សម្ដេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីរុស្សី

នៅល្ងាចថ្ងៃ១២ វិច្ឆិកាដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឌីមេទ្រី ម៉ាក់ម៉េដេវ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធរុស្សី។

ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សី បានមានសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបសម្តេចក្នុងឆ្នាំ២០១៤-២០១៥ និងឆ្នាំ២០១៦ ក្នុងពេលដែលឯកឧត្តមអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា និងដំណើរទស្សនកិច្វរបស់សម្តេចតេជោ ទៅកាន់ប្រទេសរុស្សី។ ឯកឧត្តមបន្តថា ឆ្នាំ២០១៧នេះគឺ ជាខួប៦០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយកាលពីថ្ងៃទី៩វិច្ឆិកាកន្លងទៅថ្មីៗនេះ ឯកឧត្តមបានផ្ញើសារចូលរួមអបអរសាទរខួបលើកទី៦៤ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្ដម បានបន្តថា បច្ចុប្បន្ននេះទំនាក់ទំនងប្រទេសទាំងពីរគឺមានភាពល្អប្រសើរខ្លាំងណាស់ ព្រមទាំងបានដើរទៅមុខយ៉ាងលឿន ហើយការពិភាក្សារបស់យើងនៅថ្ងៃនេះ នឹងជួយជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពថា ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ៦០ឆ្នាំកន្លងមកនេះ គឺបានបង្ហាញនូវភាពកាន់តែចាស់ទុំ និងរឹងមាំសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមបន្តថា ឯកឧត្តមមានចក្ខុវិស័យល្អក្នុងការជំរុញកំណើន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអោយកាន់តែធំឡើងៗថែមទៀត លើអ្វីដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខារួចមក ហើយដែលបាននិងកំពុងអនុវត្ត ហើយថ្មីៗនេះឯកឧត្តមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីធ្វើការជួសជុលមន្ទីរពេទ្យរុស្សី ដែលបានសាងសង់ឡើងកាលពីទសវត្ស៦០ ដែលនឹងត្រូវធ្វើការជួសជុលនៅពេលដ៏ខ្លីខាងមុខ ក្រោមជំនួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលរុស្សី។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីបំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ការពិភាក្សាឲ្យមានការហោះហើរត្រង់ពីប្រទេសរុស្សីមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីកម្ពុជាបានពង្រីកបណ្តោយផ្លូវសម្រាប់យន្តហោះរត់ចុះឡើងរួចមកនោះ។ លើបញ្ហាបំណុលនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សីស្វាគមន៍ក្នុងការបង្កើតក្រុមការងារ ដើម្បីដោះស្រាយជូនប្រទេសកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សីក៏បានចាត់ទុកថា កម្ពុជា គឺជាមិត្តដ៏ល្អជិតស្និទ្ធ របស់ប្រទេសរុស្សី និងបានចាត់ទុកថា កម្ពុជានឹងបន្តមានស្ថេរភាពនយោបាយ ដោយមិនអាចមានបរទេសណាចូលជ្រៀតជ្រែកបានឡើយ។ ជាមួយនឹងសំណើរសុំពីសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សីមានប្រសាសន៍ថា រុស្សីនឹងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨ និងត្រៀមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទៅធ្វើការត្រួតពិនិត្យដំណើរការបោះឆ្នោតនេះផងដែរ។ ក្នុងជំនួបពិភាក្សាគ្នានេះដែរ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសចលនាបដិវត្តន៍ពណ៌ ដោយយកចិត្តទុកដាក់ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ