សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​ពិភាក្សាការ​ងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា

នៅវិមានសន្តិភាពព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ​ពីថ្នាក់ដឹកនាំវៀតណាមជូនចំពោះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជោគជ័យត្រចះត្រចង់របស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលបានបញ្ចប់ទៅកាលពីម្សិលមិញ។ ទន្ទឹមនឹងនេះ ឯកឧត្តម Vu Quang Minh បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកអគ្គលេខាបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមនាយរដ្ឋមន្រ្តី និង លោកជំទាវ​ប្រធានរដ្ឋសភាវៀតណាម ផ្ញើជូនសម្តេច​តេជោផងដែរ។

ឯកឧត្តម Vu Quang Minh បានជម្រាបជូនសម្ដេចតេជោ បេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តអោយអស់ពីសមត្ថភាពលទ្ធភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរឲ្យបានកាន់តែរីក​ចម្រើន​ឡើងថែមទៀត។ ឯកឧត្តម Vu Quang Minh ប្ដេជ្ញាថានឹងអនុវត្តតាមអនុសាសន៍ទាំងឡាយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសូមគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណាបំពេញបេសកកម្មរបស់លោកនៅកម្ពុជាឲ្យបានទទួលជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរ ជូនចំពោះ ឯកឧត្តម Vu Quang Minh ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះ​រា​ជា​ណាចក្រកម្ពុជា និង បានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខពីថ្នាក់ដឹកនាំ របស់វៀតណាមរួមទាំង​ការសំដែងនូវការអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាត របស់គណបក្សប្រជាជនផង​ដែរ​។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ ឯកឧត្តម Vu Quang Minh ដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរអោយកើនឡើងថែមទៀត និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជំរុញការកសាងនិង អភិវឌ្ឍន៍នៅតាមព្រំដែនដើម្បីប្រជាជាតិ នៃប្រទេសទាំងពីរអាចប្រកបរបរទទួលទានកាន់តែងាយស្រួលដោយសុខដមនីយកម្ម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ