សហភាពអឺរ៉ុបសន្យានឹងបញ្ជូនអ្នកសង្កេតការណ៏ សម្រាប់កាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨ ខាងមុខ

43

នៅព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៧ នេះ នៅទីស្តីការ​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរ​ទេស និងសហប្រ​តិ​បត្តិការ​អន្តរជាតិ បាន​ទទួលជួប​ពិភាក្សា​ការងារ​ជាមួយគណៈ​ប្រតិភូ​សភាអឺ​រ៉ុប ដឹកនាំ​ដោយ ឯកឧត្តម វឺណឺ ឡែន​ជេន(Werner Langen) ប្រធានគណៈ​កម្មាធិការ​កិច្ចការ​សេដ្ឋកិច្ច និងរូបិយវត្ថុ នៃគណៈប្រតិភូសភាអឺរ៉ុប។

នៅក្នុង​ជំនួបនេះ ឯកឧត្តម ណឺ ឡែនជេន ប្រធាគណៈប្រតិភូ សភាអឺរ៉ុប បានលើកឡើងពីការ​ផ្តល់ជំនួយ​មក​កម្ពុជា​៤១០​លាន​អឺរ៉ូ សំរាប់ឆ្នាំ ២០១៤ ដល់ ២០២០ ហើយ​ឯកឧត្តមបាន​វាយ​តម្លៃខ្ពស់ចំពោះ​កិច្ច​សហការ​​រវាង​កម្ពុជា និង​សហភាពអឺរ៉ុប ដែល​មាន​កិច្ច​សហការ​ល្អ ពិសេស​ក្នុង​ដំណាក់កាល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ គណៈប្រតិភូសភាព​អឺរ៉ុបបានមើល​​ឃើញ​ថា ​កម្ពុជា​មានការរីកច​ម្រើន​ច្រើនលើ​វិស័យ​សេដ្ឋកិច្ច។

ជាការ​ឆ្លើយតប​ឯកឧត្តមទេសរ​ដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែង​អំគុណ​ដល់​សភាអឺរ៉ុប ដែលផ្តល់ជំនួយមក​ដល់​កម្ពុជា ក្នុងការ​លើក​ស្ទួយនី​តិរដ្ឋ ប្រជាធិបតេយ្យ ការកាត់បន្ថយ​​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ការអភិវឌ្ឍន៏​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្វើឲ្យមានកា​ររីកចម្រើន​ដូចសព្វ​ថ្ងៃនេះ និងបន្តរីក​ចម្រើន​បន្ថែមទៀត ​ដែលអាច​និយាយ​បានថា ជំនួយ​សហភាពអឺរ៉ុប បានចូល​រួមលើស្ទួយសេ​ដ្ឋកិច្ច និងផ្តល់ការ​ងារ​ធ្វើច្រើន​​សំរាប់​ប្រជាជន​កម្ពុជា ហើយទៅ​អនាគត​ កម្ពុជា​និងសហភាពអឺរ៉ុប បានបង្កើនការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម និងកិច្ច​សហការ លើគ្រប់វិស៏យ​ដូចជា កសិកម្ម ធនធាន​ធម្មជាតិ អប់រំ សុខាភិបាលនិង​ការផ្តល់ហិ​រញ្ញ​វត្ថុដល់​ការបោះឆ្នោត​​នៅ​​កម្ពុជារហូត​សព្វថ្ងៃ។

ជាមួយគ្នា​នេះដែរ ក្រៅពីទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​ល្អជាមួយ​សហភាព​អឺរ៉ុប កម្ពុជា​ក៍មានទំនាក់​ទំនង​​ និង​បន្ត​បង្កើន​​កិច្ចសហ​ប្រតិបត្តិការ​ល្អ ជាមួយ​និងបណ្ដា​​ប្រទេសជិ​តខាង​ដូចជា​ប្រទេស ថៃ ឡាវ វៀតណាម​លើការងារ​ដោះស្រាយប​ញ្ហាព្រំដែន ដោយសន្ដិវិធី ក៍ដូចជាបណ្ដាប្រទេសផ្សេង​ៗ​ទៀត​នៅក្នុង​តំបន់ផងដែរ។

ទាក់​ទង​និង​ស្ថានការណ៍​នយោបាយ​នៅកម្ពុជា ឯកឧត្តម ណឺ ឡែនជេន ប្រធានគណៈ​ប្រតិ​ភូ​សភាសហភាព​អឺរ៉ុបបាន​ថ្លែងអំ​ណរ​គុណ​ចំពោះ​ឯកឧត្តម ប្រាក់ សុខុន ដែលបាន​ពន្យល់​ដោយ​លំអិតពីការ​ពង្រឹង​នីតិរដ្ឋ និងបញ្ជាក់​កា​របិទ​​អង្គការ NDI ការបិទកាសែតឌឹ​ឃែមបូឌាដេ​លី និងករណីចាប់ ខ្លួន​លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ ជូនដល់​គណៈ​ប្រតិភូសភា​អឺរ៉ុប ឲ្យបាន​ដឹងពីហេតុ​ផល ព្រមជាមួយ​និងការស្វាគមន៏​​ ក្នុងការបញ្ជូនអ្នក​សង្កេតការណ៏ ឱ្យចូលរួម​សង្កេតការណ៍ ​សម្រាប់​​ការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នាឆ្នាំ​២០១៨ខាងមុខ ដើម្បីឲ្យ​ការបោះឆ្នោ​តនៅកម្ពុជា មានភាពសេរី យុត្តិធម៌ដែលសហគមន៏អន្តរជាតិអាចទទួលយក​បាន​តបតាម​ការស្នើសុំ​របស់រាជរដ្ឋាភិបាលកម្ពុជា ៕

ចែករំលែក