សម្តេ​ចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យទូត​វៀតណាម​ចូលជួប​ជំរាប​លា​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យទូតវៀតណាមចូលជួបជំរាបលា 

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ខែកញ្ញានេះ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាច់ យឺ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូល​ជួប​ជំរាបលាពេលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម ថាច់ យឺ បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងថ្នាក់ដឹកនាំកម្ពុជា មន្ត្រីរាជការ ប្រជាជនកម្ពុជាទាំងអស់ដែលបានជួយសម្រួលធ្វើឱ្យបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា បានទទួលជោគជ័យ។ ឯកឧត្តម ថាច់ យឺ បានជំរាបជូនសម្តេចដែរថា ក្នុងបេសកកម្មការទូតនៅកម្ពុជា គឺបានជំរុញឱ្យមានទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង ជាពិសេសលើវិស័យវិនិយោគ, ទេសចរណ៍, ពាណិជ្ជកម្ម, អប់រំ, និងវិស័យសុខា​ភិបាលជាដើម។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងបេសកកម្មការទូតដ៏ល្អនេះ គឺដោយ​សារមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកម្ពុជា ជាពិសេស​ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ថាច់ យឺ ដែលបានប្រឹងប្រែងយ៉ាងពេញទំហឹង នៅក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា ហើយសម្តេចក៏បានជូនពរឱ្យឯកឧត្តម ថាច់ យឺ បានទទួលជោគជ័យជាបន្តទៀត នៅលើរាល់កិច្ចការរបស់ឯកឧត្តមទៅថ្ងៃអនាគត។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ នាយករដ្ឋមន្រ្តី បានផ្តាំផ្ញើសួរសុខទុក្ខដល់ ឯកឧត្តមប្រធានាធិបតីវៀតណាម និងលោកនាយករដ្ឋមន្រ្តីវៀតណាម ផងដែរ ហើយសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាវៀតណាម នឹងកាន់តែរឹងមាំល្អប្រសើរជានិច្ច៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ