សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០

36

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមកម្មវិធីអាហារូបករណ៏សំខាន់ថ្មីនៃគម្រោងកម្មវិធីផ្លាស់ប្តូរវិស័យ អប់រំ ដែលមានថវិកា១០លានដុល្លារកាណាដា ដែលផ្តល់ការបណ្តុះបណ្តាលដល់យុវជន អ្នកជំនាញវ័យកណ្តាល ជាពិសេសស្រ្តីពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ សម្តេចតេជោបានសើ្នកាណាដាបន្តផ្តល់ជំនួយបច្ចេកទេស ដល់អាស៊ាន ជាពិសេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីលើកកំពស់ការអភិវឌ្ឍគម្រោងនវានុវត្តន៍ និងកំណើន សេដ្ឋកិច្ច ព្រមទាំងពិចារណាផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ ថ្នាក់ដឹកនាំអាស៊ាន និងកាណាដា បានឯកភាពគ្នាក្នុងការណែនាំដល់មន្រ្តីសេដ្ឋកិច្ច ចាប់ផ្តើមកិច្ចពិភាក្សារិះរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា ដ៏មានសក្តានុពលមួយ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន កាណាដា ក៏បានធ្វើការកត់សំគាល់ចំពោះភាពរីកចម្រើនទៅមុខ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន កាណា ដោយមាន ជំនឿជឿជាក់ថា ឆ្នាំ២០១៧គឺជាឆ្នាំដ៏ល្អសម្រាប់អាស៊ាន កាណាដា ក្នុងការពង្រឹងនិងពង្រីកសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមក ខណៈពេលដែលភាគីទាំងពីរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន កាណាដា បានធ្វើការពិចារណានូវគំនិតផ្តួចផ្តើមថ្មី មួយចំនួនរួមមាន ទី១ កំណត់ទិសដៅទំហំពាណិជ្ជកម្មសរុបមួយ ដែលអាចសំរេចបានក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ។ ២បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការទូតអាស៊ាន កាណាដា សម្រាប់ផ្តល់នូវវគ្គបណ្តុះបណ្តាល ឬវគ្គប្រហាក់ប្រហែលដល់មន្រ្តីការទូត ឬមន្រ្តីអាស៊ាន។ ៣ពិនិត្យលទ្ធភាពបង្កើតគំនិតផ្តួចផ្តើមស្តីពីអ្នកការទូតវ័យក្មេងអាស៊ាន សម្រាប់ រយៈពេល៥ឆ្នាំ ដែលអាចផ្តល់ឱកាសដល់អ្នកការទូតវ័យក្មេង ចំនួនបីប្រទេសសមាជិកអាស៊ាន និងកាណាដា ដើម្បីពង្រឹងជំនាញរបស់ពួកគេ ក្នុងអាជីពជាអ្នការទូត។ មេដឹកនាំអាស៊ាន និងកាណាដា ក៏បានធ្វើការពិភាក្សាលើបញ្ហាជាច្រើន ដែលទាក់ទិនទៅនិងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងកាណាដា ដើម្បីឲ្យឈានដល់ចំណុចថ្មីមួយទៀត នៅពេលអនាគតដ៏ខ្លីខាងមុខ៕