សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី សំណេះសំណាលជាមួយកីឡាករ/រិនី ប៉ារ៉ាអូឡាំពិក និងបំពាក់ មេដាយកីឡាករប្រកួតនៅសាធារណរដ្ឋកូរ៉េ

135

CNV: 

អបអរសាទរ ចំពោះកីឡាករជនពិការ ដែលទទួលបានមេដាយ

ថ្ងៃនេះ យើងពិតជាមានការរីករាយ ហើយរួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ខ្ញុំសូមសំដែងនូវការអបអរ ចំពោះ កីឡាករ យ៉ាវ វណ្ណៈ ដែលបានទទួលមេដាយមាសជូនជាតិមាតុភូមិរបស់យើង សូមអបអរសាទរ (និង) ក្រោកឈរឡើង ហើយក៏សូមអ្នកគ្រូរបស់ យ៉ាវ វណ្ណៈ គឺអ្នកគ្រូ នៅ លក្ខិណា បង្ហាញខ្លួនផងដែរ។ អបអរសាទរផងដែរជាមួយ លោក យ៉យ កុសល ដែលទទួលមេដាយសំរិទ្ធពីការប្រកួត។ អរគុណណាស់។ អង្គុយចុះ។ ក៏អប​អរ​សា​ទរ​ជាមួយនឹងគ្រូបង្វឹកទាំងអស់ ដែលថ្ងៃនេះមានវត្តមាន ខ្ញុំពិតជាមានមោទនភាព ហើយធ្លាប់បាននិយាយ​ថា កីឡាជនពិការរបស់យើង ប៉ារ៉ាឡាំពិក បញ្ជូនកីឡាករទៅតិច ប៉ុន្តែ ទទួលបានមេដាយគ្រប់កម្រិតបាន​ច្រើន។ នេះមិនមែនជាការបន្តុះបង្អាប់ជាមួយនឹងកីឡា ដែលមិនមែនជាជនពិការនោះទេ ក៏ប៉ុន្តែ វាជារឿងពិត​យ៉ាង​ដូច្នេះ។ យើងទៅ ២០ នាក់ បានមេដាយដល់ទៅ ១០ នាក់ ក្នុងពេលដែលយើងទៅឯណោះ ប្រកួតអ្នក​ដែល​មិន​មែនពិការ ជួនកាលទៅ ៣០០ នាក់ បានមេដាយ ១០ នាក់ នឹងគេដែរ​។ អញ្ចឹង វាស្មើនឹងជនពិការ ២០ នាក់ តែ​ប៉ុណ្ណឹង។
ខ្ញុំនៅតែបញ្ជាក់ ខ្ញុំមិនបានបន្តុះបង្អាប់អ្នកណាទេ តែគុណភាពដែលយើងបានបញ្ជូនទៅ ប្រៀបធៀបនឹង កីឡា​នៃ​ប្រទេសដទៃ ដែលជាជនពិការដូចយើង គឺឃើញថា កម្រិតនៃការខិតខំរបស់ជនពិការរបស់យើងគឺខ្លាំង។ ប្រ​ទេស​ខ្លះមានប្រជាជនរាប់រយលាននាក់ គឺច្បាស់ជាមានជនពិការមិនតិចជាងយើងទេ គឺច្រើនជាងយើង ប៉ុន្តែ សម្រាប់យើង ប្រជាជនតិច ប្រជាជនពិការក៏ច្រើនដែរ។ តែការហ្វឹកហាត់របស់យើងអាចទទួលយកឈ្នះ ក្នុង​កម្រិតមេដាយ ពេលនេះ គឺជាមេដាយទ្វីបអាស៊ី ហើយយើងមានកំណត់ ស្តីពីការអោយ​រង្វាន់ បន្ថែមលើពិធី​អប​អរសាទរជាមួយនឹងកីឡាករ ដែលទទួលបានមេដាយមាស និងមេដាយសំរិទ្ធពីទ្វីបអាស៊ី។

ការពារជនពិការទាំងឡាយពីការប្រមាថពីសំណាក់អ្នកដទៃ

យើងក៏ជូនដំណើរ ចំពោះកីឡាករ/រិនី នៅក្នុងក្របខណ្ឌប៉ារ៉ាឡាំពិក ដើម្បីទៅធ្វើការប្រកួតប៉ារ៉ាហ្គេម​អាស៊ាន​នៅ​ឯកូឡាឡាំពួរផងដែរ។ អម្បាញ់មិញ លោក យី វាសនា ដែលជាអគ្គលេខាធិការ បានធ្វើរបាយការណ៍រួចហើយ ទាក់ទិនជាមួយនឹងវឌ្ឍភាព នៃប៉ារ៉ាឡាំពិករបស់យើង។ ហើយខ្ញុំបានបញ្ជាក់ហើយថា ខ្ញុំមិនធ្វើប្រធានអូឡាំ​ពិកទេ ប៉ុន្តែ ខ្ញុំនៅតែបន្តស្ថិតក្នុងតំណែងជាប្រធានប៉ារ៉ាឡាំពិក ប្រសិនអ្នកទាំងឡាយនៅតែត្រូវការខ្ញុំ អោយខ្ញុំធ្វើបែបនេះ។ ហេតុផលងាយយល់ទេ មួយផ្នែកក៏ខ្ញុំចាត់ទុកខ្លួនឯងជាជនពិការម្នាក់ ដែលមិនដែល​អស់​សង្ឃឹមនៅក្នុងការតស៊ូ មិនគ្រាន់តែដើម្បីរស់ខ្លួនឯងទេ ក៏ប៉ុន្តែ ខ្ញុំបានរួមចំណែកធ្វើអោយប្រទេសនេះ​រស់​ឡើងវិញ ក្នុងក្របខណ្ឌនៅពេលដែលខ្លួនក្នុងស្ថានភាពជាជនពិការ។
តែម្យ៉ាងទៀត ខ្ញុំចង់ប្រាប់ទៅជនពិការទាំងអស់ថា ខ្ញុំរស់នៅជាមួយពួកគេ ហើយពួកគេមិនត្រូវមាន​ការអស់​សង្ឃឹម ព្រោះថា បើទោះបីយើងពិការសរីរាង្គ ប៉ុន្តែ យើងមិនបានពិការផ្លូវចិត្តនោះទេ ហើយខ្ញុំចង់ការពារជន​ពិការ​ទាំងឡាយពីការប្រមាថពីសំណាក់អ្នកដទៃ។ ខ្ញុំទទួលការប្រមាថច្រើនណាស់ហើយ។ ហើយខ្ញុំក៏កំពុង​ទទួល​ការ​ប្រមាថបន្តពីពួកតិរច្ឆាន ដែលពោលពាក្យហៅខ្ញុំ “អាខ្វាក់”។ ពាក្យ “អាកំបុត”។ ពាក្យ “អាកំបាក់”។ ពាក្យ “អាគ អាថ្លង់” គឺជាពាក្យប្រមាថធ្ងន់ធ្ងរណាស់ ដែលសូម្បីតែព្រះជាម្ចាស់ក៏មិនអាចអត់ឱនអោយពួកនេះ​បានដែរ។ គ្នាពិការទៅហើយ ​តើចាំបាច់អីទៅនិយាយ “ពីអាខ្វាក់ អាខ្វិន អាកំបុត”? រឿងទាំងអស់នេះ សុទ្ធតែ​ជារឿងដែលមិនគួរមនុស្សថ្លៃថ្នូរយកនិយាយនោះទេ។
អញ្ចឹង វត្តមានរបស់ខ្ញុំ ទោះបីថា គ្រាន់ជានិមិត្តរូប ក៏ប៉ុន្តែ វាផ្តល់សញ្ញាអោយជនពិការខ្លួនឯង និងក៏អោយ​ប្រ​ជាជននៅទូទាំងប្រទេស នៅទូទាំងពិភពលោក ថាជនពិការក៏អាចធ្វើនាយករដ្ឋមន្រ្តីបាន ហើយក៏មិន​គ្រាន់​​តែ​ជានាយករដ្ឋមន្រ្តី គេថា កញ្ឆក់កណ្តៀត មួយថ្ងៃ ពីរថ្ងៃ ឬមួយខែ ២ ខែទេ។ ខ្ញុំធ្វើនាយករដ្ឋមន្រ្តី​មក​ដល់​​ពេលនេះ បើគិតទាំងនាយករដ្ឋមន្រ្តីស្តីទីផង គឺ ៣៣ ឆ្នាំ រួចស្រេចទៅហើយ បូកជាមួយនឹង​ការ​ធ្វើ​រដ្ឋ​មន្រ្តី​ការបរទេស និងធ្វើឧបនាយករដ្ឋមន្រ្តីមកដល់ពេលនេះ ជិត ៣៩ ឆ្នាំទៅហើយ​។ ដូច្នេះ ជនពិការទាំងឡាយ​មិន​ត្រូវ​អស់សង្ឃឹមជាមួយនឹងការខិតខំនោះទេ ហើយអ្នកទាំងឡាយដែលប្រមាថ ចំពោះជនពិការ ត្រូវវិលត្រឡប់​មក​ជួយ​ជនពិការវិញល្អជាង។ ពេលណាមួយកូនរបស់ខ្លួន ឬចៅរបស់ខ្លួនធ្លាក់ខ្លួនទៅជាជនពិការ តើយើងនឹង​មាន​ឥរិយាបថបែបណានៅពេលនោះ? កុំភ្លេចអោយសោះ ផ្លូវធ្វើដំណើរវាតែងមានគ្រោះថ្នាក់ចរាចរណ៍ ជួនកាល​គ្រាន់​តែធ្លាក់នេះ ធ្លាក់នោះត្រូវ ដាច់ដៃ ដាច់ជើង ឬក៏មុតនេះ មុតនោះក្លាយទៅជាជនពិការ តើខ្លួនយល់​យ៉ាង​ម៉េច? នេះហើយការប្រមាថ គឺវាទាន់ហន់ណាស់។

ផ្តល់ប្រាក់ ៣ ម៉ឺនដុល្លារ ផ្ទាល់ខ្លួនដល់ យ៉ាវ វណ្ណៈ ដើម្បីដោះស្រាយបញ្ហាគ្រួសារ

ការជាក់ស្តែងមួយនេះ ខ្ញុំពិតជាមានមោទនភាព ចំពោះក្មួយ យ៉ាវ វណ្ណៈ ដែលបានខិតខំតស៊ូជំនះនូវការលំបាក បន្ថែមលើនោះ បន្ទុកដែលត្រូវបន្ត គឺការជំពាក់លុយធនាគារ ដើម្បីសង់ផ្ទះជូនម្តាយរស់នៅ និងព្យាបាលជំងឺ​ម្តាយដែល(ជួប)គ្រោះថ្នាក់ចរាចរណ៍។ ក្មួយមិនបានបាត់បង់នូវការតស៊ូទេ។ ថ្ងៃនេះ សង្ឃឹមថា បានប្រាក់​ដែល​ទទួល​ពីរង្វាន់ និងការឧបត្ថម្ភដោយឡែករបស់ខ្ញុំនេះទៅសងគេ។ ក៏ប៉ុន្តែ ខ្ញុំមិនចង់អោយយកប្រាក់នោះទៅ​សងគេទេ។ ខ្ញុំរៀបចំ ៣ ម៉ឺនដុល្លារ ដោយឡែកអោយក្មួយយកទៅសងគេ និងដោះស្រាយបញ្ហាម្តាយរបស់ខ្លួន ហើយអាលុយ ៨០ លានរៀល បូកជាមួយ ១ ម៉ឺនដុល្លារ បន្ថែមរបស់ខ្ញុំ អាហ្នឹងទុកចាយវាយទៅ។ រៀបចំជីវភាព​គ្រួ​សារ​អោយវាបានគ្រាន់បើបន្តិច។ អញ្ចឹង ជំនួយថ្ងៃនេះ ជាជំនួយឌុប ដើម្បីផ្តល់លទ្ធភាពកាន់តែច្រើន សម្រាប់​ការ​រស់នៅ។

កម្ពុជាគាំទ្រមិត្តចិនជាបេក្ខភាពប្រធានប៉ារ៉ាឡាំពិក

ទម្រាំនឹងការហ្វឹកហាត់បានមកដល់ពេលនេះ អ្នកទាំងអស់គ្នាបានឆ្លងកាត់នូវផ្លូវបត់បែនវែងឆ្ងាយ ដើម្បីក្លាយទៅ​ជា​ជម្រើសជាតិ និងសម្រាប់ចេញទៅប្រកួតនៅអាស៊ានប៉ារ៉ាហ្គេមនៅពេលខាងមុខនេះ។ ការទៅប្រកួតនា​នា ដែលបានទទួលមេដាយរហូតមកដល់ពេល ១៣៣ គ្រឿង ក្នុងនោះមេដាយមាស ២២ គ្រឿង មេដាយ​ប្រាក់ ៥៧ គ្រឿង និងមេដាយសំរិទ្ធ ៥៤ គ្រឿង សុទ្ធតែបានចេញមកពីការខិតខំទាំងអស់គ្នា ហើយខ្ញុំមាន​ជំនឿ​ជាក់ ហើយសុំអោយ ឯកឧត្តម យី វាសនា បន្តកិច្ចការងារនេះបន្តទៅទៀតជំនួសមុខអោយខ្ញុំ​នៅទីនោះ។ ស្នាក់​ការ​ប៉ារ៉ាឡាំពិក បានមកនៅជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួចស្រេចទៅហើយ។ ដូចជា​ប្រ​ជុំ​នៅពេលខាងមុខនេះ យី វាសនា ត្រូវទៅប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន​ប៉ារ៉ា​ឡាំពិក នៅ​ខែ​ក្រោយ។
យើងបានកំណត់ហើយ ដូចជាយើងគាំទ្រចិនតែម្ដង? ព្រោះ ថោង ខុន អ្នកធ្វើលិខិតសុំ។ អញ្ចឹង គឺមានបេក្ខភាពពី​ប្រ​ទេសចិន។ ប្រទេសចិន ឬប្រទេសណា? មានបួន ប៉ុន្តែ យើងបាន​សម្រេចគាំទ្រប្រទេសចិនហើយ? ដូច្នេះ ចំ​​ណុច​នេះ ជាចំណុចដែលយើងត្រូវឃើញ។ កុំថាឡើយសិទ្ធិបោះឆ្នោត​នៅ​ក្នុងប្រទេស សិទ្ធិបោះឆ្នោតនៅក្នុងក្រប​ខណ្ឌ​អន្ដរ​ជាតិ​ក៏យើងមានដែរ។ គេត្រូវការពឹងពាក់មកចំពោះយើង យើងបោះឆ្នោតគាំទ្រគេ ហើយក្នុងហ្នឹង​វាធម្ម​តា​ទេ មានផលប្រយោជន៍ទៅវិញទៅមក។ មិត្តចិនបានផ្ដល់​ជំនួយអោយយើងច្រើន យើងក៏ផ្ដល់ការគាំទ្រ​ចំពោះ​គាត់​វិញ ជាការធម្មតា។

ការចូលជាសមាជិកស្ថាប័នអន្ដរជាតិនានា គឺដើម្បីដោះដូរផលប្រយោជន៍ទៅវិញទៅមក

នៅទីនេះ ហើយដែលខ្ញុំតែង​និយាយចូលគ្រប់ក្រហែងទាំងអស់។​ ថ្ងៃដែលខ្ញុំជួបអ្នកការទូត ខ្ញុំជួបនៅទីនេះ។ ខ្ញុំ​ថា ចូលគ្រប់ក្រហែង ចូលដើម្បីអ្វី? ដើម្បីអញ្ចឹង។ យើងអត់ទាន់មាន (មុខតំណែងដែល)គេហៅថា សមា​ជិក​គណៈ​កម្មា​ធិការ​អន្ដរជាតិផ្នែកអាតូមិចទេ ឬផ្នែកបរមាណូទេ។ ម៉េចបានចូល? ចូលទៅដើម្បីយើងដឹងរឿង ហើយយើងក៏មានលទ្ធភាព ដើម្បីសិក្សាអំពីបញ្ហាការប្រើប្រាស់​ អ្វីដែលហៅថា បរមាណូ ដើម្បីការអភិវឌ្ឍ​ដែល​យើងបានចុះហត្ថលេខាជាមួយរុស្ស៊ីរួចហើយ ហ្នឹងម្ខាង។ តែម្ខាងទៀតនោះ នៅពេលដែលគេត្រូវការ​ចង់​ធ្វើប្រធាន គេមកពឹងយើង ដល់ពឹងយើង យើងប្រាប់​​ថា ទេ! ខ្ញុំបោះឆ្នោតអោយអ្នកឯង ប៉ុន្តែ ថ្ងៃក្រោយអ្នក​ឯង​ត្រូវបោះឆ្នោតអោយខ្ញុំអានេះវិញណា។ ដោះដូរគ្នា​អញ្ចឹង។ កុំខ្លាចបង់វិភាគទានក្នុងមួយឆ្នាំៗអង្គការមួយ ១ម៉ឺន (ឬ)២ ម៉ឺនដុល្លារហ្នឹង។ បង់ទៅ។ បង់យកសិទ្ធិ។ ដើម្បីអោយយើងមានសិទ្ធិឈរស្មើមុខស្មើមាត់ជាមួយគេ កុំ​ទៅ​ខ្លាច។ វាមិនដួលរលំសេដ្ឋកិច្ចខ្មែរទេ។ ខ្ញុំនិយាយ​អញ្ចឹងមិនមែនបានសេចក្ដីថា ខ្មែរហ្នឹងវាអស្ចារ្យ​ណាស់​ទេ ក៏ប៉ុន្តែវាបានឆ្លងកាត់នូវអាដំណាក់កាលគេថា ពីមានផ្លូវអត់មនុស្សដើរ មានផ្ទះអត់មនុស្សនៅ វាទៅជាមនុស្ស​ពេញ​ទឹកពេញដី វិលពេញហ្នឹងទៅហើយ។

កម្ពុជានឹងឈានទៅការបណ្ដុះបណ្ដាល ១២+៤ នៅតាមគរុវិជ្ជាភូមិភាគ

ខ្ញុំបាននិយាយច្រើនហើយ តែយ៉ាងណាដោយថ្ងៃនេះ ខ្ញុំសុំទោស ដោយសា​រគ្រោង​ជួប​គ្នា​ពី​ម្សិលមិញ​ទេ ក៏​ប៉ុន្តែ ខ្ញុំមកអត់បាន។ ខាងឧតុនិយម ថា ហោះបាន … ប៉ុន្តែ ដល់ទៅពិតប្រាកដឧទ្ធម្ភាគចក្រឡើងសាក គ្រាន់​តែ​ឡើងសាកមក គឺមើលអីអត់ឃើញតែម្ដង។ បើ​យើងធ្វើដំណើរពីស្ទឹងត្រែង គេត្រូវកាត់កំពង់ធំ កាត់ព្រៃឡង់ កាត់​ព្រៃ​អី។ ឥឡូវ បើមានការណ៍ចុះនៅឯណា? ចុះនៅលើចុងឈើ? បើអញ្ចឹងក៏បានសម្រាកទៅ។ ហើយក៏អរគុណ​មេឃ​ ដោយសារតែបានស្នាក់នៅមួយយប់​នោះ ហើយបានជួបសំណះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំង​ប្រ​ដាប់អាវុធរបស់ខេត្តស្ទឹងត្រែង ពីល្ងាច​ម្សិលម្ងៃ។ ដល់ព្រឹកម្សិល ចូលទៅមើលផ្សារ ផ្សារហ្នឹងឆេះ ហើយធ្វើអស់​ជាង​មួយលានដុល្លារ ដើម្បីជូនបងប្អូន​ប្រជាពលរដ្ឋលក់ដូរឡើងវិញ ហើយក៏ទៅមើល​អគារគរុកោសល្យ​ភូមិ​ភាគ ដែលកាលមុននោះបានអោយសា​លា​ទៅសម្រាប់ការសិក្សារបស់គរុនិស្សិតផង ហើយនឹងសាលាបឋម​សិក្សា​អនុវត្តផង។ ប៉ុន្តែ ចូលទៅ​ម្សិលបន្ថែមអោយ ៥០ បន្ទប់, ៣០ បន្ទប់ សម្រាប់រៀន ឯ ២០ បន្ទប់ សម្រាប់​គ្រូ និងសិស្សស្នាក់នៅបន្ថែមទៀត។
ឥឡូវហ្នឹងគ្រាន់តែកន្លែងគ្រូ និងសិស្សស្នាក់នៅឡើងទៅដល់ ៥០ (ឬ) ៦០ បន្ទប់ ឯណោះ ព្រោះកន្លែង​ភូមិ​ភាគ ហើយថ្ងៃក្រោយយើងមានគោលដៅរៀបចំ មិនគ្រាន់តែកម្រិត ១២ បូក ២ ទេ យើងឈានទៅការ​បណ្ដុះ​បណ្ដាល ១២ បូក ៤ នៅតាមគរុវិជ្ជាតាមភូមិភាគ។ អញ្ចឹងទេ​ ក្មួយៗដែលជាគរុសិស្សនោះ គឺគាត់មាន​សំ​ណាងជាងគេនៅទីនោះ ព្រោះក៏យោគយល់គ្នាដែរ។ សុំទៅអង្គរវត្តហើយ សុំទៅលេងសមុទ្រទៀត។ បើ​អញ្ចឹង​ក៏ត្រូវតែជូនតាមសំណើ ព្រោះមានការស្នើសុំថាអញ្ចឹង កុំអោយគេថា សមុទ្រនៅឯណា? ហើយគ្នាវា​ចង្អុល​​សមុទ្រវាមិនត្រូវ។ ចំណាយក៏វាច្រើនដែរ ប៉ុន្តែ អាណិតក្មួយៗទាំងនោះ ដែលបន្តិចទៀតចេញមកធ្វើ​គ្រូបង្រៀន។​

អបអរសាទរ និងកោតសរសើរ ចំពោះជ័យលាភីប៉ារ៉ាឡាំពិករបស់កម្ពុជា

ថ្ងៃនេះ ខ្ញុំគិតថា យើងជាមួយនឹងការអបអរសាទរ សម្រាប់ជ័យលាភីដែលទទួលបាន ហើយសុំកោតសរសើរ អ្នក​គ្រូដូចជាវ័យក្មេង? ធ្វើគ្រូបង្រៀនហ្នឹងអាយុច្រើនជាងកីឡាករ ឬកីឡាករអាយុច្រើនជាង? អាយុច្រើនជាង យើងហ្នឹងអាយុប៉ុន្មានហើយ? ៣៤ ឆ្នាំ។ ហើយកីឡាករអាយុប៉ុន្មាន? ២៣ ឆ្នាំ។ សុំសួរដោយ​ត្រង់​មួយ​ទៅមើល នៅពេលដែលបង្ហាត់មានអ្វីដែលពិបាកដែរឬទេ? យើងជាស្រីអញ្ចឹ​ង​បង្ហាត់​កូន​សិស្ស​ជា​បុរស​មាន​​អ្វី​ពិបាក​ដែរឬទេ? កូនសិស្សហ្នឹងស្ដាប់គ្រូដែរឬទេ? ពិបាកខ្លះ អត់ខ្លះ។ … មិនមែនពិបាកដោយសារ​អត្តចរិត​ទេអី? ពិបាកកាយសម្បទាទេអី? ស្មានតែពិបាកអត្តចរិត​មិនព្រមស្ដាប់គ្រូ។ អញ្ចឹង បានមានគ្រូជំនួយ ហើយគ្រូ​ជំ​នួយ​​ហ្នឹង​ ពេលចូលបន្ទប់ទឹកចូលទៅជួយ (សម្តេចសើច)។ ពិបាកអារឿងហ្នឹង? អាហ្នឹងពិបាករឿងធម្មជាតិទេតើ! មិនមែនពិបាក​​ដោយ​សារ​អត្តចរិតអ្នកកីឡាឯណា។

ផ្តាំផ្ញើទី ១ ហាមប្រើសារធាតុបង្កើនកម្លាំង និងគ្រឿងញៀន

ដូចមុនៗដែរ ផ្តាំផ្ញើសម្រាប់កីឡាករ/រិនីរបស់យើង ដែលទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម បម្រាមធំបំផុត ដែលសុំផ្តាំផ្ញើ គឺ​ហាមដាច់ខាតក្នុងការប្រើប្រាស់សារធាតុ ដែលមានជាតិលើកកម្លាំង ដែលផ្ទុយនឹងលក្ខខន្តិកៈ នៃការប្រកួតក្នុង​ក្រប​ខណ្ឌកីឡាគ្រប់ប្រភេទ។ រឿងនេះ មិនត្រឹមតែខូចកិត្តិយស​ផ្ទាល់ខ្លួនទេ តែវាបានខូចដល់កិត្តិយស​របស់​ប្រ​ទេសជាតិ។ អញ្ចឹង សូមផ្តាំផ្ញើក្មួយៗយកចិត្តទុកដាក់ទៅលើបញ្ហានេះ ប្រយ័ត្នគេធ្វើតេស្តទឹកនោម តេស្តឈាម ឃើញ​សារធាតុបែបនោះ ទាំងសារធាតុគ្រឿងញៀន ដែលយើងមិនត្រូវប្រើ។ និយាយរួមអាធាតុអស់ទាំងហ្នឹង គឺមិនត្រូវប្រើទេ មិនថាទៅប្រកួត ឬមិនទៅប្រកួតក៏ដោយ កុំប្រើអោយសោះតែម្តង ត្រូវចៀសវាងអោយបាន​ដាច់​ខាតទៅលើបញ្ហាហ្នឹង។

ផ្តាំផ្ញើទី ២ គោរពវិន័យ នៃការប្រកួត

ទី ២. ការប្រកួតត្រូវគោរពទៅតាមវិន័យ នៃការប្រកួត មិនអាចបំពានទេ មិនត្រូវបំពានទេ។ អញ្ចឹង នេះជាបណ្តាំ សម្រាប់ក្មួយៗទៅប្រកួត ហើយលោកគ្រូ អ្នកគ្រូ រួមទាំងមន្រ្តីកីឡា ក៏សូមយកចិត្តទុកដាក់ពិនិត្យមើល​បញ្ហា​នេះ​ផង។ ឥឡូវហ្នឹងអ្នកដែលទទួលមេដាយថ្ងៃនេះ ក៏ទៅប្រកួតដែរឬ? ទៅទៀត។ ដូច្នេះ ទៅយកមេដាយទៀត រួចហើយមកយកប្រាក់(រង្វាន់)ទៀត អោយតែបានមេដាយ យកទាំងអស់ហ្នឹង ព្រោះយើងបានសម្រាកយូរ​ក្រែល​ដែរ​។ នាយករដ្ឋមន្រ្តី ណាហ្ស៊ីប បានអញ្ជើញខ្ញុំទៅបើកថ្ងៃទី ១៩ នេះ ហើយទៅបិទ បន្ទាប់ទៅៗបើក​ប៉ារ៉ា​ហ្គេម។ ខ្ញុំបានឆ្លើយទៅគាត់ហើយ ដោយសារការងារក្នុងប្រទេសរវល់ពេក។ ជារួម គ្រប់តែប្រទេស​ហ្នឹង​ដែល​បានអញ្ជើញ ក៏ប៉ុន្តែ​ ខ្ញុំអត់បានទៅចូលរួម ហើយប៉ារ៉ាហ្គេម គាត់អញ្ជើញទាំង ៣ ពេល ប៉ុន្តែ យើងទៅម៉េច​បាន បើរវល់យ៉ាងនេះ។

រង្វាន់លើកទឹកចិត្តពីក្រសួង និងបន្ថែមពីសម្តេច

ថ្ងៃនេះ គឺសម្រាប់ប្រតិភូ អត្តពលិក គ្រូបង្វឹក និងគ្រូជំនួយ ដែ​លចេញទៅចូលរួមព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេមលើក​ទី ៩ នៅប្រទេសម៉ាឡេស៊ី ចំនួន ១០១ នាក់ ក្នុងម្នាក់ៗ ជូនក្មួយៗ និងលោកគ្រូ អ្នកគ្រូ ទាំងអស់ចំនួន ៥០០ ដុល្លារសហរដ្ឋអាមេរិក។ ​កីឡាមិនពិការបានប៉ុនណា គឺអ្នកដែលពិការបានប៉ុននោះដូចគ្នា គ្មានការរើស​អើង​ទេ។ សម្រាប់អ្នកដែលបានទទួលមេដាយ គឺកីឡាករ យ៉ាវ វណ្ណៈ មេដាយមាស ថវិការដ្ឋចេញដោយក្រសួង​អប់រំ យុវជន និងកីឡា ចំនួន ៨០ លានរៀល។ ថវិកាផ្ទាល់របស់ខ្ញុំ ជូនបន្ថែមចំនួន ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនោះ ខ្ញុំបន្ថែមជូនក្មួយ យ៉ាវ វណ្ណៈ ៣ ម៉ឺនដុល្លារ បន្ថែមទៀត សម្រាប់ការដោះស្រាយជីវភាព ដែល​ជំ​ពាក់​ធនា​គារ។ យកអាលុយដែលពូអោយ(ថែម)ហ្នឹង យកទៅសងគេទៅ។ ទុកលុយ(រង្វាន់)។ បើបូកទៅវា​បាន​ទៅ​ដល់ ៦ ម៉ឺនដុល្លារឯណោះ សម្រាប់ការយកទៅដោះស្រាយ។ អាចថា ថ្ងៃក្រោយក្មួយកាន់តែមានលទ្ធភាព ដើម្បី​នឹងបន្ត។ សម្រាប់ក្មួយកីឡាករ យ៉យ កុសល មេដាយសំរិទ្ធ ចំនួន ២៤ លានរៀល (ពីក្រសួង) និង​ថវិកា​របស់ខ្ញុំផ្ទាល់ចំនួន ៣ ពាន់ដុល្លារ ថែមទៀត។ សម្រាប់លោកស្រី នៅ លក្ខិណា គ្រូបង្វឹកហែលទឹក ថវិការដ្ឋ ៨០ លានរៀល និងថវិកាផ្ទាល់ពីខ្ញុំ ១ ពាន់ដុល្លារ បន្ថែមទៀតពីលើហ្នឹង​។ បានសេចក្តីថា ថវិការដ្ឋ បើ​សិស្សបានប៉ុណ្ណា គ្រូបានប៉ុណ្ណឹងដែរ។
ជូនលោក អ៊ូ គង់ គ្រូបង្វឹកជំនួយហែលទឹក ថវិកា ៥៦ លានរៀល ចេញពីក្រសួងអប់រំ យុវជន និងកីឡា និងថវិកាខ្ញុំផ្ទាល់ ១ ពាន់ដុល្លារអាមេរិក ថែមទៀត។ ជូនលោក ម៉ៅ សុជា គ្រូបង្វឹកវាយកូនឃ្លីលើតុ ថវិកា ២៤ លានរៀល ដោយក្រសួងអប់រំ យុវជន និងកីឡា និង ១ ពាន់ដុល្លារ ពីខ្ញុំថែមទៀត។ ប៉ុន្តែ ថាមានកី​ឡា​ករ​ម្នាក់​ទៅ​ជាមួយ មិនបានមេដាយអីនឹងគេទេ? មួយណា? កាលដែលទៅហ្នឹង ទៅនឹងគេដែរ។ តែមិនបាន។ ទោះមិនបាន​ក៏​សូមជូន ២ ពាន់ដុល្លារដែរ។ បើទោះបីជាមិនបានមេដាយ យើងនៅតែបន្តការប្រកួត កុំចាញ់មុនការប្រកួត។ ឥឡូវហ្នឹងបាន ២ ពាន់ដុល្លារ ហ្នឹងគេដែរ វាមិនខ្សត់ទេ។ ប៉ុន្តែ បន្តិចទៀត ក្រៅពីហ្នឹងនៅមានអា ៥០០ ដុល្លារ ផ្សេងទៅជាមួយគេទៀត។ អាហ្នឹង គឺបានទាំងអស់គ្នាទេតើ។ ប៉ុន្តែ នេះសម្រាប់អ្នកដែលទៅប្រកួត ប៉ុន្តែ អត់​បាន​(មេ​ដាយ)នឹងគេ។ បើទទេសុទ្ធក៏មិនកើតដែរ។ ប៉ុន្តែ ដោយសារតែមានតែម្នាក់ទេទើបអោយ បើមានច្រើន​នាក់​ក៏មិនអោយទេ។
អរគុណណាស់ យើងពិតជាមានមោទនភាព ជាមួយនឹងការរីកលូតលាស់ នៃវិស័យកីឡារបស់យើង មិនថាកីឡា​មិន​ពិការ កីឡាពិការ។ ពិតមែនហើយ កីឡាបាល់ទាត់របូតហើយ ប៉ុន្តែ នៅជួបបន្តទៀត ទៅចេះតែទាត់ទៅ។ ជា​មួយហ្វីលីពីនជួបហើយ ជាមួយវៀតណាមពីម្សិលជួបហើយ នៅសល់ថៃ និងឥណ្ឌូនេស៊ី។ ជួបទៅ ទាត់ដើ​ម្បី​ដូរ​បច្ចេកទេស។ តែប្រយ័ត្នទាត់មិនបានគ្រាប់ ចេះតែទាត់ជើងគេ។ ខុសទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ កម្រិត​ទាត់​របស់​បងប្អូនយើងកាន់តែល្អហើយ។ ឃើញកម្រិតទាត់ បើទោះបីថា ការវាយលុក ទាត់ចូល ឬមិនចូល​ ខាងគេម៉េច​នឹង​អោយចូលលេងៗ។ គេចេះចាប់ដែរតើ ហើយគេមានខ្សែការពាររបស់គេដែរតើ ប៉ុន្តែ យើងបានបណ្តើរ​ដល់​មុខទីរបស់គេ គ្រាន់នឹងស៊ុត ត្រូវមិនត្រូវអាហ្នឹងរឿងផ្សេងមួយទៀត​។ ក៏ប៉ុន្តែ មិនមែនលេងតែក្នុងទី​លានមុខ​ទីរបស់​យើងទេ។ កម្រិតលេងរបស់យើង គឺបានឈានឡើងហើយ បើទោះបីស៊ុតចូលមិនចូល អាហ្នឹងរឿង​មួយ​ផ្សេង។ ខ្លះវាយលុកដល់ទៅ ១៥ ដង ទាត់មិនចូលម្តងផង អាហ្នឹងក៏មានដែរ មើលកីឡាពិភពលោក​ទៅ​មើល វាអញ្ចឹង។

ការទទួលបានមេដាយមាសកម្រិតអាស៊ី កម្រិតពិភពលោក និងប៉ារ៉ាហ្គេម ត្រូវមានម៉ូតូអមដំណើរដូចគ្នា

សម្រាប់ផ្នែកកីឡានេះ ក៏បានទទួលមេដាយ ក្រៅពីមេដាយមកពីក្រៅស្រុក ក៏មានមេដាយនៅក្នុងស្រុក ដែកបំពាក់ជូនដោយខ្ញុំផ្ទាល់។ ខ្ញុំសង្ឃឹមជឿជាក់ថា ក្រៅពីការប្រកួតនូវប៉ារ៉ាហ្គេមនេះ តើនឹងមានការប្រកួត​ជា​បន្តបន្ទាប់ទៀត ហើយពេលខ្លះខ្ញុំមិនបានចូលរួមដោយផ្ទាល់ ខ្ញុំអនុញ្ញាតផ្តល់សម្រាប់តំណាងរបស់ខ្ញុំ ដើម្បីជួបជាមួយកីឡាករ/រិនីរបស់យើង។ អ្វីដែលជាការរំលឹករបស់ខ្ញុំ គឺអញ្ចេះ។ មិនដឹងថា កន្លងទៅនេះ មេដាយមាសតំបន់អាស៊ីនេះត្រូវបានហែហមដោយម៉ូតូ ឬអត់ ពីព្រលានយន្តហោះពោធិ៍ចិនតុងមក? មានទេ? ថ្ងៃក្រោយរំលឹកកន្លែងហ្នឹងបន្តិច ហើយទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិ​ការ​ប៉ារ៉ា​ឡាំពិកខ្លួនឯង ការទទួល(បាន)មេដាយពិភពលោក និងមេដាយអាស៊ី គឺអោយម៉ូតូអម ចេញដំណើរ​ពី​ព្រលានយន្តហោះពោធិ៍ចិនតុង មកកាន់ស្នាក់ការអូឡាំពិក រួចហើយចេញពីស្នាក់ការអូឡាំពិក មកកាន់កន្លែងនេះ។ កន្លងទៅមិនទាន់អនុវត្តបានស្មើគ្នាទៅលើបញ្ហានេះទេ អញ្ចឹងនៅពេលក្រោយរំលឹក។ កម្រិតម៉ូតូ​អមប៉ុន្មានគ្រឿង សម្រាប់(មេដាយ)អាស៊ី និងម៉ូតូអម(ប៉ុន្មានគ្រឿង) សម្រាប់(មេដាយ)ពិភពលោក ឯសម្រាប់​ប៉ារ៉ា​ហ្គេម គឺអត់មានទេ និយាយរួមយកស្តង់ដាតែមួយ។
ការខកខានកន្លងទៅមិនបានដង្ហែនេះ គឺជាការខកខានមួយ ប៉ុន្តែ វាមិនទាន់ហួសពេលទេ ប្រសិនបើលោក យី វាសនា ពិនិត្យឃើញថា ត្រូវរៀបចំ សុំអោយមានការរៀបចំដង្ហែថ្ងៃនេះតែម្តងទៅ។ ល្ងាចនេះ​យើងអាចដង្ហែបាន ដង្ហែកាត់ក្រុងទៅ ម៉ូតូប៉ុន្មានគ្រឿង ដាក់ទាំងគ្រូ ដាក់ទាំងសិស្សទៅជាមួយគ្នា។ ហែ​មេ​ដាយយកមកអោយជាតិ មិនចាំបាច់ទៅពោធិ៍ចិនតុងវិញក៏បានដែរ។ ឥឡូវថា រៀបចំព្រឹកហ្នឹងវាមិនទាន់ ប៉ុន្តែ ល្ងាចនេះ ហែចេញពីស្នាក់ការប៉ារ៉ាឡាំពិក រួចហើយកាត់មួយជុំទៅវិមានឯករាជ្យ ទៅវត្តភ្នំ រួចចាំចូល​កន្លែង​ហ្នឹង​វិញក៏បានដែរ។ ទៅវាមិនពិបាកទេ ម៉ូតូច្រើនណាស់ កុំឆ្ងល់ពេក។ រៀបចំទង់ជាតិ រៀបចំទង់អី​ហ្នឹង ហើយយើងហែដើម្បីអបអរសាទរ។ អាហ្នឹងសម្រាប់អ្នក(ទទួលបាន)មេដាយមាស។
យកស្តង់ដារតែមួយ កុំអោយមានការភ្លេចភ្លាំង ព្រោះខ្ញុំមានការងារច្រើនណាស់ ប៉ុន្តែ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងដែលមានការពាក់ព័ន្ធទាក់ទងនឹងបញ្ហាហ្នឹង មិនគួរត្រូវបានភ្លេចទេ មិនគួរត្រូវបានមើលរំលង​។ ឥឡូវ យើងបានជាជ្រុល តែយើងមិនទាន់ហួសពេលរៀបចំទេ ព្រោះពេលខ្លះអាចថា ពីពោធិ៍ចិនតុងមក នៅពេល​យប់​ក៏លំបាក។ អញ្ចឹងឥឡូវយើងបន្ទាប់ពីនេះទៅ យើងទៅកន្លែងសិនចុះ ល្ងាចនេះអាចម៉ោង ៤ ឬម៉ោង ៥ អី គឺហែទៅ ដោយម៉ូតូប៉ុន្មាន មើលខាងពិធីការ មានកត់ត្រាទុកទេ? អាហ្នឹងគេសុទ្ធតែត្រូវកត់ត្រាទុក។ ដូច​ជា​ខាង(មេដាយ)ពិភពលោកម៉ូតូ​ ១២ គ្រឿង។ ម៉ូតូប៉ុន្មាន? មានអ្នកណាចាំទេ? ខ្ញុំស្នើថា ធ្វើការស្អីក៏ដោយ​អោយ​មាន​ឯកសារ តែឯកសារវាមិនដែលមាន។ គេកត់ត្រាណា (នៅលើ)ពិភពលោកនេះ ខ្ញុំសរសើរជប៉ុនតែម្តង។ មន្ត្រីជប៉ុន កំណត់ហេតុរបស់គេច្បាស់ណាស់ អោយតែនាយករដ្ឋមន្ត្រីចាប់ផ្តើមអង្គុយជាមួយនឹងយើងភ្លាម គឺក្រៅពីអ្នកបកប្រែ មានមន្ត្រីកំណត់ហេតុមកដល់តែម្តង។
(ខាងពិធីការរាយការណ៍ជូនសម្តេច អំពីចំនួនម៉ូតូអម សម្រាប់ព្រឹត្តិការណ៍មួយៗ) បាទ! ១២ គ្រឿងដូចគ្នា ប៉ុនអាស៊ីមានប៉ុន្មានគ្រឿង? យើងធ្លាប់មានអាស៊ីតើ … ឥឡូវអញ្ចេះ បើពិភពលោក(ម៉ូតូអម) ១២ គ្រឿង បើ​មិន​ទាន់​ច្បាស់ទេ កំណត់យក​ ១០ ​គ្រឿង ហែទៅ។ ១០ គ្រឿង ម៉ូតូស ដើម្បីហែទៅ រៀបចំទៅ ល្ងាចហ្នឹងធ្វើទៅ ហើយថវិកាចំណាយ(សម្រាប់)ការហែនេះ មិនមែនយកថវិការបស់គណៈកម្មាធិការអូឡាំពិក ឬអ្នកនេះទេ ទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំចាត់ចែងថវិកាហ្នឹង ដើម្បីហែរក្បួនបន្តិចទៅ។

រៀបចំកម្មវិធីជប់លៀងអបអរ ចំពោះកីឡាករ/រិនី គ្រូបង្ហឹក និងអ្នកដឹកនាំ

… មុននឹងទៅហ្នឹងមានបានជប់លៀងហើយឬនៅ? នៅទេ? បើអញ្ចឹងយកល្អអញ្ចេះ យើងមានគ្នាតែប៉ុន្មាននាក់ទេ ឥឡូវ គិតប៉ាវកន្លែងណាមួយចូលទៅ ប្រគល់ភារកិច្ចអោយ ឯកឧត្តម ប៊ិន ឈិន ទៅធ្វើជាអធិបតី នៃពិធីជប់លៀង (ស្នូរទះដៃ)។ ខាងសហព័ន្ធនានាទៅៗ សៅ សុខា ស្អីៗហ្នឹងទៅចូលរួមទៅ។ ល្ងាចនេះ ប៉ាវហាងណាមួយទៅ បានសេចក្តីថា ជប់លៀងអបអរសាទរអ្នកដែលទទួលបានមេដាយផង និងជប់លៀងជូនដំណើរកីឡាករ/រិនី គ្រូ​បង្វឹក (និង)ដឹកនាំស្អីៗហ្នឹង ដើម្បីទៅចូលឯណោះ។ ឯកឧត្តម ប៊ិន ឈិន ឆ្លៀតពេល ដើម្បីទៅចូលរួមទៅ គ្រាន់​តែ​ទៅស៊ីវាមានស្អី? (ស្នូរទះដៃ)។
ក្មួយ វណ្ណៈ មានគ្រួសារហើយឬនៅ? អត់ទាន់មានទេ។ ម្តាយមកទេឥឡូវនេះ? ម្តាយហើយហ្នឹង? ម្តាយ ​វណ្ណៈ​ ហើយហ្នឹង? អូ! អញ្ចឹង បាន ៣ ម៉ឺនដុល្លារ​ អម្បាញ់មិញហ្នឹងយកទៅ … ល្ងាចហ្នឹងនៅ​អបអរ​សា​ទរ​ជា​មួយ​កូនទៅ។ ម៉ាឡានហ្នឹងដាក់ទាំងម្តាយ ដាក់ទាំងកូន ដាក់ទាំងគ្រូទៅ រួចហើយល្ងាចនេះ​ជប់លៀង​នៅទី​ហ្នឹង​ទៅ។ មិនដឹងហាងណាទេ ខ្ញុំមិនដឹងទេ។ ទៅមិនខ្វះទេហាងស្រុកខ្មែរនោះ ចាត់ចែងពីឥឡូវទៅអាច​ធ្វើបាន​ហើយ​។ បើវាលំបាកពេក គឺកន្លែងហ្នឹងតែម្តង ប៉ុន្តែ កន្លែងហ្នឹង គឺថា រៀបមិនទាន់ទៀត ទៅហាងតែម្តង​ទៅវា​ឆាប់។ … ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស កីឡាករ/រិនី និងក្រុមគ្រូ​បង្វឹក​ទាំង​អស់ សូមទទួលបានជោគជ័យ និងជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕