សម្រង់ប្រសាសន៍​​​សម្តេច​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយកម្មករ និយោជិត នៅតំបន់​កំបូល ផ្លូវជាតិលេខ ៤

50

CMV: 

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនកម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក!

លើកពេលជួបកម្មករ/ការិនី ដោយត្រូវគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ ចំនួនជាង ១ ម៉ឺននាក់ ហើយដែលជាកម្មវិធីបន្តពីកម្មវិធីមុនៗ។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានលើកឡើងថា ក្មួយៗមួយចំនួនក៏បានទៅចូលរួមប្រជុំនៅកោះ ពេជ្រ ហើយខ្ញុំក៏សុំយកឱកាសនេះ ជម្រាបជូនសម្រាប់បងប្អូនដែលត្រៀមខ្លួនទៅជួបជុំជាមួយខ្ញុំ នៅថ្ងៃទី ៨ ខាងមុខនេះ គឺសុំអធ្យាស្រ័យត្រូវលើកពេលសិន។ ថ្ងៃទី​ ១៥ តុលា នោះ ក៏លើកពេលដែរ ដោយសារ តែជាខួបនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាថ្ងៃឈប់ សម្រាករៀបចំគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ប៉ុន្តែ ជំនួបជាមួយកម្មករ/ការិនី ធ្វើឡើងជារៀងរាល់ថ្ងៃ ពុធ ក៏នៅតែបន្តធ្វើ។ អាទិត្យក្រោយនេះ ក៏នឹងបន្តធ្វើ។ ពិតមែនតែថ្ងៃស្អែកនេះ ខ្ញុំត្រូវចាក​ចេញ​ពី​ប្រ​ទេស​(រយៈពេល)ពីរយប់ គឺល្ងាចថ្ងៃទី ៥, ៦ និងព្រឹកថ្ងៃទី ៧ ត្រឡប់មកដល់វិញ​ ចូលរួមខួបលើកទី​ ៥០ នៃ​ថ្ងៃ​ឡើង​គ្រងរាជរបស់ព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម។

ការថតរូបស្តែងអោយឃើញពីទឹកចិត្តស្រឡាញ់

ថ្ងៃនេះ ពិតជារីករាយ ដែលយើងបានជួបជុំគ្នា ហើយសង្ឃឹមថា មេឃព្រឹកនេះភ្លៀងមិនធ្លាក់ទេ ដែលម្សិល​ម្ងៃ គឺភ្លៀងតែងធ្លាក់ កន្លែងខ្លះធ្លាក់ពេលព្រឹក កន្លែងខ្លះធ្លាក់ថ្ងៃត្រង់ កន្លែងខ្លះធ្លាក់ល្ងាច ស្រេចតែនឹងចិត្ត​របស់​គាត់ យើងទប់ស្កាត់មិនបានទេនូវទឹកខាងលើនោះ។ ថ្ងៃនេះក៏មិនជាក្តៅប៉ុន្មានដែរ ប៉ុន្តែ អាចថា​មិន​ក្តៅ​ពេលនេះ ក៏ប៉ុន្តែបន្តិចទៀតវានឹងក្តៅ។​ សុំអភ័យទោស អំពីក្មួយៗនៅខាងនេះផងដែរ ដែលអម្បាញ់​មិញ​ធ្វើដំណើរពីត្រឹមនេះ គឺថាមានការយឺតបន្តិច ដោយសារតែក្មួយៗចង់បានរូបថត។ អញ្ចឹងទេ ក៏ត្រូវ​ថត​រូប​មួយសាទៅ។ ថ្ងៃមុនមានរឿងចម្លែកអញ្ចេះ។ ក្មួយៗពោះធំដែលទៅឯកោះពេជ្រ ខ្ញុំកំពុងតែចែកថវិកា ដល់​ពេលខ្ញុំមកដល់គាត់ថា ទុកសិន លុយមិនសំខាន់ទេ រូបថតសំខាន់ជាង។ អញ្ចឹង គាត់សែលហ្វី​ទាល់​តែ​(បានល្អទើបឈប់)។ អញ្ចឹង នេះគឺបានបង្ហាញឃើញទឹកចិត្តរាប់អានចំពោះខ្ញុំ ពីសំណាក់ប្រជាពល​រដ្ឋ​របស់​យើង ដែលក្នុងនោះក៏មានកម្មករ/ការិនីរបស់យើង ដែលបានចង់ថតរូប(ជាមួយ)ខ្ញុំ ហើយអម្បាញ់​មិញ​ក្មួយស្រីម្នាក់ថា ម្តាយចង់បានរូបថត អញ្ចឹងទេ ថតរូបបានហើយ នឹងផ្ញើទៅអោយម្តាយនៅឯ​ស្រុក​ឯ​ណោះ។

ក្រៅពីរំដោះប្រទេសជាតិ តែងនៅជាប់ជាមួយប្រជាពលរដ្ឋ ពិសេសគ្រាលំបាក

អរគុណណាស់ ចំពោះការរាប់អាន។ តាមរយៈ នៃការរាប់អានរបស់ក្មួយៗជាកម្មករ/ការិនីរបស់យើងនេះ ទាំងសាមីខ្លួនកម្មករ/ការិនីរបស់យើង ទាំងឪពុកម្តាយរបស់ក្មួយៗ ទាំងជីដូនជីតារបស់ក្មួយៗ ដែលធ្លាប់​​បាន​រួមដំណើរជាមួយពូក្នុងរយៈពេលកន្លងទៅ សុទ្ធតែបានដឹងថាតើតេជោសែននេះ បានធ្វើអ្វីខ្លះសម្រាប់​ប្រទេសជាតិ? ប្រសិនបើពួកគាត់មិនបានដឹងរឿងនេះ ហើយក្មួយៗមិនបានដឹងរឿងនេះ ក៏គ្មានការចាំបាច់ ដើម្បីនឹងធ្វើការរាក់ទាក់ជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ។ ក៏ប៉ុន្តែ ក្នុងមួយជីវិតរបស់ខ្ញុំនេះ គឺ​ក្រៅ​ពីការតស៊ូដើម្បីរំដោះប្រទេស ខ្ញុំមិនដែលឃ្លាតឆ្ងាយចេញពីប្រជាពលរដ្ឋម្តងណាទេ។ ពេលវេលា​ដែល​លំបាកបំផុត គឺជាពេលវេលាខ្ញុំនៅកៀកកិតជាមួយប្រជាជនបំផុត។ ដូច្នេះ ត្រង់នេះហើយដែលខ្ញុំ​មាន​អា​រម្មណ៍ថា ប្រជាពលរដ្ឋរបស់យើង បើទោះបីស្ថិតនៅទីណាក៏ដោយ ហើយនិន្នាការណាក៏ដោយ ក៏អាច​យល់​បាន អំពីអ្វីដែលខ្ញុំបានធ្វើសម្រាប់ប្រទេសជាតិយើង។

បន្តធ្វើនាយករដ្ឋមន្ត្រីយ៉ាងតិចពីរអាណត្តិ

ឆ្លងតាមរយៈនេះ ការរាប់អានពីសំណាក់ក្មួយៗជាកម្មករ/ការិនី ក៏បានបង្ហាញ ហើយក៏ជាប្រភពនៃ​ការ​លើក​ទឹកចិត្តអោយខ្ញុំបន្តការខិតខំ ដើម្បីថែរក្សានូវសន្តិភាពនេះ និងជម្រុញការអភិវឌ្ឍជាបន្តទៀត ដើម្បី​អនា​គត​កូនចៅរបស់យើង។ ខ្ញុំបានយកទីកន្លែងនៃការប្រកាសបន្តការគ្រប់គ្រងរដ្ឋ តាមរយៈនៃការ​បោះ​ឆ្នោត ដែលត្រូវបានធ្វើជាទៀងទាត់ ៥ ឆ្នាំម្តង សម្រាប់ពីរអាណត្តិទៀត ដែលបងប្អូនក៏បានប្រសិទ្ធពរ ដើម្បី​អោយខ្ញុំបន្តកាន់អំណាចនូវអាណត្តិទី ​៦ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ប៉ុន្តែខ្ញុំមិនច្បាស់ថា អា​ណត្តិ​បន្ត​បន្ទាប់ទៀតនោះវាយ៉ាងម៉េច។ ក៏ប៉ុន្តែ ត្រឹម ១០ ឆ្នាំ គឺទៅរួច … ខ្ញុំក៏​អាចនិយាយភាសាមួយបានថា យ៉ាងតិច ១០ ឆ្នាំ។ បើយ៉ាងតិច ១០ ឆ្នាំ មានន័យថា លើសពី ១០ ឆ្នាំ។ ព្រោះថា ឥឡូវនេះ បើទោះបីថា មានវ័យច្រើនគួរសមហើយក៏ដោយ ក៏ប៉ុន្តែ សុខភាពមិនទាន់ទ្រុឌទ្រោមពេកនោះទេ។

ពីប្រទេសអត្រានៃភាពក្រីក្រ ១០០% មកនៅត្រឹម ១៣% នៅឆ្នាំ ២០១៤

សង្ឃឹមថា អ្វីដែលយើងបានរួមគ្នាតាំងជំនាន់ជីដូនជីតារបស់ក្មួយៗ តាំងពីឪពុកម្តាយរបស់ក្មួយៗ រហូត​មក​ដល់​ក្មួយៗ បាននាំអោយប្រទេសនេះបានដល់ដំណាក់កាលថ្មីមួយ គឺដំណាក់កាលដែលប្រទេស​យើង បានឆ្លងកាត់អត្រានៃភាពក្រីក្រ ១០០% ក្រោយពីរំដោះពីរបប ប៉ុល ពត មកនៅអត្រានៃ​ភាព​ក្រី​ក្រ​ត្រឹមប្រមាណជា ១៣% កាលពីឆ្នាំ ២០១៤ ដែលយើងមិនទាន់បានធ្វើស្ថិតិឡើងវិញនៅឡើយ។ យើង​បាន​ឆ្លងកាត់ពីប្រាក់ចំណូលតិចតូច មកកាន់ឋានៈជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យម​កម្រិត​ទាប។ យើងក៏មានមហិច្ឆតានាំប្រទេសនេះ ទៅកាន់ឋានៈប្រទេសដែលមានប្រាក់ចំណូលមធ្យម​កម្រិត​​ខ្ពស់នៅឆ្នាំ ២០៣០ ហើយនឹងប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍនៅឆ្នាំ ២០៥០។​ ខ្លួនខ្ញុំបានដឹងច្បាស់ថា ខ្ញុំគ្មានលទ្ធភាពរស់ទៅដល់ឆ្នាំ ២០៥០ ទេ ក៏ប៉ុន្តែ យើងដាក់ផែនទីចង្អុលផ្លួវមួយ សម្រាប់ការបន្តជំនាន់នៃការអនុវត្តនយោបាយមេរបស់ប្រទេស ដើម្បីចៀសវាងនូវការច្រឡំបល់សម្រាប់​ដំ​ណើរ​ការអភិវឌ្ឍរបស់ប្រទេស។

អរគុណបណ្តាម្ចាស់រោងចក្រ ដែលអនុញ្ញាតអោយកម្មករ/ការិនីមកជួបជុំនៅថ្ងៃនេះ

ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងការស្វាគមន៍របស់ក្មួយៗ​ ហើយក៏សូមថ្លែងអំណរគុណ ចំពោះម្ចាស់ រោង​ចក្រទាំង ១០ ដែលផ្តល់ឱកាសអោយកម្មករ/ការិនីចូលរួមនៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ ខ្ញុំបាន​ជួប​ជាមួយនឹងប្រធានផ្នែក ប្រធានរដ្ឋបាល ប្រធានក្រុម និងជំនួយការ ចំនួន ៣៩៨ រោងចក្ររួចមកហើយ​ ហើយសម្រាប់កម្មករ និយោជិត ជួប ៦ លើក មាន ១៤៣ រោងចក្រ ប៉ុន្តែ រឿងនេះ វាមិនទាន់​គ្រប់​គ្រាន់​ទេ។ រោងចក្ររបស់យើងសម្រាប់ការផលិតបែបនេះមានទៅដល់ជាង ១ ពាន់ រោងចក្រ ហើយបើនិយាយ​ពី​សហគ្រាសទាំងអស់មានទៅជាង​​ ១ ម៉ឺន រោងចក្រសហគ្រាសឯណោះ ហើយកម្មករមានទៅដល់ជាង​ ១ លាននាក់ ដូច្នេះ ខ្ញុំត្រូវបន្តដំណើរវិលជុំនៅក្នុងការជួបជុំកម្មករ/ការិនីរបស់យើង។

រួមចំណែកដោះស្រាយបញ្ហារបស់កម្មករ អនុវត្តគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥/២០២៥

នៅក្នុងឱកាសពេលវេលា ដែលយើងកំពុងអនុវត្តនូវគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥/២០២៥ វា​ជា​ការសមស្របណាស់ ដែលដាក់បន្ទុកនឹងដាក់ការទទួលខុសត្រូវ ជាពិសេស ការរួមសុខ រួមទុក្ខ ជាមួយ​នឹង​កម្មករ/ការិនីរបស់យើងនៅតាមបណ្តារោងចក្រ ដូច្នេះហើយ ខ្ញុំមានកម្មវិធីជាក់លាក់ក្នុងរយៈ​ពេលមិន​មែន​ត្រឹមតែ ១ ឆ្នាំ ឬ ២ ឆ្នាំទេ ក៏ប៉ុន្តែ ខ្ញុំបានត្រៀមខ្លួនជាស្រេច​ ដើម្បីធ្វើដំណើរបន្តបន្ទាប់​ពីកន្លែង​មួយទៅ​កាន់​កន្លែងមួយ ទោះបីជុំហើយ ក៏ត្រូវធ្វើដំណើរជាបន្ត។ យើងមានរោង​ចក្រច្រើន ប៉ុន្តែ យើងអាច​ទៅ​តាម​រោង​ចក្រនេះទៅតាមរោងចក្រនោះដោយមិនចាំបាច់មានការប្រមូលផ្តុំទ្រង់​ទ្រាយធំ។ ចំណុចនេះ ក៏បង្ហាញ​អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ហើយខ្លួនខ្ញុំផ្ទាល់ក៏ត្រូវរួមចំណែក ដើម្បីដោះស្រាយ​បញ្ហា​នេះ​ជាបន្តទៀត នូវក្នុងក្របខណ្ឌនៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និយាយជារួម និងក្នុងក្របខណ្ឌ​នៃ​ការ​អភិវឌ្ឍ​វិស័យឧស្សាហកម្ម និយាយដោយឡែក។

ពលកម្មវ័យក្មេង ជួយជម្រុញកំណើនសេដ្ឋកិច្ច

កម្មវិធីមួយនេះ ជាកម្មវិធីដែលមានការរួមចំណែកធំ នៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់យើង ដែល​កន្លង​ទៅពលកម្មវ័យក្មេង គឺជាអ្នកអូសនៃកំណើនសេដ្ឋកិច្ចរបស់យើង។ តាមការគន់គូរ ពលកម្មវ័យក្មេង​របស់​យើងដែលមានយ៉ាងច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស នឹងបន្តរួមចំណែកជម្រុញកំណើន​សេដ្ឋ​កិច្ច​ជាបន្តទៀត តាមរយៈវិស័យកសិកម្មក្តី ទាំងវិស័យឧស្សាហកម្មក្តី ទាំងវិស័យសេវាក្តី។ ខ្ញុំមានការលើក​ទឹក​ចិត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា គ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានចូល​រួម​ចំ​ណែក​យ៉ាងធំធេង ទៅក្នុងការដោះស្រាយបញ្ហានានា ដែលជាបញ្ហាប្រឈមជាមួយនឹងដំណោះស្រាយ​ចាំ​បាច់​ ដើម្បីទទួលបាននូវភាពងាយស្រួល​ សម្រាប់ការវិនិយោគ សម្រាប់ការបង្កើតឡើងនូវលក្ខ​ខណ្ឌការ​ងារ​នានា។ ថ្ងៃនេះ វត្តមានក្មួយៗជាកម្មការិនីដែលមានផ្ទៃពោះមាន ៥១១ នាក់ ដែលមកទីនេះ ហើយនៅ​ក្នុង ៥១១ នាក់នេះ ក៏មិនដឹងថាមានភ្លោះឬអត់?

ឆ្លើយតបទៅនឹងការតិទៀន ចំពោះការលក់ដីនៅតាមផ្លូវជាតិលេខ ៤ ឲ្យធ្វើជារោងចក្រ

ខ្ញុំពិតជាពេញចិត្តជាមួយនឹងជំនួបដែលត្រូវបន្តធ្វើជាបន្តទៀត។ ហើយថ្ងៃនេះ ការជួបជុំនៅទីនេះ គួរអោយ ខ្ញុំរំលឹកបន្តិចនៅត្រង់តាមផ្លូវជាតិលេខ ៤។ ខ្ញុំនៅចាំបានថា នៅមានការជេរប្រទេច ឬក៏ទិតៀនខ្ញុំយ៉ាង​ខ្លាំង​នៅពេលនោះ។ សភារបស់យើងដំបូង ពិសេសនៅក្នុងដំណាក់កាលឆ្នាំ ​១៩៩៥/១៩៩៦ នៅតាមដង​ផ្លូវ​លេខ ៤ របស់យើងនេះដែលតភ្ជាប់ពីទីក្រុងភ្នំពេញ/អង្គស្នួល និងតភ្ជាប់ទៅឯកំពង់ស្ពឺ។ ពេល​នោះ នៅ​ក្នុងរដ្ឋសភាក៏មានការតិទៀន ចំពោះការបណ្តែតបណ្តោយអោយប្រជាជនលក់ដី ដែលនៅតាមផ្លូវ​ជាតិ​លេខ ៤ យើងនេះ។ ខ្ញុំក៏មានការតបត និងធ្វើការពន្យល់។ ឥឡូវនេះ បើសិនអាហ្វីលចាស់ ដែលខ្ញុំ​បាន​និយាយ​ទាក់ទិនជាមួយនឹងបញ្ហាតាមបណ្តោយផ្លូវជាតិលេខ ៤ នេះ យកមកចាក់(ឡើង)វិញ ទើបគេ​អាច​មើល​ឃើញថា រយៈជាង ២០ ឆ្នាំ ហើយ ដែលចក្ខុវិស័យនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រកបដោយ​ភាព​ជាក់​ស្តែង ហើយអនុវត្តទៅបាន។

ផ្លាស់ប្ដូរវាលស្រែដែលទទួលបានផលតិច ទៅជាតំបន់ឧស្សាហកម្មដែលអាចចិញឹមមនុស្សរាប់ពាន់នាក់

ពេលនោះ មានមនុស្សមួយចំនួនដែលមិនបានគិតវែងឆ្ងាយ ហើយគិតតែពីផ្តល់នូវការតិទៀន បានលើក​ឡើង អំពីការបណ្តែតបណ្តោយអោយប្រជាជនលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលតភ្ជាប់រវាង​ទី​ក្រុងភ្នំពេញជាមួយនឹងខេត្តកំពង់ស្ពឺ ព្រោះថា (វា)នឹងធ្វើអោយប្រជាជនអស់ដីធ្វើស្រែ។ ខ្ញុំក៏បានឆ្លើយ​តប​ជា​មួយ​ពួកគេថា សូមគិតអោយបានច្បាស់។ ដី ១ ហិកតា ធ្វើកសិកម្មចិញ្ចឹមត្រឹមតែ​មនុស្ស​មួយ​គ្រួ​សារ ដែលមាន ៤ ឬ ៥ នាក់ តែប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើដីនោះត្រូវបានទិញ ហើយកសាងទៅជារោងចក្រ ដី​ដែលធ្លាប់ចិញ្ចឹមបានតែមនុស្ស ៤ ឬ នាក់ គេនឹងអាចចិញ្ចឹមបានមនុស្ស ៤ ឬ ៥ ពាន់នាក់ ជំនួសវិញ តាមរយៈនៃការធ្វើរោងចក្រនោះឯង។ ហើយម្យ៉ាងទៀត ដីដែលត្រូវប៉ាន់កសាងរោងចក្រ គឺជាដីដែលមាន​តម្លៃ​ខ្ពស់។ ដូច្នេះ ម្ចាស់ដីដែលលក់នូវដីនោះ គឺគាត់នឹងបានប្រាក់យកទៅទិញដីថ្មី និងយកទៅកសាង។ គាត់លក់ដីមួយហិកតា គាត់ទៅទិញដី ១០ ហិកតា ក៏បានដែរ។ អញ្ចឹងឥឡូវ រឿងរ៉ាវវាបាន និងកំ​ពុង​ក្លាយ​ទៅជាការពិតប្រាកដហើយ​។ សូមពិនិត្យមើល តាមដងផ្លូវជាតិលេខ ៤ ដែលពីដើម វាជាវាលស្រែ ដែល​ឥឡូវវាក្លាយទៅជារោងចក្រ​​ តើមានកម្មករប៉ុន្មានកំពុងពឹងអាស្រ័យទៅលើការងារ នៅក្នុងរោងចក្រ​នេះ?

ធ្វើផ្លូវជាតិលេខ ៤ កា្លយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច

នេះគឺជាចំណុចដែលគូសបញ្ជាក់អំពីចក្ខុវិស័យទាក់ទិនជាមួយនឹងតំបន់រោងចក្រសហគ្រាស ដែល​ខ្ញុំ​មាន​មហិច្ឆតាធ្វើអោយផ្លូវជាតិលេខ ៤ ដែលតភ្ជាប់រវាងប៉ូលទី ១ គឺទីក្រុងភ្នំពេញ និងប៉ូលទី ២ គឺក្រុង​ព្រះ​សី​ហនុ ក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ចតែម្ដង។ តាមរយៈធ្វើអោយផ្លូវជាតិលេខ ៤ របស់យើងនេះ ជាតំ​បន់ប្រមូលផ្ដុំទៅដោយតំបន់ឧស្សាហកម្មរោងចក្រ និងតំបន់កសិឧស្សាហកម្មផងដែរ។ ចំណុចនេះ គឺជា​ចំ​ណុចគ្រាន់តែជាការរំលឹកបន្ដិចតែប៉ុណ្ណោះ។ តើកម្មករ/ការិនីនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ដែលត​ភ្ជាប់​រវាង​ទី​ក្រុង​ភ្នំ​ពេញ ទៅដល់ខេត្តកំពង់ស្ពឺ មានប៉ុន្មានម៉ឺននាក់ទៅហើយ? ហើយប្រសិនបើដីនៅតំបន់​ទី​តាំងរោងចក្រទាំងនោះ នៅតែជាតំបន់ដែលផលិតស្រូវដូចកាលពីពេលមុន សួរថាតើរោងចក្រសហ​គ្រាស កសាងនៅកន្លែងនេះ វាទៅនៅកន្លែងណា(វិញ)? ហើយបើអត់រោងចក្រនៅតំបន់នេះ តើកម្មករ/ការិ​នី​របស់​យើងមានការងារធ្វើ ឬអត់? នេះគ្រាន់តែជាការរំលឹកអំពីអតីតកាលបន្ដិច ដែលឆ្លុះបញ្ជាំងអោយ​ឃើញ​​អំពីចក្ខុវិស័យជាក់ស្ដែង​និយម នៃបច្ចុប្បន្នកាល និងទៅអនាគតកាល។ ខ្ញុំជឿជាក់ថា តំបន់នេះ ថ្ងៃ​នេះ ហ្នឹងជាទីកន្លែងដែលយើងខ្ចីគេ ថ្ងៃក្រោយនឹងក្លាយទៅជាសួនឧស្សាហកម្ម ឬក៏គេអាចកសាងទៅ​ជា​បុរី ឬលំនៅស្ថានទៅទៀត។

ផ្លាស់ប្ដូរការដាំដុះ រកដំណាំដែលមានផលខ្ពស់ក្នុងតំបន់របស់ខ្លួន

អញ្ចឹងទេ បានជាមានពេលខ្លះ គេក៏ត្រូវគិតអោយបានដិតដល់អំពី តើតំបន់ណាជាតំបន់ដែល​ត្រូវធ្វើការ​ផលិត​អំពីអ្វី? សូម្បីតែវិស័យកសិកម្ម ក៏ត្រូវមានតំបន់បែងចែកតំបន់ដាំដុះដែរ។ កន្លែងដែលខ្វះប្រភពទឹក មិន​គួរនាំគ្នាធ្វើស្រូវទេ ដែលវាជាការចំណាយមួយខ្ពស់ ហើយគ្មានប្រភពទឹកសម្រាប់ដោះស្រាយផង។ ប៉ុន្តែ​គេអាចបង្វែរវាទៅជាការដាំអំពៅ ទៅជាការដាំនូវដំណាំផ្សេងៗ ដែលប្រើប្រាស់ទឹកតិចជាង ហើយ​ទទួល​ផលបានច្រើនជាងជាងធ្វើស្រូវ។ វាមិនខុសពីផ្ទៃដីរបស់យើង ដែលឥឡូវនេះ ពោរពេញទៅដោយ​រោង​ចក្រជំនួសអោយដីស្រែកាលពីពេលមុន។ វាកំពុងតែបំពេញនូវបេសកកម្មជំនួសអោយវិស័យកសិកម្ម ដែលមួយហិកតាធ្លាប់ចិញ្ចឹមមនុស្សបានត្រឹមតែ ៤ ឬ ៥ នាក់ ទៅជាមួយហិកតាអាចចិញ្ចឹមមនុស្សបាន ៤.០០០ ទៅ ៥.០០០ នាក់ជំនួសវិញ តាមរយៈសកម្មភាពនៃវិស័យឧស្សាហកម្ម។

ទីក្រុងភ្នំពេញ រីកទាំងទំហំ និងជម្រៅ

ខ្ញុំពិតជាមានមោទនភាពជាមួយនឹងការចូលរួមទាំងឡាយរបស់កម្មករ/ការិនីរបស់យើង ទៅក្នុងកំ​ណើន​ការ​ងារ ក៏ដូចជាកំណើនប្រាក់ចំណូល ក៏ដូចជាសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ក្មួយអាចពិនិត្យ​អំពី​បញ្ហាពាក់ព័ន្ធនឹងការចាប់ផ្ដើមរបស់យើង ការចាប់ផ្ដើមរបស់យើងវាលំបាកណាស់។ នៅតំបន់នេះ គឺ​ជា​តំបន់ដែលមានការប្រយុទ្ធគ្នា។ សូមកុំភ្លេចថា កន្លែងនេះ បើនិយាយពីសម័យឆ្នាំ ១៩៧០ ​គឺជាសម័យ​ដែល​ដាក់គ្រាប់កាំភ្លើងផ្លោងចូលពោធិ៍ចិនតុងទេ។ កន្លែងនេះ គឺជាតំបន់ខ្សែក្រវាត់ រវាងកងទ័ពរំដោះ ជា​មួយ​នឹងកងទ័ព លន់ នល់។ មានការវាយប្រយុទ្ធគ្នា រហូតដល់មានការវាយនៅក្នុង​ព្រលានយន្ត​ហោះ​ពោធិ៍​ចិនតុងផងដែរ។ អតីតកាលរបស់យើងវាបែបនេះ។

ក្រោយឆ្នាំ ១៩៧៩ ទីក្រុងរបស់យើងវាតូចណាស់។ ឥឡូវនេះ ទីក្រុងនេះ ដីនេះពីដើមជាដីរបស់ខេត្ត​កណ្ដាល ប៉ុន្តែឥឡូវនេះ វានៅក្នុងខណ្ឌពោធិ៍សែនជ័យរបស់ភ្នំពេញទៅវិញ។ សូម្បីតែព្រលានយន្តហោះ​ពោធិ៍​ចិន​តុងហ្នឹង ពីអតីតកាល កាលពីឆ្នាំ ១៩៨៥-១៩៨៦ គឺសិ្ថតនៅក្នុងខេត្តកណ្ដាលទេ ប៉ុន្តែពេលនោះ ក្នុងឋាន

ៈខ្ញុំជានាយករដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅពេលនោះ ក៏បានកាត់ពោធិ៍ចិនតុង​ (នៅក្នុង)​ស្រុកដង្កោ។ អញ្ចឹងទេ ទីក្រុងភ្នំពេញរបស់យើង កាលពីដើម មានទំហំត្រឹមតែជាង ៣០០ គីឡូម៉ែត្រ​ក្រ​ឡាតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទីក្រុងភ្នំពេញមានរហូតទៅដល់ជាង ៦០០ គីឡូម៉ែត្រក្រឡា បានសេចក្ដីថា មួយទៅជាពីរនៃការពង្រីក(ទីក្រុងភ្នំពេញរបស់យើង)។ មិនមែនគ្រាន់តែជាការពង្រីកទំហំទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែយើងបានពង្រីកទាំងទំហំ និងទាំងជម្រៅរបស់វា។

ទំហំរីកពីចំនួនជាង ៣០០ គីឡូម៉ែត្រក្រឡា​ ឡើង​ទៅដល់ជាង ៦០០ គីឡូម៉ែត្រក្រឡា។ ប៉ុន្តែជម្រៅវិញ កាល​ពីដើម ដីមួយហិកតាមានសំណង់ ៤.០០០ ទៅ ៥.០០០ ម៉ែត្រក្រឡាតែប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ ដី​មួយ​ហិកតាដដែល ប៉ុន្តែសំណង់ឡើងទៅដល់ ៤ ទៅ ៥ ម៉ឺនម៉ែត្រក្រឡា។ នេះហើយជា​ការ​រីក​ចម្រើន​តាម​បែបស៊ីជម្រៅ ដែលបច្ចុប្បន្ន ទីក្រុង​ភ្នំពេញរបស់យើងក៏មានអាគារ​ខ្ពស់ៗដូចប្រទេស​ដទៃផង​ដែរ​។ ពេលមុននេះ មានត្រឹមតែ ៧ ជាន់ ប៉ុន្តែឥឡូវមានជាង ៤០ ជាន់ រហូតទៅដល់ ៥០ ជាន់ ហើយ​ក៏​មាន​មហិច្ឆតាដើម្បីនឹងកសាងនូវអាគារ ដែលកំពុងសិក្សាស្ថានភាពដីគម្រោងវិនិយោគ​ប៉ុន្មាន​ជាន់​របស់ក្រុម​ហ៊ុន ថៃ ប៊ុនរ៉ុង ដែលអាចឈានទៅដល់ការកសាងអគារកម្ពស់ ៥៥៥ ម៉ែត្រ ដែលអាចចាត់ទុកថា ជា​អគារដែលខ្ពស់ជាងគេនៅក្នុងអាស៊ីអាគ្នេយ៍ ប្រសិនបើវាចេញជារូបរាងពិតប្រាកដ។

តែងមានវត្តមានសម្ដេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ

ឥឡូវយើងនិយាយអំពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសយើង។ ការចាប់ផ្ដើមរបស់យើងលំបាក​ណាស់​។ បើ​សិន​ជាក្មួយៗកើតមិនទាន់ ក្មួយៗអាចសល់ជីដូនជីតា អាចនៅសល់ឪពុកម្ដាយ ដើម្បី​សួរ​នាំពីពួកគាត់​អំពី​ការចាប់ផ្ដើមរបស់យើង។ បាតដៃទទេ បន្ទាប់ពីការឆក់ប្លន់កម្មសិទ្ធិរបស់ពួក ប៉ុល ពត ទៅលើបញ្ហា​ទ្រព្យ​សម្បតិ្តរបស់ប្រជាពលរដ្ឋ លុបចោលនូវកម្មសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើង នៅក្នុងក្រប​ខណ្ឌ​ទូ​ទាំង​​ប្រទេស។ យើងត្រូវកសាងឡើងវិញជាមួយនឹងស្ថានភាពប្រទេសជាតិដែលមានសន្ដិភាពផង មាន​សង្រ្គាម​​ផង តែតម្រូវអោយពេលនោះ ប្រហែលជាគេអាចឃើញនូវសកម្មភាពរបស់ខ្ញុំ នៅឯខ្សែត្រៀមជួរ​មុខ ដើម្បីសួរសុខទុក្ខកងទ័ព និងដោះស្រាយបញ្ហាលំបាករបស់កងទ័ព ដើម្បីទប់ស្កាត់ការវិលត្រឡប់ នៃ​របប ប៉ុល ពត។ ម្ខាងទៀត ក៏ដើម្បី​នឹងចរចារកដំណោះស្រាយជាមួយនឹងឥស្សរជនខ្មែរដទៃទៀត និងការ​ចូល​រួម​ពីបរទេស ដែលខ្ញុំធ្វើដំណើរទៅកាន់ទីកន្លែងនៃការចរចា។

ជាបន្តទៅទៀត សេដ្ឋកិច្ចរបស់យើងត្រូវបានស្ដារជាជំហានៗ តែផ្ដោតជាសំខាន់ ដើម្បីធានាធ្វើយ៉ាង​ម៉េច​ផ្គត់​ផ្គង់ស្បៀងអោយបានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋរបស់យើង។ គេក៏បានឃើញវត្តមានរបស់ខ្ញុំយ៉ាង​ច្រើន​នៅ​តាមទី​កន្លែងទាក់ទងជាមួយនឹងវាលស្រែ តំបន់កសិកម្ម។ មានការចូលរួមជាមួយ​នឹងកសិករ​ច្រើនដែលធ្វើអោយប្រទេសកម្ពុជា ក្លាយពីប្រទេសមួយដែលខ្វះខាតស្រូវអង្ករ​ ទៅជាប្រទេសមួយដែល​នៅ​សល់ស្បៀង សល់ស្រូវ រហូតជាង ៥ លានតោនក្នុងមួយឆ្នាំ​ ជាមួយនឹងផលិតផល​កសិកម្ម​ដទៃ​ទៀត​ដែល​ត្រូវនាំចេញ និងត្រូវពង្រីកទីផ្សារដើម្បីការនាំចេញ។ បច្ចុប្បន្ន កំពុងតែជួបប្រទះនូវបញ្ហាប្រឈម​អំពី​ទី​ផ្សារ និងតម្លៃស្រូវ តម្លៃកសិផល ដែលនៅក្នុងក្របខណ្ឌនៃប្រទេសកំពុងអភិវឌ្ឍ មានស្ថានភាពប្រហាក់​ប្រ​ហែល​គ្នា។

ការប្រកួតប្រជែងតែគ្នាឯងរវាងប្រទេសកំពុងអភិវឌ្ឍ

ម្សិលមិញ ខ្ញុំបានជួបជាមួយនឹងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដែលកំពុងតែប្រជុំអង្គការ​សភារបស់អាស៊ី​នៅ​ទី​ក្រុងភ្នំពេញ។ ខ្ញុំបាននិយាយជាមួយគាត់ថា ប្រទេសយើងទាំងពីរ និយាយដោយឡែក និងនិ​យាយ​ជា​រួម ប្រទេសកំពុងអភិវឌ្ឍទាំងអស់ គឺប្រកួតប្រជែងតែគ្នាឯងទេ។ ដោយសារតែយើងមានផលិតផលវា​ប្រ​ហាក់​ប្រហែលគ្នា។ យើងមានស្រូវ គេក៏មានស្រូវ យើងមានពោត គេក៏មានពោត យើងមានដំឡូង គេក៏​មាន​ដំឡូង។ បើនិយាយអំពីផលិតផលវិស័យកាត់ដេរវិញ ប៉ាគីស្ថានក៏ជាប្រទេសដែលនាំ​ចេញផលិត​ផល​កាត់ដេរ ​ឯយើងក៏ជាប្រទេសដែលនាំចេញនូវផលិតផលកាត់ដេរដែរ។ ដូច្នេះនៅក្នុងក្របខណ្ឌ​នៃប្រ​​ទេស​កំពុងអភិវឌ្ឍ មិនថាទ្វីបអាស៊ី មិនថាទ្វីបអាហ្វ្រិក មិនថាទ្វីបអាមេរិកឡាទីននោះទេ គឺសុទ្ធតែជាប្រ​ទេស​ដែល​មានការនាំចេញ(នូវ)ទំនិញប្រហាក់ប្រហែលគ្នា។

ដូច្នេះ ពេលដែលនាំចូលទៅក្នុងប្រទេសដែលមានការអភិវឌ្ឍ​ ប្រទេសដែលអភិវឌ្ឍនោះតែងតែដាក់​​លក្ខ​ខណ្ឌ​នេះ លក្ខខណ្ឌនោះ ហើយយើងក៏ចេះតែនាំគ្នាសម្រុកទៅកាន់ទីផ្សាររបស់គេ ព្រោះវាជាតម្រូវការ​របស់​យើងទៅហើយ។ ប៉ុន្តែដល់យើងនាំចូលទំនិញពីប្រទេសអភិវឌ្ឍមកវិញ ទំនិញរបស់គេគ្មាន​ការប្រ​កួត​ប្រជែងទេ ដូចជាការនាំចូលអំពីតម្រូវការពាក់ព័ន្ធជាមួយនឹងផ្នែកដឹកជញ្ជូន។ ប្រទេសខ្លះផលិត​ក​ប៉ាល់ ត្រូវលក់កប៉ាល់អោយយើងយ៉ាងខ្ពស់។ ប្រទេសខ្លះត្រូវលក់យន្តហោះ អញ្ចឹងយន្តហោះនេះ នៅលើ​ពិភព​លោកមានតែក្រុមហ៊ុនធំៗពីរ មានក្រុមហ៊ុន Boeing របស់អាមេរិកាំង និងក្រុមហ៊ុន Airbus របស់​ពួកអឺរ៉ុប។ អញ្ចឹងវាអត់មានអ្នកណាប្រកួតប្រជែងជាមួយនឹងយន្តហោះហ្នឹងទេ មានយន្តហោះប្រភេទ​ខ្លះ​មាន​​ការ​ប្រកួតប្រជែងដែរ ដូចជាឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ដែលត្រូវប្រកួតប្រជែង ហើយដែលទីផ្សារវាមាន​កាន់​តែច្រើន សម្រាប់ប្រភេទប្រភេទយន្តហោះដឹកជញ្ជូនរបស់រុស្ស៊ី។

ថ្នាំពេទ្យក៏ដូចគ្នា យើងនាំចូលថ្នាំពេទ្យពីប្រទេសក្រៅ ដែលថ្នាំពេទ្យនោះមានការប្រកួតប្រជែងមិន​ច្រើន​ទេ។ មានការនាំចូលនូវសំភារៈមួយចំនួនផ្សេងទៀត ដូចជា កុំព្យូទ័រ។ ហើយបើនិយាយពីទូរស័ព្ទវិញ ការ​ប្រ​កួត​ប្រជែងវាតិចណាស់ ព្រោះទូរស័ព្ទភាគច្រើន គឺផលិតចេញពីអាមេរិក Apple iPhone ឥឡូវចេញ iPhone 8 ប៉ុន្តែគេថា iPhone 8 ថ្ងៃមុនបើកហ្វេសប៊ុក គេថា អត្ថប្រយោជន៍នៃ iPhone 8 អាចយក​ធ្វើ​ជា​ជ្រុញ។ ឱ! អ្នកណាអើយ ទៅយក iPhone ទៅធ្វើជាជ្រុញហាន់សាច់ នេះប្រហែល​ជាវីដេ​អូកំ​ប្លែង​ក៏​មិន​ដឹង។ ប៉ុន្តែ ខ្ញុំមិនទៅណាឆ្ងាយទេ ខ្ញុំប្រើតែអា iPhone ៦ មាំជាង ធ្លាក់មួយដង ពីរដងអត់អី ប៉ុន្តែយក​ល្អ​កាន់​ឲ្យជាប់។ ខ្ញុំប្រើអា ៦ ព្រោះអា ៧ ដូចមិនសូវមាំ ឮថាអា ៨ កាន់តែមិនមាំទៀត ប៉ុន្តែគេថាចាំអា ១០ ខែ ១១ ប៉ុន្តែខ្ញុំអត់ចាំទេ ព្រោះពិបាកទាញណាស់។ គ្រាន់តែខួរក្បាលរបស់ខ្ញុំវានៅក្នុងនេះច្រើន អញ្ចឹងទេ បើ​សិនផ្ទេរទូរស័ព្ទ អានេះបើចង់ផ្ទេរ វាត្រូវតែបំផ្លាញចោលទាំងអស់ ព្រោះមិនអាចឲ្យទូរស័ព្ទ​ហ្នឹងទៅអ្នក​ដទៃ​ទេ …។

សម្រាប់វិស័យឧស្សាហកម្មរបស់កម្ពុជា ក្នុងអតីតកាលយើងក៏ធ្លាប់មានការរីកចម្រើនក្នុងវិស័យឧស្សាហ​កម្ម ជាការចាប់ផ្តើមក្នុងទស្សវត្សរ៍ ៦០ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទួត។ ក៏ប៉ុន្តែ វាបាន​បំ​ផ្លាញ​អស់​ក្នុង​សង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ហើយក៏បានបំផ្លាញបន្តទៀតដោយដំណាក់កាល ប៉ុល ពត។ យើង​ក៏​បាន​ចាប់ផ្តើមស្តារបន្តិចម្តងៗ ក៏ប៉ុន្តែសុទ្ធតែជាឧស្សាហកម្មហួសសម័យ ហើយពេលនោះ វាមិនមែន​ជា​ឧស្សា​ហកម្ម ជារោងចក្រពិតប្រាកដនោះទេ។ រោងចក្រពិតប្រាកដមានតែប៉ុន្មានទេ ប៉ុន្តែវាបែបជាប្រភេទ​សិប្ប​កម្មនេះឯង។

បៀវត្សអប្បបរមា ២០១៨ មិនទាបជាង ១៦០ ដុល្លារ

ឥឡូវ យើងចាប់ផ្តើមបន្ទាប់ពីការស្វែងរកសន្តិភាពបានហើយ យើងក៏ចាប់ផ្តើមដើម្បីនឹងរកនូវការអភិវឌ្ឍ ដោយ​ចាប់ផ្តើមទាក់ទាញនូវវិនិយោគលើគ្រប់ផ្នែក។ ក្នុងហ្នឹង មានការវិនិយោគលើវិស័យឧស្សាហកម្ម ហើយ​ដែលវិស័យដែលបានទទួលផលឆាប់រហ័ស គឺក្នុងវិស័យកាត់ដេរនេះឯង។ ជាបណ្តើរៗ ប្រទេស​កម្ពុជា​យើង នៅក្នុងគ្រប់ផ្នែកនៃសេដ្ឋកិច្ចរបស់ខ្លួន គឺបានបង្កើតឲ្យយើងមាននូវរោងចក្រ សហគ្រាស ចំ​នួន ១១.០០០ រោងចក្រ សហគ្រាសជាង។ ដោយឡែកតែចំពោះកាត់ដេរវិញ យើងមានជាង ១.១០០ រោង​ចក្រ ដែលគ្របដណ្តប់ ដោយកម្មករជាង ៧១ ម៉ឺននាក់។ នេះជាចំនួនមួយដ៏ច្រើន ប៉ុន្តែសូមកុំភ្លេចថា ការ​ចាប់ផ្តើមរបស់យើងលំបាកណាស់ នៅក្នុងដំណាក់កាលដំបូងនេះ ដោយយើងមិនទាន់មានទីផ្សារ ដោយ​យើងមិនទាន់មានបទពិសោធន៍។ ការរៀបចំដំណាក់កាលរោងចក្រដំបូង ដែលក្មួយៗមួយចំនួន​បាន​រួម​ចំណែក​នៅ​ក្នុងការធ្វើការក្នុងរោងចក្រ។ ប្រាក់ខែនៅមុនឆ្នាំ ១៩៩៧ មានប្រមាណជាជាង ៣០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងឆ្នាំ ១៩៩៧ តាមការកត់ត្រានៅពេលនោះ យើងមាន ៦៤ រោងចក្រ ជាមួយនឹងកម្មករ ៨២.០០០ នាក់ ប៉ុណ្ណោះ ហើយប្រាក់ឈ្នួលពេលនោះ មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ ប៉ុន្តែ ឥឡូវនេះ ប្រាក់ខែរបស់ក្មួយៗកម្មករ/ការិនីរបស់យើងនេះ ដែលបាន និង​កំ​ពុងអនុវត្តនៅពេលនេះ ទាបបំផុត ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ ការចរចាមួយកំពុងតែចាប់ផ្តើម ខ្ញុំ​មិន​ដឹងថា តើវាប៉ុន្មានទេ ក៏ប៉ុន្តែ ខ្ញុំប្រកាសជូនចំពោះកម្មករ/ការិនី របស់យើងថា ប្រាក់បៀវត្សរ៍អប្បបរមានៅឆ្នាំ ២០១៨ នឹងមិនឲ្យទាបជាង ១៦០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ តាមការគន់គូររបស់ខ្ញុំ វារត់នៅ​ក្នុង​ចន្លោះ ១៦០ ទៅ ១៧០ និងប្រហាក់ប្រហែលប៉ុណ្ណឹង។

ប្រៀបធៀប បៀវត្សអប្បបរមា នៅប្រទេសក្នុងតំបន់

ខ្ញុំចង់ឲ្យបានច្រើន ប៉ុន្តែច្រើនយ៉ាងណាក៏ដោយ យើងត្រូវគិតឲ្យបានច្បាស់លាស់ជាមួយគ្នា ដើម្បីធានា​សុវត្ថិ​ភាព​នៃប្រាក់ចំណូលរបស់យើង ជាជាងការដែលយើងបាន គេហៅថា ការទាមទារដែល​មិន​អាច​ធ្វើ​ទៅរួច។ ក្មួយៗមិនត្រូវភ្លេច យើងបានឆ្លងកាត់ពីប្រាក់បៀវត្ស ត្រឹមតែ ៤០ ដុល្លារ ឡើងមកដល់ ១៥៣ ដុល្លារ​។ ខាងមុខនេះនឹងទៅផុត ពី ១៦០ ដុល្លារ ក្នុងពេលដែលប្រទេសមួយចំនួន ដែលអាចមាន​​ការ​ប្រ​​កួត​​ប្រជែងយ៉ាងខ្លាំងជាមួយយើង។ បង់ក្លាដេសពេលនេះ តែ ៦៧ ដុល្លារទេ។ ស្រីលង្ការតែ ៦៧ ដុល្លារ​​ទេ។ ឥណ្ឌាដែលមានប្រជាជនច្រើនបំផុត តែ ៧៧ ដុល្លារ។ មីយ៉ាន់ម៉ា ឬហៅថាភូមា តែ ៧៩ ដុល្លារទេ។ ឥណ្ឌូនេស៊ីមាន ២ តំបន់ តំបន់ទាបគឺ ៩៩ ដុល្លារ តំបន់ខ្ពស់ គឺ ២៤៩ ដុល្លារ។ ឡាវត្រឹមតែ ១១០ ដុល្លារ​។ ឯវៀតណាមមាន ២ តំបន់ តំបន់ដែលទាបមាន ១១៣ ដុល្លារ និងតំបន់ដែលខ្ពស់មាន ១៦៥ ដុល្លារ។ ប៉ាគីស្ថានដែលម្សិលមិញប្រធានព្រឹទ្ធសភាជួបជាមួយខ្ញុំ មានត្រឹមតែ ១៣៤ ដុល្លារទេ។ ឯចិនគឺ​មាន​ចន្លោះ ១៧០ ទៅ ៦០០។ ថៃ ២៥០ ដុល្លារ ឬ ៣១០ បាត ក្នុងមួយថ្ងៃ។ ម៉ាឡេស៊ី ៣០០ ដុល្លារ។ សាំង​ហ្គា​ពួរ ៨៤០។ ហ្វីលីពីន ១៣៩ ដុល្លារ តំបន់ដែលទាប តំបន់ដែលខ្ពស់ មាន ២៥៧ ដុល្លារ។ ឯស​ម្រាប់​យើង គឺយើងអត់បែងចែកតំបន់ទេ គឺឥឡូវកំពុងតែអនុវត្ត ១៥៣ ដុល្លារស្មើគ្នា ប៉ុន្តែរោងចក្រមួយចំនួន​​ក៏បាន​​ផ្តល់ឲ្យកម្មកររបស់យើងទៅលើសពីកម្រិតអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។ ភាគ​ច្រើនកម្មករ/ការិនីរបស់យើងបានទទួលជាង ២០០ ដុល្លារសហរដ្ឋអាមេរិក តាមអ្វីដែលខ្ញុំបាន​សួរនាំ​កម្ម​ករ/ការិនី។ ប៉ុន្តែ បើទោះបីយ៉ាងណាក៏ដោយ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត ជាមួយនឹងការងារ គឺ​កម្មករ/ការិនីរបស់យើងបានទទួលបៀវត្ស បានទទួលប្រាក់ចំណូលកាន់តែច្រើនទៅៗ។

ថ្លៃទឹក និងភ្លើង កាន់តែទាប ជួយសម្រួលជីវភាពកម្មករ

ជាមួយនឹងការកាត់បន្ថយនូវការចំណាយមួយចំនួន ដែលរាជរដ្ឋាភិបាលបាននឹងកំពុងជួយដោះស្រាយ សម្រាប់ក្មួយៗ ថ្លៃទឹក ថ្លៃភ្លើង ដែលមុននេះត្រូវបានបង់ខ្ពស់ យើងក៏បានខិតខំតាមរយៈក្រសួង តាមរយៈ​រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ នៃក្រសួងរ៉ែ ក្រសួងសិប្បកម្ម ឧស្សាហកម្ម។ យើងក៏បានតទឹក តភ្លើង ទៅ ជាមួយនឹង តទឹកទៅជាមួយផ្ទះជួល ហើយដែលមុននេះ តម្លៃទឹកសម្រាប់ក្មួយៗ សម្រាប់កម្មករ ត្រូវបានកំ ណត់ដោយម្ចាស់ផ្ទះ។ ប៉ុន្តែ ក្រោយមកយើងបានកំណត់ដោយរដ្ឋាករទឹកលក់ទៅឲ្យម្ចាស់ផ្ទះ ត្រឹមតែ ១.០៣០ រៀល ហើយម្ចាស់ផ្ទះលក់ឲ្យកម្មករ ១.២០០ រៀល។ ប៉ុន្តែ រយៈពេលមួយខែរួចមកហើយ ដែល​ថ្លៃ​ទឹកត្រូវបានកែប្រែ។ រដ្ឋាករទឹកលក់ឲ្យទៅម្ចាស់ផ្ទះត្រឹមតែ ៧០០ រៀល ក្នុងមួយម៉ែត្រគូប ឯម្ចាស់ផ្ទះ​លក់​ទៅឲ្យកម្មករត្រឹមតែ ៨០០ រៀលក្នុងមួយម៉ែត្រគូប។ ដែលនេះធ្វើឲ្យកម្មករ/ការិនីរបស់យើងចំណេញ ៤០០ រៀល ក្នុងមួយម៉ែត្រគូប។ នេះជាការកាត់បន្ថយចំណាយ។ ជាមួយនឹងអគ្គិសនី​ដែលមុននេះ​ត្រូវ​បាន​បង់ខ្ពស់ដោយម្ចាស់ផ្ទះ ប៉ុន្តែ ឥឡូវកម្មករ/ការិនីរបស់យើងបង់ត្រឹមតែ ៤៨០ រៀលតែប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ក្នុងករណីដែលខ្លួនប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់។

សមិទ្ធផលសព្វថ្ងៃចេញពីការដឹកនាំរបស់គណបក្សប្រជាជន

ជាមួយគ្នានោះដែរ នៅតាមរោងចក្រ សហគ្រាស ក៏បានខិតខំជួយដោះស្រាយ មួយផ្នែកទាក់ទងទៅ​នឹង​បញ្ហា​ការធ្វើដំណើរ ទាក់ទងនឹងបញ្ហាការទទួលទានអាហារ ដែលមានកន្លែងខ្លះក៏បានដោះស្រាយមួយ​ពេល ពីរពេល ឬរហូតទៅដល់ ៣ ពេល តាមសមត្ថភាពរបស់រោងចក្រ។ ប្រាក់បៀវត្សចេះតែឡើង ចំនួន​រោង​ចក្ររបស់យើងក៏កាន់តែច្រើន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវបន្តនូវកិច្ចការងារនេះ ជាមួយនឹង​ការ​ខិត​ខំទាំងឡាយ ដែលយើងបានរួមគ្នាខិតខំរយៈពេលកន្លងទៅ។ ប៉ុន្តែ ចំណុចមួយដែលពូសុំនិយាយ​ទៅ​កាន់ពួកក្មួយៗ ហើយក៏ដូចជាទៅកាន់ប្រជាជនទូទាំងប្រទេស ដែលជាក្រុមគ្រួសារ ឬក៏ជាប្រជាពល​រដ្ឋ អ្វីដែលបាន និងកំពុងមានសព្វថ្ងៃ គឺបានចេញមកពីបាតដៃនៃការខិតខំប្រឹងប្រែងរបស់​គណបក្សប្រជា​ជន។ ខ្លួនខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន នៅក្នុង​ការ​រំដោះខ្លួនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជ​សាស​ន៍ ប៉ុល ពត និងការស្វែងរកសន្តិភាពដើម្បីប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះនោះ គឺផ្តល់ឱកាស​ឲ្យ​យើងកសាងប្រទេសឡើងវិញ ពីការលំបាកគ្រប់យ៉ាងដែលយើងបានជួបប្រទះ។ យើងបានខិតខំ​កសាង​ប្រទេសនេះ ជាមួយនឹងញើសឈាមរបស់យើង ដើម្បីយើងនាំប្រទេសយើងមកដល់ពេលនេះ។

៣ កុំ របស់បក្សប្រឆាំង ជាទង្វើក្បត់នឹងប្រជាជនខ្លួនឯង

គ្មានបាតដៃរបស់គណបក្សប្រឆាំងនោះទេ។ ពួកគេមិនបានធ្វើអ្វីក្រៅតែពីទៅ រារាំងប្រទេសក្រៅមិនឲ្យផ្តល់​ជំ​នួយ​មកកម្ពុជា មិនឲ្យវិនិយោគមកកាន់កម្ពុជា និងមិនឲ្យទិញទំនិញពីកម្ពុជា។ នេះគឺជាទង្វើមិនទទួល​ខុស​ត្រូវ ហើយវាក៏ជាទង្វើក្បត់នឹងផលប្រយោជន៍ប្រជាជនខ្លួនឯង។ ប្រសិនបើប្រទេសក្រៅធ្វើទៅតាមការ​ចង់​បានរបស់បក្សប្រឆាំង តើក្មួយៗមានការងារធ្វើឬអត់? ពិតជាមិនមានទេ។ បើសិនជាគេស្នើសុំវិញ គឺ​ជា​វិធី​រុញឲ្យខ្លោច រោចឲ្យឆៅ។ ទាមទារតម្លើងប្រាក់ខែ តម្លើងៗ ន័យពិតប្រាកដគឺអ្វី? តម្លើងរួចហើយ​ទីចុង​បំ​ផុត ថៅកែទ្រាំមិនបាន បិទរោងចក្រ អ្នកដែលស្លាប់ អ្នកដែលបាត់បង់ការងារ និងបាត់បង់ប្រាក់ចំ​ណូលគឺ​កម្មករ។ … ប៉ុន្តែ សមត្ថភាពពួកគេមានកម្រិត មិនមែនអ្នកណាក៏ចេះតែជឿចំពោះពួកគេនោះទេ ការខិត​ខំ​ប្រឹង​ប្រែងរបស់កម្មករ/ការិនីរបស់យើង បាននាំមកនូវផលប្រយោជន៍។

ទង្វើក្បត់ជាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

នេះជាតំបន់ដែលគេមកទម្លាយទ្វាររោងចក្រ ដើម្បីឲ្យទៅធ្វើបាតុកម្ម ក្នុងពេលវេលាដែលគេចង់ផ្តួលរំលំ កាល​ពីឆ្នាំ ២០១៣។ នៅកន្លែងហ្នឹងឯង។ ប៉ុន្តែ ជាការល្អដែលក្មួយៗពេលនោះកំពុងធ្វើការ។ តម្រូវការ​ធ្វើ​ការ ប៉ុន្តែអ្នកនយោបាយតម្រូវឲ្យក្មួយៗចេញទៅធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នោះ​ហើយ​ជាទង្វើក្បត់ជាតិ ដែលគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបាន និងកំពុងដំណើរការខាង​ផ្លូវ​ច្បាប់​នេះ។ មិនមែនរឿងអ្នកឯងធ្វើថ្ងៃមុនហើយរួចខ្លួននោះទេ។ ត្រូវទទួលខុសត្រូវលើរឿងនេះ។ មិនមែន​ជា​បាតុកម្មដើម្បីទាមទារលក្ខណ្ឌការងារទេ ក៏ប៉ុន្តែគឺជាបាតុកម្មផ្តួលរំលំ តាមបែបបដិវត្តពណ៌ ព្រោះការ​បោះ​ឆ្នោតបានធ្វើរួចទៅហើយៗ អ្នកឯងចង់ផ្តួលរំលំរដ្ឋាភិបាល អ្នកឯងមកប្រមូលកម្មករ គេមិនព្រមទៅ អ្នកឯងទៅទម្លាយទ្វារគេ។

សុខដុមភាវូបនីយកម្ម ដោះស្រាយបញ្ហាដោយសន្តិវិធី វិវាទការងារ បាតុកម្ម កូដកម្មថយចុះ

… ខ្ញុំសុំអបអរសាទរ ដែលការដោះស្រាយបញ្ហានានានៅតាមបណ្តារោងចក្រ សហគ្រាសកាន់តែប្រសើរ។ ខ្ញុំ​មានជំនួបជាមួយនឹងប្រធានរដ្ឋបាល ខ្ញុំមានជំនួបជាមួយនឹងម្ចាស់រោងចក្រ ជាមួយប្រធានផ្នែក ប្រធាន​ក្រុម ក្នុងគោលដៅធំបំផុត ការធ្វើសុខដុមភាវូបនីយកម្មក្នុងចំណោមកម្មករ នៅក្នុងក្របខណ្ឌ រោងចក្រ​នី​មួយៗ តួនាទីរបស់ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល វាមានសារៈសំខាន់ ដើម្បីរួមចំណែកជាមួយ​នឹង​ភាពសុខសាន្តនៅក្នុងរោងចក្រ។ យើងត្រូវយល់ឲ្យបានថា ថៅកែ បើគ្មានកម្មករ គេមិនហៅថា ថៅកែ​ទេ ឯកម្មករ បើគ្មានរោងចក្រដើម្បីធ្វើការងារ ហើយបែរជាទៅកាន់ចប កាន់ឧបករណ៍កសិកម្ម ក៏គេមិន​ហៅ​ថាកម្មករដែរ។ ដូច្នេះហើយ វាទាមទារឲ្យមានការធ្វើការសម្រុះសម្រួលគ្នាដោយហ្មត់ចត់។ ដំណោះ​ស្រាយ​ដោយ​សន្តិវិធី និងដំណោះស្រាយដោយមានការជឿទុកចិត្តគ្នា និងក្នុងន័យស្ថាបនា ​គឺជាការរក្សា​នូវ​ឆ្នាំង​បាយ​សម្រាប់កម្មករ/ការិនី។ វាជាផលប្រយោជន៍ដែលត្រូវបំពេញឲ្យគ្នាទៅវិញទៅមក។ កម្មករ​ត្រូវ​ការរោង​ចក្រ​ធ្វើការ ហើយផ្តើមចេញពីរបៀបនេះ វាត្រូវការមានអ្នកវិនិយោគមកធ្វើការវិនិយោគ។ ឯអ្នកវិនិ​យោគ តែ​គេ​វិនិយោគហើយ ក៏ត្រូវការកម្មករ ត្រូវការកម្លាំងពលកម្ម។ ដោយ​សារ​បញ្ហានេះហើយ បានជា​ចំនួនវិវាទ​ការ​ងារ បាតុកម្ម កូដកម្ម មានការថយចុះ តាមរយៈនៃការយោគយល់ការដោះស្រាយ បញ្ហា​ជាមួយគ្នា​ដោយ​សន្តិវិធី។ ទៅមុខទៀត ខ្ញុំបន្តឲ្យមានការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី និងការ​យោគ​យល់​គ្នា ដើម្បីរក្សាការងារបស់យើង។

មានសិទ្ធិធ្វើបាតុកម្ម កូដកម្ម តែត្រូវគោរពសិទ្ធិអ្នកដែលមិនធ្វើបាតុកម្មផង

វាមិនមែនជាដំណោះស្រាយទេ ប្រសិនអ្វីក៏ចេះតែនាំគ្នា(បាតុកម្ម) លើកលែងតែរឿងហ្នឹង វាដោះស្រាយ​មិន​បាន​កន្លែងខ្លះ។ ប៉ុន្តែ នៅពេលដែលយើងដោះស្រាយបាន។ ឥឡូវវាមានអ្នកដែលរោងចក្រ​ក្ស័យធន​រត់​ចោលរោងចក្រ ដែលវាមានបញ្ហាច្រើន។ ប៉ុន្តែ ដោយសារតែការប្រញាប់ប្រញាល់ទៅដោះស្រាយ ដោយ​ក្រសួងការងាររបស់យើង ក៏យើងដោះស្រាយបានរហ័សដែរ។ ឯក្រៅពីនោះ រឿងបញ្ហាតូចតាច​មួយ​ចំ​នួន ក៏ត្រូវបានដោះស្រាយយ៉ាងរហ័ស។ ប៉ុន្តែ ខ្ញុំក៏មានសំណូមពរ កុំឲ្យមានជើងកាងក្នុងការធ្វើកូដកម្ម។ ម៉េចទៅដែលហៅថាជើងកាងនៃការធ្វើកូដកម្ម? នៅត្រង់អញ្ចេះ យើងត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក ទើប​បាន។ នៅក្នុងដូចជាចំណោម ១ ពាន់នាក់ នៃរោងចក្រមួយធ្វើកូដកម្ម ៥០ នាក់, ៥០ នាក់ធ្វើកូដកម្ម, អ្នកចំនួន ៩៥០ នាក់ទៀត ត្រូវគោរពសិទ្ធិអ្នកធ្វើកូដកម្ម ប៉ុន្តែ អ្នកធ្វើកូដកម្មក៏ត្រូវគោរពសិទ្ធិ ៩៥០ នាក់ ផ្សេងទៀត ដែលគេចង់ធ្វើការ ហើយមិនចង់ចូលរួមកូដកម្ម។

កន្លងទៅនេះ មានបងធំខាងផ្នែកកូដកម្ម ខ្លួនឯងធ្វើកូដកម្មទៅរារាំងមិនឲ្យអ្នកដទៃទៅចូលធ្វើការគំរាមកំ​ហែង​គេ។ រឿងនេះមិនមានជាបន្តទេ។ ក្នុង​ក្រប​ខណ្ឌសហជីព សិទ្ធិរបស់អ្នកក្នុងការធ្វើកូដកម្ម​ត្រូវបាន​គោ​រព ប៉ុន្តែសិទ្ធិអ្នកដែលចង់ធ្វើការ មិនចង់​ចូល​​​រួមកូដកម្ម ក៏ត្រូវបានគោរពទាំងអស់គ្នា។ មិនត្រូវឈរជើងធ្វើ​ជា​បងធំនៃការធ្វើកូដកម្មនៅតាមរោងចក្រសហគ្រាសនោះទេ។ ថ្ងៃ ១ ឧសភា ដែលជាទិវាពលកម្ម​អន្តរ​ជាតិ គឺមានសិទ្ធិដូចគ្នា អ្នកខ្លះមានសិទ្ធិទៅដង្ហែ ដើម្បីដាក់ញត្តិ ហើយនាំគ្នាដើរហើរទៅ។ យើងគោរព​នូវ​សិទ្ធិ​នោះ ប៉ុន្តែ អ្នកទាំងនោះក៏ត្រូវគោរពត្រឡប់មកវិញ ដែលនៅតាមរោងចក្រសហគ្រាស​មួយចំនួន ចាត់​តាំង​ពិធីកំសាន្ត បាយទឹក ហើយមានរហូតដល់ប្រឡងបវរកញ្ញានោះ។ ខ្ញុំគាំទ្រឲ្យមានការប្រឡងបវរកញ្ញា​រោង​ចក្រតទៅទៀត។ កន្លងទៅបានប្រឡងពីរឆ្នាំហើយ។ យើងប្រឡងអាហ្នឹង។ ថៅកែរោងចក្រចេញ​ប្រាក់​ចំ​ណាយ​ទៅ ដើម្បីឲ្យសប្បាយមួយពេល ហើយចាំទៅយកទៅផ្តាច់ព្រ័ត្រផ្សាយបន្តផ្ទាល់ទៀត។

… មិនមែនថា កម្មករហ្នឹងមិនស្អាត កសិករមិនស្អាត វាទាល់​តែពាណិជ្ជករ អ្នកនេះស្អាត អ្នកនោះស្អាត មិន​មែនអញ្ចឹងទេ។ មនុស្សដូចតែគ្នាតើ។ អញ្ចឹងបានជា ថ្ងៃ ១ ខែ ឧសភា ជារៀងរាល់ឆ្នាំ តែងមាន​សកម្ម​ភាព​ខុសៗគ្នា។ សហជីពខ្លះនាំកម្មករដើរ តាមរយៈការដាក់ញត្តិ ធ្វើទៅ អាហ្នឹងជាសិទ្ធិរបស់យើងតើ។ ប៉ុន្តែ អ្នកក៏ត្រូវគោរពសិទ្ធិតាមរោងចក្រនានា ដែលគេចាត់តាំងកម្មវិធីសប្បាយនៅតាមរោងចក្ររបស់គេ។ ហើយ​មានរោងចក្រខ្លះ គេក៏អាចចាត់តាំងពិធីនេះ ពិធីនោះ ដើម្បីកំសាន្តសប្បាយដូចជាការធ្វើដំណើរ​ទៅ​កាន់​កន្លែងនេះ កន្លែងនោះ តាមដែលអាចធ្វើទៅកើត។

រាជរដ្ឋាភិបាលស្វែងរកសន្តិភាព ធ្វើច្បាប់ កសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ទាញអ្នកវិនិយោគ

ឥឡូវ សូមបញ្ជាក់សាជាថ្មីថា ការងាររបស់ក្មួយៗ ប្រាក់ចំណូលរបស់ក្មួយៗ ដែលបាន និងកំពុងទទួល​សព្វ​ថ្ងៃនេះ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំ។ យើង​បានប្រឹងណាស់ ដើម្បីម្ខាងរកសន្តិភាពសម្រាប់ប្រទេសជាតិនេះ ដែលជាលើកដំបូងនៅក្នុងប្រវត្តិ​របស់​កម្ពុជា​រាប់រយឆ្នាំ ដែលប្រទេសនេះលុបចោលតំបន់អបគមន៍ត្រួតត្រាដាច់ដោយឡែកពីគ្នា បង្កើត​ឡើង​នូវស្ថានភាពឯកភាពជាតិមួយ ដោយគ្មានរបងខណ្ឌដោយកម្លាំងផ្សេងៗគ្រប់គ្រងនោះទេ។ ម្ខាង​ទៀត​ខិត​ខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាញអ្នកវិនិយោគមក គ្មានអ្នកណាមកវិនិយោគ ពេល​ដែល​យើងខ្វះផ្លូវដឹកជញ្ជូនទេ គ្មានអ្នកណាមកវិនិយោគ នៅពេលដែល​យើងអត់អគ្គិសនី គ្មានអ្នក​ណា​មក​វិនិ​យោគ នៅពេលដែលយើងអត់មានកំពង់ផែ អត់មានព្រលានយន្តហោះ ហើយក៏គ្មានអ្នកណា​មកវិនិ​យោគ នៅពេលដែលយើងអត់មានច្បាប់ធានាឲ្យពួកគេ គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើង​គ្មាន​ធន​ធាន​មនុស្ស ហើយក្នុងហ្នឹងក៏មានចំណែកក្មួយៗដែលជាកម្លាំងពលកម្មនេះដែរ។ អញ្ចឹង យើងត្រូវ​ខិត​ខំ​កសាងទាំងផ្នែកទន់ និងផ្នែករឹងដើម្បីទាក់ទាញការវិនិយោគ។ យើងខិតខំទៅរកទីផ្សារនៅខាងក្រៅ ប្រទេស ដើម្បីនាំទំនិញដែលក្មួយៗផលិតសម្រាប់ការនាំចេញទៅក្រៅប្រទេស។

ដូច្នេះ សុំកុំរំពឹងទៅលើបាតដៃរបស់ពួកបក្សប្រឆាំង ក្រៅពីការបំផ្លាញគឺគ្មានអ្វី បានធ្វើអ្វីនោះទេ ពាក្យថា​តម្លើង​ប្រាក់ខែ គឺជាពាក្យសម្លាប់កម្មករយ៉ាងពិតប្រាកដ។ យើងគាំទ្រទៅលើសំណើណាក៏ដោយ ដែលវា​ផ្តល់​អត្ថប្រយោជន៍ពិតៗឲ្យកម្មករ និងលទ្ធភាព ដែលអាចធ្វើទៅកើត។ ប៉ុន្តែ ការញុះញង់កម្មករ ទាមទារ​លើស​កម្រិតដើម្បីបង្កើតឡើងនូវចរន្តនៃនយោបាយ ធ្វើបាតុកម្ម ដើម្បីគាំទ្រទង្វើខុសច្បាប់របស់ខ្លួន គឺជា​ទង្វើ ដែលក្បត់នឹងផលប្រយោជន៍របស់កម្មករនេះតែម្តង គ្មានរឿងអ្វីផ្សេងទេ។ ឥឡូវ យើងត្រូវតែបន្ត​តទៅ​ទៀត ជាមួយនឹងនយោបាយដែលយើងបានដាក់ចេញទៅក្នុងវិស័យឧស្សាហកម្ម ពិតមែនហើយ យើង​កំ​ពុង និងបន្តការខិតខំទាក់ទាញឧស្សាហកម្មកែឆ្នៃ ដើម្បីបង្កើតតម្លៃបន្ថែម សម្រាប់វត្ថុធាតុដើម ដែលមាន​ស្រាប់​នៅក្នុងប្រទេសរបស់យើង ដើម្បីបង្កើតតម្លៃបន្ថែម ដែលជាឧស្សាហកម្មកែឆ្នៃ ក្រៅពីការកាត់ដេរ។ យើងខិតខំទាក់ទាញនូវឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ មកកាន់ប្រទេសរបស់យើង ដូចដែល​បាន​ធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសទីក្រុងភ្នំពេញ និងកន្លែងមួយចំនួនផ្សេងទៀត ក៏ប៉ុន្តែ យើងមិនបាន​បំភ្លេច​ចោល នូវឧស្សាហកម្មអតិពលកម្ម ដែលក្នុងហ្នឹងវិស័យកាត់ដេរ និងដេរស្បែកជើង ក៏ដូចជាវិស័យមួយ​ចំនួន​ទៀត ដែលបាន និងកំពុងមាននៅក្នុងប្រទេសកម្ពុជា។

រួមគ្នារក្សាសន្ដិភាពដើម្បីធានាការអភិវឌ្ឍ ទំនាក់ទំនងមិនអាចបេះចេញពីគ្នាបាន

យើងត្រូវខិតខំរក្សារោងចក្រ ហើយក៏បន្ថែមរោងចក្រនេះទៅតាមរយៈការទាក់ទាញនូវវិនិយោគទុន​បន្ថែម​។ ដើម្បីរក្សាបាននូវរោងចក្រ រក្សាបាននូវការងាររបស់យើង និងរក្សាបាននូវប្រាក់ចំណូលដែលយើងបាន និង​កំ​ពុងមាន កិច្ចការដំបូង ខ្ញុំអំពាវនាវឲ្យក្មួយៗ ក៏ដូចជាប្រជាពលរដ្ឋ ខិតខំរួមគ្នាដើម្បីរក្សាបាននូវសន្ដិភាព​ដែល​យើងកំពុងមាន។ គ្មានសន្ដិភាព គឺមិនមានការអភិវឌ្ឍអ្វីទាំងអស់។ ប្រទេសរបស់យើងធ្លាប់ជួប​ប្រ​ទះ​ហើយ​នូវសោកនាដកម្មកាលពីអតីតកាល នៃការបាត់បង់សន្ដិភាព តាមរយៈនៃការបំផ្លាញរបស់ពួក​ក្បត់​ជាតិ លន់ នល់, សិរីមតៈ, ចេង ហេង, អ៊ិន តាំ ដែលធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ហើយដែល​មាន​សហ​រដ្ឋ​អាមេរិកគាំទ្រ។ យើងមិន​អាចឲ្យរឿងនេះកើតឡើងបន្តទៅទៀតទេ។ ពេលនោះ យើងបានបាត់បង់ជីវិត​មនុស្ស​ច្រើន​ណាស់​ដោយសារតែ​សង្គ្រាម ហើយបន្ទាប់ទៅរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដូច្នេះ ការ​រក្សាសន្ដិភាពដើម្បីធានាការអភិវឌ្ឍ ​គឺជា​ផ្នែក​ដ៏សំខាន់ ដែលមិនអាចបេះចេញពីគ្នាបានទេ។ គ្មាន​សន្ដិភាពគឺគ្មានការអភិវឌ្ឍ ហើយបើសិនជាគ្មាន​ការអភិវឌ្ឍ វាក៏មិនអាចរក្សាទុកនូវសន្ដិភាព ដែលយើងរក​​បាន​ដោយលំបាកនេះដែរ។ ដូច្នេះ ដើម្បីធានាថា កិច្ចការ​ដែលយើងអាចបន្ដ​បាន គឺ(រក្សា)សន្ដិភាព​សម្រាប់​​ប្រទេសរបស់យើង។

រាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមរំលែកទុក្ខអាមេរិកចំពោះសោកនាដកម្មបាញ់ប្រហារនៅ Las Vegas

និយាយដល់សន្ដិភាពខ្ញុំសុំ​យកឱកាសនេះក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសំដែងនូវការ​ចូល​​រួម​មរណទុក្ខចំពោះ​រដ្ឋាភិបាល និងប្រជាជនអាមេរិកដែលបានទទួលរងនូវការ​បាញ់ប្រហារយ៉ាង​សា​ហាវ​​នៅតំបន់ Las Vegas​ ដែលធ្វើឲ្យមនុស្សស្លាប់រហូតទៅដល់ ៥៩ នាក់ និងរបួសជាង ៥០០ នាក់ ដែលជាសោកនាដកម្ម​ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ដអាមេរិក។ ក៏អាចចាត់ទុកថាជាសោកនាដកម្ម​ដ៏ធំបំផុត​នៅក្នុង​ពិភពលោក​ផងដែរ ដែលមានការបាញ់ត្រឹមតែរយៈពេល ១៥ នាទី មានមនុស្សស្លាប់​រហូត​ដល់​ទៅជិត ៦០ នាក់ និងរបួសជាង ៥០០ នាក់បែបនេះ។ ខ្ញុំពិតជាមានការសោកស្ដាយ និងសំដែងនូវ​ការ​ចូល​​រួម​មរណទុក្ខជាមួយ​នឹងរដ្ឋាភិបាល ក៏ដូចជាប្រជាជនអាមេរិក។ នៅប្រទេសអាមេរិក ប្រសិនបើមិន​មានការគ្រប់គ្រង​ហ្មត់ចត់ទៅលើអាវុធទេ ការបាញ់ប្រហារនៅតាមសាលារៀន នៅតាមហាងលក់ដូរ នៅ​តាម​ទីកន្លែងនេះ តាមទី​កន្លែង​នោះ ក៏វានៅតែមានជាបន្ត។ ប៉ុន្តែ នេះជាកិច្ចការផ្ទៃក្នុងរបស់អាមេរិកទេ។ វាជាការ​ដើរ​ផ្ទុយ​មួយ ជាមួយនឹង​សំណូមពរ និងការប្រកាសរបស់អគ្គរដ្ឋទូតអាមេរិកនៅទីក្រុងភ្នំពេញ។ អគ្គ​រដ្ឋទូត​អាមេរិក ​នៅមុនពេលភ្ជុំ បែរជា​ធ្វើ​ការ​ដាស់តឿនប្រជាជនអាមេរិក ដែលមកប្រទេសកម្ពុជា សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្នពីសន្តិសុខ។ ប៉ុន្តែ វាមិន​បានកើតរឿងនេះនៅប្រទេសកម្ពុជាឯណា វាទៅកើត​នៅ​ក្នុង​ប្រទេសអាមេរិក​ខ្លួនឯង វាដូចជាការចំអកមួយ​ចំពោះអគ្គរដ្ឋទូតអាមេរិកតែម្ដង។ ប៉ុន្តែ បើទោះបីវាជា​ការ​ចំ​អ​ក​​សម្រាប់អគ្គរដ្ឋទូត​អាមេរិក ​​​ដែលបំភ័យប្រជាជន​កម្ពុជាក៏ដោយចុះ តែការស្លាប់នៅអាមេរិកគឺជា​សោក​នាដកម្ម​ ដែលគួរឲ្យ​សោកស្ដាយ។ ហើយយើងធ្វើការថ្កោល​ទោសជាមួយអំពើឃោរ​ឃៅបែបនេះ។

កំពុងតែ Concert សប្បាយ​រីករាយ​ជាមួយនឹងការប្រគុំតន្ដ្រី​មនុស្ស​រាប់ម៉ឺននាក់ ត្រូវបាញ់មកតែម្ដុំ ហើយ​ទៅ​មើលទីតាំងតំបន់​ដែលគេ​បាញ់ជាន់ទី ៣២ ហើយបាញ់ចំងាយ ៤០០ យ៉ាត បើ ៤០០ យ៉ាត វាស្មើនឹង ៣០០ ម៉ែត្រ វាជាង ៣០០ ម៉ែត្របន្តិច។ កាំភ្លើងហ្នឹង បើយោងតាមការ​ស្ដាប់ គឺមីត្រីយ័រ ៣០ តែម្ដង ហើយ​កាំ​ភ្លើងដូចជាប្រមាណ ៣៤ ដើមកាំភ្លើងឯណោះ។ មិនដឹងថាការ​គ្រប់គ្រង​សន្ដិសុខនៅអាមេរិក​របៀប​ម៉េច​ទេ? ក៏ប៉ុន្តែ យើងក៏មិនទាន់​ដឹង​ថា តើមានពលរដ្ឋខ្មែររបស់យើងនៅ​ទីនោះ ឬអត់? សុំប្រជាពលរដ្ឋខ្មែរ ដែល​រស់នៅ​អាមេរិក​មានការ​ប្រុងប្រយ័ត្នអំពីសន្ដិសុខនៅអាមេរិកដែរ …។ ឥឡូវ គេវិភាគថា មិនមែន​ជា​ពួក ISIS ក៏ប៉ុន្តែ ពួក ISIS ចេញមក​អះអាងថាអ្នកហ្នឹង ISIS​។ ប៉ុន្តែ ISIS មិន ISIS ការប្រុងប្រយ័ត្ន​គឺជា​ការ​ល្អ។

នៅក្នុងប្រទេសរបស់យើង កាល​ពីថ្ងៃច័ន្ទនេះ ខ្ញុំបាននិយាយថា​ធ្វើម៉េចដើម្បី​ធានានូវ​ស្ថេរភាព សន្តិសុខ សម្រាប់​ទេសចរ បើទោះបីជាយើង​មាន​សុវត្ថិភាពក៏ដោយ​ក៏យើងនៅតែមាន​ការប្រុងប្រយ័ត្ន។ អញ្ចឹងទេសុំ​អគ្គ​រដ្ឋ​ទូតអាមេរិកកុំយល់ថា ខ្ញុំនិយាយ​ចំអកឲ្យឯកឧត្តមឲ្យសោះ ខ្ញុំគ្រាន់តែ​លើកឡើងថា វាហាក់ដូចជា​ការ​ចំអក ព្រោះពេលដែល​អគ្គរដ្ឋ​ទូត​អាមេរិកអំពាវនាវឲ្យជនជាតិអាមេរិក​ប្រុងប្រយ័ត្ន​នៅលើទឹក​ដី​កម្ពុជា វាមិនកើតនៅលើទឹកដីកម្ពុជា វា​ទៅកើតនៅ​អាមេរិក​ដែលទូតអាមេរិក​ជាអ្នកអំពាវនាវទៅវិញ។ អាហ្នឹង​បើ​និយាយ​តាមភាសាមួយបែប វាហាក់ដូចជាការ​ចំអក នៃព្រហ្មលិខិតតែម្ដង ប៉ុន្តែយើងសោកស្ដាយ និងអា​ណិត​អាសូរចំពោះអ្នកដែលស្លាប់ និងរបួសនៅឯ​ប្រទេសអាមេរិកវិញ​ឯណោះ​ទេ។

រួមគ្នារក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គមដើម្បីសុវត្ថិភាព និងស្ថេរ​ភាព​ការ​ងារ

ក្រៅពីនោះ ក្រៅពីកិច្ចការរួមដែលយើងត្រូវរួមគ្នារក្សាសន្ដិភាព ដើម្បីធានាការអភិវឌ្ឍ យើងត្រូវរួមគ្នាការងារ​ទី ១ បន្ត គឺរួមគ្នារក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និង​ស្ថេរ​ភាព​ការងារ។ ឥឡូវ មេឃហាក់ដូចជាចង់រកភ្លៀង បើភ្លៀងយ៉ាងម៉េចក៏ដោយ ក្មួយៗកុំរត់ជាន់គ្នា តាម​សម្រួល​ហើយពូមិន​ទៅណាចោលទេ។ កុំនឹកគិតថា ហ៊ុន សែន អាចរត់ចោលក្មួយៗ។ បើសិន​ជា​ភ្លៀង​សុខ​ចិត្តថាដកដំបូលហ្នឹង​ចេញ នៅមុជទឹកភ្លៀងទាំងអស់គ្នាថ្ងៃនេះ។ ប៉ុណ្ណេះហើយមិនយករួចខ្លួនទេ។ តែ​ត្រូវប្រុងប្រយ័ត្នក្មួយៗដែល​ជា​អ្នកពោះធំនេះ ពេលហ្នឹងអាចក្មួយៗមកនៅរោងឯណេះវិញ ប៉ុន្តែសំខាន់​បំផុត​នៅ​ឲ្យបាន​ស្ងៀមស្ងាត់​ …។ ការរួមគ្នារក្សាសន្ដិភាព ស្ថេរភាពនយោបាយ​ សន្ដិសុខ សណ្ដាប់​ធ្នាប់​សង្គម វាជាការធានាដើម្បី​ឲ្យក្មួយៗ​រក្សា​សុវត្ថិភាពការងារ និងស្ថេរភាពការងារ។ គ្មាន​ការងារ​ណាដែល​មាន​សុវត្ថិភាពនៅក្រោមគ្រាប់បែក គ្រាប់​ផ្លោងទេ មិនមែនគ្រាន់តែក្នុងរោងចក្រទេ សូម្បីតែនៅក្នុង​សណ្ឋា​គារ នៅទីកន្លែងរមណីយដ្ឋានទេស​ចរណ៍ ក៏មិនអាចធ្វើបានទេ។ ហើយមិនអាច​មានរោងចក្រ ដែលមាន​សុវត្ថិ​ភាពការងារ ដោយមានបងតូចបងធំកាប់គ្នាដោយដាវសាមូរៃ ឬកាប់គ្នាដោយ​កាំបិត​នោះទេ ក៏មិន​មាន​​សុវត្ថិភាពការងារ នៅពេលដែលមានគ្រឿងញៀនរីករាលដាលនៅក្នុងរោងចក្រដែរ។

រកវិធីដោះស្រាយបញ្ហាកិច្ចសន្យាការងារខ្លីពេក

ប៉ុន្តែ មានរឿងមួយដែលខ្ញុំ​យប់មិញនេះ បានពិភាក្សាជាមួយឯកឧត្តម អ៊ិត សំហេង ខ្ញុំទើបនឹងក្ដាប់បាន នេះខ្ញុំចាត់ទុកថាជាផ្នែកមួយនៃ​សុវត្ថិភាពការងារនោះគឺកិច្ចសន្យាការងារ។ ប្រហែលជាមានចំណោទ​នៅ​តាម​​បណ្ដារោងចក្រមួយចំនួនអំពី​កិច្ចសន្យា​ការងារដែលវាមានរយៈពេលខ្លីពេក។ រឿងនេះមិនដឹងថា​នៅតំ​បន់​​នេះបានកើត ឬយ៉ាងណាទេ? នេះក៏ជាផ្នែកមួយនៃសុវត្ថិភាពការងារ ហើយវាឋិតដិត​ដាម​នៅ​ក្នុង​អា​រម្មណ៍របស់​កម្មករ/ការិនី​របស់យើង។ កិច្ចសន្យាការងារត្រឹមតែ ៣ ខែ ដូច្នេះកម្មករតែងមាន​អារម្មណ៍​ថា​បន្ទាប់​ពី ៣ ខែ តើគេបញ្ឈប់អញ ឬមិនបញ្ឈប់? នេះគឺជាបញ្ហាដែលត្រូវរកដំណោះស្រាយ​សមស្រប។ រឿង​នេះ ខ្ញុំក្ដាប់បានពី​អ្នករោងចក្រ​នៅខាងបាទីរបស់ខេត្តតាកែវឯណោះវិញទេ ដែលកម្មករមាន​កង្វល់​ស្ដី​អំពីបញ្ហាកិច្ចសន្យា​ការងា​រ​ដែលធ្វើខ្លីពេក​។ បន្ទាប់ពីការសាកល្បងរយៈពេល ៣ ខែ ហើយ កិច្ចស​ន្យា​ការ​ងារគប្បីធ្វើឲ្យបានសមស្រប។ ខ្ញុំនិយាយពាក្យសមស្របនៅត្រង់ថា ជួនកាលការងារមានតែត្រឹម ៦ ខែ​ តម្រូវ​ឲ្យ​ចុះកិច្ចសន្យាការងាររហូតទៅដល់ ១ ឆ្នាំ វាមិនត្រូវទេ។ ប៉ុន្តែ គួរគប្បីពិនិត្យ​ឲ្យបានហ្មត់ចត់​តម្រូវ​យ៉ាងណា​ ដើម្បីម្ខាងម្ចាស់រោងចក្រ​គឺទទួលបានដោយ​មាន​ការងារ គឺការងារមិនត្រូវបានបញ្ចប់។ ប៉ុន្តែ​កម្មករ​ក៏ត្រូវមានសុវត្ថិភាពថា ខ្លួនបន្ទាប់ពីសាកល្បង ៣ ខែហើយ ខ្លួនមានកិច្ចសន្យាការងារវែងជាង។

កន្លងទៅ (កិច្ចសន្យា) ៣ ខែ (ទើបអាចបន្ត)។ អារឿងអាចបន្ដហ្នឹងហើយ ដែលកម្មករមានការបារម្ភ។ បារម្ភថា បន្ទាប់ពី ៣ ខែ ហើយ តើ​គេអាចធ្វើការងារតទៅទៀតអត់? អញ្ចឹងទេ អំពាវនា​វចំពោះ​រោងចក្រ អំ​ពាវនាវចំពោះសមាគមនិយោជក និងក្រសួងការងារ ធ្វើកិច្ចការងារនេះ ដើម្បីធានាសុវត្ថិភាព​ការងារ​របស់​កម្មករ/ការិនីរបស់យើង។ ខ្ញុំបានធ្វើដំណើរកាន់តែជ្រៅ កាន់តែច្រើន ខ្ញុំមានការយល់ដឹងដូចជា​សាលារៀន​មួយ​ដែរ ដែលបានបង្រៀនខ្ញុំថា តើអ្វីជាបញ្ហាប្រឈមរបស់កម្មករ/ការិនីរបស់យើង ហើយជា​កា​រ​គិតគូរ​របស់​កម្មករ/ការិនីរបស់យើង។ អញ្ចឹងទេ ដំណើររបស់ខ្ញុំមិនគ្រាន់ជាដំណើរ ដើម្បីឆ្ពោះមក​សួរសុខ​ទុក្ខដាច់​ដោយ​ឡែកទេ ក៏ប៉ុន្តែ គឺមកសួរសុខទុក្ខផង ភ្ជាប់នឹងការរួមចំណែក ដើម្បីដោះស្រាយទៅលើអ្វី​ដែល​យើង​អាច​ដោះស្រាយបាន(ផង)។

ចំណុចទី ១ នេះគឺជាចំណុចដែលអំពាវនាវចំពោះទាំងអស់គ្នា រួមគ្នារក្សា​សន្ដិភាព ​​ស្ថេរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គមដើម្បីសុវត្ថិភាពការងារ និងស្ថេរភាពការងារ​របស់យើង។ ហើយ​ត្រូវ​ដាក់​បញ្ចូលនូវការគិតគូរអំពីកិច្ចសន្យាការងារ ដើម្បីអារម្មណ៍នឹងនររបស់កម្មករ/ការិនី​របស់យើង​ថា កិច្ចការ​របស់​​ខ្លួនមិនត្រូវបានលុបចោល នៅពេលដែលចប់កិច្ចសន្យាការងារនោះទេ លើកលែងតែកម្មករ/ការិនី​សុំ​ឈប់ដោយខ្លួនឯង តែយើងមិនអាចបង្ខំគេបានទេ។

រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មី

ឯការងារទី ២ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មី ខ្ញុំចង់និយាយថាការងារដែលមានរួចមកហើយ ជា​មួយ​នឹងប្រាក់ចំណូលដែលមានរួចមកហើយ ក្មួយៗត្រូវរួមគ្នាក្ដាប់ឲ្យជាប់ក្នុងដៃ កុំឲ្យវារបូតទៅវិញតាម​រយៈ​​នៃ​សកម្មភាព​ណាមួយ ដែលធ្វើឲ្យរោងចក្រត្រូវដកចេញពីកម្ពុជា ទៅកាន់ប្រទេសផ្សេង ហើយអ្នក​ដែល​បាត់​​បង់មុនគេ គឺកម្មករ/ការិនី ដែលត្រូវបាត់បង់ប្រាក់ចំណូល ហើយប្រាក់ចំណូលដែល​ក្មួយៗ​មាននេះ ក៏វា​បានទៅដល់ក្រុម​គ្រួសារ​របស់ក្មួយៗ​ ដែលលើសពី ១០០ ដុល្លារ ដែលក្រុម​គ្រួសារ​ទទួល​បាន។ (ភ្លៀងធ្លាក់មកដល់) យើងត្រូវបន្តរួមគ្នា ដើម្បីរក្សាការងារដែលយើងបាន និងកំពុង​មាន​នៅ​ពេល​នេះ ហើយយើងក៏នឹងបង្កើត​ការងារ​ថ្មីថែមទៀត ដើម្បីអ្នកដែលមិនទាន់មានការងារធ្វើ។ ពេលនេះ ក្មួយៗ​មាន​ការងារធ្វើហើយ ក៏ប៉ុន្តែ​មានបង​ប្អូនសាច់ញាតិក្មួយៗមិនទាន់មានការងារធ្វើ ដូច្នេះចាំបាច់ណាស់។ ម្ខាង​ត្រូវរក្សាការងារ ដែល​កំពុងមាន ឯម្ខាង​ទៀតត្រូវបង្កើតការងារថ្មី ហើយរាជរដ្ឋាភិបាល​ក៏នឹងធ្វើ​ការ​ខិត​ខំ ដើម្បីទៅទាក់ទង​វិនិ​យោគិនបន្ថែម ​សម្រាប់ការ​វិនិយោគនៅកម្ពុជា។ ឯម្ខាងទៀត គឺសម្រាប់ការ​ទៅរក​ទី​ផ្សារ​ថ្មីៗបន្ថែមទៀត ដើម្បីបន្ថែមការនាំ​ចូលទៅកាន់​ប្រទេសផ្សេង។

រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង

ចំណុចទី៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ ចំណុចនេះ ខ្ញុំបានបញ្ជាក់ហើយពី​ខាងលើ​បានមួយចំនួនហើយ។ បៀវត្សត្រូវតែឡើងជារៀងរាល់ឆ្នាំ ហើយសូមបញ្ជាក់ថា រាជរដ្ឋាភិបាល​គ្រប់​​គ្រងតែធ្វើ​យ៉ាងណាប្រាក់បៀវត្សអប្បបរមាតែប៉ុណ្ណោះ។ មានន័យថា បើឆ្នាំនេះ ១៥៣ ដុល្លារ រាជរដ្ឋា​ភិ​បាល​ពិនិត្យមើល​ត្រឹម​តែអ្នកណាអនុវត្ដក្រោម ១៥៣ ដុល្លារ គឺខុសច្បាប់ ប៉ុន្តែបើផ្ដល់ឡើងលើ ១៥៣ គឺ​ត្រូវ​ច្បាប់​ទាំងអស់។ អញ្ចឹងទេ យើងធានាថាប្រាក់បៀវត្សរបស់កម្មករ/ការិនីរបស់យើង គឺនឹងត្រូវឡើងជា​រៀង​រាល់​ឆ្នាំ។ ជាមួយ​ប្រាក់បៀវត្សកើនឡើង ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃឈ្នួលផ្ទះ អាចមានការថយចុះ។ ហើយ​ឆ្នាំ ២០១៨ ហាក់ដូចជាមានការស្រុះស្រួលគ្នាហើយ រវាងម្ចាស់ផ្ទះដែលមិនតម្លើងថ្លៃឈ្នួលផ្ទះក្នុងឆ្នាំ ២០១៨ នេះ។

របបសន្ដិសុខផ្នែកថែទាំសុខភាព កម្មករបង់ពាក់កណ្តាល

សម្រាប់កិច្ចការទី ៤ ដែលជាកិច្ចការអាទិភាពមួយទៀត ក៏សូមបញ្ជាក់ជូនក្មួយៗទាក់ទិនជាមួយបញ្ហា​រឿង​របបសន្ដិសុខផ្នែកថែទាំសុខភាព ដែលមុននេះ ប្រាក់សម្រាប់ថែទាំសុខភាពសម្រាប់កម្មករ/កម្មការិនី​របស់​យើង​បានបង់ពាក់កណ្ដាលគឺ ៥០%។ ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៨​ នេះទៅកម្មករ/ការិនីរបស់យើង​មិនត្រូវ​បង់​ទៀត​​ទេ។ និយោជកនឹងត្រូវបង់ជំនួស ១០០% តែម្ដង ដូចនេះកម្មករ/ការិនីរបស់យើង នឹងចំណេញ​បាន​ក្នុង​រង្វង់ពី ៨.០០០ ទៅ ១៣.០០០ រៀល ក្នុងមួយខែ។ នេះបានសេចក្តីថា ប្រាក់ចំណូលកើន តែប្រាក់​ចំ​ណាយ​ទៅ​វិញគឺតិចជាងពេលមុន តាមរយៈការជួយទ្រទ្រង់ពីសំណាក់រាជរដ្ឋាភិបាល ដោយមាន​ការ​អនុ​គ្រោះ​មួយចំនួនជាមួយរោងចក្រ សហគ្រាស។ ប៉ុន្តែ រោងចក្រ សហគ្រាសនោះ ត្រូវតែបង់សម្រាប់​ឲ្យ​កម្ម​ករ/ការិនីរបស់យើង។

ខែ មករា ២០១៨ កម្មករទាំងអស់ ទទួលការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ នៅតាមពេទ្យរដ្ឋ

ហើយក៏ចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវ​ទទួល​បានការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ហើយរដ្ឋជាអ្នកបង់ថ្លៃជំនួស តាម​រយៈ​មូលនិធិសមធម៌។ រឿងនេះ យើងបាន និងកំពុងពង្រឹងសមត្ថភាពចំពោះបណ្តាមន្ទីរ​ពេទ្យ ដែលត្រូវ​ទទួល​យកនូវកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បូកទៅប្រមាណជា ៣ លាននាក់បន្ថែមទៀត ដើម្បី​ចូលទៅក្នុងក្របខណ្ឌនៃការអនុវត្ត នូវមូលនិធិសមធម៌។ កន្លងទៅ យើងបានអនុវត្ត​ជាង ៣ លាន​នាក់​រួចស្រេចទៅហើយ។ ឥឡូវ យើងបន្ថែមចំពោះមុខសញ្ញាកម្មករ/ការិនីរបស់យើង។ ខ្ញុំក៏សូមអំ​ពាវ​នាវ​ឲ្យ​គ្រប់ផ្នែក ទាំងក្នុង និងក្រៅប្រព័ន្ធ មកចុះបញ្ជីឲ្យបានឆាប់រហ័ស ដើម្បីឲ្យកម្មករ/ការិនីរបស់យើង អាច​ទទួល​បាននូវអត្ថប្រយោជន៍ពីនយោបាយថ្មីរបស់យើងនេះ។

កម្មការិនីឆ្លងទន្លេ សម្រាក ៣ ខែ បៀវត្ស ១២០% ចេញពីធ្វើការមុនយ៉ាងតិច ១៥ នាទី

សម្រាប់កម្មការិនីឆ្លងទន្លេ ខ្ញុំក៏សូមបញ្ជាក់បន្ថែមថា នារីដែលជាកម្មការិនីឆ្លងទន្លេ ត្រូវបានឈប់សម្រាក​រយៈ​ពេល ៣ ខែ ជាមួយនឹងបៀវត្ស ១២០% សម្រា​ប់ពេលឆ្លងទន្លេ។ ក្នុង ១២០% នេះ គឺ​បេឡា​ជាតិ​​សន្តិ​សុខ​សង្គមចេញ ៧០% និងនិយោជកចេញ​ ៥០%។ បន្ថែមពីលើនោះ ត្រូវបានពិនិត្យឲ្យបាន​​ហ្មត់ចត់អំពី​ការ​​ពិនិត្យផ្ទៃពោះ ដែលសុំអំពាវនាវចំពោះថៅកែ និងម្ចាស់រោងចក្រ អនុគ្រោះឲ្យបានច្រើន ដើម្បីផ្តល់ឱ​កាស​សម្រាប់ស្ត្រីមានផ្ទៃពោះ ហើយក្នុងនោះ ហាក់ដូចជាមានការឯកភាពស្រុះស្រួលគ្នាហើយ។ មុននេះ កម្មការិនី(មានផ្ទៃពោះ)របស់យើង រោងចក្រខ្លះឲ្យចេញមុន ៥ នាទី ខ្លះ ១០ នាទី។ ត្រូវខិតខំធ្វើយ៉ាងម៉េច ខ្ញុំបានអំពាវនាវដើម្បីដោះស្រាយ ធ្វើយ៉ាងណាធានាថា កម្មការិនីដែលមានផ្ទៃពោះចាប់ពី ៣ ខែឡើងលើ ត្រូវបានចេញមុនយ៉ាងតិច ១៥ នាទី។ ប៉ុន្តែ សូមបញ្ជាក់ រោងចក្រខ្លះបានឲ្យដល់ ២០ ឬ ៣០ នាទីគឺរ​ក្សា​ដដែលចុះ តែរោងចក្រដែលឲ្យចេញមុនត្រឹម ៥ ឬ ១០ នាទី សូមបង្កើនឲ្យបាន ១៥ នាទី ដើម្បីធានាថា កម្មការិនីដែលមានផ្ទៃពោះនេះ​មានសុវត្ថិភាព សម្រាប់ពេលចាកចេញពីការងារ។

កម្មការិនីឆ្លងទន្លេ ទទួលបានសាច់ប្រាក់ ៤០ ម៉ឺនរៀល/កូនម្នាក់

បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលមាន​​ការ​ឆ្លង​ទន្លេ ត្រូវទទួលកម្មវិធីសាច់ប្រាក់ ដោយក្នុងកម្មការិនីម្នាក់ដែលឆ្លងទន្លេបានកូន ១ ត្រូវទទួលបាន ៤០ ម៉ឺន​រៀល, កូនភ្លោះ ២ បាន ៨០ ម៉ឺនរៀល និងកូនភ្លោះ ៣ បាន ១ លាន ២ សែនរៀល ហើយកូនភ្លោះ ៣ នឹង​ក្លាយទៅជាសមាគមគ្រួសារនៃអ្នកមានកូនភ្លោះ ៣ ដែលខ្ញុំជាអ្នកទទួលបន្ទុក ក្នុងការជួយមួយផ្នែក​បន្ថែម​ពី​លើ​ហ្នឹងទៀត។ ​អញ្ចឹងទេ អម្បាញ់មិញ សួរក្មួយម្នាក់ទើបនឹងមានផ្ទៃពោះ ៦ ខែ បើអញ្ចឹងមែន ច្បាស់​ណាស់ថា នឹងឆ្លងទន្លេនៅខែមករាឯណោះទេ បើអញ្ចឹងពេលនោះ នឹងមានការទទួលបាននូវ​ប្រាក់​ឧបត្ថម្ភ។ ប៉ុន្តែ អ្នកដែលឆ្លងទន្លេពីឥឡូវ វាផុតទៅហើយ ប៉ុន្តែ កុំភ្លេចថា យើងក៏នៅមានកូនក្រោយៗដែរ។ សង្ឃឹមថា ក្មួយៗដែលមិនទាន់មានគ្រួសារ មិនទាន់មានកូន មិនច្រណែនចំពោះអ្នកដែលមានកូននោះទេ ថ្ងៃក្រោយ គង់តែដល់វេនយើងម្តងហើយ។

កម្មករទាំងអស់ ជិះឡានក្រុងឥតគិតថ្លៃ ២ ឆ្នាំ

ប៉ុន្តែ មានរឿងមួយ ដែលខ្ញុំមិនទាន់បាននិយាយ។ កម្មករ/ការិនីទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ នឹង​ទទួល​បាននូវការជិះរថយន្តក្រុង ដោយមិនបាច់បង់ថ្លៃ យ៉ាងតិច ២ ឆ្នាំ។ អញ្ចឹង យើងនឹងរៀបចំ។ ផ្លូវ​នេះ​មានឬនៅ? ប៉ុន្តែ នៅកន្លែងនេះមានក្មួយៗខ្លះបានជិះឡានក្រុងឬនៅហ្នឹង? លើកដៃទៅមើល។ ជិះទៅ​ធ្វើ​ការ​ក៏បាន ជិះទៅលេងផ្សារក៏បាន ជិះទៅលេងសង្សារក៏បាន មិនថាជិះតែមកការងារទេ។ អញ្ចឹង កម្មករ​/កា​រិនី ទាំងក្នុង និងក្រៅប្រព័ន្ធ រៀបចំកាតឲ្យ ដើម្បីពេលដែលឡើងលើរថយន្តនោះ នឹងទទួលបាននូវការ​ជិះ​ដោយ​មិនចាំបាច់បង់ថ្លៃ។ រឿងនេះ ក៏តម្រូវឲ្យគ្រប់ទីកន្លែង រោងចក្រ សហគ្រាស មកធ្វើការចុះបញ្ជី​នៅឯ​ក្រ​សួងការងារឲ្យបានឆាប់ ដើម្បីផ្តល់ឱកាសឲ្យកម្មករ/ការិនីនៅកន្លែងធ្វើការរបស់ខ្លួន មានឱកាស​ទទួល​យក​នូវអត្ថប្រយោជន៍ ដែលបានផ្តល់តាមកម្មវិធីថ្មីរបស់យើងនេះ។

រៀបចំឲ្យមានគិលានដ្ឋាន កន្លែងហូបបាយ និងទារកដ្ឋាន បើមិនទាន់មាន

កិច្ចការបន្ថែមទៀត នៅតាមរោងចក្រនីមួយៗ ត្រូវរៀបចំគិលានដ្ឋាន រៀបចំ​អាហារដ្ឋាន ទារកដ្ឋាន ដែល​ពេល​នេះ រោងចក្រ សហគ្រាស ចំនួន ៨៨% ហើយ ដែលមានគិលានដ្ឋាន, ៣៣% មាន​កន្លែង​ហូប​បាយ, ២១% មានកន្លែងបំបៅកូន, ២៨% មានកន្លែងទារកដ្ឋាន។ អញ្ចឹងត្រូវបន្ត កន្លែងដែលមិនទាន់​មាន ខិតខំធ្វើឲ្យមានដើម្បីធានាសុវត្ថិភាព និងសុខភាពរបស់កម្មករ/ការិនីរបស់យើង។ បណ្តាលក្ខខណ្ឌ​ការ​ងារផ្សេងៗ ដែលតម្រូវដោយច្បាប់ការងារ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះ ក៏មានកែលម្អខ្លះទៅ​លើ​បញ្ហា​ដែលទាក់​ទង​ជាមួយនឹងសុវត្ថិភាពរបស់កម្មករ/ការិនី តាំងពីការកសាងរោងចក្រ រហូត​ទៅដល់​បញ្ហា​ទីកន្លែងដែលធ្លាប់តែមានការដួលសន្លប់។ ចំពោះកម្មករ/ការិនី ក៏គួរមានការកែលម្អ ដើម្បីឆ្លើយតប​ជា​មួយ​នឹងសុខុមាលភាពរបស់កម្មករ/ការិនីរបស់យើង។ ប៉ុន្តែ ខ្ញុំសង្កេតឃើញថា កម្មករ/ការិនីរបស់​យើង​មាន​សុខភាពល្អណាស់ គ្មានភាពស្លេកស្លាំងដែលជាបញ្ហាសង្កេតឃើញខ្វះអាហារូបត្ថម្ភនោះទេ។

យកចិត្តទុកដាក់ចំពោះកម្មករ/ការិនី ធ្វើការក្រៅប្រទេស

មួយទៀត ជាកិច្ចការដែលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើផងដែរ គឺការយកចិត្តទុកដាក់ចំពោះកម្មករ/កា​រិនី​របស់យើង ដែលកំពុងធ្វើការនៅឯក្រៅប្រទេស រួម​មាននៅប្រទេសថៃ ម៉ាឡេស៊ី នៅកូរ៉េខាងត្បូង នៅ​ប្រ​ទេសជប៉ុន និងនៅប្រទេសដទៃទៀត។ យើងក៏កំពុងពង្រីកទីផ្សាររបស់យើងទៅក្រៅប្រទេសផងដែរ​។ ខ្ញុំ​គិត​ថា ដោយសារ ថ្ងៃនេះ មានភ្លៀងធ្លាក់ ហើយអម្បាញ់មិញ កម្មករ/ការិនីរបស់យើងមួយ​ចំនួនមាន​ការ​ទទឹក ខ្ញុំក៏មិនគួរនិយាយបន្ថែមទៀតទេ។

កម្មករត្រូវរក្សាឲ្យបាននូវអ្វីដែលទទួលបាន ជាមួយរាជរដ្ឋាភិបាល

ថ្ងៃនេះ​ ជាមួយនឹងមោទនភាព និងការកោតសរសើរ ហើយអរគុណចំពោះក្មួយៗ​​ដែលរាប់អានចំពោះខ្ញុំ​ដែល​មកកាន់ទីកន្លែងនេះ ដើម្បីជួបជាមួយក្មួយៗ។ អរគុណចំពោះម្ចាស់រោងចក្រ ដែលអនុញ្ញាតឲ្យក្មួយៗ​បាន​ឈប់សម្រាកនៅព្រឹកនេះ ដើម្បីមកជួបជុំជាមួយនឹងមេដឹកនាំប្រទេស។ សង្ឃឹមថា អ្វីដែលក្មួយៗបាន និង​កំពុងមាននេះ ក្មួយៗនឹងចងចាំឲ្យបាន និងខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាការ​ងារ​​នេះ រក្សានូវប្រាក់ចំណូលដែលយើងបាន និងកំពុងមាននេះ។ ពិតមែនតែវាមិនទាន់គ្រប់ទៅតាម​នៃការ​ចង់​បាន មនុស្សយើងគ្មានពេលណាឆ្អែតឆ្អន់ទេ។ អ្នកមានបំផុតនៅលើពិភពលោកនេះ ក៏គង់នៅត្រូវការប្រាក់​ចំ​ណូលជារៀងរាល់ថ្ងៃបន្ថែមទៀត។​ ដូច្នេះ បៀវត្ស ដែលយើងបាន និងកំពុងមាននេះ មិនត្រូវងាប់ទ្រឹង​នៅ​មួយ​កន្លែង​ទេ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ ហើយអត្ថប្រយោជន៍ដទៃទៀត ក៏នឹងត្រូវទទួលបាន​តាម​រយៈ​នៃ​ច្បាប់ការងាររបស់យើង និងអត្ថប្រយោជន៍​ ដែលតម្រូវដោយច្បាប់។ សង្ឃឹមថា យើងរួមដំណើរជា​មួយ​​គ្នា ដើម្បីធ្វើឲ្យប្រទេសនេះមានភាព​រុងរឿងឡើង ពីស្ថានភាពដ៏ខ្ទេចខ្ទាំ ពីប្រទេសដែលមានសង្គ្រាម ពីប្រ​ទេស​​ដែលមានរបបប្រល័យពូជសាសន៍ ពីប្រទេសដែលមានស្ថានភាពដ៏លំបាកលំបិន មកកាន់ឋានៈប្រ​ទេស​មួយ ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម​កម្រិត​ខ្ពស់នៅពេលខាងមុខ មិនយូរប៉ុន្មាន នៅឆ្នាំ ២០៣០ គឺរយៈពេលតែត្រឹម ១៣ ឆ្នាំទៀតតែប៉ុណ្ណោះ។

ថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់ក្មួយៗទាំងអស់ ដែលជាកម្មករ/ការិនីដែលចូលរួម ១៥.៣៣១ នាក់ រាប់​ទាំងរោងចក្រដែលកំពុងតែស្តាប់ ហើយសំណាងអ្នករោងចក្រដែលយើងត្រូវទៅនោះ គាត់អត់ត្រូវទឹកភ្លៀង ហើយបានស្តាប់ពីនេះទៅដែរ តែបន្តិចទៀត ខ្ញុំនឹងទៅដល់កន្លែងនោះ ប៉ុន្តែ ជូនម្នាក់ៗបានតែ ២ ម៉ឺនរៀល តែប៉ុណ្ណោះ សម្រាប់ក្មួយៗដែលមកចូលរួមនៅទីនេះ។ ឯចំពោះក្មួយៗដែលមានផ្ទៃពោះ ពូមិនប្រកាសទេ នឹងចែកជូនស្រោមសំបុត្រមួយ ហើយ​ទៅបើកមើលខ្លួនឯងទៅចុះ សម្រាប់ការឆ្លងទន្លេនៅពេលខាងមុខ។ ហើយសូមជូនពរក្មួយៗមានសុខភាពល្អ និងសុវត្ថិភាពនៅពេលឆ្លងទន្លេ និងបានកូនមក​ជាទីស្រឡាញ់ ហើយកុំឲ្យប្តីបែកចិត្តក្នុងពេលហ្នឹង។ ប្រយ័ត្នបំផុតពេលហ្នឹង កុំឲ្យទៅណាឆ្ងាយពេក។ យ៉ាងណាក៏ដោយ ខ្ញុំគិតថា អ្នកចូលរូមទាំងអស់ក៏មិនច្រណែនទេ ស្ត្រីមានផ្ទៃពោះទាំង ៥១១ នាក់នោះ។ ខ្លួនយើង ខ្លួនគេ កូន​យើង កូនគេ ហើយជួនកាលដល់វេនយើងតែម្តង។ ដល់ពេលយើងនោះ ដល់ចំពេលអនុវត្ត​នូវ​គោល​នយោបាយផ្តល់សាច់ប្រាក់ ដល់អ្នកឆ្លងទន្លេបណ្តោយ រាប់ទាំងអ្នកនៅត្រង់ហ្នឹង កូនណាដែលទើប​នឹង​មាន វាទាញដល់ម៉ោង ១ ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ បានវាកើត វាចាំទទួល ៤០ ម៉ឺនរៀលដែរ។

ថ្ងៃនេះ បញ្ចប់ត្រឹមប៉ុណ្ណឹងចុះ សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ពិ​សេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយ វណ្ណៈ សុខៈ ពលៈ និង​បដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក