សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍៦ចំណុច ក្នុងឱកាសអញ្ជើញចូលរួមបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា

39

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមហាសន្និបាតនេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជានាពេលនេះ ហើយបានកោតសរសើរចំពោះអង្គមហាសន្និបាត ក្រុមការឹទ្ធិកម្ពុជា និងមន្ត្រីក្រសួងអប់រំ ដែលបានចូលរួមក្នុងចលនាកាយរឹទ្ធិកម្ពុជាកន្លងមក ជាពិសេសសម្តេចបានរំលឹកនូវការខិតខំប្រឹងប្រែង របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជំរុញចលនាកាយរឹទ្ធិកម្ពុជា។

ក្នុងឱកាសពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា។
អនុសាសន៍ទាំង៦ចំណុចនោះរួមមាន៖
១-ក្រុមប្រឹក្សាជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ស្រុកខណ្ឌ ត្រូវពង្រឹក និងជំរុញចលនាកាយរឹទ្ធិឱ្យមានការចូលរួមស្ម័គ្រចិត្តបន្ថែមទៀត និងអប់រំបណ្តុះបណ្តាលដើម្បីពង្រឹកសមត្ថភាពឱ្យកាន់តែល្អប្រសើរ។
២-កាយរឹទ្ធិកម្ពុជាត្រូវយកចិត្តទុកដាក់ជ្រើសរើសសមាជិកកាយរឹទ្ធិបន្ថែមទៀត ហើយត្រូវមានការចាត់តាំងមេដឹកនាំកាយរឹទ្ធិដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងចលនាកាយរឹទ្ធិពិភពលោក។
៣-បន្តការខិតខំប្រឹងប្រែង រៀបចំផែនការរយៈពេលវែង មធ្យម និងខ្លី របស់ខ្លួនក្នុងការបង្កើតមូលនិធិកាយរឹទ្ធិ ដើម្បីជួយកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
៤-ត្រូវបន្តរៀបចំ និងបង្កើតប្រសិទ្ធភាពគ្រប់គ្រង សកម្មភាពការងារ កាយរឹទ្ធិរាជធានី ខេត្ត ស្រុក ខណ្ឌ ដើម្បីឱ្យមានដំណើរការកាន់តែល្អប្រសើរឡើង និងត្រូវរៀបចំគោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិជាពិសេសត្រូវយកចិត្តទុកដាក់ ប្រមូលផ្តុំកម្លាំងកាយរឹទ្ធិទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលមកបន្តការសិក្សានៅឧត្តមសិក្សាទាំងសាធារណៈ និងឯកជន។
៥-បង្កើតកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលកាយរឹទ្ធិ និងបណ្តុះបណ្តាល មេកាយរឹទ្ធិ ដើម្បីផ្លាស់ប្តូរការបណ្តុះបណ្តាលជំនាញផ្សេង។
៦-ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកម្មវិធីទិវាទកាយរឹទ្ធិ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដូចជា ការបោះជំរុំ ការជួបជុំកាយរឹទ្ធិប្រចាំឆ្នាំ និងទិវាសំខាន់ៗដទៃទៀត។
នៅក្នុងមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងជាគរុគុណកាយរឹទ្ធិជាតិកម្ពុជា ហើយសម្តេចតេជោ បានទទួលយកនូវការផ្តល់គោរម្យងារ និងតួនាទីនេះ ដោយសេចកក្តីរីករាយបំផុត។
សូមបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងមានឈ្មោះថាអង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយទៅដល់៧-៨ខេត្ត ក្រុង និងមានសមាជិកច្រើនជាង ១០០០នាក់។
កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបាត់បង់ទៅវិញទាំងស្រុង នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោមការផ្តួចផ្តើម និងជំរុញពី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ២០០០ និងបានរៀបចំរចនាសម្ព័ន្ធជាបន្តបន្ទាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន។
កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបែងចែកជា៣ថ្នាក់រួមមាន៖ កាយរឹទ្ធិប្អូន (អាយុ៩-១១ឆ្នាំ), កាយរឹទ្ធិ (អាយុ ១២-១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ)។ មកដល់ពេលបច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុប ១៣១,៧០៥នាក់ ក្នុងនោះកាយរឹទ្ធិប្អូនមានចំនួន ៤៧០៣នាក់ កាយរឹទ្ធិមានចំនួន ៩៣,៩៥៤នាក់ និងកាយរឹទ្ធិរៀមច្បងមានចំនួន ២០,៥៥០នាក់។

កាយរឹទ្ធិជាតិកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃអង្គការពិភពលោកចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គមហាសន្និបាតលើកទី៣៨ នាថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង៕

 

ចែករំលែក