សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយលោកអនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន

នៅវិមានរដ្ឋាភិបាលសន្តិភាព ព្រឹកថ្ងៃទី ០៨ កញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ គោលបំណង លោក Wang Jiarui ដែលបានដឹកនាំគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយ ប្រជាជនចិនមកទស្សនកិច្ចនៅកម្ពុជាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ លោក Wang Jiarui បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតីចិន Xi Jinping និង លោក Li Kequiang នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្តេចតេជោផងដែរ។ លោក Wang Jiarui បានប្រសាសន៍បញ្ជាក់សារជាថ្មីអំពីទំនាក់ទំនងកម្ពុជា-ចិនក្នុងក្របខណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបានធ្វើសម្ព័ន្ឋមិត្តជាបងប្អូនកាន់តែរឹងមាំ និងរីកចម្រើនយ៉ាងខ្លាំង។

លោក Wang Jiarui បានជំរាបជូន សម្តេចតេជោ ផងដែរអំពីសភាពការណ៍នយោបាយរវាងប្រទេសចិន ជាមួយឥណ្ឌា វៀតណាម ហ្វីលីពីន ដែលកំពុងមានភាពល្អប្រសើរទៅមុខ។ ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េគឺ លោក Wang ចង់ឃើញមានការចរចារដោយសន្តិភាព។ ប្រទេសចិនមិនគាំទ្រអោយ មានការបាញ់អាវុធនុយក្លេអែរប្រល័យលោកឡើយ។ ចំពោះទំនាក់ទំនងចិននិងឥណ្ឌា គឺកាន់តែប្រសើរឡើង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើទស្សនកិច្ចនៅប្រទេសចិន។ លោក Wang Jiarui បានជម្រាបជូន សម្តេចតេជោ ផងដែរថាប្រទេសចិន បានរៀបចំរួច ទទួលសម្តេច តេជោ នៅក្នុងដំណើរទស្សនកិច្ចអញ្ជើញចូលរួមពិធីតាំងពិព័រណ៌ចិន-អាស៊ានដ៏ធំមួយ រួមជាមួយនឹងកិច្ចប្រជុំកំពូលអំពីការវិនិយោគ ពាណិជ្ជកម្ម ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិនសប្តាហ៍ក្រោយនេះ។ លោក Wang បានបញ្ជាក់ជម្រាបសម្តេចតេជោ ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ប្រទេសយើងទាំងពីរគឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក Wang Jiarui ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចរិតចំណងមិត្តភាពកម្ពុជាចិនពេលនេះ ហើយសម្តេចតេជោ ក៏បានអរគុណលោកប្រធានាធិបតីចិន Xi Jinping និង លោកនាយករដ្ឋមន្រ្តីចិន Li Kequiang ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចតេជោ។ សម្តេចតេជោនាយករដ្ឋមន្រ្តីសង្ឃឹមថា លោកប្រធានាធិបតីចិន Xi Jinping នឹងបន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនតទៅទៀត នៅក្នុងមហាសន្និបាតបក្សខាងមុខនេះ។ ក្រោយពីកិច្ចប្រជុំនេះហើយ សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិសារអហារថ្ងៃត្រង់ជូនលោក Wang Jiarui និងគណប្រតិភូមិត្តចិននៅវិមានសន្តិភាពប្រកបដោយបិរយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ