សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ វ៉ូស៊ូ ទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីពិព័រណ៌ចិន-អាស៊ានលើកទី១៤

34

សម្តេ​ចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់​ខ្ពស់ រាជ​រដ្ឋាភិបាល​កម្ពុជា បានអញ្ជើញទៅ​ដល់អាកាសយា​នដ្ឋាន​អន្តរ​ជាតិវ៉ូស៊ូ ទីក្រុងណាន់នីង ខេត្តក្វាងស៊ី សាធា​រណ​រដ្ឋប្រជាមានិតចិន ប្រកបដោយ​សុវត្តិភាពហើយ កាលពីវេលាម៉ោង១១និង៤៧នាទី ម៉ោងនៅប្រទេសចិន ត្រូវ​នឹង​​ម៉ោង១០និង៤៧នាទី ម៉ោងនៅប្រទេសកម្ពុជា ដើម្បីអញ្ជើញ​ចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី១៤ ដែលនឹង​ប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១២កញ្ញាស្អែក។

នៅអាកាស​យានដ្ឋាន​អន្តរជាតិ​វ៉ូស៊ូ វត្តមាន​នៃការ​អញ្ជើញ​​ដល់​របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបាន​ការធ្វើគារ​វកិច្ចស្វាគមន៍​យ៉ាងស្និទ្ធស្នាល​រ៉ាក់​ទាក់​បំផុត ពីឯកឧត្តម ហុង ស៊ីយ៉ុង សមាជិកអចិន្រៃ្តយ៍ នៃគណៈកម្មាធិការ​បក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការ​នយោបាយនិងច្បាប់ ខេត្តក្វាងស៊ី លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញ​សមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជា​មានិតចិន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជា​ឥស្សរជនជាន់ខ្ពស់​ខេត្តក្វាងស៊ី ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃព្រះរាជា​ណាចក្រកម្ពុជា ប្រចាំ​សាធា​រណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។ ជាមួយគ្នានេះនៅអាកាសយានដ្ឋានអន្តរជាតិវ៉ូស៊ូ វត្តមាននៃការអញ្ជើញដល់​របស់​សម្តេចតេជោ ក៏មានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពីសំណាក់ ក្រុមសិល្បះប្រពៃណីរបស់​បងប្អូន​ខេត្តក្វាងស៊ី ក្នុងភាពរ៉ាក់ទាក់ផងដែរ៕

ចែករំលែក