សុន្ទរកថា និងសម្រង់សេចក្តី​អធិប្បាយ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥

33

CNV:

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និង អង្គពិធីទាំងមូលជាទីមេត្រី!

និង អង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ- ការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តួចផ្តើមរៀបចំគោលនយោបាយ ដ៏មានសារ សំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ជាពិសេសធនាគារអភិវឌ្ឍន៍ឤស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងគោលនយោបាយនេះ រហូតបានចប់ជាស្ថាពរ។

ជារួម ការប្រកាសដាក់ឱ្យអនុវត្តនូវ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នេះ ពិតជាមានភាពចាំបាច់ ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រកប​ដោយផលិតភាព ជូនប្រជាជនកម្ពុជាគ្រប់រូបដោយសមធម៌, ការលើកកម្ពស់ជីវភាព, ភាពថ្លៃថ្នូររបស់ប្រ ជាជន, ភាពសុខដុមរមនា និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមក ព្រមទាំងទាញយកប្រយោជន៍ពីសក្តានុពល នៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០​១៥​-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥ ដែលមាន ចក្ខុ វិស័យ​ជំរុញ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ទៅជាឧស្សាហកម្មដែលមានបចេ្ចកវិទ្យាទំ នើប ទាន់សម័យ, មានតម្លៃបន្ថែមខ្ពស់ ដោយឈរលើគោលការណ៍រក្សានិរន្តរភាពឧស្សាហកម្ម អតិពល កម្ម ដែលមានស្រាប់ និងអភិវឌ្ឍឧស្សាហកម្មថ្មីៗបន្ថែម។

ជាការពិត ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឤទិភាពមួយនៃកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាល ក្នុងគោលដៅបង្កើតឡើងនូវសង្គមពុទ្ធិ ប្រកបដោយវិបុលភាព ដែលមានប្រជាជនប្រកប​ដោយចំណេះដឹងខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ មានកម្លាំងពលកម្មប្រកបដោយជំនាញ និងមានសមត្ថ ភាពឈោងចាប់បច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់។ នេះមិនមែនជាកិច្ចការថ្មីសម្រាប់យើងនោះទេ ជាក់ ស្តែងយើងបានផ្តើមគិតគូរចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក គឺទន្ទឹមនឹងការស្តារ និងការ អភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ កម្ពុជាតែងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ជាពិសេសអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ។ ដោយគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ យើងបានចាប់ ផ្តើមពីមជ្ឈ​មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មិត្តភាពកម្ពុជា-សូវៀត ដែលបណ្តុះបណ្តាលជំនាញអគ្គីសនី, មេកានិក, ជាងឈើ និងគ្រឿងយន្តកសិកម្ម។

តាមរយៈនេះ ធនធានមនុស្សយើងចាប់ ផ្តើមកើនឡើងបន្តិច ម្តងៗ។ នៅឆ្នាំ ១៩៩៨ រាជរដ្ឋាភិបាលបាន បង្កើតក្រសួងសង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា ដែលមានភារកិច្ចអភិវឌ្ឍ ការងារបណ្តុះបណ្តាលបចេ្ចកទេស និង វិជ្ជាជីវៈ។ នៅឆ្នាំ ២០០៤ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បានបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានផ្ទេរវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីក្រសួងអប់រំ យុវជន និង កីឡា និងពីស្ថាប័នផ្សេងៗ ដាក់ឱ្យ មានលក្ខណៈប្រមូលផ្តុំនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ន មានក្រសួង-ស្ថា ប័នរដ្ឋចំនួន ១២, អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនមួយចំនួន កំពុងផ្តល់កម្មវិធីអប់រំ បណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយរហូតមកដល់ពេលនេះ វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានសម្រេចសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

ជាក់ស្តែង បើពិនិត្យអំពីស្ថានភាពនៃដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រហូតមកដល់បច្ចុ ប្បន្ននេះ យើងមាន ៖

១. គ្រឹះស្ថានសិក្សា និងសាលាវិជ្ជាជីវៈ សរុបមានចំនួន ៣២៥ ក្នុងនោះមានគ្រឹះស្ថានក្រោម ឱវាទ ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១១៣ និងគ្រឹះស្ថានសាធារណៈ ចំនួន ៣៩

២. គុណភាពនៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយគ្រឹះ​ស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ចំនួន ១២ បានទទួលវិញ្ញាបនបត្រ ISO 9001:2008 និង​ ISO 9001:2015

៣. ចាប់ពីឆ្នាំ ២០១៣-២០១៦ បានបណ្តុះបណ្តាលដល់សិក្ខាកាម, សិស្ស-និស្សិត កម្រិតវិញ្ញា​បន​បត្រ​រយៈពេលខ្លីក្រោមរយៈពេល ១ ឆ្នាំ និងបានហ្វឹកហ្វឺនកូនជាងដល់កម្មករនិយោជិតបានចំនួនប្រមាណ ៣១ ម៉ឺននាក់ ក្នុងនោះ ក៏មាននិស្សិតបរទេសមួយចំនួនផងដែរ

៤. កន្លងមក មាននិស្សិតកម្ពុជាទទួលបានមេដាយសំរិទ្ធ ២ ក្នុងការប្រកួតប្រជែងជំនាញឤស៊ាន និង​ទទួល​បានពានលេខ ១ ផ្នែកឧស្សាហកម្មស្វ័យប្រវត្តិនៅប្រទេសចិន ក្នុងចំណោម ៦ ប្រទេស រួមមាន ឤល្លឺ​ម៉ង់, ហ្ស៊ីមបាវ៉េ, ថៃ, អេស្បាញ,​ ម៉ាឡេស៊ី និង កម្ពុជា

៥. រាជរដ្ឋាភិបាលបានបង្កើតក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងបានរៀបចំស្តង់ដារសមត្ថភាពជំនាញ វិជ្ជាជីវៈ សម្រាប់ ៣០ មុខរបរ ក្នុង ៥ វិស័យ រួមមានសំណង់, មេកានិក, ធុរកិច្ច, ទំនាក់ទំនងព័ត៌មានវិទ្យា, កម្មន្តសាល និងកែច្នៃចំណីឤហារ

៦. រាជរដ្ឋាភិបាលបានផ្តល់ឤហារូបករណ៍រយៈពេលខ្លី និងវែង ប្រមាណ ៣៣.០០០ នាក់ ក្នុងមួយឆ្នាំ សម្រាប់សិស្ស-និស្សិតផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទន្ទឹមនោះ កាលពីឆ្នាំ ២០០៨ នៅពេលមានវិបត្តិសេដ្ឋកិចពិភពលោក យើងបានផ្តល់មូលនិធិពិសេស សម្រាប់ការបណ្តុះបណ្តាល​បច្ចេក​​ទេស និងវិជ្ជាជីវៈ ដល់កម្មករ-កម្មការិនី ដើម្បីបំប៉នបន្ថែមជំនាញងាយរកការងារថ្មី និងបង្កើតមុខ​របរ​ដោយ​ខ្លួនឯង បានប្រមាណ ៧០.០០០ នាក់

៧. គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ១៥ បានបង្កើតអន្តេវាសិកដ្ឋាន ដែល​ឤចទទួលសិស្ស និងគ្រូស្នាក់នៅចំនួន ២.២០០ នាក់

៨. ខ្ញុំ និងភរិយា តែងតែផ្តល់ការលើកទឹកចិត្តដល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅ​តាមវិទ្យាល័យជាច្រើន ហើយខ្ញុំ និងភរិយា តែងបានផ្តល់អគារកាត់ដេរ, ម៉ាស៊ីនកាត់ដេរ, កុំព្យូទ័រ ដើម្បីឱ្យសិស្សឤចរៀនវិជ្ជាជីវៈ តាំងពីនៅក្នុងសាលាចំណេះទូទៅ។

ផ្អែកតាមរបាយការណ៍របស់ក្រសួងផែនការ ស្តីពីការអង្កេតអំពីសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឆ្នាំ ២០១៥ បានបង្ហាញថា កម្ពុជាមានប្រជាជនសរុបប្រមាណ ១៥,៤ លាននាក់ ហើយប្រជាជនស្ថិតក្នុងឤយុ​ធ្វើការ​បានមានចំនួន ១០,១ លាន នាក់ ដែលក្នុងនោះមានកម្លាំងពលកម្មចំនួន ៨,៣ លាននាក់។ តាម​រយៈនេះ យើងឃើញអំពីសារសំខាន់ និងភាពចាំបាច់នៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលដៅបន្តការលើកកម្ពស់ជំនាញ, ផលិតភាព, ភាពប្រកួតប្រជែង និងប្រាក់ឈ្នួលកម្លាំងពល​កម្ម​កម្ពុជា សំដៅឆ្លើយតបទៅនឹងទីផ្សារការងារក្នុងប្រទេស និងទាញប្រយោជន៍ ជាអតិបរមាពីកិច្ច​សមា​ហ​រ​ណ​​កម្មក្នុងសហគមន៍សេដ្ឋកិច្ចឤស៊ាន។ ហើយតាមរយៈនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ឤទិភាពខ្ពស់​លើការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱ្យយុវជនកម្ពុជានូវគុណតម្លៃ, សមត្ថភាព និងគុណធម៌ តាម​រយៈការវិនិយោគ និងការកែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា​ជីវៈ។

ការកសាងកម្លាំងពលកម្មឱ្យមានសមត្ថភាព និងឤចមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ គឺជា​កា​តព្វ​កិច្ចដ៏សំខាន់ ដើម្បីឈានទៅសម្រេចគោលដៅកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គមប្រកបដោយ​ចីរភាព។ ចំណុចនេះ ប្រាកដណាស់ថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការដាក់ចេញនូវ គោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នេះ។ ក្នុងស្មារតីនេះ ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម៖

ទី១. ត្រូវបន្តពង្រឹងគុណភាពការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តអនុវត្តប្រព័ន្ធ​ធានា គុណភាព, ពង្រឹងគរុកោសល្យ និងបច្ចេកទេសរបស់គ្រូបណ្តុះបណ្តាល, ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ធនធានមូលដ្ឋាន សម្រាប់រៀន និងបង្រៀនឱ្យឆ្លើយតបតាមការអភិវឌ្ឍបច្ចេកវិទ្យាថ្មី និងតម្រូវការទីផ្សារ​ការ​ងារផងដែរ។ ក្នុងនោះ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលបានអនុម័ត​រួច និងបន្តធ្វើសមាហរណកម្មរវាង ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ជាមួយក្របខណ្ឌគុណវុឌ្ឍិយោងឤស៊ាន។

ទី២. ត្រូវបន្តកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងប្រព័ន្ធព័ត៌​មានទីផ្សារការងារ ព្រមទាំងពង្រឹងការវិភាគ, ការព្យាករទីផ្សារការងារ និងការស្ទង់មតិលើតម្រូវការជំនាញ។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ សហការ រៀបចំធ្វើអង្កេតកម្លាំងពលកម្មឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ព្រមទាំងពង្រឹង និងពង្រីកគុណភាពមូលដ្ឋានទិន្នន័យ និងព័ត៌មានទីផ្សារការងារ។

ទី៣. ត្រូវបន្តពង្រឹង និងពង្រីកទីភ្នាក់ងារជាតិមុខរបរ និងការងារ, មជ្ឈមណ្ឌលការងារ, ការផ្សព្វផ្សាយ​ព័ត៌​មាន​ទីផ្សារការងារ, វេទិកាការងារ និងមុខរបរ, វេទិកាជាតិពិព័រណ៍ការងារ ដើម្បីផ្តល់សេវាការងារឱ្យ​កាន់​តែ​ទូលំទូលាយ។

ទី៤. ត្រូវបង្កើនឱកាសថែមទៀតដល់ប្រជាជន ដើម្បីទទួលបាននូវជំនាញ សម្រាប់ជីវិតដោយយកចិត្តទុក​ដាក់ ពិសេសលើតម្រូវការរបស់ស្ត្រី, ជនងាយរងគ្រោះ, យុវជនទីទ័លក្រ, សិស្សដែលបានបោះបង់​ការ​សិក្សា, ពលករចំណាកស្រុក និងជនជាតិភាគតិច តាមរយៈការផ្តល់នូវជម្រើសសិក្សាផ្សេងៗ​ដែលមាន​ភាព​បត់បែន។ ក្នុងនោះ ត្រូវបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលមុខជំនាញ ដែលជាតម្រូវការបច្ចុប្បន្ន ដូចជា សំណង់, មេកានិក, អគ្គិសនី, កម្មន្តសាល, ព័ត៌មានវិទ្យា៘ ដោយត្រូវផ្សារភ្ជាប់ជាមួយនឹងការ​បណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាព។

ទី៥. ត្រូវបង្កភាពងាយស្រួលក្នុងការឆ្លងទៅឆ្លងមករបស់សិស្ស-និស្សិត, រវាងប្រព័ន្ធអប់រំទូទៅ និងប្រព័ន្ធ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ក្នុងនោះ ត្រូវផ្តល់ឤហារូបករណ៍, ប្រាក់ឧបត្ថម្ភ និង អន្តេវាសិកដ្ឋានឱ្យបានគ្រប់គ្រាន់ដល់ក្រុមគោលដៅលើកទឹកចិត្តសិស្ស-និស្សិត ឱ្យចូលមកសិក្សានៅក្នុង​ប្រ​ព័ន្ធ​អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានកាន់តែច្រើន។

ទី៦. ត្រូវលើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន ឱ្យចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ ត្រូវបន្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងគម្រោងដៃគូអភិវឌ្ឍ​នានា ទាំងក្នុងក្របខណ្ឌពហុភាគី, ទ្វេភាគី ដើម្បីបន្តកៀរគរធនធានហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងការ​អភិ​វឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ។

ទី៧. ត្រូវបំផុសនូវយុទ្ធនាការបង្កើនផលិតភាព, បង្កើនទិន្នផល, បង្កើនប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតប​ទៅ​នឹងការប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមា។

មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់ស្ថាប័នអប់រំ និងអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, អង្គការ សមាគមនិយោជក, ដៃគូអភិវឌ្ឍ សូមបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ព្រមទាំងគាំទ្រដល់ការអនុវត្ត​គោល​នយោបាយជាតិនេះ ឱ្យបានប្រកបដោយផ្លែផ្កាតាមការរំពឹងទុក។

[ចាប់ផ្តើមអត្ថាធិប្បាយ]

អនុញ្ញាតឲ្យខ្ញុំយកវេទិកានេះ ដើម្បីបញ្ជាក់បន្ថែមលើបញ្ហាមួយចំនួន ក្រៅពីបរិបទលើនេះ ហើយក៏មួយ​ផ្នែក ដែលជាប់ពាក់ព័ន្ធផងដែរ។

តម្លើងប្រាក់ខែអប្បបរមារបស់កម្មករដល់ ១៧០ នៅខែ មករា ឆ្នាំ ២០១៨

ដំបូង ខ្ញុំសូមអបអរសាទរជាមួយនឹងការចរចាស្រុះស្រួលគ្នាអំពីប្រាក់បៀវត្សរ៍អប្បបរមារបស់កម្មករ សំរាប់​ឆ្នាំ ២០១៨ ខាងមុខនេះ ដែលតួលេខចុងក្រោយដែលបានសម្រេចរួចហើយ គឺប្រាក់ឈ្នួលអប្បបរមា រហូតទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ដើម្បីបានទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិកនេះ គឺ​រាជ​រដ្ឋា​ភិបាលក៏ត្រូវបានបន្ថែមជូនចំនួន ៥ ដុល្លារ។ ៥ ដុល្លារនេះ តើបានមកពីណា ដើម្បីយើងជូន​ទៅឲ្យ​វិស័យ​ឯកជន? មាន ផ្នែក ២ ដែលរាជរដ្ឋាភិបាលត្រូវលះបង់ប្រមាណជា ៤០ លានដុល្លារក្នុងមួយឆ្នាំ នោះគឺពន្ធកាត់ទុក ដែលត្រូវពន្យាររហូតទៅដល់ឆ្នាំ ២០២២ នេះជាចំណុចទី ១។ ចំណុចទី ២ អំពី​កម្រៃ​លើ​ការត្រួតពិនិត្យនៃការនាំចេញ ដែលកាំកុងត្រូលត្រូវបាត់បង់ប្រមាណជា ២៤ លានដុល្លារសហរដ្ឋអា​មេ​រិក។ ដូច្នេះ ២ ផ្នែកនេះ រាជរដ្ឋាភិបាលត្រូវបាត់បង់ប្រមាណជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកុំ​ឲ្យ​ទម្ងន់ធ្លាក់ធ្ងន់ពេកទៅលើនិយោជក ដែលជាម្ចាស់រោងចក្រ។ ដូច្នេះយើងគិតថា នៅពេលនេះ យើងកំ​ពុង​អនុវត្តនូវប្រាក់បៀវត្សរ៍អប្បបរមា ១៥៣ ដុល្លារ ប៉ុន្តែចាប់ ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់បៀវត្សរ៍​អប្ប​បរមារបស់កម្មករ/ការិនីរបស់យើង នឹងត្រូវឡើងទៅដល់ ១៧០ ដុល្លារ បូកនឹងអត្ថប្រយោជន៍​ដទៃ​ទៀត គឺកម្មករ/ការិនីរបស់យើង ទទួលបានកាន់តែច្រើន ជាមួយនឹងការកាត់​បន្ថយនូវការបង់ថ្លៃ(មួយចំ​នួន) ដូចជាការបញ្ចុះថ្លៃទឹក ថ្លៃភ្លើង ការធ្វើដំណើរ និងបញ្ហាទាក់ទងនឹងផ្ទះឈ្នួល។ ដូច្នេះកម្មករ/ការិនី​របស់​យើង នឹងទទួលបានផលប្រយោជន៍ពីការតម្លើងបៀវត្សរ៍អប្បបរមានេះ។

ប្រាក់ខែចាប់ពី ១ លាន ២ សែនរៀល ទើបជាប់ពន្ធ នៅខែ មករា ឆ្នាំ ២០១៨

ចំណុចទី ២ ដែលខ្ញុំចង់និយាយនេះ នៅពេលខាងមុខនេះ មិនយូរប៉ុន្មានទេ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អា​វុធរបស់យើង បៀវត្សរ៍ដែលត្រូវឡើង ទាបបំផុត ឡើងទៅដល់ ១ លានរៀល។ នៅក្នុងន័យបែបនេះ ច្បាប់​ថវិកា ដែលនឹងត្រូវឆ្លងនៅថ្ងៃទី ២៧ ខាងមុខនេះ គ្រោងដាក់ទៅក្នុងច្បាប់ថវិកា គឺមុននេះ ខ្ញុំសូមរំ​លឹក​រឿង​នេះបន្តិច។ កាលពីមុនយើងកំណត់ ៥០ ម៉ឺនរៀលជាប់ពន្ធ, នៅឆ្នាំ ២០១៦ យើងបានតម្លើង​ទៅ​ដល់ ៨០ ម៉ឺនរៀល ទើបជាប់ពន្ធ។ ដល់សម្រាប់ឆ្នាំ ២០១៧ នេះ យើងបានសម្រេចថា ទៅដល់ ១ លាន​រៀល ទើបជាប់ពន្ធ។ ឥឡូវនេះ ដើម្បីកុំឲ្យអ្នកដែលមានបៀវត្សរ៍ទាបបំផុតជាង ១ លានរៀល ត្រូវជាប់ពន្ធ នៅក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ខាងមុខនេះ ដែលយើងត្រៀមនឹងឆ្លង គឺនឹង​ដាក់​តម្លើងពី ១ លានទៅដល់ ១ លាន ២ សែន រៀល ទើបជាប់ពន្ធ។

អត្ថប្រយោជន៍នេះវាមិនមែនបានមកត្រឹមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ ក៏ប៉ុន្តែ វាបានទូទៅ​ទៅ​ដល់កម្មករគ្រប់ផ្នែក ដែលមានបៀវត្សរ៍ ឥឡូវអាចនិយាយបានថា ចាប់ពី ៣០០ ដុល្លារចុះក្រោម គឺ​អត់​មានជាប់ពន្ធទេ។ អញ្ចឹងយើងនេះគឺជាការសម្រួលមួយ សម្រាប់ប្រាក់ចំណូលដែលទទួលបានពីការ​តម្លើង ហើយមិនត្រូវបានបង់ត្រឡប់ទៅវិញ សម្រាប់រដ្ឋនោះទេ។ នោះហើយដែលខ្ញុំតែងតែនិយាយជា​មួយ​កម្មករ នៅពេលជួបពួកគាត់ថា ប្រាក់បៀវត្សរ៍ ១ លានរៀល មិនត្រូវបានបង់ពន្ធទេ ហើយយើងកំពុង​តែ​ពិនិត្យ​តទៅទៀត ពាក្យថា ពិនិត្យតទៅទៀត ឥឡូវវាបានចេញជាលទ្ធផលតាមរយៈ នៃការផ្តល់មតិពីក្រ​សួង​សេដ្ឋ​កិច្ច ហិរញ្ញវត្ថុ ហើយយើងដាក់ទៅនឹងសេចក្តីព្រៀងច្បាប់ថវិកា។

សង្ឃឹមថា សមាជិក សមាជិកា រាជរដ្ឋាភិបាល គឺត្រូវតែគាំទ្រហើយ​ ប៉ុន្តែសំខាន់គឺរដ្ឋសភា ដែលនឹងផ្តល់​ការ​គាំ​ទ្រអត់ពីបញ្ហា​នេះ។ ព្រោះវាត្រូវសិ្ថតនៅក្នុងច្បាប់ថវិកាហ្នឹងតែម្តង ហើយយើងចាប់អនុវត្តពីខែមករា ឆ្នាំ ២០១៨ នេះតទៅ។ នេះជាអត្ថប្រយោជន៍ដែលនឹងទទួលបាននៅក្នុង ក្របខណ្ឌមន្ត្រីរាជការ កង​កម្លាំង​ប្រ​ដាប់​អាវុធដែលមានប្រាក់ខែទាបបំផុតជាង ១ លាន ប៉ុន្តែវាក៏បានផ្តល់ផងដែរ ទៅក្នុងវិស័យ​ឯក​ជន ដែលកំពុងមានសព្វថ្ងៃ ពន្ធនៅក្នុងកម្រិត ១ លាន ២ សែនរៀល មិនត្រូវបានជាប់ពន្ធ ទេ ដូច្នេះវា​បាន​ផ្តល់​សម្រាប់ទូទៅ។

បង្កើនប្រាក់ឧបត្ថម្ភដល់ ៨០ ម៉ឺន/កូនមួយ ចាប់ខែ មករា ឆ្នាំ ២០១៨

មួយទៀត ខ្ញុំសូមបញ្ជាក់ ម្សិលមិញ ខ្ញុំបានលើកមកនិយាយពាក់ព័ន្ធទៅលើបញ្ហាការផ្តល់បន្ថែម​សម្រាប់​ស្ត្រី​​ជាមន្ត្រីរាជការ ហើយបន្ថែមស៊ីវិល ហើយបន្ថែមទៅកងកម្លាំងប្រដាប់អាវុធ ដោយសម្រាប់ស្ត្រីមានផ្ទៃ​ពោះ ដែលមុននេះអនុវត្តត្រឹមតែ ៦០ ម៉ឺនរៀល សម្រាប់ស្ត្រីឆ្លងទន្លេម្នាក់។ ឥឡូវនេះ យើងបានបង្កើនចាប់​ពី​ខែ ១ ឆ្នាំ ២០១៨ យើងនឹងបង្កើនទៅដល់ ៨០ ម៉ឺនរៀល សម្រាប់ស្ត្រីឆ្លងទន្លេដែលមានកូនមួយ ហើយ​កូន​ពីរ ១ លាន ៦ សែន និងកូនបី ២ លាន ៤ សែន។ អាហ្នឹងកើតភ្លោះ មិនមែនកើតមួយម្តង ហើយ​មក​សរុបយកថវិកាទេ។

បង្កើនប្រាក់មរណភាពដោយជំងឺធម្មតា និងក្នុងបេសកកម្ម សំរាប់មន្រ្តីរាជការស៊ីវិលពី ខែមករា ឆ្នាំ ២០១៨

នៅមានបញ្ហាទាក់ទងនឹងរឿង ដោយសារនៅក្នុងសេចក្តីសម្រេចនោះ មានទាក់ទិនជាមួយនឹងបញ្ហា អ្នក​ដែល​មរណភាពដោយជំងឺធម្មតា និងមានអ្នកដែលទទួលមរណភាពនៅក្នុងបេសកកម្ម ដែលប្រាក់នេះវា​នៅ​ទាប​ពេក។ បើថែមទៅលើសនេះ ក៏វានៅទាបដែរ បើប្រៀបធៀបជាមួយកម្លាំងប្រដាប់អាវុធ។ កាលមុន​នេះ អ្នកទទួលមរណភាពធម្មតា គឺទទួលបាន ១ លាន ២ សែនរៀល យើងនឹងបង្កើនទៅដល់ ២ លាន​រៀល។ ឯមរណភាពក្នុងបេសកកម្ម បាន ១.៥០០.០០០ រៀល នឹងឡើងទៅដល់ ៤.០០០.០០០ រៀល សម្រាប់​ឆ្នាំ ២០១៨ ខាងមុខនេះ។ ឆ្នាំ ២០១៧ នេះ យើង​បានប្រើប្រាស់នូវថវិកានេះ អស់ប្រមាណ ៣០ ពាន់​លានរៀល គឺប្រមាណជា ៧ លាន ៦ សែន ២ ម៉ឺនដុល្លារ ហើយយើងគ្រោងថា នៅក្នុងក្របខណ្ឌ​មន្រ្តី​រាជការស៊ីវិលរបស់យើង នឹងត្រូវអនុវត្តនៅឆ្នាំ ២០១៨ នេះ អាចមានទឹកប្រាក់រហូតដល់ ៤៤ ពាន់​លាន​(រៀល) គឺស្មើនឹងជាង ១០ លានដុល្លារសហរដ្ឋអាមេរិក។

ប្រាក់ឧបត្ថម្ភ សម្រាប់យោធិន និងនគរបាលពលី និងមរណៈ

បញ្ហានេះមិនត្រូវបានអនុវត្តចំពោះកងទ័ព និងនគរបាលទេ ដែលខ្ញុំសូមបញ្ជាក់ថា រឿងនេះក៏ត្រូវយកទៅ​គិត​​ឡើងវិញដែរ ទោះបីតម្លើងនេះ ក៏វាមិនគ្រប់គ្រាន់ទេ។ ដោយសារអញ្ចេះ ភាពខុសគ្នា គម្លាតរវាង​កង​ទ័ព នគរបាល ជាមួយនឹងមន្រ្តីរាជការនៅពេលទទួលមរណភាពគឺនៅខុសគ្នាឆ្ងាយ ដែល​ទាមទារយក​ទៅ​គិត​គូរឡើងវិញ ពិសេសគឺគណកម្មការជាតិអនុវត្តនូវគោលនយោបាយគាំពារសង្គម ត្រូវយកទៅពិនិត្យ​ត​ទៅ​ទៀត។ ខាងកងទ័ព គឺយោធិនពលី ឥឡូវនេះ ទទួលបាន ២៦ ខែ នៃប្រាក់បៀវត្ស។ បើ ២៦ ខែ គឺឲ្យតែប្រាក់ខែឡើង ឥឡូវបើប្រាក់ខែឡើង ១ លានរៀល ពេលដែលពលីកម្ម គឺទទួល ២៦ លានរៀល។ ឯអ្នកដែលទទួលមរណភាពធម្មតា គឺទទួលស្មើនឹង ៧ ខែ ដូច្នេះ បើអ្នកទាបបំផុតគឺពលទោ ទាហាន​ដែល​ចូលថ្មី ដែលទាបបំផុត ក៏បាន ៧ ខែ ដែរ ដែលប្រាក់ខែពេលនេះ នឹងឡើងទៅដល់ជាង ១ លាន​រៀល។ ក្រៅពីនោះ គ្រួសារយោធិនពលី និងនគរបាលពលី នឹងទទួលបាននូវប្រាក់បុណ្យសពថែមទៀត មួយចំនួនលើកដំបូង ១៥ ខែ នៃបៀវត្សចុងក្រោយ អញ្ចឹងគឺបាន ១៥ លានថែមទៀត។ ចំពោះគ្រួសារសព នៃនគរបាលមរណៈ និងយោធិនមរណៈ នៅ​ទទួលបានប្រាក់ឧបត្ថម្ភមួយលើកចំនួន ១៤ ខែ នៃបៀវត្ស​មូល​ដ្ឋានចុងក្រោយទៀត។ អញ្ចឹងគឺ ផ្នែកនគរបាលទទួលបានដូចគ្នា ជាទូទៅ មានទទួលពេលស្លាប់ ទទួលធ្វើបុណ្យ និងចុងក្រោយទទូលដោយគ្រួសារបើកផ្តាច់បន្ថែមទៀត។

កុំឲ្យគម្លាតធំពេករវាងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើគោលនយោបាយគាំពារសង្គម

ទោះបីនេះ ជាការតម្លើងបណ្តោះអាសន្ន ប៉ុន្តែ សម្រាប់មន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ​ ដែលជាស្រ្តី ហើយ​ត្រូវឆ្លងទន្លេ គឺត្រូវតម្លើងកម្រិតប៉ុណ្ណេះសមល្មម សម្រាប់ពេលនេះ។ ប៉ុន្តែ សម្រាប់មន្រ្តីរាជការ ដែល​ទទួលមរណភាព ទាំងធម្មតា និងទាំងក្នុងបេសកកម្ម នៅមិនទាន់គ្រប់គ្រាន់ទេ ដែលស្នើឲ្យយកចិត្ត​ទុក​ដាក់​ទៅលើបញ្ហានេះ និងដោះស្រាយជាមួយគ្នានៅពេលក្រោយ ដើម្បីកុំឲ្យគម្លាត​ឃ្លាតគ្នាឆ្ងាយពេក រវាង​មន្រ្តីរាជការស៊ីវិល ជាមួយនឹងកម្លាំងប្រដាប់អាវុធ។ យើងអាចរករូបមន្តគិតគូរយ៉ាងម៉េច ដើម្បីជួយ​សម្រួល ព្រោះម្យ៉ាងបាត់បង់ស្លាប់មនុស្សនៅក្នុងគ្រួសារ ឧទាហរណ៍ ប្តីស្លាប់ ប្រពន្ធខ្វះលុយធ្វើបុណ្យ នេះ​គឺ​ជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម។ នោះហើយដែលជការជម្រុញការអនុវត្តនៅពេល​ដែល​យើង​សម្ពោធដាក់ឲ្យប្រើប្រាស់នូវកម្មវិធីជាតិគាំពារសង្គម ដែលយើងបាន និងកំពុងធ្វើនៅក្នុងចំណោម​កិច្ច​ការ ដែលយើងបាន និងកំពុងធ្វើដទៃទៀត។

អនុវត្តចំពោះស្រ្តីមានផ្ទៃពោះមុនគេ, កម្មការិនីមានផ្ទៃពោះ ៣ ខែឡើង ចេញមុនម៉ោង ១៥ នាទីយ៉ាងតិច

ខ្ញុំនឹងបន្តស្អែកនេះ ជួបជាមួយនឹងកម្មករជាបន្តទៀត ហើយឃើញព័ត៌មានមកថា ស្ត្រីមានផ្ទៃពោះរហូតទៅ​ជិត​ដល់ ៥០០ នាក់ទៀត។ ឥឡូវ នៅកន្លែងនេះហើយ ដែលខ្ញុំបាននិយាយនៅពេលដែលសម្ពោធ ខ្ញុំថា គួរតែជ្រើសរើសយកការអនុវត្តចំពោះស្រ្តីមានផ្ទៃពោះមុនគេ ព្រោះស្រួលរាប់ ស្រួលណាស់ ពេលទៅជា​មួយ​កម្មករ ក៏ស្រួលដែរ គេគិតអញ្ចេះ គេមានសៀវភៅរបស់គេ។ ចាប់ពីប៉ុន្មានខែឡើងៗ ឥឡូវយើង​បាន​ស្នើ​សុំឲ្យកម្មការិនី ដែលមានផ្ទៃពោះចាប់ពី ៣ ខែឡើង ធ្វើម៉េចឲ្យបានចេញមុនម៉ោង ១៥ នាទី ដែល​មុន​នេះ​បានត្រឹមតែ ៥ នាទី ឬ ១០ នាទី។ ប៉ុន្តែ ឥឡូវនេះ​ ត្រូវបាន ១៥ នាទី ជាទូទៅ។ អ្នកដែលបានឲ្យ​ខ្ពស់​លើស​ហ្នឹងទៅហើយ ក៏រក្សានៅដដែល។ មានរោងចក្រមួយនោះ គេឲ្យដល់កន្លះម៉ោងឯណោះ ដែលខ្ញុំ​បាន​ទៅ គេផលិតខោអាវកីឡា គេឲ្យអាវកីឡាមកខ្ញុំ។ ដល់ពេលខ្ញុំពាក់ទៅ បង្ហោះហ្វេសប៊ុកលេងមួយទៅ ស្រាប់តែគេចូលមកគេថា ខ្ញុំហ្នឹងគាំទ្រ Real Madrid នឹងគេដែរ។ អញ្ចឹង អាវហ្នឹងអាវនរណា? អាវគេ​ដេរ​នៅ​ស្រុកខ្មែរយើងហ្នឹង។ អាវកីឡា តែជាឈុតរបស់ក្រុម Real Madrid ទៅវិញ។ គេថាគ្រាន់តែក្រុម​បាល់​ទាត់​ក៏សម្តេចមានចិត្តដូចខ្ញុំដែរ។ ខ្ញុំចូលចិត្តហើយ Real Madrid ក៏ប៉ុន្តែ ខ្ញុំអត់ស្គាល់ឯក​សណ្ឋាន​គេច្បាស់​ទេ ក៏ប៉ុន្តែអ្នកដែលគេមើលខ្ញុំនោះ គេថា អាហ្នឹងគឺគេក៏គាំទ្រ Real Madrid សម្តេចក៏គាំទ្រ Real Madrid។ ប៉ុន្តែ អ្នកដែលគាត់គាំទ្រ Liverpool គាត់ថា ចប់! ព្រោះធម្មតាទេ អ្នកគាំទ្រផ្នែកនេះផ្នែកនោះ។

កីឡាករ/ការិនី ជិះឡានក្រុងដោយមិនគិតថ្លៃ

តែ​យ៉ាងណាក៏ដោយ យើងបាន និងកំពុងធ្វើកិច្ចការដែលមានប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយឥឡូវនេះ ម្សិលមិញខ្ញុំបានប្រកាសហើយ ថ្ងៃ ១៥ (តុលា) នេះ នឹងទទួលបាននូវ ២ ប៉ុន្តែ មាន​រឿង​មួយ​ក៏សូមប្រកាសនៅទីនេះដែរ រឿងរថយន្តក្រុងត្រូវបានបន្ថែមជូនកីឡាករ/ការិនី ជិះដោយមិនបង់ប្រាក់​ដូច​កម្ម​ករ​ដែរ។ កីឡាករ/ការិនីទាំងឡាយ ដែលមានក្លិបគេទទួលស្គាល់ ហើយគណៈកម្មាធិការអូឡាំពិក គឺត្រូវមានបញ្ជាក់អាហ្នឹងឲ្យបានច្បាស់ កុំគ្រាន់រត់ត្រឹកៗហ្នឹង មកចូលកីឡាអីនឹងគេដែរ។ អញ្ចឹងទេ កី​ឡាករ/ការិនីមានប្រហែលជា ៥ ពាន់នាក់ ត្រូវបានទទួលការជិះរថយន្តក្រុង ដោយមិនចាំបាច់បង់ប្រាក់ទេ ទទួលបានអត្ថប្រយោជន៍ដូចជាកម្មករ/ការិនីផងដែរ។ តែដូចជាអ្នកតៃក្វាន់ដូ ជូដូ ខ្សែក្រវាត់ប៉ុន្មានជាន់ មានទាំងបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន មានទាំងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន គាត់មិនទៅជិះ​ឡាន​ក្រុងនោះទេ គាត់ជិះឡានគាត់ហើយ គាត់ក៏ជាអ្នកកីឡា ដែលមានខ្សែក្រវាត់ពិតប្រាកដ ហើយមាន​ការហ្វឹកហាត់ពិតប្រាកដ មិនមែនធម្មតាទេ។ អញ្ចឹងទេ នេះ​ក៏ជាការជួយសម្រួលមួយ ឲ្យកីឡាករ/ការិនី​របស់​យើងកាន់តែមានលទ្ធភាពឈានឡើង ដើម្បីឈានទៅរកធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣។

[បញ្ចប់អត្ថាធិប្បាយ]

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះ​បណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ នៅពេលនេះ ខ្ញុំសូមជូនពរសម្តេច, ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក