សម្តេចតេជោតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

137

នៅព្រឹកថ្ងៃ​ព្រហស្បត៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិប​តីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុនសែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតដែល​បានទទួល​បានសញ្ញាបត្រ​នៅពេលនេះមានចំនួន ២,៣២៨ នាក់មាន បរិញ្ញាបត្ររង​វិស្វកម្ម​ជំនាន់​២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវ​ក្តីរីករាយ​ចំពោះ ការអញ្ជើញ​មកប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​ជ័យ​លាភី​ទាំងអស់ និងសម្ពោធអគារទេពកោសល្យវិស្វកម្មសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ១ខ្នង ដែល​កម្ពស់៦ជាន់មាន ៦០បន្ទប់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណ និងកោតសរសើរ​ដល់​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ដែល​បានខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិត​កម្ពុជានា​ពេលនេះ​ក៏ដូចជាកន្លង​ទៅ ដែល​បានទទួល​លទ្ធផល​គួរជាទី​មោទនៈ​។ ជានិច្ចជាកាល រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះ​វិស័យអប់រំនៅកម្ពុជា ក្នុងកា​រ​បណ្តុះបណ្តាលធនធានមនុស្សអោយមានសមត្ថភាព ដើម្បីធ្វើកា​រអភិវឌ្ឍ​ប្រទេសអោយ​កាន់តែ​រីកច​ម្រើន​។​

សម្តេចតេជោ​បានរំលឹកថា ក្នុងរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត មិនត្រឹមតែវិទ្យាស្ថាននេះទេ ដែលទទួលបា​ននូវភាពខ្ទេចខ្ទាំ គឺនៅមានសាលា និងវិទ្យាស្ថាន​ផ្សេងៗ​ទៀតក៏​ត្រូវបានបំ​ផ្លាញ​ចោល​ផង​ដែរ។ តែក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាព ទើបវិទ្យាស្ថាននេះបាន​ចាប់ផ្តើមដំ​ណើរការ​ឡើង​វិញ។ បច្ចុប្បន្ននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការរីកចម្រើន និងមានកាអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយ​ការ​បណ្តុះសព្វថ្ងៃគឺស្រប និងត្រូវទៅតាមតម្រូវការទីផ្សារផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ រំលឹកថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជា​នឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភា ដែលការបោះឆ្នោតនេះគឺមិនទូលំទូលាយណាស់ណានោះទេ គឺចាប់ពី​សមាជិកក្រុម​ប្រឹក្សាឃុំ-សង្កាត់ឡើងទៅ ហើយនៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺនឹងមាន​ការបោះ​ឆ្នោត​សាកល​ជ្រើសរើសតំណាងរាស្រ្ត។ បន្ទាប់មកនៅខែ កញ្ញា ២០១៨ គឺនឹងមានរៀបចំ​បង្កើតរដ្ឋា​ភិបាល​​ថ្មី​ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តនិស្សិត​ទាំងអស់ត្រូវខិត​ខំប្រឹងប្រែង​ក្នុងការ​សិក្សា​បន្ថែម​ទៀត​ ដើម្បីពង្រឹងសមត្ថភាព​អោយកាន់តែល្អប្រសើរ ជាពិសេសដើម្បីចូលរួម​ចំណែកកសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ សម្តេចតេជោ បានបញ្ជាក់ផងដែរ គ្មានការងារណារត់មករកយើងទេ គឺយើងត្រូវកា​រស្វះ​ស្វែង​រក​ការ​ងារ​ធ្វើ​ក្រោយ​ពេលបានបញ្ចប់ការសិក្សាហើយ។

មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលា​ភី ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តមួយចំនួន និងបានប្រកាសដាក់់អោយប្រើប្រាស់នូវអគារ ទេព​កោសល្យវិស្វកម្ម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បី អោយប្រើប្រាស់ចាប់ពីពេលនេះតទៅ៕