សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិតសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យ

28
CNV: 

ក្នុងវ័យ ២០ ឆ្នាំ រាជបណ្ឌិតសភា មានវឌ្ឍនភាពច្រើន

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួម ដើម្បីបំពាក់ជូនសម្រាប់បណ្ឌិតសភា​ចារ្យថ្មី​ចំនួន ៤ រូប គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ហ៊ីង ថូរ៉ាស៊ី ​និងឯកឧត្តម ចាន់ សំណព្វ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ នៃបណ្ឌិតសភាចារ្យ ដែលមានគោរមងារជាបណ្ឌិតសភាចារ្យ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរជាមួយនឹងគោរមងារថ្មី ក៏ដូចជាការតែងតាំង​តួនាទី​ថ្មី​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធាន និងអនុប្រធានពីររូបទៀត គឺឯកឧត្តម ហង់ ជួន​ណា​រ៉ុន ក៏ដូចជា ឯកឧត្តម សុខ ទូច។

ជាមួយគ្នានេះ ក៏សូមអបអរសាទរ ចំពោះការតែងតាំងជាអនុប្រធានរាជបណ្ឌិតសភារបស់បណ្ឌិតសភាចារ្យ ចាន់ សំណព្វ។ ចំណុចនេះ ខ្ញុំក៏គួរតែរំលឹកបន្ដិច​ និងក៏សូមអភ័យទោសពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធាន ហើយដែលពេលនេះ ក៏ត្រូវបានមកធ្វើជាទីប្រឹក្សារបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំរបស់លោកជំទាវ ក្នុងការដឹកនាំបន្ទាប់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង រហូតមកដល់ពេលនេះ។​ ការខិតខំទាំងអស់នោះ បាននាំមកនូវរាជបណ្ឌិតសភា ដែលមាន​វ័យ​រហូត​មក​ដល់ពេលនេះជិត ២០ ឆ្នាំ បានឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលមាន​វឌ្ឍន​ភាព​ដ៏ច្រើន។

រាជបណ្ឌិតសភា សឹងតែជាកូនបង្កើត

ពិតហើយ គេអាចសម្លឹងមើលទៅក្រោយវិញថា រាជបណ្ឌិតសភានេះ គឺវាបានកើតឡើងនៅក្នុងដំណាក់កាល​​ដែល​ខ្ញុំ​គ្រប់​គ្រង វាស្ទើរតែជាកូនបង្កើតរបស់ខ្ញុំតែម្ដង ប៉ុន្តែ ឪពុកមួយនេះ មិនបានយកចិត្តទុកដាក់គ្រប់គ្រាន់​ជាមួយ​នឹង​អ្វីដែលខ្លួនបានបង្កើតនោះទេ រាប់ទាំងអគារធ្វើការ ប៉ុន្តែ ខ្ញុំបានធ្វើការជួសជុល ដោ​យគ្រឿងចក្រពីម្សិលមិញនេះ បានចូលទៅដល់ការដ្ឋានរួចស្រេចទៅហើយ។ ខ្ញុំក៏បញ្ជាក់ជាមួយបណ្ឌិតសភាចារ្យ សុខ ទូច អោយរកវិធីដ៏ល្អ ដើម្បីក្រុងពាលីចាប់ផ្ដើមសាងសង់ ដែលជាអគារមួយអាចសង់ល្មមសមរម្យ សម្រាប់ការធ្វើការងាររបស់ក្រុមបញ្ញវន្ត ដែលធ្វើការនៅទីនោះ។

ស្នើព្រះមហាក្សត្របំពេញឋានៈបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន

អ្វីដែលខ្ញុំគួរនិយាយទៅកាន់ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា គឺនៅត្រង់ថា បន្ទាប់ពីមរណភាព​របស់​សម្ដេច​វិបុលបញ្ញា សុខ អាន ដែលជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ លោកជំទាវបានស្នើខ្ញុំអោយទទួលភារ​កិច្ច​ជាប្រធានបណ្ឌិតសភាចារ្យតែម្ដង។ ខ្ញុំគិតថា ទាំងខ្ញុំ ទាំងលោកជំទាវ សុទ្ធតែជាមនុស្សរងកម្ម ប្រសិនបើខ្ញុំ​ទទួល​យកនូវសំណើបែបនោះ (ហើយ)លោកជំទាវក៏ដល់អាយុចូលនិវត្តន៍តាំងពីប៉ុន្មានឆ្នាំមុននោះ បើយោង​ទៅ​លើក្របខណ្ឌនៃមុខងារសាធារណៈ ដែលតម្រូវអោយចូលនិវត្តន៍ទៅតាមអាយុ។ ក្នុងករណីដែលខ្ញុំទទួលបន្ទុក ដែលពេលនេះ ជាប្រធានកិត្តិយស ហើយដែលត្រូវធ្វើទាំងប្រធានកិត្តិយសផង ធ្វើទាំងប្រធានផង អម្រែកនេះ​ គឺពិតជាមិនអាចរែករួចទេ បន្ថែមទៅដោយអនុប្រធានម្នាក់ គឺសុខភាពមិនពេញលេញទៀត។ បើដូច្នោះ ខ្ញុំមានតែធ្វើ​ការ​សម្រេចចិត្តមួយ តាមរយៈការពិគ្រោះយោបល់បណ្ឌិតសភាចារ្យ សុខ ទូច ហើយក៏សូមអភ័យទោស​ពី​សំ​ណាក់​ឯកឧត្តម លោកជំទាវបណ្ឌិតសភាចារ្យទាំងឡាយ ដែលខ្ញុំមិនបានពិគ្រោះយោបល់ជាមុន គឺខ្ញុំមានតែវិធី​មួយ​គត់ ដើម្បីស្នើសុំទៅព្រះមហាក្សត្រ គឺបំពេញឋានៈ សម្រាប់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបណ្ឌិត​សភា​ចារ្យ ហង់ ជួនណារ៉ុន។ គោលដៅធំនៃការរៀបចំនេះ គឺដើម្បីមកកាន់កាប់តំណែងជាប្រធានបណ្ឌិតសភាចារ្យជំនួស សម្ដេចវិបុលបញ្ញា សុខ អាន តែម្ដង។ ឯសម្រាប់ខ្លួនខ្ញុំ គឺនៅបន្តជាប្រធានកិត្តិយស នៅពេលណាដែល​ឯក​ឧត្តម លោកជំទាវ អស់លោក ត្រូវការតែប៉ុណ្ណោះ បើលែងត្រូវការហើយ ខ្ញុំក៏នៅជាសមាជិកបណ្ឌិត​សភាចារ្យ​ធម្មតា​ក៏វា​មិនអីដែរ​។

ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងក្នុងរាជបណ្ឌិតសភាកម្ពុជា

ការរៀបចំលើកនេះ គឺជាការរៀបចំអោយត្រូវនឹងក្របខណ្ឌនៃលក្ខន្ដិកៈ បទបញ្ញត្តិ ដែលមាននៅក្នុងក្របខណ្ឌ​នៃរាជ​បណ្ឌិត​សភា ដែលចែងទាក់ទិននូវតួនាទីភារកិច្ច ដែលខ្លួនត្រូវបំពេញ។ ក្នុងនោះ មុនពេលដែលខ្ញុំចាកចេញទៅ​ទស្សនកិច្ច​នៅប្រទេសជប៉ុន ក៏បានតែងតាំងបន្ថែមដោយបណ្ឌិត ហ៊ីង ថូរ៉ាស៊ី ដើម្បីក្លាយទៅជាបណ្ឌិតសភាចារ្យ។ បន្ទាប់ពីចុះពីយន្តហោះត្រឡប់ពីជប៉ុនមកវិញ ក៏បានទទួលសំណើភា្លមៗពីបណ្ឌិតសភាចារ្យ សុខ ទូច ដើម្បី​តែង​តាំង​បណ្ឌិត ចាន់ សំណព្វ ជាបណ្ឌិតសភាចារ្យ ហើយតែងតាំងជាអនុប្រធានរាជបណ្ឌិតសភាតែម្ដង។ ដូច្នេះ នៅពេលនេះ យើងចាប់ផ្ដើមមានរចនាសម័្ពន្ធក្បាលកន្ទុយត្រឹមត្រូវហើយ ម្ខាងបណ្ឌិតសភាចារ្យមាន​ឯក​ឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន មានឯកឧត្តម ហង់ ជួនណារ៉ុន ជាអនុប្រធាន និងមានឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច ដែលជាប្រធានរាជបណ្ឌិតសភា គឺជាអនុប្រធានប្រចាំការ។ យើងយកទម្រង់បែបនេះ គឺល្អជាង គឺអោយប្រធានរាជបណ្ឌិតសភា ជាអនុប្រធានប្រចាំការធ្វើការរបស់បណ្ឌិតសភាចារ្យតែម្ដង រឹងមាំជាង។ សម្រាប់រាជបណ្ឌិតសភា គឺឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើជាប្រធានជំនួស លោកជំទាវ ខ្លូត ធីតា ដែលចូលនិវត្តន៍ ហើយដែលត្រូវមកធ្វើជាទីប្រឹក្សារបស់ខ្ញុំ ហើយតែងតាំងបណ្ឌិតសភាចារ្យ ចាន់ សំណព្វ ជាអនុប្រធាន​។ ​

មិនមានការរើសអើងក្នុងការតែងតាំងប្រធានរាជបណ្ឌិតសភា និងបណ្ឌិតសភាចារ្យថ្មីនោះទេ

ខ្ញុំគួរតែធ្វើការទាក់ទាញការយកចិត្តទុកដាក់បន្តិចនៅទីនេះ នៅត្រង់ថា ថ្ងៃនេះ បើគេសង្កេតឃើញក្នុងចំណោម​បណ្ឌិត​សភាចារ្យ ៤ រូប ដែល ៣ រូប ត្រូវដំឡើងជាបណ្ឌិតសភាចារ្យថ្មី និងមួយរូបត្រូវតែងតាំងជាប្រធាន​រាជបណ្ឌិត​សភា គេបានឃើញថា អ្នករៀននៅអតីតសហភាពសូវៀតមានទៅដល់ ៤ នាក់ អ្នករៀននៅបារាំងមានតែម្នាក់ទេ។ នេះ​មិនមែនជាការរើសអើងទេ ខ្ញុំសូមបញ្ជាក់អំពីចំណុចនេះបន្ដិច។ វាមិនមែនជារើសអើងដែលថា អ្នកមកពីអតីត​សហ​ភាព​សូវៀត ទើបបានទទួលការតែងតាំងនោះទេ។ ខាងមុខនេះ ខ្ញុំសង្ឃឹមថា ក្រុមសមាជិកបណ្ឌិតសភាចារ្យ​របស់​យើងនឹងបន្តកិច្ចការជ្រើសរើសទៅតាមលក្ខណៈសម្បត្តិ ដែលតម្រូវដោយលក្ខន្ដិកៈ និងបែបបទរបស់​ខ្លួន។ បើយោងទៅលើការកំណត់ចំនួនសមាជិកបណ្ឌិតសភាចារ្យ មានទៅដល់ ៧៩ នាក់។ ដូច្នេះ ចំនួន​ដែល​​ត្រូវ​ជ្រើស​រើសនៅពេលខាងមុខ គឺមានចំនួនច្រើនបង្គួរ។ ដូច្នេះ ខ្ញុំទុកតួនាទីនេះ ដើម្បីជូនទៅដល់ប្រធាន អនុ​ប្រធាន ក៏ដូចជា សមាជិក សមាជិកា នៃបណ្ឌិតសភាចារ្យ ដើម្បីពិនិត្យជ្រើសរើស រៀបចំ ដើម្បីដាក់អោយ​ដំណើរការ​ និង​កិច្ច​ការទាំងឡាយ។

ធនធានមនុស្សដែលបានប្រឹងប្រែងដាំរយៈពេល ៣៨ ឆ្នាំ បាននិងកំពុងទទួលផល

អ្វីដែលយើងគួរកត់សម្គាល់នៅទីនេះ ផលដែលយើងបានប្រឹងដាំរយៈពេល ៣៨ ឆ្នាំ យើងកំពុងបាននិង​ទទួល​​ផលហើយ។ ខ្ញុំនៅចងចាំអនុស្សាវរីយ៍បន្ទាប់ពីរំដោះទីក្រុងភ្នំពេញហើយនោះ តើយើងនៅសល់​បណ្ឌិត​ប៉ុន្មាន? យើងនៅសល់បញ្ញវន្តដែលចប់បរិញ្ញា(បត្រ) ឬបរិញ្ញាជាន់ខ្ពស់ប៉ុន្មានទៅ? តិចណាស់ ចំនួន​មិន​គ្រប់​គ្រាន់ទេ។ យើងប្រឹងប្រែងប្រមូលធនធានទាំងនោះ ដើម្បីនឹងបន្តការងារ។ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីការបរទេស​នៅ​ដំ​ណាក់កាលនោះ ខ្ញុំមានមនុស្សតែ ៣ នាក់ តែប៉ុណ្ណោះ ដែលត្រូវចាប់ផ្ដើមកសាង​នូវស្ថាប័នក្រសួងការបរទេស​មួយ​។ មិនមែនគ្រាន់តែខ្លួនខ្ញុំទេ ក្រសួងដទៃ ស្ថាប័នដទៃ សុទ្ធតែកសាងពីបាតដៃទទេដូចគ្នា។

នៅទីស្ដីការគណៈរដ្ឋមន្រ្តី អគារចាស់មុននោះ គឺជាក្រសួងការបរទេសរបស់ពួក ប៉ុល ពត ដែលប្រមូលសុទ្ធតែ​សម្ភារៈ​ជ័យភណ្ឌ យកមកដាក់ពេញៗបន្ទប់នៅហ្នឹង ប៉ុន្តែ ខ្ញុំត្រូវកសាងនូវក្រសួងការបរទេសនេះ នូវឯមាត់ទន្លេឯ​ណោះ​។ ចាប់ផ្ដើមពីមនុស្សតែ ៣ នាក់ ឥឡូវនេះ ចំនួនមនុស្សដែលធ្វើការនៅក្នុងកិច្ចការបរទេស​មានចំនួន​អាច​ថាសមល្មម ដើម្បីនឹងធ្វើការ។ យើងមិនបានសេចក្ដីថា ពេញចិត្តពេញថ្លើមទាំងស្រុងទេ ក៏ប៉ុន្តែ វាគ្រាន់បើ​ជាង​យើង​អត់។

ខ្ញុំទៅប្រទេសណាក៏ដោយ ខ្ញុំមិនភ្លេចការស្នើសុំអាហារូបករណ៍។ ខ្ញុំមិនសុំអ្វីផ្សេងក្រៅពីអាហារូបករណ៍ទេ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេសនៅដំណាក់កាលនោះ។ ជួបដំបូង អង់ដ្រេ ហ្គ្រូមីកូ ដែលពេលនោះ គាត់មានអាយុ ៧២ ឆ្នាំ ឯខ្ញុំមានអាយុ ២៧ ឆ្នាំ វាផ្ទុយគ្នាត្រង់ហ្នឹង។ មួយ ២៧ ឆ្នាំ មួយទៀត ៧២ ឆ្នាំ ជួបគ្នា ដែល​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​មួយក្មេងបំផុតលើលោក ជាមួយនឹងរដ្ឋមន្រ្តីការបរទេស ដែលតាំងពីខ្ញុំកើតមកស្ដាប់វិទ្យុឮតែ អង់ដ្រេ ហ្គ្រូមីកូ។ ដល់ជួប គឺថា សំណូមពរធំជាងគេ គឺអាហារូបករណ៍ ការបណ្ដុះបណ្ដាល។ អញ្ចឹង បានជាយើង​បញ្ជូន​ទៅអតីតសហភាពសូវៀតបានច្រើន។ បញ្ជូនទៅអាល្លឺម៉ង់ខាងកើត ទៅហុងគ្រី ទៅប៊ុលការី ទៅប៉ូឡូញ គឺមានជាបន្តបន្ទាប់។ ការបណ្ដុះបណ្ដាលក្នុងស្រុក គឺចេះតែធ្វើ។

ច្រើនវិធីបណ្តុះបណ្តាលមនុស្ស

ចំណុចនេះដូចដែល ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើង វិធី​នៃការបណ្ដុះបណ្ដាលរបស់ខ្ញុំ គឺមានវិធីផ្សេងៗគ្នា។ នៅក្នុងអតីតកាល នៅពេលដែលខ្ញុំធ្វើទាហាន ខ្ញុំបណ្ដុះបណ្ដាលនារសាររបស់ខ្ញុំ ដែលជា​កង​ការ​ពាររបស់ខ្ញុំ រហូតមកគេក្លាយខ្លួនទៅជាអ្នកដែលមានឋានៈស្មើខ្ញុំ។ ខ្ញុំមិនអាចរាំងគេ ទុកគេនៅទ្រឹងមួយ​កន្លែង​ទេ។ សម្ដេចវិបុលបញ្ញា សុខ អាន, ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ,​ ឯកឧត្តម ឡុង វិសាលោ​ សុទ្ធតែជា​អតីត​លេខា​ផ្ទាល់របស់ខ្ញុំតែម្ដង ប៉ុន្តែ យើងមិនអាចទុកពួកគាត់អោយនៅជាមួយយើងរហូតទេ យើងត្រូវមានវិធី​បញ្ជូន​ទៅនេះ បញ្ជូនទៅនោះ។ ទីចុងបំផុត យើងទាញយកត្រឡប់មកវិញ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឆ្លងកាត់។ នៅឆ្នាំ ១៩៩៣, ២ នាក់ ដែលបញ្ចប់ការសិក្សានៅសហភាពសូវៀត ហើយក្រោយមកនៅរុស្ស៊ី។ អូន ព័ន្ធមុន្នីរ័ត្ន និង រ័ត្ន សណ្តាប់។ ២ នាក់ មកជួបជាមួយខ្ញុំ។ ពេលនោះ ខ្ញុំនៅចាំ ដូចជាអោយម៉ូតូម្នាក់មួយគ្រឿង បើសិនជានៅរក្សាបានម៉ូតូមួយគ្រឿងហ្នឹង គឺល្អណាស់។ រួចហើយដោយ​ឃើញ​ថា ឯកឧត្តម គាត ឈន់ មានបទពិសោធន៍នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលគួរតែត្រូវបញ្ជូន។ អញ្ចឹងទេ ខ្ញុំបញ្ជូន ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន អោយទៅតភ្ជាប់ជើងជាមួយនឹង ឯកឧត្តម គាត ឈន់ ហើយបន្តទៅនេះ បន្តភ្ជាប់ជាមួយនឹងខ្លួនខ្ញុំ។ ដល់ដំណាក់កាលថ្មី គឺទាំង ហង់ ជួនណារ៉ុន ក៏ដូចគ្នាដែរ ​​ដល់ដំ​ណាក់​កាល​ទាញ​យកមកធ្វើរដ្ឋមន្រ្តីបណ្តោយ។ ហ្នឹងគឺត្រូវមានវិធីបណ្តុះបណ្តាល បើសិនជាទុកនៅតែត្រាំត្រែង​នៅនឹងខ្លួន​យើង គឺវិវឌ្ឍទៅមុខវាមិនរួច។ និយាយដូច្នេះ បានសេចក្តីថា គិតតែបញ្ចេញពីខ្លួនអោយអស់ មនុស្សជំនួយការ មិន​មែនអញ្ចឹងទេ។ យើងត្រូវមានការថ្លឹងថ្លែង ហើយត្រូវមើលវែងឆ្ងាយ អំពីបញ្ហានេះ។

មន្រ្តីធ្វើការមិនកើត បញ្ជូនទៅធ្វើទូត ជារឿងមិនត្រឹមត្រូវ

ចំណុចនេះ ខ្ញុំស្នើអោយមិនមែនគ្រាន់តែនៅទីនេះទេ នៅទីកន្លែងណាក៏ដោយ គួរត្រូវផ្តល់ឱកាសអោយបាន​គ្រប់​គ្រាន់ សម្រាប់យុវជន សម្រាប់ការងើបឈរឡើងនៃអ្នកដែលនៅក្រោមយើង។ ធ្វើយ៉ាងនេះ ទើបយើងអាចរក​ឃើញ​នូវចលនាជាតិមួយ ស្តីអំពីការកសាងប្រទេស និងប្រើធនធានបញ្ញាបានគ្រប់គ្រាន់។ នេះជាបទពិសោធន៍។ … មានពេលមួយ អោយតែនរណាធ្វើការក្នុងប្រទេសមិនកើតបញ្ជូនមកអោយខ្ញុំហើយ​ យកទៅធ្វើទូត វាអញ្ចេះ។ បានខ្ញុំប្រាប់ថា ទៅធ្វើទូត ឋានៈលើសរដ្ឋមន្រ្តីទៅទៀត។ រដ្ឋមន្រ្តីដែលគេអោយជិះឡានដាក់ទង់ជាតិ មានតែ ២ ទេ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ។ រដ្ឋមន្រ្តីដទៃអត់មានសិទ្ធិនឹងជិះឡានដាក់ទង់ជ័យទេ ក្រៅពីប្រមុខ​រដ្ឋ ឬព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី គឺមានរដ្ឋមន្រ្តី​តែ ២ ទេ ដែលគេអោយជិះឡានដាក់ទង់ជ័យ រដ្ឋមន្រ្តី​ការ​បរ​ទេស និងរដ្ឋមន្រ្តីការពារជាតិ។ ប៉ុន្តែ អគ្គ​រដ្ឋទូតទៅវិញទេ ដែលមានសិទ្ធិជិះឡានដាក់ទង់ជាតិ អញ្ចឹង ចេះតែ​បញ្ជូន​មកអោយខ្ញុំៗ ធ្វើការមិនកើតក្នុងស្រុក ដកយកមកប្រគល់អោយ ហ៊ុន សែន បញ្ជូនទៅធ្វើទូត។ ខ្ញុំថា ទៅ​ធ្វើ​ទូតរបៀបម៉េច?

អរគុណក្រុមគ្រួសារ បណ្ឌិត សុខ ទូច

សម្រាប់បណ្ឌិតសភាចារ្យ សុខ ទូច ថ្ងៃនេះ បានលោកឪពុក និងក្រុមគ្រួសារ អញ្ជើញមក។ អរគុណដែល លោកអ៊ំ និងបងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី បានរួមវិភាគទានក្នុងការបង្កើតមនុស្សម្នាក់នេះ។​ ប្រវត្តិរបស់ សុខ ទូច ក៏ជា​​ប្រវត្តិឈឺចាប់។ បន្ទាប់ពីរំដោះប្រទេស គឺឪពុកម្តាយមិនដឹងទៅណាទេ បានសុំ អ៊ំ សារិទ្ធ ធ្វើឪពុកធម៌នោះ ហើយ​ជា​អ្នកកាន់កាំភ្លើងការពារដំណើររបស់ខ្ញុំ ពេលដែលខ្ញុំទៅខេត្តកំពង់ចាម។ ដល់ពេលរកឃើញឪពុកម្តាយនេះ បាន​ចាប់ផ្តើមមកបង្រៀនបន្ត ហើយបញ្ជូនទៅសូវៀតទៅ។ នេះជាដំណាក់កាលប្រទេសបែកបាក់។ វាអញ្ចឹង។ ជាភ័ព្វសំណាងដែលរកឃើញឪពុកម្តាយ ប៉ុន្តែ នៅតែហៅ អ៊ំ សារិទ្ធ ថាឪដដែល ព្រោះនេះវាជា​ការព្រាត់​ប្រាស់​មួយ ក្នុងដំណាក់កាលរបប ប៉ុល ពត ហើយនៅពេលដែលចេញមក អត់រកឃើញឪពុកម្តាយ មានតែនៅ​ជាមួយ​កងទ័ពហ្នឹងទៅ ហើយហៅមេទ័ពហ្នឹងជាឪពុកអញ្ចឹងទៅ។

ធនធានមនុស្សចាប់ផ្តើមវិវឌ្ឍ ប្រទេសថយភាពក្រីក្រ និងឈានទៅមានចំណូលមធ្យមកម្រិតខ្ពស់

ឱកាសពេលនោះ យើងផ្តល់អោយយុវជន ដើម្បីបន្តការសិក្សាបំពេញវិជ្ជានៅក្នុងប្រទេស ហើយបញ្ជូនទៅរៀននៅ​ក្រៅ​ប្រទេស ឬរៀននៅក្នុងប្រទេស។ ឥឡូវ ធនធានមនុស្សដែលយើងចាប់ផ្តើមពីដំណាក់កាល​អ្នកចេះច្រើន​បង្រៀន​អ្នក​ចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ វាបានឆ្លងផុតហើយ។ ចំណុចអស់ទាំងនេះ ខ្ញុំគ្រាន់តែលើក​ឡើង​ត្រួសៗ អំពីការវិវឌ្ឍរបស់យើង វាប្រៀបធៀបជាមួយនឹងការវិវឌ្ឍរបស់ខ្លួនយើងម្នាក់ៗផងដែរ ពីស្ថានភាពទ្រុឌទ្រោម ទៅជាអ្នកដែលមានកម្លាំងកំហែង ពីស្ថានភាពក្សត់ខ្សោយខាងចំណេះវិជ្ជា ក្លាយទៅជាអ្នកដែលមាន​ចំណេះវិជ្ជា​តាម​រយៈនៃការខិតខំ។ ការខិតខំទាំងអស់នេះ វាបាននាំប្រទេសរបស់យើងពីភាពខ្ទេចខ្ទាំ ពីទីក្រុងភ្នំពេញ ដែល​មាន​​មនុស្សនៅត្រឹមតែ ៧០ នាក់ អោយក្លាយទៅជាទីក្រុងមួយដូចគេដូចឯង ហើយជាទីក្រុងមានសក្តានុ​ពល​ផង​ដែរ។ យើងបានកាត់បន្ថយភាពក្រីក្រពី ១០០​ ភាគរយ អោយមកនៅក្នុងរង្វង់ ១៣ ភាគរយ។ យើងបាននាំប្រទេស​ ឆ្លង​កាត់ពីប្រទេសដែលមានប្រាក់ចំណូលត្រឹមតែជាង ២​០០ ដុល្លារ នៅឆ្នាំ ១៩៩៨ អោយឡើងមកដល់ ១.៣០០ ដុល្លារ នៅឆ្នាំ ២០១៦ កន្លងទៅ។ នេះគឺជាវឌ្ឍនភាព ប៉ុន្តែ វាមិនគ្រប់គ្រាន់ទេសម្រាប់យើង យើងត្រូវ​ឈាន​ហួសពីនេះ។ សូម្បីតែនាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ របស់ជប៉ុន ក៏បានប្រើពាក្យលើកទឹកចិត្ត និងផ្តល់​​ការ​គាំទ្រ ជួយដល់កម្ពុជាអោយសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយគាត់សន្យានឹងធ្វើការជាមួយខ្ញុំ។

ដើម្បីជោគជ័យ ត្រូវចេះដាក់ខ្លួន មិនត្រូវពើងទ្រូង ក្រអឺតក្រទម ដែលនាំអោយស្វ័យឯកោ

ខ្ញុំគួរតែនិយាយបន្តិចទាក់ទិនជាមួយនឹងស្ថាប័នរាជបណ្ឌិតសភាតែម្តង។ ឥឡូវដូចដែល ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភា បានលើកឡើង ដើម្បីអោយទៅជាធនធានបញ្ញានៅទីនេះ ដើម្បីអោយ​អង្គ​ភាពនេះខ្លាំង​ ចំណុចវាមិនលំបាកធ្វើទេ។ បញ្ហាធំជាងគេ គឺបញ្ហាសាមគ្គីភាពនោះឯង។ ចំណុចនេះធំណាស់។ បទពិសោធន៍ដែលខ្ញុំឆ្លងកាត់ជោគជ័យពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ពីដំណាក់កាលដែល​គេហៅ​ខ្ញុំថា ជារដ្ឋមន្រ្តីមិនទាន់បាត់ក្លិនទឹកដោះគោ ហើយពេលនោះ ការពិតខ្ញុំទើបមានវ័យមិនទាន់ដល់ ២៧ ឆ្នាំ​ទេ នៅពេលដែលខ្ញុំចូលកាន់ដំណែងជារដ្ឋមន្រ្តីការបរទេសនោះ ដោយសារតែខ្ញុំកើតនៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩៥២ ដូច្នេះ នៅពេលដែលខ្ញុំកាន់ដំណែងជារដ្ឋមន្រ្តីការបរទេស ខ្ញុំនៅមានអាយុ ២៦ ឆ្នាំ កន្លះ​នៅឡើយទេ។ ប៉ុន្តែ ហេតុអីបានជាខ្ញុំឈរជើងជាប់នៅទីនេះ? បញ្ហាសំខាន់ជាងគេ គឺការដាក់ខ្លួន រៀនសូត្រ ហើយកុំតាំងខ្លួន កុំ​ពើង​ទ្រូងថាជាអ្នកចេះតែឯងអោយសោះ។ គ្មានទេនៅលើលោកនេះ ដែលចាត់ទុក (ឬ)យល់ថាខ្លួនចេះតែឯង គ្មាន​នរ​ណាមួយអាចចេះទាំងអស់ទេ។ ​សូម្បីតែខ្ញុំនេះ កំពុងតែពឹងពាក់(គេ) ក្រវ៉ាត់ករៀនមួយជីវិតទៀត​ក៏រៀន​ចងមិន​ចេះ​ដែរ …។

… ភាសាចាស់ពីដើមថា សេដ្ឋីគង់ខ្វះអំបែង។ ចំណុចនេះ ត្រូវយល់អោយបានច្បាស់ ភាពពើង​ទ្រូង​ក្រអឺត​ក្រ​ទមណាមួយ មិនអាចក្លាយទៅជាមេដឹកនាំបានទេ។ កាន់តែឡើងខ្ពស់ កាន់តែដាក់ខ្លួន។ ចំណុចនេះត្រូវចងចាំ ភាពពើងទ្រូង ក្រអឺតក្រទម នឹងនាំទៅដល់ភាពឯកោខ្លួនតែប៉ុណ្ណោះ។ ទីចុងបំផុត ដល់ទៅពេលចុះនរក គឺចុះ​តែ​ឯងទេ គ្មាននរណាគេចុះជាមួយទេ ព្រោះយើងអត់បានរួមសុខរួមទុក្ខជាមួយគេឯណា។ អញ្ចឹង ពាក្យដែលថា “រួម​សុខ​រួមទុក្ខ” ត្រូវមួយទៅ។ មួយទៀតពាក្យ “ទទួលខុសត្រូវ” ចំណុចនេះត្រូវចាំអោយបាន ធ្វើជាមេដឹកនាំ មិនថា​កន្លែង​ណា កន្លែង​​នេះ រាជបណ្ឌិតសភាទេ ត្រូវចាំនូវកន្លែងនេះ ភាពក្រអឺតក្រទម ឬតាំងខ្លួនថាជាអ្នកចេះ​ដឹង​លើស​គេលើសឯង វានឹងបង្កើតបាននូវស្ថានភាព គេហៅថា ការបង្កើតស្វ័យឯកោតែម្តង។ … ការដាក់ខ្លួន និង​ទំនាក់ទំនងសាធារណៈ គ្រូរបស់យើង បើទោះបីថាគាត់ធ្លាប់បង្រៀនយើងនៅបឋមសិក្សា ហើយដល់ពេលនេះ យើងក្លាយទៅជាបណ្ឌិត យើងក៏នៅតែត្រូវគោរពគាត់ មិនត្រូវមើលស្រាលគាត់ថា លោកគ្រូឯងប៉ុន្មានឆ្នាំ បង្រៀន​តាំង​ពីខ្ញុំនៅតូច ឥឡូវនៅតែ(ជា)គ្រូបឋមដដែល។ នេះជាកំហុសមួយ។ ផ្ទុយទៅវិញ ត្រូវធ្វើបុណ្យអោយគាត់វិញទេ ដោយសារអ្នកដឹកដៃមុនហ្នឹងហើយ អា “ក, ខ” ហ្នឹងហើយ ដែលនាំយើងអោយមកដល់ថ្ងៃនេះ ត្រូវចងចាំ​ចំ​ណុច​អស់ទាំងនេះ។

ការបំពេញគ្នារវាងស្ថាប័ននានា និងរាជបណ្ឌិតសភា

… ខ្ញុំសូមស្នើបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើកំណែទម្រង់អោយបាន ទៅលើចំណុចមួយចំនួនដែលចាំបាច់។ ការ​ងារនេះត្រូវធ្វើ បើមិនធ្វើកំណែទម្រង់ទេ ​ស្ថាប័នមួយនេះអាចរយីករយាក។ បើស្ថាប័ននេះរយីករយាក វាជា​គម្រូមិនល្អទេជាមួយនឹងស្ថាប័នដទៃ ព្រោះនេះជាកន្លែងប្រមូលផ្តុំបញ្ញវ​ន្ត ប្រមូលផ្តុំខួរក្បាលសុទ្ធតែធំៗណាស់។ រួចដល់ធ្វើការមិនត្រូវគ្នា ខ្វះប្រសិទ្ធភាព អញ្ចឹងទេ មិនដឹងថាគម្រូអោយនរណាទេ។ អញ្ចឹង រាជបណ្ឌិតសភា​ជួយ​អោយ​ស្ថាប័នដទៃ ឬស្ថាប័នដទៃជួយអោយរាជបណ្ឌិតសភាវិញ។ អញ្ចឹង ត្រូវមានធាតុ គេហៅថា ការបំពេញ​អោយ​គ្នារវាងស្ថាប័ននានា និងរាជបណ្ឌិតសភា។

ស្ថាប័នដែលនៅជាប់ជាមួយខ្ញុំ ធ្វើការស្រាវជ្រាវផ្នែកយុទ្ធសាស្រ្ត ទី ១. ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ដែលប្រធាន​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ជាប្រធានស្រាប់។ សូម្បីតែកូនខ្ញុំក៏ខ្ញុំ​បញ្ជូនទៅអោយបណ្ឌិត អូន ព័ន្ធមុន្នី​រ័ត្ន ជាអ្នកជួយបណ្តុះបណ្តាលដែរ នៅទីនោះ។ មួយទៀតហៅអក្សរកាត់ CAP ដែលមនុស្សជាច្រើន​មិនអាច​ដឹង​ថា​អា​ហ្នឹងវាជាស្អីទេ ហើយក៏មានបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន នៅហ្នឹងដែរ។ ឱម យិនទៀង ស្អីៗហ្នឹងប្រមូលផ្តុំ ប៉ុន្តែ ដើម្បីប្រើកម្លំាងបញ្ញវន្តបាន មិនមែនចេះតែប្រើដូចគោ ដូចក្របីទេណា។ ពាក្យតែថា បញ្ញវន្តៗមិនដូចគោ ដូច​​ក្របីទេ ប្រើទៅលិចទៅលិច ប្រើទៅកើតទៅកើតទេ អាហ្នឹងត្រូវយល់អោយច្បាស់។ គេថាពិបាកណាស់ ក្នុងការគ្រប់គ្រងបញ្ញវន្ត ព្រោះបញ្ញវន្តមិនសូវត្រូវគ្នា ក៏ប៉ុន្តែ វាលំបាកតែអ្នកមិនចេះទេ អ្នកដែលមិនមានជំនាញ ប៉ុន្តែ អ្នកដែលមានជំនាញអាចប្រមូលបញ្ញវន្តទាំងអស់អោយអង្គុយជាមួយគ្នា។

ខ្ញុំនៅចាំបាន បង ជា សុទ្ធ គាត់ជាឧបនាយករដ្ឋមន្ត្រីប្រចំាការ ហើយខ្ញុំពេលនោះ ឧស្សាហ៍ទៅបរទេស​(ដើម្បី​ធ្វើ​ការ)​ចរចា។ មានតែអ្នកច្បាប់ ៥ នាក់ ចូលប្រជុំ គាត់អត់ចូលតែម្តង ព្រោះអ្នកច្បាប់​និយាយ​មិនត្រូវគ្នាតែម្តង មិន​ដឹង​ជាបកស្រាយយ៉ាងម៉េច។ អញ្ចឹង បានជា បង ជា សុទ្ធ មិនព្រមប្រជុំ។ គាត់មិនខ្លាចទេបញ្ញវ​ន្ត ខាង​សេដ្ឋ​កិច្ច ខាងស្អីៗ តែគាត់ខ្លាចជាងគេ គឺអ្នកច្បាប់ ព្រោះអ្នកច្បាប់ និងអ្នកច្បាប់ និយាយមកមិនត្រូវគ្នា។ បង ជា សុទ្ធ សរុបអត់កើត។ អញ្ចឹង ប្រជុំទាក់ទងនឹងការកសាងសេចក្តីព្រាងច្បាប់មួយចំនួន ត្រូវទុករង់​ចំាខ្ញុំ​មក​ពីក្រៅប្រទេស។

មានរឿងគួរអោយចង់សើចជាច្រើនក្នុងកិច្ចប្រជុំ World Economic Forum

… ខ្ញុំគួរតែផ្តំាផ្ញើ អ្វីដែលយើងត្រូវធ្វើមោទនភាពជាតិរបស់យើង ត្រូវប្រកាន់អោយខ្ជាប់ ពាក្យស្មើភាព ស្មើសិទ្ធិ ជា​ពាក្យ​ដែលខ្ញុំបង្កើត។ ប៉ុន្តែ ពាក្យនេះគឺជាពាក្យមានន័យណាស់ មិន​មែនបានសេចក្តីថា ប្រទេសគេមាន ប្រ​ទេស​គេធំ ខួរក្បាលរបស់គេសុទ្ធតែពូកែទំាងអស់នោះទេ។ ខ្ញុំលើករឿងពីរដែលវាកើតឡើងថ្មីៗ ហើយឥឡូវ​វាកើត​ឡើង។ ថ្ងៃនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន (ឯកឧត្តម) ស៊ុន ចាន់ថុល អីទៅចូលរួ​ម World Economic Forum នៅ​ឯ​ដាវូស ប្រទេសស្វីស។ នៅក្នុងការពិភាក្សាមួយក្នុងពេលយប់ នាយករដ្ឋមន្ត្រីវៀតណាម គាត់ជាអ្នកថ្លែង​បើក ឯខ្ញុំជាអ្នកថ្លែងបិទ។ នៅក្នុងរយៈពេលថ្លែងទំាងពីរនេះ ការពិភាក្សាបានធ្វើក្នុងរង្វង់ប្រហែលជា ១ ម៉ោង​ជាង បន្ទាប់ទៅគេអោយពិភាក្សាតាមតុ បានគេធ្វើរបាយការណ៍ហើយ បានខ្ញុំចាប់ផ្តើមសរុបយក។

ចំណុចមួយដែលខ្ញុំហួសចិត្ត។ អញ្ចឹងបានថា កុំឃើញគេសាស្ត្រាចារ្យ បណ្ឌិតសាស្ត្រាចារ្យ ថាគេពូកែ ពូកែ​​យើង​សសើរ។ មិនពូកែយើងតស៊ូ។ ខ្ញុំមិននិយាយពីឈ្មោះសាកលវិទ្យាធិការមួយទេ គាត់ប្រើពាក្យអញ្ចេះ គាត់ថា ប៉ុន្មានម៉ោងខាងមុខនេះ ដូលណាល់ ត្រាំម៍ នឹងឡើងកាន់អំណាច ពេលនោះអាមេរិក និងចិន នឹងវ៉ៃគ្នា ហើយដាក់​តំបន់​អាស៊ានអោយក្លាយជាតំបន់ដែលមានគ្រោះថ្នាក់។ បន្តពីសាកលវិទ្យាធិការសាកលវិទ្យាល័យរូបនេះ ក៏​ចាប់​ផ្តើម​មានសាកលវិទ្យាធិការផ្សេងៗទៀត អ្នកប្រាជ្ញផ្សេងៗទៀត គេឡើងមក រហូតដល់គេប្រើពាក្យថា ដំរី​ជល់​គ្នា ខ្ទេចស្រមោច ខ្ទេចសង្អារ។ ដល់ពេលខ្ញុំសរុប (ខ្ញុំថា)មើលលោកសាស្ត្រាចារ្យ លោកកុំទៅបង្រៀន​និស្សិត​​ទៅលើកាប្រកាន់ឥរិយាបទ និងគិតគូរបែបនេះ។ វាខុសហើយ។ អាមេរិក និងចិន មិនវ៉ៃគ្នាទេ។ បើសិន​ជា​អា​មេ​រិកវ៉ៃ ក៏ចិនមិនវ៉ៃដែរ។

ដូច្នេះ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អាស៊ាន ម្យ៉ាងទៀតយើងក៏អត់មានទាស់អីជាមួយអាមេរិកឯណា? យើងក៏នៅតែជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយអាមេរិក។ ម្យ៉ាងទៀតអាស៊ានរបស់យើងមិនត្រូវដាក់ខ្លួន​ទៅ​ជាស្រមោច (ជា)សង្អារ សម្រាប់ដំរីជាន់ទេ។ ខ្ញុំមិននឹកស្មានថា អ្នកប្រាជ្ញនៅក្នុងតំបន់របស់យើង​លើកភា​សា​នេះរួច។ ដល់ក្រោយការពន្យល់របស់ខ្ញុំ គាត់បានមកចាប់ដៃ(ខ្ញុំ) គាត់ថា គាត់យល់ព្រមជា​មួយ​ទស្សនៈ​របស់​ខ្ញុំ។ លើការជាក់ស្តែងអាមេរិក និងចិនមានវ៉ៃគ្នាពីអង្កាល់? គ្រាន់តែ ដូណាល់ ត្រំាម៍ មួយធ្វើអោយ​ផ្អើល​មួយ​ពិភព​លោក​តែម្តង។ បើ គីម ជុងអ៊ុន ទៅអាហ្នឹងគួរតែផ្អើល (ព្រោះតែងតែ)គម្រាមបាញ់ ប៉ុន្តែ ដូណាល់ ត្រំាម៍ គាត់​មាន​ទៅ​ទាន់ស្អី? រឿងអីគិតទៅដល់រឿងវ៉ៃគ្នា? គាត់ជាអ្នករកស៊ីម្នាក់ គ្រាន់តែនយោបាយគំាពារនិយម មុនពេល ដូណាល់ ត្រំាម៍ ឡើងកាន់អំណាចតែមួយភ្លែត តែប៉ុន្មានម៉ោង ជជែកបែកម៉ាំនៅដាវូស។

… មួយទៀត ជាសាស្ត្រាចារ្យមួយនៅទីក្រុងឡុងដ៍។ គាត់ឡើងមកសួរថា តើអាស៊ានមានប្រទេសណាមួយ​ដែល​ចង់​ចាក​ចេញទេ? បានខ្ញុំប្រាប់ថា សូមលោកសាស្ត្រាចារ្យប្តូរសំនួរវិញ សួរអញ្ចេះ តើប្រទេសណាមួយចង់​ចាកចេញ​ពី​​ប្រ​​ទេសអឺរ៉ុបក្រោយពីអង់គ្លេស? អានេះទើបជាសំនួរត្រឹមត្រូវ។ រឿងរបស់គាត់កំពុងតែរិតរួមទៅដោយ​មនុស្សចង់​ចេញ រាប់ទំាង លឺ ប៉ែន (Marine Le Pen) ថាបើឈ្នះ ដកបារំាងចេញពីអឺរ៉ុប ហូឡង់ស្អីៗ គាត់​មិន​គិត​ខ្លួនគាត់ គាត់​មកគិតពីអាស៊ានអ្នកណាចង់ចេញ? ក្នុងពេលដែលធម្មនុញ្ញអាស៊ានមិនអនុញ្ញាតបែបនោះទេ។ អោយ​​ដេញក៏មិនដេញ អោយដកក៏មិនដក រឿងវាអញ្ចេះ។ អញ្ចឹង បានមានពេលខ្លះ តិចឃើញគេក្បាលទំពែក ថាទំ​ពែក​អ្នកប្រាជ្ញ មិនមែនទេណា។ មិនមែនទំពែកទាំងអស់សុទ្ធតែទំពែកអ្នកប្រាជ្ញទេ…។

អំពាវនាវនាយករដ្ឋមន្ត្រីឡាវដកកងទ័ពចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខខណ្ឌ

ខ្ញុំមានជំនឿជឿជាក់ថា កម្លំាងយុវជនដែលបានចូលរួ​មក្នុងការដឹកនំារាជបណ្ឌិតសភានេះ និងបន្តការងារ​របស់​ខ្លួន ហើយធ្វើការកែទម្រង់អោយបានល្អ ហើយដើម្បីកែទម្រង់បាន ទាមទាររៀបចំបែងចែកមុខងារយ៉ាង​ម៉េចអី​យ៉ាងម៉េច។ បើចំបាច់ត្រូវកែសម្រួលព្រះរាជក្រឹត្យ ឬកែសម្រួលអនុក្រឹត្យ គឺកែទៅ ដើម្បីសម្រួលដល់​រចនា​សម្ព័ន្ធ​ដំណើរការ។ ហ្នឹងរឿងមួយ។ រឿងមួយទៀតបើសិនជាខ្ញុំលាក់លៀមមិននិយាយ គឺច្បាស់ណាស់ថា ការ​​ព្រងើយកន្តើយពីមិត្តភក្តិជិតខាងរបស់យើង គឺនៅតែបន្ត។ ចាប់តំាងពីខែមេសាមក មិត្តឡាវបាន​បញ្ជូន​កម្លាំង​ចូលមកក្នុងទឹកដីកម្ពុជារបស់យើង នៅតំបន់អូរអាឡៃរបស់ខេត្តស្ទឹងត្រែង ដោយយកហេតុផល​អំពី​ការ​ទប់ស្កាត់ការដែលយើងធ្វើផ្លូវ។ យើងធ្វើក្នុងដីរបស់យើង មិត្តឡាវគាត់មកទប់ស្កាត់។ គាត់ឆ្លងទន្លេមេគង្គ​មក​នៅ​ខាង​យើងឯនេះ។ ខ្ញុំបានបញ្ជាអោយកងវិស្វកម្មបញ្ឈប់ការធ្វើផ្លូវភ្លាម ប៉ុន្តែ កងទ័ពឡាវមិនត្រូវ​បាន​ដក​ទេ។

ក្នុងខែឧសភា ខ្ញុំនៅចំាបាន ខ្ញុំទូរស័ព្ទពីប៉េកំាងទៅកាន់នាយករដ្ឋមន្ត្រីឡាវ ពេលនោះ មុនពេលជំនួប​ជាមួយ​ប្រធា​នា​ធិបតី ស៊ី ជីនពីង។ ខ្ញុំប្រាប់នាយករដ្ឋមន្ត្រីឡាវថា អោយដកអាកម្លំាងហ្នឹងចេញទៅ។ ខ្ញុំប្រាប់នាយករដ្ឋ​មន្ត្រី​ឡាវ​ច្បាស់ៗថា យើងខាងលើយល់គ្នាបាន តែខាងក្រោមយល់គ្នាមិនបានទេ ប្រយ័ត្នមានរឿង។ យើងក៏បានឯកភាព​អោយ​ប្រធានគណៈកម្មការចម្រុះព្រំដែននៃប្រទេសទំាងពីរដើម្បីនឹងទៅដល់កន្លែង។ រឿងវាចម្លែងត្រង់ថា ប្រធាន​គណៈ​កម្មការមួយជិះទូកមួយៗ ទូករបស់គាត់ទៅមុខវាមិនរួច ហើយក៏គាត់ទៅខេត្តបាត់ទៅ យើងក៏មិន​អាច​ដោះ​ស្រាយ​បាន។ បងប្អូនស្នើខ្ញុំដោះស្រាយបញ្ហា។ ខ្ញុំថា ឈប់ទុកអោយខ្ញុំធ្វើការសិន។ ប៉ុន្មានថ្ងៃនេះ ខ្ញុំសរ​សេរ​សំ​បុត្រទៅនាយករដ្ឋមន្ត្រីឡាវ ស្នើអោយគាត់ដកកម្លំាងចេញ។ ឆ្លងទន្លេសេកុងមកលើដីខ្មែរ ខ្មែរមិន​អាច​ទទួល​យកបានទេ មិនអាចអត់ឱនទៅរួចទេ តែខ្មែរមានការអត់ធ្មត់។

… ឥឡូវ សុំផ្សាយលិខិតរបស់ខ្ញុំ អោយផ្សាយភ្លាមនូវលិខិតរបស់ខ្ញុំទៅឡាវនេះ។ ហើយខ្ញុំបាន​បញ្ជា​ទៅអភិ​បាល​ខេត្ត​ស្ទឹងត្រែង អោយឡើងភ្លាមទៅជួបប្រធានខេត្តអាតាពើរបស់ឡាវ អោយចេញដំណើរទៅ​ទាក់ទងគ្នា​អោយដក​កម្លំាង​នេះ។ ខ្ញុំប្រាប់ ឯកឧត្តម ប្រាក់ សុខុន បន្ទាប់ពីបង្ហូតទង់ជាតិអាស៊ានថ្ងៃនេះហើយនោះ ព្រោះបុណ្យខួប​លើក​ទី ៥០ ផង អោយជួបជាមួយទូតឡាវ។ ខ្ញុំត្រូវការហោះទៅប្រទេសឡាវភ្លាម ដើម្បីទៅជួប​នាយករដ្ឋមន្ត្រីឡាវ សួរ​អោយច្បាស់ ព្រោះកុំលេងតាមអញ្ចឹងៗ គឺមិនបានទេ។ ខ្ញុំចង់ទៅឡាវ ដើម្បីនិយាយគ្នា​អោយច្បាស់ ដក​ឬ​មិនដក? ហើយខ្ញុំនិយាយដោយត្រង់ បើសិនជាបងប្អូនឃើញនូវ(ការ)ចល័តកងទ័ព សូមកុំភ្ញាក់ផ្អើល គឺ​ទៅ​គោលដៅស្ទឹងតែ្រង ព្រំដែនឡាវ។ ខ្ញុំអោយទាញកងពលទី ២ មួយភាគឡើងទៅ និងកងពល ២១ ឡើងទៅ ព្រោះមិនអាចអោយអ្នកណាមួយជាន់ដីខ្មែរដោយយើងមិនបានគិតនោះទេ។

មិត្តភក្តិ គឺមិត្តភក្តិហើយ តែបើមិត្តភក្តិមកជាន់ក្បាលអញ្ចឹងមិនបានទេ។ ហើយខ្ញុំបានធ្វើរឿងនេះផ្ទាល់។ ទូរស័ព្ទ​ផ្ទាល់​ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ។ ហេតុអីម៉ោងនេះមិននិយាយ? ប៉ុល សារឿន បានទទួលបទបញ្ជាហើយ។ ទៀ បាញ់ ទទួលបទបញ្ជាហើយ។ គន់ គីម ទទួលបទបញ្ជាហើយ។ បើសិនមានសភាពការណ៍កើតឡើង សុំ​កុំបន្ទោសកម្ពុជាអោយសោះ។ តែមុននឹងចាត់ការយ៉ាងណា អោយខ្ញុំបានទៅជួបនាយករដ្ឋមន្ត្រីឡាវ។ បើ​មិនចង់អោយខ្ញុំទៅជួប មានតែមួយគត់ គឺដក(ទ័ព)ចេញផុតទៅមិនចាំបាច់ជួបទេ ព្រោះខ្ញុំបានហៅតាម​ទូរ​ស័ព្ទហើយ។ ឥឡូវ ផ្សាយទៅលិខិតហ្នឹង …។

ឱសានវាទ ៦ ថ្ងៃ អោយភាគីឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា

ខ្ញុំធ្វើលិខិតទៅហើយ អត់ទាន់មានការឆ្លើយតបណាមួយ។ អញ្ចឹង ខ្ញុំសុំបញ្ជូនសារពីទីនេះ អំពាវនាវចំពោះ ឯកឧត្តម ថងលុន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ ដក​កងទ័ពចេញពីទឹកដីកម្ពុជាដោយគ្មានលក្ខខណ្ឌ។ ឱសានវាទយូរបំផុតនៅថ្ងៃទី ១៧ ខ្ញុំទុក(ពេល)អោយ ៦ ថ្ងៃ។ បើមិនចង់មានរឿងមានតែដក(កងទ័ព)។ ថាអា(ដី)គោកចុះច្រឡំព្រំដែន ចុះអាឆ្លងទន្លេសេកុងមកនេះ អា​ហ្នឹង​វាពិបាកយល់ណាស់។ ខ្ញុំពន្យល់ប្រជាជនខ្ញុំមិនបានទេ។ ឱសានវាទ គឺនៅត្រឹម ថ្ងៃទី ១៧ តែប៉ុណ្ណឹងទេ លើសពីហ្នឹងគឺមិនបាន។ … ខ្ញុំបានបញ្ជាទ័ពហើយ។ ការងារទូត ការងារនយោបាយ ​ថ្នាក់ថ្នមក៏នៅតែថ្នាក់ថ្នម ក៏ប៉ុន្តែ ដល់ម៉ោងត្រូវធ្វើ គឺត្រូវតែធ្វើ។

(ថ្ងៃនេះ) មកឧទ្ទេសនាមពីបណ្ឌិតសភា ប៉ុន្តែ បណ្ឌិតសភាក៏ត្រូវសិក្សាដែរអាហ្នឹង អោយគេមកជាន់ក្បាល ហើយបណ្ឌិតសភាអត់(អើពើ) … ប៉ុន្តែ យើងអត់ចង់ទាស់គ្នា តែគាត់មិនព្រមដកអញ្ចឹង តើយើងទុកអញ្ចឹង រហូតអី? អត់បាន។ អញ្ចឹង តាំងពីខែបួន(មេសា)មកវាល្មមហើយ … បួនខែហើយគ្រប់គ្រាន់ហើយ។ គ្មានពីណា​នៅ​ពី​ក្រោយខ្នងទេ។ ក្រោយខ្នង(ហ្នឹង)វ៉ៃបំបាក់អាក្រោយខ្នងហ្នឹងទៀត … វាគ្មានអ្នក​ណានៅក្រោយខ្នងទេ សំខាន់​គាត់​មក​តែម្តង។ តែខ្ញុំឆ្ងល់ថា រឿងអីមើលសំបុត្រហ្នឹងហើយមើលមិនយល់? ហើយរដ្ឋមន្ត្រី​ការបរទេស​មកហើយ​ធ្វើ​ជា​វង្វេងផ្លូវ ហើយត្រឡប់ទៅវិញ …។

អធិបតេយ្យជាតិធំជាងមិត្តភាព

មិត្តគឺមិត្តហើយ ក៏ប៉ុន្តែ អធិបតេយ្យរបស់ជាតិ គឺអធិបតេយ្យរបស់ជាតិ។ ក្នុងឋានៈខ្ញុំឈរជើងនៅទីនេះ ហើយ​ដែល​ទទួល​បន្ទុកអនុវត្តនូវនយោបាយក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស គឺកិច្ចការពារឯករាជ្យ អធិបតេយ្យ​ភាព បូរណភាពទឹកដី ខ្ញុំមិនអាចទទួលយក និងអត់ឱនអោយបានទេ ប្រសិនបើកងទ័ពមិន​ត្រូវបានដក​តាម​ការ​កំ​ណត់។ ដូច្នេះ កម្លាំងទ័ពដែលត្រូវចល័ត ក៏ចល័តសមហេតុសមផល។ ដល់ម៉ោង គឺត្រូវធ្វើ។ ត្រឹម​តែ​ថ្ងៃទី ១៧ តែ​ប៉ុណ្ណោះ ព្រោះវាហួសពេលវេលាច្រើនហើយ។ បើខ្ញុំមិនបាននិយាយ(ទៅ)ចុះ (តែនេះ)​ខ្ញុំ​និយាយ​តាម​ទូរ​ស័ព្ទរួច​ហើយ។ ទៀ​ បាញ់ ក៏អោយមនុស្សទៅ ថាដោះស្រាយៗ នៅតែមិនដោះស្រាយ។ អញ្ចឹង អាទាហាន​ហ្នឹងវា​ជា​ទា​ហានរបស់អ្នកណា? ទាហានរដ្ឋាភិបាល ឬជាទាហានចោរ? ព្រោះវាមិនស្តាប់រដ្ឋាភិបាល វាមិនព្រមចេញ? ដូចតែ ៣០ នាក់ទេ ហើយថ្ងៃៗ នៅល្បាតនៅហ្នឹងដូចជា ៥(ឬ)៦ នាក់ទេ … ឥឡូវ (និយាយ)​ដាក់មេក្រូហើយ អត់ធ្មត់លែងកើតហើយ។

អត់ធ្មត់ ព្រោះមិនចង់អោយមានសង្គ្រាមទល់ដែន

ព្រឹកមិញចាប់ទូរស័ព្ទតេទៅ ទៀ បាញ់ តាំងពីម៉ោង ៦:៣០ រួចហើយ(តេ)បន្តបន្ទាប់ …។ ការពិតវាមិនត្រូវ៉ៃគ្នាទេ ប៉ុន្តែ បើសិនជាគាត់មិនដក(កងទ័ព) គឺត្រូវតែធ្វើហើយ។ យើងមិនមែនប្រកាសសង្គ្រាមទេ សុំតែយកដី​(របស់)ខ្លួន​តែ​ប៉ុណ្ណឹង។ ខ្ញុំមិនយកដីអ្នកណាទាំងអស់ មួយចង្អាមក៏មិនយក តែក៏មិនអោយគេយកដីយើងមួយចង្អាមដែរ។ វាអត់សមហេតុសមផលអីបន្តិចសោះ​ ហើយបើសិនជាទុកអញ្ចឹងៗ ខ្ញុំបកស្រាយជាមួយប្រជាពលរដ្ឋថាម៉េច? លោក ហ៊ុន សែន នៅព្រងើយកន្តើយចំពោះអធិបតេយ្យខ្មែរ។ សុំជម្រាបជូនប្រជាពលរដ្ឋរបស់យើង​អោយ​បាន​ជ្រាប​ផង​ដែរ ដោយសារមិនចង់មានសង្គ្រាមហ្នឹងហើយ បានជាខ្ញុំខិតខំថ្នាក់ថ្នមសភាពការណ៍ ហើយក៏បានប្រឹង​ប្រែង​ណាស់។ ឥឡូវ ត្រៀមខ្លួនហោះទៅវៀងច័ន្ទន៍ ក្នុងករណីដែលនាយករដ្ឋមន្ត្រីឡាវគាត់ព្រមទទួលខ្ញុំ។ ទៅ​និ​យាយ​អត់ច្រើនទេ និយាយតែពីរឿងដកទ័ពហ្នឹងតែម្តង ព្រោះខ្ញុំសរសេរសំបុត្រអោយគាត់ដកទ័ព បើទ័ពគាត់​នៅទី​នោះ​តាំងពី ២០​ ឆ្នាំ (ឬ) ៣០ ឆ្នាំមុន វាមិនថាទេ ទើបនឹងមកជំនាន់ចូលឆ្នាំហ្នឹង? តែមកហើយមិនព្រមទៅវិញនោះ? ហើយឆ្លងទន្លេមកទៀត? …

ទៅតុលាការឡាអេ តែដកទ័ពចេញសិន ចៀសវាងបង្ហូរឈាម

ឥឡូវ បើមិនអស់ចិត្តគ្នា ថាដីអ្នកណាអីអ្នកណា ឥឡូវ ស្ម័គ្រចិត្តឡើងតុលាការទាំងអស់គ្នាតែម្តងទៅ បើសិន​ជា​ឡាវ​ព្រម ទៅតុលាការឡាអេទាំងអស់គ្នា ចៀសវាងហូរឈាម តែដកកងទ័ពចេញសិន ហើយត្រូវឡើងទៅ តុលាការក៏ឡើង។ ទេ! កុំនិយាយតែមិត្តភាពៗ ហើយគិតតែពីមក(កងទ័ព) ឃើញខាងនេះកំពុងជាប់បោះ ឆ្នោត​ឬអីបានធ្វើអញ្ចឹង? អាហ្នឹងសុំទោស សុំនិយាយបន្តិចទៅចុះ សុទ្ធតែមុខបញ្ញវន្តទាំងអស់ហ្នឹង ប៉ុន្តែល្អដែរ បានប្រមូលផ្តុំធនធានខួរក្បាលជាតិទាំងអស់នៅត្រង់នេះហើយ និយាយតែម្តងទៅ ព្រោះខ្ញុំទទួលបន្ទុកដឹកនាំ។ អញ្ចឹង ប្រជាពលរដ្ឋចោទថា លោក ហ៊ុន សែន នៅស្ងៀមស្ងាត់ចំពោះមុខការឈ្លានពានរបស់គេហ្នឹង? អត់ទេ។

កន្លងទៅសុំអភ័យទោសពីប្រជាពលរដ្ឋ ខ្ញុំសុំពន្យល់ថា ខ្ញុំមានការអត់ធ្មត់ ខ្ញុំមិនចង់អោយមាន​សង្គ្រាម​ទល់​ដែន​ទេ មិនថាទល់ដែនជាមួយប្រទេសណាទេ … ឥឡូវ ខ្ញុំត្រៀមខ្លួន។ អម្បាញ់មិញហ្នឹងអោយ​ត្រៀម​ទាំង​វ៉ា​លី​ទៀតឯណោះ ក្រែងត្រូវការហោះៗភ្លាមទៅដល់ឡាវ ហើយខ្ញុំទៅចុះតែមួយម៉ោង និយាយដកឬមិនដក​តែ​ប៉ុណ្ណឹង​ទេ។ អោយវាអស់ចិត្ត។ ដំបូងចង់ប្រើ ទៀ បាញ់ ប៉ុន្តែឥឡូវខ្ញុំទៅផ្ទាល់តែម្តងវារហ័សជាង ព្រោះ​ឱសាន​វាទ​ត្រឹមតែថ្ងៃទី​ ១៧ តែប៉ុណ្ណោះ។ យើងមិនមែនធ្វើសង្គ្រាមទេ គ្រាន់តែសុំយកដី(របស់ខ្លួន)ត្រឡប់ទៅវិញ …។

បើសិនជាឃើញការចល័តទ័ព ឬមានបញ្ហាណាមួយ សុំប្រជាពលរដ្ឋមេត្តាយោគយល់

ឡាវគេប្រើភាសាបងប្អូន។ អាយណងត្រឡប់ទៅវិញទៅ ដីរបស់ខ្ញុំ គឺទុកអោយខ្ញុំ​ការពារទៅបានហើយ កុំ​មក​នៅត្រង់ហ្នឹងអីវាហាលមូស ហាលភ្លៀង។ ខ្ញុំវាអស់តម្រិះដែរ អស់តម្រិះត្រឹម​ហៅទូរស័ព្ទនិយាយ​គ្នាហើយ​វាមិន​ព្រម​ដក(កងទ័ព)។ អោយទៅដល់ហើយ រដ្ឋមន្ត្រីការបរទេសរបស់គាត់អត់ហ៊ានទៅមើលអា​កន្លែង​ហ្នឹង​ផង។ អញ្ចឹង សុំបញ្ជាក់ជូនជនរួមជាតិ បើសិនជាឃើញការចល័តទ័ពណាមួយ ឬមានបញ្ហាណាមួយ សុំមេត្តាយោគយល់ ព្រោះនេះជាការចាំបាច់ នៃការការពារអធិបតេយ្យ ឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា។ ជាថ្មីម្តងទៀត (សូម)​ថ្លែងនូវការកោតសរសើរ អបអរសាទរ ហើយអរគុណលោកជំទាវអតីតប្រធាន និងថ្លែងការកោត​​សរ​សើរ អបអរសាទរ ចំពោះប្រធានថ្មី អនុប្រធានថ្មី ទាំងរាជ្យបណ្ឌិតសភា ទាំងប្រធាន ​អនុប្រធានថ្មី នៃបណ្ឌិត​សភា​ចារ្យ ហើយបន្តការងារទៅ។ ចុងបញ្ចប់ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

ចែករំលែក