សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅប្រទេសចិន

83

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំ​​គណៈប្រតិភូ​​ជាន់ខ្ពស់​អញ្ជើញ​​ទៅ​ចូលរួ​ម​ពិធី​តាំងពិព័រណ៍ចិន​-​អាស៊ាន លើក​ទី​១៤ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​​ចិន តប​តាម​​ការ​អញ្ជើញ​​របស់​រ​ដ្ឋា​ភិ​បាល​ចិន​។

ក្នុងងឱកាស​អញ្ជើញ​ទៅចូល​រួមនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​​ក្នុង​​ពិធី​​បើក​​ការតាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ដោយ​ផ្តោត​ទៅលើ​ការ​ជម្រុញ​ពាណិជ្ជកម្ម​ឱ្យ​ខ្លាំង​ថែមទៀត​​រវាង​​អាស៊ាន និង​ចិន ព្រមទាំង​ការទាក់ទាញ​វិនិយោគិន និង​ទេសចរ​ចិន​មកកាន់​តំបន់​អាស៊ាន​។ បន្ទាប់មក​សម្តេច​តេ​ជោ​ នឹង​អញ្ជើញ​ចូលរួម​ជា​​អធិបតី​ក្នុង​​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា ព្រមទាំង​ទស្សនា​ស្តង់​តាំងពិព័រណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​ពន្លា​ជាតិ​របស់​ប្រទេស ប្រ៊ុយណេ​ដា​រូ​សាឡា​ម​។​

ជាមួយគ្នានោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​ ថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិន ហើយក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ណាន​នី​ង ព្រមទាំង​ផ្តល់​បទសម្ភាសន៍​ដល់​​ប​ណ្តា​ញ​​សារព័ត៌មាន​ចិន ផងដែរ​។​

​ការតាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ នេះ​រំពឹងថា នឹង​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ចិន ហើយ​និង​ឈានទៅ​​សម្រេច​ផែនការ​បង្កើន​ពា​ណិ​ជ្ចក​ម្ម និង​វិនិយោគ ទៅវិញទៅមក ឱ្យដល់​ទំហំ​១​ទ្រី​លាន​​ដុល្លារ​អាមេរិក ពី​ចិន​មកកាន់​​តំបន់​អាស៊ាន និង​១៥០​ពាន់​លាន​ដុល្លារ​អាមេរិក ពី​តំបន់​អាស៊ាន​ទៅ​ប្រទេស​ចិន នៅ​ឆ្នាំ​២០២០​៕

ចែករំលែក