សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ផ្សារសាន់ហាន់

161

CNV: 

ជូនពរជ័យឆ្នាំថ្មី ឆ្នាំសកល ២០១៨

ជាដំបូង អនុញ្ញាតអោយខ្ញុំសុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី អស់លោក លោកស្រីដែលជាម្ចាស់រោងចក្រ ហើយក៏សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសុំសំដែងនូវការអបអរសាទរ និងជូនពរចំពោះក្មួយៗកម្មករ/កម្មការិនី សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ សូមអោយទទួលបាននូវជោគជ័យនៅក្នុងឆ្នាំថ្មី ឆ្នាំសកល ដែលទើបចូលបានរយៈពេល ៣ ថ្ងៃ ពីឆ្នាំ ២០១៧ ចូលឆ្នាំ ២០១៨ សូមអោយអ្នកទាំងអស់គ្នាទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា។

ថ្ងៃនេះ ទោះបីថា ការព្យាករអាកាសធាតុបាននិយាយលើកឡើងថា វាអាចមានភ្លៀងធ្លាក់ ឬក៏យ៉ាងណាក៏ដោយ ក៏ប៉ុន្តែព្រឹកនេះ យើងមានអារម្មណ៍ថា ត្រជាក់បន្តិច។ ហើយខ្ញុំក៏ត្រូវទៅរត់តាមសភាពការណ៍នោះដែរ ​ពីល្ងាចមិនបានត្រៀមបម្រុងពាក់អាវរងាទេ​ ក៏ប៉ុន្តែព្រលឹមឡើង គេបានប្រាប់ថា ធាតុអាកាសនៅខាងក្រៅត្រជាក់បន្តិច​ ដូច្នេះ ក៏បានប្រឹងទាញយកអាវរងានេះបានមក។ ប៉ុន្តែ បន្ដិចទៀត នឹងសុំដោះអាវរងាចេញ ព្រោះដោយសារពេលដែលយើងនិយាយទៅ កំដៅនៅក្នុងខ្លួនវាចេះតែកើនឡើង ហើយគួបផ្សំនឹងព្រះអាទិត្យថ្ងៃនេះ …។

នេះក៏អាចនិយាយបានថា អ្នកដែលមើលកម្ពុជាតាមរបៀបបញ្ច្រាសថ្ងៃ គឺឃើញពណ៌មួយបៀប ប៉ុន្តែបើមើលកម្ពុជាតាមបណ្ដោយថ្ងៃ គឺឃើញពណ៌មួយបៀប។ នេះខ្ញុំចង់បង្ហាញអំពីរបៀបមើលសភាពការណ៍ អ្នកដែលមើលមកកម្ពុជាតាមរយៈមើលបញ្ច្រាសថ្ងៃ គឺឃើញកម្ពុជាអាក្រក់ មើលមិនឃើញកម្ពុជាល្អ។ ប៉ុន្តែបើមើលកម្ពុជាតាមបណ្ដោយថ្ងៃ គឺឃើញល្អ។ វាមិនខុសពីអ្នកពាក់វ៉ែនតាបែកកញ្ចក់អស់ហើយ មកមើលកម្ពុជា មើលធ្វើម៉េចឃើញ? ប៉ុន្តែបើពាក់វ៉ែនតាមើលកម្ពុជាតាមរបៀបវ៉ែនតាដែលត្រឹមត្រូវ គឺគេឃើញស្ថានភាពកម្ពុជាក្នុងស្ថានភាពមួយបែប។

កោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសុំយកពីលើវេទិកានេះ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេស​ នៅក្នុងតំបន់ដែលមានទេសចរច្រើន។ ជាពិសេស ទេសចរដែលនិយមទៅលើការឆ្លងឆ្នាំសកលនៅទូទាំងប្រទេស ដែលបានខិតខំក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បញ្ចៀសបាននូវបញ្ហាទាំងឡាយដែលបានកើតឡើងក្នុងរយៈពេលចូលឆ្នាំសកលកន្លងទៅនេះ។

សោភ័ណភាពទីក្រុងភ្នំពេញបច្ចុប្បន្ន និងក្នុងរាត្រីឆ្លងឆ្នាំសកល

ពិតមែនតែប្រទេសរបស់យើងជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ហើយយកពុទ្ធសករាជធ្វើគោល ក៏ប៉ុន្តែមិនត្រូវភ្លេចថា គ្រិស្ដសករាជដែលជាឆ្នាំសកល ហើយដែលប្រទេសយើងធ្លាប់ជាអតីតអាណានិគមនៃប្រទេសដែលកាន់គ្រិស្ដសករាជនោះផង យើងក៏បានចូលឆ្នាំសកល​ដូចគេដូចឯងដែរ។ ថ្ងៃនោះ ខ្ញុំក៏មានឱកាសមើលទីក្រុងភ្នំពេញពីលើអាគារវឌ្ឍនៈ ឃើញថា ទីក្រុងភ្នំពេញ ដែលកាលពីឆ្នាំ ១៩៧៩ ឆ្នាំ ១៩៨០ ដែលពេលនោះ ភ្នំពេញគ្រាន់តែជាទីកន្លែង(ដែល)គ្រប់ផ្ទះដុតដោយចង្កៀងប្រេងកាត ឬដោយអគ្គិសនីបំភ្លឺតិចតួច ហើយដែលពេលនោះ បើខ្ញុំមិនច្រឡំទេ គេប្រើអគ្គិសនីក្នុងរង្វង់ ៣០ មេហ្គាវ៉ាត់ដែលប៉ុណ្ណោះ ប៉ុន្តែភ្នំពេញបច្ចុប្បន្ន ប្រើអគ្គិសនីរហូតទៅដល់ប្រមាណជាង ៨០០ មេហ្គាវ៉ាត់ឯណោះ។ នេះជាកំណើនដ៏ធំ ដែលធ្វើអោយភ្នំពេញរបស់យើងមើលដាច់កន្ទុយភ្នែក។ នៅពេលដែលខ្ញុំបានឡើងទៅលើអាគារវឌ្ឍនៈដ៏ខ្ពស់ ហើយសម្លឹងទៅគ្រប់ទិស ខ្ញុំមានការស្រមៃពីអតីតកាល កាលពី ៣៩ ឆ្នាំមុន បន្ទាប់ពីយើងរំដោះ(ប្រទេស)ចេញពីរបប ប៉ុល ពត …។

នេះប្រហែលជាឆ្នាំលើកទីមួយ ដែលប្រជាពលរដ្ឋមកលេងទីក្រុង ហើយប្រជាពលរដ្ឋភ្នំពេញខ្លួនឯងមិនសូវចេញ​ទៅខេត្ត។ ស្ទះចរាចរណ៍ មានកន្លែងខ្លះ ឮថា ស្ទះរហូតទៅដល់ម៉ោង ២ ភ្លឺ … ហ្នឹងគ្រាន់តែចេញប្រហាក់ប្រហែល ៦០% នៃមធ្យោបាយធ្វើដំណើរ ប្រសិនបើចេញ ១០០% ទៅទៀតគឺបានសេចក្ដីថា ត្រូវតែទុករថយន្ត ឬម៉ូតូនៅកន្លែងនោះ រួចហើយនាំគ្នាដើរថ្មើរជើងទៅផ្ទះ … តាមដឹង ថ្ងៃនោះ ក្រុមគ្រួសារខ្លះ ដោយសារតែវាស្ទះជាប់ឡាន ដូច្នេះក៏បង្កើតអោយមានស្ថានភាពជួលសណ្ឋាគារដេកតែម្ដង ដោយមិនទៅផ្ទះ ព្រោះទៅធ្វើម៉េច បើស្ទះចរាចរណ៍បាត់ទៅហើយ កូនដេកក្នុងឡានហើយ …។

អបអរសាទរឆ្នាំថ្មី អត្ថប្រយោជន៍ថ្មី និងបៀវត្សដែលមានកំណើនថ្មី

ប៉ុន្តែយ៉ាងណាក៏ដោយ វិលមកកាន់ទីកន្លែងដែលយើងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំរួចហើយ ឆ្នាំថ្មីបានមកដល់ ជាមួយនឹងអត្ថប្រយោជន៍ថ្មី និងបៀវត្សដែលមានកំណើនថ្មី​ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការអបអរសាទរចំពោះក្មួយៗជាកម្មករ/ការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលនូវអត្ថប្រយោជន៍ថ្មី ជាពិសេសនូវកំណើនបៀវត្សនិយាយជារួម សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិយាយដោយឡែកចំពោះកម្មករ/ការិនីដែលត្រូវបានត្រូវបានដំឡើងពី ១៥៣ ដុល្លារសហរដ្ឋអាមេរិក ទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ កិច្ចការដែលយើងបានប្រឹងធ្វើ គឺយើងបានឈានទៅដល់ជំហានថ្មីបែបនេះ សម្រាប់បញ្ហាដែលយើងត្រូវបន្ត វាជាការប្រឹងប្រែងក្នុងរយៈកាលកាលពីឆ្នាំចាស់ ដែលបន្សល់ទុកនូវសភាពការណ៍ដ៏ល្អសម្រាប់ឆ្នាំថ្មី។

ស្រាយមិនគ្រាន់តែបញ្ហាកម្ពុជាមួយទេ ក៏ប៉ុន្តែបញ្ហាគ្របដណ្ដប់តំបន់ និងអន្តរជាតិផង

ពិតមែនហើយ មិនមែនបានសេចក្ដីថា ប្រទេសនីមួយៗគ្មានបញ្ហាប្រឈ​មនោះទេ ហើយក្រុមគ្រួសារនីមួយៗគ្មានបញ្ហាប្រឈមនោះដែរ។ ថ្ងៃមុន ខ្ញុំបាននិយាយពីបញ្ហាវឌ្ឍនភាព ប៉ុន្តែពួកគេយកទៅចុះផ្សាយនៅតាមសារព័ត៌មានថា មានវឌ្ឍនភាព ដោះស្រាយបានល្អ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន។ ខ្ញុំសុំទៅផ្ដាំទៅអស់​លោក​អ្នកវិភាគ ឬអស់លោកអ្នកសរសេរទាំងឡាយ អស់លោកត្រូវចងចាំថា សូម្បីតែជីវិតខ្លួនលោក ក្រុមគ្រួសារលោក ឬក៏ប្រពន្ធលោក ខ្លួនលោកផ្ទាល់ កូនលោកផ្ទាល់ ក៏សុទ្ធតែមានបញ្ហាប្រឈមទាំងអស់ គ្មានរឿងណាមួយដែលវាដោះស្រាយដល់ទីបញ្ចប់របស់វាទេ។ ប្រទេសនៅលើពិភពលោក គ្មានប្រទេសណាមួយដែលគ្មានបញ្ហាប្រឈមនោះដែរ។ សូម្បីតែសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចមួយ បញ្ហាប្រឈមនៃប្រទេសនេះ ក៏នៅតែមាន។ ដូច្នេះហើយ បានជាប្រធានាធិបតីបច្ចុប្បន្នបានខិតខំខ្លាំងណាស់ ដើម្បីកាត់បន្ថយនូវការចំណាយនានាដែលមិនចាំបាច់ ហើយមកបង្កើនអោយការចំណាយសម្រាប់ក្នុងប្រទេស។ នៅប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែមានតម្រូវការកែទម្រង់ ខ្ញុំទទួលយក។ អស់លោកកុំមើលឃើញហើយ, អស់​លោក​ស្ដាប់ពីដើមរហូតដល់ចប់ ទើបអស់លោកដឹងថា តើខ្ញុំចង់និយាយពីអ្វី? បើខ្ញុំនិយាយមួយម៉ោង អស់​លោក​ស្ដាប់ខ្ញុំត្រឹមតែ ៣ វិនាទី ឬក៏ ១ វិនាទី អស់លោកមិនអាចនឹងវាយតម្លៃត្រូវទេ …។

ខ្ញុំគ្រាន់ដាស់តឿនថា បើចង់ធ្វើជាអ្នកវិភាគត្រឹមត្រូវម្នាក់ អស់លោកត្រូវស្ដាប់ក្បាលអោយដល់កន្ទុយ។ ហើយអស់លោកស្ដាប់ចុះ ស្ដាប់ឡើង ចាំលោកវិភាគថា តើគេនិយាយពីអ្វី ហើយនិយាយហ្នឹងក្នុងគោលបំណងអ្វី? ខ្ញុំមិនចង់ធ្វើជាសាស្រ្តាចារ្យបណ្ដាំអស់លោកទេ ក៏ប៉ុន្តែហោចណាស់ ខ្ញុំមានបទពិសោធន៍នៅក្នុងអំណាចនៅសល់តែមួយឆ្នាំទៀត គឺមានរយៈពេល ៤០ ឆ្នាំទៅហើយ។ ដោយឡែកតែអំណាចក្នុងតំណែងនាយករដ្ឋមន្រ្តី គឺរយៈពេល ៣៣ ឆ្នាំទៅហើយ។ ដូច្នេះ យ៉ាងណាក៏ខ្ញុំអាចមានបទពិសោធន៍លើសលោកទៅលើបញ្ហាការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសង្គម និងដោះស្រាយបញ្ហាប្រឈមដែលកើតឡើង មិនមែនគ្រាន់តែជាបញ្ហាកំប៉ិកកំប៉ុក លែងប្ដី លែងប្រពន្ធ ឬក៏ជម្លោះគ្រួសារទេ។ ខ្ញុំដោះស្រាយបញ្ហាដែលមានចរិតគ្របដណ្ដប់ មិនគ្រាន់តែប្រទេសកម្ពុជាមួយទេ ក៏ប៉ុន្តែវាគ្របដណ្ដប់ដល់បញ្ហាតំបន់ និងអន្តរជាតិទៀតផង។

មិនមែនជាសារស្ដីបន្ទោសក្នុងឆ្នាំថ្មីទេ ក៏ប៉ុន្តែ ឆ្នាំទៅមុនឆ្លងផុត ស្រាប់តែឃើញសារព័ត៌មានថា លោក ហ៊ុន សែន បានដោះស្រាយវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែភ្លេចគិតដល់បញ្ហាសេសសល់។ គេបាននិយាយហើយនិយាយទៀត ខ្ញុំសុំប្រាប់ថា ចំណុចសេសសល់ ប្រទេសណាក៏មាន កុំថាដល់ប្រទេស បុគ្គលម្នាក់ៗក៏នៅតែមាន។ ថ្ងៃនេះ យើងរស់ តើថ្ងៃស្អែកមានអ្វីកើតឡើង? វាសុទ្ធតែជាបញ្ហាប្រឈមសម្រាប់យើង។ សង្ឃឹមថា អស់លោកអ្នកទាំងឡាយ ឬក៏ដូចជាស្ថាប័នរដ្ឋ ឬប្រទេស ឬក្រុមគ្រួសារនីមួយៗ សុទ្ធតែមានបញ្ហាប្រឈមទាំងអស់ មិនត្រូវភ្លេចបញ្ហានេះទេ។ វាមិនមែនជាបញ្ហាដាច់ដោយឡែកលើពួកអ្នកវិភាគទេ ក៏ប៉ុន្តែវិភាគបែបកន្ទុយអណ្ដើក វិភាគបែបល្ងង់ខ្លៅ …។

ឆ្នាំថ្មី​ មិនមែនបានសេចក្ដីថា សុំថ្មីទាំងអស់ទេ

ឥឡូវបកមករឿងយើង។ ថ្ងៃនេះជាឆ្នាំថ្មី យើងបានជួបជុំគ្នានៅក្នុងដំណាក់កាលថ្មី ប៉ុន្តែមិនមែនបានសេចក្ដីថា សុំថ្មីទាំងអស់ទេ ថ្មីតែឆ្នាំ ថ្មីតែប្រាក់ខែ   ​ដែលវាឡើងថ្មីបានហើយ សុំកុំប្រពន្ធថ្មី សុំកុំស្រីថ្មី ហើយសុំកុំប្ដីថ្មី និងសង្សារថ្មី។ អាចាស់ហ្នឹងហើយ ប្រើវាស្រួល យើងធ្លាប់ប្រើអាហ្នឹងទៅហើយ អញ្ចឹងទេកុំទៅរកស្អីថ្មីទៀត​។ ស្ថានភាពរបស់យើងនៅបន្ត ជាមួយនឹងអ្វីដែលយើងត្រូវបន្តក្នុងដំណើរទៅមុខ។ ខ្ញុំពិតជាអរគុណជាមួយអ្នកទាំងអស់គ្នា ដែលបានចូលរួមចំណែក ដើម្បីកសាងប្រទេសអភ័ព្វនេះ​ ពីភាពខ្ទេចខ្ទាំ មកកាន់ការរីកចម្រើនមួយ​។ ខ្ញុំពិតជាអរគុណជាមួយនឹងការគាំទ្រទាំងឡាយរបស់ជីដូនជីតា ឪពុកម្ដាយ និងក្មួយៗទាំងអស់ ដែលបានគាំទ្រពូ ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាំងសម័យកាលដែលយើងតស៊ូ ដើម្បីសង្រ្គោះជាតិ មកកាន់ដំណាក់កាលមកដល់ពេលបច្ចុប្បន្ននេះ។

ភាពយន្តប្រវត្តិសាស្រ្តអំពីដំណើរឆ្ពោះទៅការសង្រ្គោះជាតិ ដែលចាប់ផ្ដើមពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧

ល្ងាចនេះ នឹងមានខ្សែភាពយន្តមួយ បើតាមដឹងគឺទូរទស្សន៍ជាតិជាអ្នកចាក់ រួចបន្ទាប់ទៅទូរទស្សន៍ឯកជនស្ទើរតែទាំងអស់ នឹងយកពីទូរទស្សន៍ជាតិ(ទៅចាក់បន្ត) ដែល(ខ្សែភាពយន្ដនោះ)ទាក់ទងជាមួយនឹងព្រឹត្តិការណ៍ នៃដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ ដែលចាប់ផ្ដើមពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧។ នេះគ្រាន់តែជាផ្នែកតូចមួយនៃសោកនាដកម្ម ហើយក៏ជាផ្នែកតូចមួយ ដើម្បីឆ្លុះបញ្ចាំងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលនាំឆ្ពោះទៅដល់ការរស់រានមានជីវិត សម្រាប់ប្រជាជនកម្ពុជារបស់យើងនាពេលនោះ។ ប៉ុន្តែវាមិនទាន់បានឆ្លុះបញ្ជាំងរយៈពេលក្រោយៗមកទៀតទេ។ ក្រុមអ្នកផលិតនៃខ្សែភាពយន្ត គេនឹងបន្តការផលិតអំពីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា បន្ទាប់ពីការរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់បច្ចុប្បន្ន។ សង្ឃឹមថា វាក៏រួមចំណែកមួយសម្រាប់ស្គាល់នូវព្រឹត្តការណ៍ជាប្រវត្តិសាស្រ្ត។

មានអ្នកចូលមក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំប្រហែលជាកន្លះឆ្នាំមុន ថា អតីតកាលគួរតែត្រូវបំភ្លេចចោលទៅ … ខ្ញុំដូចជានៅចាំថា ព្រឹត្តិការណ៍នោះ វាទាក់ទងជាមួយនឹងសោកនាដកម្មនៃការស្លាប់កូនប្រុសរបស់ខ្ញុំ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ និយាយអំពីសោកនាដកម្មដែលបានកើតឡើងចំពោះខ្លួនខ្ញុំ។ ដែលពេលនោះ យើងមានសិទ្ធិតិចជាងឆ្កែ។ ឆ្កែវាមានសិទ្ធិដើម្បីនឹងថែទាំកូនរបស់វា ក៏ប៉ុន្តែ សម្រាប់ខ្លួនខ្ញុំនេះ គ្មានសិទ្ធិដើម្បីថែទាំប្រពន្ធកូន ជាពិសេស កូនស្លាប់ សុំគេយកទៅកប់ គេមិនអោយ យកទៅទេ សុំគេនៅមើលថែទាំប្រពន្ធ គេមិនអោយយើងនៅទេ ដូច្នេះ បានជាខ្ញុំនិយាយថា ឆ្កែវាមានសិទ្ធិជាងមនុស្ស ព្រោះវាមានសិទ្ធិមើលថែទាំកូនរបស់វា។

មានម្នាក់ចូលមក Comment ថា អតីតកាលត្រូវតែបំភ្លេចវាទៅ គេថា វាជារឿងឥតប្រយោជន៍ទៅវិញ តាមរបៀបអញ្ចឹង។ អញ្ចឹង ខ្ញុំឆ្លើយខ្លីទេ ថាអញ្ចឹងក្មួយក៏បំភ្លេចឪម៉ែក្មួយចោលទៅ ព្រោះអាហ្នឹងវាជារឿងអតីតកាល ម៉ែឪក្មួយបង្កើតក្មួយមក វាជារឿងអតីតកាលហើយ កុំទៅនឹក។ ហើយមានអ្នកខ្លះហ៊ាននិយាយទៅដល់ប៉ុណ្ណេះទៅទៀត ទៅដឹងគុណអីឪម៉ែ? គាត់ចង់គ្នាតើ បានកើតក្បាលយើងមក? នែ៎! មនុស្សចង្រៃធុនហ្នឹង បើយកខ្លួនទៅបៀតទៀត អាហ្នឹងចប់ហើយ។ អ្នកណាតាមមនុស្សធុនហ្នឹង គឺចប់ហើយ បានសេចក្តីថា វាគ្មានដឹងគុណ ដឹងទោសអីទាំងអស់ … តើពួកគេមួយថ្ងៃៗនេះ គេធ្វើបុណ្យខួបកំណើតដើម្បីអីទៅ? ដើម្បីរំលឹកដល់ថ្ងៃដែលគេកើត។ គេធ្វើបុណ្យនេះ ធ្វើបុណ្យនោះ តើធ្វើដើម្បីអី? គេធ្វើរំលឹកគុណឪពុកម្តាយគេ គេធ្វើបុណ្យរំលឹកនេះ រំលឹកនោះ។ អ្នកណាស្គាល់ព្រះពុទ្ធខ្លះ? យើងទាំងអស់គ្នាដែលស្គាល់ព្រះពុទ្ធទេ? អត់ដែលស្គាល់សោះ ប៉ុន្តែ យើងទៅវត្តរាល់តែពេល ដើម្បីនឹកទៅដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ រឿងវាអញ្ចេះ។

កំណត់យកថ្ងៃទី ២៩ ធ្នូ ១៩៩៨ ជាថ្ងៃបញ្ចប់សង្គ្រាមនៅកម្ពុជា

អតីតកាលបានបន្សល់ទុកអោយយើងជាមេរៀន ប៉ុន្តែ អតីតកាលនោះ វាក៏បានផ្តល់នូវជីវិតសម្រាប់យើង នៅថ្ងៃនេះ។ ពូពិតជាមានការអរគុណ ជាមួយនឹងជីដូនជីតា​ មាតាបិតា ក៏ដូចជាក្មួយៗដែលបានចូលរួមចំណែក ដើម្បីសង្គ្រោះរំដោះប្រទេសនេះចេញពីរបប ប៉ុល ពត, ទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត។ ចូលរួមចំណែកដើម្បីអនុវត្តនយោបាយបង្រួបបង្រួមជាតិ តាមរយៈការគាំទ្រការចរចា ដើម្បីរកដំណោះស្រាយនយោបាយ។ បន្តមកទៀត ការគាំទ្រទាំងឡាយទៅលើនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពសម្រាប់ប្រទេសនេះ ដែលកំណត់យកថ្ងៃទី ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាម ដែលបានកើតឡើងចាប់ពីថ្ងៃទី ១៨ មីនា ១៩៧០។ ដូច្នេះ រយៈពេល​ ១៨ ឆ្នាំ នៃសង្គ្រាមដែលបានឆាបឆេះនៅកម្ពុជា ហើយដែលអ្នកជំនាន់មុនជាអ្នកបង្កើត តែក្មេងជំនាន់ក្រោយ គឺជាអ្នកដែលត្រូវបញ្ចប់។

នយោបាយឈ្នះឈ្នះ ផ្តល់ឱកាសអោយប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ

មិនមែនខ្ញុំជាអ្នកទទួលខុសត្រូវទៅលើបញ្ហាការកើតឡើងនូវសង្គ្រាមក្នុងប្រទេសកម្ពុជាទេ ក៏ប៉ុន្តែ ខ្ញុំគឺជាអ្នកទទួលខុសត្រូវទៅលើបញ្ហាការបញ្ចប់សង្គ្រាមនេះ ជាមួយនឹងមេដឹកនាំគណបក្សប្រជាជន ហើយដែលមានការគាំទ្រដ៏ទូលំទូលាយពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនយោ​បាយឈ្នះឈ្នះនោះហើយ ដែលផ្តល់ឱកាសបង្កើតនូវការអភិវឌ្ឍសម្រាប់ប្រទេសរបស់យើង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្នុងទិដ្ឋភាពជារួម ប្រទេសកម្ពុជាដែលជាប្រទេសក្រីក្រ ១០០% ឥឡូវនេះ យើងស្ថិតនៅក្នុងភាពក្រីក្រនៅម្តុំ ១០% បន្តិច អាហ្នឹងបើយោងទៅលើអត្រានៃការប៉ាន់ស្មាន​ព្រោះ ១៣% តាំងពីឆ្នាំ ២០១៤ ឯណោះ។ អញ្ចឹងទេ ក្នុងមួយឆ្នាំមានការចុះប្រមាណជាជាង ១% នៅក្នុងកំណើនសេដ្ឋកិច្ចជាង ៧.៧% ក្នុងមួយឆ្នាំ ជាមធ្យម។ យើងបានចាប់ផ្តើមពីប្រជាជនដែលមានប្រាក់ចំណូលទាប ក្រីក្របំផុត ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងបានចេញផុតពីស្ថានភាពដែលខ្វះស្បៀង ខ្វះម្ហូបអា​ហារ ខ្វះសម្លៀកបំពាក់ ទៅជាប្រទេសមួយដែលមានការនាំចេញនូវស្បៀងអាហារទៅក្រៅប្រទេសថែមទៀត​។

កម្មករ/ការិនីរបស់យើងដែលកាលពីមុននេះ គ្រាន់តែជាអ្នកធ្វើស្រែ ធ្វើចម្ការជាមួយនឹងក្រុមគ្រួសារ។ ក៏ប៉ុន្តែ ឥឡូវ​នេះ ក្រៅពីវិស័យកសិកម្ម យើងបានកើតឡើងនូវវិស័យឧស្សាហកម្មកម្មន្តសាល យើងបានកើតឡើងនូវវិស័យសិប្បកម្ម យើងបានកើតឡើងនូវវិស័យសេវា។ ថ្ងៃនេះ ក្មួយៗអង្គុយនៅទីនេះ គឺជាអ្នកបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍប្រទេសជាតិនេះ តាមរយៈនៃការចូលរួម ដើម្បីធ្វើការងារជាមួយនឹងម្ចាស់រោងចក្រ ដែល​យើងអំពាវនាវអោយមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃនេះ ខ្ញុំក៏សូមអរគុណចំពោះម្ចាស់រោងចក្រទាំង ​១៣ ដែលបានអញ្ជើញមកថ្ងៃនេះ ដែលអនុញ្ញាតអោយកម្មករ/ការិនីរបស់យើងបានមកជួបខ្ញុំ ហើយក៏សូមអរគុណ ដែលបានអនុញ្ញាតអោយក្មួយៗទាំងអស់បានឈប់សម្រាក ១ ល្ងាចនេះ បន្ថែមទៀត។ ការពិតទៅ ប្រទេសរបស់យើងចាត់ទុកថាជាប្រទេសដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេនៅក្នុងតំបន់អាស៊ីនេះ … បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ … ហើយបើថ្ងៃសម្រាកបុណ្យចំថ្ងៃសៅរ៍ ឬអាទិត្យ ត្រូវបានថែម ១ ថ្ងៃទៀត។ សម្រាកចំថ្ងៃ អាទិត្យ បានសេចក្តីថា (សម្រាកបាន)ថ្ងៃ អាទិត្យ ហើយ (សម្រាកបាន) ថ្ងៃ ច័ន្ទ ទៀត។ បានសង ១ ថ្ងៃ ទៅទៀត។

ពីប្រទេសមានរោងចក្រតិច កម្មករតិច ប្រាក់ខែតិច ទៅជាប្រទេសមានរោងចក្រច្រើន កម្មករច្រើន ប្រាក់ខែច្រើន

… យ៉ាងណាក៏ដោយ យើងត្រូវខិតខំធ្វើយ៉ាងម៉េចក្តាប់ឱកាសនេះអោយបាន ដើម្បីធានាការងារធ្វើសម្រាប់ក្មួយៗ។ សន្តិភាព ដែលរកបានដោយលំបាក តាមរយៈនៃសកម្មភាពរបស់ជីដូនជីតា មាតាបិតារបស់ក្មួយៗ ដែលបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ក្នុងការស្វះស្វែងរកសន្តិភាព​ តាមរយៈនយោបាយឈ្នះឈ្នះ។ វាបានបង្កើតនូវឱកាសសម្រាប់ការអភិវឌ្ឍ វាបានបង្កើតឱកាសសម្រាប់ការដោះស្រាយការងារធ្វើរបស់ក្មួយៗ។ ប្រាក់បៀវត្សរ៍បានកើនពីមួយឆ្នាំទៅមួយឆ្នាំ។ ការចាប់ផ្តើមរបស់យើងជាមួយរោងចក្រសហគ្រាសរាប់សិប ឥឡូវនេះ យើងមានរោងចក្រ​សហគ្រាសរាប់ម៉ឺនឯណោះ។ ដោយឡែកតែរោងចក្រកាត់ដេរ យើងនៅចងចាំបានថា នៅក្នុងឆ្នាំ ១៩៩៧ រោងចក្រកាត់ដេររបស់យើងពេលនោះ មានត្រឹមតែ ៦៤ រោងចក្រ ជាមួយនឹងកម្មករ/ការិនី ៨២.០០០ នាក់ តែប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិក។

ប៉ុន្តែឥឡូវនេះ ចំនួនរោងចក្ររបស់យើងមានទៅដល់ ១.១០០ រោងចក្រជាង ហើយបើគិតទាំងរោងចក្រអោយបង្កើតថ្មីៗ ដែលដោះស្រាយការងារប៉ុន្មានម៉ឺននាក់បន្ថែមទៀតនោះ គឺយើងមានចំនួនកាន់តែច្រើន។ អត្ថប្រយោជន៍ដែលក្មួយៗទទួលបាននៅពេលនេះ កាលពីមុនត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិក ២០ ឆ្នាំក្រោយ យើងបានឈានទៅដល់​ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៣ នៅរយៈពេលជាង ៤ ឆ្នាំមុននេះ ពេលនោះ ប្រាក់បៀវត្សរ៍អប្បបរមារបស់ក្មួយៗមានត្រឹមតែ ៨០ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ ឥឡូវ ក្មួយៗមានទៅដល់ ១៧០ ដុល្លារ(សហរដ្ឋអាមេរិក)។ អញ្ចឹង កំណើននៃប្រាក់ឈ្នួលអប្បបរមា ក្នុងរង្វង់ជាង ៤ ឆ្នាំនេះ មានរហូតទៅដល់ជាង ១០០% ដែលជាចំនួនមួយអនុញ្ញាតអោយជីវភាពរបស់កម្មករ/ការិនី និងក្រុមគ្រួសារមានការកើនឡើង។

រីករាយជាមួយគោលនយោបាយដែលបានដាក់ចេញ ត្រូវបានអនុវត្តយ៉ាងពិតប្រាកដ

ពូពិតជាសប្បាយរីករាយជាមួយនឹងការរីកលូតលាស់ ជាពិសេស សុខុមាលភាព ដែលក្មួយៗជាកម្មករ/ការិនី ដែលពូបានសង្កេតឃើញថា មិនមានអ្នកណាមួយមានស្ថានភាពខ្វះអាហារូបត្ថម្ភនោះទេ រាប់ទាំងក្មួយៗដែលមានផ្ទៃពោះ ដែលពូបានជួបជារៀងរាល់ពេល។ ថ្ងៃនេះ ក្មួយៗកម្មការិនី ចំនួន ៣២១ នាក់ ក៏បានមកទីនេះ។ កម្មវិធីរយៈពេល ២ ថ្ងៃនេះ ថ្ងៃទី ១ នៃការអនុវត្តរបស់យើង ខ្ញុំទទួលរបាយការណ៍គិតត្រឹមម៉ោង ១០ (ព្រឹក), ថ្ងៃទី ១ មករា កម្មការិនីឆ្លងទន្លេមាន ២៨ ​នាក់ ដែលយើងត្រូវចាយអស់ប្រាក់ជាង ១០ លានរៀល។ ដល់ថ្ងៃទី ២ ម្សិលមិញនេះ គិតត្រឹមម៉ោង ១០ (ព្រឹក) មាន ៤៨ នាក់។ ចំណាយលុយ អាហ្នឹងគិតទៅតាមហ្នឹងទៅ។ អញ្ចឹង ខ្ញុំសប្បាយរីករាយ ជាមួយនឹងកម្មវិធីដែលរាជរដ្ឋាភិបាលបានផ្តល់ ដែលខ្លួនខ្ញុំបានផ្តល់​ ហើយត្រូវបានអនុវត្តពិតប្រាក។ មានន័យថា យើងបានបញ្ចុះប្រាក់នេះពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅបេឡាជាតិសន្តិសុខសង្គម ចំនួ​ន​ ២៥% នៃចំនួនដែលយើងគ្រោងទុក ១០ លានដុល្លារ(សហរដ្ឋអាមេរិក)។ អញ្ចឹង យើងបានបញ្ជូន ២ លាន ៥ សែន ដុល្លារ(សហរដ្ឋអាមេរិក) ទៅក្នុងបេឡាជាតិសន្តិសុខសង្គមរួចស្រេចទៅហើយ។

ក្បួននៃការរើសថ្ងៃធ្វើដំណើរ ឬការធ្វើពិធីនានា

ថ្ងៃនេះ មិនដឹងថាកើតប៉ុន្មានទៀតទេ ហើយក្មួយ(មួយ)នេះថា នៅតែចាំថ្ងៃទេ។ តែមិនស្រួលថ្ងៃហ្នឹង។ ហើយបើសិនចំថ្ងៃហ្នឹងមែន គឺល្អហើយ ព្រោះនេះថ្ងៃ​ពុធ។ ខ្មែរយើងគេថា អាទិត្យ ចុះរណ្តៅ, ច័ន្ទ ចុះផ្លូវ, អង្គារ៍ ចុះភ្លើង, ពុធ ចុះភូមិ, ព្រហស្បតិ៍ ចុះព្រៃភ្នំ, សុក្រ ចុះដំណេក, សៅរ៍ ចុះទឹក។ ហើយអ្វីដែលខ្ញុំរើស នៃការធ្វើដំណើរ ឬការធ្វើពិធីនានា លើកលែងតែចៀសវាមិនរួច ប៉ុនបើសិនជាចៀសរួច អោយខ្ញុំរើសថ្ងៃ ខ្ញុំរើសតែបីថ្ងៃទេ (គឺ)ច័ន្ទ, ពុធ និងសុក្រ។ អាទិត្យ ថ្ងៃចុះរណ្តៅ, ច័ន្ទ ថ្ងៃចុះផ្លូវ, អង្គារ៍ ចូលភ្លើង, ពុធ ចូលភូមិ, ព្រហស្បតិ៍ ចូលព្រៃភ្នំ, សុក្រ ចុះដំណេក, សៅរ៍ ចុះទឹក។ ប៉ុន្តែ ចម្លែកត្រង់ថា ពូកើតថ្ងៃ អង្គារ៍ ទៅវិញទេ។ ហើយថ្ងៃ អង្គារ៍ ឆ្នាំរោង ក្បាលរឹង ប៉ុន្តែ រឹងតែជាមួយពួកខូចទេ ឯអ្នកមិនខូច ទន់ជាងអីទៀត …។

ក្នុង ១២ ចំណុច ស្នើដោយតំណាងកម្មករនៅក្រគរ មានមួយបានប្រកាសតាំងពី ៤ ខែមុន

… មានរឿងមួយ យប់មិញនេះ ខ្ញុំបានប្រឹងមើល Fresh News ដែលផ្សាយអំពីការដោះស្រាយបញ្ហានៅស្រុកក្រគរ … ក្នុងចំណោម​ ១២ ចំណុច ដែលបានដាក់ចេញដោយតំណាងកម្មករ ហើយដែលអភិបាលខេត្តពោធិ៍សាត់ ជាមួយនឹង កែវ រតនៈ ប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា ដែលជាប្រធានក្រុមការងារនៅក្រគរ ចុះដោះស្រាយ មានមួយចំណុច យើងបានដោះស្រាយហើយ។ ក្នុង ១២ ចំណុចនោះ មានចំណុចមួយថានៅពេលដែលឆ្លងទន្លេ សុំអោយបានសម្រាក ៣ ខែ។ រឿងយើងបាននិយាយគ្នា ៤ ខែ រួចស្រេច ទៅហើយ។ ក្មួយៗជាកម្មការិនីឆ្លងទន្លេ ត្រូវបានឈប់សម្រាករយៈពេល ៣ ខែ ជាមួយបៀវត្សរ៍ ១២០% ឯណោះ …។

ហាមប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការ ជេរប្រមាថកម្មករ/ការិនី

… ក្មួយៗជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការ ទៅជួបពូដោយឡែក ៥៥៨ នាក់ ហេតុអ្វីបានពូចាំបាច់ជួបអ្នកទាំងនេះដោយឡែក? ពូចង់អោយធ្វើសុខដុមបនីយកម្ម រវាងអ្នកទទួលខុសត្រូវជាមួយនឹងកម្មករ/ការិនី។ ក្នុងហ្នឹងមានសំណូមពរថា សូមកុំជេរប្រមាថ។ ខ្ញុំសូមប្រកាស រឿងហ្នឹងហើយដែលខ្ញុំចង់ជួបមេក្រុម ចង់ជួបមេផ្នែក ចង់ជួបប្រធានការិយាល័យ ចង់ជួបអ្នកទទួលខុសត្រូវ។ អ្នកអាចធ្វើអ្វីបាន ប៉ុន្តែ អ្នកមិនអាចប្រមាថកម្មករទេ។ សិទ្ធិកម្មករត្រូវតែមាន។ យើងគ្រាន់តែទៅស៊ីឈ្នួល ក៏ប៉ុន្តែ យើងមិនមែនជាកញ្ជះដាច់ថ្លៃដែលទុកអោយអ្នកឯងជេរប្រមាថតាមចិត្តទេ។ សូមគ្រប់រោងចក្រ គ្រប់អ្នកទទួលខុសត្រូវទាំងអស់ត្រូវស្តាប់អោយបាន។ ប្រទេសកម្ពុជាមិនមែនជាប្រទេសសម្រាប់ប្រទេសក្រៅជេរប្រមាថ ហើយចេញខោក ចូលវាយទេ។ ឯចំពោះប្រជាពលរដ្ឋ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ហើយជាពិសេសក្នុងក្របខណ្ឌជាកម្មករ/ការិនី ត្រូវតែមានសិទ្ធិដូចៗគ្នា។ អ្នកឯងមិនអាចមានបុណ្យស័ក្តិ ជាចៅហ្វាយស្រុក ជាចៅហ្វាយខេត្ត ជារដ្ឋមន្ត្រី ឬក៏ថ្នាក់នេះ ថ្នាក់នោះ ប្រធានក្រុម ប្រធានផ្នែក ឬប្រធានរដ្ឋបាល មិនអាចជេរកម្មករ/ការិនីបានទេ… ឃើញថាម្ចាស់រោងចក្រពីម្សិលនេះ បានខិតខំដោះស្រាយថាបើអ្នកណានៅតែជេរកម្មករ នឹងបណ្តេញចេញពីការងារ។ ខ្ញុំគាំទ្រ។

ប្រធានរដ្ឋបាល ប្រធានផ្នែក ឬប្រធានក្រុម ជេរបញ្ចោរកម្មករ ដែលមិនមែនជាជម្លោះផ្ទាល់ខ្លួន គឺសុំឲ្យថៅកែចាត់វិធានការ កុំចាត់តែចំពោះកម្មករ តែចាត់ដែលអ្នកប្រមាថគេ មិនត្រូវបំពានលើបញ្ហានេះទេ។ យើងត្រូវដឹងខ្លួនយើង ខ្លួនយើងខ្លួនគេ បើគេជេរយើង តើយើងខឹងទេ? ច្បាស់ជាខឹងហើយ បើដូច្នោះយើងត្រូវប្រព្រឹត្តដូចៗគ្នា ស្មើភាពគ្នា គ្រាន់តែខុសគ្នាជាឋានៈតែប៉ុណ្ណោះ។ ពូ និងក្មួយ អត់អីខុសគ្នាទេ បើគ្រាន់តែពូចុះចេញពីតំណែង ព្រឹប ក្មួយ និងពូ វាដូចគ្នា ប្រជាពលរដ្ឋដូចតែគ្នាតើ រឿងអីចាំបាច់ជេរបញ្ចោរ។ រឿងអស់ទាំងនេះមិនត្រូវកើតមាននៅក្នុងបណ្តារោងចក្រ សហគ្រាសនោះទេ។ មិនមែនគ្រាន់តែនៅក្នុងក្របខណ្ឌនេះទេ ប្រជាជនទូទាំងត្រូវបានគោរពដោយសេចក្តីថ្លៃថ្នូរ។ ការជេរបញ្ចោរដោយជម្លោះ វាជារឿងមួយផ្សេង … គឺថាច្រើនតែស្រីៗទេ គាត់បញ្ចោរគ្នា … ជម្លោះបែបនេះយើងមិនអាចទៅដាក់ទណ្ឌកម្មអីបានទេ។ តែតាមបណ្តារោងចក្រខ្ញុំអំពាវនាវយ៉ាងទទូច ហើយសុំធ្វើការហាមឃាត់តែម្តង នូវការជេរបញ្ចោរ នៅការជេរប្រមាថចំពោះកម្មករ/ការិនី។

ប្រធានរដ្ឋបាល ប្រធានផ្នែក ឬប្រធានក្រុម ត្រូវធ្វើឲ្យបានល្អជាមួយនឹងកម្មករ/ការិនី ក្នុងឋានៈជាសហការីធ្វើការជាមួយគ្នា។ តែយ៉ាងណាក៏ដោយ រឿងនេះវាសល់តិចតួចណាស់ តិចតួចបំផុត ព្រោះថាជីវិតជាកម្មករធ្វើការជាមួយគ្នា គ្រាន់តែខ្លួនមានឋានៈជាប្រធានក្រុម ទទួលការគ្រប់គ្រង ចាត់ចែងទៅលើមនុស្សប៉ុន្មាននាក់ ប្រធានផ្នែកចាត់ចែងទៅលើមនុស្សប៉ុន្មាននាក់ ប្រធានរដ្ឋបាលគ្រប់គ្រងរោងចក្រ។ យើងគ្រាន់តែមានឋានៈតួនាទីខុសគ្នាតែប៉ុណ្ណោះ ក៏ប៉ុន្តែឋានៈតួនាទីនោះមិនផ្តល់បុព្វសិទ្ធិណាមួយសម្រាប់ឲ្យយើងទៅប្រមាថមាក់ងាយមនុស្សក្រោមឱវាទរបស់យើងទេ។ មេទាហាន មេប៉ូលីស ឬរហូតទៅដល់ចៅហ្វាយស្រុក ចៅហ្វាយខេត្ត មេឃុំ ឬរដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ក៏អត់មានសិទ្ធិនឹងធ្វើបែបនោះដែរ។ យ៉ាងណាក៏ដោយ ខ្ញុំគ្រាន់តែបញ្ជាក់ថា វានៅសេសសល់ចំណុចតិចតួចណាស់ … ប្រទេសរបស់យើងអនុវត្តនូវច្បាប់ការងារ ហើយច្បាប់ការងារនេះទៀតសោត ក៏ផ្តល់ឱកាសគោរពនូវលក្ខខណ្ឌការងារ ដើម្បីផ្តល់ឲ្យកម្មករ/ការិនីមានសេរីភាព។ ប៉ុន្តែ សេរីភាពយ៉ាងណាក៏ដោយ យើងត្រូវគោរពគ្នាទៅវិញទៅមក នេះជាការចាំបាច់ ដើម្បីធ្វើសុខដុមបនីយកម្មនៅក្នុងចំណោមរោងចក្រ សហគ្រាសរបស់យើងតែម្តង។

មានសន្តិភាព ទើបមានការអភិវឌ្ឍ

ក្មួយៗត្រូវចងចាំថា មានតែសន្តិភាពតែប៉ុណ្ណោះ ទើបនាំមកនូវឱកាសការងារធ្វើ និងប្រាក់ចំណូលសម្រាប់យើង​។ ក្មួយៗត្រូវចងចាំ ហើយត្រូវចូលរួមទាំងផ្ទាល់ខ្លួន និងអំពាវនាវឲ្យមាតាបិតា អាណាព្យាបាល ដែលពួកគាត់ធ្លាប់បានចូលរួមពីមុន ឥឡូវបន្តការចូលរួម ដើម្បីរក្សានូវសន្តិភាព។ សន្តិភាពនោះហើយ ធានាដល់ការអភិវឌ្ឍ ហើយក្នុងការអភិវឌ្ឍនោះ ក្មួយៗដែលបាន និងកំពុងមានការងារធ្វើ កំពុងមានប្រាក់ចំណូល នឹងត្រូវបានរក្សា មិនត្រឹមតែរក្សាទេ ប្រាក់បៀវត្សរ៍ត្រូវប្រកាសដំឡើងជារៀងរាល់ឆ្នាំ។ អត្ថប្រយោជន៍ ដែលក្មួយៗទទួលបាន វានឹងត្រូវបន្ត មិនត្រឹមតែបន្តទេ វានឹងត្រូវបានបន្ថែមជារៀងរាល់ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ដែលម្ចាស់រោងចក្រទទួលបាន(ផងដែរ)។ យើងត្រូវបន្តការខិតខំ ដើម្បីបង្កើតការងារថ្មីៗឲ្យប្រជាពលរដ្ឋយើង ដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃភាពងើបឡើង។ យើងនៅសេសសល់សក្តានុពលធំណាស់ ដើម្បីបង្កើតនូវផលិតកម្ម បង្កើតនូវការងារធ្វើ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋរបស់យើង។

វិស័យឧស្សាហកម្ម និងសេវា មានកំណើន វិស័យកសិកម្ម ទោះបីថយ តែមិនខ្វះស្បៀង

ឆ្នាំនេះ កសិកម្មរបស់យើងល្អប្រសើរខ្លាំងណាស់។ រដូវច្រូតកាត់កំពុងតែបន្ត ជាមួយនឹងទិន្នផលស្រូវច្រើនជាងឆ្នាំមុន។ គិតជាមធ្យមភាគ ទាំងស្រូវប្រាំង ស្រូវវស្សា គិតទៅលើសឆ្នាំមុន (គណនាតាម)ចំនួនតាមហិកតា កើនលើសជាងឆ្នាំមុនប្រមាណជាង ២៥ គីឡូ(/ហិកតា)។ ដីដែលយើងផលិតបាន ផ្ទៃដីដែលយើងធ្វើបាន ក៏មានចំនួនច្រើនជាងពេលមុន ស្រូវដែលយើង(សល់) ទោះបីមិនទាន់បិទបញ្ជីនៃការបង្កបង្កើនផល ដែលជាធម្មតាយើងនឹងត្រូវបិទនៅក្នុង ខែមេសា ឯណោះ ធ្វើសន្និបាតបូកសរុប ចំនួនស្រូវដែលយើងនៅសល់នៅឆ្នាំនេះ តាមការប៉ាន់ស្មានមិនតិចជាង ៥ លានតោនទេ។ ចំនួនទេសចរ ដែលបានមកកម្ពុជា មានជាង ៥ លាន ៦ សែននាក់ ដែលនាំមកគ្រាន់តែប្រាក់ចូលមើលអង្គរវត្ត កើនទៅដល់ជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងថ្លៃទិដ្ឋាការក៏មានកំណើនរបស់វា។ ដូច្នេះទាំងវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា សុទ្ធតែមានកំណើនទាំងអស់ ដែលពេលនេះសេវារបស់យើងបានកើនទៅដល់ ៤៥% ខាងសេវា, ឧស្សាហកម្មដែលមុននេះមានត្រឹមតែ ៣%, ៥%, ឥឡូវឧស្សាហកម្មរបស់យើងកើនទៅដល់ ៣០,១% រួចស្រេចទៅហើយ។ ចំនួននេះនឹងកើនឡើងថែមទៀត។ ឯវិស័យកសិកម្ម មុននេះមានទៅដល់ ៨០% ឬ ៩០% ឯណោះ ប៉ុន្តែឥឡូវ វិស័យកសិកម្មរបស់យើងបានមកនៅត្រឹម ២៥% ប៉ុន្តែ ២៥% មិនមែនជាកសិកម្មដែលខ្វះអង្ករហូបនោះទេ។ កាលពីមុន កសិកម្មរួមចំណែក ៨០% ប៉ុន្តែយើងខ្វះស្រូវស៊ី។ ឥឡូវ កសិកម្មមកនៅរួមចំណែកត្រឹមតែ ២៥% ប៉ុន្តែយើងសល់ស្រូវនាំចេញ។ ប្រទេសលូតលាស់វិស័យកសិកម្មរួមចំណែកតូចទេ ប៉ុន្តែមិនមែនមានន័យថា យើងគ្មានសមត្ថភាពចិញ្ចឹមប្រជាជននោះទេ។

យើងត្រូវបន្តធ្វើ ហើយក៏សូមឲ្យក្មួយៗចូលរួមចំណែករក្សានូវសន្តិភាព ស្ថេរ​ភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានាថា ការងារក្មួយៗនឹងត្រូវបានធានា សុវត្ថិភាពការងាររបស់ក្មួយៗនឹងត្រូវបានធានា។ ក្មួយៗត្រូវចងចាំ គ្មានអ្នកណាយករោងចក្រមកដាក់នៅទីកន្លែងដែលមានគ្រាប់បែក គ្រាប់ប្លោង មកដាក់នៅទីកន្លែងដែលមានអនាធិបតេយ្យនោះទេ កុំថាឡើយយករោងចក្រថ្មីមកដាក់ សូម្បីតែរោងចក្រចាស់ ក៏ត្រូវតែបិទទ្វារសិនដែរ ព្រោះគេមិនអាចបើករោងចក្របានជាមួយអនាធិបតេយ្យជាមួយក្រុមបងតូច បងធំ នៅក្នុងរោងចក្រ ដោយក្រុមគ្រឿងញៀននៅក្នុងរោងចក្រនោះទេ។

បន្តប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន

ឆ្នាំថ្មីនេះ ជាមួយនឹងកិច្ចការជាច្រើនដែលយើងត្រូវធ្វើ យើងក៏ត្រូវបន្តប្រយុទ្ធជាមួយនឹងបញ្ហាប្រឈម … គ្រឿងញៀនគឺជារឿងដែលយើងត្រូវបន្តការប្រយុទ្ធជាបន្តទៀត មិនត្រូវឲ្យគ្រឿងញៀនរីករាលដាលក្នុងប្រទេសរបស់​យើងទេ។ ពិតហើយ អ្នកសេពគ្រឿងញៀនមិនមែនជាឧក្រិដ្ឋជនទេ តែគេគឺជាជនរងគ្រោះ ដែលគួរឲ្យអាណិត។ ខ្ញុំអំពាវនាវឲ្យក្មួយៗជាកម្មករ/ការិនី ក៏ដូចជាយុវជន និងប្រជាជនទូទៅ សូមមេត្តាកុំប្រព្រឹត្តគ្រឿងញៀន ហើយយើងត្រូវតែស្វែងរកមុខអ្នកដែលចែកចាយគ្រឿងញៀន ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ យើងត្រូវបន្តការប្រយុទ្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ កុំឲ្យវាកើតឡើងបំផ្លាញជីវិត។ ម្សិលមិញ ដូចជានៅ ពោធិសាត់ ស្រុកក្រគរ ដោះស្រាយបញ្ហាកម្មករ តែមានមនុស្សគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៥ នាក់ របួសប៉ុន្មាននាក់ទៀតផង។

ហាមជិះបញ្ច្រាសផ្លូវរង្វង់មូលវិមានឯករាជ្យ

… សូមអំពាវនាវពីទីនេះ ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមវិមានឯករាជ្យទាំងឡាយ។ រឿងដែលវាហួសចិត្តនៅត្រង់ថា វិថីមួយខ្សែបានកើតឡើងនៅមុខផ្ទះនាយករដ្ឋមន្ត្រីតែម្តង ជាផ្លូវថ្មីចែស គឺនៅវិមានឯករាជ្យ ។ ជាគន្លងផ្លូវថ្មីមួយ ដែលបានកើតនៅក្នុងសម័យតេជោ គឺជាផ្លូវដែលគួរឲ្យមានការអៀនខ្មាស។ យប់មិញ​នេះ Fresh News បានផ្សាយទាំងយប់ ផ្តាំទៅក្មួយៗ ប៉ូលីស(អោយ)ចាប់ប៉ុន្មានថ្ងៃនេះ គឺបញ្ជារបស់នាយករដ្ឋមន្ត្រីតែម្តង មិនមែនបញ្ជារបស់អ្នកណាទេ។ ល្ងាចនេះខ្ញុំឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ជាអ្នកចាក់ផ្សាយ។ តើភ្នែករបស់អស់លោកទៅណាអស់ បានជាបង្កើតផ្លូវថ្មី? … អ្នកណាក៏គេមកហ្នឹងដែរ ឲ្យតែទេសចរ មករកវិមានឯករាជ្យ ហើយកន្លែងហ្នឹងជាកន្លែងជាតិដ៏ធំ ធ្វើបុណ្យជាតិក៏ត្រង់ហ្នឹង ព្រះមហាក្សត្រយាងមកត្រង់ហ្នឹង ព្រះបិតាជាតិព្រះបរមរតនកោដ្ឋក៏នៅកន្លែងហ្នឹង។ អញ្ចឹងបានល្ងាចថ្ងៃ ៣១ ខ្ញុំសរសេរផ្ញើមកបញ្ជូលក្នុងក្រុម កាដូចង្រៃចុងឆ្នាំ … យប់មិញបើកមើលក្នុង Fresh News មានដាក់អក្សរក្រហម។ ឥឡូវបើដកប៉ូលីស ច្បាស់ជាទៅទៀត … នេះរឿងធំជាងគេ។ ខ្ញុំមិនទាន់ឈានទៅបន្ទោសប្រជាជនទេ បន្ទោសអ្នកអនុវត្តច្បាប់ ហេតុអីប៉ុណ្ណឹងមិនមើល? ចៅហ្វាយក្រុងចូលនិវត្តន៍អស់ប៉ុន្មានហើយ? ចៅហ្វាយខណ្ឌដូនពេញអស់ប៉ុន្មានហើយ? នៅពេលហ្នឹងបានវាយចូលថា បើមានរឿងហ្នឹងកើតឡើងបន្តទៀត អ្នកដែលត្រូវដកហូតតំណែងមុនគេ គឺអភិបាលខណ្ឌដូនពេញ។

រួចម្សិលម្ង៉ៃ វាឆ្ងាញ់ត្រង់អញ្ចេះ ឆ្ងាញ់ត្រង់ថា ប៉ូលីសយើងមុននឹងឆែកគេ សុទ្ធតែលើកដៃគោរព ស្រាប់តែឲ្យស្រីម្នាក់នៅឈរជ្រែងលើម៉ូតូ រួចនិយាយទូរស័ព្ទតិចបំផុតប្រហែល ១៥ នាទី ប្រហែលជាហៅ(លោក)ផ្កាយណាមកអន្តរាគមន៍ហើយ។ ខ្ញុំប្រាប់ឲ្យទូរស័ព្ទសួរថា ម៉េចបានមិនចុះ? វាមិនទូរស័ព្ទរកក្រុមហ្នឹង ទៅសួររកចៅហ្វាយខណ្ឌឯណានោះ។ អញ្ចឹង បានខ្ញុំឲ្យប៉ូលីសពីផ្ទះខ្ញុំ ទៅរុញវាចុះពីម៉ូតូ។ សូមបញ្ជាក់ ប៉ូលីសគ្រប់ទីកន្លែងទាំងអស់ ប្រជាជនគ្រប់ទីកន្លែងទាំងអស់ នៅពេលដែលគេហៅ ត្រូវចុះភ្លាម។ ប៉ូលីសមុនចាប់គេផាក ត្រូវលើកដៃគោរពគេ ហើយឲ្យគេចុះពីលើម៉ូតូមកនិយាយគ្នា … ប៉ូលីសស័ក្តប៉ុន្មាន? អាសូរតែតិច មកព័ទ្ធវានៅត្រង់ហ្នឹង។ នេះឲ្យ​ឃើញអំពីភាពកំសោយនៃការអនុវត្តច្បាប់។

… វិមានឯករាជ្យមានផ្លូវរបស់គេ ប៉ុន្តែ អ្វីដែលខ្វះ ទី ១ ផ្លាកសញ្ញាអត់ដែលបានដាក់ទេ? មិនដែលដាក់ផ្លាកសញ្ញានៅកន្លែងហ្នឹងហាមបត់ឆ្វេងទេ។ អត់ដែលទេ។ អាហ្នឹងជាកំហុសរបស់សាធារណការរបស់សាលារាជធានីភ្នំពេញតែម្តង។​ របស់ប៉ូលីសចរាចរណ៍របស់យើងតែម្តង។ ទី ២ បណ្តែតបណ្តោយ។ កាល គួច ចំរើន​ នៅ ខ្ញុំបានប្រាប់ម្តង គួច ចំរើន ចាប់។ តែដល់ គួច ចំរើន ទៅបាត់ អភិបាលខណ្ឌថ្មីនេះ គឺដល់ពេលវាចាល់មែនទែន វាខ្លាចដែរ វាមកដោះស្រាយខ្លួនវា។ ចាំបាច់មកធ្វើខ្លួនឯងធ្វើស្អី តែសំខាន់អ្នកឯងធ្វើឲ្យបានមើល។ ប្រមូលទៅ ឥឡូវឮថា ថ្ងៃចាប់លើកទី ១ បី ថ្ងៃ ចាប់លើកទី ២ បីខែ ចាប់លើកទី ៣ យកម៉ូតូបណ្តោយ មានគុក មានច្រវ៉ាក់ខ្លះមើល។ អាហ្នឹងបង្កើតទៅជាគ្រោះថ្នាក់។

ឥឡូវយើងគិតមើល ទេសចរភាគច្រើនគឺបរទេសទៅទៀត គ្នាប្រឹងដើរឆ្លងពីម្ខាងសួនច្បារវិមានឯករាជ្យ ទៅកាន់វិមានឯករាជ្យត្រូវទៅគេចអ្នកមកពីខាងណោះ ដែលគេជិះត្រូវច្បាប់ ប៉ុន្តែ ត្រូវគេចអាទៅពីនេះ ដែលជិះខុសច្បាប់ និងអាមកពីជ្រុងម្ខាងនេះ ដែលខុសច្បាប់ គេច ៣ ទិស។ ដូច្នេះ សូមអង្វរក ហើយបើអង្វរមិនស្តាប់ទេ វាគ្មានអ្វីក្រៅតែពីចាប់ទេ ហើយកុំថាអ្នកណា ខ្ញុំតែម្តង។ ថតពីលើដំបូលផ្ទះខ្ញុំមកតើ។ រឿងនេះ ខ្ញុំបានទុកឱកាសឲ្យតាំងពីថ្ងៃសំពះព្រះខែ។ ថ្ងៃសំពះព្រះខែ ខ្ញុំចេញមកសំពះព្រះខែ ខ្ញុំក្រឡេកមកឃើញស្ថានភាពហ្នឹងទៅហើយ។ ​អញ្ចឹង​បានកាមេរ៉ាចាប់ពីលើដំបូលផ្ទះខ្ញុំមកដែលយកមកបញ្ចាំងនៅបុស្តិ៍លេខ ៣ បានសេចក្តីថា យកពីថ្ងៃទី ១ មក ប៉ុន្តែ ជ្រើសរើសយកតែ ២៩ នាទី យកតែអាកន្លែងខុស អញ្ចឹងទេដាក់អាកន្លែងខុសដែលចាំមើលតាមបុស្តិ៍លេខ ៣។ បើម្លឹងៗ វានឹងនាំទៅដល់គ្រោះថ្នាក់ … ថ្ងៃណាមួយនោះ ជិះឡើងទៅបុកគេ ងាប់រួចទៅហើយ តែគេមិនហ៊ានទុកយូរ នៅមុខផ្ទះនាយករដ្ឋមន្រ្តីនោះ …។

២០១៨ ត្រូវជាឆ្នាំគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀនថយចុះ

… ឆ្នាំ ២០១៨ ត្រូវតែជាឆ្នាំដែលគ្រោះថ្នាក់ចរាចរណ៍ថយចុះ គ្រឿងញៀនថយចុះ។ សូមអំពាវនាវចំពោះក្មួយ​ៗ​ទាំងឡាយ សុំកុំបន្ត។ វាទៅជាតំបន់តាក់ស៊ីហើយ អាតាក់ស៊ីក៏មាននៅហ្នឹង ស្អីក៏មាននៅហ្នឹង អាឡានក៏មាន អាម៉ូតូក៏មាន ស្អីក៏មាន គ្រប់គ្រឿងតែម្តង។ អភិបាលខណ្ឌដូនពេញ ប៊ិះហើយថ្ងៃហ្នុង។ ឯងធ្វើប៉ុណ្ណឹងធ្វើមិនបាន? អភិបាលខណ្ឌត្រឹមតែ ៥ នាទី គ្រប់។ ចាប់ពី អភិបាលរងខេត្តតែ ៥ នាទីទេ ដកចេញពីដំណែងបាន ព្រោះអនុក្រឹត្យសរសេរនៅវាយកុំព្យូទ័រនៅហ្នឹង ត្រាយកមកបោះនៅហ្នឹង ដកចេញភ្លាម អត់មានទុក។ អភិបាលខេត្តចេញដោយព្រះរាជក្រឹត្យ ក៏មិនច្រើនម៉ោងប៉ុន្មានដែរ សូមអញ្ជើញមើលឲ្យច្បាស់ ធ្វើឲ្យប្រាកដប្រជា។ កន្លែងហ្នឹងមិនគួរជាកន្លែងអនាធិបតេយ្យដល់កម្រិតប៉ុណ្ណឹង។ មើលទៅ។ យកទៅមើលទៅ ដើម្បីឲ្យវាឃើញ។ អញ្ចឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍របស់យើងផ្តើម​ពីអី? ផ្តើមពីមិនគោរពច្បាប់ ផ្តើមពីការធ្វើដំណើរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ផ្តើមចេញពីការមិនចេះបើកបរ​។ អញ្ចឹងទេ ចំណុចទាំងនេះ ជាចំណុចដែលខ្ញុំមិនគួរមកនិយាយនៅក្នុងពេលវេលាមួយ នៃការរីករាយទេ។ ក៏ប៉ុន្តែ បើមិនរំលឹកបញ្ហាហ្នឹងទេ​ គឺឆ្នាំ ២០១៨ ចំនួនមនុស្សស្លាប់វានឹងកើនឡើងបន្តទៀត។

អញ្ចឹងបានជារួមគ្នាទាំងអស់គ្នា ដើម្បីធ្វើការខិតខំយ៉ាងម៉េច ឲ្យប្រទេសរបស់យើងមានសុវត្ថិភាព ជីវិតមនុស្សត្រូវបានការពារ តាមរយៈនៃការគោរពច្បាប់ចរាចរណ៍ មិនបំពាន ចរាចរណ៍ ហើយសុំកុំជេរ អភិបាលខណ្ឌ និងអភិបាលក្រុង អភិបាលខណ្ឌរត់មកក្រោយទេ។ នាយករដ្ឋមន្រ្តីបានដាក់កាមេរ៉ាមើលខ្លួនឯងផ្ទាល់ នៅក្នុងពេលកំពុងហាត់ប្រាណ ដើរទៅមើលឃើញរហូតអញ្ចឹង រួចអាមេប៉ូលីសមួយនោះ ដែលហាត់ប្រាណជាមួយ ភ្នែកវាមើលអត់ឃើញទេ។ ទាល់តែប្រាប់ថា អ្នកឯងមើលៗ … ហើយខ្ញុំបើកទូរស័ព្ទឲ្យមើលកន្លែងហ្នឹង។ ឥឡូវរដ្ឋមន្រ្តីក្រសួងសាធារណការ មន្ទីរសាធារណការ ចុះទៅសិក្សាមើលដាក់ស្លាករបៀបម៉េច ថ្ងៃហ្នឹងគ្រាន់តែយកបារ៉ាស​មកដាក់សិនក៏អត់។ រកបារាសរកមិនឃើញ។ អញ្ចឹងសរសេរបញ្ចូលក្នុង group គ្រប់ ចៅហ្វាយខេត្ត គណរដ្ឋមន្រ្តី ស្អីៗទាំងអស់ បញ្ចូលឲ្យឃើញទៅ ដើម្បីដល់ឆ្នាំថ្មីកុំឲ្យវាមានរឿងហ្នឹងកើតឡើងទៀត។

ប៉ុណ្ណឹងហើយ ម្សិលមិញនៅចាប់បានមិនចេះតិចទៀត អាថ្ងៃទី ២ ហើយនៅចាប់បានទៀត ប៉ុន្តែ សំខាន់អាថ្ងៃទី ១ មាន ១ គាត់ជំទែង អាជំទែងឈរ អាហ្នឹងមុខតែមានផ្កាយណាមួយហើយ ទៅសាកយកតែទូរស័ព្ទ យកលេខគាត់ ហ្នឹងយកទៅឆែកមើលក្រុមហ៊ុន តើពេលម៉ោងហ្នឹងគាត់ទាក់ទងជាមួយនឹងអ្នកណា ដើម្បីរកអាផ្កាយហ្នឹង ព្រោះអាផ្កាយតម្លើងវាបាន ទំលាក់វាបានតើ។ កុំថាពាក់ផ្កាយពាក់ព្រះចន្ទ ពាក់លោកខែ ក៏ទម្លាក់បានដែរ កុំឆ្ងល់ពេក។ ដឹងទេ? នាងមួយដែលជ្រែងនៅនិយាយទូរស័ព្ទនៅលើមិនព្រមចុះពីលើម៉ូតូ លោកឯងដឹងទេ? បើដឹងលេខទូរស័ព្ទ ពេលម៉ោងហ្នឹងទៅមើលនៅក្រុមហ៊ុនទៅដឹងហើយ … កាលពីឆ្នាំមុនខ្ញុំជេរ គួច ចំរើន ខ្ញុំថាអ្នកឯងទៅចាប់គេ ឬហៅគេមកស្តីឲ្យ។ កាលជំនាន់ហ្នឹង (កែប ជុតិ)មា នៅធ្វើអភិបាលក្រុង នាងស្អីមួយនោះទៅនិយាយទូរស័ព្ទថាប៉ាគេចាប់ខ្ញុំហើយប៉ា។ … ទីបំផុតអ្នកដែលរងគ្រោះ ជួនកាលយើងអ្នកធ្វើដំណើរអត់ដឹងស្អីសោះ គេមកបុកយើងលើចិញ្ចើមផ្លូវ។ ហ្នឹងជាបញ្ហាដែលគួរត្រូវបានរំលឹក ឆ្នាំ ២០១៨ គួរជាឆ្នាំសុខសាន្ត …។

… សូម្បីតែកូនខ្ញុំ យប់មិញ ខ្ញុំហៅមកប្រដៅ ទាំងកូនបង្កើត ទាំងកូនប្រសារ រឿងអី? ឡានចូលផ្ទះ។ ការចូលនេះគឺខុស។ បើកវាងមួយជុំទៅ ហើយចាំចូល អាហ្នឹងទើបវាត្រូវ។ បើមកពីខាងណោះ ពិតមែនថា វាលំអៀងបន្តិច តែបន្តិចហ្នឹងក៏មិនត្រូវឲ្យមានដែរ។ យប់មិញ អប់រំទាំងអស់ ទាំងម៉ែដោះ ជួនកាលតៃកុងឡាន ម៉ែដោះ ដែលនាំចៅៗទៅរៀនត្រឡប់មកវិញ ជួនកាលវាប្រញាប់ វាប្រុចចូលមកណេះ … បើយើងជាកូននាយករដ្ឋមន្រ្តី មិនគោរពផង ឲ្យអ្នកណាគោរព? … ខ្ញុំនិយាយនេះ ក្នុងគោលដៅធ្វើម៉េច ឆ្នាំ ២០១៨ ត្រូវតែជាឆ្នាំដែលគ្រោះថ្នាក់ដោយចរាចរណ៍ត្រូវបានកាត់បន្ថយ។

ពិនិត្យ និងធានាចំពោះសុវត្ថិភាពឡានដឹកជញ្ជូនកម្មករ

… អំពាវនាវឲ្យធានាសុវត្ថិភាពកាន់តែខ្ពស់សម្រាប់ឡានដឹកជញ្ជូនកម្មករ ត្រូវធានា ត្រួតពិនិត្យឲ្យបានទៀងទាត់ទៅលើឡានដឹកជញ្ជូនកម្មករមកធ្វើការ។ ពិតហើយ ក្មួយៗនៅពេលដែលជិះឡានក្រុង មិនត្រូវបានបង់ថ្លៃទេ  មិនដឹងថាមានប៉ុន្មានដែលបានជិះឡានក្រុងរួចទៅហើយ សូមលើកដៃទៅមើលដែលបានជិះ? ជិះគេមិនយកលុយហើយ ឡានមានម៉ាស៊ីនត្រជាក់ទៀត។ ឡានហ្នឹងវាអត់គ្រោះថ្នាក់ទេក្មួយ ហើយសុំផ្តាំក្មួយៗទៅណាកុំចោលអាកាតហ្នឹង កាតកម្មករហ្នឹង កុំចោល។ ទី ១ យើងអាចឡើងឡានក្រុងភ្លាម សម្រាប់ការជិះ ប៉ុន្តែឡើងឡានឯកជនត្រូវតែចេញលុយ។ ទី ២ ស្រាប់តែទៅ យើងមានហេតុការណ៍អីមួយកើតឡើង ជាបញ្ហាចរាច​រណ៍ ឬបញ្ហាការឈឺថ្កាត់ យើងចូលមន្ទីរពេទ្យរដ្ឋដោយបង្ហាញអាហ្នឹង ដែលគេទទួលការព្យាបាលដែលមិនត្រូវបង់ថ្លៃ នេះជាគ្រាន់តែជាបណ្តាំ និងការអំពាវនាវ ធ្វើយ៉ាងម៉េចសម្រាប់ការខិតខំ ដើម្បីកុំឲ្យប្រាក់ចំណូលដែលយើងបានកើននេះ វាបាត់បង់ត្រឡប់ទៅវិញ តាមរយៈនៃការបាត់បង់ជីវិត ឬតាមរយៈនៃយើងរបួសពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការមិនគោរពច្បាប់ទាំងយើងទាំងគេ។ ទាំងអស់គ្នាត្រូវគោរពច្បាប់ មិនថាថ្នាក់ណាៗទេ។ ជួនកាលអណោចអាធមណាស់ គ្នាអត់ទាំងមានអីជិះផង បណ្តើរកូនដើរលេង អ្នកស្រវឹងមកពីណាជិះឡើងចិញ្ចើមផ្លូវ ទៅបុកស្លាប់ ឬក៏របួសទៅលើចិញ្ចើមផ្លូវ អាហ្នឹងគឺជាចំណុចដែលត្រូវចៀសវាង។

កុំឲ្យមានបងតូច បងធំ ក្រុមគ្រឿងញៀន ក្នុងរោងចក្រ

យើងត្រូវបន្តការខិតខំទាំងអស់គ្នា ធ្វើយ៉ាងម៉េចឲ្យឆ្នាំនេះ ក្លាយទៅជាឆ្នាំដែលមានសុវត្ថិភាព ទាំងសុវត្ថិភាពការងាររបស់យើងនៅតាមរោងចក្រនីមួយៗ។ ដើម្បីសុវត្ថិភាពការងារនោះត្រូវរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម កុំឲ្យមានបងតូច បងធំ នៅក្នុងរោងចក្រ កុំឲ្យក្រុមគ្រឿងញៀន មាននៅតាមរោងចក្រ ហើយត្រូវរួមគ្នាដើម្បីអនុវត្តនូវច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់។ បើមិនដូច្នោះ យើងជីវភាពកំពុងកាន់តែប្រសើរ ស្រាប់តែម៉ាប្រឹបបាត់បង់អស់។

៨ ចំណុច ដែលត្រូវតាមដាន

ឥឡូវនេះ ខ្ញុំគិតថារឿងរ៉ាវដែលយើងបានធ្វើក្នុងរយៈពេល ដែលយើងសម្រេចរួមគ្នារយៈពេលកន្លងទៅនេះ ត្រូវបាន យើងអត់ទាន់ដោះស្រាយបញ្ហាអ្វីផ្សេង ក្រៅតែពីខិតខំធ្វើកិច្ចការទាំងឡាយ ដែលឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានលើកឡើងអម្បាញ់មិញ អនុសាសន៍របស់ខ្ញុំ ៨ ចំណុចដែលខ្ញុំបាននិយាយពីអាទិត្យមុននេះ។ ទី ១ អនុវត្តឲ្យបានត្រឹមត្រូវនូវប្រាក់ឈ្នួលអប្បបរមា ១៧០ ដុល្លារ ដែលយើងបានតម្លើងរួចមកហើយ។ ឥឡូវក្មួយៗបានអនុវត្ត ៣ ថ្ងៃហើយ។ ទី ២ ការពិនិត្យព្យាបាលជំងឺ ដោយមិនបង់ថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ត្រូវបន្តការខិតខំ អរគុណឯកឧត្តម ម៉ម ប៊ុនហេង សុទ្ធតែហេងទាំង ២ ហ្នឹង ហេង ការងារ និង ហេង សុខាភិបាល។ កម្មករកាន់តែច្រើនទៅៗ មនុស្សកាន់តែច្រើនទៅតាមមន្ទីរពេទ្យ ដែលយើងត្រូវស្រូបយកកម្មករ/ការិនីទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ទទួលបាននូវការពិនិត្យព្យាបាលជំងឺ។

កម្មករស៊ីក្លូក៏នឹងទទួលបានការពិនិត្យជំងឺ និងព្យាបាលឥតគិតថ្លៃតាមមន្ទីរពេទ្យ/ត្រៀមបង្កើតមូលនិធិស៊ីក្លូ

ប៉ុន្ដែ ខ្ញុំសុំបន្ថែមឲ្យខាងផ្នែកសុខាភិបាល​ទទួលកម្មករស៊ីក្លូបានទទួល​ការពិនិត្យ និង​ព្យាបាល​​ដោយឥតគិតថ្លៃ តាមមន្ទីរពេទ្យរដ្ឋដែរ។ ខ្ញុំនឹងបង្កើតមូលនិធិមួយ ដើម្បីគាំទ្រស៊ីក្លូ ហើយបាន​ប្រគល់​ភារកិច្ចឲ្យអភិបាល​រាជ​ធានី​ភ្នំពេញ ឃួង ស្រេង រៀបចំលក្ខន្តិកៈ ហើយហៅប្រធាន​សមា​គម​ស៊ីក្លូមកចូលរួមធ្វើ។​ យើងចាប់ផ្តើមរៀបចំ​មូល​និធិមួយ ដើម្បីជួយទ្រទ្រង់ឲ្យស៊ីក្លូ នេះជាផ្នែកមួយទាក់​ទាញ​ទេសចរ និងអភិរក្ស និងជួយដល់កម្មករស៊ីក្លូ។ សូម​បងប្អូនកម្មករស៊ីក្លូទាំងឡាយជឿទុកចិត្ត។ ថ្ងៃនេះ ខ្ញុំ​ប្រ​កាសឲ្យកម្មករស៊ីក្លូទាំងអស់ ដែលមានជំងឺ ទទួល​បាននូវការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរ​ដ្ឋ​ទាំងអស់ និងឈានទៅបង្កើតមូលនិធិមួយ ដើម្បីទ្រ​ទ្រង់ឲ្យផ្នែកស៊ីក្លូ។ ពេលនោះយើងនឹង​ពិនិត្យអំពី​តម្រូវការ តើត្រូវធ្វើយ៉ាងម៉េច ដើម្បីអោយ​អ្នក​ធាក់​ស៊ីក្លូហ្នឹង​ទទួលបានអត្ថប្រយោជន៍ពីមូលនិធិនេះ។ ប៉ុន្តែ ពី​ផ្នែករដ្ឋទទួលបានអត្ថប្រយោជន៍ពីការពិនិត្យព្យាបាលដោយឥតគិត​ថ្លៃ ព្រោះគាត់ជាកម្មករក្រៅប្រព័ន្ធ។ ​ឲ្យគាត់​មានផ្លាកមានអីត្រឹមត្រូវ ចូលព្យាបាល​ជំងឺ(ឥតគិតថ្លៃ) …។

ខ្ញុំនឹងបង្កើត​មូលនិធិ ហើយតាម​ការ​ស្មាន​របស់ខ្ញុំ ចាប់ផ្តើមពីមូលនិធិស្មើនឹងប្រហែលជា ១០០ លានរៀល ដាក់​ក្នុងមូលនិធិមួយ។ មួយខែ ខ្ញុំនឹងដាក់ចូល ១០ លានរៀលបន្ថែម ហើយអ្នកដទៃណាមានសមាន​ចិត្ត​ចង់ចូល ក៏ចូលមក។ ហ្នឹង​ជាមូលនិធិជួយទ្រទ្រង់ឲ្យកម្មករស៊ីក្លូ ហើយដាក់ក្នុងលក្ខខន្ដិកៈ​យក​ទៅ​តំកល់នៅមហាផ្ទៃឲ្យបានច្បាស់។ ហៅប្រធានសមាគមស៊ីក្លូមកចូលរួមធ្វើ។ លោក វ៉ន ពៅ វាយមកជូន​ពរខ្ញុំក្នុងឱកាសចូលឆ្នាំនេះ ខ្ញុំក៏បាន​ជូនពរគាត់វិញ។ វ៉ន ពៅ ជាប្រធាន(សមាគមសេដ្ឋកិច្ច)ក្រៅប្រព័ន្ធ (ហើយ)ប្រាប់ថា ពូចង់បង្កើតមូលនិធិសម្រាប់ស៊ីក្លូ។ គាត់អរ។ អញ្ចឹងទេ អាចហៅទាំង វ៉ន ពៅ មកពិគ្រាះគ្នា ធ្វើលក្ខន្ដិកៈ យើងកុំបោះបង់ចោលនូវគំនិតអ្នកណាមួយចោល ដែល​គេចង់ជួយសង្គមពិតប្រាកដ។ ទោះបីថា វ៉ន ពៅ ម៉េចក៏ដោយ តែ វ៉ន ពៅ ចង់ជួយ​ដល់កម្មករ​ អញ្ចឹងអាច​អញ្ជើញ វ៉ន ពៅ មកផ្តល់មតិបន្តិចបន្តួចមក។

យើងមិនមែនខ្វះធាតុចូល​ទេ ក៏ប៉ុន្តែយើងអាចហៅប្រធានសមាគមស៊ីក្លូ យើងអាចហៅ វ៉ន ពៅ មកចូលរួម ហើយយើងអ្នកសម្រេចតើ។  លក្ខន្ដិកៈនេះត្រូវយកទៅតំកល់នៅឯ​ក្រសួងមហាផ្ទៃ ខ្ញុំនឹងដាក់ទុនដំបូង ១០០ លានរៀល ហើយក្នុងមួយខែ ១០ លានរៀល ទៀត ដូច្នេះ មួយឆ្នាំ ខ្ញុំត្រូវចេញ ១២០ លានរៀល។ ហើយ​សូម​ក្មួយៗដែលកើតជំនាន់ក្រោយដែលមិនស្គាល់ស៊ីក្លូ រៀនជិះស៊ីក្លូ មិនមែនរៀនធាក់ស៊ីក្លូទេ ជួយជិះស៊ីក្លូ ដើម្បីឲ្យ​ស្គាល់ មិនមែនជិះធ្វើដំណើរមកនេះទេ ប៉ុន្តែពេលខ្លះ យើងសាក​ល្បងជិះស៊ីក្លូហ្នឹងមើល។ ឥឡូវជិះតែទេសចរ​មកពីបរទេសទេ ខ្មែរយើងអត់សូវជិះ។ នៅប្រទេសបារាំង ក្មួយ! ប្រទេសបារាំងជឿនលឿនប៉ុណ្ណឹង​ហើយ​ គេទុករទេះសេះនៅម្ដុំហ្សង់អេលីហ្ស៊េ។ ពួកទេសចរទៅចង់ជិះរទេះសេះ​ ទៅជិះនៅស្រុកបារាំង អញ្ចឹងទេ ខ្មែរ​យើងក៏គួរតែជួយអភិរក្សស៊ីក្លូដែរ។

… ខ្ញុំអត់បានលឺទេ ​តែភរិយារបស់ខ្ញុំប្រាប់​ខ្ញុំថា ខាងស៊ីក្លូចង់ឲ្យសម្ដេចនាយកបង្កើត​មូលនិធិ។ អញ្ចឹងខ្ញុំប្រកាស ខ្ញុំបង្កើត។ សូមអញ្ជើញ​ប្រធាន​សមា​គមស៊ីក្លូ និងលោក វ៉ន ពៅ។  (ឃួង)ស្រេង​ ស្គាល់ វ៉ន ពៅ ស្រាប់ហើយ ទូរស័ព្ទហៅ វ៉ន ពៅ មកជួយ​ធ្វើ​លក្ខន្ដិកៈគ្នា។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកទៀតណាចង់ចូលរួម? យើងដោះ​ស្រាយតាំងពីឯកសណ្ឋាន អាចយក​ថវិកា​ចេញ​ពីមូលនិធិ។ មួយឆ្នាំ យើងដោះស្រាយឲ្យគាត់ប៉ុន្មាន​កំប្លេសម្រាប់កម្មករស៊ីក្លូ?  នៅពេលដែល​គាត់មិនអាចទៅ​ធាក់បាន តើយើងគួរដោះស្រាយឲ្យគាត់យ៉ាងម៉េច? មន្ទីរពេទ្យរដ្ឋទទួលព្យាបាលឲ្យគាត់ហើយ តែប្រាក់ចំណូល​គាត់ត្រូវដាច់ តើយើងគួរប៉ះប៉ូវឲ្យគាត់យ៉ាងម៉េច? ត្រូវគិត​ទាំងអស់អាហ្នឹង។  ប៉ុន្តែមិនមែនថវិការបស់​ជាតិទេ គឺ​ថវិកាសប្បុរជន។ ក្នុងហ្នឹងខ្ញុំត្រូវចេញ ១០០ លានដំបូង បន្ទាប់ទៅ មួយខែដាក់ ១០ លាន ១២ ខែស្មើនឹង ១២០ លាន។ អញ្ចឹង ស៊ីក្លូរបស់យើងនៅសល់ប្រហែល ២០០ ដូច្នេះយើង​អាច​ទ្រទ្រង់បាន។ ហ្នឹងក៏ជាផ្នែកមួយនៃការដោះស្រាយ។ នេះនិយាយដល់ការព្យាបាលមិនបង់ថ្លៃ ហើយមុននេះ យើងនិយាយពីកម្មករសំណង់ និយាយពីនេះពីនោះ ប៉ុន្តែអត់បាននិយាយដល់ពាក្យស៊ីក្លូ អញ្ចឹងក្រែង​លោពេទ្យយើងមិនច្បាស់ថា ក្រៅប្រព័ន្ធ​ជាអី? … ខាងសមាគម​ស៊ីក្លូត្រូវបញ្ជាក់​អោយ​ច្បាស់​ថាគាត់ជា(កម្មករធាក់)ស៊ីក្លូ។ ហើយយើងត្រូវ​គិតថា ឧបមាថាគាត់មានជំងឺ ថាធាក់លែងបានហើយ គាត់ត្រូវវិលត្រឡប់ទៅ​ផ្ទះ តើយើងគួរមាន​របប​ឧបត្ថម្ភ​គាត់តាមរយៈមូលនិធិស៊ីក្លូ ដើម្បីអោយគាត់បានដើមទុនទៅរកស៊ីជំនួសឲ្យការ​ធាក់ស៊ីក្លូ …។

… បើខ្ញុំមិនច្រឡំទេ ដើមឆ្នាំ ១៩៨៨ នៅពេលដែលខ្ញុំទៅចរចា​នៅហ្វែអង់តាឌឺណ័រ ១៩៨៧ និងទៅចរចានៅ SaintGermain-en-Laye  ខែមករា ​ឆ្នាំ ១៩៨៨ ឯកឧត្តម ចម ប្រសិទ្ធ នៅចាំរឿងនេះ។ ត្រឡប់មកវិញ ស៊ីក្លូមួយគាត់ហោះពីលើឡានខ្ញុំ។ គាត់មកយ៉ាងលឿន គាត់មក​បុក​ឡានខ្ញុំ (ចំ)កណ្ដាលឡានតែម្ដង រួចហើយម្ចាស់ស៊ីក្លូហោះពីលើឡានខ្ញុំទៅធា្លក់ម្ខាងទៀត។ ហ្នឹងមួយ។ ឯ​អ្នកជិះ​ស៊ីក្លូគឺជាថៅកែលក់កូនឈើ ថៅកែជាន់នោះជិះស៊ីក្លូទេ។ មិនមែនដូចឥឡូវទេ។ អញ្ចឹងទេ ខ្ញុំក៏ឲ្យនាំអ្នក​ធាក់​ស៊ីក្លូនោះចូលទៅគណៈរដ្ឋមន្រ្ដីអគារចាស់ គាត់ញ័រដូចកូនសត្វអញ្ចឹង នឹកស្មានថាគេចាប់គាត់ហើយ ព្រោះ​ខ្ញុំឲ្យអង្គរក្សមើលស៊ីក្លូ ហើយដឹក​យកទៅដើម្បីសងថ្លៃម្ចាស់ស៊ីក្លូ។ ហើយអ្នកបាក់ដៃ​នោះខ្ញុំឲ្យយកទៅពេទ្យ​កាល់ម៉ែត្រ ប៉ុន្តែម្ចាស់ស៊ីក្លូអត់គ្រោះថ្នាក់​អីទេ។​ គាត់ហោះពីលើឡាន ព្រោះបុកទៅហោះហួសដំបូលឡានហើយធ្លាក់របកដៃ របកជើងអីតិចតួចដែរ​តើ។ គាត់ភ័យមែនទែន។ ខ្ញុំហៅឲ្យចូលប៊ុយរ៉ូខ្ញុំ រួចហើយដាក់ទឹកឲ្យផឹក រួច​ហើយ​និយាយគា្ន។ មកពីកំពង់ស្ពឺ ទើបធាក់​ស៊ីក្លូបាន ៣ ថ្ងៃ អត់ចេះធាក់ផង។ អញ្ចឹងទេ ជំនាន់នោះលុយថ្លៃណាស់ ហើយក្រដាសប្រាក់ជំនាន់ហ្នឹង ៥០ ធំជាងគេ កាលនោះ ខ្ញុំឲ្យ ២ លានរៀល។ ជំនាន់នោះ ស្មើ ៣០ លានរៀល ជំនាន់ឥឡូវ។ រួចហើយអោយអង្ករ ឲ្យក្រណាត់ស្អីៗ អោយតៃកុងឡានដឹកយកទៅ ថាទៅប៉ុណ្ណឹងអាច​ជា​ដើមទុនបានហើយ។

រឿងចុងក្រោយនេះ អ្នកធាក់ស៊ីក្លូម្នាក់ក្លាយជាឪពុកធម៌របស់នាយករដ្ឋមន្ត្រី។ គាត់អាយុ ៨៩ ឆ្នាំ នៅស្វាយរៀង​មកធាក់​ស៊ីក្លូ។ ពេលខ្ញុំឃើញស្ថានភាពបែបនេះ ខ្ញុំអញ្ជើញគាត់មកផ្ទះ។ ពេលហ្នឹងខ្ញុំបញ្ជូនគាត់ទៅផ្ទះ។ ឥឡូវ គាត់មានប្រាក់​ក្នុងធនាគារ ហើយរៀងរាល់ខែខ្ញុំបញ្ជូនប្រាក់តាមវីង ៧០ ម៉ឺនរៀល។ ផ្ទះកសាងហើយ ហើយស្ដង់​ដារ​ខុសផ្ទះទេវតា។ រៀងរាល់ពេល ដែលមានជំនួបខ្ញុំតែងជូនគាត់ ហើយរឿង​កើតឡើង​ជាមួយ​អ្នក​ធាក់​ស៊ីក្លូច្រើនណាស់​សម្រាប់ខ្ញុំ។ ពេលមួយ ខ្ញុំចេញទៅមុខសួនច្បារ គាត់(ស៊ីក្លូ)មួយជួរ ក៏អង្គុយលេង​ជាមួយអ្នកធាក់ស៊ីក្លូអញ្ចឹងទៅ។ បានមួយរឿងអញ្ចឹងទៅ។ ឥឡូវ ខ្ញុំចាប់ផ្ដើមអនុវត្ដជាក្របខណ្ឌតែម្ដង អ្នកធាក់​ស៊ីក្លូនៅទីក្រុងភ្នំពេញ នឹងត្រូវបង្កើតមូលនិធិមួយ ដើម្បីធានាឲ្យពួកគាត់ ហើយក៏វាចូលរួមអភិរក្សស៊ីក្លូនៅ​កម្ពុជាដែរ។

ពេលហ្នឹង កាញ្ញារិទ្ធ វាយសារមកថា សម្ដេចធ្វើអញ្ចឹង នឹងរីករាលដាលហើយ។ ខ្ញុំវាយត្រឡប់ទៅវិញថា ឲ្យតែបំពេញលក្ខខណ្ឌដូចឪធម៌ខ្ញុំ អាយុ ៨៩ ធាក់ស៊ីក្លូបានខ្ញុំទទួលចិញ្ចឹម។ ចុះឥឡូវមើល អ្នកណាខ្លះអាយុ ៨៩ ឆ្នាំ ធាក់ស៊ីក្លូបាន? ឲ្យតែបំពេញលក្ខខណ្ឌហ្នឹងបាន ខ្ញុំសុខចិត្តធ្វើផ្ទះឲ្យ​។ ប៉ុន្តែ មិនមែនមក ២ ម៉ោងទេណា ឲ្យធ្វើដូចគាត់នោះ។ ថ្ងៃនោះ ដឹកគាត់ទៅ រៀបចំលុយកាក់ស្អីៗហ្នឹង រៀបចំបាយឲ្យទៀត ថ្ងៃនោះដូចបាយជាមួយគាត់។ គាត់អត់ទៅណា។ លុយគាត់លាក់ក្នុងកែបស៊ីក្លូ ថាយកស៊ីក្លូហ្នឹងទៅសង។គេ ពុកឯងមិនបាច់ទៅទេ ទៅផ្ទះទៅ ស៊ីក្លូចាំយកទៅសងគេ។ គាត់អត់ទៅណាចោលស៊ីក្លូទេ ដោយសារលុយគាត់លាក់ក្នុង(កែប)ហ្នឹង។ ២-៣ ឆ្នាំកន្លងមកហើយ ឆ្នាំថ្មីតម្លើងប្រាក់(ឧបត្ថម្ភ)ឲ្យគាត់ ឡើងពី ៧០​ ម៉ឺនរៀល ទៅ ១ លានរៀល។ ផ្តាំទៅគាត់ នៅស្វាយរៀង។ បើបើករួចហើយ ថែមឲ្យគាត់ ៣០ ម៉ឺនទៀតទៅ ឬក៏ថែម ១ លានទៅទៀត(តែម្តង)។ ឲ្យតែចាស់ពិតប្រាកដ អាយុ ៨៩ ឆ្នាំ ត្រូវដូចគាត់ហ្នឹង(នឹងជួយ)។ កាញ្ញារិទ្ធិ ទៅជាភ័យថា ដល់អញ្ចឹងទៅនរណាក៏មករក(ឲ្យជួយ) គឺថា ឲ្យតែបំពេញលក្ខខណ្ឌ ៨៩ ឆ្នាំ (នៅ)ធាក់ស៊ីក្លូបានរបៀបហ្នឹង ទទួលបានទេតើ។ តើមានមនុស្សប៉ុន្មានទៅ ដែលធ្វើបែបហ្នឹងកើត? ឪពុកខ្ញុំទើបនឹង ៩០ គាត់លាចាកលោកទៅហើយ។ ឥឡូវ សុខភាពគាត់ល្អ សាច់ឈាមស្អាត ពេលដែលខ្ញុំទៅកំពង់ត្របែក គាត់មកសួរសុខទុក្ខ កាលទៅព្រៃវែង។

កម្មការិនីឆ្លងទន្លេឈប់ ៣ ខែ បៀវត្ស ១២០%

កម្មការិនីឆ្លងទន្លេ ត្រូវបាន​សម្រាកព្យាបាល (៣ ខែ) ជាមួយនឹងបៀវត្ស ១២០%។ ផ្សព្វផ្សាយរឿងនេះ​ឲ្យគ្រប់រោងចក្រទាំងអស់ កុំឲ្យទើបនឹងទាមទារនៅពោធិសាត់ ដែលយើងប្រកាសរហូតទៅដល់ ៤ ខែ រួចទៅហើយនោះ។ ពោធិសាត់មើលៗក្នុងចំណុចដែលគាត់ទាមទារ ១២ ចំណុច គឺគាត់សុំ​​សម្រាក ៣ ខែ តាមពិតគេឲ្យស្រេចទៅហើយ មិនត្រឹមតែឲ្យ​ទេ ពីមុនប្រាក់បៀវត្សត្រឹមតែ ៥០% ទេ ឥឡូវឡើងដល់ ១២០%។ ត្រូវធ្វើអាហ្នឹងឲ្យប្រាកដប្រជា។ ក្មួយនេះ ដែលនៅចាំតែថ្ងៃ(ឆ្លងទន្លេ)នេះ ចាំមើលពេលហ្នឹង គេឲ្យលុយ ឬអត់? ទាក់ទង ចាំមើលរកលេខទូរស័ព្ទមួយ។ ប្រាក់ខែបាន ១២០% ឬអត់? រួចហើយ ៤០ ម៉ឺនបានឬអត់? តែអា ៤០ ម៉ឺន ដឹងតែបានហើយ​ ព្រោះរាយការណ៍ជាប្រចាំ។

របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និយោជកជាអ្នកបង់ជំនួស/ត្រួតពិនិត្យថ្លៃទឹក ភ្លើង និងផ្ទះជួល

កម្មវិធីផ្តល់សាច់ប្រាក់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដែលកម្មករ/ការិនីមិនត្រូវបង់ទៀតទេ ថៅកែបង់ជួស ហើយក៏ត្រូវត្រួតពិនិត្យជាប្រចាំជាមួយថ្លៃទឹក ថ្លៃភ្លើង ថ្លៃផ្ទះ។ ហើយថ្លៃផ្ទះឆ្នាំនេះមិនត្រូវបង់លើសពីឆ្នាំទៅទេ ចាំចុងឆ្នាំនេះ ឬឆ្នាំក្រោយចាំឡើង។ ឆ្នាំនេះអត់ឡើងទេ បើកន្លែងណាឡើង សូមជម្រាបមកខ្ញុំ។ អរគុណណាស់ចំពោះម្ចាស់ផ្ទះទាំងឡាយ ដែលបានជួយយោគយល់ដល់កម្មករ/ការិនីរបស់យើង។

របបសោធននិវត្តន៍ អនុវត្តនៅឆ្នាំ ២០១៩ មិនខុសពីមន្រ្តីរាជការ

… រៀបចំអនុវត្តនូវរបបសោធននិវត្តន៍នៅឆ្នាំ ២០១៩ ​ខាងមុខ។ នៅសល់តែមួយឆ្នាំទៀតទេ ក្មួយៗនឹងឈានទៅអនុវត្ត។ កម្មករ/ការិនីរបស់យើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។ ប៉ុន្តែ ក្មួយៗត្រូវប្រឹងធ្វើការឲ្យគ្រប់ឆ្នាំដែលច្បាប់កំណត់ ទើបបានទទួលអត្ថប្រយោជន៍។​ ឥឡូវនេះ អនុវត្ត ១៧០ ដុល្លារ នៅពេលដែលក្មួយ​ៗចូលនិវត្តន៍ ប្រាក់បៀវត្សរបស់ក្មួយៗអាចនឹងឡើងដល់ ៣០០ ទៅ ៤០០ ដុល្លារទៅហើយ ដល់ពេលចូលនិវត្តន៍ ប្រាក់នៅសល់ ៨០% ល្មមចិញ្ចឹមខ្លួនបាន។

យកចិត្តទុកដាក់ដល់កម្មករក្រៅប្រទេស/សូមចូលរូមបោះឆ្នោត នៅថ្ងៃទី ២៩ កក្កដា ២០១៨

កម្មករនៅក្រៅប្រទេស ក៏យើងនៅបន្តការយកចិត្តទុកដាក់ដោះស្រាយ។ យើងបន្តកិច្ចការ នៅក្នុងឆ្នាំថ្មី គឺត្រូវតែជាឆ្នាំជោគឆ្នាំជ័យ​ ហើយខ្ញុំមិនចាំបាច់ជ្រលក់មាត់ជាមួយនរណាទេ ចាំមើលទៅ សេះវាដុះស្នែងឬអត់? ទាល់​តែ​សេះដុះស្នែង អ្នកណារស់ អ្នកណាងាប់ អ្នកណាស្អី? ទៅ! អប់រំខ្លួនឯងទៅ ធ្វើអីខ្លួនឯងទៅ … ចាំទៅ អាពៅហ្អើយ! … លើពិភពលោក គេជូនពរគ្នាទៅវិញទៅមក គេដំណើរការនេះ ដំណើរការនោះ ឯងអ្នកជាប់គុក វានៅតែជាប់គុកហ្នឹង វាគ្មានអាណាគេទៅដោះទេ កុំឆ្ងល់ពេក។ ប្រឹងបន្តិចទៅ ប្រឹងស្រែកទៅ ហើយបបួលរៃលុយគ្នាទៅចិញ្ចឹមគ្នានៅកន្លែងនេះ កន្លែងនោះទៅ។ សុំកុំភ្លេច ថ្ងៃ ២៩ ខែ កក្កដា ឆ្នាំ ២០១៨ សូមអញ្ជើញទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ហើយសង្ឃឹមថា ក្មួយៗ បូកនឹងឪពុកម្តាយ​ ជីដូនជីតា នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនបន្តទៀត។

មិនមែនអត់អ្នកឯងម្នាក់ ងាប់ប្រជាធិបតេយ្យនោះទេ

ស្រុកខ្មែរ មិនមែនអត់ឯងគេងាប់ទេ កុំឆ្ងល់ និយាយតាមមួយបែបអញ្ចឹងតែម្តងទៅ គេហៅថា ៨ ជ្រុង ៨ ទិស។ ធ្វើមើលតែអត់ឯងហ្នឹង លទ្ធិប្រជាធិបតេយ្យវាងាប់? គេនៅតែបោះ(ឆ្នោត) វាគ្មាននរណាគេឲ្យមនុស្សនៅក្នុងគុក មកបោះទេ។ ឯងបោះ គឺជាសិទ្ធិរបស់ឯង ឯងមិនបោះគឺជាសិទ្ធិរបស់ឯង។ ប៉ុន្តែ យន្តការបោះឆ្នោតនៅតែបោះ។ គណបក្សនយោបាយនានានៅតែបោះ ខ្ញុំមិនចាំបាច់ជ្រលក់មាត់(ទេ)។ ខ្លះវាប្រកាសថា វាជាឪគណបក្សប្រជាជន បងប្អូនវាយមកថា អាគាត់នេះប្រកាសថ្ងៃហ្នឹងថា គេជាឪគណបក្សប្រជាជន។ ខ្ញុំបានវាយត្រឡប់ទៅវិញថា ត្រឹមត្រូវអាល្ងង់​ វិសោធនកម្មរដ្ឋធម្មនុញ្ញ ២/៣ មក ៥០+១ ហ្អែងក៏​ចង់បាន អញក៏ចង់បាន ហ្អែងចាំបាច់និយាយឪគណបក្សប្រជាជនស្អី? បើហ្អែងល្ងង់ណាស់ ហ្អែងទើបនឹងឃើញថ្ងៃហ្នឹងហ្អែងល្ងង់? រួចហ្អែងមកចង់ធ្វើមេដឹកនាំកម្ពុជា? បើថាឆ្កួត ឲ្យវាឆ្កួតតែឯងនោះទៅ កុំនាំគេឆ្កួត។

លើកទឹកចិត្តឲ្យនារីកាត់ដេររើសប្តី

… គេថា នារីកាត់ដេរឥឡូវរើសប្តីណាស់។ ពូលើកទឹកចិត្តឲ្យរើសប្តី។ អញ្ចឹងទេ នេះជាសារមួយសម្រាប់យុវជន អ្នកឯងប៉ោឡែ អាវ៉ាសែ ផឹកស៊ីអួទីនួ រួចហើយយើង​ទៅប្រឹងធ្វើការ គាត់អត់ការងារធ្វើ ដល់ត្រឡប់មកវិញ វាយអញទៀត រើសបន្តិចទៅ វាត្រូវ ព្រោះអានេះពាក្យចាស់លោកថា ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន។ សម្រាប់ឪពុកម្តាយ គ្មានឪពុកម្តាយណាចង់ឲ្យកូនចៅលំបាកទេ។ អញ្ចឹងទេ នេះគ្រាន់តែជាការសួរ(លេង) ហើយសង្ឃឹមថា ក្មួយៗនឹងបានប្តី ឬប្រពន្ធល្អ ហើយក្មួយៗដែលមានផ្ទៃពោះ ក្មួយៗនឹងកើតបានកូនស្រី ឬប្រុស ដែលគួរជាទីស្រឡាញ់ ហើយពេលក្រោយធំឡើង នឹងប្រាប់វាថា ពេលដែលមុនកូនឯងកើត ម៉ាក់បានទៅជួប តេជោសែន តេជោនៅសតវត្សរ៍ទី ២១ ហើយពេលនោះ ពួកកូន​ឯងនេះបានចាប់ផ្តើមអនុវត្តនូវរបបឈប់សម្រាក ៣ ខែ ដែលមានប្រាក់បៀវត្ស ១២០% ជាមួយអត្ថប្រយោជន៍ នៃកម្មវិធីផ្តល់សាច់ប្រាក់ ១០០ ដុល្លារ ពេលដែលកើតបានកូនមួយ។ ក្នុងចំណែកនោះ កូនឯងក៏បានបៅទឹកដោះ ដែលបានមកពីការផ្តល់របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន ពីពេលមុន។ ប្រហែលជាពេលនោះពូនៅរស់ដែរ។ អត់មានទាន់ទៅណាទេ។

រឿងម្សិលមិញ ត្រូវទៅយកជញ្ជីងទៅដល់អគ្គនាយកមាត្រសាស្រ្ត ជញ្ជីង ៣ ខុសគ្នាទាំង ៣ ប៉ុន្តែ ម្សិលមិញយកទៅ ២ ។ ជញ្ជីងវាបោកគ្រប់តែជញ្ជីង អាមួយថ្លឹងទៅ យើងនៅសល់តែ ៦៩ គីឡូ តែការពិតវាទាបជាងអានោះមួយគីឡូ។ អាមួយទៀត យើងឡើងថ្លឹងវា ៧០ គីឡូ​​ តែវាទាបជាងអាជញ្ជីងស្តង់ដារ ដែលកំណត់ជាច្បាប់ ៦ ខាំ។ ឥឡូវបានហើយ បើសិនឡើងជញ្ជីងហ្នឹងថ្លឹងទៅឃើញ ៧០ គីឡូ ត្រូវបូក(ថែម) ១ គីឡូ(ទៀត) អានោះ បើចេញ ៧០ គីឡូ ត្រូវបូក(ថែម) ៦ ខាំ។ ម្សិលមិញ​ បានអានោះមកដាក់ក្នុងផ្ទះ ក្នុងបន្ទប់ដោយឡែកមួយទៀត។ ម្សិលមិញហាត់ប្រាណរួចហើយនៅសល់ ៧១,១ គីឡូ​ ពេទ្យគេថា កុំឲ្យធ្លាក់ចុះថែមទៀត។ ព្រោះកាលពីមុនស្គមណាស់ ប្រឹងស៊ីបាយឲ្យធាត់ ដល់ធាត់ចុះឡើង ទៅលើសគីឡូ។ ឥឡូវនេះ ឡើងវារហ័ស តែបើសម្រកឲ្យវាស្រកតាមវិធីហាត់ប្រាណនេះ គឺវាលំបាក …។

ថ្ងៃនេះ ចំនួនក្មួយៗកម្មករ/ការិនី​ និងនិយោជិត សរុបទាំងអស់ ១៣ ៥៤៦ នាក់ គ្រាន់តែជាចំណងដៃ នៃការជួបជុំគ្នាតែប៉ុណ្ណោះទេ ក្មួយៗមិនចង់បានលុយពីពូទេ សូមជូនម្នាក់ៗចំនួន ២ ម៉ឺនរៀល។ ឯក្រុមតន្ត្រីសម័យចំនួន ៥ លានរៀលផងដែរ។ សម្រាប់ក្មួយៗជាកម្មការិនី និងបុគ្គលិក ដែលមានផ្ទៃពោះ ៣២១ នាក់ ពូនឹងដើរចែកផ្ទាល់ចំពោះក្មួយៗ នូវស្រោមសំបុត្រ ១ ប៉ុន្តែ សូមកុំភ្លេច ក្មួយណាដែលមានកូនភ្លោះ ប្រាប់ពូៗនឹងជូន ២ ស្រោមសំបុត្រ។ ហើយមុននឹងបញ្ចប់ តាមរយៈក្មួយៗ អនុញ្ញាតឲ្យពូផ្តាំផ្ញើសួរសុខទុក្ខចំពោះមាតាបិតា ជីដូនជីតា​ បើពួកគាត់នៅរស់ ហើយតាមរយៈក្មួយៗជូនពរឲ្យពួកគាត់​ ទទួលតែសេចក្តីសុខ។ ជូនពរចំពោះក្មួយៗដែលមានផ្ទៃពោះ សូមឲ្យឆ្លងទន្លេទទួលបាននូវសុវត្ថិភាព និងទទួលបាននូវការស្រឡាញ់ពីប្តី កុំឲ្យប្តីទៅណាឆ្ងាយនៅក្នុងរយៈពេលដែលយើងឆ្លងទន្លេ ហើយសូមអំពាវនាវចំពោះលោកប្តីទាំងឡាយកុំទៅណាឆ្ងាយពីប្រពន្ធ សង្ឃឹមថា ក្មួយៗនឹងបានកូនប្រុសស្រី ដែលគួរឲ្យស្រឡាញ់ ជាមួយនឹងការឧបត្ថម្ភទាន់ពេលរបស់បេឡាជាតិសន្តិសុខសង្គម​ សម្រាប់កម្មវិធីសាច់ប្រាក់ជូនពរចំពោះអ្នកទាំងអស់គ្នា ដែលចូលរួមនៅទីនេះ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕