សម្រង់ប្រសាសន៍​​សម្តេច​តេជោ ហ៊ុន សែន ក្នុងពិធី​ចែក​សញ្ញានិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

43

CNV:

និស្សិតជ័យលាភី ៣.៩៨៦ នាក់ ទទួលសញ្ញាបត្រថ្ងៃនេះ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រជូនជ័យលាភីរបស់យើង នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ចំនួន ៣.៩៨៦ នាក់។ វាជាការបំពេញកាតព្វកិច្ចមួយ ដែលខ្ញុំមិនចង់ជំពាក់បំណុល សម្រាប់និស្សិតរបស់យើងបន្តទៀតទេ ហោចណាស់ព្រឹកនេះ នៅពេលខ្ញុំចែកសញ្ញាបត្រហើយនោះ គឺខ្ញុំប្រញាប់ ប្រញាល់ចេញទៅព្រលានយន្តហោះ ដើម្បីចេញទៅប្រទេសចិន ដើម្បីចូលរួមពិព័រណ៌អាស៊ាន/ចិន។

ថ្ងៃនេះផងដែរ គឺ​សភាក៏មានការបើកប្រជុំបន្ទាន់ ដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក​នាងកញ្ញា បានមើលឃើញថា ពុំមានវត្តមានបណ្តាឧបនាយករដ្ឋមន្ត្រី ឬក៏សមាជិកសភានោះទេ ដោយ​​សារ​សភាក៏មានកិច្ចការបន្ទាន់ត្រូវដោះស្រាយបញ្ហាអំពើក្បត់ជាតិ ដែលយើងបានរកឃើញកន្លងទៅ ហើយយន្ត​ការ​សភាក៏ជាយន្តការមួយ សម្រាប់បើកអោយដំណើរការផ្លូវច្បាប់​នៅពេលខាងមុខនេះដែរ។

ក្នុងឱកាសនេះ គឺខ្ញុំបានបំពេញភារកិច្ចមួយមុនពេលដែលខ្ញុំចាកចេញ ហើយមិនចង់លើកពេលវេលានោះទេ បានជាស្នើសុំអោយមានការពន្យាការហោះហើរ ហើយខ្ញុំគិតថា ខ្ញុំមិននិយាយច្រើនទេ សម្រាប់ការងារព្រឹកនេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ជូន​អង្គពិធី​ពាក់​ព័ន្ធ​ជា​មួយ​វឌ្ឍនភាពក្នុងវិស័យសុខាភិបាលរបស់យើង។ ថ្ងៃនេះ យើងក៏ទទួលបានបន្ថែមទៀតនូវធនធានមនុស្ស ចំ​នួន ៨.៩៨៦ នាក់ ដែលមួយផ្នែកក៏ធ្វើការតាមមន្ទីរពេទ្យរដ្ឋ និងមួយផ្នែកទៀតក៏បានធ្វើការតាមផ្នែកឯកជន និង​(អ្នកខ្លះទៀត)ក៏បើកមុខរបរតាមផ្នែកវិទ្យាសាស្ត្រសុខាភិបាលរបស់ខ្លួន។

វិទ្យាសាស្ត្រកាន់តែទំនើប ទាមទារមនុស្សត្រូវតែទំនើប

ខ្ញុំសុំសម្តែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលបានប្រឹងប្រែងធ្វើ អោយមានវឌ្ឍនភាពនេះឡើង ហើយក៏សុំសម្តែងនូវការអបអរសាទរ ចំពោះជ័យលាភីដែលទទួលសញ្ញាបត្រ​នៅ​ថ្ងៃ​នេះ គ្រប់កម្រិតទាំងអស់​ ហើយសង្ឃឹមថា និស្សិតរបស់យើងដែលបញ្ចប់ការសិក្សា ដែលឥឡូវនេះ​មួយ​ភាគក៏មានការងារធ្វើរួចមកហើយ បន្តការខិតខំដើម្បីឈានឡើងជាបន្តទៀត។ វិទ្យាសាស្ត្រកាន់តែទំនើបទៅៗ ប៉ុន្តែ វាទំនើបតែសម្ភារៈ ប្រសិនបើមនុស្សមិនទំនើបទេ វានៅតែអញ្ចឹង។ ដូច្នេះហើយវាទាមទារទំនើបទាំង​ផ្នែក​បច្ចេក​ទេស ទាំងផ្នែកសម្ភារៈ ប៉ុន្តែ ​វាទាមទារទំនើបទៅលើបញ្ហាមនុស្សផងដែរ ដែលត្រូវចេះប្រើវា។

អំពាវនាវគ្រូពេទ្យទាំងអស់ សូមចាត់ទុកអ្នកជំងឺដូចជាជិវិតរបស់ខ្លួន

អ្វីដែលសំខាន់ជាងនេះទៀត គឺគុណធម៌របស់គ្រូពេទ្យ ដែលខ្ញុំសុំយកឱកាសនេះ អំពាវនាវសារជាថ្មីម្តងទៀត ចំ​ពោះ​ក្រុមគ្រូពេទ្យទាំងអស់ ចាត់ទុកអ្នកជំងឺដូចជាជិវិតរបស់ខ្លួនផងដែរ។ នេះជាបញ្ហាដ៏ធំ ប្រសិនបើយើងដាក់​ចេញ​គោលនយោបាយប៉ុនណាក៏ដោយ បើក្រុមគ្រូពេទ្យមិនព្រមអនុវត្តទេ វានៅតែប៉ុណ្ណឹង។ ដូចជាកន្លងទៅខ្ញុំបាន​ស្នើ​នៅ​ក្នុងក្របខណ្ឌនៃគោលនយោបាយគាំពារសង្គម អនុវត្តមុនគេ នូវបញ្ហាស្ត្រីមានផ្ទៃពោះ ហើយក៏បាន​ចាប់​ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ នេះទៅ។ យើងនឹងអនុវត្តចំពោះស្ត្រី​ដែល​ឆ្លង​ទន្លេ​ដែល​ជាកម្មករ ដោយផ្គត់ផ្គង់ជាសាច់ប្រាក់តែម្តង សម្រាប់បន្ថែមទៅលើ​របបដែលរោងចក្រនឹងផ្តល់ឱកាស នៃការ​ឈប់​សម្រាករយៈពេលបីខែ​ ហើយដែលមានបៀវត្សរ៍ ១២០% រដ្ឋត្រូវផ្តល់ជាសាច់ប្រាក់​អោយកម្មការិនី​ទាំង​អស់​ដែលឆ្លងទន្លេនោះ។ នេះទាក់ទិនបញ្ហាការឆ្លងទន្លេ។ ប៉ុន្តែ ការពិនិត្យផ្ទៃពោះវាត្រូវធ្វើជាទូទៅ​ដោយមិន​តម្រូវ​អោយមានការបង់ប្រាក់ទេ។

ដូច្នេះហើយបានជាប៉ុន្មានឆ្មាំមុន យើងបានយកចិត្តទុកដាក់ទៅ​លើការ​បណ្តុះ​បណ្តាលឆ្មប។ វាមិនខុស​ទេ។ ឥឡូវ ចំនួនឆ្មបវាពិតជាមានតម្រូវការធំ …។ ឥឡូវនេះ ឆ្មបរបស់យើងមានច្រើនបង្គួរ ដែលយើង​បន្ត​ការ​ខិតខំរឿងនេះតទៅទៀត។ កិច្ចការរបស់យើងនៅមិនទាន់ចប់ទេ។ យើងត្រូវទៅអោយលើសពីនេះ ទៅអោយ​ឆ្ងាយ​ជាងនេះ ហើយទៅអោយ​ដល់គោលដៅ គឺបម្រើសេចក្តីត្រូវការ នៃការពិនិត្យព្យាបាលជំងឺ​ជូនប្រជា​ជន​របស់យើង។

ខ្ញុំសង្ឃឹមថា កញ្ចប់ថវិកាសម្រាប់វិស័យសុខាភិបាល គឺកាន់តែធំទៅៗ ព្រោះវាទាមទារអោយមានការធានា​រ៉ាប់រងសង្គមមួយ ដែលធានាថា មនុស្សទាំងអស់នឹងត្រូវបានការពិនិត្យព្យាបាលជំងឺ ហើយយើងចង់អនុវត្ត នូវគោលនយោបាយសាកល ស្តីអំពីការពិនិត្យ និងព្យាបាល។ ឥឡូវនេះ យើងបាននឹងកំពុង​អនុវត្តនូវ​កម្ម​វិធី​មូលនិធិសមធម៌ ដែលមានប្រមាណជាង ៣ លាននាក់ រួចស្រេចទៅហើយៗ យើងនឹងបញ្ចូលកម្មករ​ចំនួន​ប្រមាណ ១ លាន ២ សែននាក់ ថែមទៀតទៅក្នុងប្រព័ន្ធនេះ។ យើងនឹងបន្តការខិតខំ ដើម្បីឈានបណ្តើៗ ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីមួយ។

មិនកំណត់អាយុប្រឡងប្តូរក្របខណ្ឌក្រសួង ឬតម្លើងថ្នាក់វិស័យសុខាភិបាល និងមុខងារសាធារណៈ

សង្ឃឹមថា អ្នកដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ គ្រប់ឯកទេស គ្រប់កម្រិត និងទទួលយកនូវអនុសាសន៍ ហើយយកចំណេះដឹងទាំងនេះ ទៅបម្រើអោយសេចក្តីត្រូវការរបស់ប្រជាជនរបស់យើង។ កន្លងទៅយើងក៏ បានដោះស្រាយបញ្ហាមួយចំនួនរួចទៅហើយ ដែលបញ្ហានេះ ប៉ុន្មានឆ្នាំមុនយើងមិនទាន់បានដោះស្រាយ ដូចជាបញ្ហាទាក់ទងនឹងអាយុ …។ រឿងនេះ វាមិនមែនប្រហែលបញ្ហាទាក់ទងត្រឹមក្រសួងសុខាភិបាលទេ វាទាក់​ទង​នឹងការតាក់តែងច្បាប់ ក្រឹត្យក្រមដែលយើងមានពីមុនមក។ គ្រូពេទ្យឯកទេសមិនត្រូវបានទទួល ចូលជា​ក្រប​ខណ្ឌទេ ដោយសារតែលើសអាយុប្រឡង។ វាមានរឿងបែបនេះកើតឡើង។ អញ្ចឹងទេ ទីចុងបំផុត នៅ​តាម​មន្ទីរពេទ្យនានា សាស្ត្រាចារ្យកម្រិតគ្រូពេទ្យឯកទេសដែលជាសាស្ត្រាចារ្យ ត្រូវទៅធ្វើការក្រោមបង្គាប់វេជ្ជ​បណ្ឌិត ហើយជាក្របខណ្ឌបុគ្គលិកបណ្តែតទៅទៀត គេហៅថា គ្រូពេទ្យជាប់កិច្ចសន្យា។ ឥឡូវនេះ យើង​លើក​លែងអំពីបញ្ហាអាយុ សម្រាប់ការចូលប្រឡងនៅក្នុងក្របខណ្ឌនៃផ្នែកវេជ្ជសាស្ត្រផង ហើយក៏នឹងនៅ​ក្នុង​ក្របខណ្ឌនៃមន្ត្រីមុខងារសាធារណៈ ដែលចង់ប្រឡងប្តូរក្របខណ្ឌមួយទៅក្របខណ្ឌមួយ ឬក៏ចង់​ប្រ​ឡង​តម្លើងថ្នាក់។ មិនត្រូវបានកំណត់អាយុទៀតទេ។ នេះនិយាយពីការកែទម្រង់។ ចំណុចណាដែលវាមិនសម​ស្រប យើងក៏ត្រូវរៀបចំអោយវាសមស្របឡើងវិញ។

គម្រោងជួបមេដឹកនាំចិន ស្នើជម្រុញការផ្តល់សម្ភារៈបច្ចេកទេស សម្រាប់វិស័យសុខាភិបាល  

(ទស្សនកិច្ច)ទៅ(ចិន)ថ្ងៃនេះ គម្រោងរបស់ខ្ញុំនៅពេលដែលជួបមេដឹកនាំចិន ខ្ញុំក៏នឹងស្នើអោយមានការជម្រុញ​បន្ថែម​នូវ​ក្នុងការផ្តល់សម្ភារៈបច្ចេកទេសសម្រាប់វិស័យសុខាភិបាលនេះផងដែរ ដោយក្នុងនោះ យើងត្រូវពង្រាយ​ច្រើនថែមទៀតនូវមន្ទីរពេទ្យបង្អែក និងពង្រឹងបន្ថែមនូវមន្ទីរពេទ្យបង្អែក នៅតាមតំបន់រោងចក្រដែលមាន កម្មករច្រើនរស់នៅទីនោះ។ ដូច្នេះសង្ឃឹមថា ការធ្វើដំណើររបស់ខ្ញុំទៅថ្ងៃនេះ គឺជាជំនួប រវាងខ្ញុំជាមួយ​មេដឹក​នាំ​ចិន​ផង ហើយរវាងខ្ញុំជាមួយមេដឹកនាំអាស៊ានដទៃទៀតផងដែរ។​

ខ្ញុំមិនចង់បន្តទេ សុំអភ័យទោស ដោយសារតែបន្ទាប់ពីការចែកសញ្ញាបត្រហើយ ខ្ញុំត្រូវចេញភ្លាម បើបានហោះ​ចេញ​មុនម៉ោង ៩.៣០ នាទី គឺវាជាការល្អ។ ខ្ញុំត្រូវតែលៃពេលថា ឡើងទៅខ្ញុំត្រូវទទួល​ទានអា​ហារនៅ​លើ​យន្ត​ហោះតែម្តង។ ចុះទៅ គឺមានការងារធ្វើរហូតទៅដល់ពេលយប់ឯណោះ។ … ម្សិលមិញ ខ្ញុំមកទីនេះ​ជួប​កម្ម​ករ​ជាង ៤ ពាន់នាក់។ គម្រោងរៀងរាល់ថ្ងៃ ពុធ ខ្ញុំនឹងជួបកម្មករ(បន្ត) ប៉ុន្តែអាទិត្យនេះ កម្មករត្រូវលើកទៅដល់ថ្ងៃ​ សុក្រឯណោះ ជាង ១ ម៉ឺននាក់ ថែមទៀត ក្នុងដំណើរឆ្ពោះទៅរកការជួបជាមួយនឹងកម្មករ ដើម្បីជម្រុញ​វិស័យ​ឧស្សា​ហកម្ម ២០១៥/២០២៥ ជាគោលដៅ ជម្រុញដំណើរការប្រទេសរបស់យើង ពីមានប្រាក់ចំណូល​មធ្យម​កម្រិត​ទាប អោយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០។

មិនអនុញ្ញាតអោយអំពីក្បត់ជាតិណាមួយមកបំផ្លាញប្រទេសដូចឆ្នាំ ១៩៧០

ឯសម្រាប់អំពើក្បត់ជាតិ (នឹង)មិនត្រូវទទួលបានការអត់ឱនទេ។ សភាបើកការប្រជុំនៅថ្ងៃនេះ។ បើអំពីក្បត់​ជាតិ​នេះ​ត្រូវបានផ្សំគំនិតដោយក្របខណ្ឌបក្សទាំងមូល បក្សនោះក៏នឹងត្រូវទទួលរងនូវការដាក់ពិន័យខាង​ផ្នែក​ច្បាប់ គឺរំលាយគណបក្សនយោបាយចោលតែម្តង។ មិនអនុញ្ញាតអោយអំពីក្បត់ណាមួយមកបំផ្លាញ​ប្រទេស​របស់​យើងដូចឆ្នាំ ១៩៧០ ទៀតទេ។ វាជាភ័ព្វសំណាងណាស់ ដែលកម្ពុជាបានរកឃើញនូវ​អំពើក្បត់​របស់​ជន​ក្បត់​ជាតិ ដែលយើងបានចាប់ខ្លួនរួចមកហើយ។ ប្រសិនបើបក្សនយោបាយនៅតែបន្តរារាំង ហើយបន្ត​នៅ​ការ​ពារជនក្បត់ជាតិនេះ មានន័យថា បក្សមួយនេះក្បត់ជាតិទៅហើយ។ ដូច្នេះ គ្មានពេលវេលានឹង​ត្រូវទុក​បក្ស​នេះដំណើរការនៅក្នុងប្រជាធិបតេយ្យនៅកម្ពុជាតទៅទៀតទេ។ មិនមែនមានតែបក្សនយោបាយមួយទេ បក្ស​នយោ​បាយ​ច្រើន​ណាស់ដែលគេចូលរួមបោះឆ្នោត។ កម្ពុជារំលាយបក្សនយោបាយមួយ តែក៏នៅមានបក្សនយោ​បាយ​​ច្រើន សម្រាប់ការបោះឆ្នោត។

យើងសុំផ្ញើសារជូនចំពោះជនរួមជាតិទាំងឡាយ មិនត្រូវទុកអោយអំពើក្បត់ជាតិឃុបឃិតជាមួយបរទេស ហើយ​មក​បំផ្លាញជាតិខ្មែរដូចឆ្នាំ​ ១៩៧០ នោះទេ។ សម័យឆ្នាំ ១៩៧០ ដោយសារតែអំពើក្បត់ជាតិរបស់ក្រុម លន់ នល់, សិរិមតៈ, ចេង ហេង, អ៊ិន តាំ ទើបវាមានហេតុការសោកនាដកម្មកើតឡើង។ ជាសំណាងល្អយើង​បានរកឃើញ​អំពើ​ក្បត់ជាតិមួយនេះ ដែលបានឃុបឃិតគ្នាជាប្រព័ន្ធ។ សង្ឃឹមថា យើងនឹងដំណើរការផ្លូវច្បាប់។ ប្រជាធិប​តេយ្យ​គ្មាននីតិរដ្ឋ គឺវាជាអនាធិបតេយ្យដែលនាំទៅដល់ការហូរឈាម។ តើត្រូវដោះស្រាយមនុស្សម្នាក់ ឬត្រូវ​ដោះ​ស្រាយមនុស្សច្រើននាក់? នេះជាជម្រើសសម្រាប់អ្នកនយោបាយ ដើម្បីរើសទៅចុះ។ ក៏ប៉ុន្តែ ផ្លូវច្បាប់ (នេះ​ជា)​ការ​ចាប់​ខ្លួន​ជនក្បត់ជាតិលើបទល្មើសជាក់ស្តែង។​ បើចង់ថយក្រោយវិញ គឺតម្រូវអោយរកសម្លេង ៣/៤ (បី​ភាគបួន) ដើម្បីទប់(ដំណើរការផ្លូវច្បាប់បាន)។

ប្រជុំសភាព្រឹកនេះ មិនមែនប្រជុំដកអភ័យឯកសិទ្ធិទេ​ តែជាការប្រជុំដើម្បីបើកដំណើរការផ្លូវច្បាប់

សុំបញ្ជាក់អោយច្បាស់ ការប្រជុំព្រឹកនេះនៅរដ្ឋសភា មិនមែនជាការប្រជុំដកអភ័យឯកសិទ្ធិទេ គឺជាការប្រជុំ ដើម្បីបើក(ដំណើរការ)ផ្លូវ(ច្បាប់)​ បើអ្នកឯងចង់ទប់ថាកុំអោយទៅមុខ ត្រូវរកសម្លេង ៣/៤ (បីភាគបួន) យកមកទប់​ទើប​បាន។ បទល្មើសជាក់ស្តែងមិនតម្រូវអោយមានការដកអភ័យឯកសិទ្ធិទេ គឺត្រូវដំណើរការដោយ​ការចាប់​ខ្លួន​ជាបន្ទាប់ រួចហើយរាយការណ៍អោយរដ្ឋសភា​។ បើសិនមានការចង់ទប់ គឺត្រូវដំណើរការទប់ដោយសម្លេង ៣/៤ (បីភាគបួន) ឯណោះ។ អញ្ចឹង ៣/៤ (បីភាគបួន) ទៅរកឯណាទៅ? នេះមិនមែន​ជារឿង​ក្តីតូចតាចធម្មតា រឿងស្រីញី រឿងស្អីៗទេ គឺជារឿងក្បត់ជាតិតែម្តង។ សុំមើលមួយពាក្យៗរបស់គេ។ ទីចុងបំផុតអ្នកនយោបាយ​ខ្មែរ​ម្នាក់ ត្រូវទទួលការបង្គាប់បញ្ជាពីជនបរទេសអោយធ្វើនេះ អោយធ្វើនោះ ហើយចង់ប្រៀបធៀបយើង​ទៅនឹង​យូហ្គូ​ស្លាវី។ ហើយយូហ្គីស្លាវីមានរឿងអីខ្លះកើតឡើងនៅយូហ្គោស្លាវី? គ្រាន់តែគ្រាប់បែក គ្រាប់ផ្លោងវាយចូល​ទី​ក្រុង​ប៊ែលក្រាត សូម្បីតែស្ថានទូតចិននៅទីក្រុងប៊ែលក្រាត ក៏ត្រូវទទួលការវាយប្រហារពីកងទ័ព​អាមេរិកនៅ​ពេល​នោះ។ ប្រទេសរបស់យើងក៏ដូចគ្នា។ បន្ទាប់ទៅយូហ្គោស្លាវីនៅសល់អី? បំបែករដ្ឋ។ បំបែកៗចេញអស់រលីង ចុង​ក្រោយ​បាត់កូសូវ៉ូ។ ឥឡូវនេះ គេកំពុងស្នើអោយយើងទទួលស្គាល់កូសូវ៉ូទៅទៀត? នោះហើយជាសោកនាដ​កម្ម​ដែលប្រជាជនយូហ្គូស្លាវីទទួលបាន។

អញ្ចឹងទេ បានជាអ្វីៗដែលបានកើតឡើងរយៈពេលកន្លងទៅ យើងបានរកឃើញហើយៗ សុំអ្នកដែល​បាន​ឆ្លង​ដែននៅម៉ោង ៥.២០ ​នាទី ពីម្សិលមិញ ជាតំណាងរាស្ត្រដែលរត់ចេញទៅប្រទេសថៃ គួរត្រឡប់មកវិញ ខ្លួនឯងមាននៅក្នុងបញ្ជីនៃការចែកនំប៉័ងឆ្នាំ ២០១៣ ហើយក៏មានមួយចំនួនចេះតែចាកចេញ។ មានអ្នក​ក្លា​ហាន មានអ្នកភ័យដែរ។ ព្រោះរឿងវាមិនតូច។ អញ្ចឹងទេ កុំស្មានថាពីម្សិលនោះ គេមិនដឹង​ថាខ្លួន​បាន​ឆ្លង​ដែន​ម៉ោង ៥.២០ ​នាទី តាមច្រកកំរៀងទៅប្រទេសថៃ … បើសិនគេត្រូវការយក យើងក៏អាចសហការ​ជា​មួយ​ប្រទេសថៃដើម្បីនាំខ្លួនត្រឡប់មកវិញបានដែរ។ ខ្ញុំគ្រាន់តែជម្រាបថា ការប្រជុំថ្ងៃនេះមិន​មែន​ជាការ​ប្រជុំ​ដក​អភ័យឯកសិទ្ធិទេ គឺជាការប្រជុំដើម្បីពិនិត្យថា រឿងក្តីនេះបន្ត ឬក៏បញ្ចប់។ ដើម្បីបញ្ចប់ត្រូវរកសម្លេង ៣/៤ (បី​ភាគបួន) យកមកដើម្បីបញ្ចប់ … ទើបអាចទប់ជាប់។

ប្រទេសជាតិមួយមិនត្រូវបំផ្លាញដោយជនណាទាំងអស់

សង្ឃឹមថា ប្រជាជនយើងនឹងយល់ ហើយនឹងមិត្តភក្តិបរទេសការយល់។ ប្រទេសជាតិមួយមិនត្រូវ​បានបំ​ផ្លាញ​ដោយជនណាទាំងអស់។ ស្ថានទូតខ្លះកំពុងតាំងខ្លួនធ្វើជាឪជាម៉ែរបស់ប្រទេសកម្ពុជា។ គេមិនមែនតំ​ណាង​​អោយរដ្ឋមួយទេ។ ពិតមែនតែជាស្ថានទូត ក៏ប៉ុន្តែជាសំដីរបស់អគ្គរដ្ឋទូត។ រឿងអីហ្វេសប៊ុកបង្ហោះ​… រួច​ហើយ បកស្រាយទៅឯណាផ្សេង។ តើគេមកកម្ពុជាធ្វើម៉ែឪកម្ពុជាឬក៏យ៉ាងម៉េច? គ្រាប់បែក ២ លាន ៧ សែន​តោន មិនទាន់បានដោះស្រាយចប់ទេ។ វាយឯងហើយទារលុយឯងទៀត។ ក្រុមហ្នឹងហើយជាក្រុម​បំ​ផ្លាញ ហើយជាកូនជឹងរបស់គេ នៅកម្ពុជា។

… រឿងមុខរដ្ឋសភា។ រឿងអីព្រះមហាក្សត្រដែលយើងគោរព ភ្ញៀវកំពុងចាប់ដៃលាព្រះមហាក្សត្រ អគ្គរដ្ឋទូត​មួយ​ដើរដៃធ្វើអញ្ចេះ។ នេះជាជើងកាងខាងផ្នែកការទូត។ យើងមិនអាចទទួលយកនូវឥរិយាបថការ​ទូតរបៀប​នេះ​បាន​ទេ។ សង្ឃឹមថា រឿងរ៉ាវបែបនេះ មិនត្រូវកើតមាននៅក្នុងឥរិយាបថការទូតនានា (ដែលត្រូវមាន)ការគោរព​គ្នាទៅវិ​ញ​ទៅ​មក រវាងកម្ពុជាជាមួយនឹងប្រទេសដទៃទៀត។ សង្ឃឹមថា ពិភពលោកនេះនឹងទទួលបានយុត្តិធម៌ ពិភព​លោក​នេះនឹងទទួលបាននូវការគោរពគ្នា ដោយមិនប្រើប្រាស់កម្លាំង ឬការគម្រាមកំហែងណាមួយចំពោះគ្នា​នោះ​ទេ។ នេះជាអ្វីដែលខ្ញុំនិយាយជាចុងក្រោយ។

អបអរសាទរវឌ្ឍនភាពរបស់សាកលវិទ្យាល័យ និងក្រសួងសុខាភិបាល

ជាថ្មីម្តងទៀត សូមសម្តែងនូវការអបអរសាទរ ជាមួយនឹងវឌ្ឍនភាបរបស់សាកលវិទ្យាល័យសុខាភិបាល ដែលរយៈពេលកន្លងទៅ ក៏បានបង្កើតអោយមាននូវចំនួនក្រុមគ្រូពេទ្យគ្រប់កម្រិត ដែលយើងចាប់ផ្តើមតាំង ពីគ្រូពេទ្យតែប៉ុន្មាននាក់ វេជ្ជបណ្ឌិតតែប៉ុន្មាននាក់ គ្រូពេទ្យដែលនៅសេសសល់ពីការកាប់សម្លាប់របស់ ប៉ុល​ ពត ប៉ុន្តែឥឡូវយើងមានទាំងការបណ្តុះបណ្តាលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលធនធានមនុស្សទាំង​នេះ​កំពុងបម្រើនូវសេចក្តីត្រូវការសម្រាប់ប្រជាជនកម្ពុជារបស់យើង។ ថ្លៃងនូវការកោតសរសើរ ចំពោះវឌ្ឍន ភាពទាំងឡាយ ដែលក្រសួងសុខាភិបាលបានដាក់ចេញគ្របដណ្តប់ទៅលើទិដ្ឋភាពជាច្រើន នៃយុទ្ធនាការ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ក្នុងនោះ យើងចាប់ផ្តើមពីការបំបាត់ជំងឺគ្រុនស្វិតដៃជើង យើងកំពុងតែអនុវត្តនូវ កម្មវិធី នៃការលុបបំបាត់ជំងឺគ្រុនចាញ់ និងបញ្ហារបេង បញ្ហាស្អីៗគ្រប់យ៉ាង មានរឿងរ៉ាវច្រើនណាស់។ ជាថ្មី​ម្តង​ទៀត ថ្លែងនូវការអបអរសាទរ ចំពោះនិស្សិយជ័យលាភីទាំងអស់ ក៏ដូចជា ក្រុមគ្រួសារនិស្សិត ដែលទទួល​​សញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថា ទាំងអស់គ្នានឹងប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅមុខ សម្រាប់អនា​គតរបស់​ប្រ​ទេសជាតិ ក៏ដូចជា អនាគតសម្រាប់យើងម្នាក់ៗផងដែរ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំក៏បាននាំមក សម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ៣.៩៨៦ នាក់ ក្នុងម្នាក់ៗសុំជូន ថវិកា ចំនួន ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ២៣៩ នាក់ ក្នុងមួយនាក់ៗ (ថវិកា) ចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ថវិកា) ចំនួន ៥ លានរៀល។

ជាមួយនឹងការអបអរសាទរ សម្រាប់ការជួបជុំ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតអោយខ្ញុំប្រសិទ្ធិពរ ជ័យ បវរសួស្តីជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធិពរ ទាំងប្រាំប្រការ៖​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក