នាយក​រដ្ឋ​មន្រ្តី​បង់ក្លា​ដេស បានស្នើឲ្យ​ពង្រឹង ​ពង្រីកកិច្ចសហ​ប្រតិ​បត្តិការរវាង​រដ្ឋសភា​កម្ពុជា និងបង់ក្លា​ដេស​បន្ថែម​ទៀត

លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃ​សាធារណ​រដ្ឋប្រជាមានិតបង់ក្លាដេស បានស្នើដល់ សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ជួយ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាបង់​ក្លា​ដេស​បន្ថែមទៀត ក្នុងខណៈដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិវិស័យនានានៃប្រទេស ទំាងពីរកំពុងរីក​ចម្រើន​ជាលំដាប់ ទំាងក្នុងវិស័យការទូត និងពាណិជ្ជកម្មនោះ។

លោក​ជំទាវនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោកជំទាវចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាក្នុងរាជធានីភ្នំពេញ​ ខណៈដែលលោកជំទាវកំពុង ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់រដ្ឋាភិបាលបង់ក្លាដេស មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពរយៈពេលបីថ្ងៃនៅព្រះ​រាជាណា​ចក្រ​កម្ពុជា។

លោកជំទាវ សេក្ខ ហាស៊ីណា បានជម្រាបសម្តេចថា ប្រទេសបង់ក្លាដេស និងកម្ពុជា មានប្រវត្តិសាស្រ្ត និងវប្បធម៌ប្រហាក់ប្រហែលគ្នា ជាប្រទេស ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ដូចគ្នា ហើយបានកំពុងដំណើរការ អភិវឌ្ឍន៍ប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានច្បាប់រដ្ឋ ធម្មនុញ្ញជាគោល។ ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទំាងពីរជាការចំបាច់មួយដែលត្រូវតែធ្វើឡើង ដូចជាផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក។

លោកជំទាវបានគូសបញ្ជាក់ថា លោកជំទាវនិងជម្រាបទៅប្រធានរដ្ឋសភាបង់ក្លាដេស ដើម្បីគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេស បង់ក្លាដេស ហើយប្រធានរដ្ឋសភាបង់ក្លាដេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់លោកជំទាវ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភាសម្តេចមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាង​កក់ក្តៅបំផុត ចំពោះលោកជំទាវនាយករដ្ឋមន្រ្តី ដែលបាន​ដឹកនាំ​​គណៈប្រតិភូជាន់ខ្ពស់បង់ក្លាដេស មកបំពេញ​ទស្សនកិច្ចជា ផ្លូវការ និងមិត្តភាពនៅព្រះរាជា​ណាចក្រ​កម្ពុជា។

សម្តេចបានលើកឡើងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវនាយករដ្ឋមន្រ្តីនាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស​ និងមាន​អត្ថន័យ​ជាប្រវត្តិសាស្រ្ត សម្រាប់​រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានឆ្លុះបញ្ចំាងពីការ​បន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទំាងពីរ កម្ពុជា-បង់ក្លាដេស ឲ្យកាន់តែរឹងមំាទ្វេដងឡើងថែមទៀត។

សូមជម្រាបថា លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តី​នៃ​សាធារណ​រដ្ឋប្រជាមានិតបង់ក្លាដេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល បង់ក្លាដេសមកទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោល បំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ លោកជំទាវបានជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមាន សន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបង់ក្លាដេស នៅវិស័យមួយចំនួនផងដែរ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រីក៏បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះការវិវត្តន៍រីកចម្រើនយ៉ាងល្អប្រសើរនៃទំនាក់​ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋាភិបាលនៃប្រទេសទំាងពីរ កម្ពុជា-បង់ក្លាដេស ក្នុងក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ទំាងក្នុងតំបន់ និងសកល លោក។ “រដ្ឋសភាកម្ពុជា សូមគំាទ្រយ៉ាងពេញទំហឹងចំពោះអនុសារណៈ និងកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរបានធ្វើកន្លងមក សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា-បង់ក្លាដេស ដើម្បីឧត្តមប្រយោជន៍ទំាងសងខាង”។

លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តី​នៃ​សាធារណ​រដ្ឋប្រជាមានិតបង់ក្លាដេស ដែលធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងហើយ កាលពីឆ្នាំ២០០១ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា លោកជំទាវ និងគណៈប្រតិភូបានឃើញពីការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់កម្ពុជា។ នៅក្នុង ដំណើរទស្សនកិច្ចលើកនេះ លោកជំទាវនឹងខិតខំទាក់ទាញអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុននៅបង់ក្លាដេស ហើយជំរុញអ្នកវិនិយោគពីបង់ក្លាដេស មកបណ្តាក់ទុននៅកម្ពុជាវិញ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ