ឯកឧត្តម ប៊ិន ឈិន ចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ

51

AKP, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួល បន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី បានអំពាវ​នាវ​ឱ្យប្រជាពលរដ្ឋ​ខ្មែរបន្តគាំទ្រ និងប្រើប្រាស់​ផលិតផល ក្នុងស្រុក ដើម្បីពង្រឹង​សង្វាក់ផ​លិត​កម្មជាតិ សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងខណៈដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីបើក សម្ពោធ “ពិព័រណ៍ពាណិជ្ជកម្ម​ផលិតផលខ្មែរ ក្នុងយុទ្ធនា ការទិញ​ផលិតផលខ្មែរឆ្នាំ២០១៧” ដែលរៀប​ចំឡើង​ដោយ​អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅឯមជ្ឈ​មណ្ឌល​វិមាន​សុភមង្គល ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានកោតសរសើរ ចំពោះការផ្តួចផ្តើមរបស់ ក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញនូវយុទ្ធនាការទិញ ផលិតផលខ្មែរ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ដើម្បីបំផុស ឱ្យពលរដ្ឋកម្ពុជា ចូលរួមប្រើប្រាស់ ផលិតផលខ្មែរជំនួសផលិត ផលនាំចូលពីបរទេស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា តាមរយៈការរៀបចំ និងការចូលរួម ពិព័រណ៍ពាណិជ្ជកម្មជាតិ និងអន្តរជាតិ បានធ្វើឱ្យទំហំ ពាណិជ្ជកម្មកម្ពុជា មានកំណើនកាន់តែ ប្រសើររៀងរាល់ឆ្នាំ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំដោយ ជោគជ័យនូវយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី១ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។

សម្រាប់រដូវកាលទី២នេះ ក្រសួងនឹងបន្តធ្វើឱ្យបាននៅក្នុងខេត្ត-ក្រុងចំនួន ៤ទៀត ដើម្បីទាក់ទាញ ការគាំទ្រកាន់តែច្រើនពីប្រជាជន ចំពោះផលិតផលខ្មែរ។

សូមបញ្ជាក់ថា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ មានក្រុមហ៊ុនចូលរួមចំនួន ១៩៤ក្រុមហ៊ុន និងមានស្តង់ លក់សរុបចំនួន២០០ស្តង់ ហើយក្នុងនោះក៏មានរៀបចំ សិក្ខាសាលាកម្មវិធីជំនួបពិភាក្សារវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលខ្មែរផងដែរ៕

ដោយ សាយ សុន

ចែករំលែក