សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២

55

សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រកម្ពុជា បានអញ្ជើញ​ចូលរួម​កិច្ច​ប្រជុំកំពូលអា​ស៊ី​បូព៌ាលើកទី១២ ដែលធ្វើឡើងនៅ Reception Hall​ (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងកិច្ច​ប្រជុំកំពូល​អាស៊ីបូព៌ា​លើកទី១២នេះ មេដឹកនាំទាំងអស់​បានអះអាង​ជាថ្មី​ចំពោះ​ការពិនិត្យ​ឡើង​វិញ និងទិសដៅ​អនាគត​ នៃកិច្ចប្រជុំកំពូល​អាស៊ីបូព៌ា ដោយ​សង្កត់​ធ្ងន់លើកា​រផ្លាស់ប្តូរ​ទស្សនៈ​ស្តីពីប​ញ្ហា តំបន់ និងអន្តរជាតិ ដែលមាន​ការ​យកចិ​ត្តទុក​ដាក់រួម ដូចជា​បញ្ហា​សមុទ្រចិន​ខាង​ត្បូង ឧបទ្វីបកូរ៉េ និង ការប្រយុទ្ធ​ប្រឆាំង​និងភេរវកម្ម ។ កិច្ចប្រជុំកំពូលបា​ន​បង្ហាញ​នូវការ​បន្ត​គាំទ្រ​ពង្រឹង​ដំណើរ​អភិក្រម នៃកិច្ច​ប្រជុំ​អាស៊ីបូ​ព៌ា ដែល​ជាវេទិកា​ថ្នាក់​ដឹក​នាំ​សម្រាប់ការ​ពិភាក្សា​លើ​បញ្ហា​យុទ្ធ​សាស្រ្ត​ទូលំ​ទូលាយ​នយោ​បាយ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ ។

សម្តេចតេ​ជោនាយ​ករដ្ឋមន្ត្រី បានធ្វើការ​កត់​សម្គាល់ លើបញ្ហា​ឧបទ្វីបកូរ៉េ កម្ពុជាបាន​សម្តែងការព្រួយបា​រម្ភពីការ​វិវត្តថ្មីៗ នៅឧបទ្វីបកូរ៉េ ជាពិសេសការ សាកល្បង​នុយក្លេអ៊ែរ និងការ​បាញ់មីស៊ីលឆ្លងទ្វីប​ជាបន្តបន្ទាប់របស់​កូរ៉េខាងជើង ដែលបង្កការ​គំរាម​កំហែង​ដល់សន្តិភាព និងសន្តិសុខ​សកល​លោក និងរំលោភ​លើសេចក្តី​សម្រេច​របស់ក្រុមប្រឹក្សា សន្តិសុខអ​ង្គការ​សហប្រជាជាតិ។

កម្ពុជាយក​ចិត្តទុក​ដាក់​លើការ​រក្សា​សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងគាំទ្រការលុប​ចោល​កម្មវិធី​អាវុធនុយក្លេ​អ៊ែរ​នៅឧបទ្វីប​កូរ៉េ ដោយសន្តិវិធី។ ក្នុងន័យនេះ កម្ពុជាសូម​អំពាវនាវ​ដល់​ភាគីពា​ក់ព័ន្ធ​ទាំងអស់ ឲ្យមានភាពអ​ត់ធ្មត់ និងបញ្ឈប់​រាល់​សកម្មភា​ពទាំងឡាយណា ដែល​អាចបង្កើននូ​វភាពតា​នតឹង​ថែមទៀតនៅ​ឧប​ទ្វីបកូរ៉េ និងបន្ត​ប្តេ​ជ្ញាចិត្តធ្វើការ​សន្ទនា ប្រកប​ដោ​យការស្ថាប​នា និង​សន្តិវិធី ដើម្បីកាត់​បន្ថយ​នូវភាព​តាន​តឹង និងជំរុញ​ដល់​ដំណើរការកសាង ទំនុក​ចិត្តគ្នា​ទៅវិញទៅ​មក។ ទន្ទឹង​នឹងនេះ កម្ពុជាស្វាគមន៍ចំ​ពោះគំ​និតផ្តួច​ផ្តើម​នានា ដើម្បី​ធ្វើឲ្យ​ប្រសើរឡើងនូ​វទំនាក់​ទំនង​ជាមួយ​កូរ៉េខាង​ជើង។ “លើបញ្ហា​សមុទ្រចិ​នខាង​ត្បូង កម្ពុជា​តែងតែ​ផ្ត​ល់ត​ម្លៃដ​ល់កា​រ​ថែរក្សា និងលើក​កម្ពស់​សន្តិភាព ស្ថិរភាព និងវិបុល​ភាព នៅក្នុង​តំបន់​ដើម្បី​ផល​ប្រយោជន៍រួម។ កម្ពុជា​រក្សា​អព្យាក្រិត ហើយ​អំពាវ​នាវ​ឲ្យគ្រប់​ភាគី​ពាក់​ព័ន្ធទាំង​អស់ បន្តដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និងគ្មានកា​រ​គំរាមគំ​ហែង ឬប្រើប្រាស់​កម្លាំងយោធា ស្រ​បតាម​គោល​ការណ៍ នៃច្បាប់អ​ន្តរជាតិ ដែលទទួល​ស្គាល់​ជាសកល រួមទាំង អនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រ (UNCLOS 1982)៕