សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​​ក្នុងពិធី​សំណេះ​សំណាល​ជាមួយកម្មករ និយោជិត ជា​ង ១៦.០០០ នាក់

58

CNV: 

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសំណេះសំណាលជាលើកដំបូងជាមួយកម្មករ/រិនី នៅ​​តំ​បន់​សេដ្ឋកិច្ចពិសេសរបស់យើងនេះ។ មិនមែនជាលើកទីមួយទេ ដែលខ្ញុំមកកាន់ទីនេះ។ ចំនួនបីលើក បានមកចូលរួមសម្ពោធ និងក្នុងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍នៃក្រុមហ៊ុន មីនេបៀ ហើយមួយលើក​មក​សម្ពោធ​ដាក់អោយប្រើប្រាស់ជាមួយក្រុមហ៊ុន កូកា កូឡា។ នេះជាលើកទី ៤ ដែលខ្ញុំមក​សំដៅ​ជួប​ជុំ​ជា​មួយ​នឹងកម្មករ/រិនីរបស់យើង។

ជួបកម្មករពិនិត្យមើលស្ថានភាពលូតលាស់ក្នុងវិស័យឧស្សាហកម្ម និងចំណុចសេសសល់ត្រូវដោះស្រាយ

កាលពីប៉ុន្មានឆ្នាំមុននោះ គេបានឃើញខ្ញុំនៅតាមវាលស្រែយ៉ាងច្រើន ជាវេទិកាសាធារណៈជាមួយ​នឹង​កសិ​ករ ដែលធ្វើនៅតាមវាលស្រែ និងការសំណេះសំណាលនានា ដែលធ្វើនៅតាមប្រឡាយទឹក តាមទំ​នប់​ទឹក នៅក្នុងរយៈពេលដែលយើងអនុវត្តដាក់អោយចេញនូវគោលនយោបាយអនុវត្តវិស័យកសិកម្ម គឺ​ការ​ផលិតស្បៀង និងការនាំចេញអង្ករ។ ឥឡូវដល់ពេលវេលា ដែលយើងកំពុងអនុវត្តនូវគោលនយោ​បាយ​ឧស្សាហ​កម្ម ២០១៥-២០២៥។ វាជាឱកាសសមស្របណាស់ដែលអោយខ្ញុំដើរទៅជួបជាមួយនឹងកម្ម​ករ/រិនី ដែលកំពុងធ្វើការតាមរោងចក្រនានា នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីពិនិត្យមើលស្ថាន​ភាព​នៃ​​ការលូតលាស់នៅក្នុងវិស័យឧស្សាហកម្ម និងចំណុចសេសសល់ដែលជាបញ្ហាត្រូវដោះស្រាយជូន​ចំ​ពោះកម្មករ/រិនីរបស់យើង។ មិនមែនគ្រាន់តែក្នុងវិស័យកាត់ដេរ ឬក៏នៅក្នុងវិស័យណាមួយទេ ក៏ប៉ុន្តែយើ​ង​ចង់​សំដៅក្ដោបទៅលើបញ្ហាទាក់ទងទៅនឹងកម្មករ/រិនីទាំងអស់ផងដែរ។

ខ្ញុំសូមអរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាតំណាងអោយតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងបណ្ដារោងចក្រ សហគ្រាសទាំងអស់ ដែលអនុញ្ញាតអោយកម្ម​ករ/រិ​នី បានមកជួបជុំខ្ញុំនៅក្នុងឱកាសនេះ។ ហើយរោងចក្រមួយ ដែលមិនបានអញ្ជើញមកទីនេះ គឺជាប់​ធ្វើ​ការ ក៏បានបន្តនូវខ្សែបណ្ដាញក្នុងការស្ដាប់ឮនូវសំឡេង(របស់ខ្ញុំ)។ ពួកគេធ្វើការផង ហើយក៏អាចឆ្លៀត​ស្ដាប់​ជាមួយនឹងអ្វីដែលជាការលើកឡើងរបស់ខ្ញុំផង។ អម្បាញ់មិញនេះ ខ្ញុំបានធ្វើដំណើរមកតាមទីនេះ ខាង​មីនេបៀ ពិតជាកូនច្រើនមែន …។

មិនអោយបៀវត្សកម្មករផ្នែកវាយនភណ្ឌ ទាបជាង ១៥៣ ដុល្លារ

ខ្ញុំបានសួរនាំជាមួយនឹងកម្មករ/រិនីរបស់យើង ដែលនៅខាងណោះ។ ពួកគេភាគច្រើន មានប្រាក់ខែ​លើស​អំពីចំនួនកម្រិតអប្បបរមា ១៥៣ ដុល្លាររួចស្រេចទៅហើយ។ ដោយគាត់និយាយអំពី​បញ្ហា​ប្រាក់​ខែ​របស់​គាត់ ១៨៤ ដុល្លារ និងបូកជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត វាឡើងជាង ២០០ ដុល្លារសហ​រដ្ឋ​អា​មេរិក។ ចំណុចសំខាន់នៅទីនេះ រាជរដ្ឋាភិបាលពិនិត្យ តែធ្វើយ៉ាងម៉េចកុំអោយ​កម្មករ/រិនី​របស់យើង​នៅ​ក្នុង​វិស័យដែលជាប់ពាក់ព័ន្ធ​ ជាពិសេសវិស័យកាត់ដេរ និងវាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើង កុំឲ្យទាបជាង ១៥៣ ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែ បើសិនបណ្ដារោងចក្រនានា មានលទ្ធភាពនឹងបង្កើនដល់ ២០០ ដុល្លារ ឬ ៣០០ ដុល្លារ អត់ថាអីទេ ជួបអបអរសាទរ។​ មិនមែនតម្រូវអោយរោងចក្រទាំងអស់ ដែល​មាន​ប្រាក់ខែរហូតដល់ ១៨០ ដុល្លារ ឬ ១៩០ ដុល្លារ អោយទំលាក់មកអនុវត្តនូវបៀវត្សអប្បបរមា ដែល​ខាង​រាជរដ្ឋាភិបាល ខាងនិយោជក និងខាង ILO គេហៅថា យន្តការត្រីភាគី កំណត់នោះទេ។

ដូច្នេះ វាជាការរីករាយមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើងនេះ ហើយខ្ញុំក៏សូមបញ្ជាក់ថា តំបន់​សេដ្ឋ​កិច្ច​ពិ​សេស ទោះបីខ្ញុំធ្វើប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទទួលបន្ទុកទៅលើការវិនិយោគ ប៉ុន្តែ​ដើម្បីមានលក្ខណៈងាយស្រួល ខ្ញុំធ្វើប្រធានតំបន់សេដ្ឋកិច្ចពិសេសខ្លួនឯង ដែលមានឯកឧត្តម សុខ ចិន្ដា​សោភា ធ្វើជាអគ្គលេខាធិការ។ ដើម្បីសំដៅធានាយ៉ាងណាអោយតំបន់សេដ្ឋកិច្ចពិសេសរបស់យើង អាច​ប្រ​ព្រឹត្តទៅក្នុងស្ថានភាពរស់រវើក និងរីកលូតលាស់។

ពីចក្រពត្តិឈ្លានពាន, ប្រល័យពូជសាសន៍ មកនយោបាយឈ្នះឈ្នះ សន្តិភាព បង្រួប​បង្រួម ឯក​ភាព​ទឹកដី

ថ្ងៃនេះ បានមកជួបជុំជាមួយក្មួយៗ ចៅៗ អាចថាមានមួយចំនួនអាយុមិនច្រើនជាងចៅខ្ញុំប៉ុន្មានទេ។ នេះ​ហើយជាកិច្ចការដែលតា ឬក៏អ៊ំ ពូ បានខិតខំជាមួយនឹងអ្នកដឹកនាំដទៃទៀត។ យើងបានបង្កើត​ស្ថាន​ភាព​បែប​នេះ។ តើយើងគួរតែត្រូវនិយាយថា ចេញពីត្រង់ណាមក។ មុននេះ មុននឹងក្មួយៗ ចៅៗ មកកាន់តំបន់​សេដ្ឋកិច្ចពិសេសនេះ មុននឹងក្មួយៗ ចៅៗ មកកាន់តំបន់រោងចក្រសហគ្រាស ឬតាមបណ្ដាសណ្ឋាគារ តើ​ក្មួយៗ សិ្ថតនៅទីណា? ច្បាស់ណាស់ ប្រទេសយើងបានឆ្លងកាត់សោកនាដកម្មរាប់មិនអស់។ សង្រ្គាម​ដែល​ចក្រពត្តិបានឈ្លានពានប្រទេសរបស់យើង។ បន្ទាប់ទៅ របបប្រល័យពូជសាសន៍បានមកដល់ យើង​បាន​ប្រឹងប្រែងរស់ ហើយធ្វើយ៉ាងណាធានាអោយសិទ្ធិនៃការរស់រានមានជីវិតឡើងវិញ ត្រូវបានទទួលគ្រប់​ៗគ្នា។ តាមរយៈនៃការខិតខំរបស់យើងទាំងអស់គ្នា យើងបាននាំមកនូវសន្ដិភាព ការបង្រូបបង្រួមជាតិ និងឯកភាពទឹកដី តាមរយៈនៃការអនុវត្តនយោបាយឈ្នះឈ្នះ។ ក្មួយៗ ចៅៗមួយចំនួន មិនបានកើតទាន់​នូវ​សម័យកាលនោះទេ ក៏ប៉ុន្តែក្មួយៗ ចៅៗ អាចសួរជីដូនជីតា ឪពុកម្ដាយរបស់ខ្លួន​ ទើបដឹងរឿងនេះ។

ទោះបីថា ប្រទេសយើងត្រូវបានរំដោះហើយក៏ដោយ ក៏ប៉ុន្តែសង្រ្គាមផង និងសន្ដិភាពផង វាបាននាំមក​សម្រាប់​ប្រទេសរបស់យើង គឺភាពខ្ទេចខ្ទាំជាបន្ត។ សម័យកាល សន្ដិភាពផង សង្រ្គាមផង បើទោះបី​ជា​សន្ដិ​ភាពគ្របដណ្ដប់ភាគច្រើននៃចំណែកនៃដែនដី និងពេលវេលា។ ឯសង្រ្គាមបានកើត​ឡើងដោយតំបន់​ខ្លះ និងពេលវេលាខ្លះ ក៏ប៉ុន្តែវាមានឥទ្ធិពលអាក្រក់សម្រាប់ការកសាងប្រទេសឡើងវិញរបស់យើង។ យើង​បាន​ប្រឹងប្រែងដើម្បីបំបាត់ចោលនូវស្ថានភាពប្រទេសមួយ តំបន់ត្រួតត្រាច្រើន អោយទៅជាប្រទេសមួយ​ដែល​មាន​តំបន់ត្រួតត្រាតែមួយ។ ដូចដែលនៅក្នុងតំបន់នេះ ខ្ញុំគិតថា កម្មករ កម្មការិនីនៅក្នុងរោង​ចក្រ​នៅ​ទី​នេះពិតជាអាចយល់ ហើយមួយចំនួនក៏ចេញពីតំបន់ធ្លាប់មានសង្រ្គាមនោះមកធ្វើការនៅ​កន្លែង​នេះ។

មានសន្តិភាព រោងចក្រកើន កម្មករកើន ការនាំចេញច្រើនជាងមុន

នយោបាយឈ្នះឈ្នះ អនុញ្ញាតអោយយើងបានបង្រួបបង្រួមប្រទេស ឯកភាពជាលើកដំបូងនៅក្នុងក្រប​ខណ្ឌ​រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រមួយ រាជរដ្ឋាភិបាលមួយ និងកងកម្លាំងប្រដាប់អាវុធមួយ។ ឱកាស​មាស ឱកាសពេជ្រ បានមកដល់សម្រាប់យើង ក៏ប៉ុន្តែជោគជ័យនេះ មិនបានធ្លាក់មកពីលើមេឃទេ យើង​បាន​ខិតខំបង្កើតឡើងនូវស្ថានភាព(នេះ)។ បើគ្រាន់តែក្រឡេកមើលក្រោយបន្ដិច ក្នុងរង្វង់ពីឆ្នាំ ១៩៩៧ រហូតមកដល់បច្ចុប្បន្ន ស្ថានភាពវាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ពីស្ថានភាពដែលយើងលំបាកនៅ​ពេល​នោះ ដែលខ្ញុំគួរតែត្រូវរំលឹកបន្ដិចថា​ ដំណាក់កាលនោះ នៅឆ្នាំ ១៩៩៧ ទៅហើយ យើងមាន​រោង​ចក្រ​ត្រឹម​តែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជារោងចក្រកាត់ដេរ។ ហើយយើងមានកម្មករ/រិនី ត្រឹមតែ ៨២.០០០ នាក់​តែ​ប៉ុណ្ណោះ។ តម្លៃនៃការនាំចេញរបស់យើងកាលពីពេលនោះ ក៏មានត្រឹមតែចំនួនជាង ២០០ លានដុល្លារ​សហ​រដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែ រហូតមកដល់ពេលនេះ យើងមានសហគ្រាសទាំងអស់​នៅទូទាំង​ប្រ​ទេស ដែលចុះបញ្ជីនៅក្រសួងការងារ មាន ១១.១៦៨ រោងចក្រ ដែលមានកម្មករ/រិនី ១.១៨៧​.២២៧ នាក់។ ក្នុងនោះ គ្របដណ្ដប់ទៅលើស្រ្តី មានចំនួនជាង ៨៣​ ម៉ឺននាក់។

ដោយឡែកតែក្នុងវិស័យកាត់ដេរ ដែលមុននេះ រោងចក្រត្រឹមតែ ៦៤ ឥឡូវយើងមានរោងចក្រ ១.១០៧ រោង​ចក្រ ដែលគ្របដណ្ដប់កម្មករជាង ៧៤ ម៉ឺននាក់។ តម្លៃនៃការនាំចេញ ដែលកាលពីពេលមុននោះ គឺ​មា​ន​ត្រឹម​តែជាង ២០០ លានដុល្លារ ឥឡូវតម្លៃនៃការនាំចេញរបស់យើង គឺបានឈានទៅដល់ជាង ៧.០០០ លានដុល្លារសហរដ្ឋអាមេរិករួចស្រេចទៅហើយ។ បន្ថែមលើការនាំទំនិញដទៃទៀត កម្ពុជាមាន​លទ្ធ​ភាព​អាចនាំចេញ​រហូតទៅ​ដល់ប្រមាណជាង ១២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្រោយពីប្រទេស​ដែល​មាន​សន្ដិភាព។ អតីតកាលរបស់យើង ធ្លាប់មានការនាំចេញ ក៏ប៉ុន្តែយើងនិយាយត្រឹមតែ​ពាក្យរាប់​សិប​លាន ឬរាប់រយលានដុល្លារ។ ឥឡូវនេះ យើងមានលទ្ធភាពនិយាយដល់រាប់ពាន់​លានដុល្លារ​សហ​រដ្ឋអាមេរិក ដែលសូម្បីតែនៅទីនេះ គឺត្រូវនាំចេញមិនមែនគ្រាន់តែផ្គត់ផ្គង់តែនៅស្រុកនោះទេ។

នយោបាយឧស្សាហកម្ម ទាញវិនិយោគកែច្នៃវត្ថុធាតុដើមមានស្រាប់ និងពីរោងចក្រកម្រិតពិភពលោក

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការ អ៊ិត សំហេង បានលើកឡើងហើយ ទំនិញដែលយើងផលិតនៅ​ក្នុងតំបន់​សេដ្ឋ​កិច្ចពិសេសនេះ ត្រូវនាំចេញទៅបណ្ដាប្រទេសអាស៊ាន ទៅកូរ៉េខាងត្បូង ទៅជប៉ុន ទៅចិន ទៅឥណ្ឌា ទៅ​អូស្រ្តាលី ទៅសហភាពអឺរ៉ុប ទៅអាមេរិក និងទៅអាហ្វ្រិកខាងត្បូង។ ព្រោះខ្ញុំនិយាយ​ដូចជា​ក្រុម​ហ៊ុន​ម៉ូទ័រនេះ។ មិនមែនម៉ូទ័របូមទឹកទេ។ ក្នុងទូរស័ព្ទនានាដែលអ្នកទាំងអស់គ្នាប្រើ អាចមានម៉ូទ័រដែលផលិត​នៅ​ក្នុងស្រុកខ្មែរ។ នៅក្នុងម៉ាស៊ីនថតដែលអ្នកទាំងអស់គ្នាប្រើ អាចមានម៉ូទ័រដែលផលិតនៅក្នុងស្រុកខ្មែរ ហើយម្យ៉ាងទៀត ខួរក្បាលរថយន្តខ្លះមិនមែនគ្រាន់តែប្រើនៅក្នុងស្រុកខ្មែរនោះទេ។ គេយកទៅប្រើនៅ​កន្លែង​​ដទៃទៀត។ នេះជានយោបាយឧស្សាហកម្មដែលយើងបានប្រឹង ហើយយើងបានជម្រុញវា មិន​គ្រាន់​តែវិស័យកាត់ដេរ ដែលមានទំហំជាង ៧.០០០ លានដុល្លារសហរដ្ឋអាមេរិកនោះទេ យើងកំពុង​តម្រង់​ឆ្ពោះ​ទៅ​ការអនុវត្តនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលទាញអ្នកវិនិយោគ​មក​កាន់​កម្ពុជា ដើម្បីមកវិនិយោគសម្រាប់ការកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់ ដើម្បីបង្កើតតម្លៃបន្ថែម​សម្រាប់​ផលិត​ផលរបស់យើង​។ យើងក៏ចង់បាននូវឧស្សាហកម្មប្រភេទបច្ចេកវិទ្យាជាន់ខ្ពស់ ដែលហៅថា រោងចក្រ​ពិភព​លោក គឺឧទាហរណ៍ដែលខ្ញុំលើកអម្បាញ់មិញនេះ មីនេបៀ​ ដែលផលិតនូវម៉ូទ័រគ្រប់ប្រភេទ គឺជាប្រ​ភេទ​រោង​ចក្រពិភពលោក ដែលផ្គត់ផ្គង់ទៅគ្រប់កន្លែងប្រើប្រាស់ម៉ូទ័រ …។

ក្រុម «៣ កុំ»៖ កុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា

យើងត្រូវចោទជាសំនួរមួយថា តើក្មួយៗ ឬចៅៗទាំងអស់មានការងារធ្វើដោយសារអ្នកណា? នេះជាចំ​ណុច​​ដែលយើងត្រូវដឹង យើងត្រូវយល់។ យើងមានប្រភេទមនុស្សពីរក្រុម ក្រុមមួយ គឺក្រុម «៣ សុំ» ក្រុម​មួយ​ទៀតគឺ ក្រុម «៣ កុំ»។ ខ្ញុំសុំពន្យល់ ក្រុម «៣ កុំ» និងក្រុម «៣ សុំ» ជាអ្នកណាខ្លះ? ក្រុម «៣ កុំ» គឺជាក្រុមក្បត់នូវផ​លប្រយោជន៍ជាតិសាសន៍ឯងតែម្តង។ សម្លាប់ជាតិសាសន៍ឯងតែម្តង។ ប្រសិន​បើអស់​លោក​អ្នក ក្មួយៗ ក៏ដូចជាជីដូនជីតា ឪពុកម្តាយ យកទៅពិចារណា «៣ កុំ» មានន័យថាម៉េច? គេទៅថា កុំ​ផ្តល់ជំនួយអោយប្រទេសកម្ពុជា។ នេះជាទង្វើអ្វីទៅ? គេបានធ្វើពិតប្រាកដ គេបានដើរទៅគ្រប់ទីកន្លែង រាប់​ទំាងពេលប្រជុំ CG (Consultative Group Meeting on Cambodia) នៅតាមប្រទេសនានា ទៅ​ចលនាប្រទេសគេ កុំផ្តល់ជំនួយមកប្រទេសកម្ពុជា នេះគឺ កុំទីមួយ កុំផ្តល់ជំនួយអោយ​ប្រទេស​កម្ពុជា។

កុំទីពីរគឺ កុំវិនិយោគមកកាន់កម្ពុជា។ នេះជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង សម្លាប់ប្រជាជនខ្លួនឯង គ្រាន់​តែស្អប់ ហ៊ុន សែន គ្រាន់តែចង់កាន់អំណាច គឺបែរជាបំផ្លាញនូវជីវភាពសម្រាប់ប្រជាជនខ្លួនឯង។ ឯ​កុំទីបី ទៅស្នើសុំបរទេសកុំអោយទិញពីកម្ពុជា។ ដូច្នេះបីកុំនេះ យកទៅពិចារណា ផ្គួបផ្សំគ្នា វាជាទង្វើ​ស្នេ​ហា​ជាតិ ឬក៏ជាទង្វើនៃជនក្បត់ជាតិ ផលប្រយោជន៍របស់កម្មករនៅទីនេះធំណាស់។ បីកុំរបស់ពួកគេ តើ​បម្រើ​ផលប្រយោជន៍ដល់ពួកកម្មករឬទេ។ បើប្រទេសនានាអនុវត្តទៅតាមបីកុំរបស់គេទៅស្នើសុំកុំផ្តល់​ជំ​នួយ កុំមកវិនិយោគ កុំទិញទំនិញពីកម្ពុជា សួរថាក្មួយៗជាងមួយម៉ឺននាក់នេះ មានការងារធ្វើឬអត់? មាន​ប្រាក់​ចំណូលផ្ទាល់ខ្លួន និងមានប្រាក់ចំណូលផ្ញើទៅឪពុកម្តាយឬទេ នេះគឺជាប្រភេទគេហៅថា ក្រុមបីកុំ ចង់​អ្នកណារើសដាក់ខ្លួនក៏រើសទៅ ខ្ញុំមិននិយាយចំឈ្មោះអ្នកណាទេ ប៉ុន្តែបើអ្នកឯងរើសយកដាក់​ឈ្មោះ​ខ្លួន​ឯង គឺល្អមើលហើយ។

ក្រុម «៣ សុំ»៖ សុំជំនួយ សុំវិនិយោគ សុំឲ្យទិញទំនិញពីកម្ពុជា

ប៉ុន្តែជាភ័ព្វសំណាង យើងមានក្រុមបីសុំ។ សុំទីមួយគឺ សុំអោយគេផ្តល់ជំនួយ ដើរចច្រប់គ្រប់កន្លែង ដើម្បី​ធ្វើ​យ៉ាងម៉េចអោយគេផ្តល់ជំនួយ រាប់ទំាងជំនួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ជំនួយហេដ្ឋារចនា​សម្ព័ន្ធ ផ្តល់ជំនួយសុខាភិបាល ផ្តល់ជំនួយនេះ ផ្តល់ជំនួយនោះ។ ទោះបីគេថាលោក ហ៊ុន សែន ពូកែសុំ ប៉ុន្តែ​​ប្រទេសយើងក្រ  យើងទៅសុំគេ កុំខ្មាសកុំអៀន ចាំថ្ងៃក្រោយយើងមានលទ្ធភាព ចាំយើងផ្តល់ជំ​នួយ​ទៅក្រៅប្រទេសក៏មិនអីដែរ។ ឥឡូវ យើងបាន និងកំពុងតែផ្តល់ជំនួយទៅក្រៅប្រទេសហើយ ដូចជា​ការ​បញ្ជូន​កងកម្លាំងទៅជួយការពារសុវត្ថិភាព ឬក៏រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាផ្នែក​មួយ នៃការផ្តល់ជំនួយបរទេស។ នេះគេហៅថា ក្រុមសុំទី ១ គឺសុំអោយគេផ្តល់ជំនួយ។

ឯសុំទី ២ គឺសុំឲ្យគេមកវិនិយោគនៅកម្ពុជា។ ខ្ញុំធ្វើការច្រើនណាស់ ច្រើនលើសអ្វីដែលគេបានគិត។​ គ្រាន់​តែ​ក្រុមហ៊ុនជប៉ុន ពេលណាក៏ដោយ​ និយាយរួមក្រុមហ៊ុនមកពីបរទេស ខ្ញុំមិនរើសអើងទេ ជួបនោះជួបៗ ក្នុង​ប្រទេសក៏ជួប ក្រៅប្រទេស(ក៏ជួប) ដើម្បីសុំអោយគេមកវិនិយោគ។ លទ្ធផលចុងក្រោយ ថ្ងៃនេះ តំបន់​សេដ្ឋ​កិច្ចពិសេសនេះ មានកិច្ចសហការរវាងដៃគូក្នុងស្រុក គឺលោកជំទាវ លឹម ឈាវហួ ជាមួយនឹងដៃគូ​របស់​គាត់ដែលជាជនជាតិជប៉ុន ហើយមានរោងចក្រជប៉ុនមួយចំនួនស្ថិតនៅទីនេះផងដែរ នៅមានរោង​ចក្រ​អាមេរិកាំង និងមានរោងចក្រពីប្រទេសដទៃទៀត ដែលកំពុងផលិតនៅក្នុងនេះ។ យើងទៅសុំ​គេអោយ​មក​វិនិយោគ ប្រាប់គេថា យើងមានលក្ខណសម្បត្តិល្អ។ គេបានប្រាប់យើងថា តម្លៃអគ្គិសនីរបស់អ្នកឯង​ខ្ពស់​ណាស់​ តម្លៃកម្មករក៏ខ្ពស់ដែរ។ អញ្ចឹង យើងត្រូវរកវិធីធ្វើម៉េច ដៃម្ខាងរុញបៀវត្សកម្មករ​របស់យើង​អោយ​​កើនឡើង និងដៃម្ខាងទៀត ដើម្បីជម្រុញ រកវិធីសម្រួលអោយអ្នកវិនិយោគ ដែល​គេអាចទ្រាំទ្របាន មិន​ដករោងចក្រចេញពីកម្ពុជា។ រក្សាចាស់បង្កើតថ្មី គឺជាគោលដៅ នៃគោលនយោបាយទាក់ទាញ​វិនិ​យោគ​របស់យើង។

សុំទី ៣ គឺសុំអី? សុំអោយគេជួយទិញទំនិញពីកម្ពុជា។ ទៅសុំប្រទេសនានា សុំធ្វើម៉េចអោយ​គេ​ពង្រីក​នូ​វ​ ទំហំ នៃការនាំចេញពីកម្ពុជា។ ទៅសុំគេ សុំអនុគ្រោះកុំអោយគេយកពន្ធ ឬកាត់បន្ថយពន្ធ ដើម្បីយើងនាំ​ចូល អោយបានកាន់តែច្រើន។ យើងបានស្នើសុំការយោគយល់ពីគេ សម្រាប់ប្រទេសក្រីក្រមួយនេះ​ងើប​ឈរ​ឡើង។ ជាភ័ព្វសំណាង យើងបានពង្រីកទីផ្សារកាន់តែធំទៅៗ។ ពាណិជ្ជកម្មរបស់យើង​ដែលនាំឆ្ពោះ​ទៅ​សហរដ្ឋអាមេរិក គឺមានប្រមាណជាង ៣ ពាន់លានដុល្លារ(អាមេរិក)។ ទំនិញដែលយើងបាន និងកំពុង​​នាំទៅ​សហភាពអឺរ៉ុប ប្រមាណ ៣ ពាន់លានដុល្លារ(អាមេរិក)។ យើងនាំចេញ ទំហំពាណិជ្ជកម្មទ្វេទិស រវាងយើង និងជប៉ុន ឆ្នាំទៅមាន ១.៥០០ លាន(ដុល្លារអាមេរិក)។ ទំហំពាណិជ្ជកម្មទ្វេទិស រវាងយើង និង​ចិន ឆ្នាំនេះត្រូវសម្រេចអោយបាន ៥ ពាន់លានដុល្លារ(អាមេរិក)។ ទំហំពាណិជ្ជកម្មទ្វេទិស រវាងយើងជា​មួយ​នឹងថៃជាង ៤ ពាន់លានដុល្លារ (អាមេរិក) (ទំហំពាណិជ្ជកម្មទ្វេទិស)ជាមួយវៀតណាម មានជាង ៣ ពាន់​​លានដុល្លារ(អាមេរិក)។ ដូច្នេះ យើងបាន និងកំពុងធ្វើការខិតខំ ដើម្បីពង្រីកទីផ្សាររបស់យើង ទាំងក្នុង​វិស័យ​កសិកម្ម ទាំងក្នុងវិស័យឧស្សាហកម្មទៅប្រទេសចិន។

ចិនដំឡើងការទិញអង្ករពីកម្ពុជា ៣០ ម៉ឺនតោន នៅឆ្នាំ ២០១៨

មិត្តចិនបាននិយាយដោយត្រង់ៗថា ចិនមិនខ្វះអង្ករទេ លើកមុនគាត់អោយ ១០ ម៉ឺនតោន។ ឆ្នាំទៅជួបគ្នា​នៅ​ឯវៀងចន្ទន៍ គាត់តម្លើងពី ១០ ម៉ឺនតោន ទៅដល់ ២០ ម៉ឺនតោន។ ឆ្នាំនេះ នៅពេលទស្សនកិច្ច នាយក​រដ្ឋមន្ត្រី លី កឺឈាង របស់សាធារណរដ្ឋប្រជាមានិតចិន បាននិយាយច្បាស់ៗថា ឯកឧត្តម! ចិនមិន​ខ្វះ​អង្ករទេ ចិននៅសល់អង្ករស្តុកទៀតផង ក៏ប៉ុន្តែ ដើម្បីជួយដល់កម្ពុជា ជួយដល់កសិករកម្ពុជា ចិនដំឡើង​​ការ​ទិញអង្ករពីកម្ពុជា ចំនួន ៣០ ម៉ឺនតោន នៅឆ្នាំ ២០១៨។ បន្ថែមលើនោះ ការទិញ​ប្រ​ភេទ​(ទំនិញ)​មួយ​ចំ​នួនទៀត គឺបាន និងកំពុងអនុវត្ត ហើយនឹងបន្តអនុវត្ត។ ខ្ញុំទៅប្រទេសជប៉ុន ក៏ស្នើអោយគាត់ទិញ​តាំងពី​ស្វាយ ទិញតាំងម្រេច តាំងពីស្អីៗ ជាផលិតផលដែលយើងមាន។

នៅឆ្នាំខាងមុខ ប្រាក់ខែអប្បបរមារបស់កម្មកររោងចក្រមិនតិចជាង ១៦០ ដុល្លារអាមេរិក

បងប្អូនគិតមើលទៅ មួយ ៣ កុំ មួយ ៣ សុំ។ អ្នកណាជោគជ័យជាង? ដោយសារតែ ៣ សុំ ហ្នឹងហើយ បានជាមានវត្តមានក្មួយៗ ដែលមានប្រាក់ចំណូលមិនតិចជាង ១៦០ ដុល្លារ(អាមេរិក) មិនតិចជាង ១៥៣ (ដុល្លារ​អាមេរិក)ទេ អាហ្នឹងអប្បបរមា។ បន្តិចទៀតនឹងឡើងទៀតហើយ។ អប្បបរមានៅក្នុងប្រទេសយើង គឺមិនទាបជាង ១៦០ ដុល្លារ(អាមេរិក)ទេ នៅឆ្នាំខាងមុខនេះ ប៉ុន្តែ និយាយយ៉ាងដូច្នេះ មិនអោយក្រុម​ហ៊ុន​នានា​ដែលមាន អម្បាញ់មិញសួរនៅឯណោះ ១៨៤ ដុល្លារ(អាមេរិក) ទម្លាក់មក ១៦០ (ដុល្លារ​​អាមេរិក)​ទេ​​ណា។ អត់ទេ។ នៅទីនោះឡើងបានកាន់តែច្រើន ខ្ញុំកាន់តែទះដៃអបអរសាទរ (ស្នូរទះដៃ)។

អ្នកដែលទទួលរងផលប៉ះពាល់ពី «៣ កុំ» គឺកម្មករ និងប្រជាជន

ក្មួយៗមានលទ្ធភាព ដោយសារក្មួយបានមកធ្វើការនៅទីនេះ ឪពុកម្តាយរបស់ក្មួយៗខ្វះកម្លាំងពលកម្ម ដូច្នេះ​ វិធីដែលល្អរបស់ពួកគាត់ គឺគាត់ប្រើប្រាស់ប្រាក់ដែលក្មួយៗផ្ញើជូនទៅពួកគាត់នេះ ដើម្បីនឹងជួល ឬ​ក៏​ទិញគ្រឿងយន្តកសិកម្ម ដើម្បីបម្រើអោយការដាំដុះរបស់ពួកគាត់។ តើក្មួយៗចង់មានការងារធ្វើបន្ត ឬក៏​ចង់​ឈប់? ខ្ញុំចង់សួរបន្តិច តើចង់ធ្វើការងារបន្ត ឬក៏ចង់ឈប់? ឥឡូវ បើថាចង់បន្ត ទះដៃមួយទៅ (ស្នូរទះ​ដៃ)។ គាំទ្រអាអ្នក ៣ សុំ ទៅ កុំគាំទ្រអាអ្នក ៣ កុំ។ អាអ្នក ៣ កុំ គឺចង្រៃផុតលេខ ផុតពូជតែម្តង។ យើង​គិត​មើល កុំអោយគេផ្តល់ជំនួយ​ តើអ្នកណាគេជាអ្នកទទួលផលប៉ះពាល់? មិនមែន ហ៊ុន សែន ទេ គឺប្រ​ជា​ជន​ អាហ្នឹងមួយទៅ។ កុំអោយគេវិនិយោគ តើផលប៉ះពាល់អ្នកណាទៅ? គឺក្មួយៗកម្មករដែល​ត្រូវរក​ការ​ងារ​ធ្វើនេះ។ កុំអោយគេទិញទំនិញ តើផលប៉ះពាល់ទៅអ្នកណាទៅ? គឺក្មួយៗនោះហើយ មិនមែន ហ៊ុន សែន ទេ ហ៊ុន សែន មិនស្លាប់ទេ ប៉ុន្តែ អ្នកដែលស្លាប់ គឺប្រជាជន។

ពួក «កុំ ៣» មកតាំងខ្លួនជា «អ្នកទារ ៣»

គេមិនបានគិតអំពីជីវិតរបស់ប្រជាជនទេ ប៉ុន្តែ អ្វីដែលគេគិត គឺអំណាចរបស់គេ និងការបំផ្លិច​បំផ្លាញ​របស់​គេ ចំពោះពលរដ្ឋរបស់ខ្លួនដោយគ្មានការអៀនខ្មាស ហើយពេលខ្លះគេមកតាំងខ្លួនជាអ្នកទារ​ ៣ យ៉ាង។ ទារ​ដូររបប ហ្នឹងពូកែណាស់ ដូរឬមិនដូរៗ ស្រែកហើយ​ ចង់ដូរប្រកាច់ទៅត្រង់ណា អត់ដឹងថាស្អីទេ? ដូរឬ​មិន​ដូរៗ។ យើងធ្វើដូររួចហើយ ដូរតាំងពីប្រទេសមានសង្គ្រាមរហូតមកប្រទេសមានសន្តិភាព ដូរតាំងពី​ក្មួយ​អត់ស្បែកជើងពាក់ ឥឡូវ សុទ្ធតែអេស្កាប៉ាំង ខ្វៀ តើអាហ្នឹងវាមិនដូរឬស្អី? មិនមែនទាល់តែដូរ​នាយក​រដ្ឋមន្ត្រី​បានគេហៅថាដូរទេ? …

យើងត្រូវពិនិត្យមើលអំពីស្ថានភាព ពីប្រាក់បៀវត្សត្រឹមតែ ៤០ ដុល្លារ(អាមេរិក) ហើយមុនឆ្នាំ ១៩៩៧ បៀ​វត្សយើងពេលនោះ គឺត្រឹមតែ ៣០ ដុល្លារ(អាមេរិក)ប្លាយទេ ប៉ុន្តែបៀវត្សរបស់យើងបានឡើងជាបណ្តើរ​ៗ រហូតមក ដល់ ១៥៣ ដុល្លារ(អាមេរិក) ហើយនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត។ កម្មករ/រិនីរបស់យើង​បាន​ទទួលក្នុងរង្វង់ ១៧០ (ដុល្លារសហរដ្ឋអាមេរិក) ទៅ ១៨០ ដុល្លារសហរដ្ឋអាមេរិក តើនេះវាជាផល​ប្រ​យោជន៍​ទេ? ការទាមទារដូរៗ គិតតែពីដូរ ហើយទោះបីតម្លៃណាក៏ដោយ គិតតែពីដូរ? មួយទៀតខ្ញុំ​និ​យាយ​​អាទារ ៣ យ៉ាង។ អា​ ៣ កុំ ហើយ អាទារ ៣ យ៉ាង ទៀត ទារអី? ធ្វើឯងមកទារដំឡើងប្រាក់ខែ ដើម្បី​យក​ទឹកចិត្តកម្មករ។ កម្មករ/រិនីរបស់យើងកុំភ័ន្តច្រឡំ អ្នកដែលមានលទ្ធភាព ដើម្បីចរចាដំឡើងបៀ​វត្ស​អោយ​ក្មួយៗ គឺមានតែរាជរដ្ឋាភិបាលប៉ុណ្ណោះ គ្មានបាតដៃពួកប្រឆាំងទេ គ្មានបាតដៃបក្សដែលនៅ​ក្រៅ​រដ្ឋា​ភិបាលទេ។ សុំកុំភ័ន្តច្រឡំ។

មិនមែនប្រាក់ដែលក្មួយៗបានទទួលនេះ វាបានចេញមកពីការទាមទាររបស់បក្សប្រឆាំងទេ។ បាតុកម្ម​ធ្វើ​ម៉ោង ២ យប់? តើកម្មករណាធ្វើការទាមទារម៉ោង ២ យប់? ដល់ឥឡូវ ស្រែកថាបាត់មនុស្ស ចុះអ្នកឯង​មាន​បានមកចុះឈ្មោះធ្វើបាតុកម្ម ឬអត់? អ្នកឯងធ្វើបាតុកម្មម៉ោង ២ យប់ តើជាបាតុកម្មស្អី? ជាបាតុកម្ម​ផ្តួល​រំលំ។ ហើយដឹងថាមនុស្សអ្នកឯងមកចូលរួមប៉ុន្មាន អីប៉ុន្មាន អ្នកណាទៅដឹង? ជួនកាលវាទៅ​គ្រឿង​ញៀន​ឯណា … រួចហើយមកអោយរដ្ឋាភិបាលរក។ អាហ្នឹងត្រូវចាប់ពួកមេបាតុកម្មមកដាក់ខ្នោះ ទើបវា​ត្រូវ។ ថ្ងៃណាមួយ ខ្ញុំនឹងនិយាយបញ្ហាហ្នឹងជាមួយពួកអង្គការសហប្រជាជាតិ អ្នកឯងស្រាវជ្រាវ អ្នកឯង​ត្រូវ​ចាប់ពួកអាមេបាតុកម្មយកមកសួរចម្លើយ តើមនុស្សប៉ុន្មាននាក់ដែលអ្នកឯងគ្រប់គ្រងបាតុកម្ម? ម៉ោង ២ យប់ អ្នកណាទៅកត់ត្រាមនុស្សឃើញ? … ក្រែងយើងរាល់ថ្ងៃ ក្មួយៗ​ ចូលធ្វើការសុទ្ធ​តែកា​មេរ៉ា​សុវត្ថិ​ភាព​អី? ចូលទៅ ចូលមិនស្រួលគេខ្លាចចោរប្លន់ រោងចក្រខ្លះ គេសុទ្ធតែមានសុវត្ថិភាព ទាល់តែមាន​កាត​ពិសេស​អីណាទៅទៀត។ ឯងទៅធ្វើបាតុកម្មម៉ោង ២ យប់ ហើយថាទាមទារប្រាក់ខែ។ រួចមកគោះទ្វារ​តំបន់​សេដ្ឋកិច្ចពិសេស ទាល់តែទូតជប៉ុនគេហៅទៅស្តីឲ្យ​ទេតើ។

ទារទី ១ ដូរ។ ទារទី ២ ដំឡើងប្រាក់ខែ។ អានេះ គេប្រឹងទារដែរ។ ទារទី ៣ ទារធ្វើបាតុកម្ម។ សូម្បីតែ​កម្មករ​​ខ្លះមិនព្រមធ្វើបាតុកម្មទេ ប៉ុន្តែ គេទៅគំរាមកំហែង។ ថ្ងៃក្រោយ អត់បានទេ សូមជម្រាបជូន។ សិទ្ធិ​របស់​អ្នកឯងធ្វើបាតុកម្ម កូដកម្ម ធ្វើប៉ុន្មាននាក់ទៅ កុំទៅរារាំងអ្នកដទៃទៀត ដែលគេចង់ធ្វើការ ឲ្យមក​ចូល​រួម​បាតុកម្មជាមួយខ្លួន។ ខ្លួនបានទៅទម្លាយទ្វាររោងចក្រ ឲ្យកម្មករចេញមកធ្វើបាតុកម្ម តើនេះជាទង្វើ​ទទួល​ខុសត្រូវទេ? ខ្ញុំបាននិយាយហើយ មិនឲ្យរឿង ២០១៣ វិលត្រឡប់មកវិញទេ។ ចំណុចអស់ទាំងនេះ ជាកិច្ចខិតខំមួយរបស់យើង ដែលយើងបានធ្វើឲ្យស្ថានភាពនៅប្រទេសរបស់យើងមានការប្រែប្រួល។

ប្រាក់ឈ្មួលអប្បបរិមារបស់កម្ពុជាមានភាពល្អប្រសើរជាងបណ្ដាប្រទេសក្នុងតំបន់មួយចំនួន

ខ្ញុំសូមគូសបញ្ជាក់ក្មួយៗ ដើម្បីក្មួយៗអាចមើលឃើញ។ នៅក្នុងប្រទេសរបស់យើង ប្រាក់បៀវត្សរាប់​ពី​ឆ្នាំ ១៩៩៧ ត្រឹមតែ ៤០ ដុល្លារ ហើយមកដល់ពេលនេះ យើងមាន ១៥៣ ដុល្លារ បូកនឹងអត្ថប្រយោជន៍​ដទៃ​​ទៀត គឺ ១៧០ ទៅ ​១៨០ ដុល្លារ។ ប៉ុន្តែ យើងនិយាយអំពីអប្បបរមា ជាមួយនឹងកិច្ចការងារនេះ ប្រទេស​ដទៃ ខ្ញុំសុំរៀបរាប់ដើម្បីយើងទាំងអស់គ្នាអាច​យល់ ហើយក្មួយៗអាចបើកមើលវ៉ែបសាយត៍ខ្លួនឯង កុំឲ្យ​ថា​ពូ ឬក៏តានេះនិយាយខុស។ ប្រទេសបង់ក្លាដេស​ពេលនេះ ទើបនឹងមានប្រាក់ឈ្មួលអប្បបរិមា ៦៧ ដុល្លារ​ទេ, ប្រទេសស្រីលង្ការទើបមាន ៦៧​ ដុល្លារទេ, ប្រទេស​ឥណ្ឌាទើបនឹងមាន​ ៧៧ ដុល្លារ, ប្រទេស​ភូមា​ដែលហៅថាមីយ៉ាន់ម៉ានេះ មាន ៧៩ ដុល្លារ, ប្រទេសឥណ្ឌូនេស៊ី​មាន ៩៩ ទៅ​ ២៤៩, ប្រទេស​ឡាវ​មាន ១១០, ប្រទេសវៀតណាមមាន​ ១១៣ ទៅ ១៦៥, ប្រទេសប៉ាគីស្ថានមាន ១៣៤, ប្រទេសចិនពី ១៧០ ដល់ ៦០០, ប្រទេសថៃ ២៥០ ឬហៅថា ៣១០ បាតក្នុងមួយថ្ងៃទៅតាមអត្រាប្ដូរ​ប្រាក់, ប្រទេស​ម៉ា​ឡេស៊ី ៣០០ ប្រទេសសាំងហ្គាពួរ ៨៤០, និងហ្វីលីពីនពី ១៣៩​ ដល់ ១៥៧។ អញ្ចឹងមាន​ប្រទេស​​ច្រើន​ណាស់ ដែលតម្លៃប្រាក់ឈ្មួលកម្មករមានទាបជាងយើង។ ឯយើងក៏នៅទាបជាងប្រទេសមួយចំនួន ក៏ប៉ុន្តែ … យើងបាន និង​កំពុងទាក់ទាញការវិនិយោគមក​កាន់តែ​ច្រើនថែមទៀត។

រាជរដ្ឋាភិបាលបានធ្វើកិច្ចការសំខាន់ៗ ទាក់ទាញវិនិយោគ ដើម្បីកម្មករមានការងារធ្វើ

ដើម្បីក្មួយៗមានប្រាក់ចំណូលបែបនេះ រាជរដ្ឋាភិបាលធ្វើការងារច្រើនណាស់ ទាក់ទងនឹងធ្វើ​យ៉ាង​ម៉េចឲ្យ​ប្រទេស​មានសន្ដិភាព បើគ្មានសន្ដិភាព គឺនឹងគ្មានការអភិវឌ្ឍនោះទេ។ ធ្វើយ៉ាងណាកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់នានា ដើម្បីបម្រើឲ្យការវិនិយោគជាផ្លូវថ្នល់ ជាផ្លូវដែក ជាកំពង់ផែ ជាព្រលាន​យន្ដហោះ ជា​អគ្គិសនី។ រកវិធីបន្ថយនូវប្រាក់ គេហៅថាថ្លៃដើម ថ្លៃអគ្គិសនី ដើម្បីផ្ដល់នូវលទ្ធភាពដើម្បីឲ្យគេ​ផលិត​បាន ហើយ​តាមរយៈការផលិតបាននោះ ក៏មានការខិតខំដើម្បីជម្រុញឲ្យគេតម្លើងបៀវត្សសម្រាប់កម្មករ​របស់​យើង​​។ បញ្ហាពន្ធដារមួយចំនួន ក៏ត្រូវបានសម្រួលដូចជាពន្ធកាត់ទុកជាដើម ឬក៏ថាមិនអនុវត្តនូវប្រាក់ពន្ធ​រយៈពេលប្រាំបួនឆ្នាំ។

នោះហើយសុទ្ធតែជាការខិតខំទាក់ទាញគេមកហើយ ផលិតទំនិញអាចនាំចូលទៅ​ប្រកួតប្រជែងនៅទីផ្សារ​ដទៃ បូកជាមួយនឹងភាពចំណេញរបស់គេត្រូវផ្ដល់ត្រលប់មកវិញឲ្យកម្មកររបស់យើង។ នេះហើយគឺជា​ការ​គិត​របស់យើង។ មានរឿងច្រើនទៀតដែលយើងត្រូវធ្វើ ដើម្បីឲ្យកម្មកររបស់យើង​មានការងារធ្វើ​។ ឥឡូវ​កម្មករ​របស់យើងក្រៅពីជាងមួយលាននាក់ដែលមានការងារធ្វើ យើងនៅមានអ្នក​ដែលធ្វើការជាប្រយោល​ចំនួន​ជាងបីលាននាក់បន្ថែមទៀត នេះមិនទាន់បូកកម្មករសំណង់ និងកម្មករនៅតាម​បណ្ដាសណ្ឋាគារ​ផង។ នេះជាស្ថានភាពដែលខ្ញុំលើកបញ្ជាក់ ហើយរឿងនេះ គឺជារឿងដែលយើងត្រូវធ្វើទាំង​អស់គ្នា។ ស្ថាន​ភាព​ដែលយើងបានបង្កើតឡើងនេះ វាបានចេញមកពីការខិតខំរួមទាំងអស់គ្នា។

និយោជក និងកម្មករ និយោជិតជាដៃគូការពារផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក

ខ្ញុំអរគុណចំពោះ​សហគ្រាសទាំងឡាយ នៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់​ធ្វើការសម្រប​សម្រួល​​នានា ហើយទំនាស់​ក្នុងវិស័យការងារក៏បានកាត់បន្ថយជាអតិបរមា។ ខ្ញុំនៅតែបន្តការអំពាវនាវឲ្យ​មាន​​សាមគ្គីភាព​នៅក្នុងចំណោម​កម្មករគ្នាឯង និងមានសាមគ្គីភាពរវាងកម្មករ និងនិយោជក ឬនិយាយ​មួយ​បែបថា ​រវាង​ម្ចាស់រោងចក្រជាមួយ​នឹងកម្មករ/ការិនី។ ម្ចាស់រោងចក្រត្រូវចាត់ទុក​កម្មករ/ការិនី​របស់​យើងគឺជាគូជីវិត​ដែល​មិ​នអាចខ្វះបាន។ ថៅកែបើគ្មានកម្មករទេ គេមិនមែនហៅថៅកែទេ ឯចំពោះកម្មករ​វិញ បើគ្មានរោងចក្រក៏​គ្មាន​ឈ្មោះថាកម្មករដែរ។ បើខ្លួនទៅស្ទូងស្រូវច្បាស់ជាកសិករហើយ។​ ដូច្នេះភាគី​ទាំង​ពីរ​សុទ្ធតែមាន​ផលប្រយោជន៍រួមគ្នា ដើម្បីការពារឆ្នាំងបាយ មិនត្រឹមតែការពារឆ្នាំងបាយទេ ប៉ុន្តែត្រូវ​ពង្រីក​មុខ​ម្ហូបឲ្យកាន់​តែឆ្ងាញ់​ទៅៗ គឺការឡើងបៀវត្ស។ មិនមែនឡើងឆ្នាំហ្នឹងហើយ ឆ្នាំ​ក្រោយ​ឈប់ទេ ចេះតែឡើងជា​បន្តបន្ទាប់។

អាទិត្យជួបប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងជំនួយការ ពុធចុះតាមរោងចក្រជួបកម្មករ

ខ្ញុំអរគុណ ហើយថ្ងៃក្រោយនេះប្រហែលជានៅទីនេះមានមេក្រុម មានមេផ្នែក មានប្រធានរដ្ឋបាល​ស្អីៗ​ នឹង​ទៅ​ជួប​ខ្ញុំមួយសាទៀត នៅមានមួយចំនួនទៅជួបខ្ញុំទៀត។ ឥឡូវ ក្នុងមួយអាទិត្យខ្ញុំយកពីរថ្ងៃ មួយថ្ងៃគឺ​យក​​ថ្ងៃអាទិត្យ ដើម្បីជួបជាមួយនឹងគេហៅថាប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងអ្នកជំនួយការ​អីផ្សេងៗ​នេះ ដើម្បីនិយាយ។ ហើយយករៀងរាល់ថ្ងៃ ពុធ ចុះទៅតាមបណ្ដារោងចក្រជួប​តិចជួប​ច្រើន​គឺចេះ​តែ​​​និយាយ។ ហើយប្រធានបទវាមិនទៅណាឆ្ងាយទេ វានៅតែប៉ុណ្ណឹង ហើយអាពាក្យ ៣ កុំ និង ៣ សុំ ហ្នឹង​គឺជា​​ទ្រឹស្ដី​របស់​ខ្ញុំ​តែម្ដង។ ៣ កុំ “កុំផ្ដល់ជំនួយ កុំមកវិនិយោគ កុំទិញទំនិញ” ពីកម្ពុជា។ សូម​ប្រជា​ពលរដ្ឋ​​កម្ពុជា​មិនថាកម្មករនោះទេ ប្រជាពលរដ្ឋកម្ពុជាវិនិច្ឆ័យខ្លួនឯង តើទង្វើនេះជាទង្វើស្នេហាជាតិ ឬទង្វើក្បត់​ប្រជាជនខ្លួនឯង សម្លាប់ប្រជាជនខ្លួនឯង។

ឯមួយទៀតបីសុំ “សុំឲ្យគេផ្ដល់ជំនួយ សុំឲ្យគេមកវិនិយោគ សុំឲ្យគេ​មកទិញទំនិញ” ពីកម្ពុជា តើនេះជា​​ទង្វើ​អ្វី? ប៉ុន្តែជាកុសលល្អ ប្រជាជនកម្ពុជានៅតែជឿទុកចិត្តចំពោះគណបក្ស​ប្រជាជន នៅតែជឿលើការ​ទុក​ចិត្ត​លើការដឹកនាំរបស់ខ្ញុំ បានជាកិច្ចការជាច្រើនបានបង្កើតរាប់ទាំងវិស័យ​ទេសចរណ៍របស់យើងកើន​​ឡើង​ដល់​ទៅ ៥ លាន ៥ សែននាក់ ដែលពីមុនសូន្យទេសចរណ៍ ឥឡូវ ៥ លាន ៥ សែន នាក់ទេសចរ ដែល​ជាចំនួនមួយដ៏ធំ។

កិច្ចការសំខាន់ដើម្បីកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺរក្សាការពារសន្តិភាព និងការអភិវឌ្ឍ

ឥឡូវនេះ តើការងារទៅមុខរបស់យើងត្រូវធ្វើអ្វី? ចំណុចនេះ​ទើបជាចំណុចដែលសំខាន់ មិនអន់ជាង​ការ​រំលឹក​ពី​អតីតកាលដ៏ឈឺចាប់របស់យើងនោះទេ ព្រោះនយោបាយ​ឧស្សាហកម្មរបស់យើង ឆ្ពោះទៅកាន់ ២០២៥ និងនយោបាយ​បង្កើនប្រាក់ចំណូលពីប្រទេសដែលមានប្រាក់​ចំណូលមធ្យមកម្រិតទាប ទៅជាប្រ​ទេស​​ដែល​មាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ តម្រូវឲ្យ​យើងធ្វើកិច្ចការជា​ច្រើនលើ​គ្រប់​វិស័យ ដែលនៅ​ក្នុង​នោះវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា ​គឺជាវិស័យគ្របដណ្ដប់ ដើម្បី​យើង​ជម្រុញការ​លូតលាស់នៃប្រទេសរបស់យើង។

រឿងដំបូងសំខាន់​ពីរយ៉ាង ដែលក្មួយៗក៏ដូចជាប្រជាពលរដ្ឋនៅ​ទូទាំងប្រទេសត្រូវចងចាំ ហើយ​ត្រូវ​ការពារ​​ឲ្យ​ខានតែបាន នោះគឺត្រូវរួមគ្នារក្សាឲ្យបាននូវសន្ដិភាព និងការ​អភិវឌ្ឍ។ សន្ដិភាព និងការអភិវឌ្ឍ​ជាចំ​ណង​ទាក់ទងពីរមិនអាចបេះចេញពីគ្នាបានឡើយ។ បើគ្មាន​សន្ដិភាព គឺមិនអាចអភិវឌ្ឍបានទេ។ សុំក្រ​ឡេក​មើលទៅប្រទេសអ៊ីរ៉ាក់ ទៅប្រទេសលីប៊ី ទៅប្រទេសស៊ីរ៉ី ទៅប្រទេសយេម៉ែន ទៅប្រទេសម៉ាលី ទៅ​អា​ហ្រ្វិកកណ្ដាល និងទៅស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី តើពួកគេ​មានលទ្ធភាពនឹងអភិវឌ្ឍ​ទេ? អត់ទេ។

អតីតកាលរបស់យើង ១៩៥៣​ ដល់ ១៩៧០ ព្រះករុណាបិតា ព្រះអង្គបាន​ខិតខំកសាងក្នុងដំ​ណាក់​កាល​នៃ​សង្គមរាស្រ្ដនិយម។ ​បណ្តារោងចក្រ សហគ្រាសមួយចំនួន ដែលនៅសេសសល់គឺជាស្នាព្រះហស្ថនៃ​ការ​ដឹកនាំរបស់ព្រះអង្គ។ យើងពីដើម​ក៏មានរោងចក្រតម្បាញ សម្រាប់ផលិតនូវសាច់ក្រណាត់ ទោះបីវា​មិន​ល្អ ក៏ប៉ុន្តែជាប្រទេសមួយដែលមានការ​លូតលាស់ក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ ដែល​ផលិត​បានជាក្រណាត់ផាឌិប ក្រណាត់ទេសឯក ក្រណាត់ឈុនទីវ សម្រាប់ការប្រើប្រាស់ និងមានក្រ​ណាត់​កាគីផងដែរសម្រាប់​ផលិត​ខោអាវទាហាន ខោអាវប៉ូលីស កាលពីពេលនេះ។

ប៉ុន្តែសង្គ្រាមវាបានបំផ្លាញអស់ទៅ។ យើងបាន​ប្រឹងប្រែងស្តារឡើងវិញ នូវបណ្ដារោងចក្រសហគ្រាស ដែល​បន្សល់ទុកដោយសម័យសង្គមរាស្ត្រនិយម ប៉ុន្តែ​មិនគ្រប់គ្រាន់ទេ។ យើងត្រូវដឹងថា បើសិនពេល​នោះ ទុកលទ្ធភាពថ្វាយព្រះករុណាព្រះបិតា ព្រះអង្គបន្តការដឹកនាំ ប្រហែលជាប្រទេសយើងមិនដល់​ថ្នាក់​ប៉ុណ្ណឹងពេកទេ។ ឆ្នាំ ១៩៦៩ ប្រាក់ចំណូលរបស់ពលរដ្ឋ​ខ្មែរមា្នក់មាន​រហូតទៅដល់ ២៦០ ដុល្លារ ក្នុងពេល​ដែលកូរ៉េខាងត្បូងពេលនោះតែ ៧៤ ដុល្លារទេ។ ប៉ុន្តែឥឡូវនេះ កូរ៉េខាង​ត្បូងមានប្រាក់ចំណូលជិត ៥ ម៉ឺន​ដុល្លារ អាមេរិកក្នុងម្នាក់ កម្ពុជាទើបតែបានជិត ១៤០០ ដុល្លារទេ។ ដោយ​សារអី? ដោយសារ​សង្គ្រាម​វា​បំ​ផ្លាញ។ មិនចាំបាច់ទៅនិយាយពីអ៊ឺរ៉ាក់ ឬប្រទេសដទៃដែលកំពុងមានសង្គ្រាម​ហែកហួរទេ និយាយពី​អតីត​កាលរបស់កម្ពុជា យើងអត់មានអភិវឌ្ឍអីបានទេ។ ប៉ុន្តែនៅពេលដែលយើងមាន​សន្តិភាព ឥឡូវនេះ យើង​បាន និងកំពុង​អភិវឌ្ឍ​ហើយ។

ស្ពានធំៗឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ដែលដូនតាយើងពីមុនមិន​ដែល​បាន​ស្គាល់។ ឥឡូវ​ស្គាល់​ហើយ។ ឆ្លងដៃសមុទ្រក៏យើងបានស្គាល់ហើយ ស្ពាន​អាកាស ស្ពានក្រោមដី យើងបាន​ឃើញ​ហើយ​។ (អ្នក) ខ្លះគេដៀមដាមអោយខ្ញុំ គេថាមានមួយអួតអី? ស្រុកគេ​មានរាប់រយ គេមិនទាំងអួតផង។ បាន​​ខ្ញុំ​ឆ្លើយតបទៅវិញថា ដោយសារមានអាមួយហ្នឹងហើយបានខំអួត ព្រោះ​វាមិនដែលមាន។ បើគេមាន​ពី​​មុន​មក​ចាំបាច់អួតធ្វើអី? ប៉ុន្តែវាមិនដែលមាន ដល់មិនដែលមាន ប្រឹងអួតគេទៅ អា(ស្ពានអាកាស)​ក្បាល​ថ្នល់ ដល់ឥឡូវលែងអួតហើយព្រោះវាច្រើនហើយ ដូចជា(ស្ពានអាកាស)ស្ទឹងមានជ័យ​, ៧ មករា ឥឡូវ​​កំពុងធ្វើថែម​បន្ត​ទៀត។

អញ្ចឹងទេ នេះជាចំណុចដែលយើងខិតខំរួមគ្នា គ្មានជោគជ័យណាមួយដែលយើងអាច​ទទួល​បាន​ដោយ​គ្មានការចូលរួមជាមួយគ្នានោះទេ ក៏ប៉ុន្តែខ្ញុំជឿជាក់ទៅលើប្រជាជនកម្ពុជារបស់យើង​ដែលបាន​ភ្លក់​រសជាតិ​នៃការបាត់បង់ដោយសារសង្គ្រាម និងអំពើប្រល័យពូជសាស​ន៍ និងបណ្ដោយឲ្យជនអាក្រក់​មកគ្រប់គ្រង​ប្រទេស​ដូចអតីតកាលនោះទេ។ សន្តិភាពត្រូវតែបន្តមានវត្តមាននៅលើទឹកដីដ៏កម្សត់របស់យើងក្នុង​រយៈ​ពេល​​នៃ​ការ​ដែលយើងមានសន្តិភាព ដែលជាឱកាសមាស និងជាឱកាសពេជ្រសម្រាប់យើង យើងត្រូវតែ​អភិវឌ្ឍ។ ចំណង​ទាក់ទងពីរនេះគឺទាមទារគ្នាខ្លាំងណាស់ មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមាន​ការ​អភិវឌ្ឍ ទើបរក្សាបាន​សន្តិភាព។ គ្មានការញាំញីដោយភាពក្រីក្រណាមួយ និងអយុត្តិធម៌សង្គម វាបាន​រក្សា​ទុកសន្តិភាព​នោះទេ ព្រោះ​ប្រជាជនអត់ឃ្លាន អត់បាយអត់ទឹក ពួកគាត់នឹងត្រូវធ្វើសកម្មភាពដោយ​​ឯក​ឯងតែម្តង ដូច្នេះហើយ​បានជា​យើង​ត្រូវពន្លឿនកម្មវិធីនៃការអភិវឌ្ឍទាំងអស់ និងកំណែទម្រង់លើ​គ្រប់​វិស័យ។

ទី ១៖ រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ

ម្យ៉ាងទៀតកិច្ចការនេះ យើងក៏​ត្រូវបន្តជាមួយនឹងកិច្ចការ ក្រៅពីកិច្ចការធំទាំង ២ សន្តិភាព និងការអភិវឌ្ឍ ដែល​ត្រូវធានាឲ្យខានតែបានសម្រាប់ការលូតលាស់នៃប្រទេសរបស់យើងនេះ។ ខ្ញុំមានចំណុច ៥ យ៉ាង​ដើម្បីលើកឡើងជាចំណុចផ្តល់អនុសាសន៍ និងរួមគ្នាដើម្បីធ្វើ។ មិនមែនជាអនុសាសន៍ទេ ប៉ុន្តែជាក្រប​ខណ្ឌ​គោល​នយោបាយរបស់យើង សម្រាប់ការអភិវឌ្ឍ ហើយដែលភាគច្រើនគ្របដណ្តប់ទៅលើវិស័យ​ទាក់​ទងជាមួយនឹងកម្មករនេះឯង។

កិច្ចការទី ១ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរ​ភាព​ការងារ។ ចំណុចនេះក៏មិនខុសពីចំណុចខាងលើដែរ ក៏ប៉ុន្តែខ្ញុំសង្កត់ធ្ងន់ទៅលើចំណុចជាក់​លាក់​ដែលថា បើគ្មានសន្តិភាព គ្មានស្ថេរភាពនយោបាយ គ្មានសន្តិសុខសណ្តាប់ធ្នាប់សង្គម, សុវត្ថិភាព​ការ​ងាររបស់យើង ស្ថេរភាពការងាររបស់យើងក៏មិនត្រូវបានធានាដែរ។ ខ្ញុំអរណាស់ជាមួយនឹងតំបន់សេដ្ឋ​កិច្ច​ពិសេសភ្នំពេញ ដែលមានតំបន់រស់នៅសម្រាប់កម្មករ ហើយដែលមានការគ្រប់​គ្រងដ៏ល្អសម្រាប់​នៅទី​នេះ។ អរគុណណាស់ បន្តការរៀបចំបែបនេះតទៅទៀត។ គ្មានសុវត្ថិភាពការងារណាមួយ សន្តិសុខការ​ងារ​ណាមួយ កើតឡើងដោយសារតែអស្ថេរភាពដូចជាកាលពីឆ្នាំ ២០១៣ មានអ្នកមកគោះទ្វារ ដើម្បីឲ្យ​កម្មករ​ចេញទៅធ្វើបាតុកម្ម។ បើតំបន់រោងចក្ររបស់កូរ៉េនោះ មានអ្នកចូលទៅដេញកម្មករចេញ ដើម្បីឲ្យ​ចូល​រួម​ធ្វើបាតុកម្ម។ តើនេះជាសុវត្ថិភាពការងារទេ? តើវាជាស្ថេរភាពការងារទេ? វាមិនមែនទេ។

មាន​តែ​ការរួមគ្នា​ ទាំងអាជ្ញាធរ ទាំងកម្មករ និយោជិត ទាំងនិយោជក ត្រូវរួមគ្នាធ្វើម៉េចឲ្យមាន​​ស្ថេរភាព​ការ​ងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការកំចាត់ចោលនូវពួកគ្រឿងញៀន ពួកបងធំ បងតូច ក៏ត្រូវតែធ្វើ ដើម្បី​​ធ្វើយ៉ាងម៉េចឲ្យកម្មកររបស់យើងមានសុវត្ថិភាព។ នេះជាចំណុចទី ១ ដែលខ្ញុំចង់និយាយទៅកាន់​កម្មករ/​​រិនី ក៏ដូចជាម្ចាស់រោងចក្រ ហើយក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានកូនចៅនៅទីនេះ​ឬ​ក៏​ខ្លួនត្រូវធ្វើ ដើម្បីសន្តិសុខរបស់ប្រទេស។ សូម្បីតែស្រែចំការក៏មិនអាចធ្វើបានដែរ បើវាគ្មានសន្តិសុខនោះ គ្មានស្ថេរភាពនោះ។

កិច្ចការទី ២ ធ្វើរួមគ្នា៖ រួមគ្នារក្សាការងារ និងបង្កើតការងារ

ឯចំណុចទី ២ រួមគ្នារក្សាការងារ និងបង្កើតការងារ។ ចំណុចនេះកាន់តែសំខាន់ អម្បាញ់មិញខ្ញុំបានសួរថា តើចង់រក្សាការងារ ចង់មានការងារធ្វើ ឬក៏ចង់ឈប់? ការរក្សាបានការងារគឺជាបញ្ហាសំខាន់។ ដើម្បីរក្សា​បាន​ការងារ វាទាល់តែយើងទាំងអស់គ្នាប្រឹងប្រែងរួមគ្នា ដើម្បីកុំឲ្យម្ចាស់រោងចក្រ គេដករោងចក្រទៅបង់​ក្លា​ដេស ដករោងចក្រទៅស្រីលង្ការ ដករោងចក្រទៅមីយ៉ាន់ម៉ា ដករោងចក្រទៅឡាវ ឬដករោងចក្រទៅប្រ​ទេស​ផ្សេង។ ប្រយ័ត្នឆ្នាំងបាយនេះត្រូវបែក អ្នកដែលគ្រោះថ្នាក់មុនគេគឺកម្មករ មិនមែនអ្នកដែលមាន​ប្រាក់​កាស​នោះទេ មិនមែនថៅកែរោងចក្រនោះទេ។ ថៅកែរោងចក្រ គាត់អាចខាតបង់ គាត់ជំពាក់ធនាគារ ក៏​ប៉ុន្តែ​​ឲ្យគាត់អត់បាយអត់ទឹកដូចយើង គឺគាត់មិនអាចអញ្ចឹងទេ។ ប៉ុន្តែ ក្មួយៗទៅវិញទេ ដែលជាអ្នកត្រូវ​ត្រ​​ឡប់ទៅមុខរបរដើម គឺទៅជួយស្ទូងស្រូវ ទៅច្រូតកាត់ ឬក៏ទៅដាំដុះជាមួយនឹងឪពុកម្តាយរបស់ខ្លួន ក្លាយ​​ខ្លួន​ទៅជាកសិករវិញ។

យើងទាំងអស់គ្នាត្រូវរក្សាឲ្យបាននូវការងារនេះ  ហើយត្រូវរួមគ្នា ដើម្បីខិតខំបង្កើតការងារធ្វើបន្ថែមទៀត។ សល់​​ដីមួយចំនួន មិនមែនជាដីទុកសម្រាប់ការជួបជុំរបស់យើងនៅទីនេះរៀងរហូតទេ ច្បាស់ណាស់នឹង​ទាក់​ទាញ​បណ្តារោងចក្រមកវិនិយោគនៅទីនេះ។ ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន អំពាវនាវឲ្យ​ជប៉ុន ទៅកាន់ប្រទេសចិន អំពាវនាវឲ្យចិន ទៅកន្លែងណាអំពាវនាវ ត្រង់ហ្នឹង ដើម្បីសុំឲ្យគេមកវិនិយោគ។ ក្មួយៗមិនត្រូវភ្លេចថា ទន្ទឹមនឹងក្មួយៗមានការងារខ្លួនឯងហើយ ក្មួយៗនៅមានប្អូន ហើយថ្ងៃក្រោយ​ក្មួយៗ​អាចមានកូនទៀត ដើម្បីនឹងបន្តការងារ។ អញ្ចឹងទេ យើងត្រូវពង្រីកទំហំការងាររបស់យើងបន្ថែមទៀត។

កិច្ចការទី ១ នៃរាជរដ្ឋាភិបាល៖ ទាក់ទាញ និងសម្រួលការវិនិយោគ ពាណិជ្ជកម្ម បង្កើតលក្ខ​ខណ្ឌអនុ​គ្រោះ

អញ្ចឹងក្រៅពីការខិតខំរួមគ្នា​នៅទីនេះ រាជរដ្ឋាភិបាលត្រូវធ្វើកិច្ចការ ២ ដែលសំខាន់៖ ទី ១ ត្រូវបន្តទាក់​ទាញ​ការវិនិយោគ និងសម្រួលការវិនិយោគ សម្រួលពាណិជ្ជកម្ម ដើម្បីបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់​ការ​ចូល​មកវិនិយោគរបស់អ្នកវិនិយោគិន។ បញ្ហាមានច្រើនណាស់ សូម្បីតែច្រកគយព្រំដែន យើងបាន​ស្នើ​ចុះហត្ថ​លេ​ខា នៅក្នុងក្របខណ្ឌ ACMECS, GMS និងក្របខណ្ឌអាស៊ាន ដើម្បីថា​ច្រកគយពិនិត្យតែម្ត​ង​បាន​ហើយ។ ឧទាហរណ៍ យើង និងថៃ បើគយខ្មែរ​ពិនិត្យហើយ គយថៃមិនចាំបាច់ពិនិត្យទេ គយថៃពិនិត្យ​ហើយ គយខ្មែរមិនចាំបាច់ពិនិត្យទេ។ គយខ្មែរពិនិត្យហើយ គយវៀតណាមមិនចាំបាច់ពិនិត្យទេ គយវៀត​ណាម​ពិនិត្យហើយ គឺគយខ្មែរមិនចាំបាច់ពិនិត្យទេ។ គ្រាន់តែប៉ុណ្ណឹងចំណេញឲ្យអ្នកវិនិយោគ ស្រួលឲ្យ​អ្នក​វិនិយោគ ហើយផលចំណេញនោះវាបានទៅណា មួយផ្នែកបានម្ចាស់រោងចក្រ តែមួយផ្នែកទៀត បាន​មក​​ចែកជូនកម្មករ ដើម្បីតម្លើងបៀវត្ស។

ធ្វើខុសជេរ ធ្វើត្រូវមិនសរសើរ

ចំណុចអស់ទាំងនេះ ​រាជរដ្ឋាភិបាលខិតខំណាស់ ហើយខ្លួនខ្ញុំផ្ទាល់ក្នុងឋានៈជាស្ថាបនិកនៃសន្តិភាព សម្រាប់ប្រទេសនេះ។ មិនមែនស្ថាបនិកតែឯងទេ ប៉ុន្តែ ជាតួអង្គមួយក្នុងចំណោមតួអង្គផ្តួលរំលំរបប​ប្រល័យ​ពូជសាសន៍ ទប់ស្កាត់របបប្រល័យពូជសាសន៍ ហើយក៏ជាអ្នកអនុវត្តផ្តាច់មុខនៃនយោបាយឈ្នះ​ឈ្នះ ព្រមទាំងដំណើរការរីកលូតលាស់សេដ្ឋកិច្ចនៅទីនេះ មិនអាចមើលរំលង ឬផ្លោះរំលង ដែលមើល​មិន​ឃើញ​តួនាទីរបស់ ហ៊ុន សែន នោះទេ។ ពិតហើយ ត្រូវក៏ខ្ញុំ ខុសក៏ខ្ញុំដែរ តែកន្លងទៅ គេជេរតែអាខុស តែអាត្រូវគេមិនលើកមកនិយាយទេ សូម្បីតែសំបូរព្រៃគុកដាក់ទៅជាបេតិកភណ្ឌពិភពលោក តើគេបាន​សរ​សើរ​មួយម៉ាត់ទេ? គេអត់សរសើរទេ។ កីឡាករ កីឡាការិនីរបស់យើងឈ្នះមេដាយមាស គេបានសរសើរ​មួយ​ម៉ាត់​ទេ? គេសរសើរ ស៊ន សៀវម៉ី អត់? អត់ទេ។ រឿងនេះ បើសរសើរទៅ វាបានដល់ ហ៊ុន សែន ព្រោះ​ក្រោម​ការគ្រប់គ្រងរបស់ ហ៊ុន សែន។

អញ្ចឹងគេធ្វើដល់ប៉ុណ្ណឹង តើមានលទ្ធភាពដើម្បីគ្រប់គ្រងប្រទេសទេ បើគ្រាន់តែសរសើរជាតិសាសន៍ឯង ដូច​ជា សំបូរព្រៃគុកមិនមែនរបស់ម៉ែខ្ញុំឯណា។ ប៉ុន្តែក្រោមការដឹកនាំរបស់ខ្ញុំ សំបូរព្រៃគុក ព្រះវិហារ គឺត្រូវ​បាន​បញ្ចូលជាបេតិកភណ្ឌពិភពលោក។ តើគេបានមកចូលរួមអបអរសាទរទេ? គួរឲ្យសោកស្តាយ ពួកគេ​គ្មាន​លទ្ធភាព នឹងបំពេញកិច្ចការក្នុងឋានៈជាអ្នកគ្រប់គ្រងទីនេះ បើគ្រប់គ្រងបក្សបាន ប៉ុន្តែមិនអាចគ្រប់​គ្រង​ជាតិបានទេ។ ការទាក់ទាញវិនិយោគ និងសម្រួលផ្លូវច្បាប់ សម្រួលពាណិជ្ជកម្ម ការពង្រីក​​ហេដ្ឋា​រចនា​សម្ព័ន្ធ បន្ថែមទាំង បញ្ហាផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស។ ការបញ្ចុះថ្លៃអគ្គិសនី គឺជាគោលដៅ​នៃការ​ទាក់​ទាញវិនិយោគ ហ្នឹងកិច្ចការទី ១។

កិច្ចការទី ២ របស់រាជរដ្ឋាភិបាល៖ បើកផ្សារនៅក្រៅប្រទេសឲ្យកាន់តែធំ

កិច្ចការទី ២ ត្រូវទៅបើកផ្សារនៅក្រៅប្រទេសឲ្យកាន់តែធំ។ ខ្ញុំសង្ឃឹមថា វិស័យកាត់ដេរអាចនឹង​មានទី​ផ្សារដែលអាចពង្រីកបានថែមទៀត។ ឥឡូវជប៉ុនក៏បាននាំសំលៀកបំពាក់ពីកម្ពុជាទៅស្លៀកពាក់នៅ​ជប៉ុន​ទៅហើយ។ នៅមានរុស្ស៊ី បេឡារុស ដែលពេលដែលខ្ញុំទៅទស្សនកិច្ច ក៏បានលើកអំពីទាក់ទិននឹង​ការ​ចង់​ទិញទំនិញ ទិញសម្លៀកបំពាក់ពីកម្ពុជា។ អញ្ចឹងទេ យើងត្រូវរួមគ្នារក្សាការងារ និងបង្កើតការងារ ហើយដើម្បីសម្រេចនូវការងារនោះ យើងត្រូវធ្វើកិច្ចការទាក់ទាញវិនិយោគ និងពង្រីកទីផ្សារ។ ទីផ្សារ​កាន់​តែធំ សេចក្តីត្រូវការផលិតកាន់តែច្រើន គេដាក់រោងចក្រកាន់តែច្រើ​ន ការងារកាន់ឡើងហើយ។

៣ សុំ និង ៣ កុំ ជានយោបាយពីរ ដែលប្រជាជនត្រូវរើស នៅពេលបោះឆ្នោតខាងមុខ

អាហ្នឹង អ្នក ៣ សុំ ត្រូវតែធ្វើ។ តើអ្នកណាឈ្នះ អ្នកណាចាញ់ រវាងកុំឲ្យមកវិនិយោគ និងកុំឲ្យទិញទំនិញ នៅពេលខាងមុខ។ នេះជាការប្រកួតប្រជែងគោលនយោបាយ សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ពួក​អ្នក​​ធ្លាប់បានប្រកាសកុំផ្តល់ជំនួយ កុំមកវិនិយោគ កុំមកទិញទំនិញ ត្រូវអនុវត្តគោលនយោបាយ​របស់​អ្នក​ចុះ។ ឯខ្ញុំត្រូវបន្តអនុវត្ត ៣ សុំ សុំផ្តល់ជំនួយ សុំមកវិនិយោគ​ និងសុំជួយទិញទំនិញរបស់កម្ពុជា ក្លាយ​ទៅ​ជា​គោលនយោបាយ ២ ដែលប្រជាជនត្រូវជ្រើសរើសចុះ។ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន និងបេក្ខជននាយករដ្ឋមន្ត្រី ដែលអ្នកទាំងឡាយធ្លាប់ថា អាណត្តិទី ៦ និងអាណត្តិបន្តបន្ទាប់ ខ្ញុំនៅតែប្រ​កាស​ចេញនូវគោលនយោបាយ ៣ យ៉ាងនេះ ដើម្បីតទល់នឹងគោលនយោបាយ ៣ កុំ។ កុំដូរចិត្ត ខ្លួន​​ឯង​ធ្វើ​រាប់ឆ្នាំហើយ។ កុំមកដូរចិត្ត ហើយកុំរកវិធីខុសពីហ្នឹង។ អនុវត្តទៀតទៅ កុំផ្តល់ជំនួយ កុំមកវិនិយោគ កុំ​ទិញ​ទំនិញទៅ។ ឯខ្ញុំសុំឲ្យផ្តល់ជំនួយ សុំឲ្យមកវិនិយោគ និងសុំឲ្យជួយទិញទំនិញ ៣ ជាក្រប​​ខណ្ឌ​គោល​នយោ​បាយ។ … ខ្ញុំនឹងបន្តនិយាយជាមួយកម្មករបន្តទៀត។

កិច្ចការទី ៣ រួមគ្នាធ្វើ៖ រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង

ចំណុចទី ៣ រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ ចំណុចនេះ គឺជាចំណុចដែល​រាជ​រដ្ឋា​ភិ​បាល​ត្រូវតែរួមជាមួយនឹងវិស័យឯកជន ដើម្បីធានាធ្វើយ៉ាងណាថាកម្មករ កម្មការិនីរបស់យើង មិនត្រូវ​បាន​កាត់​បន្ថយ​នូវប្រាក់ចំណូលរបស់ខ្លួនទេ។ ឆ្នាំនេះ ១៥៣ ដុល្លារ ឆ្នាំក្រោយមិនទាបជាង ១៦០ ដុល្លារ​ទេ។ យើងត្រូវបន្តនូវការងារនេះ តាមរយៈការរៀបចំច្បាប់ស្តីអំពីប្រាក់ឈ្មួលអប្បបរមា ដែលម្សិលមិញនេះ ​ឯកឧត្តម អ៊ិត សំហេង បានធ្វើសិក្ខាសាលាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ដើម្បីឲ្យយន្តការត្រីភាគី​ពិភាក្សា​គ្នាដោយងាយស្រួល។ ធានាធ្វើយ៉ាងម៉េចឲ្យកម្មកររបស់យើងទទួលបាននូវប្រាក់ឈ្មួល។ ក្នុង​ហ្នឹង​គឺការមិនយកពន្ធលើបៀវត្សដែលមាន ១ លាន(រៀល)ចុះក្រោម។

ប្រាក់ខែក្រោម ១ លានរៀល មិនយកពន្ធ

ខ្ញុំសូមបញ្ជាក់ជូនក្មួយៗ ប្រាក់ពន្ធប្រទេសណាក៏គេធ្វើដែរ មុននេះយើង ៥០ ម៉ឺន ត្រូវយកពន្ធ ក្រោយមក ៨០ ម៉ឺនថាមិនយកពន្ធ។ ឆ្នាំកន្លងទៅនេះ ពេលដែលយើងអនុវត្ត ១ លានរៀល គឺយើងមិនយកពន្ធ ប៉ុន្តែ​បក្សក្រៅរដ្ឋាភិបាលមិនបានបោះឆ្នោតគាំទ្រទៅលើមាត្រា ពាក់ព័ន្ធទៅលើការមិនយកពន្ធលើប្រាក់បៀវត្ស ក្នុង​តម្លៃ ១ លានរៀលនោះទេ។​ យើងនឹងពិនិត្យមើលតទៅទៀត ទៅលើបញ្ហាការមិនយកពន្ធ​លើប្រាក់​បៀ​វត្ស។ តើយើងនឹងបង្កើនដល់កម្រិតណាទៀត។ ប៉ុន្តែ ជាបណ្តោះអាសន្ន ក្មួយៗមិនទាន់មានប្រាក់បៀវត្ស​ទៅ​ដល់​​មួយលានរៀលទេ ហើយបើសិនជាមួយលានរៀល ក្មួយៗប្រយ័ត្នអញ្ចេះ (ប្រយ័ត្ន)ថាទេ ខ្ញុំអត់​យក​ទេមួយលាន យកតែ ៩៩៩.៩៩៩ រៀល។ កុំឲ្យដល់ ១ លាន។ ខុសហើយ។ បើយើងប្រាក់បៀវត្ស​របស់​យើង ១ លាន ២ ម៉ឺន ១ លានហ្នឹងគេអត់យកទេ គេយកតែអា ២ ម៉ឺនទេ មក​កាត់តែ​ប៉ុន្មាន​ភាគ​​រយ​បន្តិចបន្តួច ដែលហៅថាវប្បធម៌បង់ពន្ធ។ ប្រយ័ត្នគិតខុស តិចថាទេមិនយកទេ យកមកកាត់​យក​ប៉ុន្មាន​​ភាគ​រយ។ គេយកតែអាលើសពី ១ លាន ទេ។ ដូចថាយើង ១ លាន ១ ពាន់ អា ១ លាន គេអត់គិតទេ យក​តែ ១ ពាន់ ឬ អា ១ ម៉ឺន មកគិតតែប៉ុណ្ណឹងទេ។

តអគ្គិសនី និងបណ្តាញទឹកដល់កន្លែងស្នាក់នៅកម្មករ/សម្រួលបញ្ចុះថ្លៃភ្លើង និងទឹក និងផ្ទះជួល

ក្រៅពីហ្នឹង កន្លងទៅ ក្រសួងសិប្បកម្ម និងឧស្សាហកម្ម, ក្រសួងរ៉ែ និងថាមពល ពិសេសគឺក្រុមហ៊ុន​អគ្គិសនី​(កម្ពុជា) រដ្ឋករទឹក បានតបណ្តាញទឹកចូលទៅកាន់ទីកន្លែង ដែលកម្មករស្នាក់នៅរួចស្រេចទៅ​ហើយ ភ្លើងក៏បានតទៅដល់នោះហើយ តំបន់(សេដ្ឋកិច្ច)ពិសេសអាចថានៅខ្វះចន្លោះប៉ុណ្ណឹង ប៉ុន្តែ ភាគ​ច្រើន យើងបានធ្វើ។ មុននេះម្ចាស់ផ្ទះ បានយកថ្លៃឈ្នួលផ្ទះពីក្មួយៗ ម្យ៉ាងថ្លៃឈ្នួលផ្ទះវាខ្ពស់ទៅហើយ តែម៉្យាង យកតម្លៃលើសរដ្ឋលក់ឲ្យ។ អ្នកដែលប្រើប្រាស់ត្រឹម ៥០ គីឡូវ៉ាត់ ចុះក្រោម ត្រឹមតែ ៤១០ រៀលតែប៉ុណ្ណោះ ក៏ប៉ុន្តែ ម្ចាស់ផ្ទះបានយកទៅដល់ ១០០០ រៀល ឬ ១៥០០ រៀល។ ទឹកក៏ដូចគ្នា ប៉ុន្តែ ឥឡូវនេះ ដើម្បីឲ្យកម្មករទទួលបានប្រាក់ខែ តែចំណាយទៅវិញតិចជាង រាជរដ្ឋាភិបាលបានខិតខំ​តាម​រយៈ​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋករទឹក តទុយោទឹកចូលទៅកាន់ទីកន្លែងផ្ទះកម្មករ តភ្លើង​ចូល​ទៅ​​ផ្ទះកម្មករ ហើយត្រូវតាមមើលពិនិត្យមើលនូវការអនុវត្តថ្លៃនេះ។ យើងបានកសាងច្បាប់ស្តីអំពី​បញ្ហាការ​ជួលផ្ទះ ហើយអំពាវនាវចំពោះម្ចាស់ផ្ទះទាំងឡាយ។ តំបន់សេដ្ឋកិច្ចពិសេសប្រហែលជាឲ្យនៅទទេទេ។ ដូច្នេះ មិនមានការចាំបាច់ទេអាហ្នឹង ប៉ុន្តែភ្លើងខាងរោងចក្រអ្នកបង់ ប៉ុន្តែ អាហ្នឹង គឺថ្លៃប៉ុន្មាន អីប៉ុន្មាន គឺ​មិន​សូវ​ទេ រឿងនៅក្នុងតំបន់ពិសេសមានលក្ខណៈពិសេសរបស់វា អាហ្នឹងហើយ គេហៅថាពិសេសនោះ។

អំពាវនាវចំពោះម្ចាស់ផ្ទះ ដែលជួលឲ្យកម្មករក្រៅតំបន់សេដ្ឋកិច្ចពិសេស សុំមេត្តាកុំតម្លើងថ្លៃហួស ឮតែ​កម្មករឡើងប្រាក់ខែ ខ្លួនឡើង(ថ្លៃផ្ទះ)ដែរ ឡើងមុនទៅទៀត ហើយឡើងនោះឡើងមិនចេះគិត។ អញ្ចឹង​សូមអំពាវនាវ។ ខ្ញុំគិតថាមានពេលណាមួយ គិតរកកន្លែងណាមួយធ្វើតែម្តង លេង ៥ ម៉ឺនបន្ទប់ ដាក់​តែ​ម្តង​មើល។ ក្រុងគិតរកមើលដីត្រង់ណា ដាក់ ៥ ម៉ឺនបន្ទប់ រួចហើយធម្មតាកម្មករ​របស់យើង​ជួល​ថោកៗ​ឲ្យ​កម្មករទៅ។ រួចព្រឹកឡើងដឹកគាត់ទៅធ្វើការ។ ប៉ុន្តែ អាហ្នឹងឆ្ងាយពីរោងចក្រពិបាកទៀត។ ឥឡូវនេះ ទឹក​ភ្លើង និងថ្លៃផ្ទះ។ ទឹក​ ភ្លើង គឺផ្នែករដ្ឋទទួលការបង់ខាតនៅទីនេះហើយ ប៉ុន្តែ ចំពោះម្ចាស់ផ្ទះ ខ្ញុំសុំធ្វើការ​អំ​ពាវ​នាវឲ្យមានការយោគយល់។ កូនគេ កូនយើង ប្អូនគេ ប្អូនយើង ដែលមករស់នៅទីនេះ។ បើសិន​ជា​ឡើង ក៏ឡើងក្នុងកម្រិតណាមួយ មិនគួរគ្នាឡើងបានប្រាក់ខែប៉ុណ្ណេះ ឯងឡើងទៅប៉ុណ្ណោះនោះទេ។

កម្មករអាចជិះសេវារថយន្តក្រុងដោយសេរី ២ ឆ្នាំ

ម្យ៉ាងទៀត ក៏សុំបញ្ជាក់ជូនឲ្យបានហើយថា មិនថាកម្មករនៅទីនេះ ឬកម្មករនៅទីណាទេ ឲ្យតែកម្មករជិះ​ឡាន​ក្រុង ដោយមិនចាំបាច់បង់ប្រាក់ ក្នុងរយៈពេល ២ ឆ្នាំ។ ទាំងកម្មកររោងចក្រ ទាំងកម្មករកាត់ដេរ។ ខាង​មុខនេះ មានកម្មករច្រើនប្រភេទទៀត កម្មករធ្វើការតាមភោជនីយដ្ឋាន កម្មករធ្វើការតាមសណ្ឋាគារ។ ទៅ​ឲ្យតែមានផ្លាកកម្មករ ជិះទៅមួយសេរីទៅ។ ប៉ុន្តែ ក៏សូមបញ្ជាក់ដែរ ទៅតាមតែផ្លូវណាដែល​មាន​ឡាន​ក្រុង​ទេ។ តិចចាប់បង្ខំឲ្យរៀបចំឡានក្រុងគ្រប់កន្លែង។ ប៉ុន្តែ ក៏មិនមែនគ្រាន់តែជិះទៅធ្វើការទេ ជិះទៅជួប​សង្សារ​ក៏មិនចាំបង់លុយដែរ។ ឧទាហរណ៍ ថ្ងៃអាទិត្យ យើងសម្រាក ស្រាប់តែចេញទៅ ជិះទៅដល់​កន្លែង​ណា​មួយ ទៅចុះកន្លែងនោះ ​ណាត់ជួបសង្សារនៅចាក់អង្រែ។ អញ្ចឹងឡើងឡានហ្នឹងទៅដល់ចាក់អង្រែទៅ មាន​ទាស់ខុសអី។ ប៉ុន្តែ មានប័ណ្ណកម្មករត្រឹមត្រូវ គ្រាន់តែអះអាងថាខ្ញុំជាកម្មករ អត់បានទេ។ បែបបទ​ហ្នឹង រដ្ឋករដឹកជញ្ជូនភ្នំពេញ ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានប្រ​​កាសរួច​ហើយ។

កិច្ចការទី ៤ រួមគ្នាការពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ

កិច្ចការទី ៤ ដែលត្រូវធ្វើ នោះត្រូវផ្តោតទៅលើកិច្ចការពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ ដែលខ្ញុំយកឱកាសនេះ ដើម្បីបញ្ជាក់បន្ថែម។ មុននេះកម្មករ/ការិនីរបស់យើង បង់ប្រាក់សម្រាប់របប​សន្តិ​សុខ​​សង្គម​ផ្នែក​ថែ​ទាំសុខភាព គឺបង់ ៥០ ភាគរយ។ ​តែចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករ​​ត្រូវ​បញ្ឈប់​ការបង់ប្រាក់នេះ។ ជំនួសមកវិញ កម្មករ ម្ចាស់រោងចក្រ ត្រូវបង់ជំនួសដើម្បីឲ្យកម្មករយើងទទួល​បាន​នូវ​អត្ថប្រយោជន៍ពីការព្យាបាល។ អញ្ចឹងគិតនៅក្នុងនេះ កម្មករយើងនឹងចំណេញប្រាក់ពី ៨០០០ រៀល ទៅ ១៣០០០ រៀល ក្នុងមួយខែ នេះជាអត្ថប្រយោជន៍ ដែលកម្មករ/រិនីរបស់យើង​ទទួលបាន​ពីការ​ធានា​រ៉ាប់រងដែលរាជរដ្ឋាភិបាល គឺពួក ៣ សុំ រៀបចំដើម្បីសម្រួលជាមួយនឹងម្ចាស់រោងចក្រ តាមរយៈ​នៃការ​បន្ធូរបន្ថយពន្ធកាត់ទុក ហើយដើម្បីយកប្រាក់នេះ មកបម្រើឲ្យបញ្ហានេះ បញ្ហានោះ។

កម្មករទទួលការពិនិត្យព្យាបាលដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ ចាប់ពី មករា ២០១៨

មួយផ្នែកទៀត ខ្ញុំសូមប្រកាសនៅទូទាំងប្រទេស ចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំង​អស់ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ទាំងកាត់ដេរ ទាំងសំណង់ ទាំងកសិកម្ម ទាំងសណ្ឋាគារ និងសេវា​កម្ម​ផ្សេង​ទៀត ត្រូវបានទទួលការពិនិត្យព្យាបាលដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។ រដ្ឋគឺជាអ្នកបង់ថ្លៃ​ជំនួស ​តាមរយៈមូលនិធិសមធម៌ ដែលបាននឹងកំពុងអនុវត្តជាង ៣ លាននាក់ រួចមកហើយ។ ឥឡូវ​តាម​ការ​ប៉ាន់ស្មានរបស់ខ្ញុំ យើងដាក់បញ្ចូលប្រមាណជាង ២ លាននាក់បន្ថែមទៀត ព្រោះគ្រាន់តែនៅតាម​សណ្ឋា​គារ កម្មករប្រហែលជាចូលដល់រាប់សិបម៉ឺនឯណោះ។ ខ្ញុំសូមបញ្ជាក់ កម្មករនេះ រាប់ទាំងកម្មករ​បើក​បរផងដែរ។ កម្មករបើកបរក៏ជាកម្មករដែរតើ ព្រោះគ្នាលើកដាក់បើកបរ ត្រូវទទួលបានការពិនិត្យ និយាយរួមក្តោបយកកម្មករទាំងអស់។ ខ្ញុំបានពិភាក្សាបញ្ហានេះ​ជាមួយ ឯកឧត្ត​ម ម៉ម ប៊ុនហេង ជាមួយ​ឯកឧត្តម អ៊ិត សំហេង ជាមួយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន យើងត្រូវធ្វើការងារច្រើនសណ្ឋាន។ ក្រសួង​សុខា​ភិ​បាល ក្រសួងការងារត្រូវធ្វើការជាមួយគ្នា។

បើយោងមើលតាមខ្ញុំពិនិត្យ ធ្វើការសហការរវាងក្រសួងសុខាភិបាល ក្រសួងការងារ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សាធារណការ អាកាសចរស៊ីវិល រ៉ែ និងថាមពល ឧស្សាហកម្ម និងសិប្បកម្ម មុខងារសាធារណៈ នេះជាការងារដែល​ត្រូវ​ធ្វើ​ជាមួយគ្នា។ ឧទាហរណ៍ ក្នុងវិស័យសាធារណការ មានក្រុមហ៊ុនដឹកជញ្ជូនប៉ុន្មាន ដែលមានកម្មករ​ជាក់​លាក់ កម្មករនោះត្រូវបានទទួលការថែទាំសុខភាពអត់បង់ថ្លៃ។ ត្រូវធ្វើការជាមួយនឹងសារធារណការ ហើយ​មានការបញ្ជាក់ពីក្រុមហ៊ុន ដើម្បីបានទទួលនូវសេវាការពិនិត្យព្យាបាលសុខភាព ពីមន្ទីរពេទ្យរដ្ឋ។ ត្រូវធ្វើការជាមួយនឹងខាងវិស័យកសិកម្ម ពិនិត្យមើលមានចំការកៅស៊ូប៉ុន្មាន ឬក៏កសិដ្ឋានប៉ុន្មាន ដូចជា ម៉ុង ឬទ្ធី មានចំការដូចប្រេងអីអញ្ចឹង កម្មករនៅទីនោះ ក៏ត្រូវទទួលបានសេវាដូចគ្នា និយាយរួមគ្របលើ​កម្មករ​ទាំងអស់។ កម្មករសំណង់ត្រូវធ្វើការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តើក្រុម​ហ៊ុន​សំណង់មានប៉ុន្មានសព្វថ្ងៃនេះ ហើយអ្នកណាខ្លះដែលជាកម្មករ ដែលធ្វើការនៅក្រុមហ៊ុនសំណង់ ព្រោះ​អ្នកធ្វើសំណង់ខ្លះមិនទៀងទាត់ទេ។ លំបាក ប៉ុន្តែដំបូងបំផុត គ្របដណ្តប់លើអ្នកការដ្ឋានសំ​ណង់​ធំៗ ដូចជាបុរី ប៉េង ហួត បុរីនេះ បុរីនោះ គាត់ មានកម្មករជាប់លាប់របស់គាត់។ អញ្ចឹងទទួល​បាន​នូវ​របប​ព្យា​បាលជំងឺដោយឥតគិតថ្លៃ។

នឹងឈានទៅកម្មវិធីជាសកល ប្រជាពលរដ្ឋទាំងអស់ទទួលបានការព្យាបាលឥតគិតថ្លៃ ពីមន្ទីរពេទ្យរដ្ឋ

កុំឲ្យថាគិតវិស័យមួយ ខ្វះវិស័យមួយ យើងមុននឹងឈានបន្តិចទៀត រាជរដ្ឋាភិបាលនឹងដើរទៅដល់ការ​អនុ​វត្ត​នូវកម្មវិធីជាសកល បានសេចក្តីថាប្រជាពលរដ្ឋទាំងអស់ទទួលបាននូវការព្យាបាល(ដូចគ្នា)។ ខ្ញុំ​ពិភាក្សា​​ដំបូងជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម អ៊ិត សំហេង ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន គិតថា យក​ត្រឹមតែអ្នកប្រាក់ខែ ៣០០ ចុះក្រោម។ ប៉ុន្តែ ទីចុងបំផុតមិនបាច់ទេ បើកចំហតែម្តងទៅ ព្រោះអញ្ចេះ​អ្នក​ដែលមានប្រាក់ច្រើន ឧទាហរណ៍ថាប្រាក់ខែមួយពាន់ ជួនកាលទៅពេទ្យរដ្ឋគាត់ខ្ជិលទៅ គាត់ទៅពេទ្យ​ឯក​ជន។ អញ្ចឹងទុកសិទ្ធិឲ្យគាត់ទៅ។ សុំបញ្ជាក់ តិចទៅពេទ្យឯកជនឲ្យរដ្ឋចេញលុយ។ អាហ្នឹង​អត់បាន​ទេ។ ថ្ងៃក្រោយអស់លោកទៅ ឬក៏លោកស្រីទៅ គ្រាន់តែទៅមួយភ្លែតបង្កើតបានបុងមួយមកបើកលុយ។ អាហ្នឹង អត់បានទេ។ អានេះ ខ្ញុំនិយាយតែមន្ទីរពេទ្យរដ្ឋទេ។

ពង្រីកជាបន្ទាន់ មន្ទីរពេទ្យបង្អែកនៅកៀកតំបន់រោងចក្រ

នៅក្នុងក្របខណ្ឌនៃមន្ទីរពេទ្យរដ្ឋនេះ សុំឲ្យយកចិត្តទុកដាក់ទៅលើការពង្រីកនូវផ្នែកការប្រើសេវា។ ខ្ញុំបាន​បញ្ជាក់​ថ្ងៃមុនហើយ ជាមួយនឹងថ្នាក់ដឹកនាំតាមរោងចក្រ ឲ្យក្រសួងសុខាភិបាលពង្រីកជាបន្ទាន់ នូវបណ្តា​មន្ទីរ​ពេទ្យ​បង្អែកដែលនូវកៀកបំផុតជាមួយនឹងតំបន់ដែលមានរោងចក្រ ហើយកន្លែងខ្លះ មានគិលានដ្ឋាន យើងពង្រីកគិលានដ្ឋានឲ្យកាន់តែធំ ទៅជាពេទ្យបង្អែក។ កន្លែងដែលមានមូលដ្ឋានហើយ ត្រូវបំពាក់​សម្ភារៈ និងពង្រីកអគារ។ កន្លែងដែលមានអគារតូច គេហៅថាគិលានដ្ឋាននោះ ត្រូវពង្រីកវាឲ្យធំឡើង។ កន្លែងដែលមិនទាន់មាន ត្រូវប្រញាប់ប្រញាល់ធ្វើឲ្យមាន។ ក្រៅពីនោះ អំពាវនាវឲ្យម្ចាស់រោងចក្រ​រៀបចំ​ពិនិត្យ​បង្កើតនូវមណ្ឌលសុខភាពផ្ទាល់ ដើម្បីជួយទៅដល់កម្មករជាបឋម។ រៀបចំទារកដ្ឋានដើម្បីឲ្យម្តាយ​មាន​លទ្ធ​ភាព​បំបៅកូន។

ខ្ញុំគិតថា បើធ្វើយ៉ាងដូច្នេះបាន យើងនឹងជួយគ្នានៅក្នុងកាលៈទេសៈលំបាក។ រឿងនេះជាផលប្រយោជន៍​រួម ដែលយើងចាត់ទុកថាដូចជានៅក្នុងគ្រួសារមួយរបស់យើង។ យើងមានមជ្ឈមណ្ឌលសម្រាប់ការពិនិត្យ​ជា​បឋម និងឲ្យថ្នាំ មានក្រុមគ្រូពេទ្យ។ បើនៅក្នុងតំបន់នេះ អាចមានលទ្ធភាពធ្វើទៅរួច មានអី? (រោងចក្រ​​ទាំង​​អស់សុទ្ធតែមានពេទ្យគ្រប់ទាំងអស់)។ បើបានអញ្ចឹង សូមទះដៃអបអរសាទរមួយ។ នៅក្នុងតំបន់​សេដ្ឋ​កិច្ច​ពិសេសនេះ រោងចក្រទាំងអស់មានមជ្ឈមណ្ឌលផ្តល់សេវាសុខភាពនៅហ្នឹងហើយស្រេច។ សូម​រោង​ចក្រនៅខាងក្រៅ បើរោងចក្រនៅក្នុងនេះគេធ្វើបាន រោងចក្រនៅខាងក្រៅក៏ធ្វើបានដែរ។ នេះជាការ​សម្រួលមួយធំណាស់។ វាមិនគ្រាន់តែផ្តល់ផលប្រយោជន៍សម្រាប់សុខភាពកម្មកររបស់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាជាផ្នែកនៃសុខដុមភាវូបនីយកម្មរវាងកម្មករ និងនិយោជក ហើយក៏ជាគុណធម៌ និងជាតម្លៃសីលធម៌​របស់​ម្ចាស់រោងចក្រចំពោះកម្មករផងដែរ។

ម្ចាស់រោងចក្រត្រូវយោគយល់ ដល់កម្មការិនីដែលមានផ្ទៃពោះ

ម្យ៉ាងទៀត ខ្ញុំសូមបញ្ជាក់កម្មការិនី ខ្ញុំមិននិយាយកម្មករទេ ព្រោះកម្មករមិនដែលកើតកូនទេ កម្មការិនីទាំង​អស់​ដែល​សម្រាលកូន ត្រូវបានឈប់សម្រាកដោយមានបៀវត្សរយៈពេល ៣ ខែ ហើយបៀវត្សស្មើនឹង ១២០%។​ ត្រូវអនុវត្តរឿងនេះឲ្យខានតែបាន។ មិនអាចបង្ខំទេ។ ហើយក៏ត្រូវមានកន្លែងឲ្យបានសមរម្យ។ សូមម្ចាស់រោងចក្រទាំងឡាយ មេត្តាផ្តល់នូវការយោគយល់អធ្យាស្រ័យសម្រាប់កម្មការិនី ដែលមាន​​ផ្ទៃ​ពោះ។ សូមអនុញ្ញាតឲ្យបានទៅពិនិត្យដោយទៀតទាត់ សម្រាប់ផ្ទៃពោះរបស់ខ្លួន។ មិនចំណាយ​​ហួស​ហេតុទេ នៅពេលដែលឲ្យគ្នាប៉ុន្មានម៉ោង ឬមួយព្រឹក (សម្រាប់)ការទៅពិនិត្យកូននោះ។ អម្បាញ់មិញ សុទ្ធតែដឹងថាកូនប្រុស ឬកូនស្រីហើយ …។

២០១៩ អនុវត្តន៍សោធននិវត្តន៍សម្រាប់វិស័យឯកជន

ខ្ញុំបានបញ្ជាក់ហើយខាងលើអម្បាញ់មិញ កម្មករទាំងអស់ទទួលបានដូចៗគ្នា សេវាផ្នែកថែទាំសុខ​ភាព​។ ឯមួយទៀតបញ្ហាសន្តិសុខផ្នែកសោធននិវត្តន៍ ខ្ញុំសូមបញ្ជាក់ថា ឆ្នាំ ២០១៩ នឹងត្រូវដាក់​ឲ្យអនុវត្ត​នូវរបប​សោធននិវត្តន៍សម្រាប់កម្មករ​/រិនីរបស់យើង។ ពេលនោះ វាលែងមានការខុសគ្នាហើយ មន្រ្តីរាជការពេល​ចូល​និវត្តន៍​មានប្រាក់រឺត្រែត ឬប្រាក់ចូលនិវត្តន៍ ឯកម្មករពេលឈប់ធ្វើការក៏មានប្រាក់ចូលនិវត្តន៍។ អញ្ចឹង​វា​អត់មានអីខុសគ្នាទេ ធ្វើការក្នុងវិស័យឯកជន​។ នេះជាការរៀបចំរដ្ឋមួយ ដែលវាជារដ្ឋសម័យទំ​នើប​ដូច​គេ​​ដូចឯង។ យើងមានលទ្ធភាពដល់ណា យើងធ្វើដល់នោះ។ ប៉ុន្តែ​ យើងមិនស្ពឹកស្រពន់នោះទេ យើង​នឹង​ចាប់​ផ្តើមអនុវត្តនូវប្រាក់សោធននិវត្តន៍សម្រាប់កម្មករ ក្នុងវិស័យឯកជន នៅឆ្នាំ ២០១៩។ ពេល​យើង​នៅ​ក្មេង ធ្វើការមានប្រាក់ចំណូល ១០០% ប៉ុន្តែ នៅពេលដែលយើងចូលនិវត្តន៍ យើងក៏មានប្រាក់ចូលនិវត្តន៍​ដូច​មន្រ្តីរាជការដែរ ៨០%។ អញ្ចឹង ឧទាហរណ៍ ប្រាក់ខែរបស់ខ្លួន ២០០ ដុល្លារ ដល់ទៅ​ចូលនិវត្តន៍​នៅ​​សល់ ១៦០ ដែរ។ វាល្មមនឹងចិញ្ចឹមខ្លួនហើយ មិនចាំបាច់មើលមុខកូនទេ។ ជួនកាលកូនខ្លះវាមិនសូវ​យល់​ពីម្តាយឪពុកវាទេ​។ ម្តាយឪពុកប្រឹងណាស់លក់ចេកអាំងក៏មាន ធ្វើកម្មករគេ ដើម្បីបានប្រាក់​យកទៅ​ឲ្យ​កូនរៀន ឲ្យកូនធ្វើការ។ ដល់ទៅកូនមានប្រាក់ខែ ឪពុកម្តាយឃ្លាន ព្រះរស់នៅក្នុងផ្ទះ អត់ធ្វើបុណ្យទេ។ ថ្ងៃសៅរ៍ គាត់ទៅខារ៉ាអូខេជាមួយប្តីប្រពន្ធគាត់។ ម្តាយឯណេះឃ្លាន ចង់ស៊ី មើលមុខគេ។ ឥឡូវ ក្មួយៗ​ជា​កម្មករ/រិនីនេះ មិនចាំបាច់មើលមុខកូនទេ។ ដល់ពេលចាស់ទៅ មានប្រាក់(ខែ)ដែរ​ ខ្លាចតែអា​កូនហ្នឹង​វា​មក​ទារពីយើងទៀត …។

ម្ចាស់រោងចក្រពិនិត្យឲ្យច្បាស់មុននឹងបញ្ឈប់មេសហជីព ឯកម្មករត្រូវគោរពច្បាប់ការងារ

ហ្នឹងជារដ្ឋដែលយើងរៀបចំ មិនមែនរដ្ឋឆក់កណ្តៀតដោយអំពើប្លន់បែបបោះឆ្នោតហើយឆ្នាំ ២០១៣ ថា “គ្មានពេលណាល្អជាងពេលហ្នឹងដើម្បីដោះដូរទេ” … គ្មានឲ្យធ្វើទេ។ បោះឆ្នោតហើយ ចាញ់គេ ចង់ផ្តួល​។ អត់ទេ ខ្ញុំមិនចង់រាលដាលទៅដល់រឿងនយោបាយទេ គ្រាន់តែថា «៣ កុំ» និង «៣ សុំ» ហ្នឹងល្មម​គ្រប់​គ្រាន់​នឹងយល់ហើយ។ បញ្ហាសុវត្ថិភាពការងារធំណាស់រឿងទាំងអស់នេះ គ្រោះថា្នក់ការងារ​ទាំងឡាយ​សុទ្ធ​តែត្រូវបានធានា ហើយខ្ញុំសូមអំពាវនាវអញ្ចេះ​ តំបន់ដែលមានស្ថានភាពល្អអស់ហើយ សូមខិតខំធ្វើ​ឲ្យ​ល្អ។ ខ្ញុំបាននិយាយជាមួយនឹងម្ចាស់រោងចក្រ ខ្ញុំបាននិយាយជាមួយនឹងប្រធានរដ្ឋបាល ប្រធានក្រុម ហើយខ្ញុំនឹងបន្តនិយាយ បញ្ហាខ្លះតិចតួចណាស់កើតឡើងនៅក្នុងជម្លោះវិវាទការងារ ក៏ប៉ុន្តែ ការធ្វេសប្រ​ហែស មិនយកចិត្តទុកដាក់ស្តាប់នូវសម្លេងអំពាវនាវឲ្យមានការដោះស្រាយ បែរទៅជារឿងធំ ហើយជួន​កាល​គឺឆាប់រហ័សពេក នៅក្នុងការសម្រេចចិត្ត​ ក្នុងការចុះហត្ថលេខា បញ្ឈប់មេសហជីព ឬមេដឹកនាំណា​មួយ​ចេញពីការងារ ដែលនាំឲ្យមានចលនាទាមទារឡើង។ ពេលខ្លះ ​ត្រូវអន្តរាគមន៍ដោយក្រសួងការងារ ពេលខ្លះត្រូវអន្តរាគមន៍ដោយនាយករដ្ឋមន្រ្តី ដើម្បីឲ្យម្ចាស់រោងចក្រទទួលយកត្រឡប់មកវិញ។ ប៉ុន្តែ កម្មករ/ការិនីរបស់យើង ក៏ត្រូវតែគោរពនូវច្បាប់ការងារផងដែរ។ និយាយរួម ទាំងអស់គ្នាគោរពច្បាប់ទៅ វា​គ្រប់​គ្រាន់ហើយ។

រាជរដ្ឋាភិបាល ខិតខំរកទីផ្សារការងារក្រៅស្រុក ស្របច្បាប់សម្រាប់ពលករកម្ពុជា

ហ្នឹងគឺជាកិច្ចការមួយទៀត ឯកិច្ចការចុងក្រោយគឺ ខ្ញុំចង់ផ្តាំផ្ញើជូនចំពោះកម្មករ/ការិនី ដែលកំពុងធ្វើការងារ​នៅ​ឯ​ក្រៅប្រទេស ដែលមកដល់ពេលនេះ តួលេខប្រមាណជាជាង ១ លាននាក់។ ក្នុងហ្នឹង នៅប្រទេសថៃ នៅកូរ៉េ នៅម៉ាឡេស៊ី នៅជប៉ុនយើងទើបនឹងមានប្រមាណជា ៥ ពាន់នាក់តែប៉ុណ្ណោះ តែយើងនឹង​ខិតខំ​ពង្រីក​ទីផ្សារបន្ថែម។ សូមក្មួយៗធ្វើការនៅក្រៅប្រទេសត្រូវ​យល់ឲ្យបាន មិនមែនជាបញ្ហាដោយឡែក​របស់​ក្មួយៗទេ បើគ្មានការខិតខំរបស់រាជរដ្ឋាភិបាល ក្មួយៗគ្មានភ័ព្វសំណាងនៅក្នុងប្រទេសគេដោយ​​ស្រប​ច្បាប់​​នោះទេ។ គេបានដឹកចេញមកម្តងទៅហើយ។ រាជរដ្ឋាភិបាលបានប្រឹងណាស់ដើម្បីបង្កើតលក្ខខណ្ឌ​ស្របច្បាប់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ការងារនៅក្នុងប្រទេសថៃ នៅក្នុងប្រទេសម៉ាឡេស៊ី។ ដោយ​ឡែក នៅក្នុងប្រទេសកូរ៉េខាងត្បូង យើងចរចា ទៅពេលណាក៏ខ្ញុំស្នើសុំគេដែរ។ ជប៉ុនយើងបាន​បញ្ជូន​ទៅ ៥ ពាន់នាក់រួចទៅហើយ។ យើងត្រូវបន្តការខិតខំដើម្បីសម្រួលឲ្យកម្មកររបស់យើងនៅក្នុងប្រទេសថៃ បាន​ទទួល​នូវសិទ្ធិស្របច្បាប់ ដើម្បីបន្តការងារនៅទីនោះ ហើយខិតខំបង្កើតការងារក្នុងស្រុក និងលើកកម្រៃ​ការ​ងារ​ក្នុងស្រុក ដើម្បីបងប្អូនទាំងនោះអាចវិលត្រឡប់មកមានការងារធ្វើនៅក្នុងស្រុកឯណេះវិញ។

ខ្ញុំជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដែលនៅក្នុងខែ កញ្ញា ខាងមុខនេះ នឹងមក​ធ្វើ​ជា​សហ​ប្រធាននៃការប្រជុំរាជរដ្ឋាភិបាលប្រទេសទាំង ២ ខិតខំបង្កើតតំបន់ឧស្សាហកម្មនៅតាមព្រំដែន ដើម្បី​ឲ្យកម្មករ/រិនីរបស់យើងមានការងារនៅត្រឹមនេះ កុំឲ្យទៅហួសប្រទេសថៃ ឬក៏អ្នកទាំងនោះ គេមាន​​រោង​ច​ក្រនៅក្នុងប្រទេសថៃ គេមករោងចក្រនៅតាមព្រំដែនរបស់យើង ហើយគេអាចធ្វើការនៅក្នុ​ងរោងចក្រ​​តាម​ព្រំ​ដែនរបស់យើងទៅវិញ។ ការងារនៅក្រៅប្រទេស ក៏ជាផ្នែកមួយនៃការងារ។ កុំភ្លេចថា ប្រទេស​ដែល​​មានកម្មករច្រើនទៅធ្វើការនៅក្រៅប្រទេស គឺប្រទេសហ្វីលីពីន កម្មករមានជាង ១២ លាននាក់ ដែលកំពុង​ធ្វើ​ការ​នៅក្រៅប្រទេស។ ប្រាក់ចំណូលក្នុងមួយឆ្នាំៗ រាប់ពាន់លានដុល្លារ។ សម្រាប់ប្រទេសកម្ពុជា​មាន​​កម្មករ​ហ្វីលីពីនប្រមាណជា ១ ម៉ឺននាក់ ធ្វើការនៅកម្ពុជា។ ប្រទេសថៃខ្វះពលកម្ម ក៏ប៉ុន្តែ ប្រទេសថៃពេ​​ល​នេះមានកម្មករធ្វើការនៅកូរ៉េ មានកម្មករធ្វើការនៅជប៉ុន នៅកោះតៃវ៉ាន់ នៅមជ្ឈិមបូព៌ា ដែលមានប្រាក់​ខែ​ខ្ពស់ ក្នុងពេលជាមួយគ្នា គេយកកម្មករពីកម្ពុជា ពីឡាវ ពីមីយ៉ាន់ម៉ា។

ចាំមើលតើ ១០ ឆ្នាំ ទៀត ពលករមីយ៉ាន់ម៉ាត្រឡប់មកធ្វើការក្នុងស្រុកអស់វិញទេ?

ខ្ញុំមានការសោកស្តាយ តែខ្ញុំមានការចាំបាច់ត្រូវនិយាយ។ មានគេដាក់ផ្លែឲ្យខ្ញុំ នៅពេលដែលលោកជំទាវ អោងសាន ស៊ូឃ្យី រឿងរបស់គេសោះ រឿង អោ​ងសាន ស៊ូឃ្យី ឈ្នះនៅឯរ៉ងហ្គូន គាត់ទៅជេរខ្ញុំពីជប៉ុន អា​ហ្នឹងកើតរឿងតើ។ ឯរឿងលោកជំទាវ អោងសាន ស៊ូឃ្យី ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស គាត់មក​​ទស្សន​កិច្ច​នៅប្រទេសថៃ គាត់បានប្រើពាក្យ(ទៅកាន់កម្មករមីយ៉ាន់ម៉ា)ថា៖ «ទៅ! យើងត្រឡប់ទៅប្រទេសវិញ» មាន​ន័យថា គាត់ចង់ឲ្យកម្មករភូមា ឬមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសវិញ ក្នុងពេលជាមួយគ្នា អ្នកប្រឆាំង​នៅ​កម្ពុជាបានប្រើពាក្យ៖ «ទៅ! យើងទៅប្រទេសថៃ រកការងារធ្វើ»។ ប៉ុន្តែ ខ្ញុំសូមចោទចេញជាសំណួរ​អញ្ចេះ​ទៅវិញ ហើយរង់ចាំមើល តើរយៈពេល ១០ ឆ្នាំ ទៀត ខ្ញុំឲ្យពេល ១០ ឆ្នាំ តើលោកជំទាវ អោងសាន ស៊ូឃ្យី គាត់មានលទ្ធភាពអនុវត្តយកពលករភូមាចេញពីប្រទេសថៃអស់ឬទេ? ព្រោះអ្វី?

ទី ១ តើបង្កើតបានការងារ ២ លានកន្លែង សម្រាប់ការវិលត្រឡប់របស់កម្មករប្រមាណ ២ លាននាក់ ដែលវិលត្រឡប់ពីប្រទេសថៃទេ? ទី ២ កម្មករ ដែលធ្វើការនៅប្រទេសថៃ គេរកបាន ២៥០ ទៅ ៣០០ ដុល្លារ ក្នុងពេលដែលនៅក្នុងភូមាបច្ចុ​ប្បន្ន ប្រាក់ខែ ៧៩ ដុល្លារ តើគេព្រមទៅ(ភូមាវិញ)ទេ? យើងនៅនេះ ១៥៣ ដុល្លារ គេអត់ព្រមធ្វើទេ។ កម្មករតាមតំបន់ចម្ការកៅស៊ូមួយចំនួន ២០០ ឬលើសពី ២០០ ដុល្លារ អត់ធ្វើទេនៅស្រុកខ្មែរ ទៅចាក់កៅស៊ូនៅប្រទេសថៃទៅវិញ។ ខ្ញុំមិនបន្តុះបង្អាប់លោកជំទាវ អោងសាន ស៊ូឃ្យី ទេ ក៏ប៉ុន្តែ អ្នកនៅនេះ វាជ្រុលហួសហេតុ។ ឥឡូវសូមកាប់ថ្មចំណាំពីថ្ងៃនេះ។ ១០ ឆ្នាំ ទៀត ខ្ញុំ​មិន​ទាន់ស្លាប់ទេ ខ្ញុំរង់ចាំមើល ហើយខ្ញុំនេះ អាយុមិនវែងទេ បានយូរបំផុតត្រឹមតែ ៣០ ឆ្នាំ ទៀតប៉ុណ្ណឹង។ អញ្ចឹង ខ្ញុំនៅមានឱកាសរង់ចាំមើល … ក្នុងពេលដែលយើង ១៥៣ ទាបបំផុត មិនព្រមធ្វើផង។ គ្រាន់តែ​ច្រូត​ស្រូវឲ្យគេមួយថ្ងៃ ៥ ដុល្លារទៅហើយ គ្រាន់តែច្រូតស្រូវ។ កម្មករសំណង់ប៉ុន្មានទៅហើយឥឡូវ?​ ៧ ឬ ៨ ដុល្លារក្នុងមួយថ្ងៃទៅហើយ វាជិតស្មើនឹង ថៃ ៣០០ បាត …។

សម័យបច្ចេកវិទ្យា មើលទូរទស្សន៍ និងការliveតាមទូរស័ព្ទ

… ខ្ញុំមិនមែនជេរតាមហ្វេសប៊ុក មិនមែនដើរខ្សិបទេណា ដាក់ក្បាលមេក្រូយកតែម្តង។ ឥឡូវកំពុងតែ live ទៀត។ Fresh News ក៏ live ហើយ Page របស់ខ្ញុំ ក៏ live។ មានទាស់ខុសអី។ សម័យនេះហើយ។ ស្រួលតើ។ ឥឡូវសុំសួរមួយ អ្នកដែលមានទូរស័ព្ទប្រើមានប៉ុន្មានភាគរយ? សូមលើកដៃ។ ទាំងអស់ទៅ​ហើយ។ អរគុណណាស់ ក្មួយៗអើយ សម័យនេះហើយ ប៉ុណ្ណឹងហើយ កាលពីដើមសម័យវាយខ្សែលួស សម័យរវៃដល់ខ្សែវាដាច់ ឯងទៅតខ្សែវាឆក់។ ឥឡូវនេះ កាន់តែទូរស័ព្ទមួយ ទៅត្រង់ណា​ក៏បាន​ដែរ​ក្មួយអើយ។ ក្មួយឯងដោនឡូដ One TV ក៏មាន​ PPCTV ក៏មាន ចង់មើលនរណាផ្សាយផ្ទាល់​ឯណា ទូរ​ទស្សន៍(លើទូរស័ព្ទ)វាមានអញ្ចឹង។ ចាប់គ្រឹប មើលភ្លាម មើលទូរទស្សន៍ភ្លាម។ ខ្ញុំគ្រាន់តែប្រាប់ បើក្មួយ​ចង់​មើលទូរទស្សន៍ ដោនឡូដ PPCTV Everywhere និង One TV (app) ចូលមក ហើយ​បើ​ចង់​ស្តាប់​វិទ្យុ កុំឲ្យពិបាកសារ៉េប៉ុស្តិ៍ ក៏យើងមាន(app)នេះដែរ វាមានទៅដល់ ១០៦​ ស្ថានីយ Khmer eRadio … ច្រើនណាស់ ប៉ុស្តិ៍វិទ្យុក្នុងហ្នឹង ឥឡូវវាចូលគ្នា ច្រឡំបល់គ្នា FM 103 កំពុងLive …។

ជួបកម្មករ ២ ថ្ងៃ ក្នុងមួយសប្តាហ៍

ថ្ងៃនេះ បានជួបជុំគ្នា ហើយអរគុណណាស់ដែលបានស្តាប់ការនិទានរបស់ខ្ញុំនេះ ប៉ុន្តែ នេះជាសារនយោ​បាយជាក់លាក់ណាស់។ គោលដៅរបស់យើង ឈានឆ្ពោះទៅរកប្រទេសដែលមានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ ២០៣០ និងជម្រុញការអនុវត្តគោលនយោបាយក្នុងវិស័យឧស្សាហកម្ម ២០១៥-២០​២៥ តម្រូវឲ្យខ្ញុំជួបជាមួយនឹង ទន្ទឹមនឹងធ្វើការងារផ្សេង ប៉ុន្តែ គោលដៅរបស់ខ្ញុំយកមួយអាទិត្យ ២ ថ្ងៃ ជួបកម្មករ។ ជំនួបថ្ងៃនេះ មានកម្មករ/ការិនីរបស់យើងដែលមកជុំគ្នាផង ហើយនៅមានក្រៅផង ១ ម៉ឹន ៧ ពាន់នាក់។ ខ្ញុំសូមជូនម្នាក់ៗ ២ ម៉ឺនរៀល។ តិចតួចណាស់ បើប្រៀបនឹងប្រាក់ខែក្មួយៗនោះ ប៉ុន្តែ ចាត់​ទុក​ថាដូចអនុស្សាវរីយ៍ទៅចុះ។ ហើយជូនក្រុមតន្រី្តសម័យចំនួន ២ លានរៀល។ ឯណាក្រុមតន្ត្រីសម័យ? បន្តិចទៀត លេងបទកន្សែងក្រហមមួយឲ្យពិរោះវើយ ជិតធ្លាក់ខ្យល់ពីជើងហើយ តែធ្លាក់ខ្យល់ពីជើងឡើង សំឡេងង សម្លេងភ្លេងែធ្ទកន្សែងក្រហមឲ្យពិរោះៀលអន៍វាអញ្វឹងហ្វេសប៊ុក មិនមែនដើរខ្សិបទេណា ដាក់ភ្លេងការគឺមកដល់តែម្តង។

ចុងបញ្ចប់ហើយ ជាមួយនឹងការអរគុណ និងកោតសរសើរសម្រាប់ជោគជ័យទាំងអស់គ្នា ដែលយើង​បាន​ខិត​ខំ​ធ្វើឲ្យប្រទេសយើងងើបពីគំនរផេះផង់ មកកាន់ឋានៈជាប្រទេសមួយមានការអភិវឌ្ឍ ហើយ​បង្កើត​បាននូវការងារធ្វើ និងប្រាក់ចំណូលសម្រាប់ក្មួយៗ និងក្រុមគ្រួសារ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗជាកម្មករ កម្មការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើង៕

ចែករំលែក