សេចក្តីប្រកាសព័ត៌មាន ឯក​ឧត្ដម​ទេស​រដ្ឋ​មន្រ្ដី​ ប្រាក់​ សុខុន ​និង​ឯក​ឧត្ដម​ ហូ​រី​ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា នឹង​ចុះ​ហត្ថ​លេ​ខា​លើ​លិ​ខិត​ប្ដូរ​សារ​ និង​កំ​ណត់​ហេតុ​នៃ​ការ​ពិ​ភា​ក្សា​ ស្ដី​ពី​ការ​ផ្ដល់​ហិ​រញ្ញ​ប្ប​ទាន​ឥត​សំ​ណង

40

នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៤២ លានយ៉េន (ប្រមាណ ៣៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់» ។

ក្រោមគំរោងខាងលើនេះ ស្ពានចំនួន៥ នៅលើផ្លូវជាតិលេខ៧៣ នៅក្នុងខេត្តក្រចេះ និងស្ពានចំនួន២ទៀត នៅលើផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នឹងត្រូវបានសាងសង់សម្រាប់ជំនួសស្ពានដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូន នៅតាមបណ្តោយផ្លូវជាតិទាំងពីរនេះ។

គួរកត់សំគាល់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ កម្ពុជា បានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ប្រហែល២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ ព្រមទាំងការកែលំអរប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ប្រមាណ២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ។

ភ្នំពេញ ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៧

Download (PDF, 392KB)

ចែករំលែក