សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន – APEC ឆ្នាំ២០១៧

នៅរសៀលថ្ងៃទី១០ វិច្ឆិកា ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន -APEC ឆ្នាំ២០១៧ ដែលធ្វើឡើងនៅនៅរម្មណីដ្ឋានលំហែកាយមាត់សមុទ្រ Furama ទីក្រុងដាណាំង នៃតំបន់ភូមិភាគ កណ្តាល សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ គឺមានការយាង និងអញ្ជើញចូលរួមពីបណ្តាមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងបណ្ដាមេដឹកនាំនៃប្រទេសសមាជិកផ្សេងទៀតជាច្រើនរូប។ នៅក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ បានថ្លែងថា APEC គឺស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ ពោលគឺពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងអាស៊ី-ប៉ាស៊ីហ្វីក ដែលកំពុងផ្លាស់ប្តូរ គឺកំពុងបង្ហាញឲ្យយើងនូវកាលានុវត្តភាព និងការប្រឈមដែលពុំធ្លាប់មានពីមុន។ ឯកឧត្តម ប្រធានមានប្រសាសន៍បន្តថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ របៀបវារ:ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ បានផ្តល់នូវមូលដ្ឋាន យ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាសកលប្រកបដោយចីរភាព បរិយាប័ន និងសមធម៌។ នៅឆ្នាំ២០១៧នេះ APEC នឹងបន្តពន្លឿនការសម្រេចគោលដៅទីក្រុង Bogor នៃការធ្វើពាណិជ្ជកម្មនិងវិនិយោគដោយសេរី និងបើកទូលាយនៅឆ្នាំ២០២០ ជាមួយនិងភាពបន្ទាន់ថ្មី ក៏ដូចជាលើកកម្ពស់ទិដ្ឋភាពបីផ្នែក នៃការតភ្ជាប់រូបវ័ន្ត ស្ថាប័ន មនុស្សនិងមនុស្ស។ កិច្ចខិតខំប្រឹងប្រែងបន្តជាថ្មី និងត្រូវការសម្រាប់ APEC ដើម្បីបន្តជាអ្នកដឹកនាំ នៃសមាហរណកម្មសេដ្ឋកិច្ច តំបន់ឲ្យកាន់តែស៊ីជម្រៅ។ នៅក្នុងសុន្ទរកថាបើកកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន – APEC ឆ្នាំ២០១៧ នោះដែរ ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ ប្រធាននាធិបតីសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន បានគូសបញ្ជាក់ពីអាទិភាពមួយចំនួនរបស់ APEC ទី១) ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព ការច្នៃប្រឌិត និងបរិយាប័ន ទី២)ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ទី៣) ពង្រឹងភាពប្រកួតប្រជែង និងនវានុវត្តន៍របស់សហគ្រិនមីក្រូធុនតូច និងមធ្យម នៅក្នុងយុគសម័យឌីជីថល និងទី៤លើកកម្ពស់សន្តិសុខ ស្បៀងនិងកសិកម្មប្រកបដោយចីរភាព ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ “ ការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីថាមភាពថ្មី សម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយ នៃអាស៊ី-ប៉ាស៊ីហ្វីក “ ដោយបានធ្វើការគូសបញ្ជាក់ថា ពិតណាស់អាស៊ាន និង APEC គឺជាដៃគូយ៉ាងសំខាន់ និងមានគោលដៅរួមដូចគ្នា ពោលគឺការជម្រុញកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព នវានុវត្តន៍ និងបរិយាប័ន ព្រមទាំងការធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្នុងស្មារតីនេះ តំបន់យើងទាំងពីរពិតជា នៅមានឱកាសច្រើន ក្នុងការសហការគ្នា ដើម្បីស្វែងរកប្រភពកំណើនថ្មីៗ ពង្រឹងនវានុវត្តន៍ គាំទ្របណ្តាញផលិតកម្មតំបន់ ក៏ដូចជាការកាត់បន្ថយឧបសគ្គដែលរាំងស្ទះដល់សមាហរណកម្ម តាមរយះការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ដែលជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងបើកចំហរតំបន់របស់ APEC ហើយនេះក៏អាចជា ការបោះជំហានដ៏ល្អមួយ សម្រាប់ការជម្រុញពាណិជ្ជកម្មសេរី ក្នុងពិភពលោក។ សម្តេចតេជោក៏បានលើកឡើងដែរថា ការចូលរួមរបស់អាស៊ានជាមួយនឹង APEC មានកម្រិតមិនទាន់ពេញលេញនៅឡើយ ដោយសារប្រទេសអាស៊ាន ចំនួនបីទៀត រួមមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅមិនមែនជាសមាជិករបស់ APEC នៅឡើយ ក្នុងន័យនេះ សម្តេចបានស្នើដល់ថ្នាក់ដឹកនាំនៃប្រទេស APEC ទាំងអស់ ពិចារណាដាក់បញ្ចូលប្រទេសទាំងបីនេះ ជាសមាជិក APEC ដើម្បីឲ្យអាស៊ាន មានឱកាសចូលរួមចំណែកយ៉ាងសកម្មនិងពេញលេញ ក្នុងការសម្រេចបាននូវគោលដៅរួម និងភាពរុង រឿងក្នុងតំបន់។ លើសពីនោះទៅទៀត ដើម្បីបន្តរក្សានូវតួនាទីស្នូលរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូ សន្ទនាទាំងក្នុងនិងក្រៅតំបន់ សម្តេចក៏បានស្នើឲ្យអញ្ជើញប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ដើម្បីចូលរួមជាទៀងទាត់ប្រចាំឆ្នាំ ក្នុងកិច្ចប្រជុំកំពូល APEC។ បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ និងលោកជំទាវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនិងជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស APEC និងប្រទេសដៃគូសន្ទនាអាស៊ាន ដែលបានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៧ និងកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន – APEC ឆ្នាំ២០១៧ នៅតំបន់លំហែរកាយមាត់សមុទ្រ ទីក្រុងដាណាំង តំបន់ភូមិភាគកណ្តាល នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដ៏ស្រស់បំព្រងនេះយ៉ាងស្និទ្ធស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ