ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជាង១៦០០០នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានខ្ពស់ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងនេះ ជាពិសេសលើជីដូនជីតា ដែលមានវ័យចំណាស់។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះទឹកចិត្តគោរពស្រឡាញ់របស់កម្មករ កម្មការិនី ដែលមានចំពោះសម្តេចក្នុងនាមជាមេដឹកនាំប្រទេសកម្ពុជា។ សម្តេចតេជោបន្តថា ទឹកចិត្តគោរពស្រឡាញ់នេះ គឺបានបន្តពីជីដូនជីតា ឪពុកម្តាយ ដែលបានមានចំពោះសម្តេចតាំងពីសម្តេចបានដឹកនាំតស៊ូរំដោះ ប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងអភិវឌ្ឍន៍ជាតិមាតុភូមិរបស់កម្ពុជាសេសសល់ពីភ្លើងសង្គ្រាមរហូតមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមោទនភាពមួយសម្រាប់កម្ពុជា ដែលពេលបច្ចុប្បន្ននេះមិនមានកំណើននៃការជក់បារីនោះទេ នៅក្នុងចំណោមយុវជនកម្ពុជា។ ផ្ទុយពីបណ្តាប្រទេសមួយចំនួន កំពុងតែមានការកើនឡើងខ្លាំងនៃការជក់បារីក្នុងចំណោមយុវជន។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញមោទនភាពផងដែរ ដែលកម្ពុជាកំពុងកាត់បន្ថយបានខ្ពស់នូវអត្រានៃការឆ្លងជំងឺអេដស៍បន្សល់ដោយទាហានអ៊ុនតាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ ប្រាក់ឈ្នួលអប្បបរិមា ១៧០ដុល្លារសម្រាប់កម្មករ កម្មការិនី និងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីពេលឆ្លងទន្លេ ឈានមកដល់ហើយ។

* សម្តេចតេជោ បានថ្លែងថា សមិទ្ធផលដែលសម្រេចបាននេះ មិនមែនជាមោទនភាពដាច់ដោយឡែករបស់សម្តេច របស់គណបក្សប្រជាជន ឬរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជននោះទេ តែក៏ជាមោទនភាពរបស់ជីដូនជីតា និងរបស់ប្រជាពលរដ្ឋទាំងមូល។ ត្រង់ចំណុចនេះសម្តេចបានរំលឹកថា គ្មានជោគជ័យណាមួយដោយគ្មានការចូលរួមនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់ផ្តើមរបស់កម្ពុជា គឺមានសភាពលំបាកខ្លាំងណាស់ ដែលក្នុងនោះគេឃើញវត្តមានរបស់សម្តេចនៅគ្រប់ដំណាក់កាល ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ។ ក្នុងនោះពេលមានសង្គ្រាមគេឃើញវត្តមានសម្តេចនៅលើសមរភូមិ ពេលចរចារកសន្តិភាពឃើញវត្តមានសម្តេចនៅលើតុចរចា ពេលប្រទេសជួបគ្រោះទុរភិក្សស្បៀងអាហារគេឃើញសម្តេចតាមវាលស្រែ ហើយពេលនេះគេឃើញសម្តេចចុះតាមរោងចក្រជួបកម្មករ ដើម្បីជំរុញគោលនយោបាយឧស្សាហកម្មជាតិ២០១៥-២០២៥។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងឈានទៅសម្រេចមហិច្ឆតា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងប្រឹងប្រែងក្នុងការអនុវត្តន៍គោលនយោបាយជាតិគាំពារសង្គមផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខសម្តេចនឹងបង្កើតធនាគារថ្មីមួយទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ឥណទានបង្កើនការផលិត និងបង្កើតការងារដល់ប្រជាពលរដ្ឋ។ ដោយមិនត្រូវរង់ចាំការដកដង្ហើមពីប្រទេសនេះ ឬប្រទេសនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនាគារសហគ្រាសធុនតូច និងធម្យមនេះ នឹងផ្តើមជាមួយទុនប្រមាណ១០០លានដុល្លារសហរដ្ឋអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យមួយនោះទេ គឺកម្ពុជាត្រូវតែអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ទាំងកសិកម្ម ឧស្សហកម្ម… ដើម្បីពង្រីកការងារជូនប្រជាពលរដ្ឋទប់ទល់ជាមួយសម្ពាធពីខាងក្រៅ។ សម្តេចតេជោ បានថ្លែងថា យើងមិនត្រូវបន្តពឹងផ្អែកលើការដកដង្ហើមពីក្រៅនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសចេញថ្លៃឈ្នួលផ្ទះ និងបន្ទប់ជួលរបស់កម្មករ កម្មការិនី ដែលម្ចាស់ផ្ទះដំឡើងនៅក្នុងឆ្នាំ២០១៨។ មានន័យថា ប្រសិនបើម្ចាស់ផ្ទះ ឬបន្ទប់ជួលដំឡើងសម្រាប់ឆ្នាំ២០១៨ខាងមុខនេះ គឺកម្មករ កម្មការិនី បង់តែថ្លៃដូចឆ្នាំ២០១៧បានហើយ សម្រាប់ប្រាក់ដំឡើងថ្មីក្នុងឆ្នាំ២០១៨ គឺម្ចាស់ផ្ទះទៅយកពីសម្តេចតេជោ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលត្រូវតែបង្កើនឡើងជារៀងរាល់ឆ្នាំ។ តែទន្ទឹមការបង្កើនប្រាក់ឈ្នួលកម្មករ កម្មការិនី ក៏ត្រូវប្រឹងប្រែងបង្កើនសមត្ថភាព និងផលិតភាពការងាររបស់ខ្លួនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ប្រឹងប្រែងតបណ្តាញអគ្គិសនី និងទឹកឲ្យទៅដល់បន្ទប់របស់កម្មករ និងកម្មការិនី ដើម្បីទទួលបានតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអនុញ្ញាតឲ្យនរណាបំផ្លាញជាតិនេះម្តងទៀតនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់ ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនីទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយត្រូវទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា កម្មករ កម្មការិនី និងឪពុកម្តាយ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទៅមុខទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញពលរដ្ឋកម្ពុជាម្នាក់ៗមិនតិចជាង ៣ពាន់ដុល្លារអាមេរិកនៅក្នុងមួយឆ្នាំ ក្រោយពេលសម្តេចចាកចេញពីតំណែង។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចឈប់លូកមាត់រឿងក្រុមបក្សប្រឆាំងក្រៅច្បាប់ ហើយក៏បានណែនាំមន្ត្រីរាជរដ្ឋាភិបាលឲ្យឈប់និយាយជាមួយក្រុមបក្ស ប្រឆាំងក្រៅច្បាប់នោះផងដែរ។ សម្តេចថ្លែងថា កុំសង្ឃឹមគណបក្សដែលរំលាយហើយ រស់ឡើងវិញឲ្យសោះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៥០នាទីព្រឹកថ្ងៃដដែលនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ