សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង ១ម៉ឺននាក់នៅតំបន់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

24

នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ-កម្មការិនីសរុប ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងថា ជំនួបនេះគឺជាជំនួបលើកទី២៦ហើយ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧មក។ បើតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ មានកម្មករ-កម្មការិនីសរុបជាង ៣០ម៉ឺននាក់ហើយ ដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបដោយផ្ទាល់របស់សម្តេចជាមួយកម្មករ និយោជិតនេះ មិនមែនជារឿងចៃដន្យនោះឡើយ តែជាការជួបសំណេះសំណាលមួយ ដើម្បីជំរុញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ហើយក៏ដើម្បីដឹងពីសុខទុក្ខ របស់កម្មករ -និយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេផងដែរ។

ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ-កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ-កម្មការិនី ហើយកម្មករ-កម្មការិនី បានហៅដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបកម្មករដោយផ្ទាល់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមកម្មករ-កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សាភ្ជាប់សុខទុក្ខ របស់ប្រជាពលរដ្ឋជាមួយរូបសម្តេច។ កម្មករ កម្មការិនី មានជំនឿចិត្តថា តាមរយៈដំណើរចុះដោយផ្ទាល់របស់សម្តេចទៅតាមរោងចក្រ នឹងធ្វើឲ្យវិស័យកាត់ដេរ និងជីវភាពរបស់កម្មករ កម្មការិនីផងដែរ នឹងកាន់តែល្អប្រសើរ។

ឯកឧត្តម អ៊ិត សំហេង បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវសេចក្តីសម្រេចជាគោលការណ៍ជាបន្តបន្ទាប់ សម្រាប់ពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ-និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាព និងអត្ថប្រយោជន៍របស់កម្មករ-និយោជិត និងនិយោជក និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម។ តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាប្រឈម ជាច្រើនរបស់កម្មករ-កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ-និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។

តាមរយៈជំនួបដោយផ្ទាល់ជាមួយកម្មករ-កម្មការិនី នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជារង្វាន់លើកទឹកចិត្តថ្មីមួយទៀត នៅដើមឆ្នាំ២០១៨នេះ សម្រាប់អ្នកប្រកបរបរធាក់ស៊ីក្លូ ដោយសម្ដេចបានប្រកាសបង្កើតមូលនិធិជួយទ្រទ្រង់អ្នកប្រកបរបរធាក់ស៊ីក្លូ និងបានអនុញ្ញាតឲ្យពួកគាត់អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសឲ្យដឹងថា មូលនិធិសម្រាប់ទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូនេះ សម្ដេចនឹងដាក់ថវិកាផ្ទាល់ខ្លួនដំណាក់កាលដំបូងប្រមាណ១០០លានរៀល ហើយនឹងបន្ថែមថវិកាជារៀងរាល់ខែ ប្រមាណ១០លានរៀល ទៅក្នុងមូលនិធិទ្រទ្រង់អ្នកធាក់ស៊ីក្លូនេះ។ មូលនិធិសម្រាប់ទ្រទ្រង់ បងប្អូនអ្នកធាក់ស៊ីក្លូនេះ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាអ្នកទទួលខុសត្រូវ។ សម្តេចតេជោ ហ៊ុន សែន ក៏បានហៅលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមបង្កើតមូលនិធិមួយនេះឡើងផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានហៅការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដោះស្រាយ ដល់ជីវភាពរបស់អ្នកធាក់ស៊ីក្លូនោះទេ តែក៏ជាការចូលរូមចំណែក ក្នុងការអភិរក្សស៊ីក្លូរបស់ខ្មែរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមជិះស៊ីក្លូ ដើម្បីគាំទ្រ និងអភិរក្សស៊ីក្លូរបស់ខ្មែរ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា អ្នកដែលមើលកម្ពុជាបញ្ច្រាស់ថ្ងៃ គឺមិនឃើញកម្ពុជាល្អនោះទេ តែបើអ្នកដែលមើលកម្ពុជាតាមបណ្តោយថ្ងៃវិញ គឺឃើញកម្ពុជាមានភាពល្អប្រសើរ។ សម្តេចក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរបានលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅថ្ងៃបុណ្យឆ្លងឆ្នាំសកលផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅថ្ងៃឆ្លងឆ្នាំសម្តេចក៏បានអញ្ជើញចូលរួមឆ្លងឆ្នាំ ហើយក៏បានមើលឃើញទិដ្ឋភាពរាជធានីភ្នំពេញ ពីលើអគារវឌ្ឍនៈ ដែលបានបង្ហាញឲ្យឃើញទិដ្ឋភាពស្រស់ស្អាត ក្នុងពេលរាត្រីរំលេចដោយភ្លើងពណ៌ ផ្ទុយពីកាលឆ្នាំ១៩៧៩ ដែលគ្រប់ផ្ទះក្នុងរាជធានីភ្នំពេញដុតតែចង្កៀង។ សម្តេចនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយកម្មករ-កម្មការិនី ដែលទទួលបានប្រាក់ឈ្នួលទាបបំផុតរហូតដល់ ១៧០ដុល្លារ រួមនិងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត សម្រាប់ឆ្នាំ២០១៨។

សម្តេចតេជោ នៅព្រឹកមិញនេះ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើទៅម្ចាស់អត្ថបទ និងអ្នកវិភាគទាំងឡាយ ដែលបានរិះគន់ថា ទន្ទឹមវឌ្ឍនភាពនៅមានបញ្ហាជាច្រើនកំពុងប្រឈមសម្រាប់កម្ពុជានោះ សម្តេចតេជោ បានថ្លែងថាគ្រប់ប្រទេសនៅលើពិភពលោក រាប់ទាំងក្រុមគ្រួសាររបស់ម្ចាស់អត្ថបទ និងអ្នកវិភាគទាំងអស់នោះផង គឺមិនអាចគេចផុតពីបញ្ហាប្រឈមនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យម្ចាស់អត្ថបទ និងអ្នកវិភាគទាំងនោះ ស្តាប់ប្រសាសន៍របស់សម្តេចតាំងពីដើមរហូតដល់ចប់ មុននឹងវាយតម្លៃ។ សម្តេចតេជោ ហ៊ុន សែន បានហៅការវិភាគរបស់អ្នកវិភាគទាំងនោះថា ជាការវិភាគបែបកន្ទុយអណ្តើក ដែលមានចរិតមិនមែនជាអ្នកសេដ្ឋកិច្ចវិទូនោះឡើយ។

តាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅល្ងាចនេះខ្សែវីដេអូឯកសារមួយ ស្តីពីដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នានា និងទូរទស្សន៍ Online នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្សែវីដេអូនេះ បានបង្ហាញពីដំណាក់កាលតស៊ូចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ឆ្ពោះទៅសង្គ្រោះជាតិចេញពីរបបពិឃាត ដ៏ឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សម្តេចតេជោ ក៏បានរំលឹកដល់ការប្រឹងប្រែងរបស់ជនរួមជាតិទាំងអស់ ដើម្បីរំដោះជាតិ និងការបង្រួបបង្រួមជាតិ។ សម្តេចបានថ្លែងថា អតីតកាលបានផ្តល់ជាមេរៀន ហើយអតីតកាលក៏បានផ្តល់អាយុជីវិតថ្មី និងភាពរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្នផងដែរ។ សម្តេចតេជោ ហ៊ុន សែន បន្តថា សម្តេចមិនមែនជាអ្នកផ្តើមឲ្យមានសង្គ្រាមនៅកម្ពុជានោះទេ តែសម្តេចមានភារកិច្ចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋខ្មែរគ្រប់រូប។

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យកម្មករ-កម្មការិនី រួមគ្នាក្តាប់ឲ្យបាននូវឱកាសការងារនាពេលបច្ចុប្បន្ន តាមរយៈការរក្សាឲ្យបាននូវសុខសន្តិភាព។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចសប្បាយរីករាយចំពោះកម្មវិធី ដែលសម្តេចបានដាក់ចេញក្នុងការឧបត្ថម្ភប្រាក់សម្រាប់កម្មការិនី ព្រមទាំងកម្មវិធីអត្ថប្រយោជន៍ផ្សេងៗទៀត ហើយត្រូវបានអនុវត្តន៍ដោយមានប្រសិទ្ធភាព នៅឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើកុំឲ្យមានការជេរប្រមាថទៅលើកម្មករ កម្មការិនី។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មករ-កម្មការិនី ទៅធ្វើការយកប្រាក់ឈ្នួល តែមិនមែនជាខ្ញុំកញ្ជះដែលត្រូវចេញវាយ ចូលខោកនោះទេ។ សម្តេចនាយករដ្ឋមន្ត្រី គាំទ្រឲ្យមានការបណ្តេញចេញនូវប្រធានក្រុម ប្រធានផ្នែកទាំងឡាយណា ដែលបានជេរប្រមាថទៅលើកម្មករ-កម្មការិនី។ សម្តេចតេជោ បានបន្ថែមថា ការជេរប្រមាថនេះ មិនគួរមាននៅក្នុងរោងចក្រនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដោយទទូចកុំឲ្យមានការជេរប្រមាថកម្មករ-កម្មការិនី ហើយប្រធានក្រុម ប្រធានផ្នែកត្រូវធ្វើការងារឲ្យបានល្អជាមួយកម្មករ-កម្មការិនី៕

ចែករំលែក