សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ-កម្មការិនីជាង១ម៉ឺននាក់ មកពី១៧រោងចក្រនៅតំបន់ចាក់អង្រែលើ

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនកូនក្មួយកម្មករ-កម្មការិនីជាង១៣,៧៤១នាក់ មកពី ១៧រោងចក្រ នៅតំបន់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះជាលើកទី០៩ ហើយដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រកាលពីពេលកន្លងមក។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានក្តីសប្បាយរីករាយជាខ្លាំង ដែលបានអញ្ចើញជួបជុំជាមួយបងប្អូនកូនក្មួយកម្មករ-កម្មការិនី ដើម្បីស្វែងយល់ពីតម្រូវការ និងការបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌកន្លងមកនេះ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើង សប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទាន ស្របពលដែលប្រទេសយើង មានសុខសុវត្ថិភាព មិនដូចប្រទេសមួយចំនួនដែរប្រឈមនឹងសង្គ្រាមជារៀងរាល់ថ្ងៃ។ សម្តេចបន្តថា ប្រជាពលរដ្ឋកម្ពុជាមិនចាញ់បោកជនបរទេសណាទាំងអស់ ក្រៅពីជឿជាក់លើខ្លូនឯង ហើយក៏មានសមត្ថភាពការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ប្រទេសខ្លួនឯងបានដែរ។ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ មិនបានអញ្ជើញទៅវត្តទេ ដោយសារជាប់រវល់ទទួលភ្ញៀវមកពីប្រទេសចិន។

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ-កម្មការិនីនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាមានកត្តា៤យ៉ាង ដែលបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រជាពលរដ្ឋក្នុងការធើ្វបុណ្យទាន៖
១) កត្តាសន្តិភាព គឺធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរដោយគ្មានការភ័យខ្លាច ដែសខុសពីសម័យមុនៗដែលប្រទេសកម្ពុជាមានតំបន់ត្រួតត្រាច្រើនដែលពេលនោះ មានការប្រើអាវុធតូចធំ ដែលធ្វើអោយគ្មានស្ថេរភាព និងប្រជាពលរដ្ឋមានការភ័យខ្លាច។
២) កត្តាហេដ្ឋារចនាសម្ព័ន្ធតូចធំ គឺបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដែលអាចអោយប្រជាជាពលរដ្ឋធ្វើដំណើរបានយ៉ាងងាយស្រួលពីកន្លែងមួយទៅកន្លែងមួយ។
៣) មធ្យោបាយធ្វើដំណើរ សព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋយើងសុទ្ធតែមានកង់ ម៉ូតូ រថយន្ត សម្រាប់ធ្វើដំណើរច្រើនឡើងៗ ដែលធ្វើអោយប្រជាពលរដ្ឋយើងកាន់តែងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ។
៤) កត្តាប្រាក់ចំណូល គឺចំពោះក្មួយៗកម្មករបស់យើង មានការងារធ្វើដែលទទួលបានប្រាក់ចំណូលសមរម្យ និងការតម្លើងប្រាក់ខែជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់សេវាសុខភាពដល់ស្ត្រីជាកម្មករ។ សម្តេចតេជោ នឹងអញ្ជើញធ្វើដំណើរបន្តទៅជួបជាមួយបងប្អូនកម្មករ-កម្មការិនី តាមផ្នែកផ្សេងៗជាច្រើនទៀត ដោយក្នុង ១សប្តាហ៍២ដង ដើម្បីបានដឹងពីតម្រូវការ និងការអភិវឌ្ឍន៍នៃវិស័យឧស្សាហកម្ម ក្នុងគោលដៅជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។ សម្តេចតេជោ ដែលបានបង្កើតនូវអ្វីៗទាំងអស់នេះហើយ គឺត្រូវតែមើលថែទាំដោយផ្ទាល់ដៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចនឹងបន្តចុះជួបជាមួយបងប្អូនកម្មករ នៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ។ ព្រោះសុខទុក្ខបងប្អូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចតេជោផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់១៦៨ដុល្លា បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លា ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសតាំងពីបាតដៃទទេ ក្រោយពីរបបប៉ុលពត រហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង១០ឆ្នាំ បន្តទៀតដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍ បងប្អូនកម្មករ-កម្មការិនី។
ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិន អោយកម្ពុជាទទួលផលប្រយោជន៍ដូចជា ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅ កម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ បំផ្លាញផល ប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរ ទេសជួយ [៣-សុំ] គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ សម្តេចតេជោ បាន ផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដែលនាំមកនូវការរីកចម្រើនសម្រាប់ម្ចាស់រោងចក្រផង និងសម្រាប់ កម្មករ-កម្មការនីផង៖ ១- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ, ២-រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម, ៣- រួមគ្នាបង្កើនប្រាក់ចំណូលដោយការខិតខំបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំឱ្យកម្មករភ័យខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល, ៤- ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ គឺចាប់ពីខែ មករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ គឺបងប្អូនអាចចំណេញ ថវិកា ៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ និង ៥- ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការិនី ដែលធ្វើការនៅក្រៅប្រទេស តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើការទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខខណ្ឌការងារល្អៗដល់ក្មួយៗកម្មករ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ