ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃច័ន្ទនេះ

51

(FN)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាខ្លាំងចំពោះការបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ព្រោះជាការរួមចំណែកសម្រាប់ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាវឌ្ឍនភាពថ្មីមួយទៀតកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងការសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនេះ គឺជាការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលបានផ្តើមចេញពីស្ថានភាពដ៏យ៉ាប់យឺន និងគ្មានមនុស្សរស់នៅនោះឡើយ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍។

– សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីស្ថានភាពរាជធានីភ្នំពេញពីអំឡុងទសវត្សរ៍ឆ្នាំ៨០ ដែលហ៊ុមព័ទ្ធដោយផ្ទៃដី គ្មានការអភិវឌ្ឍ និងម្តងម្កាលកងទ័ពខ្មែរក្រហមលួចវាយឆ្មក់ផ្លោងគ្រាប់រកឃ្លាំងសាំងផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងសមិទ្ធផលដែលយើងកំពុងទទួលបាននានាពេលបច្ចុប្បន្ន ជាពិសេសទីក្រុងដ៏រីកចម្រើន រស់វើករបស់រាជធានីភ្នំពេញ គឺបានបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏បានបង្ហាញថា វាមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចការ ចោទប្រកាន់មួយចំនួននោះឡើយ។

– សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា បន្តថា យើងបានប្រឹងប្រែងរួមគ្នាធ្វើការច្រើនណាស់ ដូច្នេះត្រូវក្តាប់ឲ្យជាប់នូវអ្វីដែលយើងមាននៅក្នុងដៃ មិនត្រូវឲ្យរបូតទៅវិញនោះឡើយ។

– នៅក្នុងថ្ងៃខួប ២៦ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពមួយនេះ បានថ្លែងអំពាវនាវឲ្យអ្នក មិនបានដឹងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ចេញមកបកស្រាយទាំងទទឹង​ទិស។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កិច្ចព្រមព្រៀងប៉ារីស មិនបានតម្រូវឲ្យកាត់ទោស ខៀវ សំផន អៀង សារី ឬមេដឹកនាំខ្មែរក្រហមនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស គឺជារឿងដែលមិនអាចទៅរួចនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរលាយចូលរដ្ឋធម្មនុញ្ញរបស់ជាតិអស់ហើយ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រោះតែមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ទើបគណបក្សនយោ​បាយ​ក្បត់ជាតិមួយ នឹងត្រូវរំលាយក្នុងពេលដ៏ឆាប់ខាងមុខនេះ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺមានការលំបាក និងការជួបប្រជុំជាច្រើន ដែលកិច្ចប្រជុំខ្លះធ្វើតាំងពីម៉ោង ៦ព្រឹក រហូតដល់ ៣ភ្លឺក៏មាន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឹក្សាជាតិ SNC ជាគំនិតផ្តួចផ្តើមឡើងរបស់សម្តេច និងរដ្ឋកម្ពុជាដោយផ្ទាល់តែម្តង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឹក្សាជាតិ SNC ជាគំនិតផ្តួចផ្តើមឡើងរបស់សម្តេច និងរដ្ឋកម្ពុជាដោយផ្ទាល់តែម្តង។ សម្តេចតេជោ បានបន្តថា SNC ត្រូវបានសម្តេច នរោត្តម សីហនុ ព្រមចុះហត្ថលេខានៅទីក្រុងបាងកក ហើយបន្តទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

– ថ្លែងរំលឹករឿងបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាវាជារឿងគួរឲ្យខ្មាសអៀនខ្លាំងណាស់ ដែលមិនគួរឲ្យខ្មែរមានការឈ្លោះប្រកែកទៀតនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងគួរឲ្យខ្មាសអៀនខ្លាំងណាស់ព្រោះខ្មែរដូចគ្នា ប៉ុន្តែមិនអាចអង្គុយតុអាហាររួមគ្នាបាន ជាពិសេស ខៀវ សំផន ដែលជាភាគីខ្មែរក្រហមមិនព្រមចាប់ដៃជាមួយរដ្ឋាភិបាលក្រុងភ្នំពេញនាពេលនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកព្រះរាជបន្ទូលព្រះវររាជបិតាឯករាជជាតិខ្មែរ សម្តេច នរោត្តម សីហនុ ក្នុងចរចារកសន្តិភាពថា ព្រះអង្គមានមោទនភាព ដែលមានកូនខ្មែរឆ្លាតដូចជាសម្តេចតេជោ ហើយបើមានមនុស្សឆ្លាតដូចសម្តេចតេជោកាន់តែច្រើន គឺជារឿងដ៏ល្អសម្រាប់ខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កងទ័ពរបស់អង្គការសហប្រជាជាតិ ដែលចាយលុយអស់ ២ពាន់លានដុល្លារ មិនអាចសម្រេចបំណងកិច្ចព្រមព្រៀង ប៉ារីស ដោយបញ្ចប់កម្លាំងប្រដាប់អាវុធនៅតាមព្រៃបាននោះទេ ហើយក៏ចាកចេញពីកម្ពុជាទៅ។ តែទីបំផុតគឺការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេច ដោយធានាឲ្យបងប្អូនខ្មែរក្រហមរក្សាបាននូវអត្ថប្រយោជន៍ និងការធានាចំនួន៣យ៉ាងរួមមាន៖ ១៖ ការធានាបាននូវសុវត្ថិភាពគ្រប់យ៉ាងសម្រាប់ពួកគេ, ២៖ ធានាអាជីព និងមុខរបរ ដោយផ្តល់ទុកឲ្យនូវអ្វីដែលធ្លាប់ធ្វើឲ្យនៅដដែ និងទី៣៖ ទទួលស្គាល់កម្មសិទ្ធិទាំងចលនទ្រព្យ និងអចលនាទ្រព្យ ដែលនាំឲ្យកងទ័ពខ្មែរក្រហមចុះចូលទាំងអស់។ សម្តេចតេជោ ថ្លែងថា នយោបាយឈ្នះឈ្នះរបស់សម្តេច គឺជាការបង្រ្គប់ឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅបាងកក ប្រទេសថៃ និងទីក្រុងប៉ារីស ប្រទេបារាំងគ្រាន់តែប្រមូលយកលុយពីការធ្វើចរាចរណ៍នៅតាមផ្លូវជុំវិញ ក្រុងមួយថ្ងៃៗគឺច្រើនណាស់។ មានតែកម្ពុជា ដែលបានព្យាយាមលុបបំបាត់ការយកលុយពីប្រជាពលរដ្ឋតាមរយៈការធ្វើដំណើរតាមផ្លូវ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរបស់ពួកគេ។

– សម្តេចតេជោ បានថ្លែងថា នៅពេលខាងមុខនេះ នឹងមានការសាងសង់ស្ពានសម្រាប់តភ្ជាប់ពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ រាជរដ្ឋាភិបាល ក៏កំពុងមានគម្រោងសាងសង់ស្ពានតភ្ជាប់ពីក្រចេះទៅត្រើយម្ខាង ដើម្បីភ្ជាប់ទៅខេត្តកំពង់ធំ និងការសាងសង់ស្ពានភ្ជាប់ពីជ្រោយចង្វារ ទៅអរិយក្សត្រ និងក្តីតាកុយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍សម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយ ប៉ុន្តែការអនុវត្តន៍ផ្លូវច្បាប់នេះ គឺជារឿងប្រសើរជាងការប្រើអាវុធ ហើយការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារនេះ ក៏ព្រោះតែការប្រព្រឹត្តខុសច្បាប់។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សមិទ្ធផលដែលខិតខំសម្រេចបាននេះ ត្រូវតែរួមគ្នាការពារមិនត្រូវឲ្យជនក្បត់ជាតិក្រោមការបង្គាប់បញ្ជា របស់បរទេសណាម្នាក់មកបំផ្លិចបំផ្លាញបាននោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំនិយាយថាសម្តេចកម្ចាយដៃគូនយោបាយ តែដោយសារតែដៃគូនយោបាយរបស់សម្តេច តាំងខ្លួនជាសត្រូវ ជាមួយសម្តេច។

– សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ យើងហ៊ានកម្ចាត់ចោលមនុស្សមួយចំនួនប្រសិនបើចាំបាច់។ សម្តេចបានបន្ថែមថា វ៉ៃពោះត្រូវតែក្បាល មិនវ៉ៃកន្ទុយទេ ក្នុងន័យនេះ គឺសម្តេចសម្តេចកម្ចាត់រាល់ក្រុមថ្នាក់ដឹកនាំរបស់ក្រុមបក្សក្បត់ជាតិ។

– ឆ្លើយតបការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យកងទ័ពបះបោរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលចង់លេងជាមួយសម្តេច តាមកម្លាំងប្រដាប់អាវុធសូមឲ្យធ្វើក្តាមឈូសឲ្យហើយទៅ។

– សម្តេចបានបញ្ចប់ថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖៣២នាទី។

ចែករំលែក