សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីិបិទអង្គមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិ កម្ពុជា

33

CNV: 

សូមក្រាបថ្វាយបង្គំ ព្រថេះរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!

ថ្នាក់ដឹកនាំ និងក្មួយៗ នៃកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា” ដែលបានរៀបចំយ៉ាងឱឡារិកនាពេលនេះ។ វត្តមានក្នុងឱកាសដ៏ថៃ្លថ្លានេះ គឺជាមូល ដ្ឋានដ៏មានតម្លៃ សម្រាប់ជំរុញលើកទឹកចិត្តក្មួយៗកាយរឹទ្ធិជាតិកម្ពុជា ឱ្យកាន់តែមានឆន្ទៈ, មោទនភាព​ចំពោះខ្លួនឯង និងចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយ ដែលកាយរឹទ្ធិជាតិកម្ពុជាខិតខំសម្រេចបាន ក្នុងរយៈពេលកន្លងមក។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក លោក​ស្រី មកពីអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ និងអង្គការសមាគមជាតិកាយរឹទ្ធិ នៃបណ្តាប្រទេស​ក្នុង​តំបន់​ឤ​ស៊ីប៉ាស៊ីហ្វិក។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះស្មារតីប្រកបដោយ​ការ​ទទួល​ខុស​ត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា និងកាយរឹទ្ធិជាតិកម្ពុជា ក្នុងការអនុវត្តបានយ៉ាងល្អទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងកិច្ច​ខិតខំ​ប្រឹង​ប្រែងជំរុញលើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតា​គ្រប់​រូប, ប្រជាជនក្នុងសហគមន៍, ឤជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ និងកសាងពន្លកយុវ​វ័យ​កម្ពុជា ក្នុងកម្មវិធី និងវិធីសាស្ត្រកាយរឹទ្ធិជាតិកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមរំឭកឡើងវិញ អំពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ សម្តេចវិបុលបញ្ញា សុខ ឤន ដែលបានចូលរួមចំណែកចាប់តាំងពីមហាសន្និបាតលើកទី ១ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០០៦ នៃការបង្កើតចលនាកាយរឹទ្ធិជាតិកម្ពុជាឡើងវិញ និងបានជំរុញការអភិវឌ្ឍចលនា​កាយ​រឹទ្ធិជាតិកម្ពុជា រហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិអង្គការពិភពលោក នៃចលនាកាយរឹទ្ធិនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០៨ និងបានធ្វើឱ្យចលនាកាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែ​ទូលំ​ទូលាយ ទាំងនៅ​លើ​ឆាកជាតិ និងឆាកអន្តរជាតិ។ តាមរយៈនេះ ខ្ញុំសូមឧទ្ទិសសមិទ្ធផលដ៏ត្រចះត្រចង់​ទាំងនេះ​ជូនសម្តេច​វិបុល​បញ្ញា និងមេដឹកនាំកាយរឹទ្ធិទាំងអស់ ដែលលះបង់ និងធ្វើពលិកម្មដល់​ចលនា​កាយរឹទ្ធិជាតិ​កម្ពុជា​នា​ពេល​កន្លងមក។

ជារួម តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានលើកឡើងមុននេះបន្តិចដោយ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានបង្ហាញឱ្យឃើញពីការវិវឌ្ឍរីកចម្រើន នៃចលនាកាយរឹទ្ធិជាតិកម្ពុជា ដែលមានកំណើនសមាជិក នៅក្នុង​ស្រទាប់​កុមារ-យុវជនគ្រប់មជ្ឈដ្ឋាន ចំនួនជាង ១៣ ម៉ឺននាក់ នៅទូទាំងប្រទេស។ ជាការពិត កំ​ណើន​សមា​ជិក​ដ៏​ធំនេះ ស្តែងឡើងតាមរយៈកម្មវិធីផ្សព្វផ្សាយ និងការពង្រីកសមាជិកកាយរឹទ្ធិក្នុងស្រទាប់យុវជន, ការ​ធ្វើ​អំពើ​ល្អនៅតាមទីសាធារណៈ និងសកម្មភាពជួយសហគមន៍, ការពង្រឹងនូវភាពជាអ្នកដឹកនាំ និងការ​បណ្តុះ​បណ្តាល​ជំនាញកាយរឹទ្ធិកម្ម ដល់មេដឹកនាំកាយរឹទ្ធិនៅគ្រប់លំដាប់ថ្នាក់ ពិសេស មេកងឯកភាព​ដែលជា​សកល​វិទ្យា​ធិការ, នាយក-នាយិកាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស។

ជាងនេះទៅទៀត សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីសក្តានុពល នៃធនធានមនុស្ស និងកិច្ចខិតខំ​ប្រឹង​ប្រែង​របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យចលនាកាយរឹទ្ធិជាតិកម្ពុជាកាន់តែមាន​សកម្មភាព​ល្អ​ប្រសើរនៅពាសពេញផ្ទៃប្រទេស ព្រមទាំងឆ្លើយតបនឹង “គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជន​កម្ពុជា” សំដៅជំរុញចលនាកាយរឹទ្ធិឱ្យក្លាយជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព សម្រាបការងារអប់រំ និង ហាត់ពត់លត់ដំ, ទាំងគំនិតប្រាជ្ញាស្មារតី ព្រមទាំងកាយសម្បទារបស់យុវជនកម្ពុជាឱ្យសកម្ម​ខ្លាំងក្លា​ថែម​ទៀត។

ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, ក្រោមកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង​បំផុតរបស់​ថ្នាក់​ដឹកនាំ, សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាជន​គ្រប់​រូប, ប្រទេសជាតិត្រូវបានស្តារ និងកសាងឡើងវិញលើគ្រប់វិស័យ ដោយជម្នះបាននូវរាល់ការលំបាក​គ្រប់​បែប​យ៉ាង ព្រមទាំងបានធ្វើឱ្យប្រជាជនកម្ពុជារួចផុតពីគ្រោះអត់ឃ្លាន និងទទួលបាននូវសិទ្ធិរស់រាន​មាន​ជីវិត, មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, សិទ្ធិប្រកបមុខរបរចិញ្ចឹមជីវិត និងជ្រើសរើសកន្លែងរស់​នៅ​តាម​បំ​ណង​ប្រាថ្នារៀងៗខ្លួន។ លើសពីនេះ ស្ថិតក្នុងបរិយាកាសសុខសន្តិភាព, ឯកភាពទឹកដី, ឯកភាពជាតិ និង​ស្ថិរភាពនយោបាយ ដែលកើតចេញពីនយោបាយឈ្នះឈ្នះ និងការប្រកាន់​ខ្ជាប់នូវ​គោល​ការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់, កម្ពុជា​សម្រេច​បាន​នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ​ក្នុងរយៈពេលប៉ុន្មានទស​វត្ស​រ៍​ចុង​ក្រោយនេះ ​ជាពិសេស ការសម្រេចបាននូវបង្គោលចរមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺការ​ក្លាយខ្លួនជាប្រទេសចំ​ណូល​មធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ កន្លងទៅ ក៏ដូចជា ការសម្រេច​បាន​នូវ​គោល​ដៅអភិវឌ្ឍន៍​សំខាន់ៗ​ផ្សេង​ទៀត។

សមិទ្ធផលនេះ គឺជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយចាប់ផ្តើមពីបាតដៃទទេ និងក្នុងដំណើរ​ឆ្លង​កាត់​ដ៏វែងឆ្ងាយ, បត់បែន និងការលំបាកច្រើនរាប់មិនអស់ ហើយទទួលបាននូវការសាទរ និងការទទួល​ស្គាល់​ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយស្មើមុខ និងស្មើសិទ្ធិ ជាពិសេស បានផ្តល់នូវក្តីសង្ឃឹម និងភាព​ជឿ​ជាក់ ចំពោះជោគវាសនាអនាគតរបស់ប្រជាជនគ្រប់រូប និងប្រទេសជាតិទាំងមូល ក្នុងដំណើរឆ្ពោះទៅ​សម្រេច​បាននូវបង្គោលចរថ្មីទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង មានសម​ធម៌​សង្គម ព្រមទាំងការថែរក្សាបរិស្ថានកាន់តែល្អប្រសើរ។ ទាំងអស់នេះ គឺជាមូលដ្ឋានដ៏រឹងមាំ គាំទ្រ​ដល់​សកម្ម​ភាពចលនាកាយរឹទ្ធិជាតិកម្ពុជា និងការគិតគូរពង្រឹង និងពង្រីកសកម្មភាពអប់រំបណ្តុះបណ្តាល ដើម្បី​អនាគតដ៏ភ្លឺស្វាងរបស់យុវជនជំនាន់ក្រោយរបស់កម្ពុជា។

ឈរលើមូលដ្ឋាននៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីធ្វើឱ្យ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​កាន់តែស័ក្តិសមជាសមាជិកអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ ព្រមទាំងឆ្លើយតប និង​អនុ​វត្ត​តាម​ខ្លឹម​សារ​ធម្មនុញ្ញ, បទបញ្ជាផ្ទៃក្នុង និងផែនការយុទ្ធសាស្ត្រកាយរឹទ្ធិជាតិកម្ពុជាឆ្នាំ ២០១៨/២០២០ ដែលអនុម័ត​ដោយអង្គមហាសន្និបាតវិសាមញ្ញនាព្រឹកនេះ ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាង​ក្រោម៖

ទី ១. ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា, ថ្នាក់ជាតិ, ថ្នាក់រាជធានី/ខេត្ត, ថ្នាក់ក្រុង ស្រុក/ខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ ដោយជំរុញការលើក​កម្ពស់​ការងារអប់រំ និងបណ្តុះបណ្តាលធនធានកុមារ/យុវជន សំដៅលើកទឹកចិត្តអោយមានការស្ម័គ្រចិត្ត​ ចូលរួមក្នុងចលនាកាយរឹទ្ធិឱ្យបានកាន់តែច្រើនកុះករ ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ សម្រាប់គ្រប់គ្រងកម្លាំងក្មួយៗកាយរឹទ្ធិនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យបានល្អប្រសើរ។

ទី ២. កាយរឹទ្ធិជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់លើការចាត់តាំងមេដឹកនាំកាយរឹទ្ធិ ដែលមានសមត្ថភាព និង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងគណៈកម្មការកាយរឹទ្ធិថ្នាក់តំបន់ និងពិភពលោក ព្រមទាំងគណៈកម្មការជំនាញផ្សេងៗ នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ។

ទី ៣. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាពរយៈពេលវែង មធ្យម និងខ្លីរបស់ខ្លួន និងកៀរគរ ធនធានពីសប្បុរសជន ក្នុងការបង្កើត “មូលនិធិកាយរឹទ្ធិ” គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រ​​ដល់​សកម្ម​​ភាពកាយរឹទ្ធិជាតិកម្ពុជាទូទាំងប្រទេស។

ទី ៤. ត្រូវបន្តរៀបចំ និងជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងសកម្មភាពការងារកាយរឹទ្ធិជាតិ​កម្ពុជាថ្នាក់​​រាជ​ធានី/ខេត្ត និងក្រុង/ស្រុក/ខណ្ឌ ឱ្យមានដំណើរការកាន់តែល្អប្រសើរ ជាពិសេស ត្រូវរៀបចំ “គោលនយោ​បាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិរៀមច្បង” និងបង្កើតឱ្យបាននូវ “ក្រុមប្រឹក្សាកាយរឹទ្ធិរៀមច្បង” ដើម្បី​បន្ត​យក​ចិត្ត​ទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទ្ធិទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រ​ទុតិយ​ភូមិ និងដែលបានមកបន្តការសិក្សាក្នុងថ្នាក់ឧត្តម សិក្សានៅគ្រប់បណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំង​សាធារ​ណៈ និងឯកជននៅទូទាំងប្រទេស។

ទី ៥. បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ និងគ្រប់បណ្តា​អង្គការ​ចលនា​កាយរឹទ្ធិផ្សេងៗក្នុងពិភពលោក និងតំបន់ សំដៅផ្លាស់ប្តូរកម្មវិធីកាយរឹទ្ធិ, ការបណ្តុះបណ្តាលជំនាញ​កាយរឹទ្ធិ និងអភិវឌ្ឍន៍សមត្ថភាពមេដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និងពិភពលោក ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាល និងការបោះជំរុំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាព​ជាតិ​លើ​ឆាកអន្តរ​ជាតិ។

ទី ៦. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុសដល់កាយរឹទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដូចជាការបោះជំរុំកាយរឹទ្ធិប្រចាំឆ្នាំ, ទិវាជួបជុំគ្រួសារកាយរឹទ្ធិ​ទូទាំង​ប្រ​ទេសប្រចាំឆ្នាំ, ទិវារំឭកគុណស្ថាបនិកកាយរឹទ្ធិពិភពលោក និងកម្ពុជា, ទិវាកាយរឹទ្ធិក្លាហាន, ទិវាកន្សែង​កាយ​រឹទ្ធិ​ពិភពលោក, ទិវាសន្តិភាពអន្តរជាតិ និងទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិជាដើម។

ក្នុងន័យនេះ ខ្ញុំមានជំនឿថា ឯកឧត្តម លោកជទាំវ លោក លោកស្រី នឹងបន្តខិតខំពង្រឹង​ការដឹក​នាំ​ការ​ងារ​កាយរឹទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ សំដៅកសាងឱ្យបាននវូកម្លាំងកាយរឹទ្ធិមួយដ៏អង់ឤចក្លាហាន, មាន​​សមត្ថភាពគ្រប់គ្រាន់, មានស្មារតីទទួលខុសត្រូវ ដើម្បីឱ្យកម្លាំងកាយរឹទ្ធិនេះក្លាយជាកម្លាំងដ៏ភក្តីភាព និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ចំពោះមុខក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និងគណៈកម្មាធិការ​ប្រតិ​បត្តិ​កាយរឹទ្ធិជាតិកម្ពុជាទាំងថ្នាក់ជាតិ, ថ្នាក់រាជធានី/ខេត្ត និងថ្នាក់ក្រុង/ស្រុក/ខណ្ឌ សម្រាប់ឤណត្តិទី ៣ តាម​ស្មារតីអង្គមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា ចាប់ពីពេលនេះតទៅ និងសូមជូនពរឱ្យសម្រេច​ជោគ​ជ័យក្នុងភារកិច្ចរបស់ខ្លួន។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

យល់ព្រមតាមសំណើធ្វើជាគរុគុណ

អម្បាញ់មិញ ខ្ញុំគ្រាន់តែប្រកាសទទួលស្គាល់នូវក្រុមប្រឹក្សានៅថ្នាក់ក្រោមទេ តែខ្ញុំអត់ទាន់បានប្រកាស​ទទួល​ស្គាល់ខ្លួនឯងទេ។ អ្នកទាំងឡាយបានអញ្ជើញខ្ញុំ និងភរិយា ដើម្បីធ្វើជាគរុគុណ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះអង្គមហាសន្និបាត ហើយសូមទទួលយកដោយការពេញចិត្ត។ ពិតហើយ ថ្ងៃនេះ គឺមិនមានការធ្វើអត្ថាធិប្បាយណាវែងឆ្ងាយទេ ដោយសារតែស្អែកនេះត្រូវមានមួយវេទិកា ជាមួយនឹងកម្មករ ហើយម្យ៉ាងទៀតប្រហែលជាបានដឹងហើយថា ប៉ុន្មានថ្ងៃមុននៅចិន បន្ទាប់ទៅនៅសៀមរាប ដល់ម្សិល​មិញ​នៅ​ភ្នំពេញជាមួយនឹងនាយករដ្ឋមន្ត្រីបង់ក្លាដេស ដែលមិនទាន់ចាកចេញផងទេ ហើយថ្ងៃនេះមកទីនេះ នៅ​មានកម្មវិធីជាប់យ៉ាងដូច្នេះ។

ពិភពលោកនឹងមានការស្ងប់ស្ងាត់ តាមរយៈនៃការសន្ទនាដោយស្មារតីស្ថាបនា

សង្ឃឹមថា យើងធ្វើការត្រឹមក្របខណ្ឌកាយរឹទ្ធិ ខ្ញុំមិនចង់ទាញទៅចំណែកវែងឆ្ងាយទាក់ទង​ជាមួយនឹងបញ្ហា​ផ្សេងៗរបស់ប្រទេស ឬក៏សភាពការណ៍អន្តរជាតិ ដែលកំពុងតែវិលវល់ជុំវិញបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលឥឡូវនាំគ្នាខ្លាច។ ខ្លាចនោះចាប់ផ្តើមខ្លាចយកមែនទែនហើយ មិនមែនខ្លាចលេងទេ។ តាំងពីកូរ៉េខាង​ជើង​ដាក់មួយគ្រាប់តាំងពីអាទិត្យមុននេះ គេចាត់ទុកថា បាញ់ដល់កន្លែងណាក៏ដល់ដែរ។ ឥឡូវនេះ គម្រាម​គ្នាចុះគម្រាមគ្នាឡើង កូរ៉េខាងជើងគម្រាមពេញពិភពលោក នាំគ្នាខ្លាចកូរ៉េខាងជើងអស់ហើយឥឡូវហ្នឹង។ សង្ឃឹមថា ពិភពលោកនឹងមានការស្ងប់ស្ងាត់ តាមរយៈនៃការសន្ទនាដោយស្មារតីស្ថាបនា។ ហើយប្រ​ហែល​​ជាកម្ពុជាជាប្រទេសតូចមួយ មិនមែនជាគោលដៅនៃការវាយប្រហាររបស់នុយក្លេអ៊ែរពីកូរ៉េខាងជើង ឬ​ពីភេរវកម្មនោះទេ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា” នៅពេលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ៖ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក