សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងសម្ពោធអគារសិក្សា នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស

34

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្របថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគុណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ!

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា អ៊ំ មា មីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណខ្ញុំ!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ដែលក្នុងនោះ អម្បាញ់មិញទើបនឹងដឹងថា អគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ បានស្ថាបនាកាលពីពេលមុននៅខាងនេះ មិនទាន់បានសម្ពោធនៅឡើយទេ ដូច្នេះ ថ្ងៃនេះ យើងរួមគ្នាសម្ពោធជាមួយនឹងអគារ ៣ ជាន់ ១៨ បន្ទប់ ជាមួយនឹងអគារ ២ ជាន់ ១២ បន្ទប់ ថែមទៀត។

ធ្វើដំណើរមកខេត្តកែបតាមរថយន្ត ដោយសារអាកាសធាតុមិនអំណោយផល

អរគុណណាស់ ជាមួយនឹងការទទួលរាក់ទាក់របស់បងប្អូន ជាពិសេស ក្មួយៗ(សិស្សានុ)សិស្សដែលរៀន នៅទីនេះ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ហើយខ្ញុំពិតជាមានសំណាងណាស់ ដោយសារតែយប់មិញបាន សម្រាកនៅកែបមួយយប់រួចស្រេចទៅហើយ។ ព្រះតេជព្រះគុណ អត់បានដឹងថា ខ្ញុំព្រះករុណាខ្ញុំ សម្រាក នៅកែបទេ។ រឿងរ៉ាវវាអញ្ចេះទេ ដោយសារតែមានការងារនៅភ្នំពេញ ព្រឹកម្សិលនេះត្រូវប្រជុំគណៈរដ្ឋមន្ត្រី រួចហើយមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វើនៅឯភ្នំពេញឯណោះ គ្រោងថាព្រឹកនេះ ត្រូវហោះឧទ្ធម្ភាគចក្រចេញនៅក្នុងរង្វង់ម៉ោងជិត ៧ ចាកចេញពីទីក្រុងភ្នំពេញ ហោះ ៥០ នាទី គឺមកដល់ទីនេះ ចាប់ផ្តើមសម្ពោធ។ ហើយយប់នេះទើបធ្វើបុណ្យសមុទ្រ ហើយនឹងសម្រាកនៅក្នុងខេត្តកែបនេះតែម្តង។ ប៉ុន្តែ ការព្យាករណ៍ធាតុអាកាសបានបង្ហាញថា ស្ថានភាពមិនអំណោយផល ដោយសារតែមានសម្ពាធ និងមានខ្យល់ព្យុះមួយចំនួនផងដែរ ដូចជាថ្ងៃ(ទី) ២៦-២៨ នេះ នឹងមានភ្លៀងធ្លាក់នៅតាមបណ្តាខេត្តជាប់មាត់សមុទ្ររបស់យើង។ អញ្ចឹងទេ រដ្ឋមន្ត្រីក្រសួងធនធានទឹក (និងឧតុនិយម) សំណូមពរស្នើសុំអោយធ្វើដំណើរតាមរថយន្តជំនួសអោយតាមឧទ្ធម្ភាគចក្រ។ ដូច្នេះ ក៏បានគិតមើលថា បើសិនជាត្រូវធ្វើដំណើរតាមរថយន្ត ត្រូវក្រោកតាំងពីម៉ោង ៤ ភ្លឺ អញ្ចឹងទេ វិធីដែលល្អជាងគេ ម្សិលមិញចេញពីទីក្រុងភ្នំពេញមក គឺម៉ោង ៤ ល្ងាច ហើយមកដល់នេះម៉ោង ៦ (ល្ងាច) ដូច្នេះ បានសម្រាក ១​ យប់ហើយ។ ល្ងាចនេះ នឹងថែមបាន ១ យប់ទៀត ជាមួយនឹងបុណ្យសមុទ្រ។ ប៉ុន្តែ ឆ្លៀតពេលនោះ គឺសម្ពោធដាក់អោយប្រើប្រាស់នូវអគារសិក្សានៅទីនេះ ដែលអគារសិក្សានេះ ក៏បានកសាងជាបន្តបន្ទាប់ ហើយជាពិសេសនៅក្នុងពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានមកចុះសួរសុខទុក្ខជាមួយនឹងក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី ០៣ សីហា ២០១៦ កន្លងទៅ។

កែបបច្ចុប្បន្ន មានស្ថានភាពខុសពីកែបឆ្នាំ ១៩៧៩ និង ១៩៩២

នេះគឺជាឱកាសសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកែបរបស់យើងធ្វើការអភិវឌ្ឍ។ កែប បច្ចុប្បន្ន គឺខុសគ្នាពី ស្ថានភាពកែប ដែលជាការចាប់ផ្តើម។ ការចាប់ផ្តើមបង្កើតខេត្តកែប គឺនៅក្នុងអំឡុងឆ្នាំ ១៩៩២ ដែលពេលនោះ យើងបានបំបែកកែបចេញពីខេត្តកំពត អោយក្លាយទៅជាក្រុងកែប។ ស្ថានភាពពេលនោះ និងស្ថានភាពពេលនេះ ខុសគ្នាដាច់ស្រឡះ ហើយបើប្រៀបធៀបឆ្នាំ ១៩៧៩ និងរហូតមកដល់បច្ចុប្បន្ន វាកាន់តែដាច់ឆ្ងាយគ្នាតែម្តង។ មិនមែនគ្រាន់តែបញ្ហាដាច់ដោយឡែករបស់កែបទេ ប៉ុន្តែ វាក៏ជាបញ្ហារួមរបស់ជាតិរបស់យើង។ សុខសន្តិភាពដែលយើងរកបានដោយលំបាក វាបានផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍនៅគ្រប់ទីកន្លែងទាំងអស់។

ប្រែក្លាយតំបន់អតីតសមរភូមិជាតំបន់មានការអភិវឌ្ឍ មិនមែនតែកែបមួយទេ គឺធ្វើនៅគ្រប់ទីកន្លែង

នៅក្នុងពេលធ្វើដំណើរដោយថ្មើរជើងរយៈចម្ងាយជាង ៥.០០០ គីឡូម៉ែត្រ នៅទូទាំងប្រទេស ខ្ញុំមានឱកាស ច្រើនណាស់ ដើម្បីបានទៅមើលទីកន្លែងទាំងឡាយ ដែលមានតម្រូវការទៅលើការអភិវឌ្ឍ ហើយក្នុងនោះ ក៏បានពិនិត្យអំពីស្ថានភាព នៃការប្រែប្រួលក្នុងទិសដៅ ដែលបានបញ្ជាក់រួចមកហើយថា ប្រែក្លាយតំបន់ អតីតសមរភូមិអោយទៅជាតំបន់មានការអភិវឌ្ឍ មិនមែនគ្រាន់តែកន្លែងកែបមួយទេ ឬក៏ខេត្តកំពតនោះទេ ក៏ប៉ុន្តែ នៅឯតំបន់កម្ពុជា-ថៃ ដែលជាតំបន់នៅសមរភូមិចុងក្រោយ ក៏ក្លាយទៅជាតំបន់អភិវឌ្ឍន៍អស់ហើយ ខ្ញុំក៏បានដាក់អគារសិក្សា ២ ជាន់, ៣ ជាន់, ៤ ជាន នៅទីនោះដូចៗគ្នាដែរ។

អវត្តមានសន្តិភាព គឺជំនួសដោយសង្គ្រាម

សន្តិភាព វាបានផ្តល់អោយយើងគ្រប់យ៉ាងនូវផលចំណេញ។ អវត្តមាននៃសន្តិភាព ដែលយើងបានកើតនៅក្នុងឆ្នាំ ១៩៧០ មានន័យថា អវត្តមានសន្តិភាព គឺជំនួសដោយសង្គ្រាម ពេលនោះមានតែការបាត់បង់ តែប៉ុណ្ណោះ គ្មានអ្វីដែលហៅថា ការអភិវឌ្ឍនោះទេ។ ប្រជាជនត្រូវរត់ចោលដីធ្លី រត់ចោលផ្ទះសម្បែង រត់ចោលសាលារៀន គ្មានអ្វីទេ។ យើងចាប់ផ្តើមរួមគ្នាចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន ហើយបើយើងនិយាយពីវិស័យអប់រំវិញ ក្រឡេកមើលទៅអតីតគ្រូបង្រៀនរបស់យើង ដែលជាគ្រូរបស់សាស្ត្រាចារ្យ ឬគ្រូបង្រៀនសព្វថ្ងៃ​ បានដឹកដៃយើងទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ? ឪពុកម្តាយយើងបានទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ? លំបាកណាស់។ មិនគ្រាន់តែបញ្ហាខ្វះអគារសិក្សា ខ្វះកន្លែងរៀនសូត្រទេ ក៏ប៉ុន្តែ សូម្បីតែការទាក់ទងនឹងជីវភាព ពេលនោះរៀនដូរអង្ករ បន្ទាប់ទៅរៀនដូរនឹងមុខទំនិញ ៩ មុខ ដើម្បីរស់។

ឆ្នាំ ២០១៨ គ្រូបង្រៀន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលបានបៀវត្សរ៍មិនទាបជាង ១ លានរៀល 

នៅតែប៉ុន្មានថ្ងៃទៀតទេ នឹងឈានមកដល់ គ្រូបង្រៀនរបស់យើងនឹងមានប្រាក់បៀវត្សរ៍មិនទាប​ជាង ១ លានរៀល។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ (ទទួលបានបៀវត្សរ៍) មិនទាបជាង ១ លានរៀល ដែលជាចំនួនប្រាក់មួយជំនួសអោយការលំបាកកាលពីពេលមុន។ ឯហេដ្ឋារចនាសម្ព័ន្ធទាក់ទងទៅនឹងវិស័យ​អប់​រំវិញ យើងកំពុងដំណើរការរៀបចំជាបន្តទៀត តាមរយៈនៃសភាពការណ៍ថ្មី។ មុននោះអគារ ១ ជាន់ វាឆ្លើយតបបានខ្លាំងណាស់ជាមួយនឹងសំណូមពរពេលនោះ ប៉ុន្តែឥឡូវនេះ អគារ ១ ជាន់ ដែលយើងបានកសាងប្រមាណជា ២០ ឆ្នាំមុន មានពេលខ្លះ គឺដំណើរការលែងទៅរួចហើយ វាទាមទារអោយយើងជួសជុល ឬក៏​ត្រូវអោយយើងធ្វើបន្ថែម។

ការបណ្តុះបណ្តាលគ្រូនៅតាមភូមិភាគនៅពេលខាងមុខឈានដល់ ១២ បូក ៤

ពេលនោះយើងប្រើពាក្យថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” ប៉ុន្តែ ស្ថានភាពនៅពេលនេះ គឺផ្សេងគ្នាហើយ។ កាលពីមុនគ្រូបង្រៀនរបស់យើង គឺរើសអោយខានតែបាន។ ជួនកាលគ្រូមានចំណេះដឹងលើសសិស្សតែមួយថ្នាក់តែប៉ុណ្ណោះ យើងជ្រើសរើសគ្រូពេលនោះ បើចូលទៅជាក្របខណ្ឌគ្រូបង្រៀន ​ហើយយកទៅធ្វើវិក្រឹត្យការបន្តិចបន្តួច រួចហើយដាក់អោយបង្រៀន។ ប៉ុន្តែឥឡូវនេះ វិធានការ នៃការបណ្តុះបណ្តាលតាមរយៈ ១២ បូក ២ ហើយនៅពេលខាងមុខនេះ យើងនឹងឈានទៅដល់ ១២ បូក ៤ តែម្តងនៅតាមភូមិភាគ ហើយសម្រាប់ការបណ្តុះបណ្តាលនៅទីក្រុងភ្នំពេញ ក៏មានវិទ្យាស្ថានជាតិអប់រំ សំដៅធ្វើការបណ្តុះបណ្តាលគ្រូបង្រៀន សាស្ត្រាចារ្យ បរិញ្ញាបូក ១។ តម្រូវការរបស់ប្រទេសសម្រាប់ការអភិវឌ្ឍធនធានមនុស្ស គឺយ៉ាងដូច្នេះឯង។

ខេត្តកែប​ ជាខេត្តលេខ ១ ដែលមានសន្លឹកឆ្នោតច្រើនបំផុតគាំទ្រគណបក្សប្រជាជនកម្ពុជា

នេះគឺជាដំណើរលូតលាស់ នៃប្រទេសរបស់យើង ដែលសមិទ្ធផលទាំងអស់នេះ វាបានចាប់ផ្តើមចេញពី សន្តិភាព ដែលយើងរកបានដោយលំបាក។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានជំពាក់គុណចំពោះអ្នកនៅក្នុងខេត្តកែបរបស់យើងនេះ ដោយសារតែការបោះឆ្នោតម្តងៗ ខេត្តកែបនេះ ជាខេត្តលេខ ១ ដែលទទួលបានសន្លឹកឆ្នោតច្រើនបំផុតគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា។ អត្រាមានពេលខ្លះរត់ទៅដល់លើស ៩០% នៃចំនួនសន្លឹកឆ្នោតដែលទទួលបានសម្រាប់គណបក្សប្រជាជន។ មិនមែនបានសេចក្តីថា ទាល់តែបោះឆ្នោតអោយបានធ្វើទេ ក៏ប៉ុន្តែ យើងក៏បានសង្កេតឃើញថា អារម្មណ៍របស់ប្រជាពលរដ្ឋនៅទីនេះ ហាក់ដូចជាទទួលបាននូវសេចក្តីសុខ ទទួលបានពីការរីកលូតលាស់ពីការដឹកនាំរបស់ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ស្នើរដ្ឋមន្ត្រីអប់រំពិចារណាបង្កើតសាកលវិទ្យាល័យនៅខេត្តកែប ដើម្បីកាត់បន្ថយការលំបាករបស់សិស្ស

ដូច្នេះ ទោះជាដីមិនធំពេក ក៏ប៉ុន្តែ ខ្ញុំស្នើអោយ ឯកឧត្តម ហង់ ជួនណារ៉ុន ធ្វើការពិចារណាទាក់ទងជាមួយនឹងការបង្កើតអោយមានសាកលវិទ្យាល័យនៅឯខេត្តកែប ដើម្បីទាញយកសិស្សនៅតាមបណ្តាមាត់សមុទ្រ រួមមានខេត្ត៖ កំពត, កែបខ្លួនឯង និងក្រុងព្រះសីហនុ អាចមករៀននៅខេត្តកែបនេះ។ ដោយសារតែនៅម្តុំវិទ្យាល័យមួយទៀតនោះ គឺមានដីនៅសល់ទំហំធំ ដូច្នេះ យើងសិក្សាដាក់អោយមានសាកលវិទ្យាល័យនៅតំបន់នេះ​ ហើយអាចសិស្សមួយចំនួន គឺចង់មករៀននៅមាត់សមុទ្រហ្នឹងតែម្តង។ ប៉ុន្តែនេះ គឺជាទិដ្ឋភាពដែលយើងត្រូវពិចារណា … ខ្ញុំក៏អោយយោបល់ទៅអភិបាល កែន សត្ថា យប់មិញនេះថា គប្បីទាក់ទាញវិស័យឯកជនអោយមកបង្កើតវិទ្យាល័យនៅទីនេះផងដែរ ដើម្បីកាត់បន្ថយការលំបាករបស់និស្សិតមួយចំ​នួន ដែលត្រូវទៅរៀននៅទីក្រុងភ្នំពេញ ឬរៀននៅកន្លែងឆ្ងាយ អោយពួកគេនៅរៀនកន្លែងនេះ បន្ទាប់ពីបញ្ចប់​មធ្យមសិក្សាទៅ។

ទាំងមធ្យមសិក្សាបឋមភូមិ ទាំងមធ្យមសិក្សាទុតិយភូមិ ខេត្តកែបមានអត្រាសិស្សប្រឡងជាប់ខ្ពស់

ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះការខិតខំរបស់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស ដែលបានខិតខំក្នុងរយៈពេលកន្លងទៅ។ យោងតាមលទ្ធផលដែលបានធ្វើរបាយការណ៍ ចំនួនសិស្សប្រឡងជាប់មធ្យមសិក្សាបឋមភូមិមានទៅដល់ ៩១.៩០% ឯសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិមានរហូតទៅដល់ ៩០.៣១%។ អញ្ចឹង អាចនិយាយបានថា ទោះបីជានិទ្ទេស A មានត្រឹមតែ ២ នាក់ ក៏ដោយចុះ ក៏ប៉ុន្តែ អត្រា ៩០.៣១% គឺជាអត្រាមួយខ្ពស់ ដែលនោះក៏ត្រូវផ្តល់នូវការលើកទឹកចិត្តចំពោះការខិតខំរបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដែលបានខិតខំបង្ហាត់បង្ហាញចំពោះសិស្សានុសិស្ស ក៏ដូចជា ​ការខិតខំរបស់សិស្សានុសិស្សខ្លួនឯង។

ទោះជាពូជពូកែ តែអត់មានគ្រូពូកែ ក៏ទៅមិនរួចដែរ

យើងគួរតែនិយាយថា មានពេលខ្លះលោកគ្រូតែងជាអ្នកត្រូវមាត់គេតែម្តង ពេលកូនគេប្រឡងធ្លាក់ គេថាគ្រូវាអន់ ពេលដែលកូនគេប្រឡងជាប់ គេថាពូជអញវាពូកែ រឿងវាអញ្ចឹង។ សង្ឃឹមថា តាមរយៈនៃចលនាដែលយើងបានធ្វើកន្លងទៅ អំពីទិវារំលឹកគុណគ្រូ។ មាតាបិតាសិស្ស ក៏ដូចជា កូនសិស្សទាំងឡាយគប្បីត្រូវយល់ បញ្ហាពូជអញវាពូកែ វាត្រឹមត្រូវហើយ ប៉ុន្តែ បើគ្រាន់តែពូជពូកែអត់មានគ្រូពូកែ ក៏វាទៅអត់រួចដែរ អាហ្នឹងវាជារឿងពិត។ អ្នកនៅកំពតហ្នឹង គឺមានរឿងដំណាល។ រឿងអ:ញ្ចេះ រឿងបញ្ហាពូជ។ អ៊ំ! ក្មួយអ៊ំឯងមួយនោះធ្វើចៅហ្វាយស្រុក? អើ! ពូជអញវាអញ្ចឹង។ ទេ! ដូចជាមានមួយស័ក្តិ ៤ ប៉េអឹមផង? អើ! ពូជអញវាអញ្ចឹង។ ក្មួយអ៊ំឯងមួយវិស្វករខាងអគ្គិសនី? អើ! ពូជអញវាអញ្ចឹង។ សុទ្ធតែពូជទាំងអស់ ដល់អញ្ចឹងថា ទេ! មានក្មួយអ៊ំឯងមួយកំពុងតែជាប់គុកដោយសារតែរត់ពន្ធគ្រឿងញៀន? អេ! ហ្អែងកុំនិយាយអាហ្នឹង។ បើថាពូជអោយពូជទាំងអស់ទៅ។ ដូងវាមានតក់មាននាឡិ។ វាល្អៗហើយ ប៉ុន្តែ​ វាមានអាមិនល្អនោះទៅជាមួយ ប៉ុន្តែ ដល់ពេលអាណាល្អ ពូជអញទាំងអស់ ដល់អាពេលក្មួយបង្កើតខ្លួនឯងកំពុងជាប់គុក អាហ្នឹងវាមិនមែនពូជអញទេ។ អាហ្នឹងរឿងដំណាល … កូនសិស្សប្រឡងធ្លាក់កំហុសរបស់គ្រូ ល្មមដល់ទីបញ្ចប់ហើយ។

គ្រប់ក្របខណ្ឌមន្ត្រីរាជការ នៅពេលមិនទាន់មានការកែច្បាប់ ការចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ដដែល 

កន្លងទៅវាមានបញ្ហាអញ្ចេះ សុំយកឱកាសនេះបញ្ជាក់បន្តិច មានការបញ្ជូលមកសួរក្នុងហ្វេសប៊ុក ហើយក៏ មានកើតនូវចរន្តខ្លះ អំពីការស្នើសុំពន្យារអាយុចូលនិវត្តន៍។ ខ្ញុំបានលើកជាគំនិតអោយមានការពិចារណា ទៅលើបញ្ហាការពន្យារអាយុចូលនិវត្តន៍របស់គ្រូបង្រៀន ហើយនឹងអាចមានដល់នឹងមន្ត្រីរាជការផ្សេងទៀត​។ ឥឡូវនេះ យើងអត់ទាន់បានកែច្បាប់ទេ អញ្ចឹងទេ ក៏សូមប្រកាសសម្រាប់ប្រជាជន សម្រាប់មន្ត្រីរាជការនៅ ក្នុងក្របខណ្ឌទូទាំងប្រទេស ការចូលនិវត្តន៍នៅតែបន្តការចូលនិវត្តន៍ក្នុងវ័យ ៦០ ឆ្នាំ ដដែល មិនមានការប្រែប្រួលទេ ហើយរឿងនេះ ត្រូវលើកយកទៅពិចារណានៅឆ្នាំ ២០១៩ ឯណោះ មិនទាន់ពិចារណានៅពេលនេះទេ ព្រោះវាមានចំណុចដែលត្រូវគិតគូរអោយគ្រប់ជ្រុងជ្រោយ។

នៅពេលដែលយើងពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីរាជការអោយដល់ ៦៥ ឆ្នាំ ពិតណាស់ បើនិយាយពីទិដ្ឋភាពថវិកា គឺច្បាស់ជាមានផលចំណេញហើយ។ ឧទាហរណ៍ថា៖ មន្ត្រី ១ ម៉ឺននាក់ ត្រូវចូលនិវត្តន៍, ១ ម៉ឺននាក់ ចូលនិវត្តន៍ ប្រាក់សោធននិវត្តន៍របស់គាត់មាន ៨០% អញ្ចឹង បើប្រាក់ខែ​ ១ លាន(រៀល) គឺប្រាក់ចូលនិវត្តន៍នៅសល់ ៨០ ម៉ឺន(រៀល) អញ្ចឹង យើងត្រូវចិញ្ចឹម ១ ម៉ឺននាក់ ដែលចូលនិវត្តន៍នោះ គឺនូវប្រាក់បៀវត្សរ៍ ៨០% សម្រាប់ពួកគាត់។ ដល់យើងរើស ១ ម៉ឺន(នាក់) ថ្មីមកទៀត ស៊ីប្រាក់ខែពេញតែម្តង អញ្ចឹង ទិដ្ឋភាពថវិកាវាចំណេញ។ ប៉ុន្តែ ទិដ្ឋភាពខាងបច្ចេកទេសទាក់ទងនឹងការរក្សាទុកធនធាន ដែលមានពិសោធន៍ ក្នុងវ័យ ៦០ ឆ្នាំ និងរហូតទៅ ៦៥ ឆ្នាំ គឺវាល្អ ប៉ុន្តែ បញ្ហាមួយយើងត្រូវគិត លំហសម្រាប់យុវជនដែលត្រូវការធ្វើការងារ គឺរួញតូច។ ចំណុចនេះត្រូវគិតអោយបានដិតដល់ បើមិនដូច្នោះទេ គិតតែមួយជ្រុងមិនបានទេ។ រឿងរ៉ាវវាស្ថិតនៅកន្លែងនេះឯង។ ដូច្នេះ ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនថា គ្រប់ក្របខណ្ឌមន្ត្រីទាំងអស់ នៅពេលច្បាប់មិនទាន់បានកែទេ គឺអនុវត្តច្បាប់ចាស់ គឺការចូលនិវត្តន៍នៅក្នុងអាយុ ៦០ ឆ្នាំ ដដែល សូមកុំមានការភ័ន្តច្រឡំ។ មានការស្នើសុំពន្យារអាយុចូលនិវត្តន៍។ ចំណុចនេះ គឺមិនអាចទៅរួចទេ។

ល្ងាចចូលរួមបុណ្យសមុទ្រ

ថ្ងៃនេះ យើងសម្ពោធជាមួយនឹងសមិទ្ធផលទាំងឡាយ ដែលរួមមានសមិទ្ធផលច្រើនណាស់នៅក្នុងខេត្តកែប ដែលបានកើតឡើង ដូចឯកឧត្តម អភិបាលខេត្តកែប​ កែន សត្ថា បានលើកឡើង។ ហើយល្ងាចនេះ សូមអញ្ជើញបងប្អូនទៅចូលរួមក្នុងការសប្បាយរីករាយជាមួយនឹងបុណ្យសមុទ្រ ហើយខ្ញុំក៏ស្ថិតនៅទីនេះ ដើម្បីនឹងមើលគេមើលឯង។ យប់មិញមានការផ្សាយបន្តផ្ទាល់ ដល់ទៅពេលជិតចប់ទៅហើយ បានឯងបើកមើល គេផ្សាយបន្តផ្ទាល់តាម BTV មាន Concert អីណានៅនឹងមាត់សមុទ្រ។

ផ្តល់អោយអគារសិក្សា អគារស្នាក់នៅ និងគ្រឿងបរិក្ខារ ដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស

ហើយថ្ងៃនេះ ក៏សូមបញ្ជាក់ជូនថា រឿងសម្ពោធវាតិចតួចទេ តែរឿងបន្ថែមថ្មីនោះប្រហែលជាច្រើន។ អញ្ចឹងយើងចាប់ផ្តើមចរចាគ្នា ដោយចាប់ផ្តើមវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស។ ឥឡូវ ឯណាលោកនាយក? តម្រូវការនៅទីនេះ យើងត្រូវរៀបចំជាភូមិសាស្រ្តសិក្សាទុកឲ្យហើយ ទាន់ខ្ញុំមកដល់ទីនេះហើយស្រេច។ តម្រូវការនៅទីនេះ គឺពិតមែនតែយើងថែមអានេះ តាមខ្ញុំដឹង​ថា នៅសល់តែមួយថ្នាក់ទេ ហើយសិស្សនៅហ្នឹងកែបផង ហើយមកពីកំពតផង មកទីកន្លែងនេះ។ អញ្ចឹងទេ តាមការពិចារណា ហើយខ្ញុំអោយនាយឧត្តមសេនីយ៍ ឃឹម សាម៉េត មកសិក្សា គឺយើងចាំបាច់ត្រូវវាយអគារនេះចោល អគារកាត់ដេរត្រូវវាយចោល តើព្រមទេ? ព្រមឲ្យវាយអគារហ្នឹងចោល ឬអត់? តែបញ្ហាដីរបស់យើង យើងធ្វើខាងក្រោមបានតែ ៥ (បន្ទប់)ទេ រុញទៅ ៦ បន្ទប់ មិនបាន។ បើចង់អោយបាន ៦ បន្ទប់ ខាងក្រោមវាទាល់តែយើងរុញអគារហ្នឹងមកមុខបន្តិច បើមកមុខបន្តិចវាកៀកអាផ្លូវនេះពេក។ ហើយឥឡូវខ្ញុំចង់ពិគ្រោះជាមួយ លោកគ្រូ អ្នកគ្រូ បើសិនជារុញបានមកមុខនេះ គឺយើងនឹងបាន ៦ បន្ទប់ ក្រោម តែបើយើងទុកនៅកន្លែងដដែល យើងបានតែ ៥ បន្ទប់ទេ។ ៥(បន្ទប់គុណនឹង ៤ ជាន់) យើងបានតែ ២០ បន្ទប់ទេ ហើយបើសិនជាយើងបាន ៦ បន្ទប់ (គុណនឹង ៤ ជាន់) យើងបាន ២៤ បន្ទប់។ ឥឡូវហ្នឹងខ្ញុំនឹងធ្វើអគារនេះ ៤ ជាន់ វាយអាមួយជាន់ចេញ ឡើងអា ៤ ជាន់ ដោយសារតែដីវាតិច។ អញ្ចឹងទេ តើយើងទុកអគារនៅនឹងកន្លែងដដែល ឬរុញមកខាងមុខ? ដើម្បីអោយបាន ២៤ បន្ទប់។ ប៉ុន្តែ បើរុញមក យើងពិនិត្យទៅ វាទាក់ទិននឹងផ្លូវ។ បើអញ្ចឹង អញ្ចេះ យើងសម្រេចយកត្រឹមតែ វាយអគារនេះចោល ហើយយើងធ្វើ(ថ្មី) ១ ខ្នង ៤ ជាន់ មាន ២០ បន្ទប់ ជួសអានេះ។

បន្ទាប់ទៅមានដីកន្លែងណាទៀត? ហើយក្រៅពីនោះ ក៏សូមរៀបចំសម្រាប់ជាអន្តេវាសិក ហើយសម្រាប់ផ្ទះសំ​ណាក់របស់គ្រូ សូមជូន ១​ ខ្នង ២ ជាន់ ១០ បន្ទប់ ថែមទៀតនៅខាងក្រោយនេះ។ អញ្ចឹង ប៉ុណ្ណឹងដូចល្មមហើយ។ ហើយអគារទាំងនេះ សុទ្ធតែរក្សាអាចនឹងដល់ ៥០-៦០ ឆ្នាំក្រោយ។ ខ្ញុំងាប់ទៅ ខ្ញុំចាប់ជាតិឡើងវិញ ជួនកាលមករៀននៅសាលាហ្នឹង។ ព្រោះឥឡូវវាដល់ដំណាក់កាលថ្មីហើយ។ តើយើងនៅមានដីកន្លែងណា អាចធ្វើទៀតបាន? អស់ដីហើយ អញ្ចឹងយើងយកប៉ុណ្ណឹងទៅចុះ។ មើលលោកគ្រូ អ្នកគ្រូ ប៉ុណ្ណឹងល្មមសមរម្យទេ? ប្រាក់ខែក៏ឡើង កន្លែងក៏រៀន បង្រៀនក៏កាន់តែស្រួល​ជាងកាលពីយើងរៀនដំបូង។ ទម្រាំបានមកធ្វើគ្រូនៅហ្នឹង ខ្លះរៀនដំបូលភ្លៀងលិច តែឥឡូវ យើង​ធ្វើជាគ្រូបង្រៀនម្តង សាលាកាន់តែល្អ ប្រាក់ខែកាន់តែខ្ពស់ទៀត។ អញ្ចឹងលោកនាយកអង្គុយចុះ បានហើយណា។

ផ្តល់អោយអគារសិក្សា អគារស្នាក់នៅ និងគ្រឿងបរិក្ខារ ដល់វិទ្យាល័យ ហ៊ុន សែន ចំការដូង

ប៉ុន្តែ សូមផ្តល់មតិ អាជាន់ទី ១, ទី ២, ទី ៣ អាហ្នឹងជាន់បង្រៀន អាជាន់ទី ៤ គឺជាន់ដែលធ្វើសាលសហសិក្សា ឬមន្ទីរពិសោធន៍ ឬក៏កន្លែងស្អីផ្សេងនៅខាងលើ ប្រើជាន់ខាងលើ។ អាហ្នឹងសម្រាប់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ព្រោះមានការពិភាក្សាអញ្ចេះ ថាមានសាលាវិទ្យាល័យ ហ៊ុន សែន ចំការដូង មួយទៀត គេថា របស់ម៉ែបានច្រើន របស់ឪអត់។ យោងទៅលើការសិក្សាទៅលើកំណើនសិស្សនៅទីនោះ វិទ្យាល័យចំការដូង មានតម្រូវការដែលផ្តល់ជូននៅថ្ងៃនេះ ១ ខ្នង​ ៣ ជាន់ ៣០ បន្ទប់។ ទីចាត់ការ និងបណ្ណាល័យ ១ ខ្នង ៣ បន្ទប់។ អន្តេវាសិកសម្រាប់សិស្ស និងគ្រូ ១ ខ្នង ២ ជាន់ ២០ បន្ទប់។ ទីលានបាល់ទាត់ បាល់បោះ បាល់ទះ និងអត្តពលិកម្ម ធ្វើមួយស្តង់ដារប្រកួត។ ផ្លូវបេតុងក្នុងសាលា …។

ដោយសារឯណេះគេបានអា ៤ ជាន់។ អម្បាញ់មិញអោយ ៣ ជាន់ ៣០ បន្ទប់ហើយ ឥឡូវ ចង់បានអា ៤ ជាន់ ៤០ បន្ទប់ ឬអត់? ឯណាក្មួយៗ គ្រូៗ ដែលមកពីវិទ្យាល័យ ហ៊ុន សែន ចំការដូង? នៅខាងណា? នៅខាងក្រោយ។ ព្រោះអញ្ចេះ ទីតាំងនោះវាល្អណាស់ ហើយទីតាំងហ្នឹងហើយដែលបម្រុងទុកថា ហ្នឹងបង្កើតទៅជាសាកលវិទ្យាល័យ ព្រោះមានដីដល់ទៅជាង ៨ ហិកតា ឯណោះ។ ឥឡូវអញ្ចេះ ដាក់អោយវាដល់តឿតែម្តងទៅ អោយ ១ ខ្នង ៤ ជាន់ ៤០​ បន្ទប់ អោយរង្គើមាត់សមុទ្រម្តង។ រួចហើយដល់នាំគ្នាទាត់បាល់ បង្កើតការទាត់បាល់តាមភូមិភាគអី បង្កើតនៅហ្នឹងតែម្តង ព្រោះវាមានកន្លែងទាត់ធំ។ យើងធ្វើអោយ​វាបានស្អាតបន្តិចទៅ។ អញ្ចឹង បានសេចក្តីថា ថ្ងៃនេះមកសម្ពោធមួយ ដល់អោយទៅវិញថែមទៀតលើស ៣ ផង។ នេះជាសេចក្តីត្រូវការរបស់មនុស្សតែម្តង។

ខ្ញុំព្រះករុណាខ្ញុំ គិតថា មិននិយាយអីបន្តច្រើនទេ ដោយសារតែនិយាយនោះវានិយាយច្រើនហើយៗរឿងនយោបាយនោះ គឺថា វាមិនចាំបាច់និយាយទេ គេសប្បាយគ្រប់តែគ្នាហ្នឹង អ្នកណាកើតទុក្ខអីកើតទៅ រឿងរបស់គេអ្នកកើតទុក្ខនោះ អ្នកឯងធ្វើខុសជាប់គុក អាហ្នឹងរឿងរបស់អ្នកធ្វើខុសទេ។ ចង់ព្រាត់ប្រាសទៅណាព្រាត់ប្រាសទៅ គេនៅក្នុងស្រុកគេសប្បាយចង់ងាប់នៅឯណេះ។

ល្ងាចហ្នឹងតែមិនស្រួលអ្នក(នៅ)លើឆាកចុះមករាំនៅក្រោមឆាកទាំងអស់គ្នាហ្នឹង។ រឹតតែ(សប្បាយ)។ អាហ្នឹងរឿងវាអញ្ចឹងទេ។ ខ្ញុំចង់សួរបន្តិច ដូចចង់ឆ្ងល់ អ្នកនៅក្បែរមាត់សមុទ្រហ្នឹង ១ ខែ មុជទឹកសមុទ្រហ្នឹងប៉ុន្មានដង? ការពិតអត់មុជវិញទេ។ អ្នកមាត់សមុទ្រពិតប្រាកដអត់មុជទឹកសមុទ្រទេ អ្នកដែលនៅឆ្ងាយពីមាត់សមុទ្រទេ បានមុជទឹកសមុទ្រ។ យើងគិតទៅវិញនាំគ្នាមុជទឹកសមុទ្រអី? មែនតើ! ដូចខានមុជទឹកសមុទ្រយូរហើយ ឥឡូវ វាមានត្រជាក់ឯណា? ខ្ញុំប្រឹងលេងឃ្លុំអាវនេះមក ឥឡូវ និយាយបែកញើសក្បាលហើយ បើប៉ុន្មានថ្ងៃមុនរងាយកតែមែនទែន យប់មិញនៅសេសសល់ការរងាខ្លះ តែព្រឹកនេះ គឺអត់។ អញ្ចឹង បានជាដកអាអាវក្រៅចេញ ដាក់ត្រឹមតែប៉ុណ្ណឹងទៅបានហើយ។

ពាំនាំ

ហើយថ្ងៃនេះ បាននាំមកសម្រាប់ លោកយាយ លោកតា ចំនួន ១០០ នាក់ ក្នុងមួយនាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។ ក្រុមកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗ ថវិកា ២ ម៉ឺនរៀល។ សិស្សានុសិស្ស (ចំនួន) ២.១០២ នាក់ ក្នុងមួយនាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ចំនួន ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ទូទាំងខេត្តកែបតែម្តង ៦១០ នាក់ ក្នុងមួយនាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ចំការដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ថវិកា ២ លានរៀល។ ជូនវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស សង្កាត់អូរក្រសារ ក្រុងកែប ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាព អូរក្រសារ ថវិកា ២ លានរៀល។ ជូនសាលាស្រុក ដំណាក់ចង្អើរ ថវិកា ២ លានរៀល។ ជូនសាលាក្រុង កែប ថវិកា ២ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀល។ ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប សៀវភៅ ក្រមង៉ុយ ៥០០ ក្បាល និងសៀវភៅបណ្ឌិត អ៊ូចុង ៥០០ ក្បាល សង្ឃឹមថា លោកគ្រូ អ្នកគ្រូ និងជម្រុញអោយសិស្សានុសិស្សអាននូវសៀវ។

ការរៀបរៀងនេះ គឺលោក ពុយ ​គា ដែលជាអ្នកកាសែតក៏បានប្រឹងប្រែង ហើយក៏រៀបចំជាមួយនឹងខ្ញុំនេះ ដើម្បីបោះចេញនូវសៀវភៅនេះ ហើយសៀវភៅនេះវាមានប្រយោជន៍ សម្រាប់អោយលោកគ្រូ អ្នកគ្រូខ្លួនឯង​ ហើយសម្រាប់សិស្សានុសិស្សខ្លួនឯង កុំអោយភ្លេចដើមកំណើតយើងជាខ្មែរ។ សៀវភៅរបស់ ក្រមង៉ុយ ក៏ដូចជា បណ្ឌិត អ៊ូចុង នេះ បណ្ឌិត អ៊ូចុង គឺថា ទាក់ទិនជាមួយនឹងគុណមាតាបិតាអីហ្នឹង គឺថា ល្អណាស់។ សង្ឃឹមថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត(កែប) ចែកជូនទៅតាមវិទ្យាល័យទៅតាមកន្លែងដែលមានតម្រូវការអាន។ មិនមែនគ្រាន់តែការអាន សម្រាប់សិស្សទេ គ្រូខ្លួនឯងក៏ត្រូវដឹងដែរ បើសិស្សចេះជាងគ្រូលើបញ្ហា ក្រមង៉ុយ ឬក៏បញ្ហាការប្រដៅរបស់បណ្ឌិត អ៊ូចុង គឺថា យើងវាអន់ជាងសិស្ស ដូច្នេះ គ្រូគួរតែខិតខំអានផងដែរ។

ប្រជាជន(ខេត្ត)កែបនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំ ជាថ្មីម្តងទៀត អរគុណចំពោះអ្នកកែប ហើយសង្ឃឹមថា នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ ប្រជាជនកែបនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតទៅទៀត។ ខ្ញុំបាននិយាយហើយថា និងបន្តក្នុងតំណែងជានាយករដ្ឋមន្ត្រីឈ្នះឆ្នោតរយៈពេលយ៉ាងតិចពីរអាណត្តិទៀត គឺរយៈពេលយ៉ាងតិច ១០ ឆ្នាំទៀត។ មានកម្លាំងនឹងធ្វើ។ សូមធ្វើការបញ្ជាក់មួយថា បងប្អូនមួយចំនួនឃើញខ្ញុំស្គម ចុះសាច់ គឺហាក់ដូចជាមានកង្វល់ ថាគាត់មានជំងឺអី? សួរគ្នា ប៉ុន្តែ រឿងនេះវាអញ្ចេះ។ នៅប៉ុន្មានខែមុននោះ ខ្ញុំលើសទម្ងន់ អញ្ចឹង ធ្វើអោយកាយវិការរបស់ខ្ញុំ គឺមិនសូវល្អទេ ជារួមធ្វើការបាន វាមិនមានបញ្ហាអ្វីទេ ក៏ប៉ុន្តែ ទម្ងន់របស់ខ្ញុំវាធ្ងន់លើស។ (កម្ពស់) ១.៧០ ម៉ែត្រ គ្រូពេទ្យគេអោយស្ថិតនៅក្នុងរង្វង់ ៦៨-៧២ គីឡូ(ក្រាម) ក៏ប៉ុន្តែ មួយពេលនោះ ខ្ញុំឡើងទៅដល់ ៨៦ គីឡូ(ក្រាម)។ បន្តទៅនៅរក្សាថេរ ៨២ គីឡូ(ក្រាម) ឥឡូវហ្នឹងបានបញ្ចុះវាមកនៅ ៧៣ (គីឡូក្រាម) នៅបន្តបញ្ចុះបន្ថែមបន្តិចទៀត ព្រោះអោយវាត្រូវស្តង់ដាជាមួយនឹងកម្ពស់របស់យើង​ បើមិនដូច្នោះទេ លំបាកណាស់នូវក្នុងការធ្វើដំណើរ ដែលយើងទម្ងន់​វាហួស។

អញ្ចឹងទេ ការស្រកទម្ងន់នេះ ហើយក៏មិនមែនធ្វើអ្វីបញ្ចុះដែរ បញ្ហាហាត់ប្រាណទេ។ មួយថ្ងៃវាយកាឡូរីទម្លាក់ ក្នុងរង្វង់ពី ៨០០-១០០០ កាឡូរី។ អញ្ចឹង​ ជាមួយនឹងការតមចំណីមួយចំនួន។ ខ្ញុំបាយថ្ងៃត្រង់តែមួយពេលទេ ល្ងាចអត់បាយទេ ហូបតែបន្លែ អញ្ចឹងទេ វាធ្វើអោយសុខភាពរបស់ខ្ញុំកាន់តែល្អប្រសើរ ហើយរហ័សរហួន។ ខ្ញុំរត់បានក្នុងចំណោទ ១៥ អង្សា នៃការដើរ(លើ)ម៉ាស៊ីន និងក្នុងល្បឿន ៥.៥ គីឡូ(ម៉ែត្រ) ក្នុង ១ ម៉ោង បានសេក្តីថា ខ្ញុំរត់មួយដងកន្លះម៉ោង អាក្នុងកន្លះម៉ោងនេះ ក្នុងល្បឿនដាក់ ១៥ ដឺក្រេ គេហៅថា ល្បឿនរត់របស់យើង ៥.៥ (គីឡូម៉ែត្រ) យើងទម្លាក់កាឡូរីរហូតទៅដល់ជិត ៤០០ កាឡូរីឯណោះ។ អញ្ចឹង ​រត់តែបីដង គឺថា ចូលដល់ ១.០០០ (កាឡូរី)។ អញ្ចឹង ប្រឹងប្រែងក្នុងការហាត់ប្រាណ។

ឥឡូវ ចាប់ផ្តើមមានអាស្អីពាក់នៅហ្នឹងដៃ ដល់ទៅបើកមើល បើកមើលតាមទូរស័ព្ទទៅវិញទេ។ បេះដូងរបស់យើងនៅពេលនិយាយ ហើយកាឡូរីដែលយើងកំពុងតែនិយាយនេះ បន្ទាប់ទៅតើវាវាយកាឡូរីទម្លាក់ប៉ុន្មាននៅពេលដែលយើងនិយាយអញ្ចឹង? អញ្ចឹង អាហ្នឹងត្រូវតាមដានបញ្ហាសុខភាពផ្ទាល់ខ្លួនដែរ ព្រោះគ្មានអ្នកណាមកឈឺជំនួសខ្លួនទេ? សូម្បីតែប្រពន្ធយើងក៏មិនអាចមកឈឺជួសយើងបានដែរ។

អវត្តមានភរិយា ដោយសារម្តាយក្មេកមានបញ្ហាសុខភាព

សូមអភ័យទោសអវត្តមានរបស់ភរិយាខ្ញុំ ដោយសារម្តាយក្មេកមានបញ្ហាសុខភាព ហើយគ្រួសារខ្ញុំក៏មានបញ្ហាសុខភាពដែរ ប៉ុន្តែ ពិសេស គឺម្តាយ។ ដូច្នេះ ហើយបានជារយៈពេលតាំងពីឆ្នាំ ២០១១ នៅពេលដែលឪពុករបស់ខ្ញុំទទួលការវះកាត់ តាំងពីពេលនោះមក ការធ្វើដំណើរទៅនេះទៅនោះ អវត្តមានភរិយាខ្ញុំភាគច្រើន ហើយជាពិសេសការទៅប្រជុំនៅក្រៅប្រទេស។ ពេលនោះ គាត់នៅថែទាំឪពុករបស់ខ្ញុំ រហូតដល់ឪពុករបស់ខ្ញុំគាត់លាចាកលោកនេះទៅ ឥឡូវ ចាប់ផ្តើមដល់ម្តាយដែលចាស់ជរា ដែលមានព្រះជន្មរហូតទៅដល់ ៩៤ ឆ្នាំ ទៅហើយ។ អញ្ចឹង មិនអាចទៅណាចោលឆ្ងាយបានទេ។ ត្រូវចាំ នៅពេលដែលម្តាយឪពុកមានបញ្ហា កូនកុំទៅណាឆ្ងាយ នេះគឺជារឿងដែលខ្ញុំបានជួបប្រទះខ្លួនឯងនៅផ្ទាល់ ជាមួយនឹងម្តាយមុនពេលដែលគាត់លាចាក។ នៅមុនពេលដែលគាត់រលត់ ទោះបីគាត់ភ្លឹកទៅយូរហើយក៏ដោយ ក៏ប៉ុន្តែ មួយរយៈប៉ុន្មានវិនាទីចុងក្រោយ គឺគាត់បើកភ្នែកនិយាយរកយើង។ ឪពុករបស់ខ្ញុំ គឺមានស្ថានភាពមួយផ្សេង។ នេះគ្រាន់តែជាការដាស់តឿន ចំពោះកូនចៅទាំងឡាយ ដែលមានឪពុកម្តាយចាស់ ហើយមានជំងឺ កុំទៅណាឆ្ងាយពីគាត់។ ឆ្នាំទៅភរិយារបស់ខ្ញុំអាចទៅរួមដំណើរជាមួយខ្ញុំ ទៅធ្វើពិធីបុណ្យសមុទ្រនៅឯក្រុងព្រះសីហនុបាន ប៉ុន្តែ ឆ្នាំនេះ គឺមិនអាចបានទេ ដោយសារបញ្ហាវាទាក់ទងជាមួយនឹងសុខភាពរបស់ម្តាយ។

នៅកម្ពុជាអនុញ្ញាតអោយស្លៀកពាក់ឯកសណ្ឋានឥស្លាមចូលរៀន ខុសពីប្រទេសដទៃ

ហើយចុងបញ្ចប់ អរព្រះគុណជាមួយនឹងព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលនិមន្តចូលរួម គ្រាន់តែថា ខ្ញុំព្រះករុណាខ្ញុំ ដោះស្រាយអាណាចក្រសិនហើយ ពុទ្ធចក្រចាំទៅជាមួយគ្នាតាមក្រោយ។ ហើយថ្ងៃនេះ​មានមកទាំងមហានិកាយ មានមកទាំងធម្មយុត្តិ(កនិកាយ) មកជាមួយគ្នាអញ្ចឹងទៅ។ ប្រទេសរបស់យើងស្រួលណាស់ សុខដុមរមនា។ ព្រះពុទ្ធសាសនាមាននិកាយធម្មយុត្តិ(កនិកាយ) មានមហានិកាយ ហើយយើងមានឥស្លាម ហើយក្មួយៗជាសិស្សបានពាក់ឯកសណ្ឋានឥស្លាមចូលមកសិក្សា គឺជារឿងដែល ប្រទេសនានានៅលើលោកនេះ មិនសូវមានទេក្មួយ។ ប្រទេសនានាអត់សូវមានទេ ដែលហៅថា ប្រទេស គោរពលទ្ធិប្រជាធិបតេយ្យ គេមិនអោយបងប្អូនឥស្លាមស្លៀកពាក់ជាឥស្លាមចូលរៀនទេ? ប៉ុន្តែ នៅកម្ពុជាអនុញ្ញាត។ ប៉ុន្តែ កម្ពុជាក្រោមការដឹកនាំ(របស់)គណបក្សប្រជាជន ទើបមានបែបនេះ។ កម្ពុជាក្រោមការ ដឹកនាំរបស់បក្សផ្សេង មិនប្រាកដទេ។ អត់ហ៊ានធានាទេអាហ្នឹង។ រឿងរបស់គេទេ។

អំពាវនាវរោងចក្រ/ក្រុមហ៊ុន អនុញ្ញាតស្ត្រីឥស្លាមស្លៀកពាក់ឥស្លាមក្នុងម៉ោងធ្វើការ

ឥឡូវហ្នឹងខ្ញុំអំពាវនាវទាំងក្នុងកម្មករ/រិនី ទាំងក្នុងបណ្តាក្រុមហ៊ុន អនុញ្ញាតអោយស្ត្រីដែលជាជនជាតិឥស្លាម​មានឱកាសស្លៀកពាក់ឯកសណ្ឋានឥស្លាម ព្រោះបើទុកអោយគេឃើញកញ្ចឹងក ឃើញស្លឹកត្រចៀកអី បាប​ខ្លួនឯងទៅទៀត រឿងវាអញ្ចេះ។ អញ្ចឹង​ បានជាគ្នាត្រូវទទូរ។ យើងមានសាសនាច្រើនណាស់។ យើងធ្វើសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជាបានល្អប្រសើរ។ សូមអោយបន្តរឿងនេះតទៅទៀត ហើយសន្តិភាពកើតមានពីអារឿងហ្នឹង។ យើងអត់មានជម្លោះសាសនានៅកម្ពុជាទេ។

ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលនៅក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស និងការប្រកាសបើកការដ្ឋានសាងសង់ នូវសមិទ្ធផលទាំងឡាយនៅក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ដែលរៀបរាប់អម្បាញ់មិញ ហើយជាមួយនឹងវិទ្យាល័យ ហ៊ុន សែន ចំការដូង នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនជនរួមជាតិ និងក្មួយៗសិស្សានុសិស្សទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក