រាជរដ្ឋា​​ភិបាល​​កម្ពុជា ប្រកាស​​ចាប់​​ផ្តើម​​អនុវត្ត “គោល​​​នយោ​​បាយ​ជាតិ ស្ដីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ ២០១៧-២០៣០”

158

នាព្រឹក​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដាក់​អោយ​ចាប់​ផ្តើម​​អនុវត្តគោលនយោបាយ​ជាតិ  ស្ដីពីមនុស្ស​វ័យ​ចាស់ឆ្នាំ២០១៧-២០៣០ ដោយប្រគល់ភារកិច្ច នៃការ​អនុវត្តគោលនយោបាយនេះ ទៅអោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។ គោលនយោបាយជាតិថ្មីនេះ បង្កើតប្រព័ន្ធគាំពារសុមាលភាពរយៈពេល​វែងសម្រាប់មនុស្សវ័យចាស់​នៅកម្ពុជា អោយទទួលបាននូវ​គុណភាពជីវិត និងការគាំពារយ៉ាងពេញលេញ ខណៈដែលកាលពី​ក្នុងឆ្នាំ២០១៣ កម្ពុជាមាន​មនុស្ស​វ័យចាស់ អាយុពី៦០ឆ្នាំឡើង ប្រមាណ១លាន២សែននាក់ គឺស្មើនឹង៨%នៃចំនួនប្រជាជនសរុប​១៥លាននាក់។ ហើយចំនួនមនុស្សវ័យចាស់នៅកម្ពុជា ត្រូវបានព្យាករណ៍​ថានឹងកើនឡើង​ដល់​ប្រមាណ ២លាននាក់ នៅឆ្នាំ២០៣០ ស្មើនឹង ១១% នៃប្រជាជនសរុប១៨លាននាក់ នាពេលនោះ។

តាមការបញ្ជាក់របស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បង្ហាញ​ថា គោល​នយោបាយ​ជាតិ ស្តីពី​មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ត្រូវបាន​អនុម័តពី​រាជរដ្ឋាភិបាល នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។ គោលនយោបាយនេះ ត្រូវបានរៀបចំយ៉ាងយកចិត្តទុក​ដាក់​ដោយ​មានកិច្ចសហការ​រវាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដូចជាអង្គការមនុស្ស​ចាស់កម្ពុជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រជាជន ហៅថា(UNFPA) ។  ឯកឧត្តម វង សូត ក៏បានបញ្ជាក់ដែរថា ការរៀបចំគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០នេះ ក៏ធ្វើឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណ​ដំណាក់កាលទី៣! ផែនការយុទ្ធសាស្ដ្រ​​អភិវឌ្ឍន៍ជាតិ​២០១៤-២០១៨! ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ផងដែរ។

នៅក្នុងពិធីប្រកាសផ្សព្វ​ផ្សាយគោលនយោបាយជាតិ ស្ដីពីមនុស្ស​វ័យចាស់ឆ្នាំ២០១៧-២០៣០នេះ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​យល់​​ព្រមទទួល​ធ្វើជា​ប្រធាន​មូលនិធិទ្រទ្រង់​មនុស្សចាស់​នៅកម្ពុជា ដោយ​សម្តេច​បាន​កត់សំគាល់ថា បើទោះបីជា តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់កម្ពុជា មនុស្សវ័យចាស់ ត្រូវបានមើលថែទាំដោយកូនចៅ ក្រុមគ្រួសារក្តី ប៉ុន្តែ​ជារួម​មនុស្ស​វ័យចាស់ក៏ត្រូវតែទទួល​បាននូវ​ការគាំពារសុខមាលភាព និងការយកចិត្តទុកដាក់ ពីគោល​នយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ ដូចនេះ ដើម្បីអនុវត្តស​កម្មភាព​​ប្រកបដោយ​ប្រសិទ្ធភាពក្នុងគោលនយោបាយនេះ សម្តេចតេជោ  បានស្នើសុំអោយមានការចូលរួមយ៉ាងសកម្ម ទាំងវិស័យសាធារណៈ ​វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ រួមនិងបណ្តាញសមាគម​មនុស្សចាស់ នៅទូទាំងប្រទេសតែម្តង ។  សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកថា ការបង្កើតគោលនយោបាយ​ គាំពារសុខមាលភាពដល់​ប្រជាពលរដ្ឋ គឺជារៀងចាំបាច់បំផុត នាពេលនេះ។ សម្តេចតេជោ ថ្លែងថា​ ការទទួលបានសុខមាលភាព​ប្រសើរសម្រាប់ប្រជាជន នឹងជួយជម្រុញបន្ថែមដល់ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចំណាស់ឆ្នាំ២០១៧-២០៣០ នឹងផ្តោតលើសកម្មភាព​និងការ​ងារ​អាទិភាព​ចំនួន៩ សម្រាប់​មនុស្ស​វ័យចាស់ រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានដែល​អំណោយ​ផល, សមាគមមនុស្សចាស់ និងវ័យចាស់, ទំនាក់ទំនង​អន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សា​​លើមនុស្សចាស់, ស្ថានភាពមានអាសន្ន និង ការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។

គួរបញ្ជាក់ថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនិងកំពុងអនុវត្ត នូវក្របខណ្ឌ​គោលនយោបាយគាំពារសង្គមមួយចំនួនរួចមកហើយ ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាព​និងកាត់បន្ថយភាពក្រីក្រ ​របស់ប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ៖​ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥! បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)! បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស)! បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)! មូលនិធិជនពិការ(ម.ជ.ព)! មូលនិធិគាំពារសុខុមាលភាព​​ សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន  ក្រុមប្រឹក្សា​ឃុំសង្កាត់ ! មូលនិធិគាំពារសង្គមសម្រាប់កម្មករក្នុង​ប្រព័ន្ធនិងក្រៅប្រព័ន្ធ! មូលនិធិមន្ទីរពេទ្រគន្ធបុប្ផា! និងមូលនិធិត្រីចក្រយានកម្ពុជា រឺមូលនិធិសីក្លូ ជាដើម៕