ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះក្នុងឱកាសចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ

40

(FN)៖ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបប្រមាណ១៦,៩០៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅសប្តាហ៍ក្រោយនឹងមិនមានកម្មវិធីជួបជាមួយកម្មករ កម្មការិនីនោះទេ ព្រោះនៅថ្ងៃពុធ ទី២៤ ខែមករា សម្តេចនឹងត្រូវចេញដំណើរទៅចូលរួមកិច្ចប្រជុំ អាស៊ាន-ឥណ្ឌា បុណ្យជាតិឥណ្ឌា ត្រឡប់មកវិញនៅថ្ងៃអាទិត្យ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងឪពុកម្តាយរបស់ពួកគេ ដែលបានរួមដំណើរជាមួយសម្តេច និងគណបក្សប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីស្តារប្រទេសចេញពីស្ថានភាពដ៏លំបាកលំបិន។

* សម្តេចតេជោ បានថ្លែងថា ទន្ទឹមនឹងប្រាក់ឈ្នួលបានកាន់តែខ្ពស់ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់កាត់បន្ថយការចំណាយរបស់កម្មករ កម្មការិនីផងដែរ តាមរយៈការតបណ្តាញអគ្គិសនី បណ្តាញទឹកទៅដល់បន្ទប់ជួល រួមនិងសេវាផ្សេងៗ រួមទាំងការចំណាយលើសេវាគាំពារសុខភាពផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់កម្មករ កម្មការិនី ត្រូវយកប័ណ្ណការងារតាមខ្លួននៅពេលទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមករាម្សិលមិញ កម្មការិនី បានសម្រាលកូនចំនួន១,៨៩៥នាក់ ហើយមានកូន១,៩១១នាក់ត្រូវបានសម្រាល។ ក្នុងនោះប្រាក់របស់រាជរដ្ឋាភិបាលដែលបានឧបត្ថម្ភមានចំនួន ៧៦៤លាន ៤សែនរៀល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមនុស្សមិនចូលចិត្តទទួលទានអាហារតាមភោជនីយដ្ឋាននោះឡើយ ក្នុងមួយឆ្នាំមានតែមួយដង ឬពីរដងប៉ុណ្ណោះ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថ្លែងថា សម្តេចពិតជាមានសំណាង និងមានមោទនភាពណាស់ ដែលមានភរិយាដ៏ល្អតែងតែមើលថែរៀបចំទុកដាក់ទាំងសម្លៀកបំពាក់ និងការងារគ្រប់យ៉ាង។

* សម្តេចតេជោ បានថ្លែងថា ការបញ្ជាទិញរបស់ក្រុមហ៊ុននានាទាំងផ្នែកកសិកម្ម និងផ្នែកផ្សេងៗនៅតែបន្តបញ្ជាទិញ ដូចដែលមាននាឆ្នាំកន្លងទៅ ហើយភ្ញៀវទេសចរនៅតែបន្តមកកាន់កម្ពុជា គ្រាដែលឆ្នាំកន្លងទៅមានរហូតដល់ទៅជាង ៥លាននាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ ព្រោះតែមានកំណើនភ្ញៀវទេសចរនេះហើយ ទើបកម្ពុជាចាប់ផ្តើមគិតគូរកសាងព្រលានយន្ត នៅសៀមរាប និងនៅភ្នំពេញ ព្រោះព្រលានយន្តហោះបច្ចុប្បន្នមិនអាចឆ្លើយតបនឹងកំណើនភ្ញៀវបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សមិទ្ធិផលដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺមានការតស៊ូ និងប្រឹងប្រែងយ៉ាងលំបាកខ្លាំងណាស់ ដូច្នេះមិនត្រូវឲ្យមានការបំផ្លិចបំផ្លាញ ពីសំណាក់ឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គ្មានប្រទេសណាដែលកម្សត់ និងលំបាកដូចកម្ពុជាកាលពីអតីតកាលនោះទេ តែពេលបច្ចុប្បន្នកម្ពុជាបានប្រឹងប្រែងរើបម្រាស់ចេញពីភាពកម្សត់ និងភាពក្រីក្រ រហូតគេចផុតពីឋានៈប្រទេសក្រីក្រ ប្រជាជនក្រីក្រ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយប្រជាពលរដ្ឋមានប្រាក់ចំណូលជិត ១៥០០ដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព និងសប្បាយរីករាយចំពោះសមិទ្ធផលនៅកម្ពុជានាពេលបច្ចុប្បន្ន តែសម្តេចបានផ្តាំផ្ញើទៅកម្មករ កម្មការិនីថា សមិទ្ធផលទាំងនេះ មិនមែនធ្លាក់ពីលើមេឃ និងកើតក្នុងដំណាក់កាលប្រទេសកើតសង្គ្រាមនោះឡើយ។ ផ្ទុយទៅវិញសមិទ្ធផលទាំងនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ គ្រប់រូបតាំងពីជីដូនជីតាមកម្ល៉េះ។ សម្តេចតេជោថា គ្មានភាពជោគជ័យ និងការរីកចម្រើនណាមួយកើតចេញ ឬ សម្រេចបានដោយគ្មានការចូលរួមនោះឡើយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាស្ថាបនិកនៃសន្តិភាពនៅកម្ពុជា បានថ្លែងថា ចាស់ជំនាន់មុនជាអ្នកបង្កើតឲ្យមានភ្លើងសង្គ្រាម ហើយសម្តេចជាក្មេងជំនាន់ក្រោយ ជាអ្នកស្វែងរក សន្តិភាព និងបញ្ចប់ភ្លើងសង្គ្រាម។ សម្តេចតេជោ បានរំលឹកដល់កម្មករ កម្មការិនីថា សង្គ្រាមបានបំភ្លេចបំផ្លាញសព្វបែបយ៉ាង ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាព ទប់ស្កាត់ការបង្កភ្លើងសង្គ្រាម ព្រោះផលលំបាកនៃភ្លើងសង្គ្រាមនេះមានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ មិនមានប្រទេសណាមកលំបាកជាមួយកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោត អាចមានដំណើរការទៅបានតែក្នុងផ្ទៃប្រទេស ដែលមានសុខសន្តិភាព និងគ្មានសង្គ្រាមតែប៉ុណ្ណោះ។ ដូច្នេះបើចង់បន្តដំណើរការលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោត គឺត្រូវតែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រទេស គ្មានការបោះឆ្នោតណាធ្វើនៅក្រោមគ្រាប់ផ្លោងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោត អាចមានដំណើរការទៅបានតែក្នុងផ្ទៃប្រទេស ដែលមានសុខសន្តិភាព និងគ្មានសង្គ្រាមតែប៉ុណ្ណោះ។ ដូច្នេះបើចង់បន្តដំណើរការលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោត គឺត្រូវតែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រទេស គ្មានការបោះឆ្នោតណាធ្វើនៅក្រោមគ្រាប់ផ្លោងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាយករដ្ឋមន្រ្តីថៃ នៅក្នុងឱកាសកិច្ចប្រជុំកំពូលឡាងឆាង បានប្រកាសពន្យាពេលរយៈពេល៦ខែបន្តទៀត ដល់ការស្នាក់នៅរបស់ពលករខ្មែរខុសច្បាប់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះអ្នកវិនិយោគរបស់កម្ពុជា មិនត្រឹមតែមានទុនវិនិយោគនៅក្នុងស្រុកនោះទេ អ្នកវិនិយោគរបស់កម្ពុជាមានលទ្ធភាព ទៅវិនិយោគនៅក្រៅប្រទេសផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣១នាទីនាព្រឹកថ្ងៃនេះ ៕

ចែករំលែក