សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

34

បន្ទាប់មក​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា អញ្ជើញ កាត់ខ្សែបូរ​សម្ពោធ​​ស្តង់ពិព័រណ៌​​របស់ប្រទេសកម្ពុជា និង​ពិព័រណ៌​​ពន្លាជាតិ​កម្ពុជា ដែល​​បាន​ចូល​រួម​ដាក់​តាំង​បង្ហាញ នៅក្នុង​ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ដែរថា គោលបំណងដែលក​ម្ពុជាចូលរួមពិព័រណ៌ចិន-អាស៊ាន ជារៀង​រាល់ឆ្នាំមកនេះ គឹដើម្បីផ្សព្វ​ផ្សាយអំពី​ផលិតផល​សក្តានុពល​របស់​កម្ពុជា ការស្វែងរក​ទីផ្សារ​នាំចេញទំនិញ​ពីកម្ពុជា និងពង្រឹង​ភាព​ជាម្ចាស់​នៃ​វិស័យ​ឯកជន ឲ្យមានបណ្តាញ​អន្តរជាតិ។ ទាក់ទាញអ្នកវិនិយោ​គិន​បរទេស​ឲ្យចូល​មក​កម្ពុជា តាមរយៈ​ការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច។ ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត រវាងកម្ពុជា-ចិន និងរវាងកម្ពុជាជាមួយប្រទេសនានាក្នុងតំបន់ ជាពិសេសបណ្តាប្រទេសអាស៊ាន និងដើម្បីធ្វើការផ្ព្វផ្សាយពីអរិយធម៌កម្ពុជា និងការទាក់ទាញអ្នកទេសចរណ៍។ ពិព័រណ៌ចិន-អាស៊ាន ត្រូវាបានរៀបចំប្រចាំឆ្នាំនៅទីក្រុងណាននីង ដោយចាប់ផ្តើមរៀបចំជាលើដំបូងនៅឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើម និងការស្នើសុំដោយឯកឧត្តម វិន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នាកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ និងត្រូវបានទទួលបាននូវការស្វាគមន៍ពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់។ ព្រឹត្តិការណ៍នេះ គឺជាវេទិកាមួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន។ ចាប់តាំងពីឆ្នាំ២០០៧ ប្រទេសអាស៊ានទាំងអស់ ត្រូវបានទទួលធ្វើជាប្រធានកិត្តិយសក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដែលប្តូរវេនគ្នាតាមលំដាប់អក្សរ។

ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាប្រធាន​កិត្តិយស ម្តងរួចមកហើយកាល​ពីឆ្នាំ២០០៨។ សម្រាប់ឆ្នាំ២០១៧នេះ ប្រទេសប៊្រុយណេដារុយសាឡាម ត្រូវបានជ្រើសរើសជាប្រធានកិត្តិយ​សតាមវេន នៃលំដាប់អក្សរ ហើយកម្ពុជានឹងត្រូវទទួលធ្វើជាប្រទេសកិត្តិយសនៅឆ្នាំ២០១៨ សម្រាប់ពិព័រណ៌ចិន-អាស៊ាន លើកទី១៥។ ពិព័រណ៌ចិន-អាស៊ាន លើកទី១៤នេះ បានប្រារព្វធ្វើឡើង​ក្រោមប្រធានបទ រួមគ្នា​កសាង​វិថីសូត្រ​សមុទ្រសតវត្សទី២១ និងជំរុញសមា​ហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ដែលផ្តោតជាសំខាន់ទៅលើកា​រតាំងបង្ហាញ នូវ​ផលិត​ផលប្រើប្រាស់និងសេវាកម្មទូទៅ ការរៀបចំវេទិកាពាណិជ្ជកម្ម កិច្ចប្រជុំនានាពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ដែលជាវេទិកាមួយក្នុងការជំរុញវិស័យឯកជនចាប់ដៃគូពាណិជ្ជកម្ម និងវិនិយោគ។ កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ទទួលបាននូវការគាំទ្រពីថ្នាក់ដឹកនាំប្រទេសចិន ហើយផលិត​ផល​កម្ពុជាត្រូវ បានគេទទួលស្គាល់ក្នុងទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះក្រុមហ៊ុនកម្ពុជាមួយចំនួន មានភាពជាម្ចាស់ការជាបណ្តើរៗ តាមរយះការចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ដោយឡែកសិល្បៈនិងវប្បធម៌ដ៏ប្រពៃរបស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយផងដែរ តាមរយៈការសម្តែងនិងការបង្ហាញនៅ​ពន្លាជាតិរបស់ខ្លួន។ លើសពីនេះទៅទៀត កម្ពុជាបាន​ទទួល​ពានរង្វានកិត្តិយសជាច្រើន ក្នុងការចូលរួមព្រឹត្តិការណ៍នេះ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជា​ទទួលបាន​ពានរង្វាន់ចំនួន៣ គឺ១ ពានរង្វាន់​ប្រសើរលើការរៀបចំអ្នកស្វែង​រកដៃ​គូធ្វើ​ធុរ​កិច្ច ២ពានរង្វាន់ល្អប្រសើរលើការរៀបចំពន្លាជាតិ និង៣ពានរង្វាន់ល្អប្រសើរស្តីពីការជំរុញសហប្រតិបត្តិការវិនិយោគ។

សូមបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល​រួមព្រឹត្តិការណ៍​ពិព័រណ៌ចិន-អាស៊ាន ចំនួន៩លើករួចមកហើយ ហើយនេះក៏ជា​អញ្ជើញ​ចូលរួម​លើកទី១០ សំរាប់ឆ្នាំ២០១៧នេះ។ សម្រាប់ព្រឹត្តិការណ៍នៃការប្រារព្វរៀបចំ​ពិព័រណ៌ចិន-អាស៊ានលើកទី១៤ ប្រចាំឆ្នាំ២០១៧នេះ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំពន្លាជាតិរបស់​ខ្លួននៅទីតាំងលេខ៩ លើផ្ទៃដីទំហំ​១៨០​ម៉ែត្រក្រឡា ដោយជ្រើស​រើស​យក​ខេត្តព្រះវិហារ ជាខេត្ត​ស្រស់​ប្រិ​មប្រិយ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាម​ប្រធានបទ រួមគ្នាកសាង​វិថីសូត្រ​សមុទ្រ​សតវត្សទី២១ និងជំរុញសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈវិស័យ​ទេសចរណ៍។ ពន្លាជាតិ​​កម្ពុជា មានខ្លោងទ្វារ​​សង់​តាម​​រចនា​​បទ​ប្រាសាទ​ព្រះវិហារ អមដោយ​របង​ទាំងសងខាង ដែលមាន​​ការ​តុប​តែង​​តាម​រចនាបថ ប្រសាទពរះវិហារ និងរំលេច​ដោយរូបភាព នៃទេសភាពឆ្នេរសមុទ្រ ប្រាសាទ​សំបូរ​ព្រៃគុក និង​រូបភាព​ប្រាសាទអង្គរវត្ត ក្នុងនោះកម្ពុជាមានឆាក​សំដែងសិល្បៈទំហំ៦ម៉ែត្រគុណនិង៣ម៉ែត្រកន្លះ នៅចំកណ្តាល ហើយផ្ទាំងទេសភាពនៅ ខាងក្រោយឆាកសំដែងសិល្បៈ ជារូបភាពប្រាសាទ​ព្រះវិហារ និងប្រាសាទកោះកេរ និងនៅផ្នែកខាងលើមានទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពន្លាជាតិកម្ពុជាក៏មានការតាំងបង្ហាញ នូវផលិតផលសក្តានុពលចម្រុះដែលមានភាព តាក់ទាញ រួមទាំងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងឯកសារស្តីពីសកម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនានា ពិសេសការសំដែងសិល្បៈជាប្រចាំ​នៅពន្លាជាតិកម្ពុជាផងដែរ។ សូមបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ នៃការរៀបចំពិព័រណ៌ចិន-អាស៊ានលើកទី១៤ ឆ្នាំ២០១៧នេះ កម្ពុជាបានរៀបចំស្តង់តាំងលក់ និងបង្ហាញនូវផលិត​ផល​នានារ​បស់កម្ពុជាចំនួន​១២៦​ស្តង់ ក្នុងនោះការរៀបចំ​ផ្ទះរួមចំនួន៤ស្តង់ និងស្តង់សម្រាប់ផ្តល់​ជូន​ក្រុមហ៊ុន ពាណិជ្ជករ និងអាជីវករ មានចំនួន១២២ស្តង់ ដែលមានក្រុមហ៊ុន​ចំនួន៧៧ចូលរួម ក្នុងនោះផ្នែកកសិកម្មមានចំនួន២៨ មានស្តង់ចំនួន៥៤ ផ្នែកសេវាកម្មចំនួន៤ មាន១៤ស្តង់ ផ្នែកម្ហូបអាហារ និងភេសជ្ជៈចំនួន៩ មាន១៧ស្តង់ ផ្នែក សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ចំនួន២២ មាន២៧ស្តង់ ផ្នែកគ្រឿង​អលង្ការ និងត្បូងថ្មមានតម្លៃចំនួន១៤ មាន១៤ស្តង់ ក្នុងនោះមានពាណិជ្ជករ អាជីវករ ចូលរួមទាំង​អស់ប្រមាណ ៣៣៥នាក់។

នៅក្នុងព្រឹត្តិការណ៍នៃការចូល​រួមពិព័រណ៌ចិន-អាស៊ានលើកទី១៤ ឆ្នាំ២០១៧នេះ កម្ពុជាក៏បានរៀបចំនូវវេទិកាធុរកិច្ច និងវិនិយោគ ស្តីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី១៣កញ្ញា ក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៌និងសន្និសីទណាននីង ដែលនឹងធ្វើការទាក់ទាញអ្នកចូលរួមពី៤០០ទៅ៥០០នាក់។ គោលបំណងនៃការរៀបចំវេទិការធុរកិច្ច វិនិយោគ និងទេសចរណ៍នេះ គឺដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាពនៃការធ្វើធុរកិច្ច វិនិយោគ និងទេសចរណ៍នៅកម្ពុជា ការកៀងគរង្នកវិនិយោគ និងអ្នកទេសចរណ៍ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ជាពិសេសដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងរវាងប្រទេសក្នុងតំបន់ឲ្យបានប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ដែរថា លើការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ សាធារណរដ្ឋប្រជាមានិតចិន គិតមកដល់ខែសីហាឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចិន លើគម្រោងថ្មីចំនួន៥១គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន៩គម្រោង ដែលមានទុនវិនិយោគសរុបជាង ១ពាន់៤៨២លានដុល្លាអាមេរិក ពោលគឺជាប់ចំណាត់ថ្នាក់លេខ១ លើការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា។ គម្រោងដែលលេចធ្លោជាងគេ ក្នុងឆ្នាំ២០១៧នេះ គឺគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាប ដែលមានទុនវិនិយោគប្រមាណ ៩៦២លានដុល្លាអាមេរិក។ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ១៩៩៦ ហើយកិច្ចព្រមព្រៀងនោះបានចូលជាធរមាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៩។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន Cambodia International Invesment Develop ment Group Co., Ltd និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Coompera tion Invesment Co.,Ltd លើផ្ទៃដីទំហំ១ពាន់១១៤ហិចតា មានទីតាំងស្ថិតនៅភូមិពូធឿន ឃុំបឹតត្រាំង និងភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយទទួលបាន គោលការណ៍អនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពីរាជរដ្ឋាភិបាលកាលពីខែមិថុនាឆ្នាំ២០០៧។ បច្ចុប្បន្នរោងចក្រដែលបានបោះទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានចំនួន១០៨ក្រុមហ៊ុន និងមានទុនវិនិយោគសរុបប្រមាណជាង ៣០៦ពាន់លានដុល្លាអាមេរិក ហើយបាននិងកំពងផ្តល់ការងារធ្វើជូនបុគ្គលិកកម្មករកម្ពុជាសរុបចំនួន ១ម៉ឺន៤ពាន់៥៣៦នាក់។ គម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងក្រៅប្រទេសទី៨ របស់ប្រទេសចិន និងជាគម្រោងទី១ នៅតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងឥណទានពីរដ្ឋាភិបាលចិន។ ក្នុងគោលបំណងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជួយជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តិពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១០។ តាមរយះកិច្ចព្រមព្រៀងនោះ គណះកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុមការងារចំណុះឲ្យគណះកម្មាធិកានេះ ត្រូវបានបង្កើតឡើង។ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាបានចាត់ទុកប្រទេសចិនជាមិត្តដ៏ស្មោះត្រង់និងជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលបានផ្តល់ហិរញ្ញប្បទានគាំទ្រលើវិស័យអាទិភាពសំខាន់ៗ មានសង្គតភាពជាមួយផែនការ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធ សាស្រ្តអភិវឌ្ឍន៍ជាតិ ជាពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន បានពង្រឹងនិងពង្រីកឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺក្នុងរយះពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ទំហំនៃការផ្តល់ហិរញ្ញប្បទានរបស់ប្រទេសចិន មានការកើនឡើងគួរឲ្យកត់សំគាល់ ពោលគឺពីប្រមាណជាង៥លានដុល្លា ក្នុងឆ្នាំ២០០៣ ដល់ប្រមាណជាង៣១៨លានដុល្លាដុល្លា ក្នុងឆ្នាំ២០១៤។ សម្រាប់ឆ្នាំ២០១៥ ទំហំហិរញ្ញប្បទានមានប្រមាណ ៣៤៩លានដុល្លា និងប្រមាណ១៧៨លានដុល្លាសម្រាប់ឆ្នាំ២០១៦។ សូម បញ្ជាក់ដែរថា ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧នេះ គ្រប់ដណ្តប់លើផ្ទៃដីទំហំ ១២២ពាន់ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីប្រមាណ១២ពាន់ម៉ែត្រក្រឡា ត្រូវបានពង្រីកបន្ថែម។ ស្តង់ចំនួន៦ពាន់៥០០ ក្នុងស្តង់ចំនួន៧០០ មានការកើនឡើងពីពិព័រណ៌មុនៗ។

ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧នេះ នឹងផ្តោតលើការអភិវឌ្ឍដែលផ្តោត លើការបង្កើតថ្មី ការលើកកម្ពស់ការនាំចេញគ្រឿងបរិក្ខារគុណភាពខ្ពស់ ជាមួយនឹងប្ចេកវិទ្យាជាន់ខ្ពស់ តម្លៃបន្ថែមខ្ពស់ និងសេវាកម្មពាក់ព័ន្ធ និងការបង្កើនកម្រិតកិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពឧស្សាហកម្ម រវាងចិននិងអាស៊ាន ក្នុងគោលដៅសម្រេចឲ្យបានការអភិវឌ្ឍរួម រវាងបណ្តាប្រទេសនៅតាមផ្លូវ Belt and Road(ខ្សែក្រវ៉ាត់និងផ្លូវ)។ ចិនគឺជាវិនិយោគិនធំជាងគេបង្អស់របស់កម្ពុជា ដែលបានវិនិយោគក្នុងទឹកប្រាក់សរុបចំនួនជាង ១៤ប៊ីលាន ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៦។

ចែករំលែក