សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង​១ម៉ឺន​នាក់ នៅរោងចក្រ​តំបន់​ទួលសង្កែ

42

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនីចំនួន​ ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ចើញ​មកជួ​បជុំជាមួយបង​ប្អូន​កូនក្មួយកម្មករ កម្មការនី ក្នុងការចុះជួបសំណេះ​សំណាល​ជារៀង​រាល់​សប្តាហ៍​នេះ គឺដើម្បីស្វែង​យល់​ពីសុខទុក្ខ​របស់​កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈម​មួយចំនួនរបស់កម្មករ កម្មការិនី និង ជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកដល់សកម្មភាពសំខាន់ៗ ដែលសម្តេចបានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដូចជាកាលសម័យសង្គ្រាមដែលសម្តេចតែងតែឈរជើងនៅតាមសមរភូមិ​ជាមួយកងទ័ព និងជួបចរចារជាមួយមេដឹកនាំសំខាន់ៗនៅក្រៅប្រទេស ដើម្បី​ស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។ ពេលស្រុកមានសន្តិភាព គឺសម្តេច​តេជោ តែងតែចុះជួបសួរសុខទុក្ខបងប្អូនកសិករ និងជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស។ ទន្ទឹមនឹងការជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សា​ហកម្ម សម្តេចតេជោ ត្រូវតែចុះមកជួបជាមួយបងប្អូនកូនក្មួយកម្មករដើម្បីដោះ​ស្រាយបញ្ហា ប្រឈមនានារួមទាំងការតម្លើងប្រាក់ខែ និងផលប្រយោជន៍​របស់កម្មករជាច្រើនទៀត។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថាទំរាំបានមកដល់ពេលនេះគឺ រាជរដ្ឋាភិបាលខិតខំយ៉ាងខ្លាំង។ ទាំងអស់នេះគឺបានមកពីសន្តិភាព ដែលមាន​តែ​គណបក្សប្រជាជនតែមួយគត់ដែលបានខិតខំធ្វើតាំងពីមុនរហូតមកទល់ពេល​នេះ គឺគ្មានបក្សប្រឆាំងណាចូលរួមនោះទេ។ ទន្ទឹមនឹងនេះដែរ សម្តេច​តេជោ ហ៊ុន សែន បានអំពាវនាវអោយកម្មករទាំងអស់ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ ដូច្នេះសន្តិភាព និងការអភិវឌ្ឍត្រូវនៅជាមួយគ្នាជានិច្ច។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេស​ជាតិមិនតិចជាង ១០ ឆ្នាំ ទៀត ដើម្បីការពារសន្តិភាព ការពារ​​រោងចក្រ ការពារផលប្រយោជន៍​បងប្អូនកម្មករ និងសូមអោយ​បងប្អូនកូនក្មួយកម្មករបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ក៏បានប្រកាសសារជាថ្មីថា ចាប់ពីឆ្នាំ ២០១៨ គឺប្រាក់ខែក្មួយៗកម្មករនឹងឡើងដល់ ១៧០ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺអាចបានច្រើនជាង២០០ដុល្លារទៀត។ តាមពិតក្រុមហ៊ុនបើកជូនក្មួយៗ ១៦៥ ដុល្លារ តែរាជរដ្ឋាភិបានប៉ះប៉ូវប្រាក់ជូនក្មួយៗកម្មករ​បន្ថែម ៥ដុល្លារ ដែលប្រាក់នេះគឺបានមកពីប្រាក់ពន្ឋកាត់ទុក ដែលត្រូវ​ពន្យារការប្រមូលហូតដល់ឆ្នាំ ២០២២ និងប្រាក់កម្រៃនាំចេញ។ គឺមាន​ន័យ​ថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ៤០ លានដុល្លារក្នុង១ឆ្នាំៗដើម្បីបន្ថែម​ជូនកូនក្មួយកម្មករកម្មការនី។ ជាមួយគ្នានេះដែរ គឺបងប្អូនកម្មករកូនក្មួយនឹង​ទទួលបានការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះដែលនឹងជួយដោះស្រាយជីវភាពរស់នៅរបស់កូនក្មួយអោយកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដល់និយោជក និង​និយោជិត ដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារល្អនិងប្រាក់ចំណូល​ល្អ: ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់​ធ្នាប់​សង្គមអោយបានល្អ។ ទី២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើន​ថែម​ទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ ទី៣)រួមគ្នាបង្កើនប្រាក់​ចំណូល​ដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋា​ភិបាល​ នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍​អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់​តាំង​ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។ ទី៤)​ផ្តល់​របប​គាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាម​រយៈ​មូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុនរោងចក្រ​រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនីមានផ្ទៃពោះទាំងអស់ត្រូវបានអនុញ្ញាតិអោយចេញមុនម៉ោង ១៥នាទី។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន​(១)​គឺ​ទទួល​ថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយ​បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបាន​ថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ​។ ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛ ។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះផងដែរ។ ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ធ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេង​ៗ​ដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។

មុននឹងបញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី ជិយោជក ទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមានផ្ទៃពោះ​ចំនួន ៤១៩ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីអាណិតស្រឡាញ់នឹង​យក​ចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុង​បរិយាកាសស្និទ្ធស្នាលនិងសប្បាយរីករាយក្រៃលែង៕

ចែករំលែក