ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នាព្រឹកថ្ងៃនេះ

38

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញ​ចុះទៅជួប​សំណេះ​សំណាល​ដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរបានឃើញសកម្មភាពសម្តេច៣ដំណាក់កាលនៅក្នុងសង្គមខ្មែររួមមាន៖ ដំណាក់កាលសន្តិភាពផង សង្រ្គាមផង, ដំណាក់កាលជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្ម និងដំណាក់កាលចុងក្រោយនេះ គឺដំណាក់កាលជំរុញឧស្សាហកម្ម។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលសន្តិភាពផង សង្រ្គាមផង គេតែងឃើញវត្តមានរបស់សម្តេចតំបន់សមរភូមិជួរមុខផង នៅក្រៅប្រទេសស្វែងរកជំនួយអភិវឌ្ឍន៍ផង និងឃើញនៅជំរុំសត្រូវផង ដើម្បីចរចារកសន្តិភាពសម្រាប់ជាតិ។

– សម្រាប់ដំណាក់ជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្មវិញ គេតែងឃើញវត្តមានសម្តេចជួបជាមួយប្រជាកសិករនៅតាមវាលស្រែ និងតាមប្រឡាយទឹកជាដើម។ តែសម្រាប់ដំណាក់កាលបច្ចុប្បន្ន ដែលត្រូវយកចិត្តទុកដាក់លើវិស័យឧស្សាហកម្ម គេឃើញវត្តមានសម្តេចនៅតាមរោងចក្រនានា ដើម្បីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តន៍គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យឧស្សាហកម្ម។ សម្តេចតេជោបន្តថា បច្ចុប្បន្នកម្ពុជា កំពុងធ្វើដំណើរល្អប្រសើរលើវិស័យឧស្សាហកម្ម តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។ ព្រោះតែហេតុផលនេះហើយ ទើបសម្តេចត្រូវចុះពិនិត្យដោយផ្ទាល់នៅតាមរោងចក្រ និងជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនី។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីពេលមុនប្រជាពលរដ្ឋម្នាក់មានចំណូលប្រចាំឆ្នាំសរុបមានតែជាង ២០០ដុល្លារ តែពេលបច្ចុប្បន្នមានជាង ១ពាន់ដុល្លារ ប៉ុន្តែមិនគ្រប់គ្រាន់ទេ គឺត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ថា ក្រោយប្រទេសងើបចេញពីសង្រ្គាមកម្ពុជា មានប្រជាពលរដ្ឋត្រឹមជាង ៥លាននាក់ប៉ុណ្ណោះ តែបច្ចុប្បន្នកម្ពុជាមានប្រជាពលរដ្ឋរហូតដល់ជាង ១៥លាននាក់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់ប្រជាពលរដ្ឋ គឺទាមទារឲ្យចិត្តទុកដាក់ និងត្រូវដោះស្រាយជាដរាប។ ដើម្បីដោះស្រាយបញ្ហា គឺត្រូវតែបន្ត យកចិត្តទុកដាក់លើការទាក់ទាញអ្នកវិនិយោគ និងជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីអំឡុងឆ្នាំ១៩៩៤ រោងចក្រនៅកម្ពុជា មានប្រមាណ ៦៤រោងចក្រ មានកម្មករ កម្មការិនី ជាង ៨ម៉ឺននាក់ តែបច្ចុប្បន្នមានរោងចក្រមានជាង ១ពាន់ររោងចក្រ និងមានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ ទំហំការនាំចេញលើវិស័យរោងចក្រកាត់ដេរនេះ កាលពីអតីតកាលមានជាង ២២៧លានដុល្លារ តែបច្ចុប្បន្នទំហំនាំចេញនេះមានរហូតដល់ ៧,៦៦៣លានដុល្លារ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលទាំងអស់នេះ គឺបានកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដូចជាការដាក់ចេញនយោបាយមិនយក ពន្ធរយៈពេល៩ឆ្នាំ ពីវិស័យរោងចក្រ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លូវជាតិលេខ៣ នឹងត្រូវពង្រីកបន្ថែមពីរង្វង់មូលចោមចៅ ទៅដល់ខេត្តតាកែវ ផ្លូវបំបែកទៅកំពត។ ក្នុងនោះកន្លែងខ្លះត្រូវពង្រីកជា ៤គន្លង ២ទៅ ២មក ហើយកន្លែងខ្លះទៀត ពង្រីកដល់ទៅ ១២ម៉ែត្រ។

– សម្តេចតេជោ ហ៊ុន សែន បន្តថា វាយប្រហារទៅលើក្រុម «៣កុំ» កុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នយោបាយ «៣កុំ» របស់ក្រុមនេះ គឺជាទង្វើក្បត់ជាតិ និងក្បត់ផលប្រយោជន៍របស់ប្រជាជនខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន មិនបានសំដៅចំឈ្មោះក្រុម «៣កុំ» នេះទេ តែគេដឹងថា សម្តេចសម្តៅដល់អតីតមេបក្សគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សនេះមួយចំនួនទៀត ដែលធ្លាប់បានធ្វើសកម្មភាពរារាំងប្រទេសក្នុងតំបន់អឺរ៉ុប មិនឲ្យផ្តល់ជំនួយ និងផ្អាកការទិញទំនិញពីកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងហៅក្រុមបក្សប្រឆាំង ដែលតែងតែធ្វើសកម្មភាពដឹកនាំកម្មករធ្វើបាតុកម្មនោះថា ជាថៅកែបាតុកម្ម។ សម្តេចបន្តថា ប្រាក់បៀវត្សរ៍របស់កម្មករ មិនមែនជាការខិតខំរបស់បក្សប្រឆាំងនោះទេ តែវាបានមកពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងកម្មករ កម្មការិនីខ្លួនឯងផ្ទាល់ ព្រមទាំងថៅកែរោងចក្រ ដែលប្រឹងប្រែងរួមគ្នា។

– សម្តេចតេជោ ហ៊ុន សែន បានហៅទង្វើក្រុម «៣កុំ» មិនមែនជាទង្វើស្នេហាជាតិនោះទេ តែជាទង្វើបំផ្លាញផលប្រយោជន៍របស់កម្មករ និងប្រជាជនរបស់ខ្លួនឯង។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរោងចក្រនានា ប្រើវិធីសន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយកម្មករ ចៀសវាងការបណ្តេញកម្មករ កម្មការិនីពីការងារ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យថ្នាក់គ្រប់គ្រងកម្មករ ដូចជាប្រធានផ្នែក ប្រធានក្រុម ត្រូវចេះប្រើពាក្យពេចន៍ឲ្យបានសមរម្យទៅកាន់កម្មករ។

– សម្តេចតេជោ ហ៊ុន សែន បានហៅការធ្វើឲ្យតម្លៃទឹកឡើងថ្លៃលើសដើម គឺជាកំហុសឆ្គងមួយដ៏ធ្ងន់ធ្ងរ តែទោះជាយ៉ាងណារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងរដ្ឋាករ បានសុំទោស ហើយទូទាត់សងប្រជាពលរដ្ឋវិញផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ រដ្ឋាករទឹកត្រូវលក់ឲ្យម្ចាស់ផ្ទះជួលក្នុងតម្លៃ ៧០០រៀលក្នុងមួយម៉ែត្រគូប ហើយម្ចាស់ផ្ទះលក់ឲ្យកម្មករតម្លៃ ៨០០រៀល ក្នុងមួយម៉ែត្រគូប។

– នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះទាំងអស់ កុំឲ្យដំឡើងឈ្នួលផ្ទះរយៈពេល១ឆ្នាំ ដើម្បីជួយកម្មករ មានជីវភាពបានល្អប្រសើរ នៅពេលពួកគេបានដំឡើងប្រាក់ឈ្នួល។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកកម្មករ កម្មការិនីថា អ្វីៗដែលកម្មករ កម្មការិនីកំពុងទទួលបាននេះ គឺបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានរំលឹកកម្មករ កម្មការិនីផងដែរ សុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការកសាងសេដ្ឋកិច្ចចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្រ្គាម គឺបានមកពីការធ្វើពលិកម្ម និងការប្រឹងប្រែងរបស់សម្តេច រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត រួមជាមួយប្រជាបលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលនេះ គឺជា «មរតកតេជោ» សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន ស្នើកុំឲ្យតាំងខ្លួនជាបងធំនៅក្នុងរោងចក្រ។ សម្តេចបានលើកឡើងថា មានមនុស្សមួយចំនួនមានបក្សប្រឆាំងនៅក្រោយខ្នង មិនត្រឹមតែធ្វើបាតុកម្មតែខ្លួនឯងទេ បែរជាទៅគំរាមកម្មករ កម្មការិនីដទៃទៀតមិនឲ្យចូលធ្វើការ ទៅធ្វើបាតុកម្មជាមួយខ្លួនថែមទៀតផង។

– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី និងថៅកែរោងចក្រ ត្រូវរួមគ្នាថែរក្សាឲ្យខាងតែបាននូវសុខសន្តិភាព ព្រោះបើគ្មានសន្តិភាពមិនអាច អភិវឌ្ឍន៍ទៅបាននោះទេ ដូចជាបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា។ សម្តេចតេជោ បានរំលឹកកម្មករថា គ្មាននរណាទៅធ្វើរោងចក្រនៅប្រទេស មានសង្រ្គាមនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនី និងថៅកែរោងចក្រ ត្រូវរួមគ្នាថែរក្សាការងារចាស់ ហើយត្រូវបង្កើតការងារថ្មីឲ្យបានកាន់តែច្រើនថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីទទួលបានប្រាក់សោធននិវត្តន៍ត្រូវធ្វើការងារចាប់ពី ២៥ឆ្នាំឡើងទៅ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បន់ស្រន់ឲ្យអាមេរិក និងប្រទេសអឺរ៉ុប កុំឲ្យជួបវិបត្តិសេដ្ឋកិច្ចដូចឆ្នាំ២០០៨ ព្រោះប្រទេសនោះ បានទិញសម្លៀកបំពាក់ជាច្រើនពីកម្ពុជា បើប្រទេសនោះជួបវិបត្តិសេដ្ឋកិច្ច ក៏នឹងប៉ះពាល់ដល់កម្មករ កម្មការិនីរបស់កម្ពុជាផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ រួមមានការកសាងផ្លុវដឹកជញ្ជូន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់កម្មករ កម្មការិនី។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដំឡើងប្រាក់ខែសម្រាប់កម្មករ គឺត្រូវធ្វើជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបការចង់បានរបស់រាជរដ្ឋាភិបាល កម្មករ កម្មការិនី និងថៅកែរោងចក្រ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់កម្មករថា ចាប់ពីឆ្នាំ២០១៨ទៅ កម្មករ កម្មការិនី ស្ថិតក្រោមបញ្ញត្តិរបស់បេឡាជាតិរបបសន្តិសុខសង្គម នឹងមិនចំណាយថវិកាសម្រាប់ការគាំពារសុខភាពទៀតនោះទេ គឺថៅកែរោងចក្រជាអ្នករ៉ាប់រងលើសេវាគាំពារសុខភាពនេះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០១៨ទៅ គ្រប់កម្មករ កម្មការិនី នៅគ្រប់វិស័យទាំងអស់ ទៅរកសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ នឹងមិនត្រូវចំណាយថវិកាទៀតនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រុមគ្រូពេទ្យឲ្យយកចិត្តទុកដាក់ព្យាបាលប្រជាពលរដ្ឋ បូករួមទាំងកម្មករ កម្មការិនី។ សម្តេចតេជោ បានថ្លែងថា វានឹងក្លាយជារឿងគ្មានន័យបើក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់លើការព្យាបាល ទោះបីរាជរដ្ឋាភិបាលប្រឹងស្រែកយ៉ាងណាក៏ដោយនោះ។

– សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកជាថ្មី ពីការអនុញ្ញាតឲ្យកម្មការិនី អាចសម្រាករយៈពេល៣ខែ ពេលសម្រាលកូន ដោយរក្សាប្រាក់ខែក្នុងអត្រា ១២០ភាគរយ។

– សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យនៅតាមរោងចក្របង្កើតមណ្ឌលសុខភាព និងទារកដ្ឋាន សម្រាប់ផ្តល់សេវាជូនកម្មករ កម្មការិនី។

– កម្មករ កម្មការិនី បានទះដៃយ៉ាងកងរំពង ពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ឲ្យជិះរថយន្តក្រុងក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេលពីរឆ្នាំ រួមនិងការផ្តល់កញ្ចប់អត្ថប្រយោជន៍ផ្សេងៗទៀត។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងសាកល្បងជិះរថយន្តក្រុងក្នុងរាជធានីភ្នំពេញ និងបន្តធ្វើដំណើរចុះទៅកាន់ផ្សារផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។

– ជាការក្រើនរំលឹកដល់កម្មករ កម្មការិនី ឲ្យប្រឹងប្រែងធ្វើការងារនោះ សម្តេចតេជោ ហ៊ុន សែន លើកសុភាសិតខ្មែរមកដាស់តឿនពួកគេថា «បើចង់ឆ្ងាញ់ឲ្យរកអន្លក់ បើចង់ស្រណុកឲ្យនឿយពីក្មេង»។

– គ្រាដែលបុណ្យភ្ជំបិណ្ឌជិតឈានចូលមកដល់នោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទៅកុំឲ្យភ្លេចអ្នកមានគុណ ដែលជាព្រះរស់នៅក្នុងផ្ទះ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបណ្តារោងចក្រនានា ដែលសម្តេចខិតខំប្រឹងប្រែងសាងសង់ឡើង ដោយផ្ទាល់ដៃ ត្រូវបាត់បង់ទៅវិញក្នុងពេលសម្តេចដឹកនាំរាជរដ្ឋាភិបាលនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាប្រជាពលរដ្ឋនៅតែបោះឆ្នោតគាំទ្រសម្តេច សម្តេចនៅតែបន្តដឹកនាំប្រទេសមួយនេះ ហើយសន្តិភាព និងការអភិវឌ្ឍត្រូវតែបន្តកើតមានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖១៧នាទីព្រឹកថ្ងៃដដែល៕

ចែករំលែក