក៏មិនអនុញ្ញាតឲ្យមានការបំផ្លាញសន្តិភាពនៅកម្ពុជានោះឡើយ អ្នកបំផ្លាញសន្តិភាពស្មើនឹងបំផ្លាញការវិនិយោគបំផ្លាញរោងចក្រផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលហ៊ានធ្វើគ្រប់យ៉ាង ដើម្បីចាត់ការចំពោះជនល្មើសដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខភាពរបស់សម្តេចកំពុងតែល្អប្រសើរមិនមានបញ្ហាអ្វីនោះទេ ហើយបច្ចុប្បន្នសម្តេចមានទម្ងន់ ៧២គីឡូ។

* សម្តេចតេជោ បានផ្តាំទៅអ្នកដែលចង់ឲ្យសម្តេចស្លាប់ថា ប្រយ័ត្នស្លាប់ខ្លួនឯង ហើយសម្តេចមិនងាយស្លាប់នោះឡើយ។

* សម្តេចតេជោ ក៏ចង់មានការធ្វើការងារជាមួយអ្នកជំនាញមកពីក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោកស្រាវជ្រាវរកមូលហេតុនាំឲ្យកម្មករ កម្មការិនីដួលសន្លាប់។

* សម្តេចតេជោ បានលើកឡើងថា សេវារថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនាពេលបច្ចុប្បន្នល្អប្រសើរហើយ តែត្រូវកែប្រែនូវចំណុចពីរយ៉ាងរួមមាន៖ ១៖ ចំណត មានរថយន្តផ្សេងទៅចតនៅកន្លែងចំណត និងទី២៖ មានការយកចំណតទៅធ្វើជាកន្លែងលក់ដូរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់ការបើកប្រាក់ឧបត្ថម្ភដល់កម្មការិនីបានទាន់ពេលវេលា។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងប្រតិកម្មចំពោះអ្នករិះគន់សម្តេចថា មិនព្រមស្នើសុំម្ចាស់ផ្ទះមិនឲ្យដំឡើងថ្លៃផ្ទះឈ្នួលរាល់ឆ្នាំ។ សម្តេចបានហៅអ្នករិះគន់នោះថា ជាមនុស្ស «ល្ងង់»។ សម្តេចបន្តថា កម្ពុជាប្រកាន់របបទីផ្សារសេរី ដូច្នេះមិនអាចហាមឃាត់ម្ចាស់ផ្ទះឈ្នួលរាល់ឆ្នាំបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទម្លាយថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «Cambodian The Voice Kid» សម្តេចបានបោះឆ្នោតគាំទ្រឲ្យកុមារី សុជាតា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវសុំឲ្យយកចិត្តទុកដាក់អនុវត្តន៍ទៅលើផែនការទាំង៨ ដែលបានសម្តេចបានដាក់ចេញនៅក្នុងឆ្នាំ២០១៨នេះ។ ផែនការទាំង៨នេះរួមមាន៖
១៖ យកចិត្តទុកដាក់លើការផ្តល់ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ
២៖ យកចិត្តទុកដាក់លើការពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃសម្រាប់កម្មករ កម្មការិនីទាំងក្រុង និងក្រៅប្រព័ន្ធ
៣៖ យកចិត្តទុកដាក់លើការឧបត្ថម្ភប្រាក់ដល់កម្មការិនីឆ្លងទន្លេ, ការជិះរថយន្តក្រុងដោយមិនបង់ប្រាក់, កម្មការិនីពេលសម្រាកសម្រាលកូនរយៈពេល ៣ខែជាមួយប្រាក់ឈ្នួល ១២០ភាគរយ។
៤៖ យកចិត្តទុកដាក់លើកម្មវិធីផ្តល់សាច់ប្រាក់ដល់កម្មការិនីពេលសម្រាលកូន
៥៖ តាមដានលើរបបសន្តិសុខសង្គមសម្រាប់ការថែទាំសុខភាពរបស់កម្មករ កម្មការិនី
៦៖ តាមដានការដំឡើងថ្លៃឈ្នួលផ្ទះ
៧៖ រៀបចំដាក់ឲ្យអ្នកអនុវត្តន៍នូវសន្តិសុខប្រាក់សោធននិវត្តន៍នៅឆ្នាំ២០១៩
៨៖ បន្តយកចិត្តទុកដាក់លើសុខទុក្ខលើកម្មករ កម្មការិនី ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ

* សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងអំពាវនាវឲ្យកម្មករ កម្មការិនី បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយសម្តេចនៅបន្តថែទាំកម្មករ កម្មការិនី និងប្រជាពលរដ្ឋខ្មែរយ៉ាងតិច ១០ឆ្នាំបន្តទៀត។ សម្តេចបានអះអាងថា ដរាបណានៅមានវត្តមានរបស់សម្តេច សម្តេចមិនអនុញ្ញាតឲ្យមានការបំផ្លាញប្រទេសនេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនហាមឃាត់លោក សម រង្ស៊ី ក្នុងការចូលប្រទេសនោះទេ ឲ្យតែហ៊ានប្រឈមមុខជាមួយច្បាប់របស់កម្ពុជា។

* សម្តេចតេជោ បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖១៨នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ចែករំលែក