សហភាពអ៊ឺរ៉ុប​សន្យា​បន្ត​ជំនួយ​ជា​ថវិកា ដល់ដំណើរការ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីបញ្ហាជំនួយថវិការបស់សហភាពអឺរ៉ុប នៅក្នុងដំណើរការអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ជាបន្តទៀត។

ក្នុងជំនួបនោះ ឯកឧត្តម George Edgar បានបញ្ជាក់ថា សហភាពអឺរ៉ុបបានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារអឺរ៉ូ សម្រាប់ឆ្នាំ២០១៧ រហូតដល់ចុងឆ្នាំ២០១៩ ដោយបានបែងចែកជាបីភាគីគឺ៖ ភាគីជាតិ ភាគីអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើកិច្ចការនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ថវិកា៤លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយរបស់ភាគីជាតិក្នុងសាលាក្តីខ្មែរក្រហម នៅឆ្នាំ២០១៨។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ថវិកា៤ដុល្លារសហរដ្ឋអាមេរិកនេះ គឺស្មើនឹង៧០% នៃចំនួនថវិកាដែលភាគីជាតិត្រូវចំណាយ ហើយចំនួនថវិកាសរុប គឺមានចំនួន ៥,៨លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះភាគីជាតិនៅខ្វះថវិកាចំនួន១,៨លានដុល្លារសហរដ្ឋអាមេរិកទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យសហភាពអឺរ៉ុបជួយផ្តល់ការគាំទ្រសម្រាប់ថវិកាដែលនៅខ្វះនេះ។

ជាការឆ្លើយតប ឯកឧត្តម George Edgar បានថ្លែងថា សហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តទៅលើបញ្ហានេះ នៅត្រីមាសទី២ ឆ្នាំ២០១៨ ថាតើត្រូវផ្តល់ថវិកាចំនួនប៉ុន្មាន ទៅដល់ភាគីជាតិ ភាគីអន្តរជាតិ និងភាគីអង្គការមិនមែនរដ្ឋាភិបាលនោះ។ ឯកឧត្តមបានបន្ថែមថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានផ្តល់នូវមរតកនៃប្រព័ន្ធយុត្ថាធិការដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ បង្កើតមជ្ឈមណ្ឌលឯកសារ (បណ្ណាសារ) និងការសងជំងឺចិត្តតាមនិមិត្តរូប ដូចជាកសាងស្តូបនៅសារៈមន្ទីរជាតិគុកទួលស្លែងជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ