សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប ឯកឧត្ដម ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន

35

នៅរសៀល​ថ្ងៃ​ដដែល​​នេះ​ដែរ បន្ទាប់​ពីបាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងអន្តរ​ជាតិ​មជ្ឈឹម​បក្ស​កុម្មុយនីស្តចិន​រួចមក សម្ដេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួប​ពិភាក្សា​ការងារទ្វេភាគី​ជាមួយ ឯកឧត្ដម ចាង កាវលី(Zhang Gaoli) ឧបនាយក​រដ្ឋមន្ត្រី​ចិន នៅមជ្ឈ​មណ្ឌល​សន្និសីទ និងពិព័រណ៍​អន្តរជាតិណាននីង (NICEC)។

ឯកឧត្ដម Zhang Gaoli បានអរគុណដល់ សម្តេចតេជោ ដែលបានអញ្ជើញមកចូលរួមពិព័រណ៍ចិនអាស៊ាន ចំនួនជាង១០ លើករួចមកហើយ រួមទាំងពិពរណ៍ទី១៤ នៅទីក្រុងណានីនថ្ងៃស្អែកនេះ។ ឯកឧត្ដម Zhang Gaoli បាន​បញ្ជាក់ថា សម្តេច​តេជោ គឺជាមិត្ត​ដ៏ល្អ​របស់ចិន ហើយ​កម្ពុជា​ និងចិនគឺជាបងប្អូន នឹងគ្នា។

នៅក្នុងជំនួបកាល​ពីរសៀលថ្ងៃនេះ សម្តេចតេជោ បានជម្រាបភាគីចិនផ​ងដែរ​អំពីការ​ខិតខំ​ពង្រីក​ទីផ្សារ កសិផល​ដើម្បីជួយកសិករ ក្នុងនោះ សម្តេចតេជោ ក៏បានជម្រាបអំពី​គម្រោង​ពហុកីឡាដ្ឋានមរតកតេជោ ដែលកំពុង​សាងសង់ ព្រមទាំងការត្រៀម​រៀបចំការ​បោះឆ្នោតសម្រាប់ឆ្នាំ ២០១៨ និងកាលបរិច្ឆេទ​នៃការ ប្រជុំ LANCANG-Mekong ដែលគ្រោង​នឹងធ្វើនៅថ្ងៃទី ១០-១១ មករា ២០១៨។ សម្តេចតេជោ បានអរ គុណមិត្តចិន​ដែលបាន​យកចិត្តទុកដាក់​ខ្ពស់ចំពោះព្រះរាជសុខភាព​របស់ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា ព្រមទាំងសម្តេចម៉ែនៅក្នុងប្រទេសចិន ព្រមទាំងជំនួយ​ជាច្រើន​ទៀតដែលមិត្តចិន​ផ្តល់​ដល់​កម្ពុជា។

ឯកឧត្ដម Zhang Gaoli រីករាយចំពោះកិច្ចសហប្រតិបត្តិការ​កាន់តែល្អ​ទៅមុខ​រវាងកម្ពុជាចិន ហើយលោក សុំអោយមានការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្រ្តីនៃប្រទេសទាំង២អោយបានច្រើន។ រដ្ឋាភិបាលចិនតែងតែ គោរពស្រឡាញ់និងយកចិត្តទុកដាក់ចំពោះព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែគ្រប់ពេលវេលា។ មិត្ត​ចិន នឹងបន្តចូលរួមពង្រឹង​ការអភិវឌ្ឍ​ប្រទេសកម្ពុជា ដោយពង្រីកកិច្ចសហប្រតិ​បត្តិការ​គ្រប់វិស័យហើយនៅឆ្នាំ២០១៨នេះកម្ពុជាអាច​នាំអង្ក​ ចេញមកចិនបន្ថែមទៀតទៅតាមកូតាថ្មី ដែលបានសម្រេចផ្តល់​បន្ថែម​រួចហើយកាល​ពីពេលថ្មីៗ។ ទន្ទឹមនឹងនោះដែរ គឺភាគីចិននឹងខិតខំជំរុញ​គម្រោងសាងព្រលានយន្តហោះ​ថ្មីនៅ សៀមរាប គម្រោងរថភ្លើងល្បឿនលឿន និងគម្រោងផ្សេងៗអោយបានដំណើរកាឆាប់ រួមទាំងគម្រោង អភិវឌ្ឃន៍កសិកម្ម ដើម្បីជួយពលរដ្ឋតាមជនបទ ព្រមជាមយយនឹងគម្រោងជំនួយឥតសំណងនានាដែល ចិនបានសម្រេចជួយកម្ពុជា។ មិត្តចិនសន្យានឹងបន្តជួយដល់ការកសាងធនធានយុវជនតាមរយៈសហប្រតិ បត្តិការជាមួយសហព័ន្ឋសហភាពយុវជនកម្ពុជា និងគម្រោងជាច្រើនទៀតដើម្បីកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនេះដែរ មិត្តចិនក៏នឹងជួយដល់ការផ្សព្វផ្សាយព័ត៌មានពីប្រទេសកម្ពុជា​តាមរយៈបណ្តាញ​ព័ត៌មាន របស់ចិនដើម្បីអោយពិភពលោកបានស្គាល់កម្ពុជាពិតក្នុងសន្តិភាព និងឃើញ​ពីការរីក​ចម្រើន​នានា។

ឯកឧត្ដម Zhang Gaoli បានជម្រាប សម្តេចតេជោ ថាបើកម្ពុជាត្រូវ​ការអ្វី​អោយ​មិត្តចិន​ជួយ គឺសូមប្រាប់ មកភ្លាម នូវគម្រោងអាទិភាព​នានាដែលត្រូវការ​ជំនួយទាំងនោះ។ នៅឆ្នាំ ២០១៨ កម្ពុជាគឺជាប្រទេស កិត្តិយសក្នុងការ​រៀបចំ​ពិព័រណ៍ចិនអាស៊ាន ដែលប្រទេសចិន​នឹងត្រៀមលក្ខណៈរៀបចំ​អោយ​បានល្អបំផុត ព្រោះកម្ពុជាជាមិត្ត ដ៏ល្អនិងជាបងប្អូនដ៏ល្អ ហើយប្រទេសចិនគឺជាខ្នង​បង្អែក​ដ៏រឹងមាំសម្រាប់ជួយកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរួចមក ឯកឧត្ដម Zhang Gaoli បានរៀបចំពិធីជប់ លៀងជូនសម្តេចតេជោ និងគណប្រតិភូប្រកបដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

ចែករំលែក