សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់កំបូល

20

សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួប​សំណេះ​សំណាល​សួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង ១៥,២១១ នាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ។
សម្តេចតេជោ ហ៊ុន សែន បង្ហាញ​ការ​សប្បាយ​​រីករាយ​​យ៉ាងខ្លាំង ដែលបានអញ្ជើញមក​ជួបជុំជាមួយ​បង​ប្អូន​កូន​ក្មួយកម្មករ – កម្មការិនី ដើម្បីស្វែងយល់​ពីតម្រូវកា​រចាំបាច់នានា និងដើម្បីបង្កើនប្រសិទ្ធ​ភាព​ការងារ​អោយ​កាន់​តែល្អប្រសើរឡើង ដើម្បីជំរុញ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥​-​២០២៥ ។

សម្តេចតេជោ ក៏​បានអរគុណ​ដល់ក្រសួងការងារ និងវិជ្ជាជីវៈ ដែលបានសហការ​ជាមួយ​ស្ថាប័ន​នានាក្នុងកា​រសម្រួលដ​ល់កម្មករ​កម្មការិនីនៅតាមប​ណ្តា​រោង​ចក្រក្នុង​ការជួប​សំណេះ​សំណាលនេះ។ នេះជាលើកទី១៣ ហើយដែល សម្តេចតេជោ បានអញ្ជើញចុះជួបសួរសុខទុ​ក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះ​សំណាល​នៅរៀងរាល់ថ្ងៃ​អាទិត្យនៅកោះពេជ្រ ហើយ​សម្តេចតេជោ នឹងអញ្ជើញទៅ​ជួប​កម្មករកូន​ក្មួយជាបន្តបន្ទាប់ទៀត។ ដោយសារស្ថេរភាព​នយោបាយ និងសន្តិសុខសង្គម ព្រមទាំងការ​អនុគ្រោះពន្ធ​ដល់វិនិយោគទុន គឺកម្ពុជាបានទាក់ទាញ​អ្នកវិនិយោគ​គិនយ៉ាងច្រើន ដែលបាន​ផ្តល់ការ​ងារ នឹងប្រាក់ចំណូល​សមរម្យ​ដល់កម្មករ។ ទាំងអស់នេះ​គឺបាន​មកពីសន្តិភាព ដែលមាន​តែ​គណ​បក្សប្រជាជន​តែមួយ​គត់ ដែលបានខិត​ខំធ្វើតាំង​ពីមុន​រហូត​មក​ទល់​ពេលនេះ គឺគ្មានបក្ស​ប្រឆាំង​ណាចូល​រួមនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បាន​បញ្ចាក់​ផងដែរ​ថា សម្តេចនឹ​ង​បន្តដឹក​នាំ​ប្រទេស​ជាតិមិន​តិចជាង ១០ ឆ្នាំ ដើម្បី​ការពារ​សន្តិភាព ការពារ​រោងចក្រ ការពារផលប្រយោជន៍ប​​ងប្អូនកម្មករ-កម្មការនី និងសូម​អោយ​បងប្អូន​ប្រជាព​លរដ្ឋគាំទ្រ និងបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត។ សម្តេចតេជោ ក៏បាន​ប្រកាស​សា​ជាថ្មី​ផង​ដែរ​ថា នៅឆ្នាំ​២០១៨ ប្រាក់​ខែក​ម្មករ-កម្មការ​រនី​ជា​អប្បរមាគឺ ១៧០ ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋា​ភិបាលបា​នបន្ថែម ៥ដុល្លារ ដែល​សាច់ប្រាក់​នេះបាន​មកពី​ពន្ធកាត់ទុក និងពន្ឋ​នាំ​ចេញ ដែលរ​រាជរដ្ឋា​ភិបាលត្រូវ​ចំណាយ​ជាង ៤០ លានដុល្លារ)។

ដូច្នេះចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែ​អប្បរមារ​បូក​បន្ថែម​នឹង​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ​គឺលើស​ពី ២០០ដុល្លារ/១ខែ។ ជាមួយគ្នានេះដែរ គឺបងប្អូន​កម្មករ​កូនក្មួយ​នឹងទទួល​បានការបញ្ចុះ​តំលៃ​ទឹកភ្លើង និងថ្លៃឈ្នួល​ផ្ទះដែល​នឹងជួយ​ដោះស្រាយ​ជីវភាពរស់នៅ​អោយកាន់​តែប្រសើរឡើង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗ​៥ចំណុច​ដល់និយោជក និង​និយោជិត ដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ: ១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។ ២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។ ៣)រួមគ្នាបង្កើនប្រាក់ចំណូល​ដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជា​រៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះ​ក្នុងមួយម៉ែត្រគូប ។

សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករ​យើង​អោយ​មាន​លទ្ធភាព​រកប្រាក់​ចំណូល​បន្ថែម ក្នុ​ងការសម្រួល​ដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយ​កាន់​តែប្រសើរ​ឡើង។ ៤)ផ្តល់របប​គាំពារ​សន្តិសុខ​សង្គមដល់ក​ម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃ​របបសន្តិសុខ​សង្គម ១០០% ដល់ក​ម្មក​រកម្មការនី។ ពេលនោះ​បងប្អូន​អាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើ​ងទាំង​អស់ (រួមទាំង​កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ​នៅមន្ទីរពេទ្យ​រដ្ឋដោយមិនគិ​តថ្លៃតាម​រយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយម្ចាស់ក្រុមហ៊ុន​រោងចក្រ​រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់​ខ្លួនដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនីមាន​ផ្ទៃពោះ​ទាំងអស់​ត្រូវបានអ​នុញ្ញាតិអោយចេញមុ​នម៉ោង ១៥នាទី។ ចំពោះស្រ្តីមាន​ផ្ទៃពោះ​សំរាលកូន គឺនឹងទ​ទួលបាន​ពេលវេលា​ឈប់​សម្រាក ពីការងារ​រយៈពេល​៣ខែហើយ ហើយនៅទទួល​បានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ​សម្រាលបានកូនភ្លោះ (២) គឺទទួលបាន​ថវិកា​៨០​ម៉ឺនរៀល។ បើ​សម្រាល​បានកូន​(៣) គឺ​ទទួល​បាន ថវិកា​១លាន​២សែនរៀល ហើយបូក​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ទៀតពី សម្តេច​តេជោ និង​សម្តេចកិ​ត្តិព្រឹទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោ​យបេឡាស​ន្តិសុខស​ង្គមរ​បស់​រាជរដ្ឋាភិបាលដែល​នឹង​ត្រៀម​ថវិកា​ប្រមាណ​ជាង​១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ក៏ទទួលបានការជិះរថយន្តក្រុង​សាធារណៈដោយមិនគិតថ្លៃផងដែរ សម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យ​ថែទាំសុខភាពដោ​យឥតគិត​ថ្លៃនៅតាម​មន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។

នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។ ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛ ។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះផងដែរ។ ទី៥) រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗសម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។ មុននឹងបញ្ចប់ពិធីសំណោះសំណាល សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការនី និយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងកម្មការិនីស្រ្តីមានផ្ទៃពោះចំនួន ៥៩៨ នាក់ផងដែរ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានថតរូប Selfie អនុស្សាវរីយ៍ ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕

ចែករំលែក