សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង

នៅរសៀលថ្ងៃទី០១ ខែធ្នូ ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅមហាវិមានប្រជាជនចិន។

នៅក្នុងជំនួបថ្ងៃនេះ លោកប្រធានាធិបតីចិន បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតដែលបានជួបសន្ទនាដោយផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី សារជាថ្មី ដែលកាលពីជំនួបលើកមុនគឺនៅក្នុងឆ្នាំ២០១៧ នៅក្នុងវេទិកាស្តីពីផ្លូវមួយខ្សែក្រវ៉ាត់មួយ នៅទីក្រុងប៉េកាំង កាលពីខែឧសភា។ លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់សារជាថ្មីថា សម្តេចតេជោ និងកម្ពុជាគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាមិត្តគួរជាទីទុកចិត្តរបស់ប្រជាជនចិន និងប្រទេសចិន។ ក្នុងពេលបច្ចុប្បន្ននេះ ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ចិន គឺមានភាពល្អប្រសើរជាងពេលណាៗទាំងអស់។ មិនតែប៉ុណ្ណោះ ភាគី ទាំងពីរបានបន្តពង្រឹងនិងជំរុញទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនទៅអោយកាន់តែស្អិតរមួតថែមទៀត។ ដោយសារឆ្នាំ២០១៨ គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ភាគីទាំងពីរបានសន្យារៀបចំពិធីអោយបានល្អ និងប្តេជ្ញារួមគ្នាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំខ្លាំងឡើងថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយដោយបានជួប លោកប្រធានាធិបតីចិនសាជាថ្មីម្តងទៀតនៅថ្ងៃនេះ ហើយ សម្តេចតេជោ បានអបអរសាទរសារជាថ្មីជូនចំពោះ លោកប្រធានាធិបតី ស៊ី ជិនពីង ដែលត្រូវបានអង្គមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩ បោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុយនីស្តចិនសារជាថ្មីទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើដល់លោកប្រធានាធិបតីធ្វើយ៉ាងណាជួយជំរុញការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុឲ្យបានចេញជារូបរាង។ ព្រោះផ្លូវនេះ គឺឆ្លើយតបទៅនឹងចក្ខុវិស័យផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ហើយក៏ជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោកប្រធានាធិបតីចិន ពេញចិត្តចំពោះការដឹកនាំរបស់ សម្តេចតេជោ ដែលធ្វើអោយកម្ពុជាមានសន្តិភាព និងស្ថេរភាពនយោបាយមកទល់សព្វថ្ងៃ។ លោកក៏បានបញ្ជាក់ផងដែរថា ប្រជាជនចិនគោរពស្រឡាញ់សម្តេចតេជោ ហើយបានកំណត់ថា អ្នកដែលមានគុណមកលើប្រទេសចិន គឺមិត្តចិនត្រូវតែសងគុណទៅវិញ ពោលគឺប្រទេសចិននឹងបន្តជួយកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។ ចិនមិនលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាទេ ហើយមិត្តចិនក៏មិនចង់ឃើញបរទេសណាលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាដែរ។ ប៉ុន្តែមិត្តចិននឹងបន្តជួយគាំទ្រកម្ពុជាទាំងក្នុងកម្រិតតំបន់ និងកម្រិតអន្តរជាតិដោយគ្មានការងាករ៉េ។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតីចិន នឹងបន្តលើកទឹកចិត្ត និងជំរុញក្រុមហ៊ុនចិនទៅបណ្តាក់ទុនវិនិយោគ នៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមនឹងនោះ លោកប្រធានាធិបតីចិន បានសន្យានឹងជួយដោះបោសសម្អាតម៉ីន និងគ្រប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជាផងដែរ។ កិច្ចពិភាក្សារវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរគឺបានបញ្ចប់ដោយបរិយាកាសរីករាយស្និទ្ឋស្នាល ជាមួយលទ្ឋផលល្អ ហើយបានរឹតបន្តឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបតិការរវាងប្រទេសទាំងពីរកាន់តែល្អរឹងមាំបានមួយកម្រិតធំថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ