ទិវាសុខភាពភ្នែកពិភពលោក ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាសុខភាពភ្នែក»

ឯកឧត្តមឧបនាយរដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅ១០ថ្ងៃទី ខែតុលា ឆ្នាំ២១០៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួប២០ឆ្នាំ នៃមន្ទីរពេទ្យភ្នែកតាកែវ និងទិវាសុខភាពភ្នែកពិភពលោក នៅខេត្តតាកែវ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាសុខភាពភ្នែក» ។

ឯកឧត្តមឧបនាយរដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន បានមានប្រសាសន៍ថា ឯកឧត្តមសូមកោតសរសើរ ចំពោះសមិទ្ធិផល ជាទីមោទនៈដែលអង្គការការីតាសកម្ពុជា សម្រេចបាន ក្នុងរយៈពេល២០ឆ្នាំកន្លងមក ដែលរួមមាន ការផ្តល់សេវាព្យាបាលប្រកបដោយគុណភាពខ្ពស់ តាមស្តង់ដាអន្តរជាតិដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ ឯកឧត្តមបានបន្តថា ក្នុងរយៈ ពេល២០ឆ្នាំមកនេះ មន្ទីរពេទ្យភ្នែកតាកែវ បានផ្តល់ការព្យាបាល និងផ្តល់គំហើញដល់ប្រជាពលរដ្ឋ សរុបចំនួន ៤៣៨០៧១ នាក់ ទទួលអ្នកជំងឺសំរាកពេទ្យបានចំនួន ៩៨១៧០ នាក់ និងវះកាត់ ជំងឺភ្នែក បានចំនួន ៦៥៤៥៤ នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា សុខភាពភ្នែក គឺជាបញ្ហាសំខាន់សម្រាប់មនុស្សគ្រប់រូប តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក នៅលើពិភពលោកយើងបច្ចុប្បន្ននេះ មានមនុស្សចំនួន ២៨៥ លាននាក់ កំពុងមានបញ្ហាគំហើញ ក្នុងនោះ ៩០% ស្ថិតក្នុងប្រទេស កំពុងអភិវឌ្ឍន៍។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា តាមរបាយការណ៍របស់កម្មវិធីជាតិយ៉ាងហោច ណាស់ មានអត្រាប្រេវ៉ាឡង់នៃជម្ងឺភ្នែកមាន ០.៣៨% លើមនុស្សទូទៅ និង ២.៨% លើមនុស្ស ដែលមានវ័យចាប់ពី៥០ឆ្នាំឡើង។ ក្នុងចំណោមអ្នកមានបញ្ហាភ្នែក៥ករណី មាន៤ករណី ដែលអាច ចៀសវាងបាន ដូច្នេះរាល់សកម្មភាពរបស់មន្ទីរពេទ្យភ្នែកតាកែវ ក្នុងការជំរុញ និងលើកកម្ពស់ សកម្មភាពផ្សព្វផ្សាយ ការផ្តល់ចំណេះដឹងផ្នែកសុខភាពភ្នែក ការពិនិត្យព្យាបាល និងការផ្តល់ គំហើញ ដល់ប្រជាពលរដ្ឋទាំងនៅមន្ទីរពេទ្យ និងក្នុងសហគមន៍ ពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានលើកឡើងថា ថ្ងៃនេះមិនត្រឹមតែជាការប្រារព្ធ ខួប២០ឆ្នាំ នៃមន្ទីរពេទ្យភ្នែកតាកែវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃដែលពិភពលោកទាំងមូល ប្រារព្ធទិវា សុខភាពភ្នែកពិភពលោកផងដែរ។ ប្រធានបទសម្រាប់ឆ្នាំនេះគឺ «យើងរួមគ្នាថែរក្សាសុខភាពភ្នែក» ។ កម្ពុជាសូមចូលរួមចំណែកជាមួយពិភពលោក ក្នុងការកាត់បន្ថយអត្រាពិការភ្នែក ឱ្យបាន២៥% នៅក្នុងឆ្នាំ២០១៩។

មានប្រសាសន៍ក្នុងពិធីនេះ លោកអនុបណ្ឌិត តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានលើកឡើងថា បើយោងតាមការប៉ានប្រមាណ ពីអង្គការសុខភាពពិភពលោក WHO និងភ្នាក់ងារបង្កាភាពពិការភ្នែក (IAPB) គឺនៅលើពិភពលោកយើង មានមនុស្សប្រហែល២៨៥លាននាក់ មានបញ្ហាគំហើញ ដែលក្នុងនោះ៣៩លាននាក់ពិការភ្នែក និង២៤៦លាននាក់ មានគំហើញខ្សោយ។ នៅក្នុងប្រទេសកម្ពុជាយើងមាន ៥២៥,៧២១នាក់ ក្នុងចំណោមប្រជាជន ១៤,១០០,០០០។ លោកអនុបណ្ឌិតបន្ថែមថា មូលហេតុចម្បងនៃភាពចុះខ្សោយគំហើញ គឺបញ្ហាកំហុសកំណុំ ជំងឺភ្នែកឡើងបាយ និងជំងឺទឹកដក់ក្នុងភ្នែក។ 65% នៃគំហើញខ្សោយ និង 82% នៃភាពពិការភ្នែក កើតមាននៅលើមនុស្សដែលមានអាយុលើស៥០ឆ្នាំ។

តាមការឱ្យដឹងពីលោកអនុបណ្ឌិត តែ សេរីបុណ្យ មន្ទីរពេទ្យភ្នែកតាកែវ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៦ ដោយអង្គការម៉ារីណុល ផ្តើមចេញពីកម្មវីធី ស្តារនីតិសម្បទា សំរាប់ជួយព្យាបាលអ្នកជំងឺភ្នែក ដែលមានបញ្ហាភ្នែកតាមសហគមន៍។ លោកអនុបណ្ឌិត បានបន្ថែមទៀតថា ក្រៅពីសេវាកម្មពិនិត្យព្យាបាលភ្នែក មន្ទីរពេទ្យក៏បានបន្ថែមនូវកម្មវិធីបណ្តុះបណ្តាលគ្រូពេទ្យឯកទេស ចក្ខុមូលដ្ឋាន (Basic Eye Doctor) និងចក្ខុគិលានុបដ្ឋាកមូលដ្ឋាន (Basic Eye Nurse) ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីពង្រីកសេវាកម្មថែទាំសុខភាពភ្នែក នៅតាមខេត្តនានា ទូទៅប្រទេស ក្នុងគោលបំណងដើម្បីកាត់ បន្ថយអត្រាពិការភ្នែកនៅកម្ពុជា។

ប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានបញ្ជាក់ឱ្យដឹងថា យោងតាមការអង្កេតបានឱ្យឃើញថា យើងទទួល បានលទ្ធផលជាវិជ្ជមានទាំងបរិមាណ (ប្រេវ៉ាឡង់ភាពពិការភ្នែកពី ៦.០% មកដល់ ២.៨%) និងគុណភាព លទ្ធផលក្រោយការវះកាត់អ្នកជំងឺមើលឃើញល្អបានកើនឡើងពី៥៥% រហូត ដល់៩៨% និងកាត់បន្ថយផលវិបាកពី៣៩%មកនៅត្រឹម៨%។ លោកអនុបណ្ឌិត តែ សេរីបុណ្យ ក៏បានថ្លែងអំណរគុណ និងការដឹងគុណដ៏ជ្រាលជ្រៅ ជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនរួមទាំងអង្គការដៃគូរនានា ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភឱ្យមន្ទីរពេទ្យ មានដំណើរការរហូតមក ដល់ពេលនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ