កម្ពុជា-អាឡឺម៉ង់ប្រារព្ធខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ

រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ តំណាងដោយស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ GACP (German Apsara Conservation Project) នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានប្រារព្ធខួប២០ឆ្នាំ (១៩៩៧-២០១៧) នៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ នៅការិយាល័យ GACP ស្ថិតក្នុងបរិវេណទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Daniela DEMPF អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូបនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។

GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សអង្គរក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

មានប្រសាសន៍ក្នុងពិធីនេះ លោកជំទាវ ភឿង សកុណា បញ្ជាក់ថា ក្រោយពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាក៏បានបង្កើតឡើងក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ដោយចាប់គូសហការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើកិច្ចការជាច្រើនក្នុងគោលបំណងសង្គ្រោះ និងជួសជុលដល់អង្គរ។

“គិតមកទល់នឹងពេលនេះ យើងមានភាពចាស់ទុំទាំងបទពិសោធន៍ ជំនាញ ចំណេះដឹងលើការងារអភិរក្ស និងរបៀបគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមូលហេតុដែលយើងនឹងប្រារព្ធខួប២៥ឆ្នាំនៃអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ។ ថ្ងៃនេះយើងពិតជាមានមោទនភាពដែលបានចូលរួមក្នុងខួប២០ឆ្នាំនៃកិច្ចសហការរវាងអាឡឺម៉ង់ និងអប្សរាលើការងារអភិរក្សអង្គរផងដែរ”។

លោកជំទាវបន្ថែមថា ទាំងនេះគឺជាជោគជ័យដែលមានលក្ខណ:ជាប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា។ ប៉ុន្តែមានរឿងមួយដែលយើងត្រូវចងចាំនោះគឺ “អ្វីៗគ្រប់យ៉ាងដែលមានមកដល់ពេលនេះ គឺផ្តើមចេញពីសន្តិភាព”។ ពិតណាស់ សន្តិភាពពេញលេញនៅកម្ពុជាបានធ្វើឲ្យមានការអភិវឌ្ឍ និងធ្វើឲ្យមានការអភិរក្សពេញលេញទៅលើសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ។ នេះគឺជាគោលដៅសំខាន់បំផុតដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលប្រាថ្នាចង់បាន និងចង់រក្សាឲ្យបានគង់វង្សជារៀងរហូតតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ