ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី២បានចាប់ផ្តើមហើយនៅលើទឹកដីអង្គរនាព្រឹកមិញនេះ!

RAID Amazones ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក មានសុទ្ធតែនារីជាអ្នកចូលរួម ដោយចាប់គូគ្នា២នាក់ ឬ៣នាក់ដើម្បីរត់ ជិះកង់ និងចែវទូក។ កីឡានេះ បង្កើតឡើងដោយអតីតពិធីករទូរទស្សន៍ជនជាតិបារាំងឈ្មោះ ALEXANDER DEBANNE មានរយៈពេល១៥ឆ្នាំមកហើយ និងបានធ្វើនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះនេះជាលើកទី២សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅក្នុងទឹកដីអង្គរ។

កម្មវិធីនេះបានប្រារព្ធពិធីបើកនៅសណ្ឋាគារប៉ារ៉ាឌីស វីឡា អង្គរ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី លោក ALEXANDER DEBANNE អ្នករៀបចំកម្មវិធី និងលោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធី។

លោក ហ៊ុន សុជាតិ បានឲ្យដឹងថា នេះជាមោទនភាពណាស់សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះជាលើកទី២នៅលើទឹកដីអង្គរសម្រាប់ព្រឹត្តិការណ៍កីឡា RAID Amazones លំដាប់ពិភពលោក។ នៅក្នុងឆ្នាំនេះ មានកីឡាការនីចូលរួមចំនួន៣៤៧នាក់ មានអាយុចាប់ពី២៨ឆ្នាំដល់៥០ឆ្នាំ មកពីប្រទេសបារាំង ស្វីស បែលហ្សិក កាណាដា និងបណ្តាប្រទេសមួយចំនួនតូចទៀតដែលនិយាយភាសាអង់គ្លេស។

លោក សុជាតិ បន្តទៀតថា កម្មវិធីកីឡានេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តស្ត្រីថា ពួកគាត់ក៏អាចធ្វើការងារនិងចូលរួមកីឡាបានដូចបុរសដែរ ទាំងរត់ចម្ងាយ ជិះកង់ និងចែវទូក ដែលនេះជាវិញ្ញាសារបានកំណត់ក្នុងកម្មវិធីរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៧។ តាមរយៈព្រឹត្តិការណ៍កីឡានេះ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន ជាក់ស្តែងពេលរត់ចម្ងាយ ពួកគេនឹងបានស្គាល់ពីប្រាង្គប្រាសាទដ៏ច្រើនសន្ធឹករបស់ខ្មែរ ពេលជិះកង់ពួកគេបានស្គាល់ពីការរស់នៅរបស់ប្រជាជន ភូមិសាស្រ្ត ទិដ្ឋភាពវាលស្រូវ វាលស្រែដ៏ស្រស់ស្អាត និងពេលចែវទូក ពួកគេនឹងបានស្គាល់ពីសក្តានុពលទេសចរណ៍នៅបឹងទន្លេសាបនៃកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា RAID Amazones នឹងរៀបចំជាលើកទី៣នៅលើទឹកដីអង្គរម្តងទៀត នាខែមីនា ឆ្នាំ២០១៨ ដែលមានកីឡាការនីចូលរួមចំនួន២៥០នាក់បន្ថែមទៀត។ ចំនួននេះគឺដោយសារអ្នកចូលរួមនៅវគ្គទី២មានច្រើនលើសកំណត់។ នេះជាមោទនភាពណាស់ ដែលការរៀបចំកីឡា RAID Amazones កាលពីឆ្នាំ២០១៤បានជោគជ័យយ៉ាងខ្លាំង ធ្វើឲ្យអ្នកចូលរួមចាស់ថ្មី មានបំណងចង់មកកាន់ទឹកដីអង្គរជាថ្មី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ