សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី ប្រគល់​​សញ្ញាប​ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

147

CNV: 

លើកទី ២១ មកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកជួបជុំនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចែកសញ្ញាបត្រ ចំនួន ៣.៣០២ នាក់។ ហើយដែលនេះ ជាលើកទី ២១ ដែលខ្ញុំមកកាន់សាលានេះ។ ការចាប់ផ្ដើមរបស់យើងតាំងពីឆ្នាំ ១៩៨៨ បើរាប់ពីពេលដែលខ្ញុំចូលរួម ហើយបន្ទាប់ទៅ​ការចែកសញ្ញាបត្រ​លើកដំ​បូង​ក៏នៅឆ្នាំ ១៩៩៦។

ឆ្នាំ ១៩៨៨​ ចុះឈ្មោះរៀនបរិញ្ញា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសំដែងជូននូវការរីករាយជាមួយនឹងវឌ្ឍនភាព ការកើនឡើងសម្រាប់សាកល​វិទ្យាល័យភូមិន្ទភ្នំពេញរបស់យើងនេះ។ ការពិតទៅ ប្អូនៗ ក្មួយៗ ជានិស្សិតនៅទីនេះ គឺជាសិស្សប្អូនរបស់ខ្ញុំតែម្ដង តែមិនមែនដោយសារសិស្សប្អូននោះទេ បានជាខ្ញុំត្រូវធ្វើបណ្ណាល័យនៅទីនេះ។ ​ប្រហែលជាគេអាចដឹងបាន​នូវ​ប្រវត្តិអំពីសាកលវិទ្យាល័យនេះ ដែលត្រូវបានបំផ្លាញចោលនូវក្នុងសម័យ ប៉ុល ពត ប៉ុន្តែ យើងត្រូវបានបញ្ចូល រៀប​ចំជាសាលាគរុវិជ្ជាផង ជាសាលាភាសាផង ជាសាលានយោបាយផង។ បន្ទាប់ទៅយើងច្របាច់សាលា​នេះ​ជា​មួយគ្នា បូកទាំងវិទ្យាស្ថានជាតិគ្រប់គ្រងកាលពីមុននេះក៏ជាផ្នែកមួយនៃសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

ឆ្នាំ ១៩៨៨​ គឺជាឆ្នាំដែលខ្ញុំចុះឈ្មោះរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ដើម្បីយកសញ្ញាបត្របរិញ្ញាសិន ដើម្បីឈានជាមូលដ្ឋាន សម្រាប់ធ្វើនិក្ខេបបទថ្នាក់បណ្ឌិត​។ ប្រហែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ដំ​បូងគេ ដែលមានសារណា គឺសូមមើល​សៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា។ នោះហើយជាសារណា ដើម្បីយក​សញ្ញា​បត្របរិញ្ញាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលពេលនោះ ហង់ ជួន ឪពុករបស់ ឯកឧត្តម ហង់ ជួន​ណារ៉ុន​ នៅធ្វើ(ការ)នៅក្រសួងអប់រំ ហើយឪពុកក្មេករបស់ ឯកឧត្តម ហង់ ជួនណារ៉ុន គឺឯកឧត្តម ប៉ែន ណាវុធ ជា​រដ្ឋមន្រ្តីក្រសួងអប់រំ។ ប្រវត្តិវាយ៉ាងដូច្នេះ។ បើយើងមិនមានមូលដ្ឋានបរិញ្ញាបត្រទេ យើងក៏គ្មានលទ្ធភាព ដើម្បី​នឹងធ្វើនិក្ខេបបទ សម្រាប់ថ្នាក់បណ្ឌិតនោះដែរ។

ប្រហែលជានៅក្នុងបណ្ណាល័យ​របស់ខ្ញុំ​នៅ​ទី​នោះ អាចនឹងមានសៀវភៅនេះ សម្រាប់ការស្រាវជ្រាវរបស់​​និស្សិត​មួយចំនួនផងដែរ។ ខ្ញុំនៅចាំបានថា ឯក​ឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ នៅពេលដែល​គាត់ទៅ​រៀន​​នៅអតីតសហភាពសូវៀត និងការធ្វើនិក្ខេបបទ​របស់​គាត់ ក៏មានមួយភាគ គឺដកស្រង់ចេញពីសៀវភៅ ១០ ឆ្នាំ នៃ​ដំណើរកម្ពុជារបស់ខ្ញុំ ដែលជាសារណា សម្រាប់​បញ្ចប់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យភូមិន្ទភ្នំ​ពេញ​នេះ​ផងដែរ។

ដំឡើងប្រាក់ឧបត្ថម្ភ ៣​ លានរៀល ដល់បណ្ណាល័យ

… កាលពីមុននោះ ចាប់តាំងពីឆ្នាំ ២០០២ មកដល់ឆ្នាំ ២០១០ ពេលនោះ ខ្ញុំឧបត្ថម្ភសម្រាប់​អនុរក្ស​បណ្ណា​ល័យ​តែ ១៨០ ដុល្លារទេ បន្ទាប់ទៅឡើងដល់ ៣៦០ ដុល្លារ នៅឆ្នាំ ២០១០។ ឥឡូវ គិតមកដល់ពេលនេះវា ៧ ឆ្នាំហើយ។ ខ្ញុំចង់សួរថា ឥឡូវនេះ បុគ្គលិកដែលធ្វើការនៅទីនោះ មានប៉ុន្មាននាក់ដែរលោកសាកលវិទ្យាធិការ? ៣៦ នាក់។ ប៉ុន្តែ ចង់សួរថា ចង់ឡើងឬអត់? អញ្ចេះទេ ដូចជាយល់គ្នាមិនបាន។ បុគ្គលិកមានប្រាក់ខែហើយ ប៉ុន្តែ នេះគ្រាន់តែជាប្រាក់ឧបត្ថម្ភបន្ថែម។ (សាកលវិទ្យាធិការ) ប្រាក់ ១ លានរៀលជាង ជាប្រាក់ឧបត្ថម្ភបន្ថែម។ គេ​មិន​ចង់បានប៉ុណ្ណឹង គេចង់ថែម។ អញ្ចឹងបានចង់សួរថា បុគ្គលិកហ្នឹងគាត់មានប្រាក់ខែហើយ អ្វីដែល​ខ្ញុំផ្ដល់​ទៅ​នេះ គ្រាន់តែបន្ថែម សម្រាប់គាត់ធ្វើការថ្ងៃ សៅរ៍ ថ្ងៃអាទិត្យ តែប៉ុណ្ណឹងទេ។

ឥឡូវអញ្ចេះ ពី ៣៦០ ដុល្លារ សុំឡើងទៅ ៣ លានរៀល ក្នុងមួយខែ ហើយចាប់បើកពីខែហ្នឹងទៅ ដើម្បីអោយ​ពួក​គាត់​ហ្នឹងមានលទ្ធភាពកាន់តែច្រើន ព្រោះបណ្ណាល័យហ្នឹងដែលមានសៀវភៅច្រើនជាងគេ។ អញ្ចឹង ដើម្បីអោយ​គេ​មាន​លទ្ធភាពទៅមើល(សៀវភៅ) ហើយអ្នកអនុរក្សហ្នឹងគាត់មានលទ្ធភាព ដើម្បីនឹងជួយគ្រប់គ្រង។ ចាប់​ពី​ពេល​នេះទៅ គឺបើកប្រាក់ខែហ្នឹងតែម្ដង។ បើខែហ្នឹងបើករួចហើយ នៅខ្វះគឺថែម។ អញ្ចឹងទេ នេះជាការមួយដើម្បី​នឹង​បន្តនិរន្តរភាព ព្រោះថា បណ្ណាល័យខ្ញុំជាអ្នកបង្កើត កសាងជូន និងសៀវភៅខ្ញុំរកមួយផ្នែក អស់លោក​រក​មួយ​ផ្នែក ដែលភាគច្រើនអស់លោកជាអ្នករក។ ខ្ញុំបានឧបត្ថម្ភកាលពីមុនត្រឹមតែ ១៨០ ឡើងដល់ ៣៦០ ដុល្លារ ឥឡូវ ឡើងដល់ ៣ លានរៀល ក្នុងមួយខែតែម្ដង។ និស្សិតត្រូវតែទៅអានសៀវភៅ ទៅឃើញមុខអនុរក្សមុខក្រញូវ អាន​វា​មិនចូល​ ដល់គាត់មានប្រាក់គួរសម គឺអនុរក្សមុខញញឹម គឺអ្នកអានក៏អានចូលដែរ។ បើប្រាក់ ៣ លានរៀល ជាប្រចាំខែទៅហើយ ចាំបន្តទៅខាងមុខទៀត ចាំយើងគិតគូរថា ទៅប៉ុន្មានទៀត។

ការចូលរួមរបស់វិស័យឯកជន ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស

ជាមោទនភាពមួយ សម្រាប់យើងទាំងអស់គ្នា ដូចដែល ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រ​សួង​អប់រំ យុវជន និងកីឡា បានលើកឡើងពាក់ព័ន្ធជាមួយនឹងដំណើរការ នៃសាកលវិទ្យាល័យរបស់​យើង​នេះ។ ខ្ញុំនៅតែរំលឹកជាបន្តថា គោលនយោបាយរបស់យើង ដែលផ្ដល់ឱកាសជាក្របខណ្ឌទូទៅ គឺផ្ដល់ឱ​កាស​អោយវិស័យឯកជនចូលរួម។ ក្នុងវិស័យឯកជនចូលរួម គឺរួមមាន៖ ឯកជនកសាងសាលា និងទទួលការ​បណ្ដុះ​បណ្ដាល​ទាំងស្រុងទៅ ហើយនិស្សិតរៀនបង់ថ្លៃ។ ឯមួយទៀតប្រើប្រាស់មួយភាគ នៃអគាររបស់រដ្ឋ ដើម្បីសិក្សា​បង់​ថ្លៃ។ ចំណុចនេះ គឺជាចំណុចដែលយើងធ្វើបានជោគជ័យណាស់ ក្នុងការចូលរួមរវាងវិស័យ​ឯកជន និងរដ្ឋ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យរបស់រដ្ឋ។ សាកលវិទ្យាល័យដទៃទៀតជា​សាកល​វិទ្យា​ល័យ​របស់​រដ្ឋ ប៉ុន្តែ បើសិនទុកអោយរដ្ឋធ្វើតែឯង ហើយក្នុងមួយឆ្នាំៗត្រឹមតែនិស្សិតប៉ុន្មានរយនាក់ វាមិនគ្រប់គ្រាន់ទេ។ ដូច្នេះ ការផ្ដល់ឱកាសអោយសាកលវិទ្យាល័យនានា រាប់ទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផង ដើម្បីមាន​ឱកាស​សម្រាប់ស្រូបយកនិស្សិតដែលត្រូវរៀន ចូលមករៀន(បង់ថ្លៃ)នៅទីនេះ ចាប់ទុកថា ជារបៀបដោះ​ស្រាយរបស់​យើង។​​ ចំនួន(និស្សិត)ភាគច្រើននៅក្នុងនេះ គឺនិស្សិតដែលរៀនបង់ថ្លៃច្រើនជាងនិស្សិតអាហារូបករណ៍។ តែយ៉ាង​ណា​ក៏ដោយ នេះជាការចូលរួមទាំងអស់គ្នា ប្រឹងទាំងអស់គ្នាទើបឈានឡើង និងមានស្ថានភាពដូចសព្វថ្ងៃនេះ។

ខ្ញុំជឿជាក់ថា ជាមួយនឹងវឌ្ឍនភាព នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាមួយនឹងការខិតខំផ្ទាល់​របស់​ជ័យ​លាភីរបស់និស្សិតរបស់យើង ចំនួនធនធានមនុស្សរបស់យើង ដែលបានបណ្ដុះបណ្ដាលនៅក្នុង​ប្រ​ទេស និងក្រៅប្រទេស គឺកាន់តែច្រើនទៅៗ។ មាន(និស្សិត)ចំនួនច្រើនហើយ ដែលបានបញ្ចប់ការ​សិក្សានៅ​សា​កល​វិទ្យាល័យភូមិន្ទភ្នំពេញ ហើយមួយផ្នែកនៃសាកលវិទ្យាល័យនេះ កំពុងតែបំពេញតួនាទីជាមន្រ្តីរាជការ ឬក៏ជា​អ្នក​ដឹក​នាំ​នៅ​ក្នុងស្ថាប័នវិស័យឯកជន។ មួយភាគកំពុងតែចេញទៅធ្វើការងារទូតនៅឯបរទេស​ផង​ដែរ​។

ខ្ញុំនៅ​តែ​បន្តអំពាវនាវអោយសាកលវិទ្យាល័យមួយនេះ ក៏ដូចជា សាកលវិទ្យាល័យដទៃទៀត ពង្រឹងការខិតខិតខំ ដើម្បី​ពង្រឹង​នូវសមត្ថភាព គុណភាព សម្រាប់ផ្ដល់ជូននិស្សិតរបស់យើង។ ខ្ញុំសូមអបអរសាទរជាមួយនឹងជ័យលា​ភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាមួយនឹងក្រុមគ្រួសារជ័យលាភីផងដែរ ដែលថ្ងៃនេះ មានកូន មានចៅ មាន​​បង មានប្អូន មានប្ដី មានប្រពន្ធ ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរបស់យើងនៅថ្ងៃនេះ។ សង្ឃឹមថា សាកលវិទ្យាល័យនេះ នឹងឈានទៅមុខជាបន្តទៀត តាមរយៈនៃការខិតខំប្រឹងប្រែងទាំងអស់គ្នា។

បណ្ណាល័យជាកម្មសិទ្ធិរបស់អ្នកអាន អ្នកស្រាវជ្រាវ

ក្នុងនោះ មួយភាគក៏ខ្ញុំបានប្រកាសជូនអម្បាញ់មិញហើយ ទន្ទឹមនឹងបណ្ណាល័យមួយ ខ្ញុំក៏ត្រូវបន្ថែមនូវធន​ធាន​ខ្លះ​បន្ថែម​ទៀត ដើម្បីជាមូលដ្ឋាន បណ្ណាល័យមួយនេះ មិនគ្រាន់តែ(សម្រាប់)សិក្សា (ការ)អាន (និង)ស្រាវ​ជ្រាវ​របស់​និស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេ ក៏ប៉ុន្តែ និស្សិតទៅពីកន្លែងផ្សេង មនុស្សទៅពីកន្លែងផ្សេង គេចង់​អាន ចង់ស្វែងយល់ អាចទៅកន្លែងហ្នឹងផងដែរ។ ដូច្នេះ សង្ឃឹមថា យើងរួមគ្នា ដើម្បីដំណើរការលើកិច្ចការងារនេះ។

ចលនាបំប៉នសិស្សមុនពេលប្រឡង ជាវិធីសាស្ត្រមួយល្អ    

ប៉ុន្មានថ្ងៃខាងមុខទៀត គឺដល់ពេលវេលាដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២១-២២ សីហា។ ជិតដល់ពេលវេលាដែលត្រូវប្រឡងហើយ ដូច្នេះ អំពាវនាវចំពោះគ្រូបង្រៀន ចំពោះសាស្រ្តាចារ្យ ចំពោះមាតាបិតា ហើយជាពិសេសសិស្សានុសិស្សផ្ទាល់ ប្រឹងប្រែងបំប៉ន។ ហើយកន្លងទៅខ្ញុំក៏បានឃើញថា ចលនាបំប៉ន​សិស្ស​ក្នុងពេលដែលត្រូវធ្វើការប្រឡងនេះ គឺជាវិធីសាស្រ្តមួយល្អណាស់។

ឆ្នាំទៅក្នុងពេលដែលខ្ញុំធ្វើដំណើរទៅកាន់ខេត្តមួយចំនួន គឺធ្វើដំណើរមុនពេលប្រឡង។ ដល់បន្ទាប់ទៅ​ធ្វើដំ​ណើរ​ក្រោយ​ពេលប្រឡងនៅតាមខេត្តមួយចំនួន ព្រោះឆ្នាំទៅនេះ ខ្ញុំត្រូវធ្វើដំណើរដោយថ្មើរជើងចំនួនជាង ៥.០០០ គីឡូ​ម៉ែត្រ ដើម្បីទៅកាន់ខេត្តមួយចំនួន។ ក្នុងហ្នឹង ផ្លូវដែលខ្ញុំធ្វើដំណើរទាំងប៉ុន្មាន គឺជាផ្លូវដែលខ្ញុំចូល​មើល​អាគារ​សិក្សា និងបំពេញតម្រូវការដោយបន្ថែមអាគារ។ ពេលនោះ ខ្ញុំជួបជាមួយថ្នាក់ដែលកំពុងតែធ្វើការ​បំប៉ន​សិស្ស​នៅខាងខេត្តព្រះវិហារ។ មិនមែនគ្រាន់តែសិស្សថ្នាក់ទី ១២ ទេ ដែលចូលទៅធ្វើការបំប៉ននោះ គឺ​សិស្ស​ថ្នាក់​ទី ១១ បំប៉នដែរ។ អញ្ចឹង ម៉េចបានក្មួយឯងអត់ទាន់ប្រឡងផងមកបំប៉នដែរ? ថាអត់ទេអ៊ំ ខ្ញុំមកបំប៉ន ឆ្នាំហ្នឹង​អោយ​ហើយ។ ឆ្នាំក្រោយខ្ញុំបំប៉នទៀត។ ខ្ញុំប្រឡងឆាប់ជាប់។

អញ្ចឹង បានសេចក្តីថា អ្វីដែលជាមធ្យោបាយរបស់យើង ដែលជាកំណែទម្រង់ចាំបាច់ និងភាពហ្មត់ចត់នៅក្នុងការ​ប្រ​ឡង​មធ្យមសិក្សាទុតិយភូមិនេះ ​បានធ្វើអោយមានការខិតខំប្រឹងប្រែង នៅក្នុងក្របខណ្ឌទូទាំងប្រទេសតែម្តង មិនមែនគ្រាន់តែការខិតខំជាមួយនឹងសិស្ស ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិទេ ក៏ប៉ុន្តែ សូម្បីតែចាប់​ពី​បឋមឡើង គឺចាប់ផ្តើមមានការប្រឹង ព្រោះដល់កន្លែងហ្នឹងលោវាតឹងពេក មាតាបិតាក៏មិនបានធ្វើការប្រហែសដែរ។ អញ្ចឹង នៅពេលដែលយើងដាក់ចេញនូវគោលនយោបាយ សម្រាប់ការខិតខំបែបនេះ គឺជាជម្រើសមួយល្អណាស់ ហើយវាបង្កើតបាននូវស្ថានភាពមួយ ដែលនិយាយតាមមួយបែប គឺថា រៀនចេះ ទើបប្រឡងជាប់ បើអ្នក​ឯងមិន​រៀនទេ គឺមិនជាប់ទេ។

ទទួលយកអ្នកដែលប្រឡងមិនជាប់ មករៀនបរិញ្ញបត្ររង និងជំនាញបច្ចេកទេស

គោលនយោបាយដែលយើងដាក់ចេញ សម្រាប់ថា កន្លែងមួយចំនួន រាប់ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ  អនុញ្ញាតអោយយកសិស្ស ដែលប្រឡងមិនជាប់មធ្យមសិក្សាទុតិយភូមិ អោយមកយកបរិញ្ញាបត្រ(រង) ឬក៏​រៀន​បច្ចេក​ទេស។ ចំណុចនេះល្អណាស់ បានសេចក្តីថា ​​យើងអត់បានបោះបង់ចោលយុវជនរបស់យើង ដែលមិន​បាន​ប្រ​ឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលមានការរឹតបន្តឹងនោះទេ។ យើងផ្តល់ឱកាសសម្រាប់ក្មួយៗជាយុវជន ដែលមិន​ជាប់​មធ្យមសិក្សាទុតិយភូមិ ដើម្បីមករៀននៅក្នុងផ្នែកយកបរិញ្ញារង ឬក៏ក្នុងផ្នែកបច្ចេកទេស។ ខ្ញុំទៅប្រ​ទេស​ជប៉ុន​កន្លង​ទៅនេះក៏ឃើញថា ជប៉ុនមានការយកចិត្តទុកដាក់ពិសេស ទៅលើបញ្ហាធនធានមនុស្ស សម្រាប់​បម្រើអោយ​សហគ្រាសរបស់គាត់ ក្នុងរោងចក្ររបស់គាត់។ អញ្ចឹង បានជាមានការគួបផ្សំ រវាងផ្នែកសាលា​របស់​ជប៉ុន ជា​មួយ​នឹងសាលារបស់យើង។ មានដូចជាក្រុមហ៊ុន Denso នេះមួយ បានចូលមកសហការ​ជាមួយ សាលាបច្ចេកវិទ្យា ប៉ុន្តែ ខ្ញុំបានចង្អុលបង្ហាញថា ការបញ្ចូលទៅក្នុងសាលាបច្ចេកវិទ្យាម្ខាងហើយ តែយកល្អ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាហ្នឹង គឺជាការមួយប្រសើរជាង។

កុមារទេព គឹម ហុង

អញ្ចឹងទេ ធនធានមនុស្សរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើងៗ អរគុណណាស់ ហើយថ្ងៃនេះ ឯកឧត្តម លី ឆេង ក៏បានមកដែរ។ យើងបានដោះស្រាយបញ្ហាកុមារទេពរួចហើយ គឺនៅសល់តែពេលវេលា នៃការដែលគាត់ត្រូវរៀន។ អ្វីទៅដែលហៅថាកុមារទេព? នេះគឺជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យប៊ែលធី​ស្រាប់។ កុមារម្នាក់ដែលខ្ញុំបង្ហោះតាមហ្វេសប៊ុក អាយុត្រឹមតែ ៧ ឆ្នាំ ដែលមិនទាន់ឈប់បៅផងនោះ អាចធ្វើ​គណិតវិទ្យាថ្នាក់ទី ១២ បាន ហើយនៅពេលដែលមកជួបជាមួយខ្ញុំ ក្មេងមួយនេះពិតជាអស្ចារ្យ។ ខ្ញុំកំពុងចាប់​យក ដើម្បីបណ្តុះបណ្តាល ហើយក្រសួងអប់រំ យុវជន និងកីឡា តាមមើលផង ប៉ុន្តែ មិនមែនជាបន្ទុក​របស់​ក្រសួងអប់រំ យុវជន និងកី​ឡាទេ គឺសាលាប៊ែលធី ប៉ុន្តែ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតអោយអញ្ចេះ ដោយសារចៅ គឹម ហុង នៅតូច​ពេក ខ្ញុំថា ចៅឯងមករៀននៅភ្នំពេញ គ្រវីក្បាលតែម្តង ដល់ងាកទៅ​សួរ​ឪពុក​ម្តាយ ថាអត់ទាន់ឈប់បៅផងហ្នឹង។  អញ្ចឹងទេ មិនអាចយកតែ គឹម ហុង មកម្នាក់ឯងបានទេ។ អញ្ចឹង​ឥឡូវមធ្យោបាយនៅទីនេះមានគ្រប់ហើយ ទិញផ្ទះបាននៅជាប់សាលាប៊ែលធីស្ទឹងមានជ័យ កាត់ប្លង់កាត់អី​ហើយ ម្ចាស់ផ្ទះសុំ ៩ ថ្ងៃ ប៉ុន្តែ បើខ្ញុំគិតមកដល់ពេលនេះ ថ្ងៃទី ៨ ហើយស្អែកនេះត្រូវចេញ។ ដូច្នេះ ម្តាយឪពុក គឹម ហុង ត្រូវមក។ ឪពុករបស់ គឹម ហុង គឺធ្វើការ នៅធនាគារអេស៊ីលីដា បានផ្ទេរហើយ។ ប៉ុន្តែ ម្តាយជាគ្រូបង្រៀន​នៅ​គរុវិជ្ជាតាកែវ បញ្ជូនមកភ្នំពេញ ប៉ុន្តែ ខាងប៊ែលធី ដូចជាទទួល បើទទួលក៏នៅក្នុងក្របខណ្ឌដូចគ្នាដែរ។

ខ្ញុំនៅចាំបានថា នៅប្រទេសអង់គ្លេសមានសិស្សស្រីម្នាក់អាយុ ១២ ឆ្នាំ ជាប់បរិញ្ញាខាងផ្នែកគណិតវិទ្យា។  ប៉ុន្តែ ខ្ញុំគិតថា មិនមែនត្រឹមតែគណិតវិទ្យាទេ ក្មេងនេះចេះអានតាំងពីអាយុ ២ ឆ្នាំ អានជាខ្មែរ និងអានជា​អង់​គ្លេស។ កុំព្យូទ័រមួយទិញយកទៅ រួចហើយគេ setup ខ្លួនគេក្នុងហ្នឹង។ បន្ទាប់ទៅគេវាយរកស្អីៗ ដល់ចុងក្រោយ ខ្ញុំរកមធ្យោបាយសាកល្បង ប្រើចំណុចបច្ចេកទេស​យោ​ធា​តែម្តង។ អោយរកគោលដៅតែម្តង។ គេវាយទាំង​អង់​គ្លេស គេវាយទាំងខ្មែរ យ៉ាងងាយរបស់គេ។ យើងគ្រាន់តែប្រាប់​អោយ​រកគោលដៅ យើងងាកទៅនិយាយជាមួយ​ឪពុកម្តាយបានត្រឹមតែមិនដល់ ៣ នាទីផង ស្រាប់តែខាងនេះគេរក​ឃើញ​បាត់។ អញ្ចឹងទេ អាចនិយាយបានថា នាយទាហានយើងមួយចំនួនអាចយក គឹម ហុង ទៅធ្វើជំនួយ​ការ​បាន​ដែរ ខាងផ្នែកផែនទីតែម្តង ផ្នែក​កល​យុទ្ធ បើថាមិនបានអី ផ្នែកផែនទីអោយរាវរក សម្រាប់ការជំនួយ​ខាង​ផ្នែកគាំទ្រ។

អញ្ចឹងទេ ឥឡូវ ខាងប៊ែលធីថា យកដាក់អោយរៀនដំបូងនៅថ្នាក់ទី ៨ ជាមួយសិស្សដទៃទៀតដែលពូកែៗ ត្រឹមតែ ២០ នាក់ ហើយចាប់កាមេរ៉ាអីដើម្បីកុងត្រូល។ បើសិនជាផ្នែកអក្សរសាស្ត្រខ្មែរ និងអង់គ្លេស ខ្លាំង​ជាង​អ្នក​នៅទាំងនេះ គឺអាចរុញ គឹម ហុង ឡើងទៅលើហើយ។ គណិតវិទ្យាអត់ចោទទេ ព្រោះគេធ្វើដល់ថ្នាក់ទី ១២ បានទៅហើយ តែអ្វីដែលត្រូវសាកល្បង គឹម ហុង គឺនៅសាកល្បងភាសាអង់គ្លេស ឯកុំព្យូទ័​រ​លែង​គិត​ហើយ ព្រោះកុំព្យូទ័រមានសាលាមួយទៀតគេអនុញ្ញាតអោយរៀនអត់បង់ថ្លៃ ប៉ុន្តែ យើងមានអក្សរសាស្ត្រខ្មែរ អង់គ្លេស ចំណេះដឹងទូទៅមួយចំនួនទៀតដែលត្រូវរៀន។ បើគេរៀនអាហ្នឹងបានហើយ គឺត្រូវរុញឡើង ហើយ​យើងសុខចិត្តអោយប្រឡងបាក់ឌុប(តាំងពីមិនទាន់គ្រប់អាយុ) កុំកំណត់អាយុសម្រាប់ក្មេងមួយ​ហ្នឹង​។

ម្សិលមិញ ខ្ញុំវាយទៅរក គឹម ហុង យប់ម្សិល ជួបឪពុក គឹម ហុង ហើយ ឪពុក គឹម ហុង នៅជាប់ប្រចាំការ។  អញ្ចឹង ក៏​​វាយទៅសួរ គឹម ហុង។ ពេលហ្នឹងម៉ោង ៩:២៩ នាទីហើយ សួរថា ចៅញ៉ាំបាយហើយឬនៅ? ដល់មិន​ឃើញ​ឆ្លើយ នៅម៉ោង ៩:៣១ (នាទី) ២ នាទីក្រោយ ខ្ញុំក៏វាយទៅទៀត “ប្រហែលជាចៅគេងលក់ហើយមើលទៅ”។ ដល់ពី​ម្សិល​ម៉ោង ៩:២៥ នាទី បានឆ្លើយថា “សូមថ្វាយបង្គំលោកតា” អញ្ចឹង ក៏បានវាយត្រឡប់ទៅវិញ បាត់​ទៅ​ណាទើប​តារក​មិន​ឃើញចៅ? គេវាយត្រឡប់មកវិញថា “ចៅដើរលេងផ្ទះជីដូនមួយភ្លេចយក iPad ទៅតាម​ហ្នឹង​លោក​តា”។ ថ្ងៃមុនពេលដែលខ្ញុំវាយទាក់ទងទៅគ្រួសារ ខ្ញុំថា អត់ទេ ប្រហែលជាម្តាយឪពុកអ្នកឆ្លើយ អត់ទេម្តាយ​ឪពុក​អត់ទាន់ចេះទេ។ ថ្ងៃមុនខ្ញុំសួរអញ្ចេះ គឹម ហុង ចៅនៅឯណា? បាទលោកតា ចៅនៅផ្ទះ។ ចុះលោក​តា? សួរត្រឡប់មកវិញ។ តានៅផ្ទះដែរ។ ហើយសួរថា ប៉ាម៉ាក់មាន Telegram ឬក៏ WhatsApp ហើយ​ឬ​នៅ? នៅទេលោកតា។ ចៅជួយបង្កើតអោយទៅ។ បាទ! លោកតា។ ដល់សួរទៅឪពុក ថាអត់ទាន់​បាន​បង្កើត​ផង។ ឪពុកអត់ទាន់ចេះប្រើផង កូនចេះប្រើបាត់ទៅហើយ។ គ្នាអត់មានទូរស័ព្ទមានតែ iPad។

បើសិនជាបានយើងមានក្មេង ដែលមានអច្ឆរិយៈបែបនេះ យើងបន្តការខិតខំដើម្បីជួយ។ អញ្ចឹង តម្លៃសិក្សាស្អីៗ មធ្យោបាយមានអស់ហើយ នៅតែគ្នាត្រូវការរង់ចាំតែម្ចាស់ផ្ទះនេះ។ គេថាសុំ ៩ ថ្ងៃ។ ឥឡូវ បើខ្ញុំគិតពីថ្ងៃមុន ខ្ញុំចេញទៅជប៉ុន យើងបានបង់លុយបង់អីគ្រប់អស់ហើយ តាំងពីថ្ងៃ សៅរ៍។ ឥឡូវ មកដល់ថ្ងៃ ច័ន្ទ ទៀតហើយ។ ថ្ងៃស្អែកត្រូវប្រគល់ហើយផ្ទះហ្នឹង ដើម្បីមកបានស្រូត។ គឹម ហុង ត្រូវចូលរៀនបានរហ័ស។ នេះគ្រាន់តែនិយាយថា ខ្ញុំមិនដែលបានជួបប្រទះទេ។ ថ្ងៃមុនឃើញគេបង្ហោះក្មេងជនជាតិរុស្ស៊ីម្នាក់។ ស្រី ៤ ឆ្នាំ និយាយបាន ៦ ភាសា ប៉ុន្តែ ខ្ញុំមិនដឹងថា ៦ ភាសាគ្រាន់តែចេះនិយាយ ឬចេះទាំងអក្សរ ខុសពីស្ថានភាពរបស់ គឹម ហុង, គឹម ហុង ចេះទាំងនិយាយ ចេះទាំងអក្សរ តាំងពីអាយុ ២ ឆ្នាំ ហើយទាំងខ្មែរ ទាំងអង់គ្លេស …។

ទស្សនកិច្ចទៅជប៉ុន ជោគជ័យទាំង​ផ្នែក​​នយោបាយ ការទូត និងការសហប្រតិបត្តិការ

នេះគឺខ្ញុំគិតថា និយាយប៉ុណ្ណឹង ប៉ុន្តែ មិនទាន់ចប់ទេ រឿងរ៉ាវដែលបានកើតឡើងក្នុងមួយអាទិត្យនេះ ជារឿងល្អផង​ជារឿងពិបាកផង។ ដឹងហើយថា កាលពីសប្តាហ៍មុនខ្ញុំធ្វើដំណើរដល់ទៅ ២ ប្រទេស។ ទី ១ ចេញដំ​ណើរ​ទៅ​ទស្សន​កិច្ចនៅជប៉ុន។ ជាទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ហើយក៏ជាការធ្វើដំណើរទៅជប៉ុនលើកទី ២១ របស់ខ្ញុំផងដែរ និងក៏ជាការធ្វើដំណើរទៅក្នុងថេរវេលា នៅក្នុងខួប ៦០ ឆ្នាំ នៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ ជប៉ុនដាក់​ទំនាក់​ទំនងការទូតជាមួយកម្ពុជាតាំងពីឆ្នាំ ១៩៥៣ ប៉ុន្តែ នាយករដ្ឋមន្ត្រីដំបូងគេទស្សនកិច្ចនៅកម្ពុជានៅឆ្នាំ ១៩៥៧ ឆ្នាំ​នេះឆ្នាំ ២០១៧ ដូច្នេះ វាជាខួបលើកទី ៦០ នៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ហើយវាក៏ជាខួបលើកទី ២៥ នៃការដែលជប៉ុនបានបញ្ជូនកម្លាំងប្រតិបត្តិការរក្សាសន្តិភាពមកកាន់កម្ពុជាជាលើកដំបូង បន្ទាប់ពីត្រូវបាន​​រា​រាំងដោយរដ្ឋធម្មនុញ្ញ ក្រោយសង្គ្រាមលោកលើកទី ២។ ១៩៩២ គឺមកដល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំ ហើយ ២ ឆ្នាំក្រោយដែលភាគីទាំងពីរបានលើកកម្រិត នៃទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។

អញ្ចឹង ទស្សនកិច្ចរបស់ខ្ញុំនេះ​ អាចចាត់ទុកថា ទស្សនកិច្ចលើកនេះ ជាទស្សនកិច្ចប្រកបដោយជោគជ័យ ទាំង​ផ្នែក​​នយោបាយ ការទូត និងការសហប្រតិបត្តិការផ្សេងៗ ក្នុងហ្នឹងជំនួយអភិវឌ្ឍន៍ ក៏ដូចជា កម្ចីសម្បទានរយៈ​ពេល​វែង និងអត្រាការប្រាក់ទាប សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវបានធានាដោយនាយករដ្ឋមន្ត្រីជប៉ុន ហើយ​ជាពិសេស គឺបញ្ជាក់អំពីគោលជំហរបស់ជប៉ុន ធ្វើការជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីនឹងទៅកាន់​គោល​ដៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា ២០៣០ តាមគោលដៅដែលយើងចង់បាន។ ភាពជឿជាក់របស់ជប៉ុន ចំពោះសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជាបញ្ហាធម្មតាទេ។ ក្រុមហ៊ុនជប៉ុនច្រើនណាស់ ដែលកំពុងសម្លឹងមកកាន់ទីផ្សារកម្ពុជា ដូច្នេះហើយបានជាយើងមានតម្រូវការយ៉ាងច្រើន ជាមួយទៅនឹងការ​ចូលរួម​របស់​ជប៉ុន ក៏ដូចជា ដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដូចជាចិន ដូចជាសហភាពអឺរ៉ុប និងប្រទេសមួយចំនួន​ផ្សេង​ទៀត និងអាចចូលរួមចំណែក ដើម្បីអោយកម្ពុជា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងភ្នំពេញនេះ។

សិក្សាគម្រោងរថភ្លើងលើអាកាស ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ

ការធ្វើទឹកចម្រោះទឹកស្អាតជារឿងមួយហើយ ប៉ុន្តែ រឿងមួយទៀត យើងមិនអាចអោយទីក្រុងភ្នំពេញរបស់យើងកក​ស្ទះ​បែបនេះទេ។ ត្រូវរកវិធានការដោះស្រាយហើយ។ ការធ្វើដូចប្រទេសមួយចំនួន ប្រទេសមួយចំនួនគេត្រូវទិញ​លី​សង់ គេហៅថា ទិញលិខិតអនុញ្ញាត ដើម្បីទិញឡាន មិនមែនសុទ្ធតែមានសិទ្ធិទិញឡានទេ បើមិនដូច្នោះ គឺ​​ឡានពេញទំាងអស់ហ្នឹង។ អញ្ចឹង ប្រទេសនានា គាត់យកពន្ធលើ គេហៅថា ដំបូងបំផុតសិទ្ធិទិញឡាន គាត់​យក​ពន្ធបានមួយផ្នែក។ អញ្ចឹង គាត់ត្រូវដាក់លក់អាហ្នឹងទៅ។ ដល់ពេលគាត់ត្រូវទិញឡាន អាហ្នឹងត្រូវ​ពន្ធ​ទៀត​ហើយ ធម្មតាត្រូវបង់ពន្ធឡាន … ឧទាហរណ៍ ឡានតម្លៃតែ ១ ម៉ឺនទេ តែបង់ពន្ធ ៥ ម៉ឺន ហើយកំណត់រយៈពេល​ទៀត។ អ្នកឯងប្រើឡានហ្នឹងបានតែ ៥ ឆ្នំាទេ។ អញ្ចឹង បានអាជជុះនេះវាមកដល់ស្រុកខ្មែរនេះ។ វាចាស់គេ តែ​វា​ថ្មី​យើង …។

ប្រទេសយើង បើដាក់ការហាមឃាត់បែបនេះអត់បានទេ។ យើងត្រូវផ្តល់ឱកាសអោយប្រជាពលរដ្ឋរបស់យើង … ។ ឥឡូវឡានវាថោកទៅទៀត ត្រឹមតែ ៣ ពាន់ ៤ ពាន់ ជិះបាន។ ថ្ងៃមុនខ្ញុំទៅបើកឡានមួយ ទៅឃើញគេកំពុង​តែ​បង្រៀន​ប្រពន្ធបើកឡាន។ អញ្ចឹង ខ្ញុំក៏​ចាប់ផ្តើមបើក … Camry ឆ្នាំ ៩១។ និយាយពីបើកៗ សួរទៅក្រោយ ប្តី​ដូច​ពាក់ស័ក្តិ ២ នៅខាងផ្នែកកីឡានៅក្រសួងការពារជាតិ។ សួរថា ក្មួយឯងដូរម៉ាស៊ីនទេ? អត់ទេ ម៉ាស៊ីនវាតំាង​ពីដើម​មក​អញ្ចឹង។ តំាងពី ១៩៩១ មកប៉ុន្មានឆ្នំាហើយ? អានោះបើសិនជានៅស្រុកគេ គេអោយកិនចោលហើយ ប៉ុន្តែ អានេះវានៅមាំ។ ថ្ងៃនោះ ដូចបើកបានឡានបី ឡានបួន ប៉ុន្តែ មានតែមួយហ្នឹងទេម៉ាកតាក់ស៊ីនោះ បើកមួយ​ជុំ​អញ្ចឹង​ទៅ។ បើកផ្លូវលេខ ៦០ ប៉ុន្តែ មិនហ៊ានចូលផ្លូវធំទេ ខ្លាចប៉ះគេ ប៉ះឯង។

ដើម្បីដោះស្រាបញ្ហានេះ JICA បានសិក្សា អំពីគម្រោងរថភ្លើងលើអាកាស។ ហើយខ្ញុំក៏បានជិះសាកល្បង អា​នេះ​ជាស្វ័យប្រវត្តិ។ ការសិក្សាត្រឹមតែ ១៨ គីឡូទេ ក៏ប៉ុន្តែ ត្រូវចំណាយទុនប្រមាណជា ៨០០ លានដុល្លារ​សហ​រដ្ឋអាមេរិកឯណោះ។ ទោះបីថាវាថ្លៃបន្តិច ក៏ប៉ុន្តែ វាអាចសម្រួលបានច្រើន សម្រាប់ការធ្វើដំណើរ​របស់​ប្រជា​ពលរដ្ឋ និងកាត់ការបន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ យើងអាចធ្វើនៅខាងផ្សារ​ធំថ្មី​​ហើយ​ចេញទៅព្រលានយន្តហោះ។ នេះទំនាក់ទំនងខាងផ្នែកហ្នឹង។

សូមកុំសាងគ្រោះជូនជាតិ

នៅក្នុងទីក្រុងភ្នំពេញ បើសិនជា ១០០% នៃមធ្យោបាយចេញ មានន័យថា ទីក្រុងភ្នំពេញ គឺត្រូវ​បាន​កក​ស្ទះ​​ហើយ។ ឥឡូវនេះ ចេញត្រឹមតែ ៣០% (ឬ) ៤០% ក៏នៅតែកកស្ទះដែរ ហើយបើចេញ ១០០%ទៀត ណែន​ទំាង​អស់ផ្លូវ។ ហ្នឹងហើយការវិវឌ្ឍដែល​មាន​ការផ្លាស់ប្តូរតំាងពីដើមទីរហូតមក។ តំាងពីភ្នំពេញមានមនុស្សត្រឹមតែ ៧០ នាក់ រហូតដល់ភ្នំពេញណែន​​ណាន់​តាន់តាប់ដោយមធ្យោបាយចរាចរណ៍ ការលក់ទំនិញសព្វបែប​យ៉ាង​ទំាង​អស់។ … គេធ្វើអីក៏ធ្វើចុះ តែកុំសាងគ្រោះអោយជាតិអោយសោះ។ ទម្រាំរកបាននូវសន្តិភាព និងការរីក​ចម្រើន​បែប​នេះ មិនមែនជាការងាយទេ។ … ពាក្យខ្មែរគេថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក” ហើយយើង​នៅ​ទី​​នេះ ថាសុំកុំសាងគ្រោះជួនជាតិ ព្រោះពិបាកណាស់។ ទម្រាំតែសង្គ្រោះជាតិបាននៅឆ្នំា ១៩៧៩ ស្លាប់អស់​មិន​តិចទេ សុំយល់អំពីបញ្ហានេះ។ បន្ទាប់ទៅ គឺបានដឹងហើយថា មកដល់ស្រុកថ្ងៃ ៩ ថ្ងៃ ១២ ហោះទៅវៀងចន្ទន៍ តែទៅតែប៉ុន្មានម៉ោងទេ។

មិនអាចទទួលយកបាននូវពាក្យសំដីប្រមាថចំពោះកងទ័ពជាតិ

ខ្ញុំគួរតែត្រូវបានបញ្ជាក់បន្តិចថា ហេតុអីបានត្រូវមានរឿងអញ្ចឹង? ហើយមូលហេតុអីទៅ? អ្នកធ្វើអត្ថាធិប្បាយ​ទំាង​ឡាយ ការប្រមាថរបស់អ្នកមិនអាចទទួលបានទេ។ ល្អហើយ បើបានទៅដេកគុកអាហ្នឹងវាស្រួល។ បើនៅក្រៅ​គុក​អា​ហ្នឹង​ច្បាស់​ជា​កងទ័ពដើររករឿងរាល់ថ្ងៃ។ ប៉ុន្តែ ច្បាប់មិនតម្រូវអោយអ្នកឯងនៅក្រៅគុកទេ។ ការប្រ​មាថ​មេ​ទ័ព​ចោរ។ អញ្ចឹង មេទ័ពចោរ មាស សុភា។ មេទ័ពចោរ ប៉ុល សារឿន។ សុទ្ធតែមេទ័ពចោរ អត់បានទេ បទ​ល្មើស​ជាក់ស្តែង។ កុំថាអ្នកឯងប្រធានបក្ស អ្នកឯងស្អីក៏ដោយ មានអភ័យឯកសិទ្ធិសភាក៏ដោយ ព្រឹទ្ធសភា​ក៏​ដោយ អោយតែបទល្មើសជាក់ស្តែងត្រូវតែវ៉ៃខ្នោះភ្លាមតែម្តង។

សន្តិសុខរបស់ជាតិ អត់ត្រូវបានប្រមាថទេ ហើយសម្តីរបស់គេប្រើប្រាស់ មិនខុសពីសម្តីដែលគេ​ឡើង​ប៉ុស្តិ៍​អាវ​លឿង(ថៃ) … ខ្ញុំហើយជាអ្នកធ្វើការសម្របសម្រួលធ្វើការលើកលែងទោស តែមិននឹកស្មានថា ភាព​ជម្លើយ​របស់គេមិនព្រមចោល។ ឥឡូវ ប្រហែលជាម៉ោងនេះ គេបញ្ជូនទៅតុលាការ ព្រោះតុលាការឮថា​កាត់ថ្ងៃ​នេះ … ម្យ៉ាងទៀត សារប្រមាថចំពោះព្រះមហាក្សត្រ ត្រូវបានសាម៉ីខ្លួនសារភាពហើយ។ សារប្រមាថថា ទាត់អោយ​ធ្លាយ​វំាងនោះ។ សាម៉ីខ្លួនបានចុះហត្ថលេខាថា ខ្លួនបានបញ្ចេញសារហ្នឹង។ បញ្ចេញសារហ្នឹងអោយទៅអ្នកនៅ​ស្រុក​បារំាងស្រាវជ្រាវមើល ព្រះករុណា សីហមុនី ព្រះអង្គមានសញ្ជាតិបារំាងឬអត់? កាលហ្នឹងយើងចង់រៀ​ប​​ចំ​ច្បាប់​​ស្អីៗ អ្នកឯងចង់ដឹកនំាបក្សនយោបាយ ត្រូវមានសញ្ជាតិតែមួយ។ រួចហើយគេប្រើពាក្យថា “គេហ្នឹងលេង​អោយ​​ខ្លំាង ទាត់អោយធ្លាយវំាងតែម្តង”។ ប៉ុន្តែ រឿងហ្នឹង គឺរឿងមួយផ្សេង។ រឿងអ្នកឯងប្រមាថកងទ័ពជាតិ គឺ​មិន​អាច​​ទុកបានទេ។

ទទួលយកមិនបាន សំដីអ្នកអត្ថាធិប្បាយថា ការឈ្លានពាននៃទ័ពបរទេស ជាល្បិចដើម្បីបានសម្លេងឆ្នោត

អ្នកខ្លះនិយាយថា ស្អីឯណាទៅជារឿងបោះឆ្នោត។ ខ្ញុំសូមជម្រាប ថ្ងៃ ១៥ ខែ កក្កដា ឆ្នំា ២០០៨ នៅពេល​ដែល​ថៃ​លើកកងទ័ពចូល ពេលនោះសភាពវាយ៉ាងម៉េច? វាមិនធម្មតាទេ សម្រាប់នាយករដ្ឋមន្ត្រីម្នាក់ ដើម្បី​ទប់​ស្កាត់​កុំអោយមានសង្គ្រាមនេះកើត។ យើងជិតបោះឆ្នោត យើងទប់ធ្វើម៉េចអោយនៅទ្រឹងនៅកន្លែង។ … ខ្ញុំរៀប​រាប់​កន្លែងហ្នឹងបន្តិច។ ពេលហ្នឹងនាយករដ្ឋមន្ត្រី អភិសិទ្ធ ដែលជានាយករដ្ឋមន្ត្រីមួយ ប្រមាថ​លើក​កង​ទ័ព​ចូល។ លទ្ធភាពទី ១ គឺជាលទ្ធភាពនៅទ្រឹងឈរជើងនៅកន្លែងហ្នឹង។ យើងថ្នាក់ថ្នមសភាពការណ៍ ដើម្បី​អោយ​ការបោះឆ្នោតរបស់យើងប្រព្រឹត្តទៅបាន ព្រោះចូល ១៥ កក្កដា យើងបោះឆ្នោតថ្ងៃ ២៦ កក្កដា ខុស​ត្រូវ​តែ ១១ ថ្ងៃ។ តើនាយករដ្ឋមន្ត្រីត្រូវដោះស្រាយរបៀបម៉េច? វាយ ឬមិនវាយ? អត់ទេ។ ដាក់ទប់ស្កាត់​អោយ​ទ្រឹង​សភាពការណ៍នៅកន្លែងហ្នឹង។ នេះជាលទ្ធភាពដែលល្អជាងគេ។ លទ្ធភាពទី ២ អាចជាលទ្ធភាព​ផ្ទុះ​អាវុធ នៅ​ក្នុងតំបន់នេះ។ អញ្ចឹង ស្ថានីយបោះឆ្នោតមួយចំនួនត្រូវផ្អាក។ ឯលទ្ធភាពទី ៣ គឺលទ្ធភាពផ្ទុះអាវុធ​ទូទំាង​ព្រំ​ដែនតែម្តង និងពង្រីកដល់វិស័យដទៃទៀត ប៉ុន្តែ ទីចុងបំផុតយើងបានធ្វើពលីកម្ម អត់ធ្មត់ ខំាធ្មេញ ញ័រ​ដើម​ទ្រូង ចំពោះការប្រមាថមួយនេះ ហើយអោយអភិបាលខេត្តឧត្តរមានជ័យ​បច្ចុប្បន្ន កាលពីដើមគាត់ជា​អភិ​បាល​រង​ខេត្តព្រះវិហារ ទៅដេកនៅវត្តកែវសិក្ខាគិរីស្វារៈ ជាមួយនឹងទាហ៊ានថៃតែម្តង​។ នេះជាការប្រឹងប្រែង ដើម្បី​ចៀសវាងការ​ហូរ​ឈាម នៃកម្លំាងទំាងសងខាង។

បន្ទាប់ទៅយើងដំណើរការអោយចរចាអោយដកៗ ម្ខាងនៅសល់ ១០ នាក់។ ដីរបស់យើងត្រូវគេទន្ទ្រានយ៉ាងដូច្នេះ សូម្បីតែខ្ញុំចង់ឡើងទៅវត្តកែវសិក្ខាគិរីស្វារៈ ដើម្បីដុតធូប ត្រូវអោយសុំអនុញ្ញាតគេ។ ដីអញ។ សុំអនុញ្ញាត​ពីណា? ឧត្តម​​សេនីយ៍​របស់គេ យើងចាត់ទុកជាភ្ញៀវរបស់យើង តែមិនអោយមកនៅវត្តទេ … កងទ័ពវាយគ្នានៅនឹង​កន្លែង។ អា​ហ្នឹងផ្នែកយោធា។ នយោបាយ និងការទូត បើកច្រកចូលក្រុមប្រឹក្សាសន្តិសុខ។ ផ្លូវច្បាប់ចូលតុលាការ​អន្តរ​ជាតិ​ឡា​អេ។ បកស្រាយសាលដីការតុលាការឡាអេឡើងវិញ។ តើនេះជាវិធីដើម្បីយកសន្លឹកឆ្នោតឬអី? អ្នក​ណាធ្វើ​អត្ថា​ធិប្បាយលើរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ … គេឈ្លានពានហើយ អ្នកឯងចាត់ទុកថា ជាវិធី​ដើម្បី​គណ​បក្សប្រជាជនយកសម្លេងឆ្នោត។ យើងមិនអាចទទួលយកបានទេ។ សូមព្រមានអ្នកធ្វើ​អត្ថា​ធិប្បាយ​ទំាង​ឡាយ។ បើនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំនឹងចាប់ខ្លួនហើយ។ ជាបទល្មើសជាក់ស្តែងតែម្តង ក្នុង​ការ​ប្រមាថ​ទៅ​លើជាតិសាសន៍មួយ ដែលមានឯករាជ្យ និងអធិបតេយ្យ ហើយវាទាក់ទងទៅនឹង​សន្តិសុខរបស់​ជាតិ។ កុំថា​ខ្ញុំ​ផ្តាច់ការ ក៏ប៉ុន្តែ ប្រទេសដែលមានប្រជាធិបតេយ្យ និងនីតិរដ្ឋវាដូច្នេះ។

មូលហេតុដែលនាំអោយមានការឈ្លានពានពីកងទ័ពឡាវនៅខេត្តស្ទឹងត្រែង

ចំណុចទាក់ទងជាមួយនឹងឡាវ ហេតុអីបានមានរឿងហ្នឹង? យើងជាមួយឡាវបានរួមគ្នាបោះបង្គោលព្រំដែនបាន ៨៦ ភាគរយ ដោយផ្អែកលើ​ផែនទីខ្នាត ១/១០០.០០០។ យើងកំពុងតែបន្ដការចរចាតទៅទៀត ដើម្បី​ឈានទៅ​សម្រេ​ចផែនការ ក៏ប៉ុន្តែ រឿង​ដែលវាចាប់ផ្ដើម វាចាប់ផ្ដើមនៅកន្លែងនេះ ដែលខ្ញុំថ្ងៃនេះសុំបញ្ជាក់។ យ៉ាង​ណា​​ក៏ដោយ ​ខ្ញុំសុំអរគុណចំពោះ ​ឯកឧត្តម ថោងលន់ ស៊ីស៊ូលីត ដែលបានទទួលខ្ញុំ ហើយសម្រេចដកកងទ័ព​ចេញ​​មុន​ឱសានវាទមកដល់ គឺ​នៅថ្ងៃទី ១៧។ មនុស្សមួយចំនួនបានថា គេឈ្លានពានហើយ​ឱនក្បាល​ទៅ​គេ​ទៀត។ សុំយល់អោយ​ច្បាស់ ​ការដែលខ្ញុំទៅប្រទេសឡាវ សុំអោយឡាវដកទ័ព បើឡាវមិនព្រមដកយើង​វាយ​អត់​មា​​នអីខុសទេ។ យើងប្រើ​អស់​សុឆន្ទៈនៃការចរចារហើយ សុំប្រាប់។​ នេះមិនមែនជាការឱនក្បាលទេ ក៏ប៉ុន្ដែ ជាកម្រិតនៃនយោបាយនយោបាយការទូត ដែលមានភាពទន់ភ្លន់ និងសុឆន្ទៈ។

មេបក្សដែល​ត្រូ​វបានចាប់ខ្លួន ក្រោយពីការប្រមាថ​កងទ័ពនេះ បែរជាប្រើពាក្យថា ខ្ញុំឱនក្បាលទៅរកសត្រូវ។​ឡាវមិនទាន់​ជា​សត្រូវរបស់យើងទេ។ … ការដែលខ្ញុំហោះទៅឡាវ សម្រេចបានជោគជ័យអ្នកឯង យល់ថា​ម៉េច?​ បើ​កុំខ្ញុំស្រែកប៉ុណ្ណឹង ខ្ញុំកុំទៅប៉ុណ្ណឹង ពេលនេះឡាវមិនទាន់​ដកកងទ័ពចេញទេ សុំយល់អារឿងកន្លែងហ្នឹង។ ថោកអីនឹងដៃ ថ្លៃអីនឹង​មាត់ ព្រោះរឿងយើងត្រូវសម្រេចចិត្តថា បើមិនដកយើងវាយហើយ ព្រោះយើងមិនអាច​ទុក​អោយ​មកឈរ​ជើង​របៀបហ្នឹងក្នុងទឹកដីរបស់យើងនោះទេ។

រឿងរ៉ាវដែលគួរអោយសោកស្ដាយ មិនមែនជាកំហុសរបស់​នាយករដ្ឋមន្រ្ដីទេ កំហុសរបស់រដ្ឋមន្រ្ដីការបរទេស។ សំបុត្ររបស់ខ្ញុំថ្ងៃទី ២ ខែ សីហា អត់ទាន់ទៅដល់​នាយករដ្ឋមន្រ្ដី។ ទៅដល់(ឡាវ)ភ្លាមអត់ទាន់ចរចារួមទេ ចរចា​តែ​ពីរ​​នាក់​។ គាត់ថា គាត់ទើបនឹងបានមើលយប់មិញ។ អញ្ចឹងទេ ខ្ញុំអាចនិយាយបានថា កំហុសរដ្ឋមន្រ្ដីការ​បរ​ទេស។ ខ្ញុំនិយាយថា បើរដ្ឋមន្រ្ដីការបរទេសរបស់ខ្ញុំៗ ទម្លាក់ចោលហើយ។ ខ្ញុំអត់ទុកទេ។ រឿងអីដែលសារលិខិត​របស់ប្រទេសមួយ ប្រមុខរដ្ឋាភិបាលប្រទេសមួយ មិនត្រូវបានដាក់ជូនភ្លាមៗទៅនាយករដ្ឋមន្រ្ដី? ធ្វើអោយ​នា​យករដ្ឋមន្រ្ដីខកខានមិនបានឆ្លើយតប។

មួយទៀត ​ឯកឧត្តម ថោងលន់ ស៊ីស៊ូលីត ក៏ក្ដាប់មិនជាប់នូវសភាពការណ៍​ខាងក្រោម (តាមដែល)យើង​ព្រម​ព្រៀង​គ្នា​នៅថ្ងៃទី ១០ ខែ ឧសភា នៅទីក្រុងភ្នំពេញ។ ការពិត កម្ពុជាមានសិទ្ធិស្របច្បាប់​ ក្នុងការធ្វើ​​ផ្លូវតាម​ខ្សែ​ព្រំ​ដែនរបស់ខ្លួន។ សិទ្ធិស្របច្បាប់​របស់​យើង ​គឺយើងត្រូវធ្វើផ្លូវ ក៏ប៉ុន្តែ ដើម្បីជៀសវាងនូវការ​បង្កទៅជាជម្លោះ ខ្ញុំ​សុខចិត្តអោយបទបញ្ជាទៅកងវិស្វកម្មដក​ភ្លាម​​ នូវកម្លាំងនេះត្រឡប់មកក្រោយ បញ្ឈប់ការធ្វើផ្លូវ​នៅត្រឹម​ហ្នឹងចុះ កុំអោយកំទេចភ្លើងមួយក្លាយ​ទៅជា​អគ្គិភ័យ។ សូម្បីតែនេះជាសិទ្ធិស្របច្បាប់ នៃកម្លាំងរបស់កម្ពុជា ក៏ប៉ុន្តែ ខ្ញុំ​សុខ​ចិត្តបញ្ជាអោយដកកម្លាំងនេះ ប៉ុន្ដែ ខ្ញុំក៏បានអោយ ឯកឧត្តម ថោងលន់ ស៊ីស៊ូលីត ដកកម្លាំង​ដែល​ចូល​​មកនេះចេញ​ត្រលប់​ទៅវិញ។ គាត់ត្រឡប់ទៅវិញ ក៏មិនបានដឹងថាកម្លាំងនេះវានៅទេ នៅពេលដែល​ចរចា​ជា​មួយ​គ្នានេះ។

អញ្ចឹង បានខ្ញុំយករូបភាព​ដែលទាហាន​(ឡាវចង)អង្រឹង ដែលក្នុងពេលហ្នឹងហៅ នាង ផាត​ ទៅជួបជាមួយ។ កាល​មុន​គាត់វាយតាម WhatsApp។ ពីមុនខ្ញុំបង្កើត Line អោយគាត់។ ដល់ទៅលើកនេះ ខ្ញុំបង្កើត WhatsApp អោយគាត់ ហើយចងលេខបីដាក់ With Lao’s Prime Minister… ។  គាត់ចង់បញ្ជាក់អំពី​ការដោះស្រាយក្នុង​ល្បឿន​លឿន​ជាមួយគ្នា។ ពេលហ្នឹងខ្ញុំបានបង្ហាញថា ឯកឧត្តម ឥឡូវ បើរូបភាពបែបនេះ រូបភាពកងទ័ព​យើងឈរ​ជើង គឺមានលេណដ្ឋាន មានស្អីៗច្រើន។ ឯរូបភាពគាត់ចងអង្រឹងតាមដើមឈើ រួចគាត់​មកនៅ។ អញ្ចឹងទេ គាត់​បង្ហាញ​ពី​ការសោកស្ដាយ។ ខ្ញុំបានប្រគល់ឯកសារនេះអោយគាត់មួយច្បាប់ ដែលបង្ហាញថា ​កម្លាំងរបស់​គាត់នេះ បានចូលមកពីថ្ងៃណាខែណា។ សរុបទៅគាត់បានចូលមកតាំងពីខែ(កុម្ភៈ) ប៉ុន្តែយើង​បាន​មកស្រុះ​ស្រួល។ ខ្ញុំអោយបញ្ឈប់នៅខែបួន(មេសា)។ កម្លាំងព័ត៌មានចាប់ស្រែក ខែប្រាំ(ឧសភា)ខ្ញុំអោយបញ្ជាដក។

អញ្ចឹង ខ្ញុំអោយអាហ្នឹងទៅ​គាត់មួយផ្ទាំង។ យើងមានកត់ត្រា ព្រោះកងទ័ពបើធ្វើគ្មានកំណត់ហេតុទេ យើងមិនអាច ធ្វើអីគេកើតទេ។ ការប្ដឹងផ្ដល់គ្នា​ក៏អាច​នឹងមានបញ្ហាដែរ។ អញ្ចឹង ខ្ញុំបានប្រគល់អាហ្នឹងអោយមួយច្បាប់។ ដល់រួចហើយផែនទីកម្លាំងដែល​គាត់​ចូល​មកនេះ ខ្ញុំយកអាផែនទីនេះទៅចុះ យើងប្រើផែនទីខ្នាត ១/១០០.០០០ ដោះស្រាយ​បាន​ ៨៦ ភាគរយទៅហើយ ប៉ុន្តែ ព្រំដែនត្រូវរត់តាមទន្លេសេកុងជាប់រហូតឡើងមកដល់លើ។ ដល់គាត់ទៅយក​ផែនទីឯណាខ្នាត ១/១.០០០.០០០ យកមកពង្រីក វាចេញទៅជាអញ្ចេះ។ អញ្ចឹងទេ ត្រូវបាត់ដី យើងអស់ ៤៩១ គីឡូម៉ែត​ការ៉េ មិនមែន ៤០០ ហិកតាទេណា ៤៩១,១០ គីឡូម៉ែតការ៉េ។ ឥឡូវ អោយខ្ញុំទទួល បាន ទេអាហ្នឹង? ហើយកម្លាំងគាត់នៅខាងនេះ គាត់ឆ្លងទន្លេសេកុងមកចូលដីយើងនៅឯនេះ ក្នុងចន្លោះពី ២០០ ទៅ ៧០០​ម៉ែត្រ ទៅដល់ ១ ០០០ ម៉ែត្រ។ អញ្ចឹង តើយើងទុកអាស្ថានភាពហ្នឹងបានដែរឬទេ?

ខ្ញុំបានលើកបង្ហាញថា ​ផែនទីណាក៏ដោយ​ត្រូវតែ​ចេញពី​អា​ខ្នាត ១/១០០.០០០។ ខ្ញុំប្រាប់ថា “បង ថោង លន់!” ខ្ញុំហៅគាត់បង នេះផែនទី​បងឯង ដាក់ République Démocratique Populaire Lao រួចហើយ យកទៅតម្កល់នៅ គេហៅថា ក្រុមភូមិសាស្រ្ដរដ្ឋ នៅថ្ងៃ ​០២ ខែ មិថុនា ឆ្នាំ ១៩៩២។ ចំណុចនេះ​ ជា​ចំណុច​គាត់ទទួលស្គាល់អូរអាលៃ អូរតាង៉ា វហ្នឹងជាដីខ្មែរទៅ​ហើយ។ តែគាត់មិនអញ្ចឹងទេ ​គាត់មិនគូសអញ្ចេះ? បានជា​វា​បាត់​ដីយើង។ នេះផែនទីគាត់ ដែលគាត់​យកទៅតម្កល់អោយអន្ដរជាតិ​ទទួលស្គាល់។ អញ្ចឹងទេ ក៏បាន​ឯកភាព​គ្នា​រហ័ស …។

អញ្ចឹងទេ រឿងនេះ កើតចេញមកពីការមិនយល់។ ការយឺតយ៉ាវ​របស់ថ្នាក់ក្រោម ហើយនិង​ការ​ក្ដាប់​មិនជាប់នូវស្ថាន​ភាព​កម្លាំង។ អញ្ចឹងទេ ពេលដែលឯកភាពគ្នា រួចហើយ​បានទៅប្រជុំរួម ដល់ទៅប្រជុំរួមយើងប្រកាសតែម្ដង។ ខ្ញុំទាម​ទារ​អោយមានសន្និសីទសារព័ត៌មានរួមគ្នាមួយ។ ពេលហ្នឹង​ខ្ញុំ​ចាប់​ចេញ​​បញ្ជា។ ឥឡូវ មានឈ្មោះថាក្រុមមិត្តភាព​កម្ពុជា​ឡាវនៅក្នុងហ្នឹង។ បញ្ជានៅមុខគាត់​ហ្នឹង។ ខ្ញុំថា ឥឡូវ ​ឡាវ​ព្រមដកកងទ័ពនៅព្រឹកស្អែក សុំអោយកម្លាំង​ទាំង​អស់ដែលចល័តពីល្ងាចថ្ងៃសុក្រ និងព្រឹក​នេះ ត្រលប់​វិល​មក​កាន់​អង្គភាពវិញ ប៉ុន្តែយោងទៅលើល្បឿន នៃ​ការអនុវត្តជាក់ស្ដែងម៉ោង ១២ ថ្ងៃត្រង់ចាប់ដក ហើយម៉ោង ៤ ល្ងាច បានដកអស់ទៅហើយ។

អញ្ចឹង ការខិតខំធ្វើដំណើរទៅកាន់ប្រទេសឡាវ តើជាការឱនក្បាលទទួលយកនូវកម្លាំង(ទ័ព)​ដែល​បោះ(ក្នុងដីខ្មែរ)​ឬ​​ទេ? នេះគឺជាវិធីការទូតមួយ ដែលភាគីទាំងពីរ​ស្រុះស្រួលគ្នា។ មានការណ៍អ្វី ឯកឧត្ដម ថោងលន់ ស៊ីស៊ូ​លីត អាចមកដល់ក្រុងភ្នំពេញ។ មានការណ៍អ្វីខ្ញុំអាចទៅ​ដល់ទីក្រុងវៀងច័ន្ទ ដើម្បីពិភក្សាគ្នា។ ពេលហ្នឹង ពេល​ដែល​ភាគីទាំងពីរឯកភាពគ្នាហើយ នាយអគ្គ​សេនា​ធិការកងទ័ពឡាវបាននិយាយជាមួយឯកឧត្ដម ទៀ បាញ់ ថាបើឡាវដកត្រូវអោយកម្ពុជាដកដែរ។ បាន ទៀ បាញ់ ហៅទៅប្រាប់ថា អោយវាដកទៅ​ណាបើ​ដីវា​នៅត្រង់​ហ្នឹង? ប៉ុន្តែ ខ្ញុំបាននិយាយ ខ្ញុំថា បានបញ្ជាហើយ បើមិនស្ដាប់ខ្ញុំដក​ចេញពីតំណែង។ ខ្ញុំក៏ចង់ប្រាប់ទៅមិត្តឡាវ​ថាអំណាច មិនអាចបំពានបាននោះទេ។ រដ្ឋមន្រ្ដីការពារជាតិដែលអង្គុយបាយជាមួយខ្ញុំ ឯកឧត្តម Chansamone គាត់តាមដានជាប់លើរឿងហ្នឹង។ ខាងយើងក៏រាយការណ៍គ្រប់ពេល។ គាត់ក៏រាយការណ៍គ្រប់​ពេល។ ពេល​ដែល​បាយរួច គឺបានសេចក្ដីថា បីកងក្នុងចំណោមបួនកងបានដករួចស្រេចបាត់ទៅហើយ ដល់ទៅ​ពេលខ្ញុំមក​ដល់​ផ្ទះរាយការណ៍ពីស្ទឹងត្រែងមកថា ដកអស់ហើយ។

កម្ពុជា និងឡាវ​ ដែលជាមិត្តភក្ដិ មិនគប្បីធ្វើសង្គ្រាមនឹងគ្នាទេ

សូមបងប្អូនយល់ កម្ពុជា និងឡាវ​ ដែលជាមិត្តភក្ដិ មិនគប្បីធ្វើសង្គ្រាមជាមួយនោះទេ។ បើខ្ញុំមិនទៅ(ទេ) សង្រ្គាម​ដាច់​ខាតត្រូវតែផ្ទុះហើយ ហើយរឿងចង់ផ្ទុះនេះវាចង់ផ្ទុះប៉ុន្មានសារទៅហើយ ដោយសារតែវាជិតផ្ទុះ​ខ្ញុំនៅចាំ​បាន ពេលដែលខ្ញុំរៀបជួប​ប្រធានាធិបតី ស៊ីជីនពីង សភាពការណ៍វាក្ដៅពេក ខ្ញុំក៏ចាប់ទូរសព្ទ័ ទូរសព្ទ័ពីប៉េកាំង នៅក្នុងខែឧសភា មកកាន់នាយករដ្ឋមន្រ្ដីឡាវថា អោយពិនិត្យមើល។ យើងទាំងពីរនាក់អាចយល់គ្នា ក៏​​ប៉ុន្តែ ខាងក្រោមមិនយល់គ្នាទេ គេមានអាវុធ។ អញ្ចឹងទេ សុំបញ្ជាក់ជូនអំពីបញ្ហានេះ។ អ្នកខ្លះយល់ខុសថា ការធ្វើដំណើររបស់ខ្ញុំទៅនេះ គឺជាការ​ដាក់ខ្លួនឱនក្បាលទៅរកសត្រូវ។

ខ្ញុំសុំបញ្ជាក់ថា ឡាវមិនមែនជាសត្រូវរបស់យើងទេ យើងមិនទាន់បាននិយាយ​អស់នៅឡើយ ហើយពេលដែល​យើង​ទៅដល់បានភ្ញាក់ថា នាយករដ្ឋមន្រ្ដីឡាវអត់ទាន់បានទទួលលិខិត។ ខ្ញុំមិនដឹងថា បើសិនជាខ្ញុំមិនស្រែក ខ្ញុំ​​មិនទៅ តើបីខែទៀតរដ្ឋមន្រ្ដីការបរទេសឡាវប្រគល់អាហ្នឹងទៅអោយ​នាយករដ្ឋមន្រ្ដីទេ? សម្រាប់ខ្ញុំ បើសិនណា​រដ្ឋ​មន្រ្ដី​​ណា​ធ្វើការបែបនេះ ខ្ញុំដកចេញហើយ មិនថារដ្ឋមន្រ្ដីនោះជាអ្វី​ទេ ព្រោះរឿងនេះ លិខិតនេះ គេសរសេរ​ជូន​ទៅនាយករដ្ឋមន្រ្ដី មិនមែនសរសេរទៅត្រឹមរដ្ឋមន្រ្ដីទេ។ ស្ថានភាព​កម្លាំង​​នៅ​ខាងក្រោម យើងមានការកត់​ត្រា​ល្អិតល្អន់ណាស់ អគ្គបញ្ជាទ័ព ក៏ដូចជា សេនាធិការគ្រប់ថ្នាក់ គេបានធ្វើតាំងពីកម្លាំងចូលប៉ុន្មាន អ្វីប៉ុន្មាន ថ្ងៃណា ម៉ោងប៉ុន្មាន ស្អីប៉ុន្មាន គឺមានទាំងអស់នៅក្នុងកំណត់ត្រា​នេះ។ ប៉ុន្តែឥឡូវទោះបីយ៉ាងណាក៏ដោយ សភាពការណ៍វាបានផុតហើយ ហើយយើងបានសន្យាជាមួយគ្នាថា ​កុំអោយឧប្បត្តិហេតុដដែលនេះកើតឡើងវិញ រវាងកម្ពុជា និងឡាវ។

ការបញ្ជាលើកងកម្លាំងប្រដាប់អាវុធជាសិទ្ធិស្របច្បាប់របស់នាយករដ្ឋមន្រ្ដី

កម្ពុជាអត់ចំណោទទេ។ គ្មានអ្នកណាមានសិទ្ធិ​បញ្ជូន​កម្លាំងទេ។ អ្នកខ្លះថា លោក ហ៊ុន សែន ប្រើអំណាចធំហួស​បញ្ជា​ទ័ព។ ធ្វើនាយករដ្ឋមន្រ្ដីបើបញ្ជាទ័ព បញ្ជាប្រដាប់អាវុធមិនបានកុំធ្វើនាយករដ្ឋមន្រ្ដី។ សូម្បីចៅអធិការវត្ត​ក៏ត្រូ​វ​បញ្ជាមេសូត្រ គ្រូសូត្រស្ដាំ គ្រូសូត្រ​ឆ្វេង និងសង្ឃទាំងអស់ អាចារ្យ យាយជីទាំងអស់ដែរ។ បើអោយធ្វើ​នាយករដ្ឋមន្រ្ដី​មិនបញ្ជាទ័ពបាន មិនអាច​បញ្ជាកម្លាំងប្រដាប់អាវុធបាន កុំធ្វើនាយករដ្ឋមន្រ្ដី។ ខ្ញុំមានអំណាច​គ្រប់​គ្រាន់​​ទាំងអស់ ក្នុងឋានៈជាប្រមុខ​រដ្ឋាភិបាល ដែលត្រូវអនុវត្តនយោបាយទាំងប្រទេស និងក្រៅប្រទេស មិនទាន់​គិត​ទៅដល់នាយឧត្តមសេនេយ៍​ផុតលេខផ្កាយមាសប្រាំផង ហើយនៅក្នុងឧត្ដមក្រុមប្រឹក្សាការពារជាតិ​ផងនោះ អ្នកឯងសុំកុំច្រឡំ។ នៅក្នុងប្រទេសកម្ពុជាអត់មាន នរណាទទឹងជាមួយ ហ៊ុន សែន បាន​នោះ​ទេ …។

សូម្បីតែទៅ​ជប៉ុន អគ្គរដ្ឋទូតជប៉ុនបីនាក់ អតីតពីរ​ ទូតបច្ចុប្បន្នមួយ ក្នុង​សមាគមន៍​មិត្តភាព គាត់និយាយ​ពី​រឿង​កម្លាំង​ប្រដាប់អាវុធ។ ខ្ញុំថា ជាគោលការណ៍ ប្រទេសប្រជាធិបតេយ្យពិតប្រាកដ ប្រដាប់អាវុធត្រូវអព្យាក្រឹត្យ ប៉ុន្តែ អព្យាក្រឹត្យមិនមែនអព្យាក្រឹត្យចំមុខរដ្ឋាភិបាលនោះទេ។ អព្យាក្រឹត្យចំពោះ​មុខ​បណ្ដា​បក្សនយោបាយបាន ប៉ុន្ដែជាមួយនឹងរដ្ឋាភិបាល គឺមិនបានទេ។ ប្រទេសដែលមានបដិវត្តន៍ពណ៌​កើត​ឡើង តែងតែធ្វើអព្យាក្រឹត្យ​តូបនីយកម្មកម្លាំងប្រដាប់អាវុធ។ ប៉ុន្ដែ សុំបញ្ជាក់ កម្លាំងប្រដាប់អាវុធគេបង្កើតឡើង ​ដើម្បីការពាររដ្ឋ។ សុំកុំ​ប្រមាថ។ ខ្ញុំមិនប្រើតួនាទីប្រធានគណបក្សប្រជាជន​ ដើម្បីបញ្ជាលើកម្លាំង​ប្រដាប់អាវុធទេ ខ្ញុំប្រើតួនាទីខ្ញុំជា​នាយករដ្ឋមន្រ្ដីបញ្ជាលើទ័ព បញ្ជាលើនគរបាល។ … បណ្ឌិតមួយចំនួន​ ដែលតែងតែ​វិភាគមិនច្បា​ស់​ហើយលំ​អៀង បើមិនចេះទេ បិទមាត់ចុះ។ … ខ្ញុំបានប្រាប់ទៅទូតជប៉ុនទាំងបី និងសមាគន៍មិត្តភាព(កម្ពុជា/ជប៉ុន) ថា​ ក្នុង​​កាលៈទេសៈ​បែបនេះ ខ្ញុំត្រូវពង្រឹងការ​គ្រប់គ្រងរបស់ខ្ញុំលើកងទ័ព និងនគរបាល នេះជាសិទ្ធិអំណាច​របស់​ខ្ញុំ ខ្ញុំមិនអាច​ប្រហែសបានទេ។

ព្រំដែននៃសិទ្ធិ

មានអាម្សៀមួយនោះ ពូកែណាស់ខាងវិភាគ ថាមើលទៅទ័ពដូចជាមិនសូវត្រូវគ្នាអីអញ្ចេះអញ្ចុះ មិនសូវស្តាប់​បញ្ជា។ ផ្តាំទៅពីចម្ងាយ បើមិនច្បាស់ទេនៅអោយស្ងៀម ប្រយ័ត្នជាប់ខ្នោះទៀត។ ជាប់ខ្នោះមួយហើយតើ​ម្សិល​មិញ។ កាលពីមុនរួចខ្លួន។ នៅអាមេរិក។ អាវលឿងថៃ (ដែល)កំពុងទាមទារដីយើង ទាម​ទារ​ប្រា​សាទព្រះវិហារ ទៅឡើងប៉ុស្តិ៍អាវលឿងថៃ។ អាទូរទស្សន៍អាវលឿងថៃហ្នឹងហើយដែលមកធ្វើសកម្មភាពពីម្សិល  ថាបើសង្គ្រាម​កើត​ឡើងរវាងកម្ពុជា និងឡាវ វាមិនខុសគ្នា(ជាមួយ)កម្ពុជា និងថៃទេ។ អ្នកដែលស្លាប់ គឺប្រជាជន និងកងទ័ព ស្លាប់​ដោយវេទនា ប៉ុន្តែ មេទ័ពចោរនឹង​ឡើងបុណ្យស័ក្តិ … ។ ឥឡូវ ល្អហើយបានអ្នកឯងទៅដេក​(នៅក្នុង)​គុក​នោះ បើកុំអី គឺងាប់។ ចាប់បានកាន់តែរហ័សកាន់តែល្អ យើងដូចជាការពារគេដែរ។ នៅខាងក្រៅគេវាយងាប់។ អ្វីទៅទ័ព? បើអ្នកឯងហៅគេចោរហើយ អញ្ចឹង ចោរវាមានតែទៅវាយ។ អញ្ចឹង បានអស់លោក​ទាំង​ឡាយ​ប្រ​យ័ត្ន​ប្រយែងរឿងការធ្វើអត្ថាធិប្បាយប៉ះពាល់ទៅដល់កម្លាំងប្រដាប់អាវុធ និងភាពថ្លៃថ្នូរ នៃកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ឬរដ្ឋបាលសាធារណៈ។

… ខ្ញុំមិនមែនហាមឃាត់អ្នកណាបញ្ចេញមតិទេ បញ្ចេញទៅ បញ្ចេញប៉ុន្មានក៏បញ្ចេញទៅ តែកុំអោយប៉ះ​ពាល់​សិទ្ធិ​គេ។ អ្នកឯងមកប៉ះពាល់សិទ្ធិនាយករដ្ឋមន្ត្រី មិនអោយនាយករដ្ឋមន្ត្រីបញ្ជាទ័ព? អាហ្នឹងវាចប់ហើយ។ វាខុស​ច្បាប់ ខុសរដ្ឋធម្មនុញ្ញ ខុសក្រឹត្យក្រម។ ពិតប្រាកដអ្នកឯងចង់ធ្វើបដិវត្តពណ៌ឬអី? បានអ្នកឯងចង់​អព្យា​ក្រឹត្យ​ទ័ព? ខ្ញុំអាចចោទអ្នកឯងទៅលើផ្លូវហ្នឹង ព្រោះបដិវត្តពណ៌ដែលគេដណ្តើមយកអំណាចបាន ដូចជានៅ​ហ្ស៊កហ្ស៊ី ទ័ពមិនចេញការពារប្រធានាធិបតីទេ សេវ៉ាណាហ្សេ ត្រូវរត់ចេញ …។ ទ័ពនៅស្រុកខ្មែរអត់ទេ។ ឥឡូវ ទ័ពនៅវេណេស៊ុយអេឡា ចេញការពារប្រធានាធិបតី។

… អព្យាក្រឹត្យទ័ព ចំពោះ​បក្ស​​នយោបាយ។ អូខេ។ អាហ្នឹងបាន។ ការពារអោយទាំងអស់គ្នា។ ប៉ុន្តែ រវាងរដ្ឋ និង​កងទ័ព គេបង្កើតនគរបាល អាវុធហត្ថ គេបង្កើតឡើង ដើម្បីការពាររដ្ឋ។ គុកគេបង្កើតឡើង ដើម្បីអ្នកធ្វើ​ខុស។ បើកុំធ្វើខុស តើអ្នកណាគេទៅចាប់? ថ្ងៃមុនម្នាក់ហ្នឹងទៅនិយាយនៅរាជបណ្ឌិតសភាថា ខ្មែរគ្រាន់តែ​គិត​ជិត​ជាប់គុក ហើយដល់និយាយចូលមាត់គុក។ អើ! ឥឡូវហ្អែងនិយាយចេញ ចូលគុកហើយតើ ព្រោះអ្នក​ឯង​និយាយប៉ះពាល់គេ។​ អាទី ១ អត់ទាន់អីទេ ប៉ុន្តែ ម្សិលមិញបានធ្ងន់។

បង្កើត WhatsApp អោយនាយករដ្ឋមន្ត្រីឡាវ

យើងនិងឡាវ ពីថ្ងៃនេះទៅ គឺថា ភាពច្រំដែល គឺមិនអាចកើតមានទេ ព្រោះខ្ញុំជាមួយ ឯកឧត្តម ថោងលន់ ស៊ីស៊ូ​លីត ព្រោះឥឡូវហៅតគ្នាបាន គាត់ចេះប្រើ Line ចេះប្រើ WhatsApp។ មុនពេលចេញមក ខ្ញុំបង្កើត WhatsApp មួយអោយគាត់ រួចហើយខ្ញុំចង ទូរស័ព្ទខ្ញុំ​ពីរ​គ្រឿង … ព្រឹកនេះឃើញគាត់វាយមក។ មុនពេល​ខ្ញុំចេញមកនោះ ខ្ញុំក៏បាញ់(បញ្ជូន)រូបថតមួយចំនួនទៅអោយគាត់។ នេះរូបថតខ្ញុំជួយបង្កើត WhatsApp អោយគាត់ …

សូមប្រជាជាតិកម្ពុជា មេត្តាស្ងប់ចិត្ត និងជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន

ខ្ញុំសូមផ្តាំផ្ញើសារនេះទៅជូនប្រជាជាតិកម្ពុជាទាំងមូល សូមមេត្តាស្ងប់ចិត្ត ហើយជឿទុកចិត្តទៅលើការដោះ ស្រាយបញ្ហាព្រំដែន។ ទាំងយើងជាមួយវៀតណាម ទាំងយើងជាមួយថៃ ទាំងយើងជាមួយឡាវ។ អ្វីដែល បានកើតឡើង ចាត់ទុកថា វាជាការយល់សប្តិអាក្រក់មួយគ្រា​ តែការយល់សប្តិបែបនេះ និងមិនអាចកើត មានសារជាថ្មីទេ។ ​សន្តិភាពត្រូវតែមាន។ នៅពេលបាយជាមួយគ្នាខ្ញុំបាននិយាយសង្កត់ធ្ងន់ថា យើងមិនគួរ មកពិភាក្សាលើរឿងអញ្ចឹងទេ គឺយើងគួរតែពិភាក្សា(លើរឿង)ពង្រីកទំហំពាណិជ្ជកម្ម ការតភ្ជាប់បណ្តាញ គមនាគមន៍ ការតភ្ជាប់អគ្គិសនី និងផ្នែកដទៃទៀត ដែលមានការពាក់ព័ន្ធ។

មូលហេតុទុកឱសានវាទ ៦ ថ្ងៃ អោយឡាវកដកងទ័ពចេញពីទឹកដីកម្ពុជា

ក៏សូមបញ្ជាក់ ការមើលស្រាលថា ការធ្វើដំណើររបស់ខ្ញុំ ទៅឱនក្បាលដាក់សត្រូវ ជាការគិតខុសធំណាស់។ ក្នុងយុទ្ធវិធីការទូត និងភាពទន់ភ្លន់​ សុឆន្ទៈនៃនយោបាយ និងការទូតរបស់យើង។ លទ្ធផលបងប្អូន បាន​ឃើញ​ហើយ។ គ្មានការហូរឈាមណាមួយនឹងត្រូវបានមកដល់ នៅថ្ងៃទី ១៧ ខាងមុខទេ ព្រោះថ្ងៃទី ១៧ អ្នកទាំងអស់គ្នាអាចចោទសួរថា ហេតុអីបានខ្ញុំទុក(ពេល)តែ ៦ ថ្ងៃ? មិនទុកដល់ ៧ ថ្ងៃ? ការពិត គឺវា ៧ ថ្ងៃ ប៉ុន្តែ យើងគិតថា នៅថ្ងៃទី ១៧ នោះ គឺទាល់តែម៉ោង ១២ យប់ ទើបជាពេលវេលាបែងចែក រវាង(ថ្ងៃទី) ១៧ និង(ថ្ងៃទី) ១៨ យល់ទេ? អញ្ចឹង ទីចុងបំផុត ថ្ងៃទី ១៨ ទើបជាថ្ងៃដែលយើងធ្វើសកម្មភាព មិនមែនថ្ងៃទី ១៧​ ទេ។ ត្រូវចងចាំ។ ការបែងចែកពេលវេលារបស់ខ្មែរយើង គឺបែងចែកមើលនឹងបាតដៃ កាលណាមើលឃើញក្រយៅដៃ គឺបែងចែកពេលវេលានៅម៉ោង ៥.៣០ នាទីភ្លឺ ឬម៉ោង ៦ ប៉ុន្តែ ការបែងចែកម៉ោងសាកល គឺម៉ោង ១២ យប់ ទើបបែងចែកថ្ងៃ។ អញ្ចឹង យើងទុក ៦ ថ្ងៃ ប៉ុន្តែ ការពិត គឺ ៧ ថ្ងៃ ទើបសកម្មភាពយោធាត្រូវបានប្រកាន់យក។

អរគុណ និងកោតសរសើរនាយករដ្ឋឡាវ ដែលបានខិតខំធ្វើការជាមួយគ្នា

… យ៉ាងណាក៏ដោយ ខ្ញុំស្រែកពីទីនេះ អរគុណ និងកោតសរសើរ ចំពោះ ឯកឧត្តម នាយករដ្ឋមន្ត្រី ថោងលន់ ស៊ីស៊ូលីត របស់ឡាវ ដែលបានខិតខំរួមគ្នាធ្វើការតែប៉ុន្មាននាទីសោះហ្នឹង មកប្រជុំភ្លាមត្រូវគ្នាហើយ ទៅប្រ​កាស​តាមសារព័ត៌មាន។ ពេលហ្នឹងខ្ញុំចេះសំណាងដែរ អោយទូតនៅទីនោះរៀបចំអា Wifi Pocket មួយ​អោយ​ខ្ញុំ ដែលផ្តល់ឱកាសអោយយើង Live តាម Facebook Page របស់ខ្ញុំបាន ដើម្បីអោយប្រជាជនបានដឹង បើមិនដូច្នេះ Internet ខ្សោយ គឺមិនអាចធ្វើបានទេ។

មិនអាចអត់ឱន ចំពោះអ្នកប្រមាថដល់សន្តិសុខជាតិ និងព្រះមហាក្សត្រ

ខ្ញុំព្រមានសារជាថ្មី ចំពោះអ្នកធ្វើអត្ថាធិប្បាយ ថានេះជាតាក់ទិច(កលល្បិច) ដើម្បីយកសម្លេងឆ្នោត។ បើ​អ្នក​​ឯង​ប្រមាថ សន្តិសុខជាតិ ខ្ញុំក៏មិនអាចអត់ឱនអោយអ្នកឯងបានដែរ។ មិនមែនជាការគម្រាមកំហែងទេ តែនេះជារឿង ពិតដែលត្រូវធ្វើ។ លើការជាក់ស្តែង បានវាយខ្នោះមួយទៅហើយ។ មិនដឹងថាឯកសារនៅមាន​អី​​ទៀត។ ឯកសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ តើសមល្មម ដើម្បីរំលាយគណបក្សនេះចោលឬអត់? ហើយ​ការ​ប្រមាថនេះ រឿងថ្ងៃនេះ គ្រាន់តែជាការកាត់ទោសជាបឋម ចំពោះបុគ្គលទេ តែនៅក្នុងតួនាទី​អ្នកឯង​ជា​ប្រ​ធាន​គណបក្សមួយ រំលោភបំពានបែបនេះ តើគណបក្សនេះ និងត្រូវរំលាយចោលគណបក្សឬអត់? នៅមាន​រឿង​តភ្ជាប់។ ឯកសារបានរកឃើញ Memory ១០ មានឯកសារដទៃទៀត ប៉ុន្តែ ឯកសារដែល​ទាក់​ទិន​ជា​មួយ​នឹងការប្រមាថព្រះមហាក្សត្រ ត្រូវបានជននេះទទួល …។

Fresh News ផ្សាយពីម្សិល។ (នេះសារ)ចេញពីហ្វេសប៊ុករបស់កូននាគអាស៊ី … “សូមក្រុមសមាជិកក្រុម MMP នៅបារាំង ជួយស្រាវជ្រាវរកឯកសារមួយអោយបានមកអោយខ្ញុំ អោយបានកាន់តែឆាប់កាន់តែល្អ គឺឯកសារបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំងមែនឬមិនមែន? ខ្ញុំនឹងវាយមួយឈុត​នេះ​អោយ​ល្អ​មើល កក្រើកក្នុងឆ្នាំ ២០១៦ នេះ។ សូមជួយរកអោយឃើញ យកអោយបានឯកសារអោយខ្ញុំ”។ បន្តទៅទៀត, “ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ទាត់អោយ​ធ្លាយ​វាំងតែម្តង។ ចាំមើលស្តេច និងអាមាត្យវាំងហ៊ានលាសញ្ជាតិបារាំងទេ? តើពួកយួននៅក្នុងបក្ស​ប្រជាជន​រត់​ទៅ​ពួននៅកន្លែងណា? ចាប់កន្ទុយរបស់វា ញាត់ចូលមាត់វា អោយខាំកន្ទុយខ្លួនឯង ហើយយើង​ចាំ​ឈរ​មើល”

… ការប្រមាថមួយនេះ គឺធ្ងន់ណាស់។ តាមការស្មានរបស់ខ្ញុំ ប្រសិនបើតុលាការកាត់ ប្រហែលជាមិន​ទាន់​ដល់​អង្គហេតុមួយនេះទេ តែអង្គហេតុប្រមាថកងទ័ព ញុះញង់កងទ័ពមិនអោយស្តាប់បទបញ្ជា បង្កើតចលាចល ដែលទោសរបស់វាតាមដឹង ច្បាប់បានចែង គឺត្រឹមជាប់គុកពី ២ (ឆ្នាំ)ទៅ ៥ ឆ្នាំប៉ុណ្នឹង។ ប៉ុន្តែ ទោសមួយនេះ នឹងទោសដទៃទៀត តើវាទៅយ៉ាងម៉េច? ពីមុនល្អហើយដែលអ្នកឯងបានរត់គេចខ្លួនទាន់ រួចហើយមក​និយាយ​ជាមួយនឹងប៉ុស្តិ៍អាវលឿងថៃ។ ខ្ញុំក៏សុំទៅព្រះមហាក្សត្រលើកលែងទោសអោយ។

រំលឹកទៅដល់ក្រសួងមហាផ្ទៃ កុំចេះតែចុះបញ្ជីគណបក្សផ្ទុយនឹងរដ្ឋធម្មនុញ្ញ

គ្រាន់ស្លាកគណបក្សនេះ ក្រសួងមហាផ្ទៃក៏ធ្វើការមិនបានដិតដល់ដែរ។ ចុះបញ្ជីគណបក្សផ្ទុយនឹងរដ្ឋធម្មនុញ្ញ អាហ្នឹងខ្ញុំនិយាយអោយច្បាស់។ ថ្ងៃមុនក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការដាស់តឿន។ គណបក្សឈ្មោះសាធារណរដ្ឋ ក៏អនុញ្ញាតអោយគេចុះឈ្មោះ? វាខុសជាមួយនឹងរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលសូម្បីតែរដ្ឋសភាខ្លួនឯង ក៏អត់មានសិទ្ធិជាមួយនឹងការកែចំណុចនេះទេ។ ចំណុចពីរដែលគេហាមកែនៅក្នុងរដ្ឋធម្មនុញ្ញ ទី ១. របបរាជានិយម អាស្រ័យធម្មនុញ្ញ។ ទី​ ២. របបប្រជាធិបតេយ្យសរីពុបក្ស។ ពីរហ្នឹងអត់មានសិទ្ធិកែទេ ទោះបីអ្នកឯង​ប្រើ(កូរ៉ុម)​ប៉ុន្មាន​ភាគ​រយក៏ដោយ។ មិនចាំបាច់ ២/៣ ទេ។ ១០០% ក៏អ្នកឯងគ្មានសិទ្ធិទេ ព្រោះគេហាមកែតែម្តង។

បក្សឈ្មោះសាធារណរដ្ឋ ក៏យើងអោយចុះបញ្ជី។ ឯបក្សអំណាចពលរដ្ឋខ្មែរ អត់មានទង់ជាតិព្រះរាជា​ណា​ចក្រ​កម្ពុជា (ប្រើ)ទង់ជាតិ លន់ នល់ ហើយម្ខាងទៀតទង់អាមេរិកកាំង ក៏អោយចុះបញ្ជីដែរ។ នេះក៏ខ្ញុំសូមរំលឹក ទៅដល់ក្រសួងមហាផ្ទៃ កុំចេះតែចុះបញ្ជីខុសជាមួយនឹងការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់។ ត្រូវអោយគេកែ …។ បទល្មើសនេះ តើសមល្មម ដើម្បីឈានដល់រំលាយបក្ស ក្នុងពេលដែលប្រធាន បក្សធ្វើសកម្មភាពបែបនេះឬអត់?

ការបញ្ជាអោយដកទ័ព មានន័យថា ទ័ពបានឆ្លងផុតពីទល់ដែនចូលដីយើង

នេះខ្ញុំសូមយកការពន្យល់មួយ … ប្រទេសជាតិត្រូវទទួលរងនូវការប្រមាថ។ កងទ័ពបរទេសចូលមកទឹកដីកម្ពុជា។ … បើសិនដីរបស់គាត់ពិតប្រាកដ គាត់មិនចាំបាច់ដក(ទ័ព)ទេ។ យល់ទេកន្លែងហ្នឹង? មិនចាំបាច់ថាឈ្លានពាន ឬ​មិន​ឈ្លាន​ពានទេ។ គ្រាន់តែគាត់ប្រើពាក្យថា បញ្ជាអោយដកកងទ័ព ពាក្យប៉ុណ្ណឹងមានន័យថាម៉េច? មានន័យថា កង​ទ័ពគាត់បានឆ្លងផុតពីទល់ដែនចូលដីយើងហើយ (ទើប)បានគាត់បញ្ជាអោយដក។ តើយើងចាំបាច់​ប្រើ​ពាក្យ​ថាឡាវឈ្លានពានធ្វើអី? ​ពាក្យហ្នឹងវាគ្រប់គ្រាន់ទៅហើយ។ ទាល់តែគាត់ចូលមក ដីយើង បានគាត់​បញ្ជា​អោយដកកើត។ យល់ទេអាហ្នឹង? ភាសាទូត ភាសានយោបាយ និងភាសាយោធា។ ឯយើងអត់ត្រូវដក​ទៅ​ណាទេ។ នៅហ្នឹង។ កម្លាំងដែលដក គឺដកនៅក្នុងដីខ្លួនឯងហ្នឹង។ កម្លាំងវិស្វកម្ម គឺយើងបញ្ឈប់ ហើយយក​គ្រឿង​ចក្រមកថែទាំខាងក្រោយទៅ​ កុំអោយបង្កើតរឿង។

បញ្ហាដែលយើងមិនអស់ចិត្ត នៅត្រង់ថា កម្លាំងពេលដែលចូលមកនេះ ពេលដែលយើងបញ្ឈប់ការធ្វើផ្លូវទៅហើយ គឺគាត់មិនព្រមទៅ។ សរសេរសំបុត្រទៅនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការបរទេសផ្អឹបទុក។​ ស្ថានភាពកម្លាំងនៅខាងក្រោម គឺនាយករដ្ឋមន្ត្រីក្តាប់អត់ជាប់។ រឿងវាតែប៉ុណ្ណឹងទេ។ ប៉ុន្តែ ពេលដែលយើងធ្វើសកម្មភាពផ្លេកបន្ទោល ដើម្បីចៀស​វាង​ការបង្ហូរឈាម។ ខ្ញុំហត់ណាស់ មកពីជប៉ុនអត់ទាន់ទាំងបានសម្រាកអីផង ត្រូវចាប់ផ្តើមហោះទៅ(វៀងច័ន្ទ)ភ្លាម ហើយមុននឹងត្រូវហោះទៅ ឯកសារគ្រប់ទាំងអស់ហ្នឹងអានមើលពីនេះហើយហ្នឹង ទៅដល់លើយន្តហោះ​ត្រូវ​ផ្គុំ​ឯកសារ កាន់អាហ្នឹងយកទៅ។ មិនមែនទៅដំឡូងមូលទេ ហើយទៅដល់ត្រូវតែដកទ័ពៗ អត់ទេ និយាយ​មាន​ហេតុ​មានផល ព្រោះយើងជានាយករដ្ឋមន្ត្រីដូចគ្នា។

ពាំនាំ

ថ្ងៃនេះ និស្សិតជ័យលាភីរបស់យើង មានចំនួន ៣.៣០២ នាក់ ក្នុងម្នាក់ៗ សុំជូនថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ១.០៥៧ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ថវិកា ៥ លានរៀល។ ឥឡូវនេះ គឺថា អ្វីដែលជាជំនួយរបស់ខ្ញុំ យើងគិតមើល ១ ខែ ៣ លាន(រៀល) ១ ឆ្នាំ ត្រូវអស់ ៣៦ លាន(រៀល)។ កាលពីមុន ១ ឆ្នាំ វាអស់មិនដល់ ១៥ លាន(រៀល)ទេ ឥឡូវ ឡើងខ្លាំងណាស់ ប៉ុន្តែ ឡើងកាន់តែច្រើនកាន់តែល្អ គេយកទៅចាយ មិនមែនគេយកទៅដុតចោលឯណា …។ ឯណាបណ្ណារក្ស? អ្នកកាន់ខាងបណ្ណាល័យ? យើស! មុខឡើងញញឹមតែម្តង។ អរគុណ សម្រាប់ការចូលរួមទាំងឡាយ។​ អរ​គុណ ចំពោះការយកចិត្តទុកដាក់ស្តាប់ ហើយជាមួយនឹងការអបអរសាទរ សម្រាប់វឌ្ឍនភាពរបស់សាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំពេញ ក៏ដូចជា អបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំសូមប្រ​​សិទ្ធ​ពរ​ជូន ឯកឧត្តម លោកជំទា​វ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕