ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យអគ្គនាយកទូរទស្សន៍ជាតិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

29

នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក ត្រាន់ ប៊ិញមិញ ប្រធានទូរទស្សន៍ជាតិវៀតណាម ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម នៅទីស្តីការណៈរដ្ឋមន្ត្រី។
ក្នុងកិច្ចជំនួបនោះគឺផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ រវាងទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ជាតិវៀតណាម។ ប្រធានទូរទស្សន៍ជាតិវៀតណាមលោក ត្រាន់ ប៊ិញមិញ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា គឺផ្តោតសំខាន់ លើការបង្កើនកិច្ចសហការ រវាងទូរទស្សន៍ជាតិនៃប្រទេសទាំងពីរ ជាពិសេសទៅលើបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។ ប្រធានទូរទស្សន៍ជាតិវៀតណាម បានបន្តថា ទូរទស្សន៍វៀតណាម បានបង្កើតឡើងនៅឆ្នាំ១៩៧០ មានបុគ្គលិកជាង៤០០០នាក់ និងមានបុគ្គលិក របស់ខ្លួននៅ១២ប្រទេស រួមទាំងកម្ពុជាយើងផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានសំដែងនូវការពេញចិត្ត និងចង់ ឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមរវាងទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ជាតិវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាយើងក្រោយរដ្ឋប្រហារដោយសេនាប្រមុខ លន់ ណុល នៅឆ្នាំ១៩៧០ រហូតមកដល់របបខ្មែរក្រហម នៅដើមឆ្នាំ១៩៧៩ គឺហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជាខូចខាតខ្លាំងណាស់ ដោយសារតែសង្គ្រាម និងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នឹងមានការចុះអនុសរណៈយោគយល់គ្នានៅថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ រវាងទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ជាតិវៀតណាម។
ក្រោយជំនួបនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធិ បានមានប្រសាសន៍ថា ភាគីកម្ពុជា ចង់ឱ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេសបន្ថែមទៀត រវាងទូរទស្សន៍ជាតិកម្ពុជា ជាមួយទូរទស្សន៍ជាតិវៀតណាម ហើយក៏សំណូមពរឱ្យមានការបណ្តុះបណ្តាលបន្ថែមផងដែរ ដល់បុគ្គលិកទូរទស្សន៍ជាតិរបស់យើង៕

ចែករំលែក