រាជរដ្ឋា​​ភិបាល​​កម្ពុជា​​កំពុង​​រកវិធី​​ដើម្បី​​លើក​​យក​​បញ្ហា​គ្រាប់បែ​ក​​គីមី​​ដែល​អាមេរិក​ទម្លាក់​ជំនាន់​សង្គ្រាម​​ឥណ្ឌូន​ចិន​​ទៅ​​អង្គការ​សហ​ប្រជាជាតិ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាស្វែង​​រក​លទ្ធ​ភាព និង​វិធី​ដើម្បី​ដាក់​ជូន​ទៅ​អង្គការសហប្រជា​ជាតិជុំវិញ​គ្រាប់​បែក​គីមី​អាមេរិក នៅ​​កម្ពុជា ។ កម្ពុជា​ចង់​ឲ្យមាន​មន្ត្រីជំនាញ​ផ្នែក​អាវុធ​ជីវ​សាស្ត្រ​របស់​អង្គការ​សហ​ប្រជាជាតិមកធ្វើ​អធិការ​កិច្ច ស្រាវជ្រាវ​ដើម្បី​ដោះស្រាយ​បញ្ហានេះ​ដល់​កម្ពុជា។

ថ្លែងនៅក្នុងជួប​ជាមួយ​កម្មករ និយោ​ជិតប្រមាណ៥ពាន់នាក់នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ២០១៧ នេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា​បាន អះ​អាង​ថា កម្ពុជា​កំពុងស្វែង​រកវិធី និង​លទ្ធភាព​ដើម្បី​លើក​បញ្ហាគ្រាប់​បែកគីមី នៅខេត្ត​ស្វាយរៀង ទៅអង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​ដោះស្រាយ។

ប្រមុខ​​រាជ​រដ្ឋាភិបាល​កម្ពុជា ចង់ឲ្យ​មាន​វត្តមាន​​អ្នក ជំនាញផ្នែក​អាវុធ​ជីវសាស្ត្រ​របស់​អង្គការស​ហ​ប្រជាជាតិ  មកធ្វើ​អធិការ​កិច្ច ស្រាវជ្រាវ ដោះស្រាយបញ្ហា​អាវុធ​គីមីជា​មួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ឲ្យ​ប្រជាជន​នៅតំបន់​នោះ​ស្ងប់​ចិត្ត និង​រស់​នៅដោយ​គ្មានកា​រភ័យ​ខ្លាច​សារ ធាតុ​គីមីត​ទៅទៀត។

ការថ្លែង​របស់​សម្តេច​តេជោនៅ​ពេលនេះ គឺក្រោយ​ពេល​តែ​បីថ្ងៃ បន្ទាប់​ពីស្ថាន​ទូតអាមេរិកប្រចាំ​​នៅកម្ពុជា បានចេញ​សេចក្តីថ្លែង​ការណ៍​មួយនៅ លើហ្វ៊េសប៊ុ​ករបស់​ខ្លួន​ដោយ​​បានអះ​អាង​ថាគ្រាប់​បែកគីមី ដែលស៊ីម៉ាក់​បានរក​ឃើញនោះ គ្រាន់តែជា​ឧស្ម័ន​បង្ហូរទឹក​ភ្នែកទៅវិញ។ សម្តេច​តេជោ បាន​ស្នើរ​​​ដល់​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជាថា មិនស្គាល់​បញ្ហា​ដែល​បានកើត​មាន ក្នុង​សង្គ្រាម​នៅ​ឥណ្ឌូចិន ព្រោះកាល​នោះ​គ្រាប់​បែក​​អាមេរិក ដែល​ទម្លាក់​នៅ កម្ពុជា ឡាវ និងវៀតណាម​សុទ្ធតែគ្រាប់បែក​គីមី​ដើម្បី​​កម្ទេច​ព្រៃឈើ​ងាយស្រួល កងទ័ពអា​មេរិក​បើកការវា​យ​ប្រហារ។ ជាថ្មីម្តងទៀត​សម្តេចតេជោ ក៍បានស្នើឲ្យអគ្គទូត​អាមេរិក​ប្រចាំ​កម្ពុជា រួមទាំងមន្ត្រី Peace Cop របស់​អាមេរិក​ទៅទស្សន កិច្ចដើ​ម្បី​ពិនិត្យ​ប៉ះពាល់​ផ្ទាល់​ជាមួយ​គ្រាប់​បែកគីមីនោះ​មើល ថាជាវា​គ្រាន់តែជា ឧស្ម័នបង្ហូរទឹក​ភ្នែក​រឺយ៉ាងណា។

ក្នុង​សេច​ក្តីថ្លែង​ការណ៍​តាម​ទំព័រហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អាមេរិកប្រ​ចាំកម្ពុជា កាល​ពីយប់ថ្ងៃ ១៩ ខែតុលា កន្លងទៅ បានចាត់ទុក​គ្រាប់បែកដែលរក​ឃើញដោយ​អាជ្ញាធរ​ស៊ីម៉ាក់​កម្ពុជានៅខេត្ត​ស្វាយរៀង​នោះថា​ជាឧស្ម័ន​បង្ហូរទឹកភ្នែក។ បើតាម​ស្ថានទូត​អាមេរិក​ការ​ប្រើឧស្ម័ន​បង្ហូរទឹកភ្នែក​ជាញឹក​ញាប់​មាន​ភាព​ចម្រូង​ចម្រាស់ និង​មាន​នីតិវិធី​ច្បាស់​លាស់​ដើម្បី​បំបាត់​វាចោល​បានភ្លាមៗ ហើយ​ថាមិន​មាន​ភស្តុតាង​ទាក់​ទងទៅ​នឹង​បញ្ហាសុខភាព​រយៈពេល​យូរ ឬពិការ​ភាពពីកំ​ណើត ដោយ​សារឧស្ម័​នេះទេ។

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងអាជ្ញាធរមីន​កម្ពុជា បាន​ចេញសេចក្តី​ថ្លែងការណ៍មួ​យ ដែលបា​នបដិសេធ​ការលើក​របស់​ស្ថានទូតអា​មេរិកដោយ​អះអាងថា មិន​មែន​ត្រឹម​តែជា​គ្រាប់បែ​ក​បង្ហូរទឹក​ភ្នែក​ធម្មតាឡើយ ព្រោះថា​គ្រាប់​បែកប្រភេទនេះ ធ្លាប់បានរក​ឃើញ​នៅខេត្ត​រតនគីរី ហើយមន្ត្រី​ជំនាញ​អង្គការ​សហប្រជាជាតិ ក៏ចេញរ​បាយការណ៍បញ្ជាក់ថា គ្រាប់បែក​ប្រភេទនេះ​ក៏ជាគ្រាប់​បែកគីមីដែរ។ បើតាម​ស៊ីម៉ាក់ និងអាជ្ញាធរមីន​នៃក្រសួង​ការពារជាតិ បានរកឃើញ​ទីតាំងច្រើន​ជាង១​០កន្លែងដែលមា​នគ្រាប់បែក​គីមី​របស់អាមេរិក ហើយ​ថាមាន​ប្រជាពលរដ្ឋ១៩នាក់ ដែលរងផលប៉ះពាល់​ពីសារធាតុ​គីមីទាំងនោះ​ រួមទាំង​មាន​ការកើត​មក​មិន​គ្រប់​អវៈយវៈផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ