ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា»

129

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា» នៅវិទ្យាស្ថានជាតិអប់រំ។ ទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២១នេះ ប្រារព្ធឡើងក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករនៃព្រលឹងយុវជនជំនាន់ក្រោយ»។

ពិធីនេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សសរុបប្រមាណ ១៤០០នាក់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តន៍ដោយជោគជ័យការលើកកម្ពស់គុណវឌ្ឍ និងតម្លៃរបស់គ្រូបង្រៀន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចផ្តួចផ្តើមឲ្យប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា កាលពីឆ្នាំ១៩៩៧ ក្នុងបំណងបំផុសនូវប្បធម៌ផ្តល់តម្លៃដល់គ្រូៗ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបណ្តុះបណ្តាលឲ្យធនធានមនុស្សនៅកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូបង្រៀនបានរួមចំណែកធំធេងក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមកម្ពុជាឲ្យបានរីកចម្រើន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំនៅតែជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ហើយការធានានូវគុណភាពអប់រំ គឺជាការធានាបាននូវការបណ្តុះធនធានមនុស្សនៅកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រ គឺជារឿងដែលត្រូវធ្វើគ្មានទីបញ្ចប់។ ក្នុងន័យនេះសម្តេចបានជំរុញឲ្យមានការបណ្តុះ បណ្តាលអប់រំឲ្យកាន់តែខ្ពស់ ដោយមិនត្រូវអនុញ្ញាតឲ្យកូនខ្មែរស្ថិតនៅក្រៅសេវាអប់រំនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងបច្ចុប្បន្ន កម្ពុជា មានសាលាបឋមសិក្សាចំនួន ៧៤៤៤ខ្នង, អនុវិទ្យាល័យ ១២៤៥ខ្នង, វិទ្យាល័យ ៤៨៦ខ្នង និងគ្រឹះស្ថានឧត្តមសិក្សា ១១៥ខ្នង បាននិងកំពុងផ្តល់ការអប់រំដល់កូនប្រជាពលរដ្ឋខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចបានសាងសង់ និងជួសជុលអគារសិក្សាចំនួន ៣៩៣២ខ្នង ស្មើនិង ២២,៥៥០បន្ទប់។

– សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការយកចិត្តទុកដាក់ទៅលើការអប់រំនៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសតំបន់ជនបទដាច់ស្រយាល និងនៅតាមតំបន់ព្រំដែន។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨ ប្រាក់ខែគ្រូបង្រៀននឹងកើនដល់ជាង ១លាន​រៀល​ក្នុងមួយខែយ៉ាងតិច។

– សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ក្រសួងអប់រំ នឹងប្រឹងប្រែងជំរុញលើការធ្វើកំណែទម្រង់លើវិស័យ​អប់រំឲ្យកាន់តែប្រសើរថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន សូមឧទ្ទិសទិវាគ្រូបង្រៀន ជាទិវាដឹងគុណគ្រូស្ថិតនៅជាអមតៈក្នុងបេះដូងសិស្សគ្រប់សម័យកាល។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអាណាព្យាបាលទាំងអស់ ត្រូវអប់រំណែនាំកូនៗ ឲ្យគោរពគ្រូៗទោះបីគ្រូបង្រៀនសាលាឯកជនក៏ដោយនោះ។

– សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការពិចារណាក្នុងការពន្យារអាយុគ្រូក្នុងការចូលនិវត្តន៍។ បើតាមសម្តេចតេជោ ចង់ពន្យារពីអាយុ៦០ឆ្នាំ ដល់អាយុ ៦៥ឆ្នាំ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឲ្យទិវាគ្រូបង្រៀនស្ថិតនៅក្នុងទឹកចិត្ត និងបេះដូងរបស់សិស្សគ្រប់សម័យកាលទាំងអស់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព ដែលតែងតែស្វែងរកគ្រូៗធ្លាប់បង្រៀនខ្លួន ដើម្បីជួយការឧបត្ថម្ភ។

– សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យទិវាគ្រូបង្រៀននេះ ក្លាយជាចលនាជាតិមួយ ដើម្បីកុំឲ្យគ្រូៗស្ថិតនៅឯកោ។

– សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យទិវាគ្រូបង្រៀននេះ ក្លាយជាចលនាជាតិមួយ ដើម្បីកុំឲ្យគ្រូៗស្ថិតនៅឯកោ។ សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា ការរៀបចំពិធីរំលឹកគុណគ្រូ គួរត្រូវបានធ្វើឡើងតាមសាលានានានៅក្នុងថ្ងៃប្រារព្ធទិវាគុណគ្រូ ៥ មករា ឬ មុន និងក្រោយថ្ងៃនេះបន្តិច។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់លោក ស៊ុយ សែម ដែលតែងរៀបចំឲ្យមានពិធីដឹងគុណគ្រូនៅសាលាក្នុងខេត្តពោធិ៍សាត់ និងការប្រារព្ធពិធីដឹងគុណគ្រូនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។

– សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការគាំទ្រដល់គោលនយោបាយគន្លងអាជីពគ្រូបង្រៀន ដែលស្នើឡើងដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ គោលនយោបាយនេះ តម្រូវឲ្យនៅតាមសាលារៀននីមួយៗតម្រូវឲ្យមានអ្នកដឹកនាំ អ្នកបង្រៀន និងអ្នកស្រាវជ្រាវ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីរាជការជាគ្រូបង្រៀន និងគ្រូពេទ្យ ជាអ្នកមានប្រាក់បៀវត្សរ៍ច្រើនជាងគេ តែសម្តេចក៏សង្ឃឹមថា មន្រ្តីរាជការក្នុងក្របខណ្ឌដទៃនឹងមិនច្រណែននឹងបញ្ហានេះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចង់ណាស់ក្នុងការដំឡើងប្រាក់បៀវត្សរ៍​ជូន​មន្រ្តី​រាជការ និងកងកម្លាំងប្រដាប់អាវុធ តែត្រូវធ្វើឲ្យសមរម្យទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា​ផង​​ដែរ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទន្ទឹមនិងការសាងសង់អគារសិក្សា ក៏ត្រូវគិតគូរកន្លែងស្នាក់នៅរបស់សិស្សគរុកោសល និងផ្ទះគ្រូៗស្នាក់នៅផងដែរ។ ក្នុងនោះតាមររយៈការចុះទៅតាមបណ្តាខេត្តសម្រេច​ក៏បានសាងសង់អគារស្នាក់នៅរបស់គ្រូ និងគរុកោសលជាច្រើនផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨៖៥៤នាទីព្រឹកថ្ងៃដដែល៕

ចែករំលែក