សេចក្តីជូនព័ត៌មាន៖ សម្តេចតេជោ ហ៊ុន សែន នឹង​​​អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា​ ពីថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៧ ខែមក​រា ឆ្នាំ២០​១​៨

70

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​​​​​​​ណា​ចក្រ​កម្ពុជា នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា​ និង​​ពិ​ធី​អបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវ ដែល្លី និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ដែលនឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៧ ខែមក​រា ឆ្នាំ២០​១​៨ ​​តបតាមការអញ្ជើញរបស់​ឯកឧត្ដម​ណារិន​ដ្រា ​ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា។​

ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដ៏ទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីការអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា ​សម្តេច​តេជោ​​នាយករដ្ឋមន្រ្តី​ នឹង​អញ្ជើញ​ចូលរួម​ពិសារ​អាហារពេលព្រឹកការងារជាមួយ​នឹង ឯកឧត្ដម​ ង្វៀន​ សួន​ហ្វ៊ុ​ក​​​នាយករដ្ឋមន្រ្ដី​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម​ និង​ឯកឧត្ដម ថងលូន​ ស៊ីស៊ូលីត នាយករដ្ឋ​មន្រ្តី ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និត​ឡាវ។​

ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសនេះ សេចក្ដីថ្លែងការណ៍ទីក្រុង​​ញូវ​​ដែល្លី នឹងត្រូវបានអនុម័ត។

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួប​សម្តែង​​ការ​គួរ​សមដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ស្រ៊ី រ៉ាម ណាត កូវិនដ៏ (Shri Ram Nath Kovind) ប្រធានា​ធិប​តីឥណ្ឌា និងឯកឧត្តម ស្រ៊ី ម. វ៉េនកៃអាហ៍ ណៃឌូ (Shri M. Vekaiah Naidu) អនុប្រធានាធិបតីឥណ្ឌា ក៏ដូចជានឹងទទួលជួបសម្តែងការគួរសមដោយលោកជំទាវ ស៊ូសម៉ា ស្វារ៉ាជ (Sushma Swaraj) រដ្ឋមន្រ្តី​ការ​បរទេសឥណ្ឌា ។ សម្តេចតេជោក៏នឹងអញ្ជើញ​ដាក់កម្រងផ្កា​នៅស្តូប​គោរព​វិញ្ញាណក្ខន្ធ លោក មហាត្មៈ គន្ធី ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ណារិនដ្រា ម៉ូឌី  នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា។ បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថ​លេ​ខា​លើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនហើយនឹងបន្តដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

នៅក្នុងឱកាសស្នាក់នៅប្រទេសឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះនៅឯវេទិកាធុរៈកិច្ចឥណ្ឌា-កម្ពុជា ផងដែរ។

ថ្ងៃ ចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

រាជធានីភ្នំពេញ, ថ្ងៃទី ២២  ខែមករា ឆ្នាំ២០១៨

Download (PDF, Unknown)