សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សណ្ឋាគារ​ផ្កាយ៥ សុខា​សៀមរាប

នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារសុខាសៀមរាប របស់ក្រុមហ៊ុនសុខា ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ មានចំនួនបន្ទប់សរុប ១,២៣៦បន្ទប់ មានបុគ្គលិកបំរើការងារសរុប ចំនួន៦២៨នាក់ និងមានភោជនីយដ្ឋានក្នុងសណ្ឋាគារចំនួន០២។

ចំពោះសំណង់អាគារនេះក៏ត្រូវបានសាងសង់ មិនអោយប៉ះពាល់ដល់រមណីយដ្ឋាន វប្បធម៍ប្រវត្តិសាស្រ្ត ហើយគោរពតាមក្រឹត្យក្រម និងការកំណត់របស់អង្គការ UNESCO ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលសណ្ឋាគារ របស់ក្រុមហ៊ុនសុខាចំនួន២ គឺសណ្ឋាគារសុខាលំដាប់ផ្កាយ៥ ដែលមាន៧៧២បន្ទប់ និងសណ្ឋាគារសុខាផាឡែស លំដាប់ផ្កាយ៤ មាន៤៤៧បន្ទប់ នៅក្នុងខេត្តសៀមរាបនេះ។ នេះគឺជាសណ្ឋាគារដែលធំជាងគេក្នុងប្រទេស ដែលកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំរើវិស័យទេសចរណ៍ និងសំរាប់ការទទួលនូវបដិសណ្ឋារកិច្ចនៃថ្នាក់ដឹកនាំនានាក្នុងកិច្ចប្រជុំផ្សេងៗ។ សម្តេចតេជោ មានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ គឺនឹងយកសណ្ឋាគារនេះតែម្តង។
វត្តមានសណ្ឋាគារនេះ គឺបានរួមចំណែកផ្តល់សេវាដល់ភ្ញៀវទេសចរណ៍កាន់តែប្រសើរថែមទៀត ខណៈដែលខេត្តសៀមរាប កំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជានោះ ដែលពេលនេះ ខេត្តសៀមរាប មានសណ្ឋាគារ ១៩៩កន្លែង ស្មើនិង ១២,៧៨៩បន្ទប់ ក្នុងនោះវិនិយោគដោយជនបរទេសមាន ៣២សណ្ឋាគារ។ សណ្ឋាគារផ្កាយ៥ មានចំនួន១៥, សណ្ឋាគារផ្កាយ៤ មានចំនួន២៤, អាផាតម៉ិន (Apartment) ចំនួន៩កន្លែង ស្មើនឹង ៤០៤បន្ទប់ និងមានផ្ទះសំណាក់វិញ មានចំនួន ៣០៧កន្លែង ស្មើនឹង ៤,៥៤៣បន្ទប់ ក្នុងនោះវិនិយោគដោយជនបរទេសមានចំនួន ៦០កន្លែង។ ទាំងសណ្ឋាគារ និងផ្ទះសំណាក់ មានបុគ្គលិកបម្រើការសរុបជាង ២ម៉ឺននាក់ផងដែរ។

សម្តេចតេជោ បានរំលឹកឱ្យដឹងថា ខេត្តសៀមរាបអង្គរនេះ គឺជាកំណប់ទ្រព្យដ៏មានតម្លៃ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងការរីកចម្រើនសព្វថ្ងៃ ក៏យើងចងចាំផងដែរថាពីមុនទីនេះ មានតែសណ្ឋាគារចាស់ៗចំនួន២ គឺ Grand Hotel និង Apsara Hotel ហើយទីនេះ គឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកជាមួយទាហ៊ានប៉ុលពត។ ដោយសារនយោបាយ ឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមទាំងស្រុង ហើយយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។
ភាពរីកចម្រើននៃវិស័យទេសចរណ៍នេះ គឺដោយសារតែកម្ពុជាទទួលបាននូវសុខសន្តិភាព បើគ្មានសន្តិភាពទេ ក៏មិនមានការអភិវឌ្ឍដែរ ហើយវិស័យទេសចរណ៍នោះ ក៏មិនមានការរីកចម្រើនដែរ ដូច្នេះដើម្បីចូលរួមចំណែកជំរុញវិស័យនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន២ចំនុចសំខាន់៖
១)រួមគ្នាថែរក្សា ការពារសន្តិភាព ជាពិសេសតំបន់ទេសចរណ៍ ការពារសុវត្តិភាពដល់ភ្ញៀវទេសចរណ៍គ្រប់ប្រភេទ សណ្តាប់ធ្នាប់សង្គម ជាពិសេសការទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតំបន់ទេសចរណ៍ និងនៅទូទាំងប្រទេស ដើម្បីធានាអោយបាននូវសេចក្តីសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍គ្រប់ទិសទី។
២)ត្រូវអភិវឌ្ឍវិស័យទេសចរណ៍តាមគោលដៅ របស់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញក្នុងការជម្រុញវិស័យទេសចរណ៍អោយកាន់តែល្អប្រសើរ ដូចជាការការអភិវឌ្ឍតំបន់ទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ច និងការផ្តល់សេវាទេសចរណ៍ល្អជាដើម។ ទាក់ទងទៅនឹងវិស័យទេសចរណ៍នេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជម្រុញអោយមានការនាំចេញនៅនឹងកន្លែង ក្នុងគោលដៅទេសចរណ៍ដើម្បីកាត់បន្តយភាពក្រីក្រ គឺប្រជាពលរដ្ឋអាចបំរើសេវាកម្មជាច្រើន ដល់ភ្ញៀវទេសចរណ៍ ដូចជាសេវាស្នាក់នៅ ចំណីអាហារ វត្ថុអនុស្សាវរីយ៍ តាមរយៈការផលិត និងផ្តល់ចេញពីតំបន់ទេសចរណ៍ផ្ទាល់តែម្តង។ ប៉ុន្តែក្នុងន័យនេះគឺ សម្តេចតេជោ បានស្នើអោយសេវាកម្មទាំងឡាយមានគុណភាព រួមទាំងចំណីអាហារត្រូវអោយមានអនាម័យ និងសុវត្ថិភាពល្អដើម្បីអោយភ្ញៀវមកម្តងហើយ ចង់មកម្តងទៀត ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិជាច្រើនថែមទៀត។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាក៏កំពុងជំរុញក្នុងការផ្តល់ទិដ្ឋាការ (Visa) ដល់ទេសចរនៅពេលដែលចុះចតតែម្តង ដើម្បីអោយកាន់តែងាយស្រួលដល់ការធ្វើដំណើរ។

សម្តេចតេជោ ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា គ្មានវិនិយោគគិនណាមកវិនិយោគ ឬទេសចរណាមកលេងប្រទេសយើងទេ ប្រសិនបើយើងនៅមានសង្រ្គាម ទន្ទឹមនឹងការរីកលូតលាស់ផ្នែកសណ្ឋាគារ សម្តេចតេជោ ក៏បានលើកទឹកចិត្តអោយគិតគូដល់ការវិនិយោគព្រលានយន្តហោះថ្មីៗ ដើម្បីបម្រើការហោះហើរដោយយន្តហោះធំៗធ្ងន់ៗទាំងនៅក្នុងខេត្តសៀមរាបភ្នំពេញ និងខេត្តព្រះសីហនុ។ ស្របគ្នានេះដែរ ការតភ្ជាប់ទាំងផ្លូវគោក និងផ្លូវទឹក ជាពិសេសជាមួយប្រទេសជិតខាងក៏ត្រូវជំរុញរៀបចំ អោយបានល្អប្រសើរថែមទៀត។ យើងបានខិតខំជំរុញវិស័យទេសចរណ៍អោយកាន់តែរីកចម្រើនទៅមុខ ដែលពីមុនយើងមានតែ (0) ទេសចរណ៍ តែពេលនេះកម្ពុជាទទួលភ្ញៀវទេសចរណ៍ ជាង៥លាននាក់ក្នុង១ឆ្នាំៗ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសុខា និងអាជ្ញាធរខេត្ត ដែលបានវិនិយោគលើសណ្ឋាគារនេះឡើង ដើម្បីបំរើវិស័យទេចរណ៍ និងអគុណដល់ក្រសួងទេសចរណ៍ អាជ្ញាធរ និងក្រសួងវប្បធម៌ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌នេះ អោយកាន់តែរីកចម្រើនខ្ពស់ឡើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ