ប្រសាសន៍ សំខាន់ៗ របស់សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ ប្រធានា​ធិបតីចិន ស៊ី ជិនពីង នៅវិមាន​សន្តិភាព

27

(FN)៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញ​ជា​អធិបតីក្នុង ពិធីផ្សព្វផ្សាយសៀវភៅ​ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ដែល​មាន​ចំណង​ជើង​ថា «ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន» ដែលត្រូវបាន​បកប្រែ​ជាភាសាខ្មែរ។

ពិធីផ្សព្វផ្សាយ​សៀវភៅ របស់ឯកឧត្តម ប្រធានាធិបតីចិន ត្រូវបានធ្វើ​ឡើង​ដោយ​មានកិ​ច្ច​សហការ វាង​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ជាមួយ​វិទ្យាស្ថាន​ខុងជឺ។  ពិធីនេះធ្វើឡើង​នៅវិមាន​សន្តិភាព ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមជា អធិបតីផ​ងដែរ​ពីឯកឧត្តម JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មាន​របស់ចិន។

សៀវភៅ​នេះ​​​បាន​ចង​ក្រង​នូវ​អត្ថបទចំនួន៧៩ ​អត្ថបទ​របស់​ឯកឧត្តម ​ស៊ី ជិនពីង​ ក្នុង​ចន្លោះ​​​​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ ​ដល់​ខែ​មិថុនា ​ឆ្នាំ​២០១៤ ដែលក្នុង​នោះរួមមាន​​សុន្ទរកថា សេចក្តី​បង្គាប់​​បង្ហាញ​ និង​​សារ​​លិខិត​ជូន​ពរ​ជាដើម។ បច្ចុប្បន្ន​​សៀវ​ភៅ​នេះ​ បាន​​​បក​ប្រែ​ជា​១៦​ភាសា ព្រមទាំង​បោះពុម្ព​​ផ្សាយ​បាន​​ចំនួន​​៦លាន​ ២​សែន​​ក្បាល​នៅ​លើ​សាកល​​លោក​​ទាំង​មូល​។ ក្នុង​​សៀវភៅ​​នេះរួម​មាន​ទាំង​​គោលការណ៍​​ណែនាំ​​សំខាន់ៗ អំពី​​គោល​​នយោបាយ​​​​​អភិបាលកិច្ច​រដ្ឋ ​និង​​​ការគ្រប់​គ្រង​​នយោបាយ ​សុបិន​​និងក្តី​​សង្ឃឹម​​របស់​​ប្រជា​ពល​​រដ្ឋ​​​សាមញ្ញ ​មធ្យោបាយល្អ​​សម្រាប់​​​ដោះស្រាយ​​បញ្ហា​​លំបាកៗ ផែនទី​បង្ហាញ​​ផ្លូវ​​សម្រាប់​​ការ​​អភិវឌ្ឍ​​​វែង​ឆ្ងាយ មាគ៌ា​​​អភិវឌ្ឍន៍​​របស់ប្រទេស​​ចិន ព្រមទាំង​ការ​គិត​ពិចារណា​អំពី​​​ការអភិវឌ្ឍ​របស់​ពិភព​លោក ​និង​ជោគ​វាសនា​​របស់មនុស្ស​​ជាតិ​ផងដែរ ។

​ប្រសាសន៍​សំខាន់ៗ របស់សម្តេច​តេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀវភៅនេះ បានចូលរួមចំណែក​ផ្តល់នូវ​ចំណេះដឹង​លើអភិបាល​កិច្ច​បន្ថែម​ទៀតនៅកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិននៅតែដើរតួយ៉ាងសំខាន់លើវិស័យពាណិជ្ជកម្មនៅកម្ពុជា និង​នៅ​លើពិភពលោក។

– សម្តេចតេជោ ហ៊ុន សែន បន្តថា ចិន គឺជាជន្ទល់ដ៏សំខាន់សម្រាប់ការងើបឡើងវិញនូវពាណិជ្ជ សេដ្ឋកិច្ច​ទាំង​ក្នុងតំបន់ និងលើពិភពលោក។ ជាពិសេសការរក្សាបាននូវស្ថេរភាពនយោបាយនៅក្នុងតំបន់ និង​ពិភព​លោក​ផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន មានអាយុកាលមិនតិចជាង ២០០០​ឆ្នាំ​នោះ​ទេ ពោលគឺចាប់តាំង​សម័យ​ហ្វូណន​មកម្ល៉េះ។

– សម្តេចតេជោ បន្តថា ឈរលើមូលដ្ឋាននេះ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា កាន់តែល្អប្រសើរ និង​រីក​ចម្រើន​ជា​បន្ត​បន្ទាប់។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែល​បាន​ផ្តើម​ឡើង​ចាប់​តាំងពីឆ្នាំ២០១០ បានធ្វើឲ្យប្រទេសទាំង​ពីរទទួលបាន ផលប្រយោជន៍​កាន់តែច្រើន។

– សម្តេចតេជោ បានថ្លែងថា ចិន នៅតែជាប្រទេស ដែលបានវិនិយោគធំជាងនៅកម្ពុជា ដោយឆ្នាំ២០១៦ ការ​វិនិយោគ​របស់ចិន បានកើន​ឡើងដល់ ៥១០០លានដុល្លារអាមេរិក។

– សម្តេចនាយករដ្ឋមន្រ្តីថា សៀវភៅរបស់លោក ស៊ី ជិនពីង បានឆ្លុះបញ្ចាំង និង​ប្រមូល​គំនិត​សំខាន់​ៗ​ជា​ច្រើន​ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យយកសៀវភៅរបស់ ស៊ី ជិនពីង ទៅអាន ដើម្បីដកស្រង់នូវខ្លឹមសារ និង​យុទ្ធ​សាស្រ្តល្អៗ ធ្វើជាពិសោធន៍​ក្នុងការដឹក​នាំរបស់ខ្លួន។

– សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅម៉ោង ៩៖០៨នាទីនាព្រឹកថ្ងៃដដែលនេះ៕