សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៥

12

នៅល្ងាច​ថ្ងៃទី១៤ វិច្ឆិកា ២០១៧នេះ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណា​ចក្រ​កម្ពុជា បានអញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា​លើក​ទី១៥ នៅទី​ក្រុង​ម៉ានីល ប្រទេសហ្វី​លីពីន។

នៅក្នុង​កិច្ច​ប្រជុំនេះ មេដឹកនាំ​​អាស៊ាន-ឥណ្ឌា បានអប​អរសាទរ រំលឹកខួប​អនុស្សាវ​រីយ៍​២៥ឆ្នាំ នៃទំ​នាក់​ទំនងដៃគូសន្ទនាអាស៊ាន ឥណ្ឌា និងការរៀបចំនូវសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ និងបានធ្វើការគាំទ្ររួមគ្នា ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ឥណ្ឌា ដែលនឹងប្រារព្វធ្វើឡើងនៅទីក្រុងញ៉ូដេលី ក្នុងខែមករាឆ្នាំ២០១៨ និងត្រៀមសហការជាមួយប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ដើម្បីសំរេចបាននូវលទ្ធផលនៃកិច្ចប្រជុំនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឥណ្ឌា ឲ្យដើរតួនាទីគន្លឹះ ក្នុងការធ្វើឲ្យសម្រេចបាននូវផ្លូវហាយវ៉េ ត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងបន្តដល់ទ្បាវ និងកម្ពុជា និងការកសាងផ្លូវហាយវ៉េថ្មីតភ្ជាប់ឥណ្ឌា-មីយ៉ាន់ម៉ារ-ទ្បាវ-វៀតណាម-កម្ពុជា។

ទាក់ទងនឹងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃតួនាទីស្នូល និងការឯកភាពគ្នារបស់អាស៊ាន ក្នុងយន្តការនានា ដែលនាំមុខដោយអាស៊ាន ជាពិសេសក្នុងដំណើរការវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ និងក្នុងទំនាក់ទំនងខាងក្រៅ ជាមួយដៃគូ សន្ទនាអាស៊ាន និងដៃគូដទៃទៀត ក្នុងខណៈពេលដែលការប្រកួតប្រជែងរបស់មហាអំណាចមួយចំនួន កំពុងជះឥទ្ធិពលមកលើប្រទេសសមាជិកអាស៊ាននីមួយៗ ដែលអាចនឹងនាំផលប៉ះពាល់ទៅដល់សាមគ្គីភាព និងសម្លេងតែមួយរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហារួមក្នុងតំបន់ និងចំពោះការឆ្លើយតបទៅនឹងដៃគូសន្ទនានាន ៕

ចែករំលែក